លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ចូរ​ស្រឡាញ់​ដោយ​ការ​ប្រព្រឹត្ដ​និង​ដោយ​សេចក្ដី​ពិត›

‹ចូរ​ស្រឡាញ់​ដោយ​ការ​ប្រព្រឹត្ដ​និង​ដោយ​សេចក្ដី​ពិត›

​«​យើង​មិន​ត្រូវ​ស្រឡាញ់​តែ​មាត់ ឬ​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ត្រូវ​ស្រឡាញ់​ដោយ​ការ​ប្រព្រឹត្ដ និង​ដោយ​សេចក្ដី​ពិត​វិញ​»។—យ៉ូហាន​ទី១ ៣:១៨

ចម្រៀង​លេខ: ៣, ៥០

១​. តើ​សេចក្ដី​ស្រឡាញ់​ដ៏​ប្រសើរ​បំផុត​គឺ​ជា​អ្វី ហើយ​តើ​នេះ​ជា​សេចក្ដី​ស្រឡាញ់​បែប​ណា? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់។ (​យ៉ូហាន​ទី១ ៤:៧​) សេចក្ដី​ស្រឡាញ់​ដ៏​ប្រសើរ​បំផុត​គឺ​មាន​មូលដ្ឋាន​លើ​គោល​ការណ៍​ត្រឹម​ត្រូវ។ ក្នុង​គម្ពីរ​សេចក្ដី​ស្រឡាញ់​បែប​នេះ​បាន​ត្រូវ​ហៅ​ជា​ភាសា​ក្រិច​ថា​អាហ្គាប៉េ។ សេចក្ដី​ស្រឡាញ់​នេះ​អាច​រួម​បញ្ចូល​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​បុគ្គល​ណា​ម្នាក់ ប៉ុន្ដែ​សេចក្ដី​ស្រឡាញ់​នេះ​មិន​គ្រាន់​តែ​រួម​បញ្ចូល​អារម្មណ៍​ប៉ុណ្ណោះ​ទេ។ នេះ​រួម​បញ្ចូល​ការ​ប្រព្រឹត្ដ​ដែល​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន តែ​គិត​អំពី​ប្រយោជន៍​របស់​អ្នក​ឯ​ទៀត។ នេះ​ជា​សេចក្ដី​ស្រឡាញ់​ដែល​ជំរុញ​ចិត្ដ​យើង​ឲ្យ​ធ្វើ​ល្អ​ចំពោះ​អ្នក​ឯ​ទៀត ហើយ​នាំ​ឲ្យ​យើង​មាន​អំណរ​និង​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ។

២, ៣​. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្សជាតិ​យ៉ាង​ដូច​ម្ដេច?

សូម្បី​តែ​មុន​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​អាដាម​និង​អេវ៉ា លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្សជាតិ។ លោក​បាន​បង្កើត​ផែន​ដី​ឲ្យ​មាន​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ត្រូវ​ការ​ដើម្បី​មាន​ជីវិត​រស់​នៅ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ក៏​បាន​រៀប​ចំ​ផែន​ដី​ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ដ៏​សប្បាយ​រីក​រាយ។ ព្រះ​យេហូវ៉ា​មិន​បាន​ធ្វើ​អ្វី​ទាំង​នេះ​សម្រាប់​ខ្លួន​លោក​ទេ។ លោក​បាន​ធ្វើ​អ្វី​ទាំង​នេះ​ជា​ប្រយោជន៍​ដល់​មនុស្សជាតិ។ ក្រោយ​ពី​លោក​បាន​ធ្វើ​អ្វី​ៗ​ទាំង​នេះ លោក​បាន​បង្កើត​មនុស្សជាតិ ហើយ​បាន​ឲ្យ​ពួក​គេ​នូវ​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​លើ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន។

ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​ចំពោះ​មនុស្សជាតិ​តាម​របៀប​ដ៏​ប្រសើរ​បំផុត។ ទោះ​ជា​អាដាម​និង​អេវ៉ា​បាន​បះ​បោរ​ប្រឆាំង​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ជឿ​ជាក់​ថា​កូន​ចៅ​ខ្លះ​របស់​ពួក​គេ​នឹង​ស្រឡាញ់​លោក ដូច្នេះ​លោក​បាន​រៀប​ចំ​គ្រឿង​បូជា​លោះ​របស់​បុត្រ​លោក​ដើម្បី​សង្គ្រោះ​កូន​ចៅ​ទាំង​នោះ។ (​លោកុប្បត្ដិ ៣:១៥; យ៉ូហាន​ទី១ ៤:១០​) តាំង​ពី​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​អំពី​ថ្លៃ​លោះ គឺ​ហាក់​ដូច​ជា​គ្រឿង​បូជា​លោះ​នោះ​បាន​ត្រូវ​បង់​រួច​ហើយ។ បួន​ពាន់​ឆ្នាំ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក​ជា​ថ្លៃ​លោះ​សម្រាប់​មនុស្សជាតិ។ (​យ៉ូហាន ៣:១៦​) យើង​មាន​ចិត្ដ​កតញ្ញូ​ជា​ខ្លាំង​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា!

