លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​អ្នក​ស្គាល់​ព្រះ​យេហូវ៉ា​ដូច​ណូអេ ដានីយ៉ែល និង​យ៉ូប​ឬ​ទេ?

តើ​អ្នក​ស្គាល់​ព្រះ​យេហូវ៉ា​ដូច​ណូអេ ដានីយ៉ែល និង​យ៉ូប​ឬ​ទេ?

​«​មនុស្ស​អាក្រក់​មិន​យល់​សេចក្ដី​យុត្ដិធម៌​ទេ តែ​ពួក​អ្នក​ដែល​ស្វែង​រក​ព្រះ​យេហូវ៉ា គេ​យល់​គ្រប់​ទាំង​អស់​វិញ​»។—សុភាសិត ២៨:៥

ចម្រៀង​លេខ: ១២៦, ១៥០

១​-​៣ (​ក​) តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ? (​ខ​) តើ​យើង​នឹង​រៀន​អ្វី​ក្នុង​អត្ថបទ​នេះ?

សព្វ​ថ្ងៃ​នេះ​យើង​កំពុង​រស់​នៅ​ជិត​ទី​បញ្ចប់​នៃ​គ្រា​ចុង​ក្រោយ​បង្អស់។ មនុស្ស​អាក្រក់​មាន​កាន់​តែ​ច្រើន​ឡើង​ៗ។ ពួក​គេ​«​ដុះ​ដាល​ឡើង​ដូច​ជា​ស្មៅ​»។ (​ទំនុក​តម្កើង ៩២:៧​) ដូច្នេះ​យើង​មិន​ភ្ញាក់​ផ្អើល​ទេ ដែល​មនុស្ស​មិន​ព្រម​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ។ ប៉ូល​បាន​ប្រាប់​គ្រិស្ដ​សាសនិក​ថា​៖ ​«​[​ចូរ​]ធ្វើ​ជា​ទារក​ចំពោះ​សេចក្ដី​អាក្រក់ តែ​ចំពោះ​សមត្ថភាព​យល់​ដឹង ត្រូវ​ធ្វើ​ជា​មនុស្ស​ពេញ​វ័យ​វិញ​»។ (​កូរិនថូស​ទី១ ១៤:២០​) តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​តាម​ពាក្យ​ទាំង​នេះ?

ចម្លើយ​ចំពោះ​សំណួរ​នេះ​គឺ​នៅ​ក្នុង​បទ​គម្ពីរ​ដែល​ជា​មូលដ្ឋាន​សម្រាប់​អត្ថបទ​នេះ ដែល​ថា​៖ ​«​ពួក​អ្នក​ដែល​ស្វែង​រក​ព្រះ​យេហូវ៉ា​គេ​យល់​គ្រប់​ទាំង​អស់​»។ (​សុភាសិត ២៨:៥​) នេះ​មាន​ន័យ​ថា​ពួក​គេ​អាច​យល់​អ្វី​ៗ​ទាំង​អស់​ដែល​សំខាន់​ចាំ​បាច់​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ។ សុភាសិត ២:៧,​ក៏​បង្រៀន​យើង​ថា ព្រះ​យេហូវ៉ា​ផ្ដល់​ប្រាជ្ញា​ដល់មនុស្ស​សុចរិត។ ជា​លទ្ធផល ពួក​គេ​អាច​«​យល់​សេចក្ដី​សុចរិត សេចក្ដី​យុត្ដិធម៌ នឹង​សេចក្ដី​ទៀង​ត្រង់ គឺ​គ្រប់​ទាំង​ផ្លូវ​ល្អ​»។

ណូអេ ដានីយ៉ែល និង​យ៉ូប​មាន​ប្រាជ្ញា​បែប​នេះ​ដែល​មក​ពី​ព្រះ។ (​អេសេគាល ១៤:១៤​) រាស្ដ្រ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​មាន​ប្រាជ្ញា​បែប​នេះ​ដែរ។ ចុះ​អ្នក​វិញ? តើ​អ្នក​មាន​ប្រាជ្ញា​ដែល​មក​ពី​ព្រះ​ឬ​ទេ? តើ​អ្នក​អាច​«​យល់​គ្រប់​ទាំង​អស់​»​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​ឬ​ទេ? ដើម្បី​ធ្វើ​ដូច្នេះ អ្នក​ត្រូវ​ស្គាល់​លោក​ឲ្យ​បាន​ច្បាស់។ ដូច្នេះ​ក្នុង​អត្ថបទ​នេះ យើង​នឹង​រៀន (​១​) របៀប​ដែល​ណូអេ ដានីយ៉ែល និង​យ៉ូប​បាន​ស្គាល់​ព្រះ (​២​) របៀប​ដែល​ការ​ស្គាល់​ព្រះ​បាន​ជួយ​ពួក​គាត់ និង (​៣​) របៀប​ដែល​យើង​អាច​មាន​ជំនឿ​ដូច​ពួក​គាត់។

ណូអេ​បាន​ដើរ​ជា​មួយ​នឹង​ព្រះ ក្នុង​ពិភព​លោក​ដ៏​អាក្រក់

៤. តើ​ណូអេ​បាន​ស្គាល់​ព្រះ​យេហូវ៉ា​តាម​របៀប​ណា ហើយ​តើ​ការ​ស្គាល់​ព្រះ​យ៉ាង​ច្បាស់​បាន​ជួយ​គាត់​យ៉ាង​ដូច​ម្ដេច?

