លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

ខ្ញុំ​បាន​ព្យាយាម​ធ្វើ​តាម​គំរូ​ដ៏​ល្អ​ប្រសើរ

ខ្ញុំ​បាន​ព្យាយាម​ធ្វើ​តាម​គំរូ​ដ៏​ល្អ​ប្រសើរ

ខ្ញុំ​បាន​សួរ​ថា​៖ ​«​បង​ដឹង​ថា​ខ្ញុំ​អាយុ​ប៉ុន្មាន​ទេ?​»។ បង​ប្រុស​អ៊ីសាក ម៉ារៃ​បាន​ឆ្លើយ​តប​ថា​៖ ​«​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា​បង​អាយុ​ប៉ុន្មាន​»។ គាត់​បាន​ទូរស័ព្ទ​ពី​ក្រុង​ផាតឺសិន រដ្ឋ​ញូវយ៉ក មក​កាន់​ខ្ញុំ​នៅ​រដ្ឋ​កូឡូរ៉ាដូ។ ខ្ញុំ​សូម​ពន្យល់​អំពី​អ្វី​ដែល​នាំ​ឲ្យ​មាន​ការ​សន្ទនា​នេះ។

ខ្ញុំ​កើត​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​១៩៣៦ នា​ក្រុង​វីតឈីថឺ រដ្ឋ​កង់សាស សហរដ្ឋ​អាម៉េរិក។ ខ្ញុំ​ជា​កូន​ច្បង​ក្នុង​ចំណោម​កូន​បួន​នាក់។ ឪ​ពុក​ខ្ញុំ​ឈ្មោះ​វីល្លាម ហើយ​ម្ដាយ​ខ្ញុំ​ឈ្មោះ​ជីន ពួក​គាត់​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដ៏​ស្មោះ​ភក្ដី។ ឪ​ពុក​ខ្ញុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ក្រុម​ជំនុំ ដែល​ឥឡូវ​នេះ​ហៅ​ថា​អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ។ ម្ដាយ​ខ្ញុំ​បាន​រៀន​សេចក្ដី​ពិត​ពី​ម្ដាយ​របស់​គាត់​ដែល​មាន​ឈ្មោះ​អេមម៉ា វ៉ាកណា។ យាយ​អេមម៉ា​បាន​បង្រៀន​សេចក្ដី​ពិត​ដល់​មនុស្ស​ជា​ច្រើន រួម​ទាំង​ហ្គើទ្រូដ ស្ទីល ដែល​បាន​បម្រើ​ជា​សាសនទូត​នៅ​ប្រទេស​ព័រតូរីកូ។ ដូច្នេះ មាន​គំរូ​ល្អ​ជា​ច្រើន​ដែល​ខ្ញុំ​អាច​ធ្វើ​តាម។

ខ្ញុំ​នឹក​ចាំ​អំពី​គំរូ​ល្អ

ឪ​ពុក​ខ្ញុំ​កំពុង​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​នៅ​កាច់​ជ្រុង​ផ្លូវ

នា​ល្ងាច​ថ្ងៃ​សៅរ៍​មួយ ពេល​ខ្ញុំ​មាន​អាយុ​ប្រាំ​ឆ្នាំ ខ្ញុំ​និង​ឪ​ពុក​ខ្ញុំ​បាន​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ប៉ម​យាម​និង​ទស្សនាវដ្ដី​ការ​សម្រាល​ទុក្ខ ដែល​ឥឡូវ​ហៅ​ថា​ទស្សនាវដ្ដី​ភ្ញាក់​រឭក! (​Awake!​) ដល់​មនុស្ស​ដែល​កំពុង​ឆ្លង​កាត់​ផ្លូវ។ នៅ​ពេល​នោះ ប្រទេស​អាម៉េរិក​បាន​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​សង្គ្រាម​លោក​លើក​ទី២។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ឪ​ពុក​ខ្ញុំ​បាន​កាន់​ជំហរ​អព្យាក្រឹត។ គ្រូ​ពេទ្យ​ម្នាក់​ដែល​ស្រវឹង​ស្រា​បាន​ដើរ​កាត់​ផ្លូវ​នោះ ហើយ​ចោទ​ថា​ឪ​ពុក​ខ្ញុំ​ជា​មនុស្ស​កំសាក​ដែល​រក​លេស​មិន​ព្រម​ចូល​រួម​ក្នុង​សង្គ្រាម។ គ្រូ​ពេទ្យ​នោះ​បាន​ដាក់​មុខ​គាត់​ជិត​មុខ​ឪ​ពុក​ខ្ញុំ ហើយ​និយាយ​ថា​៖ ​«​វ៉ៃ​មក អា​កំសាក!​»។ ខ្ញុំ​ភ័យ​ខ្លាច ប៉ុន្ដែ​ខ្ញុំ​ពិត​ជា​កោត​ស្ងើច​ឪ​ពុក​ខ្ញុំ​ណាស់។ គាត់​គ្រាន់​តែ​បន្ដ​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ដល់​មនុស្ស​ដែល​កំពុង​ឈរ​មើល។ បន្ទាប់​មក ទាហាន​ម្នាក់​បាន​ដើរ​កាត់​ផ្លូវ​នោះ​ដែរ ហើយ​គ្រូ​ពេទ្យ​នោះ​បាន​ស្រែក​ថា​៖ ​«​ចាត់​ការ​អា​កំសាក​នេះ​ទៅ!​»។ ទាហាន​នោះ​បាន​ឃើញ​ថា​គ្រូ​ពេទ្យ​នោះ​ស្រវឹង​ស្រា ដូច្នេះ​គាត់​បាន​ថា​៖ ​«​ទៅ​ផ្ទះ​ឲ្យ​ស្វាង​ទៅ!​»​ ហើយ​ពួក​គេ​ទាំង​ពីរ​បាន​ចាក​ចេញ។ ខ្ញុំ​សប្បាយ​ចិត្ដ​ខ្លាំង​ណាស់​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ចិត្ដ​ក្លាហាន​ដល់​ឪ​ពុក​ខ្ញុំ។ គាត់​មាន​ហាង​កាត់​សក់​ពីរ​កន្លែង​នៅ​ក្រុង​វីតឈីថឺ ហើយ​គ្រូ​ពេទ្យ​នោះ​គឺ​ជា​អតិថិជន​របស់​គាត់។