យើង​ចង់​បង្ហាញ​សេចក្ដី​ស្រឡាញ់ សូម្បី​តែ​នៅ​ពេល​ដែល​មិន​ស្រួល​សម្រាប់​យើង​ក៏​ដោយ

៤​. ហេតុ​អ្វី​យើង​ដឹង​ថា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ប្រយោជន៍​ខ្លួន?

ទោះ​ជា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ប្រយោជន៍​ខ្លួន​បាន​ឬ​ទេ? យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​បាន។ ព្រះ​យេហូវ៉ា​បាន​បង្កើត​យើង​ឲ្យ​មាន​សមត្ថភាព​យក​តម្រាប់​លោក។ គឺ​មិន​តែង​តែ​ស្រួល​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ ប៉ុន្ដែ​យើង​នៅ​តែ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​បាន។ អេបិល​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ ពេល​ដែល​គាត់​បាន​ជូន​គ្រឿង​បូជា​ដ៏​ល្អ​បំផុត​ដោយ​មិន​គិត​ប្រយោជន៍​ខ្លួន។ (​លោកុប្បត្ដិ ៤:៣, ៤​) ណូអេ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន ពេល​គាត់​បាន​បន្ដ​ផ្សព្វ​ផ្សាយ​ដំណឹង​ដែល​មក​ពី​ព្រះ​អស់​ជា​ច្រើន​ឆ្នាំ ទោះ​ជា​មនុស្ស​មិន​បាន​ស្តាប់​គាត់​ក៏​ដោយ។ (​ពេត្រុស​ទី២ ២:៥​) ម្យ៉ាង​ទៀត អាប្រាហាំ​បាន​បង្ហាញ​ថា​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​ព្រះ​គឺ​ខ្លាំង​ជាង​អ្វី​ៗ​ទាំង​អស់ ដោយ​សុខ​ចិត្ដ​ជូន​អ៊ីសាក​ដែល​ជា​កូន​ប្រុស​ជា​ទី​ស្រឡាញ់​របស់​គាត់​ជា​គ្រឿង​បូជា។ (​យ៉ាកុប ២:២១​) ដូច​បុរស​ស្មោះ​ត្រង់​ទាំង​នេះ​យើង​ក៏​ចង់​បង្ហាញ​សេចក្ដី​ស្រឡាញ់ សូម្បី​តែ​នៅ​ពេល​ដែល​មិន​ស្រួល​សម្រាប់​យើង​ក៏​ដោយ។

តើ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​គឺ​ជា​អ្វី?

៥​. តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​តាម​របៀប​ណា​ខ្លះ?

គម្ពីរ​ប្រាប់​យើង​ថា យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ពេល​យើង‹មិន​ស្រឡាញ់​តែ​មាត់ ឬ​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ស្រឡាញ់​ដោយ​ការ​ប្រព្រឹត្ដ និង​ដោយ​សេចក្ដី​ពិត›។ (​យ៉ូហាន​ទី១ ៣:១៨​) យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​តាម​រយៈ​ពាក្យ​សម្ដី​បាន។ (​ថែស្សាឡូនិច​ទី១ ៤:១៨​) ប៉ុន្ដែ ការ​និយាយ​ថា ​«​ខ្ញុំ​ស្រឡាញ់​អ្នក​»​គឺ​មិន​តែង​តែ​គ្រប់​គ្រាន់​ទេ។ យើង​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​តាម​រយៈ​ការ​ប្រព្រឹត្ដ។ ជា​ឧទាហរណ៍ បើ​បង​ប្អូន​រួម​ជំនឿ​មិន​មាន​អាហារ​ឬ​សម្លៀក​បំពាក់​គ្រប់​គ្រាន់ ពាក្យ​សម្ដី​សប្បុរស​គឺ​មិន​គ្រប់​គ្រាន់​ទេ។ (​យ៉ាកុប ២:១៥, ១៦​) ស្រដៀង​គ្នា​ដែរ ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​អ្នក​ជិត​ខាង យើង​មិន​គ្រាន់​តែ​អធិដ្ឋាន​សុំ​ឲ្យ​មាន​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​យើង​ក៏​ខំ​ប្រឹង​ផ្សព្វ​ផ្សាយ​ដែរ។—ម៉ាថាយ ៩:៣៨

៦, ៧​. (​ក​) តើ​«​សេចក្ដី​ស្រឡាញ់​ដោយ​គ្មាន​ពុត​ត្បុត​»​គឺ​ជា​អ្វី? (​ខ​) តើ​មាន​គំរូ​អ្វី​ខ្លះ​ស្ដី​អំពី​សេចក្ដី​ស្រឡាញ់​ដែល​មាន​ពុត​ត្បុត?