ណូអេ​ប្រហែល​ជា​បាន​រៀន​អំពី​គុណ​សម្បត្ដិ​របស់​ព្រះ​ដោយ​ពិចារណា​អំពី​អ្វី​ៗដែល​លោក​បាន​បង្កើត

តើ​ណូអេ​បាន​ស្គាល់​ព្រះ​យេហូវ៉ា​តាម​របៀប​ណា? តាំង​ពី​ពេល​ដែល​អាដាម​និង​អេវ៉ា​ចាប់​ផ្ដើម​មាន​កូន មនុស្ស​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា​តាម​របៀប​បី​យ៉ាង​គឺ​៖ តាម​រយៈ​អ្វី​ៗ​ដែល​លោក​បាន​បង្កើត តាម​រយៈ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ឯ​ទៀត​របស់​ព្រះ និង​តាម​រយៈ​ប្រយោជន៍​ដែល​ពួក​គេ​ទទួល​ដែល​មក​ពី​ការ​ស្តាប់​បង្គាប់​លោក។ (​អេសាយ ៤៨:១៨​) ដោយ​ពិចារណា​អំពី​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត ណូអេ​អាច​ឃើញ​ទី​សម្អាង​ដែល​បញ្ជាក់​ថា​មាន​ព្រះ ហើយ​ក៏​អាច​រៀន​អំពី​គុណ​សម្បត្ដិ​របស់​ព្រះ។ ជា​លទ្ធផល ណូអេ​អាច​យល់​ថា​ព្រះ​យេហូវ៉ា​មាន​ឫទ្ធា​នុភាព ហើយ​ថា​លោក​ជា​ព្រះ​ពិត​តែ​មួយ។ (​រ៉ូម ១:២០​) ដូច្នេះ ណូអេ​មិន​គ្រាន់​តែ​បាន​ជឿ​ថា​មាន​ព្រះ​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​មាន​ជំនឿ​រឹង​មាំ​លើ​លោក​ដែរ។

៥. តើ​តាម​របៀប​ណា​ណូអេ​បាន​រៀន​អំពី​គោល​បំណង​របស់​ព្រះ​សម្រាប់​មនុស្សជាតិ?

គម្ពីរ​ចែង​ថា​៖ ​«​ក្រោយ​ពី​ឮ​បណ្ដាំ ទើប​មាន​ជំនឿ​»។ នេះ​មាន​ន័យ​ថា​អ្វី​ដែល​យើង​ឮ​ពី​អ្នក​ឯ​ទៀត​អាច​ជួយ​យើង​ឲ្យ​មាន​ជំនឿ។ (​រ៉ូម ១០:១៧​) ណូអេ​ទំនង​ជា​បាន​ឮ​អំពី​ព្រះ​យេហូវ៉ា​ពី​សាច់​ញាតិ​របស់​គាត់។ ឡាមេក​ដែល​ជា​ឪ​ពុក​របស់​ណូអេ​មាន​ជំនឿ​លើ​ព្រះ ហើយ​គាត់​បាន​កើត​មុន​ពេល​អាដាម​បាន​ស្លាប់។ (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) សាច់​ញាតិ​របស់​ណូអេ​ក៏​រួម​បញ្ចូល​មធូសាឡា​ដែល​ជា​ជីតា​របស់​គាត់ និង​យ៉ារេឌ​ដែល​ជា​ជីតា​លួត​របស់​ណូអេ​ដែល​បាន​ស្លាប់​៣៦៦​ឆ្នាំ​ក្រោយ​ពី​ណូអេ​បាន​កើត​មក។ * (​សូម​មើល​កំណត់​សម្គាល់​) (​លូកា ៣:៣៦, ៣៧​) ប្រហែល​ជា​បុរស​ទាំង​នេះ​និង​ប្រពន្ធ​របស់​ពួក​គាត់​បាន​បង្រៀន​ណូអេ​ថា​ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្សជាតិ ហើយ​ថា​លោក​ចង់​ឲ្យ​ពួក​គេ​បម្រើ​លោក បង្កើត​កូន និង​ធ្វើ​ឲ្យ​មាន​មនុស្ស​ពេញ​ពាស​លើ​ផែន​ដី។ ណូអេ​ក៏​ទំនង​ជា​បាន​រៀន​ថា​អាដាម​និង​អេវ៉ា​មិន​បាន​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​គាត់​អាច​ឃើញ​ផល​វិបាក​ដែល​មក​ពី​ការ​សម្រេច​ចិត្ដ​របស់​ពួក​គេ។ (​លោកុប្បត្ដិ ១:២៨; ៣:១៦​-​១៩, ២៤​) ណូអេ​ចូល​ចិត្ដ​អ្វី​ដែល​គាត់​បាន​រៀន​ខ្លាំង​ណាស់ ហើយ​នេះ​បាន​ជំរុញ​ចិត្ដ​គាត់​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា។—លោកុប្បត្ដិ ៦:៩

៦, ៧. តើ​សេចក្ដី​សង្ឃឹម​បាន​ពង្រឹង​ជំនឿ​របស់​ណូអេ​យ៉ាង​ដូច​ម្ដេច?

