លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អំណរ​ជា​គុណ​សម្បត្ដិ​មួយ​ដែល​មក​ពី​ព្រះ

អំណរ​ជា​គុណ​សម្បត្ដិ​មួយ​ដែល​មក​ពី​ព្រះ

មនុស្ស​ចង់​មាន​ជីវិត​សប្បាយ។ ប៉ុន្ដែ នេះ​ជា​គ្រា​ចុង​ក្រោយ​បង្អស់ ហើយ​មនុស្ស​ទាំង​អស់​មាន​បញ្ហា​ផ្សេង​ៗ​ដែល​«​លំបាក​ណាស់​»។ (​ធីម៉ូថេ​ទី២ ៣:១​) អ្នក​ខ្លះ​បាត់​បង់​អំណរ​ដោយ​សារ​ពួក​គេ​បាន​រង​អំពើ​អយុត្ដិធម៌ មាន​ជំងឺ បាត់​បង់​ការ​ងារ ឬ​បុគ្គល​ជា​ទី​ស្រឡាញ់​បាន​ស្លាប់។ អ្នក​ខ្លះ​ទៀត បាត់​បង់​អំណរ​ដោយ​សារ​មាន​អ្វី​ផ្សេង​ទៀត​កើត​ឡើង​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ព្រួយ​បារម្ភ​ឬ​ឈឺ​ចិត្ដ។ សូម្បី​តែ​ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ក៏​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ដ​និង​បាត់​បង់​អំណរ​បន្ដិច​ម្ដង​ៗ​ដែរ។ បើ​នេះ​បាន​កើត​ឡើង​ចំពោះ​អ្នក តើ​អ្នក​អាច​មាន​អំណរ​ឡើង​វិញ​តាម​របៀប​ណា?

ដើម្បី​ឆ្លើយ​សំណួរ​នេះ ដំបូង​យើង​ត្រូវ​យល់​អំពី​អ្វី​ដែល​ជា​អំណរ​ពិត​និង​របៀប​ដែល​អ្នក​ឯ​ទៀត​បាន​រក្សា​អំណរ​របស់​ពួក​គេ សូម្បី​តែ​ពេល​ដែល​ពួក​គេ​មាន​ការ​ពិបាក​ក្ដី។ បន្ទាប់​មក យើង​នឹង​ឃើញ​របៀប​ដែល​យើង​អាច​រក្សា​អំណរ​របស់​យើង ហើយ​របៀប​ដែល​យើង​អាច​មាន​អំណរ​កាន់​តែ​ខ្លាំង។

តើ​អំណរ​គឺ​ជា​អ្វី?

មនុស្ស​ដែល​មាន​អំណរ​គឺ​មិន​ដូច​គ្នា​នឹង​មនុស្ស​ដែល​សប្បាយ​រីក​រាយ​ឡើយ។ ជា​ឧទាហរណ៍ បុគ្គល​ដែល​ស្រវឹង​ស្រា​ប្រហែល​ជា​សើច​ច្រើន។ ប៉ុន្ដែ ពេល​គាត់​ស្វាង​ស្រា គាត់​មិន​សើច​ទៀត​ទេ ហើយ​គាត់​ប្រហែល​ជា​ឃើញ​ថា​គាត់​នៅ​តែ​មាន​បញ្ហា​ជា​ច្រើន។ ការ​សប្បាយ​របស់​គាត់​គឺ​គ្រាន់​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ហើយ​មិន​មែន​ជា​អំណរ​ពិត​ប្រាកដ​ទេ។—សុភាសិត ១៤:១៣