សាវ័ក​យ៉ូហាន​បាន​និយាយ​ថា​យើង​ត្រូវ​ស្រឡាញ់​«​ដោយ​ការ​ប្រព្រឹត្ដ និង​ដោយ​សេចក្ដី​ពិត​»។ ដូច្នេះ​យើង​ត្រូវ​ស្រឡាញ់​«​ដោយ​គ្មាន​ពុត​ត្បុត​»។ (​រ៉ូម ១២:៩; កូរិនថូសទី២ ៦:៦​) ជួន​កាល​បុគ្គល​ម្នាក់​ធ្វើ​ពុត​ជា​ស្រឡាញ់​អ្នក​ឯ​ទៀត។ ប៉ុន្ដែ តើ​គាត់​មាន​សេចក្ដី​ស្រឡាញ់​ពិត ហើយ​ស្មោះ​ឬ​ទេ? តើ​គាត់​មាន​បំណង​ចិត្ដ​អ្វី? សេចក្ដី​ស្រឡាញ់​ដែល​មាន​ពុត​ត្បុត មិន​មែន​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ​ទេ។ សេចក្ដី​ស្រឡាញ់​បែប​នោះ​គ្មាន​តម្លៃ​សោះ។

សូម​យើង​ពិចារណា​អំពី​គំរូ​នៃ​សេចក្ដី​ស្រឡាញ់​ដែល​មាន​ពុត​ត្បុត។ ពេល​សាថាន​បាន​និយាយ​ជា​មួយ​នឹង​អេវ៉ា​នៅ​សួន​អេដែន មើល​ទៅ​ដូច​ជា​វា​ចង់​ជួយ​អេវ៉ា​ឲ្យ​ទទួល​ប្រយោជន៍។ ប៉ុន្ដែ​ការ​ប្រព្រឹត្ដ​របស់​វា​បង្ហាញ​ថា​វា​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​និង​មាន​ពុត​ត្បុត។ (​លោកុប្បត្ដិ ៣:៤, ៥​) ពេល​ដាវីឌ​គ្រប់​គ្រង​ជា​ស្ដេច គាត់​មាន​មិត្ដ​ភក្ដិ​ម្នាក់​ឈ្មោះ​អ័ហ៊ីថូផែល។ ប៉ុន្ដែ អ័ហ៊ីថូផែល​បាន​ក្បត់​ដាវីឌ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ការ​ប្រព្រឹត្ដ​របស់​អ័ហ៊ីថូផែល​បាន​បង្ហាញ​ថា​គាត់​មិន​មែន​ជា​មិត្ដ​ភក្ដិ​ពិត​នោះ​ទេ។ (​សាំយូអែល​ទី២ ១៥:៣១​) សព្វ​ថ្ងៃ​នេះ ពួក​អ្នក​ក្បត់​ជំនឿ​និង​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​ក្នុង​ក្រុម​ជំនុំ​ប្រើ​«​ពាក្យ​ផ្អែម​ពីរោះ​និង​សម្ដី​បញ្ចើច​បញ្ចើ​»។ (​រ៉ូម ១៦:១៧, ១៨​) ពួក​គេ​ប្រហែល​ជា​ធ្វើ​ពុត​ជា​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត ប៉ុន្ដែ​តាម​ពិត​ពួក​គេ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។

៨​. តើ​យើង​គួរ​សួរ​ខ្លួន​យើង​នូវ​សំណួរ​អ្វី​ខ្លះ?

សេចក្ដី​ស្រឡាញ់​ដែល​មាន​ពុត​ត្បុត​ជា​អ្វី​ដែល​គួរ​ឲ្យ​អៀន​ខ្មាស ដោយ​សារ​នេះ​បាន​ត្រូវ​ប្រើ​ដើម្បី​បោក​បញ្ឆោត​អ្នក​ឯ​ទៀត។ យើង​ប្រហែល​ជា​បោក​ប្រាស់​មនុស្ស​បាន ប៉ុន្ដែ​យើង​មិន​អាច​បោក​បញ្ឆោត​ព្រះ​យេហូវ៉ា​បាន​ឡើយ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​ពួក​អ្នក​ដែល​ធ្វើ​ជា​មនុស្ស​លាក់​ពុត​នឹង​ត្រូវ​ដាក់​ទោស​«​ធ្ងន់​បំផុត​»។ (​ម៉ាថាយ ២៤:៥១​) ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា យើង​មិន​ចង់​ធ្វើ​ជា​មនុស្ស​លាក់​ពុត​ទេ។ ដូច្នេះ យើង​គួរ​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ឬ​ទេ? ឬ​តើ​ខ្ញុំ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ជា​មនុស្ស​មិន​ទៀង​ត្រង់?›។ សូម​យើង​ពិចារណា​របៀប​៩​យ៉ាង​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​«​គ្មាន​ពុត​ត្បុត​»។

របៀប​ដែល​យើង​អាច​ស្រឡាញ់​អ្នក​ឯ​ទៀត​«​ដោយ​ការ​ប្រព្រឹត្ដ និង​ដោយ​សេចក្ដី​ពិត​»​

៩​. តើ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​នឹង​ជំរុញ​ចិត្ដ​យើង​ឲ្យ​ធ្វើ​អ្វី?

