លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​លោក​អ្នក​ដឹង​ឬ​ទេ?

តើ​លោក​អ្នក​ដឹង​ឬ​ទេ?

តើ​គួរ​ឲ្យ​ជឿ​ឬ​ទេ​ថា​នៅ​សម័យ​បុរាណ​បុគ្គល​ម្នាក់​ពិត​ជា​សាប​ព្រោះ​ស្រងែ​លើ​វាល​ស្រូវ​របស់​បុគ្គល​ម្នាក់​ទៀត?

ឯកសារ​ចម្លង​ដាយ​ចេស​ពី​ឆ្នាំ​១៤៦៨​នេះ​ដែល​បាន​ចេញ​ដោយ​អធិរាជ​ចាស្ទីនអៀន គឺ​ជា​ឯកសារ​មួយ​ក្នុង​ចំណោម​ឯកសារ​ជា​ច្រើន​ដែល​ផ្ដល់​ព័ត៌មាន​អំពី​រឿង​ដែល​ទាក់​ទង​នឹង​ច្បាប់​នៅ​សម័យ​បុរាណ

យោង​ទៅ​តាម​ម៉ាថាយ ១៣:២៤​-​២៦ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ប្រៀប​ដូច​ជា​បុរស​ម្នាក់​ដែល​បាន​សាប​ព្រោះ​គ្រាប់​ពូជ​ល្អ​នៅ​លើ​ដី​របស់​លោក។ កាល​ដែល​មនុស្ស​ទាំង​ឡាយ​កំពុង​ដេក​លក់ សត្រូវ​របស់​លោក​បាន​មក​សាប​ព្រោះ​ស្រងែ​លើ​ស្រូវ​សាលី រួច​ចេញ​បាត់​ទៅ។ ពេល​ស្រូវ​សាលី​ចេញ​ទង​ហើយ​មាន​កួរ នោះ​ស្រងែ​ក៏​បាន​ដុះ​ឡើង​ដែរ​»។ អ្នក​និពន្ធ​ខ្លះ​សង្ស័យ​ថា​ឧទាហរណ៍​នេះ​មិន​មាន​មូលដ្ឋាន​លើ​ព្រឹត្ដិការណ៍​ពិត ប៉ុន្ដែ​យោង​ទៅ​តាម​ឯកសារ​ច្បាប់​រ៉ូម​សម័យ​បុរាណ អ្វី​ដូច​នេះ​អាច​កើត​ឡើង​បាន។

វចនានុក្រម​គម្ពីរ​មួយ​ចែង​ថា​នៅ​ក្រោម​ច្បាប់​រ៉ូម បើ​បុគ្គល​ណា​សាប​ព្រោះ​ស្រងែ​លើ​វាល​ស្រូវ​របស់​បុគ្គល​ម្នាក់​ទៀត​ដើម្បី​សង​សឹក នោះ​គឺ​ជា​បទ​ឧក្រិដ្ឋ​មួយ។ ដោយ​សារ​ត្រូវ​មាន​ច្បាប់​នេះ នោះ​មាន​ន័យ​ថា​រឿង​នេះ​ពិត​ជា​បាន​កើត​ឡើង​មែន។ អាឡាស្ទើ ខឺ​ដែល​ជា​បណ្ឌិត​ខាង​ច្បាប់​ម្នាក់​ពន្យល់​ថា​នៅ​ឆ្នាំ​៥៣៣ គ.ស. ចាស្ទីនអៀន​ដែល​ជា​អធិរាជ​រ៉ូម​បាន​ចេញ​ឯកសារ​ដាយ​ចេស(​Digest​)។ ឯកសារ​ដាយ​ចេស​នោះ​គឺ​ជា​សេចក្ដី​សង្ខេប​នៃ​ច្បាប់​រ៉ូម ហើយ​បាន​ដក​ស្រង់​ពាក្យ​ពី​អ្នក​ជំនាញ​ខាង​ច្បាប់​ប្រហែល​ជា​ចាប់​ពី​ឆ្នាំ​១០០​ទៅ​ឆ្នាំ​២៥០ គ.ស.។ យោង​ទៅ​តាម​ឯកសារ​ដាយ​ចេស អូលភៀន​ដែល​ជា​អ្នក​ជំនាញ​ខាង​ច្បាប់​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នេះ​បាន​បញ្ជាក់​អំពី​រឿង​ក្ដី​មួយ​ពី​សតវត្សរ៍​ទី២។ ស្រងែ​បាន​ត្រូវ​សាប​ព្រោះ​លើ​វាល​ស្រូវ​របស់​បុគ្គល​ម្នាក់​ទៀត ហើយ​ជា​លទ្ធផល​ដំណាំ​បាន​ខូច​ខាត។ ឯកសារ​ដាយ​ចេស​រៀប​រាប់​អំពី​សិទ្ធិ​ស្រប​ច្បាប់​ដែល​កសិករ​មាន​ដើម្បី​គាត់​អាច​ទទួល​សំណង​ពី​ឧក្រិដ្ឋជន គឺ​ការ​បង់​លុយ​សម្រាប់​ផល​ដំណាំ​ដែល​ខូច​ខាត។

ព្រឹត្ដិការណ៍​បែប​នេះ​បាន​កើត​ឡើង​នៅ​ចក្រភព​រ៉ូម​សម័យ​បុរាណ នេះ​បង្ហាញ​ថា​ស្ថានភាព​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​អាច​កើត​ឡើង​ក្នុង​ជីវិត​ពិត​ប្រាកដ​មែន។