ខ្ញុំ​និង​ឪ​ពុក​ម្ដាយ​ខ្ញុំ កាល​ទៅ​មហា​សន្និបាត​នៅ​ក្រុង​វីតឈីថឺ​រវាង​ឆ្នាំ​១៩៤០​និង​ឆ្នាំ​១៩៥០

ពេល​ខ្ញុំ​មាន​អាយុ​៨​ឆ្នាំ ឪ​ពុក​ម្ដាយ​ខ្ញុំ​បាន​លក់​ផ្ទះ​និង​ហាង​របស់​ពួក​គាត់ ហើយ​បាន​ធ្វើ​ផ្ទះ​ចល័ត​តូច​មួយ។ ក្រោយ​មក យើង​បាន​រើ​ទៅ​រដ្ឋ​កូឡូរ៉ាដូ ជិត​ក្រុង​ហ្គ្រេដ ចាំងសិន ដើម្បី​បម្រើ​នៅ​តំបន់​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង។ ឪ​ពុក​ម្ដាយ​ខ្ញុំ​បាន​ត្រួស​ត្រាយ ហើយ​បាន​ធ្វើ​ការ​ងារ​ដែល​មិន​ពេញ​ពេល គឺ​កម្មករ​នៅ​កសិដ្ឋាន​ដាំ​ដំណាំ​និង​ចិញ្ចឹម​សត្វ។ ដោយ​សារ​ពរ​ពី​ព្រះ​យេហូវ៉ា​និង​ការ​ខំ​ប្រឹង​របស់​ពួក​គាត់ ក្រុម​ជំនុំ​មួយ​បាន​ត្រូវ​បង្កើត​ឡើង។ នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​១៩៤៨ ឪ​ពុក​ខ្ញុំ​បាន​ជ្រមុជ​ទឹក​ឲ្យ​ខ្ញុំ​ក្នុង​អូរ​តាម​ជើង​ភ្នំ រួម​ទាំង​អ្នក​ឯ​ទៀត​ដែល​បាន​ទទួល​យក​សេចក្ដី​ពិត​ដូច​ជា​បង​បៀលី នីកកិល​និង​ប្រពន្ធ​របស់​គាត់។ ក្រោយ​មក ពួក​គាត់​បាន​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល ហើយ​កូន​ប្រុស​និង​កូន​ប្រសា​របស់​ពួក​គាត់​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។

យើង​មាន​ចំណង​មិត្ដភាព​ល្អ​ជា​មួយ​នឹង​បង​ប្អូន​ជា​ច្រើន​ដែល​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ជា​ពិសេស​ក្រុម​គ្រួសារ​ត្រកូល​ស្ទីល ដូច​ជា​បង​ដន​និង​បង​អឺលីន បង​ដេវ​និង​បង​ជូលា ហើយ​បង​សាយ​និង​បង​ម៉ាថា។ យើង​ចូល​ចិត្ដ​ពិចារណា​គម្ពីរ​ជា​មួយ​នឹង​ពួក​គាត់ ហើយ​ពួក​គាត់​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​មក​លើ​ជីវិត​របស់​ខ្ញុំ។ ពួក​គាត់​បាន​បង្ហាញ​ខ្ញុំ​ថា​ពេល​យើង​ចាត់​ទុក​រាជាណាចក្រ​ព្រះ​ថា​សំខាន់​បំផុត ជីវិត​យើង​នឹង​មាន​ន័យ​ខ្លឹម​សារ​និង​មាន​អំណរ​ពិត​ប្រាកដ។

ខ្ញុំ​រើ​ម្ដង​ទៀត

ពេល​ខ្ញុំ​មាន​អាយុ​១៩​ឆ្នាំ បង​ប្រុស​ប៊ឺដ ហេស្ទី​ដែល​ជិត​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​របស់​ខ្ញុំ បាន​សុំ​ខ្ញុំ​ឲ្យ​ត្រួស​ត្រាយ​ជា​មួយ​នឹង​គាត់​នៅ​ភាគ​ខាង​ត្បូង​នៃ​សហរដ្ឋ​អាម៉េរិក។ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​បាន​សុំ​យើង​ឲ្យ​រើ​ទៅ​ក្រុង​រ៉ាសស្ថុន រដ្ឋ​ល្វីហ្ស៍ស៊ីយ៉ានណា ដែល​មាន​សាក្សី​ខ្លះ​អសកម្ម។ គាត់​បាន​ប្រាប់​យើង​ឲ្យ​ដឹក​នាំ​កិច្ច​ប្រជុំ​ទាំង​អស់​រាល់​សប្ដាហ៍ ទោះ​ជា​គ្មាន​អ្នក​ណា​មក​ក៏​ដោយ។ យើង​បាន​រក​ឃើញ​កន្លែង​មួយ​ដើម្បី​ប្រជុំ ហើយ​បាន​រៀប​ចំ​កន្លែង​នោះ។ យើង​បាន​ធ្វើ​កិច្ច​ប្រជុំ​ទាំង​អស់ ប៉ុន្ដែ​អស់​មួយ​រយៈ​ពេល មាន​តែ​យើង​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​ចូល​រួម។ យើង​បាន​ផ្លាស់​វេន​គ្នា ដោយ​ម្នាក់​ដឹក​នាំ​ផ្នែក​កិច្ច​ប្រជុំ រីឯ​ម្នាក់​ទៀត​ឆ្លើយ​សំណួរ​ទាំង​អស់។ បើ​មាន​ការ​សម្ដែង យើង​ទាំង​ពីរ​នាក់​នៅ​លើ​វេទិកា​ដោយ​គ្មាន​អ្នក​ណា​មើល​យើង​ឡើយ! ទី​បំផុត បង​ស្រី​វ័យ​ចាស់​ម្នាក់​បាន​ចាប់​ផ្ដើម​ចូល​រួម។ បន្ដិច​ម្ដង​ៗ សិស្ស​គម្ពីរ​ខ្លះ​និង​អ្នក​អសកម្ម​ខ្លះ​បាន​ចាប់​ផ្ដើម​មក​កិច្ច​ប្រជុំ ហើយ​មិន​យូរ​ក្រោយ​មក​យើង​បាន​ទៅ​ជា​ក្រុម​ជំនុំ​មួយ។

