លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​បង្ហាញ​ជំនឿ​របស់​អ្នក​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា

ចូរ​បង្ហាញ​ជំនឿ​របស់​អ្នក​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា

​«​ជំនឿ​គឺ​ជា . . . ការ​ឃើញ​ភ័ស្ដុតាង​ដែល​នាំ​ឲ្យ​ជឿ​ជាក់​ថា អ្វី​ដែល​ភ្នែក​មើល​មិន​ឃើញ​ពិត​ជា​មាន​មែន​»។—ហេប្រឺ ១១:១

ចម្រៀង​លេខ: ៥៤, ៤៣

១​. តើ​យើង​គួរ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ជំនឿ​របស់​យើង?

មិន​មែន​មនុស្ស​ទាំង​អស់​មាន​ជំនឿ​ទេ។ (​ថែស្សាឡូនិច​ទី២ ៣:២​) ប៉ុន្ដែ ព្រះ​យេហូវ៉ា​ផ្ដល់​ជំនឿ​ដល់​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក។ (​រ៉ូម ១២:៣; កាឡាទី ៥:២២​) យើង​ពិត​ជា​មាន​ចិត្ដ​កតញ្ញូ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ជំនឿ​ឲ្យ​យើង!

២, ៣​. (​ក​) ពេល​យើង​មាន​ជំនឿ តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ? (​ខ​) ឥឡូវ​តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

ព្រះ​យេហូវ៉ា​បាន​ឲ្យ​លោក​យេស៊ូ​ដែល​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​ជា​ថ្លៃ​លោះ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​មាន​ជំនឿ​លើ​បុត្រ​នោះ​អាច​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង។ នេះ​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​យេហូវ៉ា ហើយ​រស់​ជា​រៀង​រហូត។ (​យ៉ូហាន ៦:៤៤, ៦៥; រ៉ូម ៦:២៣​) ព្រះ​យេហូវ៉ា​ពិត​ជា​សប្បុរស​ចំពោះ​យើង​មែន! ទោះ​ជា​យើង​ជា​មនុស្ស​មាន​ភាព​ខុស​ឆ្គង ហើយ​សម​នឹង​ស្លាប់​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ឃើញ​ថា​យើង​មាន​សមត្ថភាព​ធ្វើ​អ្វី​ល្អ។ (​ទំនុក​តម្កើង ១០៣:១០​) ព្រះ​បាន​ជួយ​យើង​ឲ្យ​រៀន​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​និង​គ្រឿង​បូជា​របស់​លោក។ ពេល​យើង​បាន​ចាប់​ផ្ដើម​មាន​ជំនឿ​លើ​លោក​យេស៊ូ ហើយ​ធ្វើ​តាម​លោក យើង​អាច​ទន្ទឹង​រង់​ចាំ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់!—សូម​អាន យ៉ូហាន​ទី១ ៤:៩, ១០

ប៉ុន្ដែ តើ​យើង​អាច​រៀន​អ្វី​ទៀត​អំពី​ជំនឿ? បើ​យើង​គ្រាន់​តែ​ដឹង​អំពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ចំពោះ​យើង​និង​អ្វី​ដែល​លោក​នឹង​ធ្វើ​នៅ​ពេល​អនាគត តើ​នេះ​មាន​ន័យ​ថា​យើង​មាន​ជំនឿ​ឬ​ទេ? សូម​យើង​ពិចារណា​អ្វី​ទៀត​ដែល​យើង​ត្រូវ​ធ្វើ។

‹ចូរ​មាន​ជំនឿ​ក្នុង​ចិត្ដ›

៤​. ពេល​យើង​មាន​ជំនឿ តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​យើង?