សេចក្ដី​សង្ឃឹម​ពង្រឹង​ជំនឿ។ ពេល​ណូអេ​បាន​ដឹង​ថាឈ្មោះ​របស់​គាត់ ដែល​មាន​ន័យ​ថា​«​កំសាន្ដ​ចិត្ដ​»​ឬ​ការ​សម្រាល​ទុក្ខ រួម​បញ្ចូល​សេចក្ដី​សង្ឃឹម នេះ​ច្បាស់​ជា​បាន​ពង្រឹង​ជំនឿ​របស់​គាត់​ខ្លាំង​ណាស់។ (​លោកុប្បត្ដិ ៥:២៩​) ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​យេហូវ៉ា ឡាមេក​បាន​និយាយ​អំពី​ណូអេ​ដែល​ជា​កូន​របស់​គាត់​ថា​៖ ​«​កូន​នេះ​នឹង​កំសាន្ដ​ចិត្ដ​យើង​ក្នុង​ការ​ដែល​យើង​ធ្វើ ហើយ​នឹង​សេចក្ដី​នឿយ​ហត់​របស់​ដៃ​យើង​ដោយ​ព្រោះ​ដី​ដែល​ព្រះ​យេហូវ៉ា​បាន​ដាក់​បណ្ដាសា​»។ ដូច្នេះ ណូអេ​មាន​សេចក្ដី​សង្ឃឹម​ថា​ព្រះ​នឹង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ។ ដូច​អេបិល​និង​អេណុក គាត់​មាន​ជំនឿ​ថា​«​ពូជ​»​ដែល​បាន​ត្រូវ​សន្យា​នឹង​កិន​ក្បាល​របស់​សត្វ​ពស់។—លោកុប្បត្ដិ ៣:១៥

ណូអេ​មិន​បាន​យល់​ទាំង​ស្រុង​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​លោកុប្បត្ដិ ៣:១៥​ទេ។ ប៉ុន្ដែ​គាត់​បាន​យល់​ថា​ទំនាយ​នេះ​បាន​ផ្ដល់​សេចក្ដី​សង្ឃឹម​សម្រាប់​ថ្ងៃ​អនាគត។ អេណុក​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ស្រដៀង​នឹង​នោះ​ថា ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​មនុស្ស​អាក្រក់។ (​យូដាស ១៤, ១៥​) ដំណឹង​ដែល​អេណុក​បាន​ប្រកាស​ផ្សាយ ដែល​នឹង​បាន​សម្រេច​យ៉ាង​ពេញ​លេញ​នៅ​សង្គ្រាម​ហាម៉ាគេដូន ច្បាស់​ជា​បាន​ពង្រឹង​ជំនឿ​និង​សេចក្ដី​សង្ឃឹម​របស់​ណូអេ!

ជំនឿ​និង​ប្រាជ្ញា​ដែល​មក​ពី​ព្រះ​នឹង​ការពារ​យើង​ពី​កលល្បិច​របស់​សាថាន​និង​ពី​ឥទ្ធិពល​របស់​ពិភព​លោក​នេះ

៨. តើ​ការ​ស្គាល់​ព្រះ​យ៉ាង​ច្បាស់​បាន​ការពារ​ណូអេ​យ៉ាង​ដូច​ម្ដេច?

តើ​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​បាន​ជួយ​ណូអេ​យ៉ាង​ដូច​ម្ដេច? ដោយ​សារ​ណូអេ​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា គាត់​បាន​បណ្ដុះ​ឲ្យ​មាន​ជំនឿ​និង​ប្រាជ្ញា​ដែល​មក​ពី​ព្រះ។ នេះ​បាន​ការពារ​គាត់ ជា​ពិសេស​ពី​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ដ។ ជា​ឧទាហរណ៍ ណូអេ​ចង់​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ ដូច្នេះ​គាត់​មិន​យក​ពួក​អ្នក​ដែល​គ្មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា​និង​ដែល​មិន​ព្រម​ទទួល​ស្គាល់​លោក​ធ្វើ​ជា​មិត្ដ​ភក្ដិ​របស់​គាត់​ទេ។ ខុស​ពី​ពួក​គេ ណូអេ​មិន​បាន​ចាញ់​ការ​បញ្ឆោត​របស់​ពួក​វិញ្ញាណ​កំណាច​ដែល​បាន​មក​ផែន​ដី​ឡើយ។ មនុស្ស​បាន​កោត​ស្ងើច​ចំពោះ​ពួក​វិញ្ញាណ​កំណាច​ដែល​មាន​អំណាច​ខ្លាំង​ក្លា ហើយ​ប្រហែល​ជា​ថែម​ទាំង​បាន​គោរព​ប្រណិប័តន៍​ពួក​វា​ទៀត​ផង។ (​លោកុប្បត្ដិ ៦:១​-​៤,​) ម្យ៉ាង​ទៀត ណូអេ​ដឹង​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​បង្កើត​កូន​ឲ្យ​មាន​ពេញ​ពាស​លើ​ផែន​ដី។ (​លោកុប្បត្ដិ ១:២៧, ២៨​) ដូច្នេះ ពេល​ពួក​វិញ្ញាណ​កំណាច​យក​ស្ដ្រី​ធ្វើ​ជា​ប្រពន្ធ​និង​មាន​កូន​ជា​មួយ​នឹង​ពួក​គេ ណូអេ​ដឹង​ថា​នេះ​គឺ​ជា​ការ​ខុស។ គាត់​ឃើញ​នេះ​កាន់​តែ​ច្បាស់​ពេល​ដែល​កូន​នោះ​ធំ​ជាង​និង​ខ្លាំង​ជាង​ក្មេង​ទាំង​អស់​ឯ​ទៀត។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ប្រាប់​ណូអេ​ថា​លោក​នឹង​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​ដើម្បី​បំផ្លាញ​មនុស្ស​អាក្រក់​ទាំង​អស់។ ដោយ​សារ​ណូអេ​បាន​ជឿ​លើ​ការ​ព្រមាន​ដែល​មក​ពី​ព្រះ​យេហូវ៉ា​គាត់​បាន​សង់​ទូក​ធំ​មួយ ហើយ​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ត្រូវ​សង្គ្រោះ។—ហេប្រឺ ១១:៧

៩, ១០. តើ​តាម​របៀប​ណា​យើង​អាច​មាន​ជំនឿ​ដូច​ណូអេ?

