លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​រក្សា​ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ​កាល​ដែល​បម្រើ​ក្នុង​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​ផ្សេង

ចូរ​រក្សា​ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ​កាល​ដែល​បម្រើ​ក្នុង​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​ផ្សេង

​«​ទូល​បង្គំ​បាន​កំណត់​ចាំ​ព្រះ​បន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្ដ​»។—ទំនុក​តម្កើង ១១៩:១១

ចម្រៀង​លេខ: ១៤២, ៤៧

១​-​៣​. (​ក​) ទោះ​ជា​យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​យ៉ាង​ណា​ក៏​ដោយ តើ​អ្វី​គួរ​សំខាន់​បំផុត​ចំពោះ​យើង? (​ខ​) តើ​បង​ប្អូន​ដែល​បម្រើ​នៅ​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​ផ្សេង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ហើយ​តើ​នេះ​នាំ​ឲ្យ​មាន​សំណួរ​អ្វី​ខ្លះ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

សព្វ​ថ្ងៃ​នេះ សាក្សី​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​ជាប់​រវល់​ក្នុង​ការ​ជួយ​ធ្វើ​ឲ្យ​ទំនាយ​ដែល​ឲ្យ​ផ្សព្វ​ផ្សាយ​«​ដល់​គ្រប់​ប្រជា​ជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ជាតិ​សាសន៍​»​ក្លាយ​ទៅ​ជា​ការ​ពិត។ (​ការ​បើក​បង្ហាញ ១៤:៦​) តើ​អ្នក​នៅ​ក្នុង​ចំណោម​បង​ប្អូន​ដែល​កំពុង​រៀន​ភាសា​ផ្សេង​ឬ​ទេ? បង​ប្អូន​ខ្លះ​បម្រើ​ជា​សាសនទូត ឬ​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង។ បង​ប្អូន​ខ្លះ​ទៀត​បាន​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ​ក្នុង​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​ផ្សេង​នៅ​ស្រុក​កំណើត​របស់​ពួក​គេ។

អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​ត្រូវ​តែ​ចាត់​ទុក​ចំណង​មិត្ដភាព​របស់​ខ្លួន​ជា​មួយ​នឹង​ព្រះ និង​ចំណង​មិត្ដភាព​របស់​ក្រុម​គ្រួសារ​ជា​មួយ​នឹង​ព្រះ​ថា​សំខាន់​បំផុត។ (​ម៉ាថាយ ៥:៣​) ប៉ុន្ដែ ជួន​កាល​យើង​ប្រហែល​ជា​ជាប់​រវល់​ខ្លាំង​ពេក​បាន​ជា​យើង​ពិបាក​រក​ពេល​ដើម្បី​ធ្វើ​ការ​សិក្សា​ផ្ទាល់​ខ្លួន​ដែល​មាន​ឥទ្ធិពល​លើ​ចិត្ដ​របស់​យើង។ ក៏​ប៉ុន្ដែ បង​ប្អូន​ដែល​បម្រើ​ក្នុង​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​ផ្សេង​ពី​ភាសា​កំណើត​របស់​ខ្លួន​មាន​ការ​ពិបាក​លើស​ពី​នេះ។

បង​ប្អូន​ដែល​បម្រើ​ក្នុង​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​ផ្សេង​ពី​ភាសា​កំណើត​របស់​ខ្លួន​ត្រូវ​រៀន​ភាសា​ថ្មី ប៉ុន្ដែ​ពួក​គេ​ក៏​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ដែរ​ថា​ពួក​គេ​សិក្សា​សេចក្ដី​ជ្រាល​ជ្រៅ​របស់​ព្រះ​ជា​ទៀង​ទាត់។ (​កូរិនថូស​ទី១ ២:១០​) តើ​ពួក​គេ​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច បើ​ពួក​គេ​មិន​យល់​ទាំង​ស្រុង​នូវ​ភាសា​ដែល​ក្រុម​ជំនុំ​ប្រើ? ម្យ៉ាង​ទៀត ហេតុ​អ្វី​ឪ​ពុក​ម្ដាយ​ជា​គ្រិស្ដ​សាសនិក​ដែល​បម្រើ​នៅ​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​ផ្សេង​គួរ​ធ្វើ​ឲ្យ​ប្រាកដ​ថា​សេចក្ដី​ពិត​ជ្រាប​ចូល​ក្នុង​ចិត្ដ​របស់​កូន?

ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​អាច​ចុះ​ខ្សោយ

៤​. តើ​អ្វី​អាច​ធ្វើ​ឲ្យ​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ចុះ​ខ្សោយ? សូម​លើក​ឧទាហរណ៍​មួយ។

ពេល​យើង​មិន​អាច​យល់​សេចក្ដី​បង្រៀន​ពី​គម្ពីរ​ជា​ភាសា​បរទេស នេះ​អាច​ធ្វើ​ឲ្យ​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ចុះ​ខ្សោយ។ កាល​ដែល​នេហេមា​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ គាត់​បាន​ឃើញ​ថា​ក្មេង​ខ្លះ​ដែល​នៅ​ទី​នោះ​មិន​អាច​និយាយ​ភាសា​ហេប្រឺ​បាន​ទេ។ (​សូម​អាន នេហេមា ១៣:២៣, ២៤) ដោយ​សារ​ក្មេង​ទាំង​នោះ​មិន​អាច​យល់​បណ្ដាំ​របស់​ព្រះ នោះ​ចំណង​មិត្ដភាព​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​បាន​ចុះ​ខ្សោយ។—នេហេមា ៨:២,

៥, ៦​. តើ​ឪ​ពុក​ម្ដាយ​ខ្លះ​ដែល​បម្រើ​នៅ​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​ផ្សេង​បាន​ឃើញ​អ្វី ហើយ​ហេតុ​អ្វី?

ឪ​ពុក​ម្ដាយ​ខ្លះ​ដែល​ជា​គ្រិស្ដ​សាសនិក​ដែល​បម្រើ​ក្នុង​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​ផ្សេង​ពី​ភាសា​កំណើត​របស់​ពួក​គាត់ បាន​ឃើញ​ថា​ចំណង​មិត្ដភាព​របស់​កូន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​បាន​ចុះ​ខ្សោយ។ ដោយ​សារ​កូន​របស់​ពួក​គាត់​មិន​សូវ​យល់​ព័ត៌មាន​ដែល​បាន​ត្រូវ​ថ្លែង​នៅ​កិច្ច​ប្រជុំ ព័ត៌មាន​នោះ​មិន​បាន​ជំរុញ​ចិត្ដ​របស់​កូន​ឲ្យ​ធ្វើ​តាម​ទេ។ បង​ប្រុស​ភេត្រូ​ដែល​បាន​រើ​ពី​ទ្វីប​អាម៉េរិក​ខាង​ត្បូង​ទៅ​ប្រទេស​អូស្ត្រាលី​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​គាត់ និយាយ​ថា​៖ ​«​រឿង​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​គួរ​មាន​ឥទ្ធិពល​លើ​ចិត្ដ​របស់​យើង​»​  [១] (​សូម​មើល​កំណត់​នៅ​ចុង​អត្ថបទ​)។—លូកា ២៤:៣២

ពេល​យើង​អាន​ភាសា​ផ្សេង នោះ​ប្រហែល​ជា​មិន​សូវ​មាន​ឥទ្ធិពល​លើ​ចិត្ដ​របស់​យើង​ដូច​ពេល​យើង​អាន​ភាសា​កំណើត​ទេ។ ម្យ៉ាង​ទៀត ដោយ​សារ​ការ​ប្រាស្រ័យ​ទាក់​ទង​ក្នុង​ភាសា​ផ្សេង​គឺ​ពិបាក យើង​ប្រហែល​ជា​អស់​កម្លាំង​ខ្លាំង​ពេក​បាន​ជា​នេះ​មាន​ឥទ្ធិពល​មិន​ល្អ​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ដូច្នេះ កាល​ដែល​យើង​ចង់​បន្ដ​បម្រើ​ក្នុង​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​ផ្សេង​ពី​ភាសា​កំណើត​របស់​ខ្លួន យើង​ក៏​ត្រូវ​ការពារ​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែរ។—ម៉ាថាយ ៤:៤

