លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​កុំ​ភ្លេច​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​ជន​បរទេស

ចូរ​កុំ​ភ្លេច​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​ជន​បរទេស

​«​កុំ​ភ្លេច​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​»។—ហេប្រឺ ១៣:២

ចម្រៀង​លេខ: ៥០, ២៥

១, ២​. (​ក​) នៅ​សព្វ​ថ្ងៃ​នេះ តើ​ជន​បរទេស​ជា​ច្រើន​នាក់​មាន​ការ​ពិបាក​អ្វី​ខ្លះ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​សាវ័ក​ប៉ូល​បាន​ផ្ដល់​សេចក្ដី​រំលឹក​អ្វី ហើយ​តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

ជាង​៣០​ឆ្នាំ​មុន បង​អូ​សេ​ដែល​មិន​ទាន់​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា បាន​ចាក​ចេញ​ពី​ផ្ទះ​របស់​គាត់​នៅ​ប្រទេស​ហ្គាណា​ដើម្បី​ទៅ​រស់​នៅ​ទ្វីប​អឺរ៉ុប។  [១] (​សូម​មើល​កំណត់​នៅ​ចុង​អត្ថបទ​) គាត់​និយាយ​ថា​៖ ​«​មិន​យូរ​ក្រោយ​ពី​ពេល​ទៅ​ដល់ ខ្ញុំ​ឃើញ​ថា​មនុស្ស​ភាគ​ច្រើន​មិន​យក​ចិត្ដ​ទុក​ដាក់​នឹង​ខ្ញុំ​ទេ។ អាកាសធាតុ​នៅ​ទី​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​មែន​ទែន។ ពេល​ខ្ញុំ​ចេញ​ពី​ព្រលាន​យន្ដ​ហោះ នោះ​ជា​លើក​ទី១​ក្នុង​ជីវិត​របស់​ខ្ញុំ​ដែល​ខ្ញុំ​ជួប​ប្រទះ​នឹង​អាកាសធាតុ​ត្រជាក់​អ៊ីចឹង ហើយ​ខ្ញុំ​ចាប់​ផ្ដើម​យំ​»។ ដោយ​សារ​បង​អូ​សេ​ពិបាក​រៀន​ភាសា​របស់​ប្រទេស​នោះ គាត់​ត្រូវ​ការ​ពេល​ជាង​មួយ​ឆ្នាំ​ដើម្បី​រក​ការ​ងារ​ល្អ។ ម្យ៉ាង​ទៀត ដោយ​សារ​គាត់​រស់​នៅ​ឆ្ងាយ​ពី​ផ្ទះ គាត់​នឹក​ក្រុម​គ្រួសារ​និង​មាន​អារម្មណ៍​ឯកោ។

សូម​គិត​ថា​អ្នក​នឹង​ចង់​ឲ្យ​គេ​ប្រព្រឹត្ដ​យ៉ាង​ណា​ចំពោះ​អ្នក បើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ស្រដៀង​គ្នា​នេះ។ អ្នក​ប្រាកដ​ជា​នឹង​ធូរ​ស្រាល​ក្នុង​ចិត្ដ​ដែល​បាន​ត្រូវ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​នៅ​សាល​ប្រជុំ​ពី​មនុស្ស​ដែល​ស្រឡាញ់​អ្នក ទោះ​ជា​អ្នក​មាន​សញ្ជាតិ ឬ​ពណ៌​សម្បុរ​យ៉ាង​ណា​ក៏​ដោយ។ តាម​ពិត គម្ពីរ​ប្រាប់​គ្រិស្ដ​សាសនិក​ពិត​មិន​ឲ្យ​«​ភ្លេច​ទទួល​អ្នក​ឯ​ទៀតដោយ​រាក់​ទាក់​»។ (​ហេប្រឺ ១៣:២​) ពាក្យ​ភាសា​ដើម​«​រាក់​ទាក់​»​មាន​ន័យ​ថា​«​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​អ្នក​ដែល​មិន​ធ្លាប់​ស្គាល់​»។ ដូច្នេះ សូម​យើង​ពិចារណា​សំណួរ​ដូច​ត​ទៅ​នេះ​៖ តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ជន​បរទេស? តើ​យើង​ត្រូវ​កែ​ប្រែ​អារម្មណ៍​របស់​យើង​ចំពោះ​ជន​បរទេស​ឬ​ទេ? ម្យ៉ាង​ទៀត តើ​តាម​របៀប​ណា​យើង​អាច​ជួយ​អ្នក​ដែល​មក​ពី​ប្រទេស​ផ្សេង​ឲ្យ​មាន​អារម្មណ៍​ស្រួល​ក្នុង​ក្រុម​ជំនុំ​របស់​យើង?

ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ជន​បរទេស

៣, ៤​. យោង​ទៅ​តាម​និក្ខមនំ ២៣:៩ តើ​ព្រះ​ចង់​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ដ​យ៉ាង​ណា​ចំពោះ​ជន​បរទេស ហើយ​ហេតុ​អ្វី?

ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​រំដោះ​រាស្ដ្រ​របស់​លោក​ឲ្យ​ចេញ​ពី​ទាសភាព​នៅ​ស្រុក​អេស៊ីប លោក​បាន​ផ្ដល់​ច្បាប់​ដល់​ពួក​គេ​ដែល​បង្រៀន​ពួក​គេ​ឲ្យ​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​ជន​បរទេស​ដែល​បាន​ចាក​ចេញ​ពី​ស្រុក​នោះ​ជា​មួយ​នឹង​ពួក​គេ។ (​និក្ខមនំ ១២:៣៨, ៤៩; ២២:២១​) ដោយ​សារ​ជីវិត​ជា​ជន​បរទេស​គឺ​មិន​តែង​តែ​ងាយ​ស្រួល នោះ​ព្រះ​យេហូវ៉ា​បាន​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ពួក​គេ​ដោយ​សេចក្ដី​ស្រឡាញ់។ ជា​ឧទាហរណ៍ ពួក​គេ​អាច​រើស​សន្សំ​ផល​ដំណាំ​ដែល​សល់​ក្រោយ​ពី​កសិករ​ប្រមូល​ផល។—លេវីវិន័យ ១៩:៩, ១០

ជា​ជាង​គ្រាន់​តែ​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​គោរព​ជន​ប​ទេស ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​គេ​នឹក​ចាំ​អំពី​អារម្មណ៍​ដែល​ពួក​គេ​ធ្លាប់​មាន​កាល​ដែល​ពួក​គេ​ជា​ជន​បរទេស។ (​សូម​អាន និក្ខមនំ ២៣:៩) សូម្បី​តែ​មុន​ពេល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ទៅ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេស៊ីប​ក្ដី ជន​ជាតិ​អេស៊ីប​មិន​ចូល​ចិត្ដ​ពួក​គេ​ដោយ​សារ​ពួក​គេ​ខុស​ពី​ជន​ជាតិ​អេស៊ីប។ (​លោកុប្បត្ដិ ៤៣:៣២; ៤៦:៣៤; និក្ខមនំ ១:១១​-​១៤​) ជន​ជាតិ​អ៊ីស្រាអែល​មាន​ជីវិត​ពិបាក​កាល​ដែល​ជា​ជន​បរទេស។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​គេ​នឹក​ចាំ​អំពី​ចំណុច​នោះ ហើយ​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ។—លេវីវិន័យ ១៩:៣៣, ៣៤

ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​ជន​បរទេស

៥​. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​ជន​បរទេស​ដូច​ព្រះ​យេហូវ៉ា?

ព្រះ​យេហូវ៉ា​មិន​បាន​ប្រែ​ប្រួល​ឡើយ។ ដូច្នេះ ពេល​ជន​បរទេស​មក​ក្រុម​ជំនុំ​របស់​យើង យើង​មិន​គួរ​ភ្លេច​ថា​ព្រះ​យេហូវ៉ា​នៅ​តែ​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​មនុស្ស​បែប​នោះ។ (​ចោទិយកថា ១០:១៧​-​១៩; ម៉ាឡាគី ៣:៥, ៦​) សូម​រំពឹង​គិត​អំពី​ការ​ពិបាក​ដែល​ជន​បរទេស​ប្រហែល​ជា​មាន។ ជា​ឧទាហរណ៍ ពួក​គេ​ប្រហែល​ជា​មិន​យល់​ភាសា​ថ្មី ហើយ​ប្រហែល​ជា​បាន​ត្រូវ​គេ​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌។ សូម​យើង​ខំ​ប្រឹង​ជួយ​ពួក​គេ​និង​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​ពួក​គេ។—ពេត្រុស​ទី១ ៣:៨

តើ​យើង​ត្រូវ​កែ​ប្រែ​ទស្សនៈ​របស់​យើង​ចំពោះ​ជន​បរទេស​ឬ​ទេ?