ចូរ​បម្រើ​អ្នក​ឯ​ទៀត​ដោយ​អំណរ សូម្បី​តែ​គ្មាន​អ្នក​ណា​កត់​សម្គាល់​អ្វី​ដែល​អ្នក​ធ្វើ។ យើង​គួរ​សុខ​ចិត្ដ​ធ្វើ​អ្វី​ដែល​សប្បុរស​និង​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​គ្មាន​អ្នក​ណា​ដឹង​ឬ​កត់​សម្គាល់​ឡើយ។ (​សូម​អាន ម៉ាថាយ ៦:១​-​៤) អាណានាស​និង​សាភីរ៉ា​មាន​ចិត្ដ​គំនិត​ខុស​ពី​នេះ។ នៅ​ពេល​ដែល​ពួក​គេ​បាន​ធ្វើ​វិភាគ​ទាន ពួក​គេ​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ដឹង​អំពី​វិភាគ​ទាន​នោះ។ ពួក​គេ​បាន​កុហក​អំពី​ចំនួន​វិភាគ​ទាន​ដែល​ពួក​គេ​បាន​ជូន ហើយ​ជា​លទ្ធផល ពួក​គេ​បាន​ត្រូវ​ដាក់​ទោស​ដោយ​សារភាព​ពុត​ត្បុត​របស់​ពួក​គេ។ (​សកម្មភាព ៥:១​-​១០​) ប៉ុន្ដែ បើ​យើង​ពិត​ជា​ស្រឡាញ់​បង​ប្អូន​របស់​យើង យើង​នឹង​រីក​រាយ​ធ្វើ​ល្អ​ចំពោះ​ពួក​គេ​ដោយ​មិន​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ដឹង​អំពី​អ្វី​ដែល​យើង​បាន​ធ្វើ​នោះ​ទេ។ យើង​អាច​រៀន​ពី​បង​ប្រុស​ៗ​ដែល​ជួយ​គណៈ​អភិបាល​ក្នុង​ការ​រៀប​ចំ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ។ ពួក​គាត់​មិន​ចង់​ឲ្យ​អ្នក​ឯ​ទៀត​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ពួក​គាត់​ហួស​ហេតុ​ពេក​ទេ ហើយ​ពួក​គាត់​ក៏​មិន​ប្រាប់​អ្នក​ឯ​ទៀត​អំពី​កិច្ច​ការ​ដែល​ពួក​គាត់​បាន​ធ្វើ​ដែរ។

ចូរ​បម្រើ​អ្នក​ឯ​ទៀត​ដោយ​អំណរ សូម្បី​តែ​គ្មាន​អ្នក​ណា​ឃើញ​អ្វី​ដែល​អ្នក​ធ្វើ

១០​. តើ​យើង​អាច​លើក​កិត្ដិ​យស​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

១០ ចូរ​លើក​កិត្ដិ​យស​អ្នក​ឯ​ទៀត។ (​សូម​អាន រ៉ូម ១២:១០) លោក​យេស៊ូ​បាន​លើក​កិត្ដិ​យ​ពួក​សាវ័ក​របស់​លោក​នៅ​ពេល​ដែល​លោក​លាង​ជើង​ឲ្យ​ពួក​គេ។ (​យ៉ូហាន ១៣:៣​-​៥, ១២​-​១៥​) យើង​គួរ​ខំ​ប្រឹង​ឲ្យ​មាន​ចិត្ដ​រាប​ទាប​ដូច​លោកយេស៊ូ ហើយ​បម្រើ​អ្នក​ឯ​ទៀត។ ពួក​សាវ័ក​មិន​បាន​យល់​ច្បាស់​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​នោះ​ទេ រហូត​ដល់​ពួក​គេ​បាន​ទទួល​សកម្មពល​បរិសុទ្ធ។ (​យ៉ូហាន ១៣:៧​) យើង​លើក​កិត្ដិ​យស​អ្នក​ឯ​ទៀត​ដោយ​មិន​គិត​ថា​យើង​ប្រសើរ​ជាង​ពួក​គេ​ដោយ​សារ​យើង​បាន​ទទួល​ការ​អប់រំ​ខ្ពស់​ជាង ជា​អ្នក​មាន​ជាង ឬ​មាន​ភារកិច្ច​ពិសេស​ណា​មួយ​ទេ។ (​រ៉ូម ១២:៣​) យើង​មិន​ច្រណែន​ពេល​អ្នក​ឯ​ទៀត​ទទួល​ការ​សរសើរ តែ​យើង​អរ​សប្បាយ​ជា​មួយ​នឹង​ពួក​គេ សូម្បី​តែ​យើង​មាន​អារម្មណ៍​ថា​យើង​គួរ​តែ​មាន​ចំណែក​ទទួល​ការ​សរសើរ​នោះ​ខ្លះ​ដែរ។