ពួក​គេ​បាន​ការពារ​ចំណង​មិត្ដភាព​របស់​ខ្លួន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា

៧​. តើ​តាម​របៀប​ណា​ជន​ជាតិ​បាប៊ីឡូន​បាន​ព្យាយាម​បង្ខំ​ដានីយ៉ែល​ឲ្យ​ទទួល​យក​វប្បធម៌​និង​សាសនា​របស់​ពួក​គេ?

ពេល​ដានីយ៉ែល​និង​មិត្ដ​ភក្ដិ​របស់​គាត់​បាន​ត្រូវ​និរទេស​ទៅ​បាប៊ីឡូន ជន​ជាតិ​បាប៊ីឡូន​បាន​ព្យាយាម​បង្ខំ​ពួក​គាត់​ឲ្យ​ទទួល​យក​វប្បធម៌​និង​សាសនា​របស់​ពួក​គេ។ តើ​ពួក​គេ​បាន​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ពួក​គេ​បាន​បង្រៀន​«​ភាសា​របស់​សាសន៍​ខាល់ដេ​»​ដល់​ដានីយ៉ែល​និង​មិត្ដ​ភក្ដិ​របស់​គាត់ ហើយ​បាន​ដាក់​ឈ្មោះ​របស់​ជន​ជាតិ​បាប៊ីឡូន​ឲ្យ​ពួក​គាត់។ (​ដានីយ៉ែល ១:៣​-​៧​) ឈ្មោះ​ថ្មី​របស់​ដានីយ៉ែល​ជាប់​ទាក់​ទង​នឹង​ព្រះ​បាល ដែល​ជា​ព្រះ​ដ៏​សំខាន់​នៅ​បាប៊ីឡូន។ ដូច្នេះ ស្ដេច​នេប៊ូក្នេសា​ប្រហែល​ជា​ចង់​ឲ្យ​ដានីយ៉ែល​ជឿ​ថា​ព្រះ​របស់​បាប៊ីឡូន​មាន​ឫទ្ធា​នុភាព​ខ្លាំង​ជាង​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​ដានីយ៉ែល។—ដានីយ៉ែល ៤:៨

ដោយ​សារ​ដានីយ៉ែល​បាន​សិក្សា​«​គម្ពីរ​»​ដែល​បាន​ត្រូវ​សរសេរ​ជា​ភាសា​ហេប្រឺ គាត់​បាន​រក្សា​ចំណង​មិត្ដភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឲ្យ​មាំ​មួន

៨​. តើ​តាម​របៀប​ណា​ដានីយ៉ែល​អាច​រក្សា​ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឲ្យ​មាំ​មួន?

នៅ​បាប៊ីឡូន ដានីយ៉ែល​អាច​បរិភោគ​អាហារ​ដ៏​ឆ្ងាញ់របស់​ស្ដេច។ ប៉ុន្ដែ​គាត់​បាន​«​សំ​រេច​ក្នុង​ចិត្ដ​»​ថា​គាត់​នឹង​មិន​ព្រម​ធ្វើ​ខុស​ច្បាប់​របស់​ព្រះ​ឡើយ។ (​ដានីយ៉ែល ១:៨​) ដោយ​សារ​គាត់​បន្ដ​សិក្សា​«​គម្ពីរ​»​ដែល​បាន​ត្រូវ​សរសេរ​ជា​ភាសា​ហេប្រឺ គាត់​បាន​រក្សា​ចំណង​មិត្ដភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឲ្យ​មាំ​មួន កាល​ដែល​គាត់​រស់​នៅ​បរទេស។ (​ដានីយ៉ែល ៩:២​) តាម​ពិត ប្រហែល​ជា​៧០​ឆ្នាំ​ក្រោយ​ពី​គាត់​បាន​ទៅ​បាប៊ីឡូន គេ​នៅ​តែ​ស្គាល់​គាត់​ដោយ​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា​ដានីយ៉ែល។—ដានីយ៉ែល ៥:១៣

៩​. តើ​អ្នក​តែង​ទំនុក​ទី​១១៩​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​បណ្ដាំ​របស់​ព្រះ?