តើ​តាម​របៀប​ណា​យើង​អាច​មាន​ជំនឿ​ដូច​ណូអេ? គឺ​សំខាន់​ណាស់ ដែល​យើង​សិក្សា​បណ្ដាំ​របស់​ព្រះ​ដោយ​យក​ចិត្ដ​ទុក​ដាក់ ចូល​ចិត្ដ​អ្វី​ដែល​យើង​រៀន​យ៉ាង​ខ្លាំង និង​ប្រើ​អ្វី​ទាំង​នេះ​ដើម្បី​ធ្វើ​ការ​កែ​ប្រែ​និង​ធ្វើ​ការ​សម្រេច​ចិត្ដ​ល្អ​ក្នុង​ជីវិត​របស់​យើង។ (​ពេត្រុស​ទី១ ១:១៣​-​១៥​) យ៉ាង​នេះ ជំនឿ​និង​ប្រាជ្ញា​ដែល​មក​ពី​ព្រះ​នឹង​ការពារ​យើង​ពី​កលល្បិច​របស់​សាថាន​និង​ពី​ឥទ្ធិពល​របស់​ពិភព​លោក​នេះ។ (​កូរិនថូស​ទី២ ២:១១​) មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​នេះ​ចូល​ចិត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​និង​អំពើ​ឃោរ​ឃៅ ហើយ​ពួក​គេ​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​របស់​ខ្លួន។ (​យ៉ូហាន​ទី១ ២:១៥, ១៦​) ទោះ​ជា​ទី​បញ្ចប់​នៃ​ពិភព​លោក​ដ៏​អាក្រក់​នេះជិត​មក​ដល់​ក្ដី ពួក​គេ​មិន​អើពើ​អំពី​រឿង​នេះ​ទេ។ បើ​យើង​មិន​មាន​ជំនឿ​រឹង​មាំ យើង​អាច​ចាប់​ផ្ដើម​មាន​របៀប​គិត​គូរ​ដូច​ពួក​គេ​ដែរ។ សូម​កុំ​ភ្លេច​ថា ពេល​លោក​យេស៊ូ​ប្រៀប​ប្រដូច​សម័យ​របស់​យើង​ទៅ​នឹង​សម័យ​របស់​ណូអេ លោក​មិន​បាន​មាន​ប្រសាសន៍​អំពី​អំពើ​ប្រាស​ចាក​សីលធម៌​ឬ​អំពើ​ឃោរ​ឃៅ​ទេ តែ​លោក​បាន​លើក​បញ្ជាក់​អំពី​បញ្ហា​ដែល​អាច​កើត​ឡើង​បើ​បំបែរ​អារម្មណ៍​ពី​ការ​បម្រើ​ព្រះ។—សូម​អាន ម៉ាថាយ ២៤:៣៦​-​៣៩

១០ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​របៀប​រស់​នៅ​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​ពិត​ជា​ស្គាល់​ព្រះ​យេហូវ៉ា​ឬ​ទេ? តើ​ជំនឿ​របស់​ខ្ញុំ​ជំរុញ​ចិត្ដ​ខ្ញុំ​ឲ្យ​ធ្វើ​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា និង​បង្រៀន​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​ពួក​គេ​ធ្វើ​ឬ​ទេ?›។ ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ទាំង​នេះ នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ថា​អ្នក​កំពុង​ដើរ​ជា​មួយ​នឹង​ព្រះ​ពិត​ដូច​ណូអេ​បាន​ធ្វើ​ឬ​យ៉ាង​ណា។

ដានីយ៉ែល​បង្ហាញ​ថា​គាត់​មាន​ប្រាជ្ញា​ពី​ព្រះ នៅ​ក្រុង​បាប៊ីឡូន​ដែល​ពេញ​ដោយ​សាសនា​មិន​ពិត

១១. (​ក​) តើ​សេចក្ដី​ស្រឡាញ់​របស់​ដានីយ៉ែល​ចំពោះ​ព្រះ​តាំង​ពី​គាត់​នៅ​ក្មេង​បង្រៀន​យើង​អ្វី​អំពី​ឪ​ពុក​ម្ដាយ​របស់​គាត់? (​ខ​) តើ​អ្នក​ចង់​មាន​គុណ​សម្បត្ដិ​មួយ​ណា​របស់​ដានីយ៉ែល?

១១ តើ​ដានីយ៉ែល​បាន​ស្គាល់​ព្រះ​យេហូវ៉ា​តាម​របៀប​ណា? ឪ​ពុក​ម្ដាយ​របស់​ដានីយ៉ែល​ប្រាកដ​ជា​បាន​បង្រៀន​គាត់​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​បណ្ដាំ​របស់​លោក។ ដានីយ៉ែល​បន្ដ​ធ្វើ​ដូច្នេះ​អស់​មួយ​ជីវិត​របស់​គាត់។ សូម្បី​តែ​ពេល​គាត់​ចាស់​ក្ដី គាត់​នៅ​តែ​បាន​សិក្សា​បទ​គម្ពីរ​យ៉ាង​យក​ចិត្ដ​ទុក​ដាក់។ (​ដានីយ៉ែល ៩:១, ២​) ដានីយ៉ែល​បាន​ស្គាល់​ព្រះ​យេហូវ៉ា​យ៉ាង​ច្បាស់។ គាត់​ក៏​បាន​ដឹង​អំពី​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល ដូច​ដែល​យើង​ឃើញ​ក្នុង​សេចក្ដី​អធិដ្ឋាន​ដ៏​ស្មោះ​អស់​ពី​ចិត្ដ​និង​ដែល​បង្ហាញ​អំពី​ចិត្ដ​រាប​ទាប​របស់​គាត់​នៅ​ដានីយ៉ែល ៩:៣​-​១៩។ សូម​អាន​និង​ពិចារណា​អំពី​សេចក្ដី​អធិដ្ឋាន​នេះ ហើយ​សួរ​ខ្លួន​អ្នក​ថា ‹តើ​សេចក្ដី​អធិដ្ឋាន​នេះ​បង្រៀន​ខ្ញុំ​អ្វី​អំពី​ដានីយ៉ែល?›។

