លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​ពង្រឹង​ជំនឿ​របស់​អ្នក​ថា​អ្វី​ៗ​នឹង​កើត​ឡើង​ដូច​អ្នក​សង្ឃឹម

ចូរ​ពង្រឹង​ជំនឿ​របស់​អ្នក​ថា​អ្វី​ៗ​នឹង​កើត​ឡើង​ដូច​អ្នក​សង្ឃឹម

​«​ជំនឿ​គឺ​ជា​ការ​ទុក​ចិត្ដ​ដោយ​មាន​ទី​សំអាង​មាំ​មួន​ថា អ្វី​ៗ​នឹង​កើត​ឡើង​ដូច​សង្ឃឹម​»។—ហេប្រឺ ១១:១

ចម្រៀង​លេខ: ៥៤, ៥៥

១, ២​. (​ក​) តើ​យើង​មាន​សេចក្ដី​សង្ឃឹម​អ្វី ហើយ​តើ​នេះ​ខុស​គ្នា​យ៉ាង​ណា​ពី​អ្វី​ដែល​មនុស្ស​ឯ​ទៀត​សង្ឃឹម? (​ខ​) នៅ​អត្ថបទ​នេះ តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ?

គ្រិស្ដ​សាសនិក​ពិត​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ! ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​លោក​នឹង​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ ហើយ​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី។ (​ម៉ាថាយ ៦:៩, ១០​) សេចក្ដី​សន្យា​ទាំង​នោះ​គឺ​ជា​សេចក្ដី​សន្យា​ដ៏​សំខាន់​បំផុត​ដែល​យើង​ទន្ទឹង​រង់​ចាំ។ ព្រះ​យេហូវ៉ា​ក៏​បាន​សន្យា​ថា​លោក​នឹង​ឲ្យ​រង្វាន់​ដល់​យើង​ពោល​គឺ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ស្ថាន​សួគ៌ ឬ​នៅ​ផែន​ដី។ នេះ​ជា​អ្វី​ដ៏​អស្ចារ្យ​ណាស់! (​យ៉ូហាន ១០:១៦; ពេត្រុស​ទី២ ៣:១៣​) ម្យ៉ាង​ទៀត យើង​ទន្ទឹង​រង់​ចាំ​មើល​របៀប​ដែល​ព្រះ​យេហូវ៉ា​នឹង​បន្ដ​ណែនាំ​និង​គាំ​ទ្រ​រាស្ដ្រ​របស់​លោក​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។

គម្ពីរ​ចែង​ថា​ជំនឿ​គឺ​ជា​«​ការ​ទុក​ចិត្ដ​ដោយ​មាន​ទី​សំអាង​មាំ​មួន​ថា​»​ អ្វី​ៗ​នឹង​កើត​ឡើង​ដូច​យើង​សង្ឃឹម។ នេះ​មាន​ន័យ​ថា​ពួក​អ្នក​ដែល​មាន​ជំនឿ​ជឿ​ជាក់​ទាំង​ស្រុង​ថា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត។ (​ហេប្រឺ ១១:១​) ផ្ទុយ​ទៅ​វិញ មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​សង្ឃឹម និង​ចង់​បាន​អ្វី​ផ្សេង​ៗ ប៉ុន្ដែ​ពួក​គេ​មិន​អាច​ប្រាកដ​ថា​ពួក​គេ​នឹង​ទទួល​អ្វី​ទាំង​នោះ​ទេ។ ជា​ឧទាហរណ៍ បុគ្គល​ម្នាក់​ប្រហែល​ជា​សង្ឃឹម​ឈ្នះ​ឆ្នោត តែ​គាត់​មិន​អាច​ប្រាកដ​ថា​គាត់​នឹង​ឈ្នះ​ទេ។ ក្នុង​អត្ថបទ​នេះ​យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ។ យើង​ក៏​នឹង​ពិចារណា​ដែរ​អំពី​របៀប​ដែល​ជំនឿ​មាំ​មួន​អាច​ជួយ​យើង​នៅ​សព្វ​ថ្ងៃ​នេះ។

៣​. ហេតុ​អ្វី​យើង​ជឿ​ថា​សេចក្ដី​សន្យា​របស់​ព្រះ​នឹង​ក្លាយ​ជា​ការ​ពិត?