អ្នក​តែង​ទំនុក​ទី​១១៩​បាន​ស៊ូ​ទ្រាំ​ពេល​ដែល​សមាជិក​រាជវាំង​បាន​និយាយ​ប្រឆាំង​នឹង​គាត់។ ប៉ុន្ដែ​គាត់​បាន​ទទួល​កម្លាំង​ពី​បណ្ដាំ​របស់​ព្រះ ហើយ​នេះ​បាន​ជួយ​គាត់​ឲ្យ​ធ្វើ​ជា​មនុស្ស​ខុស​ពី​អ្នក​ឯ​ទៀត។ (​ទំនុក​តម្កើង ១១៩:២៣, ៦១​) គាត់​បាន​ឲ្យ​បណ្ដាំ​របស់​ព្រះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ចិត្ដ​របស់​គាត់។—សូម​អាន ទំនុក​តម្កើង ១១៩:១១, ៤៦

ចូរ​រក្សា​ចំណង​មិត្ដភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឲ្យ​មាំ​មួន

១០, ១១​. (​ក​) តើ​យើង​គួរ​មាន​គោល​ដៅ​អ្វី​ពេល​យើង​សិក្សា​បណ្ដាំ​របស់​ព្រះ? (​ខ​) តើ​យើង​អាច​សម្រេច​គោល​ដៅ​របស់​យើង​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍​មួយ។

១០ ទោះ​ជា​យើង​ប្រហែល​ជា​ជាប់​រវល់​យ៉ាង​ខ្លាំង​នឹង​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ​និង​នៅ​កន្លែង​ធ្វើ​ការ​ក៏​ដោយ យើង​ទាំង​អស់​គ្នា​ត្រូវ​លៃ​ពេល​ដើម្បី​សិក្សា​ផ្ទាល់​ខ្លួន​និង​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។ (​អេភេសូរ ៥:១៥, ១៦​) គោល​ដៅ​របស់​យើង​មិន​គួរ​គ្រាន់​តែ​អាន​ឲ្យ​បាន​ច្រើន​ទំព័រ ឬ​រៀប​ចំ​ចម្លើយ​ចំពោះ​កិច្ច​ប្រជុំ​ប៉ុណ្ណោះ​ទេ តែ​យើង​គួរ​មាន​គោល​ដៅ​ឲ្យ​បណ្ដាំ​របស់​ព្រះ​មាន​ឥទ្ធិពល​លើ​យើង ហើយ​ពង្រឹង​ជំនឿ​របស់​យើង។

១១ ដើម្បី​សម្រេច​គោល​ដៅ​របស់​យើង យើង​ត្រូវ​មាន​តុល្យភាព។ ពេល​យើង​សិក្សា យើង​មិន​គ្រាន់​តែ​គួរ​គិត​អំពី​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​គួរ​គិត​អំពី​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​ដែរ។ (​ភីលីព ១:៩, ១០​) យើង​ត្រូវ​ទទួល​ស្គាល់​ថា​ពេល​យើង​រៀប​ចំ​សម្រាប់​កិច្ច​បម្រើ​ផ្សាយ កិច្ច​ប្រជុំ ឬ​សុន្ទរកថា យើង​ប្រហែល​ជា​មិន​សូវ​គិត​ថា​ព័ត៌មាន​នេះ​គឺ​សម្រាប់​យើង​ទេ។ ជា​ឧទាហរណ៍ ទោះ​ជា​ចុង​ភៅ​ត្រូវ​ភ្លក់​ម្ហូប​ដែល​គាត់​ធ្វើ​មុន​ដែល​គាត់​ឲ្យ​អ្នក​ឯ​ទៀត គាត់​មិន​អាច​រស់​ដោយ​បរិភោគ​ម្ហូប​តែ​បន្ដិច​បន្ដួច​បែប​នេះ​បាន​ទេ។ បើ​គាត់​ចង់​រក្សា​សុខភាព​ល្អ ជា​ទៀង​ទាត់​គាត់​ត្រូវ​ធ្វើ​ម្ហូប​ដែល​មាន​ជីវជាតិ​សម្រាប់​ខ្លួន។ ស្រដៀង​គ្នា​ដែរ បើ​យើង​ចង់​ពង្រឹង​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា យើង​ត្រូវ​សិក្សា​គម្ពីរ​ជា​ទៀង​ទាត់។ ការ​សិក្សា​យ៉ាង​ស៊ី​ជម្រៅ​បែប​នេះ​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​ផ្ទាល់​ខ្លួន។