១២​-​១៤. (​ក​) តើ​ដានីយ៉ែល​បាន​បង្ហាញ​យ៉ាង​ណា​ថា​គាត់​មាន​ប្រាជ្ញា​ដែល​មក​ពី​ព្រះ? (​ខ​) តើ​ចិត្ដ​ក្លាហាន​និង​ភក្ដី​ភាព​របស់​ដានីយ៉ែល​បាន​នាំ​ឲ្យ​គាត់​ទទួល​ពរ​អ្វី​ពី​ព្រះ​យេហូវ៉ា?

១២ តើ​ការ​ស្គាល់​ព្រះ​យ៉ាង​ច្បាស់​បាន​ការពារ​ដានីយ៉ែល​យ៉ាង​ដូច​ម្ដេច? នៅ​បាប៊ីឡូន​ដែល​ពោរ​ពេញ​ទៅ​ដោយ​សាសនា​មិន​ពិត គឺ​មិន​ស្រួល​ឲ្យ​ជន​ជាតិ​យូដា​ដ៏​ស្មោះ​ត្រង់​បម្រើ​ព្រះ​ទេ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ជន​ជាតិ​យូដា​ថា​៖ ​«​ចូរ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ទីក្រុង​ដែល​អញ​បាន​ឲ្យ​គេ​ដឹក​នាំ​ឯង​ទៅ​នៅ​ជា​ឈ្លើយ​នោះ បាន​សេចក្ដី​សុខ​»។ (​យេរេមា ២៩:៧​) ប៉ុន្ដែ លោក​ក៏​បាន​បង្គាប់​ពួក​គេ​ឲ្យ​គោរព​ប្រណិប័តន៍​តែ​លោក​ប៉ុណ្ណោះ។ (​និក្ខមនំ ៣៤:១៤​) តើ​ដានីយ៉ែល​អាច​ធ្វើ​តាម​បង្គាប់​ទាំង​ពីរ​នេះ​យ៉ាង​ដូច​ម្ដេច? ប្រាជ្ញា​ដែល​មក​ពី​ព្រះ​បាន​ជួយ​ដានីយ៉ែល​ឲ្យ​យល់​គោល​ការណ៍​អំពី​ការ​ចុះ​ចូល​ដោយ​មាន​ល័ក្ខខ័ណ្ឌ​ចំពោះ​ពួក​អ្នក​គ្រប់​គ្រង​ដែល​ជា​មនុស្ស។ រាប់​រយ​ឆ្នាំ​ក្រោយ​មក លោក​យេស៊ូ​បាន​បង្រៀន​អំពី​គោល​ការណ៍​នេះ​ដែរ។—លូកា ២០:២៥

១៣ សូម​គិត​អំពី​អ្វី​ដែល​ដានីយ៉ែល​បាន​ធ្វើ​ពេល​មាន​ច្បាប់​មួយ​ដែល​ហាម​មិន​ឲ្យ​អ្នក​ណា​ម្នាក់​អធិដ្ឋាន​ទៅ​ព្រះ​ណា​ឬ​បុគ្គល​ណា​ក្រៅ​ពី​ស្ដេច​សម្រាប់​រយៈ​ពេល​៣០​ថ្ងៃ។ (​សូម​អាន ដានីយ៉ែល ៦:៧​-​១០) គាត់​អាច​រក​លេស ដោយ​និយាយ​ថា ‹នេះ​គឺ​សម្រាប់​តែ​៣០​ថ្ងៃ​ប៉ុណ្ណោះ›។ ប៉ុន្ដែ ដានីយ៉ែល​មិន​ព្រម​ឲ្យ​ច្បាប់​របស់​មនុស្ស​ទៅ​ជា​អ្វី​ដែល​សំខាន់​ជាង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ទេ។ ពិត​មែន​ថា​ដានីយ៉ែល​អាច​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​នៅ​កន្លែង​ដែល​មនុស្ស​មិន​អាច​ឃើញ​គាត់ ប៉ុន្ដែ​គាត់​ដឹង​ថា​មនុស្ស​ជា​ច្រើន​បាន​ឃើញ​គាត់​អធិដ្ឋាន​ទៅ​ព្រះ​ជា​រៀង​រាល់​ថ្ងៃ។ ដូច្នេះ ទោះ​ជា​នេះ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​របស់​គាត់​ក្ដី ដានីយ៉ែល​បាន​បន្ដ​អធិដ្ឋាន​នៅ​កន្លែង​ដែល​មនុស្ស​អាច​ឃើញ​គាត់ ដោយ​សារ​គាត់​មិន​ចង់​ឲ្យ​មនុស្ស​គិត​ថា​គាត់​បាន​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​ឡើយ។

១៤ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដានីយ៉ែល​ដោយ​សារ​ការ​សម្រេចចិត្ដ​ដ៏​ក្លាហាន​នេះ​ដែល​បង្ហាញ​អំពី​ភក្ដី​ភាព​របស់​គាត់។ លោក​បាន​ធ្វើ​អព្ភូតហេតុ ដោយ​សង្គ្រោះ​ដានីយ៉ែល​ពី​សត្វ​តោ។ ជា​លទ្ធផល បណ្ដា​ជន​ទូ​ទាំង​ចក្រភព​មេឌី​និង​ពើស៊ី​បាន​ឮ​អំពី​ព្រះ​យេហូវ៉ា!—ដានីយ៉ែល ៦:២៥​-​២៧

១៥. តើ​តាម​របៀប​ណា​យើង​អាច​មាន​ជំនឿ​ដូច​ដានីយ៉ែល?