គ្មាន​អ្នក​ណា​ម្នាក់​កើត​មក​ដោយ​មាន​ជំនឿ​ទេ។ ដើម្បី​មាន​ជំនឿ យើង​ត្រូវ​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​ដឹក​នាំ​ចិត្ដ​របស់​យើង។ (​កាឡាទី ៥:២២​) សកម្មពល​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា។ ពេល​យើង​យល់​ថា​លោក​ជា​ព្រះ​ដ៏​មាន​ឫទ្ធា​នុភាព​ខ្លាំង​ក្លា​បំផុត​និង​មាន​ប្រាជ្ញា យើង​កាន់​តែ​មាន​ទំនុក​ចិត្ដ​ថា​លោក​មាន​សមត្ថភាព​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​សន្យា។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​អំពី​សេចក្ដី​សន្យា​របស់​លោក​ថា​នោះ​ដូច​ជា​បាន​កើត​ឡើង​រួច​ហើយ។ លោក​មាន​ប្រសាសន៍​ថា​៖​«​ការ​ទាំង​នោះ​បាន​សម្រេច​ហើយ!​»។ (​សូម​អាន ការ​បើក​បង្ហាញ ២១:៣​-​៦) យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​តាម​អ្វី​ដែល​លោក​បាន​សន្យា។ លោក​គឺ​ជា​«​ព្រះ​ស្មោះ​ត្រង់​»។ នេះ​ជា​មូលហេតុ​ដែល​យើង​ជឿ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​ប្រាប់​យើង​អំពី​ថ្ងៃ​អនាគត។—ចោទិយកថា ៧:៩

អ្នក​បម្រើ​ព្រះ​នៅ​អតីតកាល ដែល​មាន​ជំនឿ​មាំ​មួន

៤​. តើ​អ្នក​បម្រើ​ព្រះ​នៅ​អតីតកាល​មាន​ជំនឿ​លើ​អ្វី?

សៀវភៅ​ហេប្រឺ ជំពូក​១១ ប្រាប់​យើង​អំពី​ឈ្មោះ​បុរស​ស្ដ្រី​១៦​នាក់​ដែល​មាន​ជំនឿ​មាំ​មួន​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា។ ជំពូក​នោះ​ក៏​រៀប​រាប់​អំពី​បុគ្គល​ជា​ច្រើន​នាក់​ទៀត​ដែល​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​«​ដោយ​សារ​ជំនឿ​របស់​ពួក​គេ​»។ (​ហេប្រឺ ១១:៣៩​) ពួក​គេ​ទាំង​អស់​គ្នា​បាន​ទន្ទឹង​រង់​ចាំ​«​ពូជ​»​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា។ ពួក​គេ​ដឹង​ថា​«​ពូជ​»​នេះ​នឹង​បំផ្លាញ​សត្រូវ​ទាំង​អស់​របស់​ព្រះ ហើយ​ធ្វើ​ឲ្យ​ផែន​ដី​ទៅ​ជា​សួន​ឧទ្យាន​ម្ដង​ទៀត។ (​លោកុប្បត្ដិ ៣:១៥​) ម្យ៉ាង​ទៀត ពួក​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ទាំង​នេះ​មាន​ជំនឿ​មាំ​មួន​ថា​លោក​នឹង​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ។ ពួក​គេ​មិន​ទន្ទឹង​រង់​ចាំ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​ទេ ដោយ​សារ​លោក​យេស៊ូ​មិន​ទាន់​ធ្វើ​ឲ្យ​ការ​នេះ​កើត​ឡើង​ឡើយ។ (​កាឡាទី ៣:១៦​) ផ្ទុយ​ទៅ​វិញ ពួក​គេ​ទន្ទឹង​រង់​ចាំ​ការ​រស់​នៅ​ជា​រៀង​រហូត​លើ​ផែន​ដី​ក្នុង​សួន​ឧទ្យាន​ដ៏​សែន​ស្អាត។—ទំនុក​តម្កើង ៣៧:១១; អេសាយ ២៦:១៩; ហូសេ ១៣:១៤