៦, ៧​. តើ​អ្វី​បង្ហាញ​ថា​គ្រិស្ដ​សាសនិក​នៅ​សម័យ​ដើម​ដែល​ជា​ជន​ជាតិ​យូដា​បាន​រៀន​យក​ឈ្នះ​ការ​រើស​អើង?

គ្រិស្ដ​សាសនិក​នៅ​សម័យ​ដើម​បាន​រៀន​យក​ឈ្នះ​ការ​រើស​អើង​ដែល​មាន​ជា​ទូ​ទៅ​ក្នុង​ចំណោម​ជន​ជាតិ​យូដា។ នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. គ្រិស្ដ​សាសនិកជន​ជាតិ​យូដា​ដែល​រស់​នៅ​ក្រុង​យេរូសាឡិម​បាន​បង្ហាញ​ការ​រាក់​ទាក់​និង​ការ​យក​ចិត្ដ​ទុក​ដាក់​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ថ្មី​ដែល​មក​ពី​ប្រទេស​ផ្សេង​ៗ។ (​សកម្មភាព ២:៥, ៤៤​-​៤៧​) នេះ​បង្ហាញ​ថា​គ្រិស្ដ​សាសនិកជន​ជាតិ​យូដា​ទាំង​នោះ​បាន​យល់​អត្ថន័យ​នៃ‹ការ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់›។

ប៉ុន្ដែ ក្នុង​អំឡុង​ពេល​នោះ មាន​រឿង​មួយ​បាន​កើត​ឡើង។ ជន​ជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិច​បាន​ត្អូញត្អែរ​ថា​ស្ដ្រី​មេ​ម៉ាយ​ដែល​និយាយ​ភាសា​ក្រិច​បាន​ត្រូវ​គេ​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌។ (​សកម្មភាព ៦:១​) ដើម្បី​ដោះ​ស្រាយបញ្ហា​នោះ ពួក​សាវ័ក​បាន​ជ្រើស​រើស​បុរស​៧​នាក់​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​គ្មាន​អ្នក​ណា​បាន​ត្រូវ​គេ​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌។ ពួក​សាវ័ក​បាន​ជ្រើស​រើស​បុរស​ដែល​មាន​ឈ្មោះ​ជា​ភាសា​ក្រិច ប្រហែល​ជា​ដើម្បី​ធ្វើ​ឲ្យ​ស្ដ្រី​មេ​ម៉ាយ​ទាំង​នោះ​មាន​អារម្មណ៍​ស្រួល​ជាង។—សកម្មភាព ៦:២​-​៦

៨, ៩​. (​ក​) តើ​សំណួរ​អ្វី​ខ្លះ​នឹង​ជួយ​យើង​ឲ្យ​ដឹង​ថា​យើង​មាន​ការ​រើស​អើង​ឬ​យ៉ាង​ណា? (​ខ​) តើ​យើង​ត្រូវ​បំបាត់​ចោល​អ្វី? (​ពេត្រុស​ទី១ ១:២២​)

យើង​ទាំង​អស់​គ្នា​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​វប្បធម៌​របស់​យើង ទោះ​ជា​យើង​ទទួល​ស្គាល់​ឬ​មិន​ទទួល​ស្គាល់​ចំណុច​នេះ​ក៏​ដោយ។ (​រ៉ូម ១២:២​) ម្យ៉ាង​ទៀត យើង​ប្រហែល​ជា​ឮ​អ្នក​ជិត​ខាង អ្នក​រួម​ការ​ងារ ឬ​សិស្ស​រួម​ថ្នាក់​និយាយ​អ្វី​មិន​ល្អ​អំពី​មនុស្ស​ដែល​មាន​ប្រវត្ដិ កុលសម្ព័ន្ធ ឬ​ពណ៌​សម្បុរ​ផ្សេង។ តើ​ទស្សនៈ​មិន​ល្អ​នេះ​មាន​ឥទ្ធិពល​ខ្លាំង​យ៉ាង​ណា​មក​លើ​យើង? តើ​យើង​ប្រព្រឹត្ដ​យ៉ាង​ណា​ពេល​អ្នក​ណា​ម្នាក់​សើច​ចំអក​ជាតិ​សាសន៍​ឬ​ក៏​វប្បធម៌​របស់​យើង?