១៥ តើ​តាម​របៀប​ណា​យើង​អាច​មាន​ជំនឿ​ដូច​ដានីយ៉ែល? ដើម្បី​មាន​ជំនឿ​មាំ​មួន ការ​អាន​បណ្ដាំ​របស់​ព្រះ​ប៉ុណ្ណោះ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ យើង​ក៏​ត្រូវ​យល់​អ្វី​ដែល​យើង​អាន​ដែរ។ (​ម៉ាថាយ ១៣:២៣​) យើង​ចង់​ដឹង​អំពី​ទស្សនៈ​និង​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ផ្សេង​ៗ។ ដូច្នេះ យើង​ត្រូវ​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​អ្វី​ដែល​យើង​អាន។ ការ​អធិដ្ឋាន​ជា​រឿយ​ៗ​ក៏​សំខាន់​ណាស់​ដែរ ជា​ពិសេស​ពេល​យើង​មាន​បញ្ហា។ យើង​អាច​មាន​ជំនឿ​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​យើង​ដោយ​ចិត្ដ​ទូលាយ​នូវ​ប្រាជ្ញា​និង​កម្លាំង​ដែល​យើង​អធិដ្ឋាន​សុំ​ពី​លោក។—យ៉ាកុប ១:៥

យ៉ូប​ធ្វើ​តាម​គោល​ការណ៍​របស់​ព្រះ​ទាំង​ពេល​ស្រួល​ទាំង​ពេល​ពិបាក

១៦, ១៧. តើ​តាម​របៀប​ណា​យ៉ូប​បាន​ស្គាល់​ព្រះ​យេហូវ៉ា?

១៦ តើ​យ៉ូប​បាន​ស្គាល់​ព្រះ​យេហូវ៉ា​តាម​របៀប​ណា? យ៉ូប​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​ទេ។ ប៉ុន្ដែ​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប​គឺ​ជា​សាច់​ញាតិ​ឆ្ងាយ​របស់​យ៉ូប ហើយ​ព្រះ​យេហូវ៉ា​បាន​បង្រៀន​បុរស​ទាំង​បី​នាក់​នេះ​អំពី​លោក​និង​គោល​បំណង​របស់​លោក​សម្រាប់​មនុស្សជាតិ។ រួច​មក​យ៉ូប​ក៏​បាន​រៀន​អំពី​សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​ទាំង​នេះ​តាម​វិធី​ណា​មួយ​ដែរ។ (​យ៉ូប ២៣:១២​) គាត់​បាន​និយាយ​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ‹ត្រចៀក​ទូល​បង្គំ​បាន​ឮ​ថ្លែង​ពី​ទ្រង់›។ (​យ៉ូប ៤២:៥​) ព្រះ​យេហូវ៉ា​ក៏​បាន​មាន​ប្រសាសន៍​ថា​យ៉ូប​បាន​ប្រាប់​សេចក្ដី​ពិត​អំពី​លោក​ដល់​អ្នក​ឯ​ទៀត។—យ៉ូប ៤២:៧, ៨

ពេល​យើង​សង្កេត​មើល​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​និង​រៀន​ថែម​ទៀត​អំពី​គុណ​សម្បត្ដិ​របស់​លោក នោះ​ពង្រឹង​ជំនឿ​របស់​យើង (​សូម​មើល​វគ្គ​១៧​)

១៧ យ៉ូប​ក៏​បាន​ស្គាល់​គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា​ដោយ​សង្កេត​មើល​អ្វី​ៗ​ដែល​លោក​បាន​បង្កើត។ (​យ៉ូប ១២:៧​-​៩, ១៣​) ទាំង​ព្រះ​យេហូវ៉ា​ទាំង​អេលីហ៊ូវ​បាន​លើក​អ្វី​ដែល​ព្រះ​បាន​បង្កើត​ដើម្បី​បង្រៀន​យ៉ូប​ថា​បើ​ប្រៀប​ធៀប​នឹង​ព្រះ មនុស្ស​គឺ​តូច​តាច​ណាស់។ (​យ៉ូប ៣៧:១៤; ៣៨:១​-​៤​) ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​លើ​ចិត្ដ​យ៉ូប​និង​ធ្វើ​ឲ្យ​គាត់​និយាយ​ដោយ​ចិត្ដ​រាប​ទាប​ទៅ​កាន់​ព្រះ​ថា​៖ ​«​ទូល​បង្គំ​ដឹង​ថា​ទ្រង់​ធ្វើ​ទាំង​អស់​កើត ហើយ​ថា​នឹង​ឃាត់​ព្រះ​ដំ​រិះ​ទ្រង់​ណា​មួយ​មិន​បាន​»។ គាត់​បាន​បន្ថែម​ថា​៖ ​«​[​ខ្ញុំ​]ក្រាប​នៅ​ក្នុង​ធូលី​ដី ហើយ​នឹង​ផែះ​»។—យ៉ូប ៤២:២,

១៨, ១៩. តើ​យ៉ូប​បាន​បង្ហាញ​យ៉ាង​ណា​ថា​គាត់​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់?