ផ្ទុយ​ទៅ​វិញ អំណរ​គឺ​ជា​អារម្មណ៍​ដែល​យើង​មាន​នៅ​ក្នុង​ចិត្ដ​ពេល​ដែល​យើង​ទទួល​ឬ​រំពឹង​ថា​យើង​នឹង​ទទួល​អ្វី​ណា​មួយ​ដ៏​ល្អ។ ការ​មាន​អំណរ​មាន​ន័យ​ថា​យើង​សប្បាយ​រីក​រាយ ទោះ​ជា​យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ល្អ​ឬ​អាក្រក់​ក៏​ដោយ។ (​ថែស្សាឡូនិច​ទី១ ១:៦​) តាម​ពិត យើង​ប្រហែល​ជា​ឈឺ​ចិត្ដ​អំពី​អ្វី​ណា​មួយ តែ​យើង​នៅ​តែ​មាន​អំណរ។ ជា​ឧទាហរណ៍ ពួក​សាវ័ក​បាន​ត្រូវ​គេ​វាយ​ដោយ​សារ​ពួក​គាត់​ផ្សព្វ​ផ្សាយ​អំពី​លោក​យេស៊ូ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​គាត់​«​ចេញ​ពី​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ដោយ​ត្រេក​អរ ពី​ព្រោះ​ពួក​គាត់​បាន​ត្រូវ​រាប់​ជា​សម​នឹង​ទទួល​ការ​មើល​ងាយ ដោយ​សារ​នាម​របស់​លោក​»។ (​សកម្មភាព ៥:៤១​) ពួក​គាត់​មិន​ត្រេក​អរ​ដោយ​សារ​ពួក​គាត់​បាន​ត្រូវ​គេ​វាយ​នោះ​ទេ ប៉ុន្ដែ​ដោយ​សារ​ពួក​គាត់​អាច​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ។

អំណរ​មិន​មែន​ជា​អ្វី​ដែល​យើង​មាន​តាំង​ពី​កំណើត ឬ​ជា​អ្វី​ដែល​យើង​មាន​ដោយ​ស្វ័យប្រវត្ដិ​នោះ​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​អំណរ​ពិត​ប្រាកដ​គឺ​ជា​គុណ​សម្បត្ដិ​ឬ​លក្ខណៈ​មួយ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ សកម្មពល​របស់​ព្រះ​ជួយ​យើង​ឲ្យ​មាន​«​បុគ្គលិក​លក្ខណៈ​ថ្មី​»​ដែល​រួម​បញ្ចូល​អំណរ។ (​អេភេសូរ ៤:២៤; កាឡាទី ៥:២២​) ម្យ៉ាង​ទៀត ពេល​យើង​មាន​អំណរ យើង​នឹង​ស្រួល​ប្រឈម​មុខ​នឹង​បញ្ហា​ជាង។

គំរូ​ល្អ​ដែល​យើង​ចង់​ធ្វើ​តាម

ព្រះ​យេហូវ៉ា​ចង់​ឃើញ​អ្វី​ល្អ​ៗ​កើត​ឡើង​នៅ​លើ​ផែន​ដី មិន​មែន​អ្វី​ដ៏​អាក្រក់​ដែល​យើង​ឃើញ​នៅ​សព្វ​ថ្ងៃ​នេះ​ឡើយ។ ប៉ុន្ដែ ទោះ​ជា​មនុស្ស​ប្រព្រឹត្ដ​អាក្រក់​ក្ដី ព្រះ​យេហូវ៉ា​មិន​បាត់​បង់​អំណរ​របស់​លោក​ទេ។ គម្ពីរ​ចែង​ថា​៖ ​«​ឥទ្ធានុភាព​នឹង​សេចក្ដី​អំណរ​ក៏​នៅ​ទី​កន្លែង​របស់​ទ្រង់​»។ (​របា​ក្សត្រ​ទី១ ១៦:២៧​) បន្ថែម​ទៅ​ទៀត អ្វី​ល្អ​ៗ​ដែល​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ធ្វើ នាំ​ឲ្យ​លោក​មាន​ចិត្ដ​រីក​រាយ។—សុភាសិត ២៧:១១

យើង​យក​តម្រាប់​ព្រះ​យេហូវ៉ា ពេល​ដែល​យើង​មិន​បាត់​បង់​អំណរ ទោះ​ជា​អ្វី​ខ្លះ​មិន​កើត​ឡើង​ដូច​ដែល​យើង​បាន​រំពឹង​ទុក​ក្ដី។ ជា​ជាង​ព្រួយ​បារម្ភ យើង​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ល្អ​ៗ​ដែល​យើង​មាន​នៅ​ឥឡូវ​នេះ ហើយ​ទន្ទឹង​រង់​ចាំ​ដោយ​ចិត្ដអត់​ធ្មត់​នូវ​អ្វី​ៗ​ដ៏​ល្អ​ប្រសើរ​ជាង​នៅ​ពេល​អនាគត * (​សូម​មើល​កំណត់​សម្គាល់​)។