១២, ១៣​. ហេតុ​អ្វី​បង​ប្អូន​ជា​ច្រើន​នាក់​យល់​ថា​ការ​សិក្សា​គម្ពីរ​ជា​ភាសា​កំណើត​គឺ​មាន​ប្រយោជន៍?

១២ បង​ប្អូន​ជា​ច្រើន​ដែល​បម្រើ​នៅ​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​ផ្សេង​ពី​ភាសា​កំណើត​របស់​ខ្លួន មាន​អារម្មណ៍​ថា​ការ​សិក្សា​គម្ពីរ​ជា​ទៀង​ទាត់​ជា‹ភាសា​កំណើត​របស់​ពួក​គេ›គឺ​មាន​ប្រយោជន៍។ (​សកម្មភាព ២:៨​) សាសនទូត​ក៏​ដឹង​ដែរ​ថា​ដើម្បី​នៅ​ជាប់​នឹង​ភារកិច្ច​របស់​ខ្លួន​នៅ​ប្រទេស​ផ្សេង ពួក​គេ​មិន​អាច​ពឹង​ផ្អែក​ទៅ​លើ​អ្វី​ដែល​ពួក​គេ​ឮ​នៅ​កិច្ច​ប្រជុំ​ប៉ុណ្ណោះ​ទេ។

១៣ បង​ប្រុស​អាឡេន​ដែល​បាន​រៀន​ភាសា​ពើស៊ី​អស់​រយៈ​ពេល​ប្រហែល​ជា​៨​ឆ្នាំ​សារភាព​ថា​៖ ​«​ពេល​ខ្ញុំ​រៀប​ចំ​សម្រាប់​កិច្ច​ប្រជុំ​ជា​ភាសា​ពើស៊ី ខ្ញុំ​ច្រើន​តែ​គិត​អំពី​ភាសា​ប៉ុណ្ណោះ។ ហេតុ​នេះ ព័ត៌មាន​ដែល​ខ្ញុំ​កំពុង​អាន​ដែល​ជា​សេចក្ដី​បង្រៀន​ពី​ព្រះ​មិន​សូវ​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ដ​របស់​ខ្ញុំ​ទេ។ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​លៃ​ពេល​ជា​ទៀង​ទាត់​ដើម្បី​សិក្សា​គម្ពីរ​និង​សៀវភៅ​ផ្សេង​ទៀត​ជា​ភាសា​កំណើត​របស់​ខ្ញុំ​»។

ចូរ​ឲ្យ​សេចក្ដី​បង្រៀន​ជ្រាប​ចូល​ក្នុង​ចិត្ដ​របស់​កូន

១៤​. តើ​ឪ​ពុក​ម្ដាយ​គួរ​ធ្វើ​ឲ្យ​ប្រាកដ​អំពី​អ្វី ហើយ​ហេតុ​អ្វី?

១៤ ឪ​ពុក​ម្ដាយ​ដែល​ជា​គ្រិស្ដ​សាសនិក​គួរ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា​សេចក្ដី​ពិត​ជ្រាប​ចូល​ក្នុង​ចិត្ដ​និង​គំនិត​របស់​កូន។ សូម​គិត​អំពី​បង​ប្រុស​សឺច​និង​បង​ម្យូរីអាល​ដែល​ជា​ប្រពន្ធ​របស់​គាត់ ដែល​បាន​បម្រើ​ជាង​បី​ឆ្នាំ​ក្នុង​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​ផ្សេង។ ពួក​គាត់​បាន​ចាប់​ផ្ដើម​ឃើញ​ថា​កូន​ប្រុស​របស់​ពួក​គាត់​ដែល​មាន​អាយុ​១៧​ឆ្នាំ មិន​ចូល​ចិត្ដ​កិច្ច​បម្រើ​ផ្សាយ​និង​កិច្ច​ប្រជុំ​ទេ។ បង​ម្យូរីអាល​និយាយ​ថា​៖ ​«​កូន​យើង​ធុញ​ទ្រាន់​នឹង​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ជា​ភាសា​ផ្សេង ប៉ុន្ដែ​ពី​មុន​កូន​យើង​ពិត​ជា​ចូល​ចិត្ដ​ផ្សព្វ​ផ្សាយ​ជា​ភាសា​បារាំង​ដែល​ជា​ភាសា​កំណើត​របស់​គាត់​»។ បង​សឺច​ពន្យល់​ថា​៖ ​«​ពេល​យើង​បាន​ឃើញ​ថា​នេះ​បាន​រា​រាំង​កូន​របស់​យើង​មិន​ឲ្យ​រីក​ចម្រើន យើង​បាន​សម្រេច​ចិត្ដ​ត្រឡប់​ទៅ​ក្រុម​ជំនុំ​ពី​មុន​របស់​យើង​វិញ​»។

ចូរ​ធ្វើ​ឲ្យ​ប្រាកដ​ថា​សេចក្ដី​ពិត​ជ្រាប​ចូល​ក្នុង​ចិត្ដ​របស់​កូន (​សូម​មើល​វគ្គ​១៤, ១៥​)

១៥​. (​ក​) តើ​អ្វី​អាច​ជួយ​ឪ​ពុក​ម្ដាយ​ឲ្យ​សម្រេច​ចិត្ដ​ថា​ពួក​គាត់​គួរ​ឬ​មិន​គួរ​ផ្លាស់​ប្ដូរ​ក្រុម​ជំនុំ? (​ខ​) តើ​ចោទិយកថា ៦:៥​-​៧​មាន​ការ​ណែនាំ​អ្វី​សម្រាប់​ឪ​ពុក​ម្ដាយ?

១៥ តើ​អ្វី​អាច​ជួយ​ឪ​ពុក​ម្ដាយ​ឲ្យ​សម្រេច​ចិត្ដ​ថា​ពួក​គាត់​គួរ​ឬ​មិន​គួរ​ត្រឡប់​ទៅ​ក្រុម​ជំនុំ​ដែល​ប្រើ​ភាសា​ដែល​កូន​របស់ពួក​គាត់​យល់​ច្រើន​ជាង​គេ? ទី១ ពួក​គាត់​គួរ​ពិចារណា​ថា​ពួក​គាត់​ពិត​ជា​មាន​ពេល​វេលា​និង​កម្លាំង​គ្រប់​គ្រាន់​ឬ​យ៉ាង​ណា​ដើម្បី​បង្រៀន​កូន​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ក៏​បង្រៀន​ភាសា​បរទេស​ដល់​ពួក​គេ​ដែរ។ ទី២ ពួក​គាត់​ប្រហែល​ជា​ឃើញ​ថា​កូន​មិន​ចង់​ផ្សព្វ​ផ្សាយ ទៅ​កិច្ច​ប្រជុំ ឬ​សូម្បី​តែ​បម្រើ​ក្នុង​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​ផ្សេង។ ដោយ​សារ​មូលហេតុ​ទាំង​នេះ ឪ​ពុក​ម្ដាយ​ប្រហែល​ជា​សម្រេច​ចិត្ដ​ត្រឡប់​ទៅ​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​ដែល​កូន​របស់​ពួក​គាត់​យល់​ច្រើន​ជាង​គេ។ ក្រោយ​មក ពេល​កូន​មាន​ចំណង​មិត្ដភាព​មាំ​មួន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ឪ​ពុក​ម្ដាយ​ប្រហែល​ជា​សម្រេច​ចិត្ដ​ត្រឡប់​ទៅ​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​ផ្សេង​នោះ​វិញ។—សូម​អាន ចោទិយកថា ៦:៥​-​៧

១៦, ១៧​. តើ​អ្វី​បាន​ជួយ​ឪ​ពុក​ម្ដាយ​ខ្លះ​ឲ្យ​បង្រៀន​កូន​អំពី​ព្រះ​យេហូវ៉ា?

១៦ ឪ​ពុក​ម្ដាយ​ឯ​ទៀត​បាន​រក​ឃើញ​វិធី​ដើម្បី​បង្រៀន​កូន​អំពី​ព្រះ​យេហូវ៉ា​ជា​ភាសា​កំណើត​របស់​ពួក​គេ កាល​ដែល​នៅ​តែ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ក្រុម​ជំនុំ​ឬ​ក្រុម​ដែល​និយាយ​ភាសា​ផ្សេង។ បង​ឆាល​ជា​ឪ​ពុក​របស់​កូន​ស្រី​បី​នាក់​ដែល​មាន​អាយុ​រវាង​៩​ឆ្នាំ​ដល់​១៣​ឆ្នាំ។ ពួក​គាត់​ចូល​រួម​ក្រុម​មួយ​ដែល​និយាយ​ភាសា​លីងហ្គាឡា។ គាត់​និយាយ​ថា​៖ ​«​យើង​បាន​សម្រេច​ចិត្ដ​ប្រើ​ភាសា​កំណើត​របស់​យើង​ពេល​សិក្សា​ជា​មួយ​គ្នា​និង​ពេល​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។ ប៉ុន្ដែ​យើង​ក៏​លេង​ល្បែង​ផ្សេង​ៗ​និង​ហាត់​របៀប​និយាយ​ជា​ភាសា​លីងហ្គាឡា​ដើម្បី​ពួក​គេ​អាច​រៀន​ភាសា​នេះ​ផង​ហើយ​លេង​ផង​»។

សូម​ព្យាយាម​រៀន​ភាសា​ដែល​មនុស្ស​និយាយ​នៅ​តំបន់​នោះ ហើយ​រួម​ចំណែក​ក្នុង​កិច្ច​ប្រជុំ (​សូម​មើល​វគ្គ​១៦, ១៧​)

១៧ បង​ខេវិន​គឺ​ជា​ឪ​ពុក​របស់​កូន​ស្រី​ពីរ​នាក់​ដែល​មាន​អាយុ​៥​ឆ្នាំ​និង​៨​ឆ្នាំ។ គាត់​ខំ​ប្រឹង​បង្រៀន​សេចក្ដី​ពិត​ដល់​កូន ពី​ព្រោះ​កូន​ស្រី​គាត់​មិន​ទាន់​យល់​ទាំង​ស្រុង​នូវ​អ្វី​ដែល​ឮ​នៅ​កិច្ច​ប្រជុំ​របស់​ក្រុម​ជំនុំ​ដែល​ក្រុម​គ្រួសារ​ចូល​រួម​ទេ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​សិក្សា​ជា​មួយ​កូន​យើង​ម្នាក់ម្ដង​ៗ​ជា​ភាសា​បារាំង​ដែល​ជា​ភាសា​កំណើត​របស់​ពួក​គេ។ យើង​ក៏​កំណត់​គោល​ដៅ​ចូល​រួម​កិច្ច​ប្រជុំ​ជា​ភាសា​បារាំង​មួយ​ខែ​ម្ដង ហើយ​យើង​ប្រើ​វិស្សមកាល​ដើម្បី​ទៅ​ចូល​រួម​មហា​សន្និបាត​ជា​ភាសា​កំណើត​របស់​យើង​»។

១៨​. តើ​តាម​របៀប​ណា​រ៉ូម ១៥:១, ២​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ដ​ល្អ​ស្ដី​អំពី​ការ​ជួយ​កូន​របស់​អ្នក?