សាវ័ក​ពេត្រុស​ធ្លាប់​រើស​អើង​មនុស្ស​ដែល​មិន​មែន​ជា​ជន​ជាតិ​យូដា។ ប៉ុន្ដែ បន្ដិច​ម្ដង​ៗ​គាត់​បាន​រៀន​បំបាត់​ទស្សនៈ​មិន​ល្អ​នោះ។ (​សកម្មភាព ១០:២៨, ៣៤, ៣៥; កាឡាទី ២:១១​-​១៤​) ស្រដៀង​គ្នា​ដែរ បើ​យើង​កត់​សម្គាល់​ឃើញ​ថា​យើង​រើស​អើង​ឬ​អួត​អំពី​ពូជ​សាសន៍​របស់​ខ្លួន​សូម្បី​តែ​បន្ដិច​បន្ដួច​ក្ដី យើង​គួរ​ព្យាយាម​បំបាត់​ទស្សនៈ​នេះ​ទាំង​ស្រុង។ (​សូម​អាន ពេត្រុស​ទី១ ១:២២) តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ? សូម​ចាំ​ថា​ទោះ​ជា​យើង​មក​ពី​ប្រទេស​ណា​ក្ដី យើង​ទាំង​អស់​គ្នា​គឺ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​គ្មាន​អ្នក​ណា​សម​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​ទេ។ (​រ៉ូម ៣:៩, ១០, ២១​-​២៤​) ដូច្នេះ យើង​គ្មាន​មូលហេតុ​មាន​អារម្មណ៍​ថា​យើង​គឺ​ប្រសើរ​ជាង​អ្នក​ឯ​ទៀត​ឡើយ! (​កូរិនថូស​ទី១ ៤:៧​) យើង​គួរ​មាន​អារម្មណ៍​ដូច​សាវ័ក​ប៉ូល។ គាត់​បាន​ប្រាប់​គ្រិស្ដ​សាសនិក​រួម​ជំនឿ​ថា​ពួក​គេ​«​មិន​មែន​ជា​ជន​ចម្លែក​និង​ជា​អ្នក​ស្នាក់​នៅ​ទៀត​ទេ​»​ ប៉ុន្ដែ​«​ជា​សមាជិក​នៃ​ក្រុម​គ្រួសារ​របស់​ព្រះ​»។ (​អេភេសូរ ២:១៩​) យើង​ទាំង​អស់​គ្នា​ត្រូវ​ខំ​ព្យាយាម​បំបាត់​ចោល​ការ​រើស​អើង​ណា​ក៏​ដោយ​ដែល​យើង​មាន​ដើម្បី​យើង​អាច​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី។—កូឡុស ៣:១០, ១១

របៀប​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​ជន​បរទេស

១០, ១១​. តើ​បូអូស​បាន​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​គាត់​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​ជន​បរទេស?

១០ បូអូស​គឺ​ជា​បុរស​ស្មោះ​ត្រង់​ដែល​បាន​បង្ហាញ​ថា​គាត់​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​ជន​បរទេស។ តើ​តាម​របៀប​ណា? ពេល​បូអូស​ទៅ​ពិនិត្យ​មើល​វាល​ចំ​ការ​របស់​គាត់​ក្នុង​អំឡុង​រដូវ​ច្រូត​កាត់ គាត់​បាន​កត់​សម្គាល់​រូថ​ដែល​ជា​ស្ដ្រី​បរទេស​ពី​ស្រុក​ម៉ូអាប់។ នាង​ខំ​ព្យាយាម​រើស​ស្រូវ​ពី​វាល​នោះ។ ក្រោម​ច្បាប់​ម៉ូសេ រូថ​មាន​សិទ្ធិ​រើស​សន្សំ​ផល​ដំណាំ។ ប៉ុន្ដែ បូអូស​កោត​ស្ងើច​ណាស់​ពេល​គាត់​បាន​ឮ​ថា​នាង​បាន​សុំ​ការ​អនុញ្ញាត​ដើម្បី​រើស​សន្សំ​ផល​ដំណាំ​ក្នុង​វាល​របស់​គាត់ ហើយ​គាត់​បាន​អនុញ្ញាត​ឲ្យ​នាង​រើស​សន្សំ​ផល​ដំណាំ​សូម្បី​តែ​ពី​កណ្ដាប់​ស្រូវ។—សូម​អាន នាង​រស់ ២:៥​-​៧, ១៥, ១៦

