លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​បង្រៀន​សេចក្ដី​ពិត

ចូរ​បង្រៀន​សេចក្ដី​ពិត

​«​ឱ​ព្រះ​យេហូវ៉ា​អើយ . . . បូក​រួម​អស់​ទាំង​ព្រះ​បន្ទូល​នៃ​ទ្រង់​ទៅ​ឃើញ​ថា​ពិត​ត្រង់​ទាំង​អស់​»។—ទំនុក​តម្កើង ១១៩:១៥៩, ១៦០

ចម្រៀង​លេខ: ២៩, ៥៣

១, ២. (​ក​) តើ​អ្វី​ជា​កិច្ច​ការ​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​លោក​យេស៊ូ ហើយ​ហេតុ​អ្វី? (​ខ​) តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ជោគ​ជ័យ​ក្នុង​នាម​ជា​«​អ្នក​រួម​ការ​ងារ​ជា​មួយ​នឹង​ព្រះ​»​?

ពេល​លោក​យេស៊ូ​គ្រិស្ដ​នៅ​ផែន​ដី​លោក​ជា​ជាង​ឈើ ហើយ​ក្រោយ​មក​បាន​ទៅ​ជា​លោក​គ្រូ​ឬ​ជា​អ្នក​បម្រើ​ផ្សាយ។ (​ម៉ាកុស ៦:៣; យ៉ូហាន ១៣:១៣​) លោក​បាន​ធ្វើ​អ្វី​ទាំង​ពីរ​នេះ​យ៉ាង​ល្អ​ឥត​ខ្ចោះ។ ក្នុង​នាម​ជា​ជាង​ឈើ លោក​បាន​រៀន​អំពី​របៀប​ប្រើ​ឧបករណ៍​របស់​លោក​ដើម្បី​ផលិត​គ្រឿង​ឈើ​ដែល​មាន​ប្រយោជន៍។ ម្យ៉ាង​ទៀត ក្នុង​នាម​ជា​អ្នក​បម្រើ​ផ្សាយ លោក​បាន​ប្រើ​ចំណេះ​ដ៏​ជ្រាល​ជ្រៅ​ដែល​លោក​មាន​អំពី​បទ​គម្ពីរ ដើម្បី​ជួយ​មនុស្ស​ឲ្យ​យល់​សេចក្ដី​ពិត​ពី​បណ្ដាំ​របស់​ព្រះ។ (​ម៉ាថាយ ៧:២៨; លូកា ២៤:៣២, ៤៥​) ពេល​លោក​យេស៊ូ​មាន​អាយុ​៣០​ឆ្នាំ លោក​បាន​ឈប់​ធ្វើ​ជា​ជាង​ឈើ ហើយ​បាន​ទៅ​ជា​អ្នក​បម្រើ​ផ្សាយ​ម្នាក់ ដោយ​សារ​លោក​បាន​ដឹង​ថា​កិច្ច​ការ​នោះ​គឺ​ជា​កិច្ច​ការ​ដ៏​សំខាន់​បំផុត​ដែល​លោក​អាច​ធ្វើ។ លោក​បាន​មាន​ប្រសាសន៍​ថា​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​គឺ​ជា​មូលហេតុ​មួយ​ដែល​ព្រះ​បាន​ចាត់​លោក​ឲ្យ​មក​ផែន​ដី។ (​ម៉ាថាយ ២០:២៨; លូកា ៣:២៣; ៤:៤៣​) លោក​យេស៊ូ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ហើយ​លោក​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ធ្វើ​ដូច្នេះ​ដែរ។—ម៉ាថាយ ៩:៣៥​-​៣៨

យើង​ភាគ​ច្រើន​មិន​មែន​ជា​ជាង​ឈើ​ទេ ប៉ុន្ដែ​យើង​ទាំង​អស់​គ្នា​ជា​អ្នក​បម្រើ​ដែល​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ដំណឹង​ល្អ។ កិច្ច​ការ​នេះ​គឺ​សំខាន់​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​ក៏​ចូល​រួម​ធ្វើ​កិច្ច​ការ​នេះ​ដែរ។ តាម​ពិត យើង​បាន​ត្រូវ​ហៅ​ថា​«​អ្នក​រួម​ការ​ងារ​ជា​មួយ​នឹង​ព្រះ​»។ (​កូរិនថូស​ទី១ ៣:៩; កូរិនថូស​ទី២ ៦:៤​) យើង​យល់​ស្រប​នឹង​អ្វី​ដែល​អ្នក​តែង​ទំនុកតម្កើង​បាន​និយាយ ពេល​ដែល​គាត់​សរសេរ​ថា​៖ ​«​បូក​រួម​អស់​ទាំង​ព្រះ​បន្ទូល​នៃ​ទ្រង់​ទៅ​ឃើញ​ថា ពិត​ត្រង់​ទាំង​អស់​»។ (​ទំនុក​តម្កើង ១១៩:១៥៩, ១៦០​) បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​គឺ​ជា​សេចក្ដី​ពិត។ ហេតុ​នេះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង យើង​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​«​បង្រៀន​និង​ពន្យល់​បណ្ដាំ​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ​»។ (​សូម​អាន ធីម៉ូថេ​ទី២ ២:១៥) ដូច្នេះ យើង​បន្ដ​ព្យាយាម​ប្រើ​គម្ពីរ​ឲ្យ​កាន់​តែ​ប៉ិន​ប្រសប់​ជាង ដោយ​សារ​នេះ​ជា​ឧបករណ៍​ដ៏​សំខាន់​ចម្បង​របស់​យើង​ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា លោក​យេស៊ូ និង​រាជាណាចក្រ​ព្រះ។ ដើម្បី​ជួយ​យើង​ឲ្យ​ទទួល​ជោគ​ជ័យ​ក្នុង​កិច្ច​បម្រើ​ផ្សាយ អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ឧបករណ៍​ផ្សេង​ទៀត ហើយ​យើង​ក៏​ត្រូវ​ដឹង​អំពី​របៀប​ប្រើ​ឧបករណ៍​ទាំង​នោះ​ដែរ។ ឧបករណ៍​ទាំង​នោះ​បាន​ត្រូវ​ហៅ​ថា​ឧបករណ៍​ដើម្បី​បង្រៀន​គម្ពីរ។