ថ្ងៃ​មួយ ខ្ញុំ​និង​បង​ប៊ឺដ​បាន​ជួប​គ្រូ​គង្វាល​ម្នាក់​ពី​ព្រះ​វិហារ​ព្រះ​គ្រិស្ដ ហើយ​គាត់​បាន​និយាយ​អំពី​បទ​គម្ពីរ​ខ្លះ​ដែល​ខ្ញុំ​មិន​ស្គាល់។ នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ជ្រាល​ជ្រៅ​ជាង​អំពី​អ្វី​ដែល​ខ្ញុំ​ជឿ។ ខ្ញុំ​បាន​សិក្សា​រហូត​ដល់​យប់​ជ្រៅ​រាល់​យប់​អស់​មួយ​សប្ដាហ៍​ដើម្បី​រក​ចម្លើយ​ចំពោះ​សំណួរ​របស់​គាត់។ នោះ​ពិត​ជា​បាន​ជួយ​ខ្ញុំ​ឲ្យ​ពង្រឹង​ចំណង​មិត្ដភាព​របស់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ជួប​គ្រូ​គង្វាល​ឯ​ទៀត។

មិន​យូរ​ក្រោយ​មក អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​បាន​សុំ​ខ្ញុំ​ឲ្យ​រើ​ទៅ​ក្រុង​អេល ដូរ៉ាដូ រដ្ឋ​អារកាន់សាស់ ដើម្បី​ជួយ​ក្រុម​ជំនុំ​នៅ​ទី​នោះ។ កាល​ដែល​ខ្ញុំ​នៅ​ទី​នោះ ខ្ញុំ​ច្រើន​តែ​ត្រូវ​ត្រឡប់​ទៅ​រដ្ឋ​កូឡូរ៉ាដូ​ដើម្បី​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​ទាហាន​បម្រុង ដែល​ជា​គណៈ​កម្មាធិការ​ដែល​សម្រេច​ចិត្ដ​ថា​អ្នក​ណា​ត្រូវ​ចូល​ធ្វើ​ទាហាន។ មាន​ពេល​មួយ​កាល​ដែល​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​រដ្ឋ​នោះ​ជា​មួយ​នឹង​អ្នក​ត្រួស​ត្រាយ​ខ្លះ​ទៀត យើង​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​រដ្ឋ​តិចសាស់​ដែល​បាន​បង្ខូច​ឡាន​របស់​ខ្ញុំ​ទាំង​ស្រុង។ យើង​បាន​ទូរស័ព្ទ​ទៅ​បង​ប្រុស​ម្នាក់​ដែល​បាន​មក​យក​យើង​ទៅ​ផ្ទះ​របស់​គាត់ ហើយ​ក្រោយ​មក​ដឹក​យើង​ទៅ​កិច្ច​ប្រជុំ។ នៅ​ទី​នោះ ពួក​គាត់​បាន​ប្រកាស​អំពី​គ្រោះ​ថ្នាក់​របស់​យើង ហើយ​បង​ប្អូន​បាន​បង្ហាញ​ចិត្ដ​សប្បុរស​ដោយ​ឲ្យ​លុយ​ខ្លះ​ដល់​យើង។ បង​ប្រុស​នោះ​ក៏​បាន​លក់​ឡាន​របស់​ខ្ញុំ​ក្នុង​តម្លៃ​២៥​ដុល្លារ។