ពេល​យើង​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ យើង​មិន​គ្រាន់​តែ​ដឹង​អំពី​អ្វី​ដែល​លោក​ទាំង​ពីរ​បាន​ធ្វើ ហើយ​នឹង​ធ្វើ​ចំពោះ​យើង​ប៉ុណ្ណោះ​ទេ។ យើង​ក៏​ពិត​ជា​ចង់​មាន​របៀប​រស់​នៅ​សម​ស្រប​តាម​អ្វី​ដែល​លោក​ទាំង​ពីរ​បាន​បង្រៀន​យើង។ ម្យ៉ាង​ទៀត យើង​ពិត​ជា​ចង់​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ស្គាល់​លោក​ទាំង​ពីរ។ សាវ័ក​ប៉ូល​បាន​និយាយ​ថា​៖ ​«​បើ​អ្នក​ប្រកាស‹បណ្ដាំ​ដែល​នៅ​ក្នុង​មាត់​របស់​អ្នក› ជា​សាធារណៈ​ថា​លោក​យេស៊ូ​ជា​ម្ចាស់ ហើយ​អ្នក​មាន​ជំនឿ​ក្នុង​ចិត្ដ​ថា​ព្រះ​បាន​ប្រោស​លោក​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​ត្រូវ​សង្គ្រោះ។ ព្រោះ​ដោយ​មាន​ចិត្ដ​ជឿ គេ​ទទួល​បាន​សេចក្ដី​សុចរិត ប៉ុន្ដែ​ដោយ​មាត់​ប្រកាស​ជា​សាធារណៈ​អំពី​ជំនឿ​នោះ គេ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​»។—រ៉ូម ១០:៩, ១០; កូរិនថូស​ទី២ ៤:១៣

៥​. ហេតុ​អ្វី​ជំនឿ​គឺ​សំខាន់​ណាស់ ហើយ​តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​មាន​ជំនឿ​មាំ​មួន? សូម​លើក​ឧទាហរណ៍​មួយ។

យើង​អាច​ឃើញ​ច្បាស់​ថា ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ យើង​ត្រូវ​មាន​ជំនឿ ហើយ​យើង​ត្រូវ​រក្សា​ជំនឿ​របស់​យើង​ឲ្យ​មាំ​មួន។ ជំនឿ​គឺ​ដូច​ជា​រុក្ខជាតិ។ ដើម្បី​ឲ្យ​រុក្ខជាតិ​នៅ​ស្រស់​ល្អ​និង​មាំ​មួន ហើយ​បន្ដ​ចម្រើន​លូត​លាស់ យើង​ត្រូវ​បន្ដ​ស្រោច​ទឹក។ តែ​បើ​យើង​មិន​ស្រោច​ទឹក​វា​ឲ្យ​បាន​គ្រប់​គ្រាន់​ទេ វា​នឹង​ក្រៀម​ស្វិត ហើយ​ងាប់។ ស្រដៀង​គ្នា​ដែរ យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ជំនឿ​របស់​យើង​នៅ​«​មាំ​មួន​»​ ហើយ​បន្ដ‹ចម្រើន​ឡើង›។—ទីតុស ២:២; ថែស្សាឡូនិច​ទី២ ១:៣; លូកា ២២:៣២; ហេប្រឺ ៣:១២

គម្ពីរ​រៀប​រាប់​អំពី​អត្ថន័យ​នៃ​ជំនឿ

៦​. តើ​ហេប្រឺ ១១:១​រៀប​រាប់​យ៉ាង​ណា​អំពី​ជំនឿ?