១១ អ្វី​ដែល​បាន​កើត​ឡើង​បន្ទាប់​មក​បង្ហាញ​យ៉ាង​ច្បាស់​ថា​បូអូស​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​រូថ​និង​បញ្ហា​ដែល​នាង​មាន​ជា​ជន​បរទេស។ គាត់​បាន​ឲ្យ​នាង​នៅ​ជិត​ក្រុម​ស្ដ្រី​វ័យ​ក្មេង​របស់​គាត់​កាល​ដែល​ពួក​គេ​ធ្វើ​ការ​ក្នុង​វាល​ដើម្បី​មិន​ឲ្យ​បុរស​ដែល​ធ្វើ​ការ​នៅ​ទី​នោះ​ធ្វើ​បាប​នាង។ គាត់​ថែម​ទាំង​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​នាង​ទទួល​អាហារ​និង​ទឹក​គ្រប់​គ្រាន់ ដូច​កម្មករ​របស់​គាត់​ដែរ។ បូអូស​បាន​បង្ហាញ​ការ​គោរព​ចំពោះ​ស្ដ្រី​បរទេស​ក្រី​ក្រ​នេះ ហើយ​បាន​លើក​ទឹក​ចិត្ដ​នាង។—នាង​រស់ ២:៨​-​១០, ១៣, ១៤

១២​. តើ​ការ​បង្ហាញ​សេចក្ដី​សប្បុរស​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ជន​បរទេស?

១២ បូអូស​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​រូថ​មិន​គ្រាន់​តែ​ដោយ​សារ​នាង​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​ន៉ាអូមី​ដែល​ជា​ម្ដាយ​ក្មេក​របស់​នាង​ប៉ុណ្ណោះ​ទេ តែ​ក៏​ដោយ​សារ​រូថ​បាន​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា ហើយ​បាន​ស្វែង​រក​ការ​ការពារ​ពី​លោក។ ពេល​បូអូស​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះនាង គាត់​កំពុង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា។ (​នាង​រស់ ២:១២, ២០; សុភាសិត ១៩:១៧​) ស្រដៀង​គ្នា​ដែរ​នៅ​សព្វ​ថ្ងៃ​នេះ ពេល​យើង​បង្ហាញ​សេចក្ដី​សប្បុរស យើង​ប្រហែល​ជា​អាច​ជួយ​«​មនុស្ស​គ្រប់​ប្រភេទ​»​ឲ្យ​រៀន​សេចក្ដី​ពិត ហើយ​ឲ្យ​យល់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​គេ​យ៉ាង​ខ្លាំង។—ធីម៉ូថេ​ទី១ ២:៣, ៤

តើ​យើង​ស្វាគមន៍​ជន​បរទេស​យ៉ាង​កក់​ក្ដៅ​ឬ​ទេ​ពេល​ពួក​គេ​មក​សាល​ប្រជុំ? (​សូម​មើល​វគ្គ​១៣, ១៤​)

១៣, ១៤​. (​ក​) នៅ​សាល​ប្រជុំ ហេតុ​អ្វី​យើង​គួរ​ស្វាគមន៍​ជន​បរទេស? (​ខ​) តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ស្រួល​និយាយ​ជា​មួយ​នឹង​អ្នក​ដែល​មាន​វប្បធម៌​ផ្សេង?