១៨ តើ​ការ​ស្គាល់​ព្រះ​យ៉ាង​ច្បាស់​បាន​ជួយ​យ៉ូប​យ៉ាង​ដូច​ម្ដេច? យ៉ូប​បាន​យល់​គោល​ការណ៍​របស់​ព្រះ​យ៉ាង​ច្បាស់។ គាត់​ពិត​ជា​ស្គាល់​ព្រះ​យេហូវ៉ា ហើយ​នេះ​បាន​ជំរុញ​ចិត្ដ​គាត់​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ ជា​ឧទាហរណ៍ យ៉ូប​បាន​ដឹង​ថា​គាត់​មិន​អាច​និយាយ​ថា​គាត់​ស្រឡាញ់​ព្រះ​បាន​ទេ បើ​គាត់​មិន​សប្បុរស​ចំពោះ​អ្នក​ឯ​ទៀត។ (​យ៉ូប ៦:១៤​) គាត់​មិន​បាន​គិត​ថា​គាត់​ប្រសើរ​ជាង​អ្នក​ឯ​ទៀត​ទេ ផ្ទុយ​ទៅ​វិញ​គាត់​បាន​ប្រព្រឹត្ដ​ទៅ​លើ​ពួក​គេ​ដូច​ក្រុម​គ្រួសារ​របស់​គាត់ ទោះ​ជា​ពួក​គេ​មាន​ឬ​ក្រ​ក្ដី។ យ៉ូប​បាន​និយាយ​ថា​៖ ​«​ព្រះ​ដែល​បាន​បង្កើត​ខ្ញុំ​នៅ​ក្នុង​ពោះ​ម្ដាយ តើ​មិន​បាន​បង្កើត​បាវ​នោះ​ដែរ​ទេ​ឬ?​»។ (​យ៉ូប ៣១:១៣​-​២២​) សូម្បី​តែ​ពេល​យ៉ូប​មាន​អំណាច​និង​ជា​អ្នក​មាន គាត់​មិន​មាន​អំណួត​និង​មិន​បាន​ចាត់​ទុក​ខ្លួន​ថា​ប្រសើរ​ជាង​អ្នក​ឯ​ទៀត​ទេ។ នេះ​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ការ​ប្រព្រឹត្ដ​របស់​មនុស្ស​ដែល​មាន​អំណាច​និង​ជា​អ្នក​មាន​នៅ​សព្វ​ថ្ងៃ​នេះ។

១៩ យ៉ូប​មិន​ចង់​ឲ្យ​អ្វី​ណា​ក៏​ដោយ​រួម​ទាំង​ទ្រព្យ​សម្បត្ដិ​ទៅ​ជា​អ្វី​ដែល​សំខាន់​ជាង​ព្រះ​យេហូវ៉ា​ឡើយ។ គាត់​ដឹង​ថា​បើ​នោះ​កើត​ឡើង គាត់​នឹង​បោះ​បង់​ចោល​«​ព្រះ​ដែល​គង់​នៅ​ស្ថាន​លើ​»។ (​សូម​អាន យ៉ូប ៣១:២៤​-​២៨) ម្យ៉ាង​ទៀត យ៉ូប​ចាត់​ទុក​អាពាហ៍​ពិពាហ៍​ជា​សេចក្ដី​សន្យា​ដ៏​ពិសិដ្ឋ​រវាង​ប្ដី​នឹង​ប្រពន្ធ។ គាត់​ថែម​ទាំង​បាន​សន្យា​ចំពោះ​ខ្លួន​គាត់​ថា​គាត់​នឹង​មិន​សម្លឹង​មើល​មនុស្ស​ស្រី​ដោយ​មាន​ចិត្ដ​ស្រើប​ស្រាល​ទេ។ (​យ៉ូប ៣១:១​) នេះ​គួរ​ឲ្យ​កោត​ស្ងើច​ណាស់ ដោយ​សារ​យ៉ូប​បាន​រស់​នៅ​គ្រា​មួយ​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​បុរស​មាន​ប្រពន្ធ​លើស​ពី​មួយ។ ដូច្នេះ​បើ​យ៉ូប​ចង់​ធ្វើ គាត់​អាច​យក​ប្រពន្ធ​មួយ​ទៀត​បាន។ ប៉ុន្ដែ គាត់​ច្បាស់​ជា​បាន​ដឹង​ថា​អាពាហ៍​ពិពាហ៍​ដំបូង​ដែល​ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ឡើង​គឺ​រវាង​បុរស​ម្នាក់​និង​ស្ដ្រី​ម្នាក់ ហើយ​យ៉ូប​សម្រេច​ចិត្ដ​មាន​របៀប​រស់​នៅ​តាម​ការ​រៀប​ចំ​នេះ។ * (​សូម​មើល​កំណត់​សម្គាល់​) (​លោកុប្បត្ដិ ២:១៨, ២៤​) ប្រហែល​ជា​១.៦០០​ឆ្នាំ​ក្រោយ​មក លោក​យេស៊ូ​ក៏​បាន​បង្រៀន​គោល​ការណ៍​ដូច​គ្នា ដែល​ថា​អាពាហ៍​ពិពាហ៍​និង​ការ​រួម​ភេទ​គឺ​រវាង​ប្ដី​មួយ​និង​ប្រពន្ធ​មួយ​តែ​ប៉ុណ្ណោះ។—ម៉ាថាយ ៥:២៨; ១៩:៤, ៥

២០. តើ​តាម​របៀប​ណា​ការ​ស្គាល់​ព្រះ​យេហូវ៉ា​និង​ខ្នាត​តម្រា​របស់​លោក​យ៉ាង​ច្បាស់​ជួយ​យើង​ឲ្យ​ជ្រើស​រើស​មិត្ដ​ភក្ដិ​និង​ការ​កម្សាន្ដ​ដែល​ត្រឹម​ត្រូវ?