គម្ពីរ​រៀប​រាប់​អំពី​អត្ថន័យ​នៃ​ជំនឿ​នៅ​ហេប្រឺ ១១:១។ (​សូម​អាន​) (​១​) ជំនឿ​គឺ​ជា​«​ការ​ទុក​ចិត្ដ​ដោយ​មាន​ទី​សំអាង​មាំ​មួន​ថា អ្វី​ៗ​នឹង​កើត​ឡើង​ដូច​សង្ឃឹម​»។ អ្វី​ៗ​ដែល​យើង​សង្ឃឹម រួម​បញ្ចូល​សេចក្ដី​សន្យា​របស់​ព្រះ​ចំពោះ​អនាគត។ ជា​ឧទាហរណ៍ យើង​ជឿ​ជាក់​ថា​អំពើ​ទុច្ចរិត​នឹង​លែង​មាន​ទៀត ហើយ​ថា​នឹង​មាន​ពិភព​លោក​ថ្មី។ (​២​) ជំនឿ​គឺ​ជា​«​ការ​ឃើញ​ភ័ស្ដុតាង​ដែល​នាំ​ឲ្យ​ជឿ​ជាក់​»​ឬ​ទី​សំអាង​ច្បាស់​ថា​«​អ្វី​ដែល​ភ្នែក​មើល​មិន​ឃើញ​ពិត​ជា​មាន​មែន​»។ យើង​ដឹង​ថា​ព្រះ​យេហូវ៉ា លោក​យេស៊ូ​គ្រិស្ដ បណ្ដា​ទេវតា និង​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​គឺ​ពិត​ជា​មាន​មែន ទោះ​ជា​យើង​មើល​មិន​ឃើញ​ទាំង​អស់​នេះ​ក៏​ដោយ។ (​ហេប្រឺ ១១:៣​) តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​ពិត​ជា​មាន​ជំនឿ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​និង​អ្វី​ៗ​ដែល​យើង​មើល​មិន​ឃើញ? យើង​ធ្វើ​ដូច្នេះ​ដោយ​របៀប​រស់​នៅ​របស់​យើង ហើយ​ដោយ​ការ​ប្រព្រឹត្ដ​និង​ពាក្យ​សម្ដី​របស់​យើង។

៧​. តើ​តាម​របៀប​ណា​គំរូ​របស់​ណូអេ​ជួយ​យើង​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ការ​មាន​ជំនឿ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ស្ដី​អំពី​ជំនឿ តើ​យើង​រៀន​អ្វី​ពី​ណូអេ? សាវ័ក​ប៉ូល​បាន​និយាយ​ថា​៖ ​«​ពេល​ណូអេ​ទទួល​ការ​ព្រមាន​ពី​ព្រះ​ស្ដី​អំពី​ការ​ដែល​គាត់​មិន​ទាន់​ឃើញ​នៅ​ឡើយ នោះ​គាត់​បង្ហាញ​ការ​កោត​ខ្លាច​ចំពោះ​ព្រះ ហើយ​សង់​ទូក​ធំ​ដើម្បី​សង្គ្រោះ​ពួក​អ្នក​ផ្ទះ​របស់​គាត់​»។ (​ហេប្រឺ ១១:៧​) ណូអេ​បាន​សង់​ទូក​ធំ​សម្បើម​នោះ ដោយ​សារ​គាត់​មាន​ជំនឿ​ទៅ​លើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់។ ប្រហែល​ជា​អ្នក​ជិត​ខាង​គាត់​បាន​សួរ​គាត់​អំពី​មូលហេតុ​ដែល​គាត់​សង់​ទូក​នោះ។ យើង​អាច​ប្រាកដ​ថា​ណូអេ​មិន​បាន​នៅ​ស្ងៀម​ទេ។ គម្ពីរ​ហៅ​ណូអេ​ថា​៖ ​«​អ្នក​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​សុចរិត​»។ (​ពេត្រុស​ទី២ ២:៥​) គាត់​បាន​ព្រមាន​មនុស្ស​ថា​ព្រះ​នឹង​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​ដើម្បី​បំផ្លាញ​មនុស្ស​អាក្រក់។ ណូអេ​ទំនង​ជា​បាន​ប្រាប់​ពួក​គេអំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់ ដែល​ថា​៖ ​«​អស់​ទាំង​សាច់​ត្រូវ​ផុត​ពី​មុខ​អញ​ហើយ ដ្បិត​ផែន​ដី​បាន​ពេញ​ជា​សេចក្ដី​កាច​សហ័ស​ដោយ​សារ​គេ​»​ ហើយ​«​គឺ​អញ​នេះ​ហើយ នឹង​ធ្វើ​ឲ្យ​មាន​ជំនន់​លើ​ផែន​ដី ដើម្បី​នឹង​បំផ្លាញ​គ្រប់​ទាំង​សាច់​ដែល​មាន​ដង្ហើម​ជីវិត​ពី​ក្រោម​មេឃ​ចេញ គ្រប់​ទាំង​អស់​នៅ​ផែន​ដី​នឹង​ត្រូវ​ស្លាប់​បង់​»។ បន្ទាប់​មក​ណូអេ​ទំនង​ជា​បាន​ពន្យល់​អំពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ដើម្បី​រួច​ជីវិត។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ថា​៖ ​«​ឯង​នឹង​ចូល​ទៅ​ក្នុង​ទូក​ធំ​នោះ​»។—លោកុប្បត្ដិ ៦:១៣, ១៧, ១៨

៨​. តើ​យ៉ាកុប​បាន​និយាយ​អ្វី​អំពី​ជំនឿ?