យើង​បាន​ទៅ​ក្រុង​វីតឈីថឺ​ដែរ។ បង​ប្រុស​ម៉ាខាតនី​ដែល​ជិត​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​របស់​ខ្ញុំ ដែល​យើង​ហៅ​ថា​ដុខ គឺ​ជា​អ្នក​ត្រួស​ត្រាយ​នៅ​ទី​នោះ។ បង​ហ្វ្រេង​និង​បង​ហ្រ្វានស៊ីស​ដែល​ជា​កូន​ប្រុស​ភ្លោះ​របស់​គាត់ នៅ​តែ​ជា​មិត្ដ​ភក្ដិ​ជិត​ស្និទ្ធ​របស់​ខ្ញុំ។ ពួក​គាត់​មាន​ឡាន​ចាស់​មួយ​ដែល​ពួក​គាត់​បាន​លក់​ឲ្យ​ខ្ញុំ​តម្លៃ​២៥​ដុល្លារ គឺ​ស្មើ​នឹង​ចំនួន​លុយ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ឡាន​ខ្ទេច​ខ្ទី​របស់​ខ្ញុំ។ នេះ​ជា​លើក​ទី១​ដែល​ខ្ញុំ​បាន​ឃើញ​ច្បាស់​ថា​ដោយ​សារ​ខ្ញុំ​បាន​ចាត់​ទុក​រាជាណាចក្រ​ព្រះ​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​អ្វីដែល​ខ្ញុំ​ត្រូវ​ការ។ កាល​ដែល​ខ្ញុំ​នៅ​ទី​នោះ ក្រុម​គ្រួសារ​ម៉ាខាតនី​បាន​ណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់​បង​ស្រី​ដ៏​ល្អ​ម្នាក់​ឈ្មោះ​បេតអែល ក្រេន។ ម្ដាយ​របស់​គាត់​ឈ្មោះ​រូថ​ដែល​ជា​សាក្សី​ដ៏​ខ្នះ​ខ្នែង​ដែល​បាន​បន្ដ​ត្រួស​ត្រាយ​រហូត​ដល់​អាយុ​ជាង​៩០​ឆ្នាំ​នៅ​ក្រុង​វែលីងតោន រដ្ឋ​កង់សាស។ មិន​ដល់​មួយ​ឆ្នាំ​ក្រោយ​មក នៅ​ឆ្នាំ​១៩៥៨​ខ្ញុំ​និង​បេតអែល​បាន​រៀប​ការ ហើយ​យើង​បាន​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ជា​មួយ​គ្នា​នៅ​ក្រុង​អេល ដូរ៉ាដូ។

សេចក្ដី​អញ្ជើញ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ដ

យើង​ចង់​ធ្វើ​តាម​គំរូ​ល្អ​ៗ​ដែល​យើង​បាន​ឃើញ​តាំង​ពី​នៅ​ក្មេង ដូច្នេះ​យើង​បាន​សម្រេច​ចិត្ដ​ថា​យើង​ព្រម​ទទួល​សេចក្ដី​អញ្ជើញ​ណា​ក៏​ដោយ​ដែល​មក​ពី​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា។ យើង​បាន​ត្រូវ​ចាត់​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​នៅ​ក្រុង​វ៉ាលណាត់ រីជ រដ្ឋ​អារកាន់សាស់។ ក្រោយ​មក នៅ​ឆ្នាំ​១៩៦២ យើង​រំភើប​ចិត្ដ​ទទួល​សេចក្ដី​អញ្ជើញ​ឲ្យ​ចូល​សាលា​គីលាត​ជំនាន់​ទី​៣៧។ យើង​សប្បាយ​ចិត្ដ​ដែល​ដឹង​ថា​បង​ដន ស្ទីល​នៅ​ថ្នាក់​ដូច​យើង។ ក្រោយ​ពី​យើង​បាន​រៀន​ចប់​ពី​សាលា​គីលាត ខ្ញុំ​និង​បេតអែល​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។ យើង​ពិបាក​ចិត្ដ​ពេល​ចាក​ចេញ​ពី​ក្រុង​ញូវយ៉ក តែ​យើង​សប្បាយ​ចិត្ដ​ណាស់​ពេល​យើង​ទៅ​ដល់​អាកាសយានដ្ឋាន​នៅ​ក្រុង​ណៃរ៉ូប៊ី ហើយ​បាន​ឃើញ​ថា​បង​ប្អូន​នៅ​ទី​នោះ​មក​ស្វាគមន៍​យើង!

កាល​ដែល​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​ណៃរ៉ូប៊ី ជា​មួយ​នឹង​បង​ម៉ារៀ​និង​បង​គ្រិស្ដ ខានីយ៉ា

មិន​យូរ​ប៉ុន្មាន យើង​បាន​ស្រឡាញ់​ជីវិត​និង​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​កេនយ៉ា។ បង​គ្រិស្ដ​និង​បង​ម៉ារៀ ខានីយ៉ា​គឺ​ជា​សិស្ស​គម្ពីរ​ដំបូង​របស់​យើង​ដែល​បាន​ទទួល​យក​សេចក្ដី​ពិត។ ពួក​គាត់​នៅ​តែ​បម្រើ​ពេញ​ពេល​នៅ​ប្រទេស​កេនយ៉ា។ នៅ​ឆ្នាំ​បន្ទាប់ យើង​បាន​ត្រូវ​សុំ​ឲ្យ​ទៅ​ក្រុង​កំប៉ាឡា ប្រទេស​អ៊ូហ្គង់ដា។ យើង​គឺ​ជា​សាសនទូត​ដំបូង​នៅ​ប្រទេស​នោះ។ នោះ​គឺ​ជា​ពេល​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ដ ដោយ​សារ​មនុស្ស​ជា​ច្រើន​ចង់​រៀន​សេចក្ដី​ពិត​ពី​គម្ពីរ ហើយ​ពួក​គេ​បាន​ទៅ​ជា​បង​ប្អូន​រួម​ជំនឿ​របស់​យើង។ ប៉ុន្ដែ ក្រោយ​ពី​នៅ​ទ្វីប​អាហ្វ្រិក​អស់​រយៈ​ពេល​បី​ឆ្នាំ​កន្លះ យើង​បាន​ត្រឡប់​ទៅ​សហរដ្ឋ​អាម៉េរិក​វិញ​ដើម្បី​ចិញ្ចឹម​អប់រំ​កូន។ នៅ​ថ្ងៃ​ដែល​យើង​ចាក​ចេញ​ពី​ទ្វីប​អាហ្វ្រិក យើង​កើត​ទុក្ខ​ខ្លាំង​ជាង​ថ្ងៃ​ដែល​យើង​ចេញ​ពី​ក្រុង​ញូវយ៉ក។ យើង​ស្រឡាញ់​មនុស្ស​នៅ​ទ្វីប​អាហ្វ្រិក ហើយ​សង្ឃឹម​ថា​នឹង​ត្រឡប់​ទៅ​វិញ​នៅ​ថ្ងៃ​ណា​មួយ។