៥, ៦​. តើ​អាប្រាហាំ​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទន្ទឹង​រង់​ចាំ​អ្វី? តើ​តាម​របៀប​ណា​ពួក​គាត់​បាន​រក្សា​ជំនឿ​ឲ្យ​មាំ​មួន? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ហេប្រឺ ១១:១៣​ចែង​អំពី​ពួក​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​ទាំង​នេះ​ថា​៖ ​«​អ្នក​ទាំង​អស់​នោះ​បាន​ស្លាប់​ដោយ​មាន​ជំនឿ ទោះ​ជា​ពួក​គេ​មិន​បាន​ទទួល​អ្វី​ដែល​បាន​ត្រូវ​សន្យា​ក៏​ដោយ ក៏​ពួក​គេ​បាន​ឃើញ​ការ​នោះ​ពី​ចម្ងាយ ហើយ​បាន​រីក​រាយ​នឹង​ការ​នោះ​»។ ពួក​គេ​បាន​ទន្ទឹង​រង់​ចាំ​ពិភព​លោក​ថ្មី ហើយ​បាន​ស្រមៃ​ឃើញ​ថា​ពួក​គេ​រស់​នៅ​ទី​នោះ។ អាប្រាហាំ​គឺ​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​ពួក​គេ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​អាប្រាហាំ​«​បាន​ត្រេក​អរ​ដោយ​សង្ឃឹម​ថា​នឹង​ឃើញ​»​គ្រា​នោះ។ (​យ៉ូហាន ៨:៥៦​) សារ៉ា អ៊ីសាក យ៉ាកុប និង​បុគ្គល​ជា​ច្រើន​នាក់​ទៀត​ក៏​ទន្ទឹង​រង់​ចាំ​ពេល​ដែល​រាជាណាចក្រ​«​ដែល​មាន​ព្រះ​ជា​អ្នក​សង់​និង​ជា​អ្នក​បង្កើត​»​នឹង​គ្រប់​គ្រង​លើ​ផែន​ដី​ទាំង​មូល។—ហេប្រឺ ១១:៨​-​១១

តើ​តាម​របៀប​ណា​អាប្រាហាំ​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​រក្សា​ជំនឿ​ឲ្យ​មាំ​មួន? ពួក​គាត់​បាន​បន្ដ​រៀន​អំពី​ព្រះ​យេហូវ៉ា។ ជួន​កាល ព្រះ​បាន​មាន​ប្រសាសន៍​មក​កាន់​ពួក​គាត់​តាម​រយៈ​ពួក​ទេវតា ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត ឬ​សុបិន។ ពួក​គាត់​ក៏​ទំនង​ជា​បាន​រៀន​ពី​ពួក​អ្នក​ស្មោះ​ត្រង់​ដែល​មាន​វ័យ​ចាស់ ឬ​ពី​សំណេរ​ចាស់។ អាប្រាហាំ​និង​ក្រុម​គ្រួសារ​របស់​គាត់​មិន​ដែល​ភ្លេច​សេចក្ដី​សន្យា​របស់​ព្រះ​ទេ ហើយ​ពួក​គាត់​ចូល​ចិត្ដ​រំពឹង​គិត​ទៅ​លើ​សេចក្ដី​សន្យា​ទាំង​នោះ។ ជាលទ្ធផល ពួក​គាត់​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក។ ដូច្នេះ ពួក​គាត់​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​លោក សូម្បី​តែ​នៅ​ពេល​ដែល​ពួក​គាត់​រង​ទុក្ខ​លំបាក ឬ​មាន​ការ​បៀត​បៀត​ក្ដី។

៧​. តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​អ្វី​ខ្លះ​ដល់​យើង​ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង ហើយ​តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ?

តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​រក្សា​ជំនឿ​មាំ​មួន? ព្រះ​យេហូវ៉ា​បាន​ឲ្យ​គម្ពីរ​ដល់​យើង​ដើម្បី​បង្រៀន​យើង​អំពី​សេចក្ដី​សន្យា​របស់​លោក​សម្រាប់​ថ្ងៃ​អនាគត។ ក្នុង​គម្ពីរ លោក​បង្ហាញ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​សប្បាយ​រីក​រាយ។ នេះ​ជា​មូលហេតុ​ដែល​ការ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​និង​ការ​ធ្វើ​តាម​ការ​ណែនាំ​ពី​គម្ពីរ​គឺ​ជា​អ្វី​ដ៏​ល្អ​សម្រាប់​យើង។ (​ទំនុក​តម្កើង ១:១​-​៣; សូម​អាន សកម្មភាព ១៧:១១) ព្រះ​យេហូវ៉ា​ក៏​ឲ្យ​យើង​នូវ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា‹អាហារ​បរិភោគ​តាម​ត្រូវ​ពេល›តាម​រយៈ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។ (​ម៉ាថាយ ២៤:៤៥​) ដូច​រាស្ដ្រ​របស់​ព្រះ​នៅ​អតីតកាល​ដែរ យើង​ត្រូវ​អាន​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​ជា​ទៀង​ទាត់ ហើយ​រំពឹង​គិត​យ៉ាង​ជ្រាល​ជ្រៅ​ទៅ​លើ​សេចក្ដី​សន្យា​ទាំង​នោះ។ នេះ​នឹង​ជួយ​យើង​ឲ្យ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ ហើយ​បន្ដ​ទន្ទឹង​រង់​ចាំ​ពេល​ដែល​រាជាណាចក្រ​របស់​លោក​នឹង​គ្រប់​គ្រង​លើ​ផែន​ដី​ទាំង​មូល។