យ៉ាកុប​ក៏​បាន​សរសេរ​អំពី​ជំនឿ​ដែរ។ គាត់​ទំនង​ជា​បាន​ធ្វើ​ដូច្នេះ​មិន​យូរ​ក្រោយ​ពី​សាវ័ក​ប៉ូល​បាន​សរសេរ​សំបុត្រ​ទៅ​គ្រិស្ដ​សាសនិកជន​ជាតិ​ហេប្រឺ។ យ៉ាកុប​បាន​សរសេរ​ថា​៖ ​«​ចូរ​បង្ហាញ​ជំនឿ​របស់​អ្នក​ឲ្យ​ខ្ញុំ​ឃើញ​ដោយ​គ្មាន​ការ​ប្រព្រឹត្ដ ហើយ​ខ្ញុំ​នឹង​បង្ហាញ​ជំនឿ​របស់​ខ្ញុំ​ឲ្យ​អ្នក​ឃើញ តាម​រយៈ​ការ​ប្រព្រឹត្ដ​របស់​ខ្ញុំ​»។ (​យ៉ាកុប ២:១៨​) យ៉ាកុប​បាន​ពន្យល់​ថា ដើម្បី​មាន​ជំនឿ​យើង​មិន​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ​ទេ តែ​យើង​ត្រូវ​ធ្វើ​លើស​ពី​នេះ។ ពួក​វិញ្ញាណ​កំណាច​ជឿ​ថា​មាន​ព្រះ ប៉ុន្ដែ​ពួក​វា​មិន​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​វា​ប្រឆាំង​លោក​យ៉ាង​ខ្លាំង! (​យ៉ាកុប ២:១៩, ២០​) ពេល​បុគ្គល​ម្នាក់​មាន​ជំនឿ គាត់​នឹង​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ​តាម​រយៈ​ការ​ប្រព្រឹត្ដ​ល្អ។ អាប្រាហាំ​បាន​ធ្វើ​ដូច្នេះ។ យ៉ាកុប​បាន​សរសេរ​ថា​៖ ​«​អាប្រាហាំ​ដែល​ជា​ឪ​ពុក​របស់​យើង បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​ដោយ​សារ​ការ​ប្រព្រឹត្ដ បន្ទាប់​ពី​គាត់​បាន​បូជា​អ៊ីសាក​ជា​កូន​លើ​ទី​បូជា មែន​ទេ? អ្នក​រាល់​គ្នា​ឃើញ​ថា ជំនឿ​របស់​គាត់​បាន​សហការ​ជា​មួយ​នឹង​ការ​ប្រព្រឹត្ដ​របស់​គាត់ ហើយ​ជំនឿ​របស់​គាត់​បាន​ត្រូវ​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ​ដោយ​សារ​ការ​ប្រព្រឹត្ដ​របស់​គាត់​»។ ក្រោយ​មក​យ៉ាកុប​បាន​បញ្ជាក់​ថា​ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ដ​គឺ​គ្មាន​ប្រយោជន៍​ទេ ដោយ​ថា​៖ ​«​ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ដ​គឺ​ស្លាប់​ហើយ ដូច​រូប​កាយ​ដែល​គ្មាន​កម្លាំង​ជីវិត​ក៏​ស្លាប់​ដែរ​»។—យ៉ាកុប ២:២១​-​២៣, ២៦

៩, ១០​. តើ​ការ​បង្ហាញ​ជំនឿ​លើ​បុត្រ​របស់​លោក​មាន​អត្ថន័យ​យ៉ាង​ណា?