១១​. ហេតុ​អ្វី​យើង​ត្រូវ​សរសើរ​អ្នក​ឯ​ទៀត​ដោយ​ស្មោះ?

១១ ចូរ​សរសើរ​អ្នក​ឯ​ទៀត​ដោយ​ស្មោះ។ សូម​ស្វែង​រក​ឱកាស​ដើម្បី​សរសើរ​អ្នក​ឯ​ទៀត។ យើង​ទាំង​អស់​គ្នា​ដឹង​ថា​ការ​សរសើរ​គឺ​«​ល្អ​សម្រាប់​ពង្រឹង​»​គ្នា​ទៅ​វិញ​ទៅ​មក។ (​អេភេសូរ ៤:២៩​) ប៉ុន្ដែ យើង​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្វី​ដែល​យើង​និយាយ​គឺ​ដោយ​ស្មោះ ហើយ​មិន​គ្រាន់​តែ​ដើម្បី​បញ្ជោរ​អ្នក​ឯ​ទៀត ឬ​ដើម្បី​ជៀស​វាង​ពី​ការ​ឲ្យ​ឱវាទ​ដែល​ចាំ​បាច់​នោះ​ទេ។ (​សុភាសិត ២៩:៥​) បើ​យើង​សរសើរ​អ្នក​ឯ​ទៀត តែ​ក្រោយ​មក​រិះ​គន់​ពួក​គេ​ពី​ក្រោយ​ខ្នង យើង​ជា​មនុស្ស​លាក់​ពុត។ សាវ័ក​ប៉ូល​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ។ ពេល​ដែល​គាត់​បាន​សរសេរ​សំបុត្រ​ទៅ​គ្រិស្ដ​សាសនិក​នៅ​ក្រុង​កូរិនថូស គាត់​បាន​សរសើរ​ពួក​គេ​ចំពោះ​អ្វី​ដែល​ពួក​គេ​ធ្វើ​យ៉ាង​ល្អ។ (​កូរិនថូស​ទី១ ១១:២​) ប៉ុន្ដែ ពេល​ដែល​គាត់​ត្រូវ​ឲ្យ​ឱវាទ​ដល់​ពួក​គេ គាត់​បាន​ពន្យល់​យ៉ាង​ច្បាស់​និង​យ៉ាង​សប្បុរស​អំពី​មូលហេតុ​ដែល​គាត់​ឲ្យ​ឱវាទ​នោះ។—កូរិនថូស​ទី១ ១១:២០​-​២២

យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់ ហើយ​ទទួល​អ្នក​ឯ​ទៀត​យ៉ាង​រាក់​ទាក់​ដោយ​ផ្ដល់​ជំនួយ​ដល់​បង​ប្អូន​របស់​យើង​ពេល​ដែល​ពួក​គាត់​ត្រូវ​ការ (​សូម​មើល​វគ្គ​១២​)

១២​. ពេល​ដែល​យើង​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់ តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​តាម​របៀប​ណា?