ពេល​យើង​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង នោះ​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​លោក

៨​. តើ​តាម​របៀប​ណា​សេចក្ដី​អធិដ្ឋាន​អាច​ពង្រឹង​ជំនឿ​របស់​យើង?

តើ​អ្វី​ទៀត​បាន​ជួយ​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​នៅ​អតីតកាល​ឲ្យ​រក្សា​ជំនឿ​មាំ​មួន? ពួក​គេ​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ហើយ​ពេល​ដែល​ពួក​គេ​ឃើញ​ថា​លោក​បាន​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ នោះ​បាន​ពង្រឹង​ជំនឿ​របស់​ពួក​គេ។ (​នេហេមា ១:៤, ១១; ទំនុក​តម្កើង ៣៤:៤, ១៥, ១៧; ដានីយ៉ែល ៩:១៩​-​២១​) ដូច​គ្នា​ដែរ ពេល​យើង​ឃើញ​ថា​ព្រះ​យេហូវ៉ា​បាន​ស្តាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង ហើយ​បាន​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​តាម​ត្រូវ​ពេល នោះ​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​លោក។ (​សូម​អាន យ៉ូហាន​ទី១ ៥:១៤, ១៥) យើង​ក៏​ត្រូវ​សុំ​សកម្មពល​បរិសុទ្ធ​ពី​ព្រះ​យេហូវ៉ា​«​ឥត​ឈប់​»​ ដើម្បី​យើង​អាច​មាន​ជំនឿ​ថែម​ទៀត។—លូកា ១១:៩, ១៣

៩​. តើ​យើង​គួរ​អធិដ្ឋាន​អំពី​អ្វី​ខ្លះ?

ពេល​យើង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា យើង​មិន​គួរ​គ្រាន់​តែ​សុំ​លោក​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​នោះ​ទេ។ យើង​ក៏​គួរ​អរគុណ​លោក​និង​សរសើរ​លោក​ជា​រៀង​រាល់​ថ្ងៃ​ដែរ។ លោក​បាន​ធ្វើ​អ្វី​ដ៏​អស្ចារ្យ​ជា​ច្រើន! (​ទំនុក​តម្កើង ៤០:៥​) រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​ក៏​អធិដ្ឋាន​ឲ្យ​បង​ប្អូន​របស់​ពួក​គេ​នៅ​ទូ​ទាំង​ពិភព​លោក​ដែរ។ ជា​ឧទាហរណ៍ យើង​«​ចាំ​ជា​និច្ច​អំពី​ពួក​អ្នក​ដែល​ជាប់​ចំណង​»។ យើង​ក៏​អធិដ្ឋាន​ឲ្យ​«​ពួក​អ្នក​ដែល​កំពុង​នាំ​មុខ​»​ដែរ។ ពេល​យើង​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង នោះ​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​លោក ហើយ​យើង​ចូល​កាន់​តែ​ជិត​លោក។—ហេប្រឺ ១៣:៣,

ពួក​គេ​បាន​រក្សា​ភក្ដី​ភាព

១០​. តើ​អ្វី​បាន​ជួយ​បុគ្គល​ជា​ច្រើន​នាក់​ឲ្យ​មាន​ចិត្ដ​ក្លាហាន​និង​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ?

១០ នៅ​ហេប្រឺ ជំពូក​១១ សាវ័ក​ប៉ូល​បាន​និយាយ​ថា​៖ ​«​ស្ដ្រី​ខ្លះ​ដែល​មាន​ពួក​អ្នក​ជា​ទី​ស្រឡាញ់​ស្លាប់​ទៅ បាន​ទទួល​ពួក​គេ​មក​វិញ តាម​រយៈ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ប៉ុន្ដែ​បុរស​ឯ​ទៀត​ត្រូវ​គេ​ធ្វើ​ទារុណកម្ម​ដោយ​សារ​ពួក​គេ​មិន​ព្រម​ផ្ដល់​អ្វី​ដើម្បី​ឲ្យ​រួច​ខ្លួន​ទេ ដើម្បី​ពួក​គេ​អាច​ទទួល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​ប្រសើរ​ជាង​»។ (​ហេប្រឺ ១១:៣៥​) បុគ្គល​ជា​ច្រើន​នាក់​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ហើយ​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ ពី​ព្រោះ​ពួក​គេ​មាន​ជំនឿ​មាំ​មួន​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​ព្រះ​បាន​សន្យា។ ពួក​គេ​បាន​ដឹង​ថា​នៅ​ថ្ងៃ​អនាគត​ព្រះ​យេហូវ៉ា​នឹង​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ ហើយ​ថា​ពួក​គេ​នឹង​រស់​នៅ​ជា​រៀង​រហូត​លើ​ផែន​ដី។ សូម​គិត​អំពី​ណាបោត​និង​សាការី។ ពួក​គាត់​បាន​ត្រូវ​គេ​ចោល​ថ្ម​សម្លាប់​ដោយ​សារ​ពួក​គាត់​បាន​ស្តាប់​បង្គាប់​ព្រះ។ (​ពង្សាវតារ​ក្សត្រ​ទី១ ២១:៣, ១៥; របា​ក្សត្រ​ទី២ ២៤:២០,២១​) ដានីយ៉ែល​បាន​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​រូង​សិង្ហ ហើយ​មិត្ដ​ភក្ដិ​របស់​គាត់​បាន​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ។ ពួក​គាត់​សុខ​ចិត្ដ​ស្លាប់​ជា​ជាង​មិន​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ បុរស​ទាំង​នេះ​មាន​ជំនឿ​មាំ​មួន​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក​ឲ្យ​ពួក​គេ ហើយ​ជួយ​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ទាំង​នោះ។—ដានីយ៉ែល ៣:១៦​-​១៨, ២០, ២៨; ៦:១៣, ១៦, ២១​-​២៣; ហេប្រឺ ១១:៣៣, ៣៤

អ្នក​បម្រើ​ព្រះ​រក្សា​ភក្ដី​ភាព​ចំពោះ​លោក ពី​ព្រោះ​ពួក​គេ​មាន​ជំនឿ​មាំ​មួន​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​ព្រះ​បាន​សន្យា

១១​. តើ​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​អ្វី​ខ្លះ​ដោយ​សារ​ជំនឿ​របស់​ពួក​គេ?

១១ អ្នក​ប្រកាស​ទំនាយ​ជា​ច្រើន​នាក់​ដូច​ជា​មីកា​យ៉ា​និង​យេរេមា​បាន​ត្រូវ​គេ​សើច​ចំអក ឬ​ចាប់​ដាក់​គុក។ អ្នក​ប្រកាស​ទំនាយ​ឯ​ទៀត​ដូច​អេលីយ៉ា​«​បាន​រស់​នៅ​ក្នុង​រអាង តំបន់​ស្ងាត់​ជ្រងំ ភ្នំ និង​រូង​នៃ​ផែន​ដី​»។ ពួក​គេ​ទាំង​នេះ​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ហើយ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ ដោយ​សារ​ពួក​គេ​មាន​«​ការ​ទុក​ចិត្ដ​ដោយ​មាន​ទី​សំអាង​មាំ​មួន​ថា អ្វី​ៗ​នឹង​កើត​ឡើង​ដូច​សង្ឃឹម​»។—ហេប្រឺ ១១:១, ៣៦​-​៣៨; ពង្សាវតារ​ក្សត្រ​ទី១ ១៨:១៣; ២២:២៤​-​២៧; យេរេមា ២០:១, ២; ២៨:១០, ១១; ៣២:២

១២​. តើ​អ្នក​ណា​ជា​គំរូ​ដ៏​ល្អ​បំផុត​សម្រាប់​យើង? តើ​អ្វី​បាន​ជួយ​លោក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក?