ជាង​៣០​ឆ្នាំ​ក្រោយ​មក យ៉ូហាន​បាន​សរសេរ​សំបុត្រ​បី​និង​សៀវភៅ​ដំណឹង​ល្អ​របស់​គាត់។ ដូច​អ្នក​ឯ​ទៀត​ដែល​បាន​សរសេរ​គម្ពីរ យ៉ូហាន​បាន​យល់​អំពី​អត្ថន័យ​នៃ​ជំនឿ។ ជា​ច្រើន​ដង​ក្នុង​សំណេរ​របស់​យ៉ូហាន គាត់​បាន​ប្រើ​កិរិយា​ស័ព្ទ​ភាសា​ក្រិច​ដែល​ជួន​កាល​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា​«​បង្ហាញ​ជំនឿ​»។

យើង​បង្ហាញ​ជំនឿ​លើ​បុត្រ​របស់​លោក ដោយ​ស្តាប់​បង្គាប់​លោក​យេស៊ូ

១០ ជា​ឧទាហរណ៍ យ៉ូហាន​បាន​ពន្យល់​ថា​៖ ​«​អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​របស់​លោក អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ រីឯ​អ្នក​ណា​ដែល​មិន​ស្តាប់​បង្គាប់​បុត្រ​របស់​លោក អ្នក​នោះ​នឹង​មិន​ទទួល​ជីវិត​ឡើយ តែ​កំហឹង​របស់​ព្រះ​នៅ​ជាប់​នឹង​អ្នក​នោះ​»។ (​យ៉ូហាន ៣:៣៦​) ដើម្បី​បង្ហាញ​ជំនឿ​លើ​បុត្រ​របស់​លោក យើង​ត្រូវ​ស្តាប់​បង្គាប់​លោក​យេស៊ូ។ ក្នុង​សំណេរ​របស់​យ៉ូហាន យើង​អាច​ឃើញ​ថា​លោក​យេស៊ូ​ច្រើន​តែ​បាន​មាន​ប្រសាសន៍​ថា​ដើម្បី​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ យើង​ត្រូវ​បង្ហាញ​ជំនឿ​លើ​លោក​និង​បិតា​របស់​លោក។—យ៉ូហាន ៣:១៦; ៦:២៩, ៤០; ១១:២៥, ២៦; ១៤:១, ១២

១១​. តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដោយ​សារ​យើង​ស្គាល់​សេចក្ដី​ពិត?

១១ ព្រះ​យេហូវ៉ា​បាន​ប្រើ​សកម្មពល​បរិសុទ្ធ​របស់​លោក​ដើម្បី​ជួយ​យើង​ឲ្យ​យល់​សេចក្ដី​ពិត​អំពី​លោក​និង​បុត្រ​របស់​លោក ហើយ​ដើម្បី​ជួយ​យើង​ឲ្យ​មាន​ជំនឿ​លើ​លោក​ទាំង​ពីរ។ (​សូម​អាន លូកា ១០:២១) តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ទាំង​អស់​ដែល​លោក​បាន​ធ្វើ? យើង​ត្រូវ​បន្ដ​អរគុណ​លោក​ដែល​បានឲ្យ​យើង​មាន​ចំណង​មិត្ដភាព​ជា​មួយ​នឹង​លោក​តាម​រយៈ​លោក​យេស៊ូ ដែល​ជា​«​មេ​ដឹក​នាំ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ជំនឿ​ហើយ​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​បាន​ពេញ​លក្ខណៈ​»។ (​ហេប្រឺ ១២:២​) ម្យ៉ាង​ទៀត យើង​ត្រូវ​បន្ដ​ពង្រឹង​ជំនឿ​របស់​យើង​ដោយ​តែង​តែ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​និង​សិក្សា​បណ្ដាំ​របស់​លោក។—អេភេសូរ ៦:១៨; ពេត្រុស​ទី១ ២:២

ចូរ​បង្ហាញ​ជំនឿ​របស់​អ្នក​ដោយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ដំណឹង​ល្អ​នៅ​ពេល​ណា​ដែល​អ្នក​មាន​ឱកាស (​សូម​មើល​វគ្គ​១២​)

១២​. បើ​យើង​មាន​ជំនឿ តើ​យើង​នឹង​ធ្វើ​អ្វី?