១២ ចូរ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់។ ព្រះ​យេហូវ៉ា​បង្គាប់​យើង​ឲ្យ​បង្ហាញ​ចិត្ដ​ទូលាយ​ចំពោះ​បង​ប្អូន​រួម​ជំនឿ។ (​សូម​អាន យ៉ូហាន​ទី១ ៣:១៧) ប៉ុន្ដែ យើង​ត្រូវ​មាន​បំណង​ចិត្ដ​ត្រឹម​ត្រូវ​ក្នុង​ការ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់។ យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​អញ្ជើញ​តែ​មិត្ដ​ជិត​ស្និទ្ធ​ឬ​តែ​ពួក​អ្នក​ដែល​ខ្ញុំ​ចាត់​ទុក​ថា​ជា​អ្នក​ដែល​មាន​មុខ​មាត់​នៅ​ក្នុង​ក្រុម​ជំនុំ​ឲ្យ​មក​ផ្ទះ​របស់​ខ្ញុំ​ឬ​ទេ? តើ​ខ្ញុំ​អញ្ជើញ​តែ​អ្នក​ដែល​ខ្ញុំ​គិត​ថា​អាច​តប​ស្នង​អ្វី​មក​ខ្ញុំ​វិញ​ឬ​ទេ? ឬ​តើ​ខ្ញុំ​មាន​ចិត្ដ​ទូលាយ​ចំពោះ​បង​ប្អូន​ដែល​ខ្ញុំ​មិន​សូវ​ស្គាល់ ឬ​ក៏​បង​ប្អូន​ដែល​មិន​អាច​តប​ស្នង​អ្វី​មក​ខ្ញុំ​វិញ?›។ (​លូកា ១៤:១២​-​១៤​) ឧបមា​ថា បើ​បង​ប្អូន​ណា​ម្នាក់​ត្រូវ​ការ​ជំនួយ​ដោយ​សារ​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ដ​ដែល​មិន​ឈ្លាស​វៃ ឬ​បើ​បង​ប្អូន​ណា​ម្នាក់​ដែល​យើង​អញ្ជើញ​ឲ្យ​មក​ផ្ទះ​របស់​យើង​មិន​បាន​អរគុណ​យើង តើ​យើង​នឹង​នៅ​តែ​ទទួល​បង​ប្អូន​នោះ​ដោយ​រាក់​ទាក់​ឬ​ទេ? ព្រះ​យេហូវ៉ា​ប្រាប់​យើង​ថា​៖ ​«​ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់​ទាក់ ហើយ​ដោយ​មិន​រអ៊ូ​រទាំ​»។ (​ពេត្រុស​ទី១ ៤:៩​) យើង​នឹង​សប្បាយ​រីក​រាយ​ពេល​ដែល​យើង​ឲ្យ​ដោយ​មាន​បំណង​ចិត្ដ​ត្រឹម​ត្រូវ។—សកម្មភាព ២០:៣៥

១៣​. (​ក​) តើ​យើង​ត្រូវ​មាន​ចិត្ដ​អត់​ធ្មត់​ច្រើន​ជាង​នៅ​ពេល​ណា? (​ខ​) តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ពួក​អ្នក​ដែល​ខ្សោយ?

១៣ ចូរ​ជួយ​ពួក​អ្នក​ដែល​ខ្សោយ។ ក្នុង​គម្ពីរ​មាន​បង្គាប់​ដែល​ឲ្យ​យើង‹មាន​ចិត្ដ​ធ្ងន់​ចំពោះ​មនុស្ស​ទាំង​អស់ ហើយ​គាំ​ពារ​ពួក​អ្នក​ដែល​ខ្សោយ› នេះ​អាច​សាកល្បង​សេចក្ដី​ស្រឡាញ់​របស់​យើង​ថា​ស្មោះ​ឬ​យ៉ាង​ណា។ (​ថែស្សាឡូនិច​ទី១ ៥:១៤​) ពិត​មែន បង​ប្អូន​ជា​ច្រើន​ធ្លាប់​មាន​ជំនឿ​ខ្សោយ តែ​ក្រោយ​មក​មាន​ជំនឿ​រឹង​មាំ។ រីឯ​បង​ប្អូន​ខ្លះ​ទៀត​ត្រូវ​ការ​ការ​អត់​ធ្មត់​និង​ជំនួយ​ពី​យើង​ត​ទៅ​ទៀត។ តើ​យើង​អាច​ជួយ​ពួក​គេ​យ៉ាង​ដូច​ម្ដេច? យើង​អាច​ប្រើ​គម្ពីរ​ដើម្បី​លើក​ទឹក​ចិត្ដ​ពួក​គេ យើង​អាច​អញ្ជើញ​ពួក​គេ​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​យើង ឬ​យើង​អាច​ស្តាប់​អ្វី​ដែល​ពួក​គេ​និយាយ។ ម្យ៉ាង​ទៀត យើង​មិន​គួរ​មាន​ទស្សនៈ​ថា​បង​ប្អូន​របស់​យើង​គឺ​«​ខ្លាំង​»​ឬ​«​ខ្សោយ​»​ទេ តែ​យើង​គួរ​ទទួល​ស្គាល់​ថា​យើង​ទាំង​អស់​គ្នា​មាន​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ។ សូម្បី​តែ​សាវ័ក​ប៉ូល​ក៏​បាន​ទទួល​ស្គាល់​ថា​គាត់​មាន​ភាព​ទន់​ខ្សោយ​ដែរ។ (​កូរិនថូស​ទី២ ១២:៩, ១០​) យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​ជំនួយ​និង​ការ​លើក​ទឹក​ចិត្ដ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។

១៤​. តើ​យើង​គួរ​សុខ​ចិត្ដ​ធ្វើ​អ្វី​ដើម្បី​រក្សា​សន្ដិ​ភាព​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង?