១៨ ក្រុម​គ្រួសារ​នីមួយ​ៗ​ត្រូវ​សម្រេច​ចិត្ដ​អំពី​អ្វី​ដែល​ល្អ​បំផុត​ចំពោះ​កូន​និង​ចំពោះ​ចំណង​មិត្ដភាព​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (​កាឡាទី ៦:៥​) បង​ម្យូរីអាល​និយាយ​ថា​ទោះ​ជា​គាត់​និង​ប្ដី​របស់​គាត់​ពិត​ជា​ចង់​បន្ដ​បម្រើ​ក្នុង​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​ផ្សេង​ក្ដី ពួក​គាត់​បាន​សម្រេច​ចិត្ដ​ចាក​ចេញ​ពី​ក្រុម​ជំនុំ​នោះ​ដើម្បី​ជួយ​កូន​ប្រុស​របស់​ពួក​គាត់​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា។ (​សូម​អាន រ៉ូម ១៥:១, ២) សព្វ​ថ្ងៃ​នេះ បង​សឺច​ដឹង​ថា​ពួក​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ដ​ត្រឹម​ត្រូវ។ គាត់​និយាយ​ថា​៖ ​«​តាំង​ពី​ពេល​ដែល​យើង​ត្រឡប់​ទៅ​ក្រុម​ជំនុំ​ភាសា​បារាំង​វិញ កូន​ប្រុស​របស់​យើង​បាន​រីក​ចម្រើន ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ឥឡូវ​កូន​យើង​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ហើយ​កូន​យើង​ថែម​ទាំង​កំពុង​គិត​ចង់​ត្រឡប់​ទៅ​ក្រុម​ដែល​និយាយ​ភាសា​ផ្សេង!​»។

ចូរ​ឲ្យ​បណ្ដាំ​របស់​ព្រះ​មាន​ឥទ្ធិពល លើ​ចិត្ដ​របស់​អ្នក

១៩, ២០​. តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​ស្រឡាញ់​បណ្ដាំ​របស់​ព្រះ?

១៩ ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្ស​ទាំង​អស់។ លោក​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​មាន​គម្ពីរ​ជា​រាប់​រយ​ភាសា​ដើម្បី​ឲ្យ​«​មនុស្ស​គ្រប់​ប្រភេទ​»​អាច​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត។ (​ធីម៉ូថេ​ទី១ ២:៤​) លោក​ដឹង​ថា​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​លោក​នឹង​កាន់​តែ​មាំ​មួន​ឡើង​ពេល​យើង​អាន​គម្ពីរ​ជា​ភាសា​ដែល​យើង​យល់​ច្រើន​ជាង​គេ។

២០ យើង​ទាំង​អស់​គ្នា​ត្រូវ​ខំ​ប្រឹង​រក្សា​ចំណង​មិត្ដភាព​មាំ​មួន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ យើង​អាច​ធ្វើ​ដូច្នេះ​បាន ពេល​យើង​សិក្សា​គម្ពីរ​ជា​ទៀង​ទាត់​ក្នុង​ភាសា​ដែល​យើង​យល់​ច្រើន​ជាង​គេ។ យើង​ក៏​នឹង​ជួយ​ក្រុម​គ្រួសារ​របស់​យើង​ឲ្យ​រក្សា​ចំណង​មិត្ដភាព​របស់​ពួក​គេ​ជា​មួយ​នឹង​លោក ហើយ​យើង​នឹង​បង្ហាញ​ថា​យើង​ពិត​ជា​ស្រឡាញ់​បណ្ដាំ​របស់​ព្រះ។—ទំនុក​តម្កើង ១១៩:១១

^ [​១​] (​វគ្គ​៥​) ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។