១២ យើង​គួរ​បន្ដ​បង្ហាញ​ដោយ​ការ​ប្រព្រឹត្ដ​របស់​យើង​ថា​យើង​មាន​ជំនឿ​មាំ​មួន​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ យើង​បន្ដ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ ហើយ​ជួយ​មនុស្ស​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ យើង​ក៏​បន្ដ​«​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ជា​ពិសេស​ដល់​បង​ប្អូន​រួម​ជំនឿ​របស់​យើង​»។ (​កាឡាទី ៦:១០​) ម្យ៉ាង​ទៀត យើង​ខំ​ប្រឹង​«​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ​ចាស់​និង​ការ​ប្រព្រឹត្ដ​របស់​វា​»​ ពី​ព្រោះ​យើង​មិន​ចង់​ឲ្យ​អ្វី​ណា​ក៏​ដោយ​បង្ខូច​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ទេ។—កូឡុស ៣:៥, ៨​-​១០

ជំនឿ​ទៅ​លើ​ព្រះ​គឺ​ជា​មូលដ្ឋាន​មួយ

១៣​. តើ​«​ជំនឿ​ទៅ​លើ​ព្រះ​»​គឺ​សំខាន់​យ៉ាង​ណា? តើ​គម្ពីរ​ប្រៀប​ប្រដូច​ជំនឿ​ទៅ​នឹង​អ្វី ហើយ​ហេតុ​អ្វី?

១៣ គម្ពីរ​ចែង​ថា​៖ ​«​បើ​គ្មាន​ជំនឿ មិន​អាច​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ​បាន​ឡើយ ព្រោះ​អ្នក​ដែល​ចូល​ទៅ​ជិត​ព្រះ ត្រូវ​តែ​ជឿ​ថា​មាន​ព្រះ ហើយ​ជឿ​ថា​លោក​ឲ្យ​រង្វាន់​ដល់​អ្នក​ដែល​ខំ​ស្វែង​រក​លោក​អស់​ពី​ចិត្ដ​»។ (​ហេប្រឺ ១១:៦​) គម្ពីរ​ក៏​បង្ហាញ​ដែរ​ថា​«​ជំនឿ​ទៅ​លើ​ព្រះ​»​គឺ​ជា​គុណ​សម្បត្ដិ​មួយ​ក្នុង​ចំណោម​គុណ​សម្បត្ដិ​ដែល​គ្រិស្ដ​សាសនិក​ពិត​ត្រូវ​មាន​មុន​គេ​បង្អស់ ហើយ​គម្ពីរ​ប្រៀប​ប្រដូច​ជំនឿ​ទៅ​នឹង​«​គ្រឹះ​»​អគារ។ (​ហេប្រឺ ៦:១​) ប៉ុន្ដែ​ក្រៅ​ពី​ជំនឿ យើង​ត្រូវ​មាន​គុណ​សម្បត្ដិ​សំខាន់​ឯ​ទៀត​ដើម្បី​មាន​ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​ដើម្បី​រក្សា​ចំណង​មិត្ដភាព​នោះ។—សូម​អាន ពេត្រុស​ទី២ ១:៥​-​៧; យូដាស ២០, ២១

១៤, ១៥​. បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​សេចក្ដី​ស្រឡាញ់ តើ​ជំនឿ​គឺ​សំខាន់​យ៉ាង​ណា?

១៤ អ្នក​សរសេរ​គម្ពីរ​បាន​សរសេរ​អំពី​ជំនឿ​ច្រើន​ជាង​គុណ​សម្បត្ដិ​ឯ​ទៀត។ តើ​នេះ​មាន​ន័យ​ថា​ជំនឿ​គឺ​ជា​គុណ​សម្បត្ដិ​ដ៏​សំខាន់​បំផុត​ដែល​យើង​ត្រូវ​មាន​ឬ​ទេ?