១២ លោក​យេស៊ូ​គ្រិស្ដ​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដ៏​ខ្លាំង​បំផុត ហើយ​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ តើ​អ្វី​បាន​ជួយ​លោក​ឲ្យ​ស៊ូ​ទ្រាំ? ប៉ូល​បាន​និយាយ​ថា​៖ ​«​ដោយ​សារ​អំណរ​ដែល​នៅ​ខាង​មុខ​លោក លោក​បាន​ស៊ូ​ទ្រាំ​លើ​បង្គោល​ទារុណកម្ម ក៏​បាន​មើល​ងាយ​ចំពោះ​សេចក្ដី​អាម៉ាស់​ខ្មាស ហើយ​ឥឡូវ​បាន​អង្គុយ​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​នៃ​ព្រះ​»។ (​ហេប្រឺ ១២:២​) បន្ទាប់​មក ប៉ូល​បាន​លើក​ទឹក​ចិត្ដ​គ្រិស្ដ​សាសនិក​ឲ្យ​«​ពិចារណា​ឲ្យ​បាន​ដិត​ដល់​»​អំពី​គំរូ​របស់​លោក​យេស៊ូ។ (​សូម​អាន ហេប្រឺ ១២:៣) ដូច​លោក​យេស៊ូ​ដែរ គ្រិស្ដ​សាសនិក​ជា​ច្រើន​នាក់​នៅ​សតវត្សរ៍​ទី១​បាន​ស្លាប់​ដោយ​សារ​ពួក​គេ​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ អាន់ទីប៉ាស​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ទាំង​នេះ។ (​ការ​បើក​បង្ហាញ ២:១៣​) គ្រិស្ដ​សាសនិក​ទាំង​នេះ​បាន​ទទួល​រង្វាន់​ជា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌ នេះ​គឺ​វិសេស​ជាង​«​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​ប្រសើរ​ជាង​»​ដែល​បុគ្គល​ដែល​មាន​ជំនឿ​នៅ​សម័យ​បុរាណ​បាន​ទន្ទឹង​រង់​ចាំ។ (​ហេប្រឺ ១១:៣៥​) នៅ​ពេល​មួយ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ទៅ​ជា​ស្ដេច​នៅ​ឆ្នាំ​១៩១៤ គ្រិស្ដ​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​បាន​ស្លាប់​មុន​ពេល​នោះ បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដោយ​មាន​ជីវិត​អមតៈ​នៅ​ស្ថាន​សួគ៌ ហើយ​ពួក​គាត់​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​មក​លើ​មនុស្សជាតិ។—ការ​បើក​បង្ហាញ ២០:៤

អ្នក​បម្រើ​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ​ដែល​មាន​ជំនឿ​មាំ​មួន

១៣, ១៤​. តើ​បង​រូដូហ្វ ក្រាយឃិន​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​អ្វី​ខ្លះ ហើយ​តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ?

១៣ អ្នក​បម្រើ​ព្រះ​រាប់​លាន​នាក់​កំពុង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ។ ពួក​គេ​រំពឹង​គិត​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ ហើយ​រក្សា​ភក្ដី​ភាព​ចំពោះ​លោក​ក្នុង​អំឡុង​ពេល​មាន​ទុក្ខ​លំបាក។ សូម​ពិចារណា​អំពី​បង​ប្រុស​រូដូហ្វ ក្រាយឃិន។ គាត់​បាន​កើត​នៅ​ឆ្នាំ​១៩២៥ នា​ប្រទេស​អាល្លឺម៉ង់។ ពេល​គាត់​នៅ​វ័យ​ក្មេង ឪ​ពុក​ម្ដាយ​របស់​គាត់​បាន​តាំង​រូប​ភាព​ក្នុង​ផ្ទះ​អំពី​កំណត់​ហេតុ​គម្ពីរ។ គាត់​បាន​និយាយ​ថា​៖ ​«​រូប​ភាព​មួយ​បង្ហាញ​អំពី​ឆ្កែ​ព្រៃ​នៅ​ជា​មួយ​នឹង​កូន​ចៀម កូន​ពពែ​នៅ​ជា​មួយ​នឹង​ខ្លា​រខិន កូន​គោ​នៅ​ជា​មួយ​នឹង​សិង្ហ ទាំង​អស់​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ដ ហើយ​ក្មេង​តូច​ជា​អ្នក​ឃ្វាល​ពួក​វា​»។ (​អេសាយ ១១:៦​-​៩​) នេះ​បាន​ជួយ​បង​រូដូហ្វ​ឲ្យ​គិត​ច្រើន​អំពី​សួន​ឧទ្យាន​នៅ​លើ​ផែន​ដី ហើយ​បាន​ពង្រឹង​ជំនឿ​របស់​គាត់​ទៅ​លើ​សេចក្ដី​សន្យា​នេះ។ ជា​លទ្ធផល គាត់​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា ទោះ​ជា​គាត់​បាន​ត្រូវ​បៀត​បៀន​យ៉ាង​ឃោរ​ឃៅ​អស់​ជា​ច្រើន​ឆ្នាំ​ពី​ប៉ូលិស​សម្ងាត់ ពោល​គឺ​ពួក​ណាត្ស៊ី ហ្គេស្តាប៉ូ និង​ក្រោយ​មក​ពី​ពួក​កុម្មុយនីស្ដ​ស្តា​ស៊ី នៃ​ប្រទេស​អាល្លឺម៉ង់​ខាង​កើត។

១៤ បង​រូដូហ្វ​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ជា​ច្រើន​ទៀត។ ម្ដាយ​របស់​គាត់​បាន​ស្លាប់​នៅ​ជំរំ​ឃុំ​ឃាំង​រ៉ាវិនប្រុក​ដោយ​សារ​ឆ្លង​រោគ។ ឪ​ពុក​របស់​គាត់​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ដែល​ថា​គាត់​លែង​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ទៀត។ ប៉ុន្ដែ បង​រូដូហ្វ​បាន​បន្ដ​រក្សា​ជំនឿ​មាំ​មួន។ ក្រោយ​ពី​គាត់​បាន​ត្រូវដោះ​លែង​ចេញ​ពី​គុក គាត់​បាន​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល។ ក្រោយ​មក គាត់​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​សាលា​គីលាត ហើយ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ប្រទេស​ស៊ីលី។ នៅ​ទី​នោះ​គាត់​បាន​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ម្ដង​ទៀត ហើយ​បាន​រៀប​ការ​ជា​មួយ​នឹង​បង​ស្រី​ផាតស៊ី​ដែល​ជា​សាសនទូត​ម្នាក់។ ប៉ុន្ដែ​គួរ​ឲ្យ​ស្តាយ មួយ​ឆ្នាំ​ក្រោយ​មក​កូន​ស្រី​តូច​របស់​ពួក​គាត់​បាន​ស្លាប់។ បង​ផាតស៊ី​ក៏​បាន​ស្លាប់​ដែរ ពេល​នាង​មាន​អាយុ​តែ​៤៣​ឆ្នាំ​ប៉ុណ្ណោះ។ ទោះ​ជា​ជួប​ទុក្ខ​លំបាក​ទាំង​អស់​នេះ​ក្ដី បង​រូដូហ្វ​បាន​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា។ សូម្បី​តែ​ពេល​ដែល​គាត់​មាន​វ័យ​ចាស់ ហើយ​សុខភាព​គាត់​មិន​ល្អ​ក៏​ដោយ គាត់​បាន​បម្រើ​ជា​អ្នក​ចាស់​ទុំ​និង​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។

១៥​. សូម​លើក​ឧទាហរណ៍​ខ្លះ​អំពី​បង​ប្អូន​នៅ​សព្វ​ថ្ងៃ​នេះ​ដែល​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​មាន​អំណរ ទោះ​ជា​ពួក​គាត់​បាន​ត្រូវ​គេ​បៀត​បៀន​ក៏​ដោយ។

១៥ នៅ​សព្វ​ថ្ងៃ​នេះ បង​ប្អូន​ជា​ច្រើន​នាក់​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​មាន​អំណរ ទោះ​ជា​ពួក​គាត់​ត្រូវ​គេ​បៀត​បៀន​ដោយ​គ្មាន​មេត្ដា​ក៏​ដោយ។ ពួក​គាត់​រាប់​រយ​នាក់​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក​នៅ​ប្រទេស​អេរីត្រេ សិង្ហបុរី និង​កូរ៉េ​ខាង​ត្បូង ដោយ​សារ​ពួក​គាត់​មិន​ព្រម​«​ប្រើ​ដាវ​»​ ពោល​គឺ​មិន​ព្រម​ចូល​រួម​ក្នុង​សង្គ្រាម។ (​ម៉ាថាយ ២៦:៥២​) ជា​ឧទាហរណ៍ បង​អ៊ីសាក បង​ណេហ្គេដេ និង​បង​ប៉ោឡុស​កំពុង​ជាប់​គុក​ជាង​២០​ឆ្នាំ​នៅ​ប្រទេស​អេរីត្រេ! នៅ​ទី​នោះ ពួក​គាត់​បាន​ត្រូវ​គេ​ប្រព្រឹត្ដ​យ៉ាង​ឃោរ​ឃៅ។ ម្យ៉ាង​ទៀត ក្នុង​អំឡុង​ឆ្នាំ​ទាំង​នេះ​ពួក​គាត់​មិន​អាច​រៀប​ការ ឬ​ថែ​រក្សា​ឪ​ពុក​ម្ដាយ​របស់​ពួក​គាត់​បាន​ឡើយ។ ក៏​ប៉ុន្ដែ ពួក​គាត់​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​មាន​ជំនឿ​មាំ​មួន។ នៅ​ឥឡូវ​នេះ សូម្បី​តែ​អ្នក​យាម​គុក​ក៏​គោរព​ពួក​គាត់​ដែរ។ នៅ​គេហទំព័រ​jw.org​មាន​រូប​ថត​បង​ប្រុស​ទាំង​នេះ។ ពួក​គាត់​កំពុង​ញញឹម ទោះ​ជា​ពួក​គាត់​កំពុង​រង​ទុក្ខ​លំបាក​ក៏​ដោយ។

តើ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​បាន​រក្សា​ជំនឿ​របស់​ពួក​គាត់​ឲ្យ​មាំ​មួន​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​វគ្គ​១៥, ១៦​)

១៦​. តើ​ជំនឿ​មាំ​មួន​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​អ្វី?

១៦ រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​ភាគ​ច្រើន​មិន​បាន​ជាប់​គុក ឬ​ត្រូវ​គេ​ប្រព្រឹត្ដ​ដោយ​គ្មាន​មេត្ដា​ដូច​បង​ប្អូន​របស់​យើង​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​ទេ។ ប៉ុន្ដែ បង​ប្អូន​ជា​ច្រើន​នាក់​បាន​រង​ទុក្ខ​ដោយ​សារភាព​ក្រី​ក្រ មហន្ដរាយ​ធម្មជាតិ ឬ​សង្គ្រាម​ស៊ី​វិល។ បង​ប្អូន​ឯ​ទៀត​បាន​ធ្វើ​តាម​គំរូ​របស់​អាប្រាហាំ អ៊ីសាក យ៉ាកុប និង​ម៉ូសេ ហើយ​បាន​លះ​បង់​ឈ្មោះ​ល្បី​ល្បាញ ឬ​ទ្រព្យ​សម្បត្ដិ​ដើម្បី​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា។ តើ​អ្វី​ជួយ​បង​ប្អូន​របស់​យើង​ឲ្យ​រក្សា​អំណរ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា? សេចក្ដី​ស្រឡាញ់​ដែល​ពួក​គាត់​មាន​ចំពោះ​លោក​និង​ជំនឿ​មាំ​មួន​ទៅ​លើ​សេចក្ដី​សន្យា​របស់​លោក។ ពួក​គាត់​ដឹង​ថា​ព្រះ​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក​បម្រើ​ដែល​ស្មោះ​ត្រង់ ពោល​គឺ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ពិភព​លោក​ថ្មី​ដែល​នឹង​គ្មាន​អំពើ​អយុត្ដិធម៌។—សូម​អាន ទំនុក​តម្កើង ៣៧:៥, ៧, ៩, ២៩

១៧​. តើ​អ្នក​នឹង​រក្សា​ជំនឿ​របស់​អ្នក​ឲ្យ​មាំ​មួន​យ៉ាង​ដូច​ម្ដេច ហើយ​នៅ​អត្ថបទ​បន្ទាប់ តើ​យើង​នឹង​ពិចារណា​អ្វី?

១៧ នៅ​អត្ថបទ​នេះ យើង​បាន​ឃើញ​ថា​ជំនឿ​គឺ​ជា​«​ការ​ទុក​ចិត្ដ​ដោយ​មាន​ទី​សំអាង​មាំ​មួន​ថា អ្វី​ៗ​នឹង​កើត​ឡើង​ដូច​សង្ឃឹម​»។ ដើម្បី​មាន​ជំនឿ​បែប​នេះ យើង​ត្រូវ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​បន្ដ​រំពឹង​គិត​ទៅ​លើ​សេចក្ដី​សន្យា​របស់​លោក។ យ៉ាង​នេះ យើង​នឹង​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ណា​ក៏​ដោយ​ដែល​យើង​ជួប​ប្រទះ។ នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​ថែម​ទៀត​អំពី​អត្ថន័យ​នៃ​ការ​មាន​ជំនឿ។