ក្នុង​គម្ពីរ​មាន​គំរូ​ជា​ច្រើន​របស់​មនុស្ស​ដែល​បាន​រក្សា​អំណរ ទោះ​ជា​ពួក​គាត់​មាន​បញ្ហា​ជា​ច្រើន​ក៏​ដោយ។ អាប្រាហាំ​បាន​រក្សា​អំណរ សូម្បី​តែ​នៅ​ពេល​ដែល​គាត់​ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត និង​នៅ​ពេល​ដែល​មនុស្ស​ឯ​ទៀត​បាន​បង្ក​បញ្ហា​ដល់​គាត់។ (​លោកុប្បត្ដិ ១២:១០​-​២០; ១៤:៨​-​១៦; ១៦:៤, ៥; ២០:១​-​១៨; ២១:៨, ៩​) តើ​គាត់​បាន​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​គិត​អំពី​សេចក្ដី​សង្ឃឹម​របស់​គាត់​ស្ដី​អំពី​ការ​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​ក្រោម​ការ​គ្រប់​គ្រង​របស់​មេស្ស៊ី។ (​លោកុប្បត្ដិ ២២:១៥​-​១៨; ហេប្រឺ ១១:១០​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អាប្រាហាំ ដែល​ជា​ឪ​ពុក​របស់​អ្នក​រាល់​គ្នា​បាន​ត្រេក​អរ​ដោយ​សង្ឃឹម​ថា​នឹង​ឃើញ​គ្រា​របស់​ខ្ញុំ​»។ (​យ៉ូហាន ៨:៥៦​) យើង​យក​តម្រាប់​អាប្រាហាំ ពេល​យើង​បន្ដ​គិត​អំពី​អំណរ​ដែល​យើង​នឹង​មាន​នៅ​ពេល​អនាគត។—រ៉ូម ៨:២១

ប៉ូល​និង​ស៊ីឡាស​ក៏​មាន​ជំនឿ​មាំ​មួន​និង​បាន​រក្សា​អំណរ​របស់​ពួក​គាត់ ទោះ​ជា​ពួក​គាត់​បាន​ជួប​ប្រទះ​នឹង​ការ​ពិបាក​ជា​ច្រើន​ក្ដី។ ជា​ឧទាហរណ៍ ក្រោយ​ពី​ពួក​គាត់​បាន​ត្រូវ​គេ​វាយ​យ៉ាង​ខ្លាំង ហើយ​បោះ​ចូល​ក្នុង​គុក ពួក​គាត់​បាន​«​អធិដ្ឋាន​និង​ច្រៀង​សរសើរ​ព្រះ​»។ (​សកម្មភាព ១៦:២៣​-​២៥​) ពួក​គាត់​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​របស់​ពួក​គាត់​បាន ដោយ​សារ​ពួក​គាត់​បាន​បន្ដ​គិត​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​សម្រាប់​ថ្ងៃ​អនាគត។ ម្យ៉ាង​ទៀត ការ​ដឹង​ថា​ពួក​គាត់​រង​ទុក្ខ​លំបាក​ដោយ​សារ​ពួក​គាត់​ជា​អ្នក​កាន់​តាម​គ្រិស្ដ នាំ​ឲ្យ​ពួក​គាត់​មាន​អំណរ។ យើង​យក​តម្រាប់​ប៉ូល​និង​ស៊ីឡាស ពេល​យើង​ចាំ​អំពី​លទ្ធផល​ល្អ​ដែល​មក​ពី​ការ​បម្រើ​ព្រះ​ដោយ​ស្មោះ​ត្រង់។—ភីលីព ១:១២​-​១៤

សព្វ​ថ្ងៃ​នេះ យើង​ក៏​មាន​គំរូ​របស់​បង​ប្អូន​ជា​ច្រើន​ដែល​បាន​រក្សា​អំណរ​របស់​ពួក​គាត់ ទោះ​ជា​ពួក​គាត់​ប្រឈម​មុខ​នឹង​ការ​ពិបាក​ក្ដី។ ជា​ឧទាហរណ៍ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ព្យុះ​សង្ឃរា​ហាយយ៉ាន់​បាន​បំផ្លិច​បំផ្លាញ​ផ្ទះ​របស់​ក្រុម​គ្រួសារ​សាក្សី​ព្រះ​យេហូវ៉ា ជាង​១.០០០​ខ្នង​នៅ​ប្រទេស​ហ្វីលីពីន។ នៅ​ក្រុង​ថាកឡូប៉ាន ផ្ទះ​របស់​បង​ប្រុស​ចច​បាន​ត្រូវ​បំផ្លាញ​ខ្ទេច​ខ្ទី​អស់។ គាត់​បាន​និយាយ​ថា​៖ ​«​ទោះ​ជា​មាន​បញ្ហា​នេះ​កើត​ឡើង​ក្ដី បង​ប្អូន​នៅ​តែ​សប្បាយ​រីក​រាយ។ ខ្ញុំ​ពិបាក​ប្រាប់​អំពី​អំណរ​ដែល​យើង​មាន​»។ បើ​យើង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​យើង ហើយ​បន្ដ​មាន​ចិត្ដ​កតញ្ញូ​ចំពោះ​លោក នោះ​យើង​នឹង​រក្សា​អំណរ​របស់​យើង សូម្បី​តែ​នៅ​ពេល​ដែល​យើង​មាន​ការ​ពិបាក​ដ៏​ខ្លាំង​ក៏​ដោយ។ តើ​ព្រះ​យេហូវ៉ា​ផ្ដល់​អ្វី​ទៀត​ដើម្បី​ជួយ​យើង​ឲ្យ​មាន​អំណរ?

មូលហេតុ​ដែល​យើង​មាន​អំណរ

មូលហេតុ​ដ៏​សំខាន់​បំផុត​ដែល​យើង​មាន​អំណរ​គឺ​ដោយ​សារ​យើង​មាន​ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ យើង​ស្គាល់​មហា​ក្សត្រ​លើ​សកល​លោក។ លោក​គឺ​ជា​បិតា ជា​ព្រះ និង​ជា​មិត្ដ​សម្លាញ់​របស់​យើង!—ទំនុក​តម្កើង ៧១:១៧, ១៨

យើង​ក៏​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដែល​លោក​បាន​ផ្ដល់​ជីវិត​ឲ្យ​យើង ហើយ​បាន​ផ្ដល់​ឲ្យ​យើង​នូវ​សមត្ថភាព​សប្បាយ​នឹង​ជីវិត។ (​សាស្តា ៣:១២, ១៣​) ដោយ​សារ​លោក​បាន​ទាញ​នាំ​យើង​ទៅ​ឯ​លោក នោះ​យើង​អាច​យល់​អំពី​បំណង​ប្រាថ្នា​របស់​លោក​ចំពោះ​យើង ហើយ​ដឹង​អំពី​របៀប​ប្រើ​ជីវិត​របស់​យើង​យ៉ាង​ល្អ​បំផុត។ (​កូឡុស ១:៩, ១០​) ក៏​ប៉ុន្ដែ មនុស្ស​ភាគ​ច្រើន​មិន​យល់​ថា​គោល​បំណង​នៃ​ជីវិត​គឺ​ជា​អ្វី​ទេ។ ដើម្បី​លើក​បញ្ជាក់​អំពី​ភាព​ខុស​គ្នា​នេះ ប៉ូល​បាន​សរសេរ​ថា​៖ ​«​‹ភ្នែក​មិន​ធ្លាប់​ឃើញ ត្រចៀក​មិន​ធ្លាប់​ឮ ហើយ​ចិត្ដ​របស់​មនុស្ស​មិន​ដែល​នឹក​ស្មាន​ដល់​អ្វី​ដែល​ព្រះ​បាន​រៀប​ចំ​ទុក​សម្រាប់​អ្នក​ដែល​ស្រឡាញ់​លោក›។ ព្រោះ​ព្រះ​បាន​បើក​បង្ហាញ​ការ​ទាំង​នោះ​ដល់​យើង​តាម​រយៈ​សកម្មពល​របស់​លោក​»។ (​កូរិនថូស​ទី១ ២:៩, ១០​) ការ​យល់​អំពី​គោល​បំណង​របស់​ព្រះ​យេហូវ៉ា នាំ​ឲ្យ​យើង​មាន​អំណរ។

ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ច្រើន​ជាង​នេះ​ទៅ​ទៀត​សម្រាប់​យើង។ លោក​បាន​បើក​ឱកាស​ឲ្យ​យើង​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង។ (​យ៉ូហាន​ទី១ ២:១២​) លោក​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​អំពី​ជីវិត​នៅ​ក្នុង​ពិភព​លោក​ថ្មី ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ (​រ៉ូម ១២:១២​) សូម្បី​តែ​នៅ​ឥឡូវ​នេះ​ក្ដី ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​មិត្ដ​ភក្ដិ​ជា​ច្រើន​ដែល​យើង​អាច​គោរព​ប្រណិប័តន៍​លោក​ជា​មួយ​គ្នា។ (​ទំនុក​តម្កើង ១៣៣:១​) លោក​ក៏​ការពារ​យើង​ពី​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​ដែរ។ (​ទំនុក​តម្កើង ៩១:១១​) បើ​យើង​បន្ដ​គិត​អំពី​អ្វី​ដ៏​អស្ចារ្យ​ទាំង​នេះ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង នោះ​យើង​នឹង​កាន់​តែ​មាន​អំណរ។—ភីលីព ៤:៤

របៀប​ដែល​យើង​អាច​មាន​អំណរ​ថែម​ទៀត

តើ​គ្រិស្ដ​សាសនិក​ដែល​មាន​អំណរ​រួច​ហើយ​អាច​មាន​អំណរ​ថែម​ទៀត​ឬ​ទេ? លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំបាន​ប្រាប់​អ្នក​រាល់​គ្នា​អ្វី​ៗ​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណរ​ពេញ​ខ្នាត​ដូច​ខ្ញុំ​ដែរ​»។ (​យ៉ូហាន ១៥:១១​) នេះ​បង្ហាញ​ថា​យើង​តែង​តែ​អាច​មាន​អំណរ​ថែម​ទៀត​បាន។ យើង​អាច​ប្រៀប​ប្រដូច​អំណរ​របស់​យើង​ទៅ​នឹង​ភ្លើង។ បើ​យើង​ចង់​ឲ្យ​ភ្លើង​កាន់​តែ​ក្ដៅ យើង​ត្រូវ​ដាក់​ឧស​បន្ថែម​ទៀត។ សូម​ចាំ​ថា សកម្មពល​បរិសុទ្ធ​ជួយ​យើង​ឲ្យ​មាន​អំណរ។ ដូច្នេះ បើ​យើង​ចង់​មាន​អំណរ​ថែម​ទៀត យើង​ត្រូវ​បន្ដ​អធិដ្ឋាន​សុំ​សកម្មពល​របស់​ព្រះ។ យើង​ក៏​ត្រូវ​បន្ដ​រំពឹង​គិត​អំពី​គម្ពីរ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ឥទ្ធិពល​នៃ​សកម្មពល​របស់​ព្រះ។—ទំនុក​តម្កើង ១:១, ២; លូកា ១១:១៣

អ្វី​មួយ​ទៀត​ដែល​នឹង​ជួយ​យើង​ឲ្យ​មាន​អំណរ​ថែម​ទៀត​គឺ​ដោយ​ជាប់​រវល់​ក្នុង​សកម្មភាព​ផ្សេង​ៗ​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ដ។ (​ទំនុក​តម្កើង ៣៥:២៧; ១១២:១​) ហេតុ​អ្វី? គម្ពីរ​ចែង​ថា​យើង​បាន​ត្រូវ​បង្កើត​ឲ្យ​«​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ដ​ទ្រង់​ចុះ ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ​»។ (​សាស្តា ១២:១៣​) ព្រះ​បាន​បង្កើត​យើង​ឲ្យ​រស់​នៅ​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក។ ដូច្នេះ យើង​នឹង​មាន​អំណរ​ពិត​ប្រាកដ​នៅ​ក្នុង​ជីវិត ពេល​យើង​បម្រើ​ព្រះ​យេហូវ៉ា * (​សូម​មើល​កំណត់​សម្គាល់​)។

ប្រយោជន៍​ដែល​មក​ពី​ការ​មាន​អំណរ

ពេល​យើង​មាន​អំណរ​កាន់​តែ​ខ្លាំង យើង​ក៏​នឹង​ទទួល​ប្រយោជន៍​ផ្សេង​ទៀត​ដែរ។ ជា​ឧទាហរណ៍ យើង​នឹង​កាន់​តែ​ទទួល​ការ​ពេញ​ចិត្ដ​ពី​ព្រះ​យេហូវ៉ា កាល​ដែល​យើង​បន្ដ​បម្រើ​លោក​ដោយ​អំណរ ទោះ​ជា​យើង​មាន​បញ្ហា​ក្ដី។ (​ចោទិយកថា ១៦:១៥; ថែស្សាឡូនិច​ទី១ ៥:១៦​-​១៨​) ម្យ៉ាង​ទៀត ដោយ​សារ​យើង​មាន​អំណរ​ពិត​ប្រាកដ យើង​ក៏​នឹង​មិន​គិត​ថា​ការ​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​គឺ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​ព្យាយាម​ធ្វើ​ការ​លះ​បង់​ថែម​ទៀត​ដើម្បី​រាជាណាចក្រ​របស់​ព្រះ។ (​ម៉ាថាយ ១៣:៤៤​) មួយ​វិញ​ទៀត ពេល​យើង​ឃើញ​លទ្ធផល​ល្អ​ដែល​មក​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា​ច្រើន​ជាង យើង​នឹង​កាន់​តែ​មាន​អំណរ យើង​នឹង​កាន់​តែ​ស្កប់​ចិត្ដ​ដោយ​ដឹង​ថា​យើង​បាន​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​សប្បាយ​ចិត្ដ​ជាង។—សកម្មភាព ២០:៣៥; ភីលីព ១:៣​-​៥

កាល​ដែល​យើង​មាន​អំណរ​កាន់​តែ​ខ្លាំង យើង​ទំនង​ជា​នឹង​មាន​សុខភាព​ល្អ​ជាង​ដែរ។ គម្ពីរ​ចែង​ថា​៖ ​«​ចិត្ដ​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស​»។ (​សុភាសិត ១៧:២២​) អ្នក​ស្រាវ​ជ្រាវ​ម្នាក់​ដែល​បាន​សិក្សា​ផ្នែក​សុខភាព​សិក្សា នៅ​សកល​វិទ្យាល័យ​ណេប្រាស្កា នា​សហរដ្ឋ​អាម៉េរិក បាន​និយាយ​អ្វី​មួយ​ដែល​សម​ស្រប​នឹង​អ្វី​ដែល​គម្ពីរ​ចែង។ គាត់​និយាយ​ថា​៖ ​«​បើ​អ្នក​សប្បាយ ហើយ​ស្កប់​ចិត្ដ​នឹង​ជីវិត​របស់​អ្នក​នៅ​ឥឡូវ នោះ​អ្នក​ទំនង​ជា​នឹង​មាន​សុខភាព​ល្អ​នៅ​ថ្ងៃ​អនាគត​»។

ដូច្នេះ ទោះ​ជា​យើង​រស់​នៅ​គ្រា​ដែល​ធ្វើ​ឲ្យ​តាន​តឹង​ចិត្ដ​ក្ដី យើង​អាច​មាន​អំណរ​ពិត​ប្រាកដ​ពេល​ដែល​យើង​ទទួល​សកម្មពល​បរិសុទ្ធ​តាម​រយៈ​ការ​អធិដ្ឋាន ព្រម​ទាំង​ការ​សិក្សា​និង​ការ​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ។ យើង​ក៏​នឹង​មាន​អំណរ​កាន់​តែ​ខ្លាំង​ដែរ បើ​យើង​គិត​អំពី​អ្វី​ល្អ​ៗ​ជា​ច្រើន​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នៅ​សព្វ​ថ្ងៃ​នេះ បើ​យើង​មាន​ជំនឿ​ដូច​ពួក​អ្នក​ស្មោះ​ត្រង់​ឯ​ទៀត ហើយ​បើ​យើង​ព្យាយាម​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ យ៉ាង​នេះ យើង​អាច​ទទួល​អ្វី​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ទំនុក​តម្កើង ៦៤:១០ ដែល​ចែង​ថា​៖ ​«​ពួក​មនុស្ស​សុចរិត​នឹង​អរ​សប្បាយ​ដោយ​នូវ​ព្រះ​យេហូវ៉ា គេ​នឹង​ពឹង​ជ្រក​ក្នុង​ទ្រង់​»។

^ វគ្គ 10 នៅ​ពេល​អនាគត យើង​នឹង​ពិចារណា​អំពី​ចិត្ដ​អត់​ធ្មត់​ក្នុង​អត្ថបទ​មួយ​នៃ​អត្ថបទ​ត​ភាគ​នេះ​អំពី​«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​»។

^ វគ្គ 20 ដើម្បី​ដឹង​អំពី​វិធី​មាន​អំណរ​ថែម​ទៀត សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ របៀប​ផ្សេង​ៗ​ដើម្បី​មាន​អំណរ​ថែម​ទៀត​»។