១៥ ប៉ូល​បាន​ប្រៀប​ធៀប​ជំនឿ​ជា​មួយ​នឹង​សេចក្ដី​ស្រឡាញ់។ គាត់​បាន​សរសេរ​ថា​៖ ​«​បើ​ខ្ញុំ​មាន​ជំនឿ​ខ្លាំង​ដល់​ម៉្លេះ បាន​ជា​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ភ្នំ​រើ​ចេញ​បាន តែ​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​មិន​ជា​អ្វី​សោះ​ឡើយ​»។ (​កូរិនថូស​ទី១ ១៣:២​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ‹ក្នុង​ច្បាប់ បញ្ញត្ដិ​សំខាន់​ជាង​គេ›គឺ​ការ​ស្រឡាញ់​ព្រះ។ (​ម៉ាថាយ ២២:៣៥​-​៤០​) សេចក្ដី​ស្រឡាញ់​ជួយ​យើង​ឲ្យ​មាន​គុណ​សម្បត្ដិ​ជា​ច្រើន​ឯ​ទៀត​ដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ។ ជា​ឧទាហរណ៍ គម្ពីរ​ចែង​ថា សេចក្ដី​ស្រឡាញ់​«​ជឿ​អ្វី​ៗ​ទាំង​អស់​»។ ដូច្នេះ សេចក្ដីស្រឡាញ់​នឹង​ជួយ​យើង​ឲ្យ​ជឿ​ទៅ​លើ​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​ប្រាប់​យើង​ក្នុង​គម្ពីរ។—កូរិនថូស​ទី១ ១៣:៤,

១៦, ១៧​. តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ជំនឿ​និង​សេចក្ដី​ស្រឡាញ់? ស្ដី​អំពី​គុណ​សម្បត្ដិ​ទាំង​ពីរ​នេះ តើ​មួយ​ណា​សំខាន់​ជាង ហើយ​ហេតុ​អ្វី?

១៦ ជំនឿ​និង​សេចក្ដី​ស្រឡាញ់​គឺ​ជា​គុណ​សម្បត្ដិ​ដ៏​សំខាន់​ណាស់ ហើយ​អ្នក​សរសេរ​គម្ពីរ​ច្រើន​តែ​រៀប​រាប់​អំពី​គុណ​សម្បត្ដិ​ទាំង​ពីរ​នេះ​ជា​មួយ​គ្នា។ ប៉ូល​បាន​លើក​ទឹក​ចិត្ដ​បង​ប្អូន​របស់​គាត់​ឲ្យ​«​ពាក់​ជំនឿ​និង​សេចក្ដី​ស្រឡាញ់​ជា​អាវ​ការពារ​ដើម​ទ្រូង​»។ (​ថែស្សាឡូនិច​ទី១ ៥:៨​) ពេត្រុស​បាន​សរសេរ​អំពី​លោក​យេស៊ូ​ថា​៖ ​«​ទោះ​ជា​អ្នក​រាល់​គ្នា​មិន​ដែល​ឃើញ​លោក​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​ស្រឡាញ់​លោក។ ទោះ​ជា​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​មិន​ឃើញ​លោក​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​បង្ហាញ​ជំនឿ​លើ​លោក​»។ (​ពេត្រុស​ទី១ ១:៨​) យ៉ាកុប​បាន​សួរ​បង​ប្អូន​របស់​គាត់​ដែល​ជា​អ្នក​រើស​តាំង​ថា​៖ ​«​ព្រះ​បាន​ជ្រើស​រើស​អ្នក​ក្រ​ក្នុង​ពិភព​លោក​នេះ ដើម្បី​ឲ្យ​ធ្វើ​ជា​អ្នក​មាន​ខាង​ជំនឿ ហើយ​ទទួល​រាជាណាចក្រ​ជា​មត៌ក ជា​អ្វី​ដែល​លោក​បាន​សន្យា​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​លោក មែន​ទេ?​»។ (​យ៉ាកុប ២:៥​) យ៉ូហាន​បាន​សរសេរ​ថា បញ្ញត្ដិ​របស់​ព្រះ​គឺ​«​ឲ្យ​យើង​មាន​ជំនឿ​លើ​នាម​របស់​លោក​យេស៊ូ​គ្រិស្ដ ជា​បុត្រ​របស់​លោក ព្រម​ទាំង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​»។—យ៉ូហាន​ទី១ ៣:២៣