១៤ ចូរ​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព។ សន្ដិ​ភាព​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង​គឺ​មាន​តម្លៃ​ណាស់។ ទោះ​ជា​យើង​មាន​អារម្មណ៍​ថា​អ្នក​ណា​ម្នាក់​បាន​យល់​ច្រឡំ​នឹង​យើង​ឬ​បាន​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌​ចំពោះ​យើង​ក៏​ដោយ យើង​គួរ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​ដើម្បី​មាន​សន្ដិ​ភាព។ (​សូម​អាន រ៉ូម ១២:១៧, ១៨) បើ​យើង​បាន​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ឈឺ​ចិត្ដ យើង​អាច​សុំ​គាត់​អភ័យ​ទោស​ឲ្យ​យើង។ ប៉ុន្ដែ យើង​ត្រូវ​ធ្វើ​ដូច្នេះ​យ៉ាង​ស្មោះ។ ជា​ឧទាហរណ៍ ជា​ជាង​និយាយ​ថា ​«​ស្តាយ​ដែល​អ្នក​មាន​អារម្មណ៍​បែប​នេះ​»​ គឺ​ល្អ​ជាង​ឲ្យ​យើង​សារភាព​កំហុស​របស់​យើង​ដោយ​និយាយ​ថា ​«​ខ្ញុំ​សុំ​ទោស​ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ដ​»។ ជា​ពិសេស សន្ដិ​ភាព​គឺ​សំខាន់​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍។ បើ​ប្ដី​ប្រពន្ធ​ធ្វើ​ដូច​ជា​ស្រឡាញ់​គ្នា​នៅ​មុខ​អ្នក​ឯ​ទៀត តែ​ពេល​ដែល​ពួក​គេ​នៅ​តែ​ពីរ​នាក់ ពួក​គេ​មិន​និយាយ​រក​គ្នា និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​គូ​ម្នាក់​ៗ​ឈឺ​ចិត្ដ ឬ​ថែម​ទាំង​ប្រើ​អំពើ​ហិង្សា នោះ​គឺ​ជា​អ្វី​ដែល​ខុស។

១៥​. តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​បាន​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ដោយ​ស្មោះ?

១៥ ចូរ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។ បើ​បុគ្គល​ណា​ម្នាក់​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ដ យើង​អភ័យ​ទោស​ឲ្យ​គាត់ ហើយ​ឈប់​គិត​អំពី​រឿង​នោះ​ទៀត។ យើង​គួរ​ធ្វើ​ដូច្នេះ​ទោះ​ជា​បុគ្គល​នោះ​មិន​ដឹង​ថា​គាត់​បាន​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ដ​ក៏​ដោយ។ យើង​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​ពេល​យើង​«​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដីស្រឡាញ់ ព្រម​ទាំង​ព្យាយាម​រក្សា​ឲ្យ​មាន​សាមគ្គី​ភាព​ដែល​មក​ពី​សកម្មពល​របស់​ព្រះ ដោយ​មាន​សេចក្ដី​សុខ​សាន្ដ​ទុក​ជា​ចំណង​ដែល​នាំ​ឲ្យ​មាន​ឯកភាព​»។ (​អេភេសូរ ៤:២, ៣​) ដើម្បី​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ដោយ​ស្មោះ យើង​ត្រូវ​ឈប់​គិត​អំពី​អ្វី​ដែល​បុគ្គល​នោះ​បាន​ធ្វើ​ចំពោះ​យើង។ សេចក្ដី​ស្រឡាញ់​«​មិន​ចាំ​ទុក​ក្នុង​ចិត្ដ​នូវ​អ្វី​ដែល​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ដ​»។ (​កូរិនថូស​ទី១ ១៣:៤, ៥​) តាម​ពិត បើ​យើង​មាន​គំនុំ​គុំ​កួន យើង​អាច​បង្ខូច​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​បង​ប្អូន​នោះ​និង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (​ម៉ាថាយ ៦:១៤, ១៥​) យើង​បង្ហាញ​ថា​យើង​ពិត​ជា​បាន​អភ័យ​ទោស​ឲ្យ​បុគ្គល​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ដ ពេល​យើង​អធិដ្ឋាន​ឲ្យ​បុគ្គល​នោះ។—លូកា ៦:២៧, ២៨

១៦​. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ពេល​យើង​ទទួល​ភារកិច្ច​ពិសេស​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា?