ភារកិច្ច​ថ្មី

យើង​បាន​រើ​ទៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋ​កូឡូរ៉ាដូ ជា​កន្លែង​ដែល​ឪ​ពុក​ម្ដាយ​ខ្ញុំ​រស់​នៅ។ មិន​យូរ​ក្រោយ​មក ឃីមបឺលី​ដែល​ជាកូន​ស្រី​ដំបូង​របស់​យើង​បាន​កើត​មក ហើយ​១៧​ខែ​ក្រោយ​មក យើង​មាន​កូន​មួយ​ទៀត​គឺ​ស្ទេហ្វានី។ ភារកិច្ច​ថ្មី​របស់​យើង​ក្នុង​នាម​ជា​ឪ​ពុក​ម្ដាយ​គឺ​សំខាន់​ណាស់​ចំពោះ​យើង។ យើង​ខំ​ព្យាយាម​បង្រៀន​សេចក្ដី​ពិត​ដល់​កូន​ស្រី​ដ៏​ស្រស់​ស្អាត​របស់​យើង។ យើង​ចង់​ធ្វើ​តាម​គំរូ​ល្អ ដែល​អ្នក​ឯ​ទៀត​បាន​ទុក​សម្រាប់​យើង។ យើង​ដឹង​ថា​គំរូ​ល្អ​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​កូន ប៉ុន្ដែ​នេះ​មិន​ធានា​ថា​ពេល​ពួក​គេ​ធំ​ឡើង ពួក​គេ​នឹង​បម្រើ​ព្រះ​យេហូវ៉ា​ទេ។ គួរ​ឲ្យ​ស្តាយ​ណាស់ ប្អូន​ប្រុស​និង​ប្អូន​ស្រី​របស់​ខ្ញុំ​បាន​ចាក​ចេញ​ពី​សេចក្ដី​ពិត។ យើង​សង្ឃឹម​ថា​ពួក​គាត់​នឹង​ធ្វើ​តាម​គំរូ​ល្អ​ម្ដង​ទៀត​ដែល​បាន​ត្រូវ​ទុក​សម្រាប់​ពួក​គាត់​ដែរ។

យើង​ពិត​ជា​ចូល​ចិត្ដ​ចិញ្ចឹម​អប់រំ​កូន​ស្រី​របស់​យើង ហើយ​តែង​តែ​ព្យាយាម​ធ្វើ​អ្វី​ផ្សេង​ៗ​ជា​មួយ​គ្នា​ជា​គ្រួសារ។ ដោយ​សារ​យើង​រស់​នៅ​ជិត​ក្រុង​អាស្ពិន រដ្ឋ​កូឡូរ៉ាដូ យើង​បាន​រៀន​ជិះ​ស្គី​បន្ទះ​ដើម្បី​ម្ដង​ម្កាល​យើង​អាច​ជិះ​ស្គី​ជា​មួយ​គ្នា។ នេះ​បាន​ផ្ដល់​ឱកាស​ឲ្យ​យើង​អាច​និយាយ​ជា​មួយ​នឹង​កូន​ស្រី​របស់​យើង​កាល​ដែល​យើង​ជិះ​កន្ត្រក​ខ្សែ​កាប​ជា​មួយ​គ្នា។ យើង​ក៏​បាន​ទៅ​បោះ​តង់​ជា​មួយ​នឹង​ពួក​គេ ហើយ​បាន​និយាយ​គ្នា​យ៉ាង​សប្បាយ​រីក​រាយ​ជុំ​វិញ​ភ្នក់​ភ្លើង។ ទោះ​ជា​ពួក​គេ​នៅ​ក្មេង​ក្ដី ពួក​គេ​បាន​និយាយ​អំពី​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ​ពេល​ធំ​ឡើង ហើយ​មនុស្ស​បែប​ណា​ដែល​ពួក​គេ​ចង់​រៀប​ការ​ជា​មួយ។ យើង​បាន​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​បង្រៀន​កូន​ស្រី​របស់​យើង​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ យើង​តែង​តែ​លើក​ទឹក​ចិត្ដ​ពួក​គេ​ឲ្យ​មាន​គោល​ដៅ​បម្រើ​ពេញ​ពេល ហើយ​រៀប​ការ​តែ​ជា​មួយ​នឹង​បុគ្គល​ដែល​មាន​គោល​ដៅ​ស្រដៀង​គ្នា​ប៉ុណ្ណោះ។ យើង​ក៏​បាន​ព្យាយាម​ជួយ​ពួក​គេ​ឲ្យ​យល់​ថា​គឺ​ល្អ​បំផុត​បើ​មិន​រៀប​ការ​ពេល​នៅ​ក្មេង​ពេក។ យើង​ច្រើន​តែ​និយាយ​ថា​៖ ​«​សូម​នៅ​លីវ​រហូត​ដល់​យ៉ាង​ហោច​ណាស់​កូន​មាន​អាយុ​២៣​ឆ្នាំ​»។

យើង​បាន​ធ្វើ​តាម​គំរូ​របស់​ឪ​ពុក​ម្ដាយ​យើង ដោយ​ព្យាយាម​ចូល​រួម​កិច្ច​ប្រជុំ ព្រម​ទាំង​ចេញ​ទៅ​ផ្សព្វ​ផ្សាយ​ជា​ក្រុម​គ្រួសារ​ជា​ទៀង​ទាត់។ យើង​បាន​រៀប​ចំ​ឲ្យ​បង​ប្អូន​ខ្លះ​ដែល​បម្រើ​ពេញ​ពេល​ស្នាក់​នៅ​ផ្ទះ​របស់​យើង។ ម្យ៉ាង​ទៀត យើង​ច្រើន​តែ​និយាយ​អំពី​ទំហំ​នៃ​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​កិច្ច​បម្រើ​ជា​សាសនទូត។ យើង​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​យើង​ទាំង​បួន​នាក់​អាច​ធ្វើ​ដំណើរ​ទៅ​ទ្វីប​អាហ្វ្រិក​ជា​មួយ​គ្នា។ កូន​ស្រី​យើង​ពិត​ជា​ចង់​ធ្វើ​ដូច្នេះ។

យើង​មាន​ការ​សិក្សា​ជា​ក្រុម​គ្រួសារ​ជា​ទៀង​ទាត់។ យើង​បាន​សម្ដែង​អំពី​ស្ថានភាព​ដែល​អាច​កើត​ឡើង​នៅ​សាលា ហើយ​កូន​ស្រី​របស់​យើង​សម្ដែង​ធ្វើ​ជា​សាក្សី​ដែល​ឆ្លើយ​សំណួរ​ផ្សេង​ៗ។ ពួក​គេ​សប្បាយ​រៀន​តាម​វិធី​នេះ ហើយ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ទំនុក​ចិត្ដ។ ប៉ុន្ដែ កាល​ដែល​ពួក​គេ​ធំ​ឡើង ជួន​កាល​ពួក​គេ​ត្អូញត្អែរ​អំពី​ការ​ធ្វើ​ការ​សិក្សា​ជា​ក្រុម​គ្រួសារ។ មាន​ពេល​មួយ ខ្ញុំ​ធ្លាក់​ទឹក​ចិត្ដ​ខ្លាំង​មែន​ទែន​បាន​ជា​ខ្ញុំ​ប្រាប់​ពួក​គេ​ឲ្យ​ទៅ​បន្ទប់​របស់​ពួក​គេ ហើយ​ថា​យើង​មិន​សិក្សា​ទេ។ ពួក​គេ​បាន​ភ្ញាក់​ផ្អើល​និង​ចាប់​ផ្ដើម​យំ ហើយ​និយាយ​ថា​ពួក​គេ​ចង់​រៀន។ ពេល​នោះ យើង​ចាប់​ផ្ដើម​ដឹង​ថា​យើង​ពិត​ជា​បាន​ជួយ​ពួក​គេ​ឲ្យ​ចូល​ចិត្ដ​រៀន​អំពី​ព្រះ​យេហូវ៉ា។ កាល​ដែល​ពេល​វេលា​ចេះ​តែ​កន្លង​ទៅ ពួក​គេ​ស្រឡាញ់​ការ​សិក្សា ហើយ​ពួក​គេ​ស្រួល​ប្រាប់​យើង​អំពី​គំនិត​និង​អារម្មណ៍​របស់​ពួក​គេ។ ជួន​កាល​គឺ​ពិបាក​ពេល​ដែល​ឮ​ពួក​គេ​និយាយ​ថា​ពួក​គេ​មិន​យល់​ស្រប​នឹង​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។ ប៉ុន្ដែ យើង​បាន​ស្គាល់​អារម្មណ៍​ពិត​របស់​ពួក​គេ។ ក្រោយ​ពី​យើង​បាន​វែក​ញែក​ជា​មួយ​នឹង​ពួក​គេ ពួក​គេ​បាន​យល់​ស្រប​នឹង​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។

យើង​កែ​សម្រួល​តាម​ការ​ផ្លាស់​ប្ដូរ​ថែម​ទៀត

អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ដែល​យើង​បាន​ចំណាយ​ពេល​ចិញ្ចឹម​អប់រំ​កូន​ស្រី​របស់​យើង​បាន​កន្លង​ទៅ​យ៉ាង​ឆាប់​រហ័ស។ ដោយ​មាន​ជំនួយ​និង​ការ​ណែនាំ​ពី​អង្គ​ការ​របស់​ព្រះ យើង​បាន​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ចិញ្ចឹម​អប់រំ​ពួក​គេ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ យើង​សប្បាយ​ចិត្ដ​ខ្លាំង​ណាស់​ពេល​កូន​ស្រី​ទាំង​ពីរ​របស់​យើង​បាន​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ក្រោយ​រៀន​ចប់​ពី​វិទ្យាល័យ ហើយ​ពួក​គេ​បាន​រៀន​ជំនាញ​ដើម្បី​ផ្គត់​ផ្គង់​ខ្លួន​ឯង។ ពួក​គេ​បាន​រើ​ទៅ​ក្រុង​គ្លីវឡិន រដ្ឋ​តិណឺស៊ី​ជា​មួយ​នឹង​បង​ស្រី​ពីរ​នាក់​ទៀត​ដើម្បី​បម្រើ​នៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង។ យើង​នឹក​ពួក​គេ​ខ្លាំង​ណាស់ ប៉ុន្ដែ​យើង​សប្បាយ​ដែល​ពួក​គេ​ប្រើ​ជីវិត​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល។ ក្រោយ​មក ខ្ញុំ​និង​បេតអែល​បាន​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ម្ដង​ទៀត ហេតុ​នេះ​ហើយ​បាន​ជា​ក្រោយ​មក​ទៀត​យើង​មាន​ឱកាស​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ជំនួស និង​ធ្វើ​កិច្ច​ការ​មហា​សន្និបាត។

មុន​កូន​ស្រី​យើង​រើ​ទៅ​រដ្ឋ​តិណឺស៊ី ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ហើយ​បាន​ទៅ​លេង​ការិយាល័យ​សាខា​នៅ​ទី​នោះ។ ពេល​នោះ​ស្ទេហ្វានី​មាន​អាយុ​១៩​ឆ្នាំ ហើយ​គាត់​បាន​ជួប​សមាជិក​បេតអែល​វ័យ​ក្មេង​ម្នាក់​នៅ​ទី​នោះ​ដែល​មាន​ឈ្មោះ​ផល ណ័រតុន។ ពេល​កូន​ស្រី​យើង​ទៅ​ទី​នោះ​ម្ដង​ទៀត ឃីមបឺលី​បាន​ជួប​ប្រាយអ៊ឺន ឡឺវិលលីន​ដែល​ជា​អ្នក​រួម​ធ្វើ​ការ​ជា​មួយ​នឹង​ផល។ ពេល​ស្ទេហ្វានី​ដល់​អាយុ​២៣​ឆ្នាំ គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​ផល។ មួយ​ឆ្នាំ​ក្រោយ​មក ពេល​ឃីមបឺលី​មាន​អាយុ​២៥​ឆ្នាំ គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​ប្រាយអ៊ឺន។ ដូច្នេះ ពួក​គេ​បាន​នៅ​លីវ​រហូត​ដល់​យ៉ាង​ហោច​ណាស់​ពួក​គេ​មាន​អាយុ​២៣​ឆ្នាំ។ យើង​ពិត​ជា​ពេញ​ចិត្ដ​គូ​អាពាហ៍​ពិពាហ៍​ដែល​កូន​យើង​បាន​ជ្រើស​រើស។

ពេល​នៅ​ការិយាល័យ​សាខាប្រទេស​ម៉ាឡាវី​ជា​មួយ​នឹង​ផល​និង​ស្ទេហ្វានី ព្រម​ទាំង​ប្រាយអ៊ឺន​និង​ឃីមបឺលី​កាល​ពី​ឆ្នាំ​២០០២

កូន​ស្រី​របស់​យើង​បាន​ប្រាប់​យើង​ថា​គំរូ​របស់​យើង​និង​គំរូ​របស់​តា​យាយ​ពួក​គេ​បាន​ជួយ​ពួក​គេ​ឲ្យ‹បន្ដ​ស្វែង​រក​រាជាណាចក្រ​ព្រះ​ជា​មុន› សូម្បី​តែ​ពេល​ពួក​គេ​មាន​បញ្ហា​លុយ​កាក់​ក្ដី។ (​ម៉ាថាយ ៦:៣៣​) នៅ​ខែ​មេសា ឆ្នាំ​១៩៩៨ ផល​និង​ស្ទេហ្វានី​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​សាលា​គីលាត​ជំនាន់​ទី​១០៥ ហើយ​ពួក​គេ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​ប្រទេស​ម៉ាឡាវី ទ្វីប​អាហ្វ្រិក។ នៅ​ដំណាល​គ្នា​នោះ ប្រាយអ៊ឺន​និង​ឃីមបឺលី​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ធ្វើ​ការ​នៅ​បេតអែល​នា​ក្រុង​ឡុងដ៍ ហើយ​ក្រោយ​មក​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បេតអែល​នៅ​ប្រទេស​ម៉ាឡាវី។ យើង​សប្បាយ​ខ្លាំង​ណាស់​ដោយ​សារ​កូន​យើង​ប្រើ​ជីវិត​របស់​ពួក​គេ​តាម​វិធី​ដ៏​ល្អ​បំផុត។

សេចក្ដី​អញ្ជើញ​មួយ​ទៀត​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ដ

នៅ​ខែ​មករា ឆ្នាំ​២០០១ ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​ដែល​ខ្ញុំ​បាន​និយាយ​នៅ​ដើម​អត្ថបទ​នេះ។ បង​ម៉ារៃ​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​ផ្នែក​ផ្ដល់​ជំនួយ​ដល់​អ្នក​បក​ប្រែ បាន​ពន្យល់​ថា​បង​ប្អូន​ប្រុស​កំពុង​រៀប​ចំ​វគ្គ​សិក្សា​ដែល​នឹង​ជួយ​អ្នក​បក​ប្រែ​ទូ​ទាំង​ពិភព​លោក​ឲ្យ​យល់​ភាសា​អង់គ្លេស​ច្បាស់​ជាង។ ទោះ​ជា​ពេល​នោះ​ខ្ញុំ​មាន​អាយុ​៦៤​ឆ្នាំ​ក្ដី ពួក​គាត់​ចង់​បង្ហាត់​បង្រៀន​ខ្ញុំ​ឲ្យ​ធ្វើ​ជា​អ្នក​បង្ហាត់​បង្រៀន​ម្នាក់។ ខ្ញុំ​និង​បេតអែល​បាន​អធិដ្ឋាន​អំពី​រឿង​នេះ ហើយ​បាន​និយាយ​ជា​មួយ​នឹង​ម្ដាយ​របស់​យើង​ដើម្បី​ទទួល​ឱវាទ​ពី​ពួក​គាត់។ ទោះ​ជា​ពួក​គាត់​មាន​វ័យ​ចាស់ ហើយ​មិន​សូវ​អាច​ទទួល​ជំនួយ​ពី​យើង​ក្ដី ពួក​គាត់​ទាំង​ពីរ​នាក់​ចង់​ឲ្យ​យើង​ទៅ។ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​វិញ ហើយ​និយាយ​ថា​យើង​ពិត​ជា​សប្បាយ​ទទួល​យក​ភារកិច្ច​ដ៏​អស្ចារ្យ​នេះ។