១៧ ប៉ុន្ដែ ប៉ូល​ក៏​បាន​សរសេរ​ដែរ​ថា​៖ ​«​ក៏​ប៉ុន្ដែ​ឥឡូវ​នេះ មាន​បី​យ៉ាង​ដែល​នៅ​គង់​វង្ស គឺ​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​ស្រឡាញ់ តែ​ក្នុង​ចំណោម​ទាំង​បី​យ៉ាង​នេះ សេចក្ដី​ស្រឡាញ់​គឺ​ឧត្ដុង្គឧត្ដម​ជាង​គេ​»។ (​កូរិនថូស​ទី១ ១៣:១៣​) នៅ​ពេល​អនាគត យើង​នឹង​មិន​ត្រូវ​ការ​ជំនឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​អំពី​ពិភព​លោក​ថ្មី​ទៀត​ទេ ពី​ព្រោះ​សេចក្ដី​សន្យា​ទាំង​នេះ​ក្លាយ​ជា​ការ​ពិត​រួច​ហើយ។ ពេល​នោះ យើង​មាន​ជីវិត​ដ៏​អស្ចារ្យ​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​គម្ពីរ។ ប៉ុន្ដែ យើង​នឹង​ត្រូវ​ការ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​មនុស្ស​ឯ​ទៀត​ជា​និច្ច។ តាម​ពិត សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ​និង​អ្នក​ឯ​ទៀត​នឹង​បន្ដ​កើន​ឡើង​ជា​រៀង​រហូត។

ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ពរ​ឲ្យ​យើង​ដោយ​សារ​ជំនឿ​របស់​យើង

១៨, ១៩​. នៅ​សព្វ​ថ្ងៃ​នេះ ដោយ​សារ​រាស្ដ្រ​របស់​ព្រះ​មាន​ជំនឿ តើ​នេះ​បាន​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី? តើ​អ្នក​ណា​សម​នឹង​ទទួល​ការ​សរសើរ​ចំពោះ​លទ្ធផល​នេះ?

១៨ រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​យើង​មាន​ជំនឿ​លើ​រាជាណាចក្រ​របស់​ព្រះ ហើយ​គាំ​ទ្រ​រាជាណាចក្រ​នេះ។ ម្យ៉ាង​ទៀត​ពួក​គេ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ នេះ​គឺ​ដោយ​សារ​ពួក​គេ​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​របៀប​រស់​នៅ​របស់​ពួក​គេ។ (​កាឡាទី ៥:២២, ២៣​) តើ​នេះ​មាន​លទ្ធផល​អ្វី? បង​ប្អូន​ជាង​៨​លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​មាន​សន្ដិ​ភាព​និង​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ​របស់​ពួក​គេ។ យើង​ឃើញ​ច្បាស់​ថា​ជំនឿ​និង​សេចក្ដី​ស្រឡាញ់​គឺ​ជា​គុណ​សម្បត្ដិ​ដ៏​អស្ចារ្យ។

១៩ បើ​គ្មាន​ជំនួយ​ពី​ព្រះ​របស់​យើង យើង​មិន​អាច​មាន​សាមគ្គី​ភាព​នេះ​បាន​ទេ។ លោក​សម​នឹង​ទទួល​ការ​សរសើរ​ចំពោះ​សាមគ្គី​ភាព​នេះ។ (​អេសាយ ៥៥:១៣​) យើង​ពិត​ជា​មាន​ចិត្ដ​កតញ្ញូ​ដែល​លោក​បាន​ផ្ដល់​ឱកាស​ដើម្បី​ឲ្យ​យើង​អាច​ទទួល​សេចក្ដី​«​សង្គ្រោះ​តាម​រយៈ​ជំនឿ​»។ (​អេភេសូរ ២:៨​) ព្រះ​យេហូវ៉ា​នឹង​បន្ដ​ជួយ​មនុស្ស​កាន់​តែ​ច្រើន​ឲ្យ​មាន​ជំនឿ​លើ​លោក។ យ៉ាង​នេះ នៅ​ទី​បំផុត​ផែន​ដី​ទាំង​មូល​នឹង​ពេញ​ទៅ​ដោយ​មនុស្ស​សប្បាយ សុចរិត និង​ល្អ​ឥត​ខ្ចោះ​ដែល​នឹង​សរសើរ​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត!