លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​លោក​អ្នក​ដឹង​ឬ​ទេ?

តើ​លោក​អ្នក​ដឹង​ឬ​ទេ?

ហេតុ​អ្វី​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​ស្បថ​ឲ្យ​សោះ​»​?

ច្បាប់​ម៉ូសេ​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ស្បថ​ដោយ​និយាយ​អ្វី​ដូច​ជា​«​ខ្ញុំ​ស្បថ​នឹង​អ្នក​ដោយ​ព្រះ​»​ឬ​«​ខ្ញុំ​ស្បថ​ដោយ​នាម​របស់​ព្រះ​យេហូវ៉ា​»។ ប៉ុន្ដែ​នៅ​សម័យ​លោក​យេស៊ូ ការ​ស្បថ​បាន​ទៅ​ជា​រឿង​ធម្មតា​រហូត​ដល់​ជន​ជាតិ​យូដា​ស្បថ​ស្ទើរតែ​គ្រប់​រឿង​ទាំង​អស់​ដែល​ពួក​គេ​បាន​និយាយ។ ពួក​គេ​ធ្វើ​ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​អ្វី​ដែល​ពួក​គេ​បាន​និយាយ​កាន់​តែ​គួរ​ឲ្យ​ជឿ​ជាក់។ តែ​លោក​យេស៊ូ​បាន​លើក​បញ្ជាក់​ពីរ​ដង​អំពី​ការ​ធ្វើ​បែប​នេះ​ថា​ជា​អ្វី​ដែល​មិន​ត្រឹម​ត្រូវ។ លោក​បាន​បង្រៀន​ថា​៖ ​«​គ្រាន់​តែ​រក្សា​សម្ដី​ប៉ុណ្ណោះ បើ​ថា‹មែន› គឺ​មែន បើ​ថា‹ទេ› គឺ​ទេ​»។—ម៉ាថាយ ៥:៣៣​-​៣៧; ២៣:១៦​-​២២

សៀវភៅ​មួយ​បាន​រៀប​រាប់​ថា សៀវភៅ​ថាលមូដ​ដែល​ជា​សៀវភៅ​ស្ដី​អំពី​ទំនៀម​ទម្លាប់​និង​ច្បាប់​របស់​ជន​ជាតិ​យូដា ជួយ​យើង​ឲ្យ​ដឹង​ថា​ជន​ជាតិ​យូដា​បាន​ស្បថ​ច្រើន​យ៉ាង​ណា​ដើម្បី​បញ្ជាក់​ថា​ពាក្យ​សម្ដី​របស់​ពួក​គេ​គឺ​ពិត។ (​Theological Dictionary of the New Testament​) នេះ​គឺ​ដោយ​សារ​សៀវភៅ​ថាលមូដ​បាន​ពន្យល់​យ៉ាង​ល្អិត​ល្អន់​អំពី​ពាក្យ​សម្បថ​ដែល​ពួក​គេ​ត្រូវ​តែ​ធ្វើ​តាម​និង​ពាក្យ​សម្បថ​ដែល​ពួក​គេ​មិន​ចាំ​បាច់​ធ្វើ​តាម។

មិន​គ្រាន់​តែ​លោក​យេស៊ូ​ប៉ុណ្ណោះ​ទេ ដែល​បាន​លើក​បញ្ជាក់​ថា​ការ​ស្បថ​បែប​នេះ​គឺ​ជា​អ្វី​ដែល​មិន​ត្រឹម​ត្រូវ។ ជា​ឧទាហរណ៍ ប្រវត្ដិវិទូ​ជន​ជាតិ​យូដា​ម្នាក់​ឈ្មោះ​ផ្លាវៀស យ៉ូសេហ្វឺស បាន​សរសេរ​អំពី​និកាយ​សាសនា​យូដា​មួយ​ដែល​បាន​ជៀស​វាង​ពី​ការ​ស្បថ។ សមាជិក​និកាយ​សាសនា​នោះ​បាន​ជឿ​ថា​ការ​ស្បថ​គឺ​អាក្រក់​ជាង​ការ​កុហក។ ពួក​គេ​គិត​ថា​បើ​បុគ្គល​ម្នាក់​បាន​ស្បថ​គឺ​ដើម្បី​តែ​ឲ្យ​អ្នក​ឯ​ទៀត​ជឿ​គាត់ បុគ្គល​នោះ​ច្បាស់​ជា​មនុស្ស​ភូត​ភរ។ សៀវភៅ​មួយ​របស់​ជន​ជាតិ​យូដា​រៀប​រាប់​ស្រដៀង​នឹង​នោះ ថា​៖ ​«​បុគ្គល​ដែល​ចេះ​តែ​ស្បថ​គឺ​ជា​អ្នក​ដែល​ចេះ​តែ​ប្រឆាំង​ច្បាប់​»។ (​Wisdom of Sirach​) លោក​យេស៊ូ​បាន​បញ្ជាក់​ថា​ការ​ស្បថ​អំពី​រឿង​ដែល​មិន​សំខាន់​គឺ​ជា​អ្វី​ដែល​មិន​ត្រឹម​ត្រូវ។ បើ​យើង​តែង​តែ​និយាយ​ការ​ពិត យើង​មិន​ចាំ​បាច់​ស្បថ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​កាន់​តែ​ជឿ​ជាក់​អ្វី​ដែល​យើង​និយាយ​ទេ។