១៣ យើង​អាច​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​ជន​បរទេស​ដោយ​ស្វាគមន៍​ពួក​គេ​យ៉ាង​កក់​ក្ដៅ​នៅ​ឯ​សាល​ប្រជុំ។ ជន​អន្ដោប្រវេសន៍​ដែល​ទើប​តែ​មក​ប្រទេស​ណា​មួយ ជួន​កាល​មាន​អារម្មណ៍​អៀន​ខ្មាស ហើយ​មិន​សូវ​ហ៊ាន​សេពគប់​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ទេ។ ដោយ​សារ​វប្បធម៌​និង​ឋានៈ​របស់​ពួក​គេ​ក្នុង​សង្គម ពួក​គេ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ខ្លួន​អន់​ជាង​មនុស្ស​ដែល​មាន​ពូជ​សាសន៍​ឬ​សញ្ជាតិ​ផ្សេង។ ដូច្នេះ យើង​គួរ​ទៅ​ស្វាគមន៍​ពួក​គេ​មុន ហើយ​បង្ហាញ​ការ​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ស្មោះ​និង​យ៉ាង​កក់​ក្ដៅ​ចំពោះ​ពួក​គេ។ បើ​មាន​កម្ម​វិធី​JW​ភាសា (​JW Language​)ក្នុង​ភាសា​របស់​អ្នក នោះ​អាច​ជួយ​អ្នក​ឲ្យ​រៀន​ពាក្យ​ដើម្បី​ស្វាគមន៍​ពួក​គេ​ក្នុង​ភាសា​របស់​ពួក​គេ។—សូម​អាន ភីលីព ២:៣, ៤

១៤ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​មិន​ស្រួល​ពេល​អ្នក​គិត​អំពី​ការ​និយាយ​ជា​មួយ​នឹង​អ្នក​ដែល​មាន​វប្បធម៌​ផ្សេង។ ដើម្បី​យក​ឈ្នះ​អារម្មណ៍​នេះ អ្នក​អាច​ប្រាប់​គាត់​អ្វី​មួយ​អំពី​ខ្លួន​អ្នក។ ក្រោយ​មក អ្នក​ប្រហែល​ជា​នឹង​ឃើញ​ថា​អ្នក​មាន​អ្វី​ដែល​ដូច​គ្នា​ច្រើន​ជាង​អ្នក​បាន​គិត​ទៅ​ទៀត។ សូម​ចាំ​ថា​វប្បធម៌​នីមួយ​ៗ​មាន​ចំណុច​ខ្សោយ​និង​ចំណុច​ដែល​គួរ​ឲ្យ​សរសើរ។

ចូរ​ជួយ​មនុស្ស​ទាំង​អស់​ឲ្យ​មាន​អារម្មណ៍​ស្រួល

១៥​. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​យល់​អំពី​ពួក​អ្នក​ដែល​កំពុង​សម្រប​ខ្លួន​ទៅ​នឹង​ប្រទេស​ថ្មី?

១៥ ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​មាន​អារម្មណ៍​ស្រួល​ក្នុង​ក្រុម​ជំនុំ សូម​សួរ​ខ្លួន​អ្នក​ដោយ​ស្មោះ​ថា ‹បើ​ខ្ញុំ​នៅ​ប្រទេស​ឯ​ទៀត តើ​ខ្ញុំ​នឹង​ចង់​ឲ្យ​គេ​ប្រព្រឹត្ដ​យ៉ាង​ណា​ចំពោះ​ខ្ញុំ?›។ (​ម៉ាថាយ ៧:១២​) ចូរ​មាន​ចិត្ដ​អត់​ធ្មត់​ចំពោះ​ពួក​អ្នក​ដែល​កំពុង​សម្របខ្លួន​នឹង​ប្រទេស​ថ្មី។ ដំបូង យើង​ប្រហែល​ជា​មិន​យល់​អំពី​របៀប​គិត​គូរ​និង​ប្រតិកម្ម​របស់​ពួក​គេ​ទាំង​ស្រុង​ទេ។ ប៉ុន្ដែ ជា​ជាង​រំពឹង​ថា​ពួក​គេ​នឹង​គិត​និង​ប្រព្រឹត្ដ​ដូច​ជន​ជាតិ​យើង គឺ​ល្អ​ជាង​ដែល​យើង​ទទួល​ពួក​គេ​ដោយ​ទុក​ឲ្យ​ពួក​គេ​គិត​និង​ប្រព្រឹត្ដ​ដូច​ជន​ជាតិ​ពួក​គេ។—សូម​អាន រ៉ូម ១៥:៧

ចូរ​មាន​ចិត្ដ​អត់​ធ្មត់ ចំពោះ​ពួក​អ្នក​ដែល​កំពុង សម្រប​ខ្លួន​នឹង​ប្រទេស​ថ្មី

១៦, ១៧​. (​ក​) តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​មាន​អារម្មណ៍​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ពួក​អ្នក​ដែល​មាន​វប្បធម៌​ផ្សេង? (​ខ​) តើ​យើង​អាច​ផ្ដល់​ជំនួយ​អ្វី​ដល់​ជន​អន្ដោប្រវេសន៍​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​យើង?

១៦ បើ​យើង​ចំណាយ​ពេល​ដើម្បី​រៀន​អំពី​ប្រទេស​និង​វប្បធម៌​របស់​ជន​បរទេស យើង​ប្រហែល​ជា​កាន់​តែ​ងាយ​ស្រួល​ស្គាល់​ពួក​គេ។ ក្នុង​អំឡុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ យើង​អាច​ធ្វើ​ការ​ស្រាវ​ជ្រាវ​ខ្លះ​អំពី​វប្បធម៌​របស់​ជន​អន្ដោប្រវេសន៍​ក្នុង​ក្រុម​ជំនុំ​ឬ​តំបន់​ផ្សាយ​របស់​យើង។ របៀប​មួយ​ទៀត​ដើម្បី​ចូល​កាន់​តែ​ជិត​ជន​អន្ដោប្រវេសន៍​គឺ​ដោយ​អញ្ជើញ​ពួក​គេ​ឲ្យ​មក​ពិសា​អាហារ​នៅ​ផ្ទះ​របស់​យើង។ ព្រះ​យេហូវ៉ា​«​បាន​បើក​ទ្វារ​នៃ​ជំនឿ​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​»​ ដូច្នេះ​យើង​គួរ​យក​តម្រាប់​លោក​ដោយ​បើក​ទ្វារ​ផ្ទះ​របស់​យើង​ឲ្យ​ជន​បរទេស​ដែល​ជា​«​បង​ប្អូន​រួម​ជំនឿ​របស់​យើង​»​ ឬ​ទទួល​ស្វាគមន៍​ពួក​គេ​ឲ្យ​មក​ផ្ទះ​យើង។—សកម្មភាព ១៤:២៧; កាឡាទី ៦:១០; យ៉ូប ៣១:៣២

តើ​យើង​កំពុង​ទទួល​អ្នក​ថ្មី​ដែល​មក​ពី​ប្រទេស​ផ្សេង​ដោយ​រាក់​ទាក់​ឬ​ទេ? (​សូម​មើល​វគ្គ​១៦, ១៧​)

១៧ ពេល​យើង​ចំណាយ​ពេល​ជា​មួយ​នឹង​ក្រុម​គ្រួសារ​ដែល​បាន​រើ​មក​ស្នាក់​នៅ​ប្រទេស​របស់​យើង នេះ​នឹង​ជួយ​យើង​ឲ្យ​យល់​និង​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ប្រឹង​របស់​ពួក​គេ​ដើម្បី​សម្រប​ខ្លួន​ទៅ​តាម​វប្បធម៌​របស់​យើង។ យើង​ប្រហែល​ជា​ឃើញ​ថា​ពួក​គេ​ត្រូវ​ការ​ជំនួយ​ដើម្បី​រៀន​ភាសា។ ប្រហែល​ជា​យើង​ក៏​អាច​ជួយ​ពួក​គេ​តាម​របៀប​ផ្សេង​ៗ​ដែរ ជា​ឧទាហរណ៍ យើង​អាច​ជួយ​ពួក​គេ​ឲ្យ​រក​ការ​ងារ​ឬ​កន្លែង​ស្នាក់​នៅ។ ជំនួយ​បែបនេះ​អាច​ជួយ​ធ្វើ​ឲ្យ​ជីវិត​របស់​បង​ប្អូន​យើង​ប្រសើរ​ជាង។—សុភាសិត ៣:២៧

១៨​. នៅ​សព្វ​ថ្ងៃ​នេះ តើ​ជន​អន្ដោប្រវេសន៍​អាច​ធ្វើ​តាម​គំរូ​អ្វី​ស្ដី​អំពី​ការ​បង្ហាញ​ការ​គោរព​និង​ចិត្ដ​កតញ្ញូ?