ក្រោយ​មក ម្ដាយ​ខ្ញុំ​បាន​ដឹង​ថា​គាត់​មាន​ជំងឺ​មហា​រីក។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា​យើង​នឹង​នៅ​ទី​នោះ ហើយ​ជួយ​លីនដា​ដែល​ជា​ប្អូន​ស្រី​របស់​ខ្ញុំ​ដើម្បី​ថែ​រក្សា​គាត់។ ម្ដាយ​ខ្ញុំ​បាន​បដិសេធ ហើយ​និយាយ​ថា​៖ ​«​បើ​កូន​មិន​ទៅ ម៉ែ​ពិបាក​ចិត្ដ​ជាង​»។ ប្អូន​លីនដា​ក៏​មាន​អារម្មណ៍​ដូច្នេះ​ដែរ។ យើង​មាន​ចិត្ដ​កតញ្ញូ​ណាស់​ដែល​ពួក​គាត់​ស្ម័គ្រ​ចិត្ដ​លះ​បង់​ប្រយោជន៍​ខ្លួន​បែប​នេះ ហើយ​យើង​ក៏​មាន​ចិត្ដ​កតញ្ញូ​ដែរ​ចំពោះ​ជំនួយ​របស់​បង​ប្អូន​រួម​ជំនឿ​នៅ​តំបន់​នោះ។ នៅ​ថ្ងៃ​បន្ទាប់​ពី​យើង​បាន​ចាក​ចេញ​ទៅ​មជ្ឈមណ្ឌល​អប់រំ​នៃ​សមាគម​ប៉ម​យាម នៅ​ក្រុង​ផាតឺសិន ប្អូន​លីនដា​បាន​ទូរស័ព្ទ​ប្រាប់​យើង​ថា​ម្ដាយ​យើង​ស្លាប់​ហើយ។ បើ​ម្ដាយ​នៅ​រស់ គាត់​នឹង​ប្រាប់​យើង​ឲ្យ​បន្ដ​ជាប់​រវល់​នឹង​កិច្ច​ការ​ថ្មី​របស់​យើង ហើយ​យើង​បាន​ធ្វើ​ដូច្នេះ​មែន។

យើង​រំភើប​ចិត្ដ​ដឹង​ថា​ភារកិច្ច​ទី១​របស់​យើង​គឺ​នៅ​ការិយាល័យ​សាខាប្រទេស​ម៉ាឡាវី ជា​កន្លែង​ដែល​កូន​ស្រី​យើង​និង​ប្ដី​របស់​ពួក​គេ​បម្រើ។ គឺ​អស្ចារ្យ​ណាស់​ដែល​យើង​បាន​នៅ​ជុំ​គ្នាម្ដង​ទៀត។ បន្ទាប់​មក យើង​បាន​បង្រៀន​វគ្គ​សិក្សា​នោះ​នៅ​ប្រទេស​ស៊ីមបាវ៉េ ហើយ​ក្រោយ​មក​នៅ​ប្រទេស​សំប៊ី។ ក្រោយ​បង្រៀន​វគ្គ​សិក្សា​នោះ​បាន​បី​ឆ្នាំ​កន្លះ យើង​បាន​ត្រឡប់​ទៅ​ប្រទេស​ម៉ាឡាវី​ដើម្បី​សរសេរ​បទ​ពិសោធន៍​របស់​សាក្សី​ដែល​ទទួល​ការ​ប្រឆាំង​នៅ​ទី​នោះ​ដោយ​សារ​ជំហរ​អព្យាក្រឹត​របស់​ពួក​គាត់​ជា​គ្រិស្ដ​សាសនិក * (​សូម​មើល​កំណត់​សម្គាល់​)។

ពេល​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​ចៅ​ស្រី​របស់​យើង

នៅ​ឆ្នាំ​២០០៥ យើង​ពិបាក​ចិត្ដ​ម្ដង​ទៀត​ពេល​ចាក​ចេញ​ពី​ទ្វីប​អាហ្វ្រិក។ យើង​បាន​ត្រឡប់​ទៅ​ក្រុង​បាសិល រដ្ឋ​កូឡូរ៉ាដូ។ នៅ​ទី​នោះ​ខ្ញុំ​និង​បេតអែល​បន្ដ​ត្រួស​ត្រាយ។ នៅ​ឆ្នាំ​២០០៦ ប្រាយអ៊ឺន​និង​ឃីមបឺលី​បាន​រើ​មក​ក្បែរ​យើង​ដើម្បី​ចិញ្ចឹម​អប់រំ​កូន​ស្រី​ពីរ​នាក់​របស់​ពួក​គេ​ឈ្មោះ​ម៉ាខេនស៊ី​និង​អេលីសាបិត។ ផល​និង​ស្ទេហ្វានី​នៅ​តែ​បម្រើ​នៅ​ប្រទេស​ម៉ាឡាវី ហើយ​ផល​ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​នៅ​ទី​នោះ។ ឥឡូវ​ខ្ញុំ​មាន​អាយុ​ជិត​៨០​ឆ្នាំ ហើយ​ខ្ញុំ​សប្បាយ​ចិត្ដ​ខ្លាំង​ណាស់​ពេល​ឃើញ​បុរស​ដែល​វ័យ​ក្មេង​ជាង​ខ្ញុំ​ដែល​ខ្ញុំ​បាន​ធ្វើ​ការ​ជា​មួយ បំពេញ​ភារកិច្ច​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ។ ដើម្បី​ឲ្យ​កូន​និង​ចៅ​របស់​យើង​ទទួល​ប្រយោជន៍ យើង​បាន​ព្យាយាម​ធ្វើ​តាម​គំរូ​ល្អ​ដែល​អ្នក​ឯ​ទៀត​បាន​ទុក​សម្រាប់​យើង។ នេះ​ពិត​ជា​នាំ​ឲ្យ​យើង​មាន​អំណរ​យ៉ាង​ខ្លាំង​និង​មាន​សុភមង្គល។

^ វគ្គ 30 ជា​ឧទាហរណ៍ សូម​មើល​ជីវប្រវត្ដិ​របស់​បង​ត្រូភីម នឺសំបា ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៥ ទំព័រ​២៧​-​៣១