២០ តើ​តាម​របៀប​ណា​យើង​អាច​មាន​ជំនឿ​ដូច​យ៉ូប? យើង​ត្រូវ​ស្គាល់​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្បាស់ ហើយ​ឲ្យ​ចំណេះនេះ​មាន​ឥទ្ធិពល​លើ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ធ្វើ។ ជា​ឧទាហរណ៍ គម្ពីរ​ចែង​ថា​ព្រះ​យេហូវ៉ា​«​ស្អប់ . . . ពួក​អ្នក​ដែល​ចូល​ចិត្ដ​ខាង​សេចក្ដី​ច្រឡោត​»​ ហើយ​ថា​យើង​មិន​គួរ​សេពគប់​នឹង​មនុស្ស​មាន​ពុត​ឡើយ។ (​សូម​អាន ទំនុក​តម្កើង ១១:៥; ២៦:៤) ឥឡូវ​សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​បទ​គម្ពីរ​ទាំង​ពីរ​នេះ​បង្រៀន​ខ្ញុំ​អ្វី​អំពី​របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា? តើ​នេះ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ខ្ញុំ​ស្ដី​អំពី​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ? តើ​នេះ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ការ​សម្រេច​ចិត្ដ​របស់​ខ្ញុំ​ស្ដី​អំពី​អ្វី​ដែល​ខ្ញុំ​មើល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បុគ្គល​ដែល​ខ្ញុំ​ជ្រើស​រើស​ធ្វើ​ជា​មិត្ដ​ភក្ដិ និង​ការ​កម្សាន្ដ​ដែល​ខ្ញុំ​ជ្រើស​រើស?›។ ចម្លើយ​របស់​អ្នក​អាច​ជួយ​អ្នក​ឲ្យ​យល់​ថា​អ្នក​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់​យ៉ាង​ណា។ យើង​មិន​ចង់​ទទួល​ឥទ្ធិពល​ពី​ពិភព​លោក​ដ៏​អាក្រក់​នេះ​ឡើយ។ ដូច្នេះ យើង​ត្រូវ​បង្វឹក​បង្ហាត់​«​សមត្ថភាព​យល់​ដឹង​»​របស់​យើង ពោល​គឺ​យើង​ត្រូវ​រៀន​ឲ្យ​ស្គាល់​ពី​ភាព​ខុស​គ្នា​រវាង​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ ហើយ​អ្វី​ដែល​ប្រកប​ដោយ​ប្រាជ្ញា​និង​អ្វី​ដែល​មិន​ប្រកប​ដោយ​ប្រាជ្ញា។—ហេប្រឺ ៥:១៤; អេភេសូរ ៥:១៥

២១. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​«​យល់​គ្រប់​ទាំង​អស់​»​ដែល​យើង​ត្រូវ​ការ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ?

២១ ដោយ​សារ​ណូអេ ដានីយ៉ែល និង​យ៉ូប​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់ លោក​បាន​ជួយ​ពួក​គាត់​ឲ្យ​«​យល់​គ្រប់​ទាំង​អស់​»​ដែល​សំខាន់​ចាំ​បាច់​ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ដ។ គំរូ​របស់​ពួក​គាត់​បង្ហាញ​ថា​ការ​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មាន​ជីវិត​ជោគ​ជ័យ។ (​ទំនុក​តម្កើង ១:១​-​៣​) ដូច្នេះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ស្គាល់​ព្រះ​យេហូវ៉ា​ដូច​ណូអេ ដានីយ៉ែល និង​យ៉ូប​ឬ​ទេ?›។ សព្វ​ថ្ងៃ​នេះ យើង​អាច​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់​ជាង​បុរស​ដ៏​ស្មោះ​ត្រង់​ទាំង​នោះ ដោយ​សារ​លោក​ផ្ដល់​ឲ្យ​យើង​នូវ​ព័ត៌មាន​ជា​ច្រើន​អំពី​លោក។ (​សុភាសិត ៤:១៨​) ដូច្នេះ សូម​សិក្សា​គម្ពីរ​ដោយ​យក​ចិត្ដ​ទុក​ដាក់។ សូម​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​គម្ពីរ ហើយ​សូម​អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ។ យ៉ាង​នេះ ពិភព​លោក​ដ៏​អាក្រក់​នេះ​នឹង​មិន​មាន​ឥទ្ធិពល​លើ​អ្នក​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​នឹង​ប្រព្រឹត្ដ​ដោយ​ប្រាជ្ញា​ដែល​មក​ពី​ព្រះ ហើយ​ចូល​កាន់​តែ​ជិត​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌។—សុភាសិត ២:៤​-​៧

^ វគ្គ 5 ដូច​ណូអេ អេណុក​ដែល​ជា​ជីតា​ទួត​របស់​គាត់​ក៏​«​ដើរ​ជា​មួយ​នឹង​ព្រះ​»​ដែរ។ ប៉ុន្ដែ គាត់​បាន​ស្លាប់​៦៩​ឆ្នាំ​មុន​ណូអេ​កើត​មក។—លោកុប្បត្ដិ ៥:២៣, ២៤

^ វគ្គ 19 ណូអេ​បាន​ធ្វើ​ដូច​គ្នា។ គាត់​មាន​ប្រពន្ធ​តែ​មួយ ទោះ​ជា​បុរស​ចាប់​ផ្ដើម​យក​ប្រពន្ធ​លើស​ពី​មួយ​មិន​យូរ​ក្រោយ​ពី​អាដាម​និង​អេវ៉ា​បាន​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​ក្ដី។—លោកុប្បត្ដិ ៤:១៩