១៨ ជន​អន្ដោប្រវេសន៍​នឹង​ចង់​ខំ​អស់​ពី​សមត្ថភាព​របស់​ពួក​គេ​ដើម្បី​សម្រប​ខ្លួន​ទៅ​តាម​វប្បធម៌​របស់​ប្រទេស​ថ្មី។ រូថ​បាន​ទុក​គំរូ​ល្អ​ស្ដី​អំពី​រឿង​នេះ។ ទី១ នាង​បាន​គោរព​ទំនៀម​ទម្លាប់​របស់​ប្រទេស​ថ្មី ដោយ​សុំ​ការ​អនុញ្ញាត​ដើម្បី​រើស​សន្សំ​ផល​ដំណាំ។ (​នាង​រស់ ២:៧​) នាង​មិន​មាន​ទស្សនៈ​ថា​នាង​សម​នឹង​ទទួល​សិទ្ធិ​នេះ ឬ​ថា​ខ្លួន​ត្រូវ​ទទួល​អ្វី​មួយ​ពី​អ្នក​ឯ​ទៀត​ឡើយ។ ទី២ នាង​ប្រាប់​អ្នក​ឯ​ទៀត​ថា​នាង​មាន​ចិត្ដ​កតញ្ញូ​ចំពោះ​សេចក្ដី​សប្បុរស​ដែល​ពួក​គេ​បាន​បង្ហាញ​ចំពោះ​នាង។ (​នាង​រស់ ២:១៣​) ពេល​ជន​អន្ដោប្រវេសន៍​បង្ហាញ​ចិត្ដ​គំនិត​ល្អ​ស្រដៀង​នឹង​នេះ បង​ប្អូន​និង​មនុស្ស​ឯ​ទៀត​ដែល​រស់​នៅ​ទី​នោះ​នឹង​ទំនង​ជា​គោរព​ពួក​គេ​ជាង។

១៩​. តើ​យើង​មាន​មូលហេតុ​អ្វី​ខ្លះ​ដើម្បី​ធ្វើ​ឲ្យ​ជន​បរទេស​មាន​អារម្មណ៍​ស្រួល?

១៩ យើង​សប្បាយ​ចិត្ដ​ណាស់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក ដោយ​អនុញ្ញាត​ឲ្យ​មនុស្ស​ទាំង​អស់​ឮ​ដំណឹង​ល្អ។ នៅ​ស្រុក​កំណើត​របស់​អ្នក​ខ្លះ ពួក​គេ​ប្រហែល​ជា​មិន​អាច​សិក្សា​គម្ពីរ ឬ​ទៅ​កិច្ច​ប្រជុំ​ជា​មួយ​នឹង​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​បាន​ទេ។ ប៉ុន្ដែ ដោយ​សារ​ឥឡូវ​នេះ​ពួក​គេ​មាន​ឱកាស​ប្រជុំ​ជា​មួយ​នឹង​យើង យើង​គួរ​ជួយ​ពួក​គេ​ដើម្បី​ពួក​គេ​នឹង​មិន​មាន​អារម្មណ៍​ថា​ខ្លួន​ខុស​ពី​គេ។ យើង​ប្រហែល​ជា​មិន​មាន​លុយ​ច្រើន​ឬ​មិន​អាច​ផ្ដល់​ជំនួយ​ច្រើន​ឡើយ ប៉ុន្ដែ​ពេល​យើង​ប្រព្រឹត្ដ​ដោយ​សប្បុរស​ចំពោះ​ជន​បរទេស យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​យេហូវ៉ា។ ក្នុង​នាម​ជា​អ្នក​«​យក​តម្រាប់​តាម​ព្រះ​»​ សូម​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ស្វាគមន៍​ជន​បរទេស​ក្នុង​ចំណោម​យើង!—អេភេសូរ ៥:១, ២

^ [​១​] (​វគ្គ​១​) ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។