១៦ ចូរ​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ពេល​យើង​មាន​ភារកិច្ច​ពិសេស​ណា​មួយ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា យើង​អាច​បង្ហាញ​ថា​យើង​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ដោយ​«​សុខ​ចិត្ដ​លះ​បង់​ប្រយោជន៍​ខ្លួន ដើម្បី​ប្រយោជន៍​អ្នក​ឯ​ទៀត​»។ (​កូរិនថូស​ទី១ ១០:២៤​) ជា​ឧទាហរណ៍ នៅ​សន្និបាត​និង​មហា​សន្និបាត​របស់​យើង ពួក​ឆ្មាំ​អាច​ចូល​សាល​សន្និបាត​មុន​អ្នក​ឯ​ទៀត ហើយ​ប្រហែល​ជា​ចង់​ទុក​កន្លែង​អង្គុយ​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួន​និង​ក្រុម​គ្រួសារ​របស់​ពួក​គាត់។ ជា​ជាង​ធ្វើ​ដូច្នេះ ពួក​គាត់​ជា​ច្រើន​នាក់​ជ្រើស​រើស​កន្លែង​អង្គុយ​ដែល​មិន​សូវ​មាន​គេ​ចង់​អង្គុយ នៅ​ក្នុង​ផ្នែក​ដែល​ពួក​គាត់​បាន​ត្រូវ​ចាត់​ឲ្យ​មើល​ការ​ខុស​ត្រូវ។ ដោយ​ធ្វើ​ដូច្នេះ ពួក​គាត់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន។ តើ​អ្នក​អាច​ធ្វើ​តាម​គំរូ​ល្អ​របស់​ពួក​គាត់​យ៉ាង​ដូច​ម្ដេច?

១៧​. បើ​គ្រិស្ដ​សាសនិក​ណា​ម្នាក់​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ តើ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​នឹង​ជំរុញ​ចិត្ដ​គាត់​ឲ្យ​ធ្វើ​អ្វី?

១៧ ចូរ​សារភាព​អំពើ​ខុស​ឆ្គង​ដែល​បាន​លាក់​បាំង ហើយ​ឈប់​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​នោះ។ គ្រិស្ដ​សាសនិក​ខ្លះ​ដែល​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​បាន​ព្យាយាម​លាក់​បាំង​អំពើ​ខុស​ឆ្គង​នោះ។ ប្រហែល​ជា​ពួក​គេ​ខ្មាស​គេ​ឬ​មិន​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ខក​ចិត្ដ។ (​សុភាសិត ២៨:១៣​) ប៉ុន្ដែ ការ​លាក់​បាំង​អំពើ​ខុស​ឆ្គង​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ទេ ដោយ​សារ​នេះ​នាំ​ឲ្យ​អ្នក​ដែល​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​នោះ​និង​អ្នក​ឯ​ទៀត​មាន​ការ​ពិបាក។ តើ​មាន​ការ​ពិបាក​អ្វី​ខ្លះ? ព្រះ​យេហូវ៉ា​ប្រហែល​ជា​នឹង​លែង​ឲ្យ​សកម្មពល​បរិសុទ្ធ​ដល់​ក្រុម​ជំនុំ ហើយ​ក្រុម​ជំនុំ​នឹង​មិន​មាន​សេចក្ដី​សុខ​សាន្ដ​ដែរ។ (​អេភេសូរ ៤:៣០​) ដូច្នេះ បើ​គ្រិស្ដ​សាសនិក​ណា​ម្នាក់​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​នឹង​ជំរុញ​ចិត្ដ​គាត់​ឲ្យ​ប្រាប់​ពួក​អ្នក​ចាស់​ទុំ ហើយ​ទទួល​ជំនួយ​ដែល​គាត់​ត្រូវ​ការ។—យ៉ាកុប ៥:១៤, ១៥

១៨​. តើ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​គឺ​សំខាន់​យ៉ាង​ណា?

១៨ សេចក្ដី​ស្រឡាញ់​គឺ​ជា​គុណ​សម្បត្ដិ​ដ៏​ឧត្ដុង្គឧត្ដម​ជាង​គេ។ (​កូរិនថូស​ទី១ ១៣:១៣​) សេចក្ដី​ស្រឡាញ់​ជួយ​មនុស្ស​ឲ្យ​ឃើញ​ច្បាស់​ថា​អ្នក​ណា​ពិត​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ និង​អ្នក​ណា​ពិត​ជា​យក​តម្រាប់​ព្រះ​យេហូវ៉ា​ដែល​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់។ (​អេភេសូរ ៥:១, ២​) ប៉ូល​បាន​និយាយ​ថា​បើ​គាត់​គ្មាន​សេចក្ដី​ស្រឡាញ់ គាត់​មិន​ជា​អ្វី​សោះ។ (​កូរិនថូស​ទី១ ១៣:២​) សូម​យើង​ម្នាក់​ៗ​បន្ដ​បង្ហាញ​សេចក្ដី​ស្រឡាញ់ មិន​គ្រាន់​តែ​«​ដោយ​ពាក្យ​សម្ដី​»​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​«​ដោយ​ការ​ប្រព្រឹត្ដ និង​ដោយ​សេចក្ដី​ពិត​»។