៣. តើ​យើង​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង ហើយ​តើ​សកម្មភាព ១៣:៤៨​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

អ្នក​ប្រហែល​ជា​ឆ្ងល់​ថា​ហេតុ​អ្វី​យើង​ហៅ​ថា​ឧបករណ៍​ដើម្បី​បង្រៀន​គម្ពីរ មិន​មែន​ហៅ​ថា​ឧបករណ៍​ដើម្បី​ផ្សព្វ​ផ្សាយ។ នេះ​គឺ​ដោយ​សារ​«​ការ​ផ្សព្វ​ផ្សាយ​»​មាន​ន័យ​ថា​ការ​ប្រកាស​ផ្សាយ​ដំណឹង​ណា​មួយ ប៉ុន្ដែ​«​ការ​បង្រៀន​»​មាន​ន័យ​ថា​ការ​ពន្យល់​អំពី​ដំណឹង​នោះ​ដើម្បី​ឲ្យ​បុគ្គល​ណា​ម្នាក់​យល់​នូវ​អ្វី​ដែល​គាត់​បាន​ឮ ហើយ​ជំរុញ​ចិត្ដ​គាត់​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​គាត់​បាន​រៀន។ ក្នុង​អំឡុង​ពេល​ដ៏​ខ្លី​ដែល​នៅ​សល់​សម្រាប់​របៀប​របប​ពិភព​លោក​នេះ យើង​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ចាប់​ផ្ដើម​ការ​សិក្សា​គម្ពីរ និង​ការ​បង្រៀន​មនុស្ស​អំពី​សេចក្ដី​ពិត ដើម្បី​ពួក​គេ​អាច​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ដ។ នេះ​មាន​ន័យ​ថា​យើង​គួរ​មាន​ចិត្ដ​ខ្នះ​ខ្នែង​ក្នុង​ការ​ស្វែង​រក​អស់​អ្នក​ដែល​«​មាន​ចិត្ដ​គំនិត​ត្រឹម​ត្រូវ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»​ ហើយ​ជួយ​ពួក​គេ​ឲ្យ​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា។—សូម​អាន សកម្មភាព ១៣:៤៤​-​៤៨

៤. តើ​យើង​អាច​ស្វែង​រក​ពួក​អ្នក​ដែល​«​មាន​ចិត្ដ​គំនិត​ត្រឹម​ត្រូវ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»​តាម​របៀប​ណា?

តើ​យើង​អាច​ស្វែង​រក​អស់​អ្នក​ដែល​«​មាន​ចិត្ដ​គំនិត​ត្រឹម​ត្រូវ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»​តាម​របៀប​ណា? ចំពោះ​គ្រិស្ដ​សាសនិក​នៅ​សម័យ​ដើម វិធី​មួយ​គត់​ដើម្បី​ស្វែង​រក​មនុស្ស​ដែល​មាន​ចិត្ដ​គំនិត​បែប​នោះ​គឺ​ដោយ​ផ្សព្វ​ផ្សាយ។ លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ពេល​ដែល​អ្នក​រាល់​គ្នា​ចូល​ក្នុង​ក្រុង​ឬ​ភូមិ​ណា​មួយ ចូរ​ស្វែង​រក​អ្នក​ណា​ដែល​សម​នឹង​ទទួល​អ្នក​ជា​ភ្ញៀវ​»។ (​ម៉ាថាយ ១០:១១​) នៅ​សព្វ​ថ្ងៃ​នេះ យើង​ក៏​ត្រូវ​ធ្វើ​ដូច​គ្នា​ដែរ។ បើ​មនុស្ស​មិន​មាន​ចិត្ដ​ស្មោះ មាន​អំណួត ឬ​មិន​សូវ​យក​ចិត្ដ​ទុក​ដាក់​អំពី​ព្រះ យើង​មិន​រំពឹង​ថា​ពួក​គេ​នឹង​ស្តាប់​ដំណឹង​ល្អ​ទេ។ យើង​កំពុង​ស្វែង​រក​មនុស្ស​ដែល​មាន​ចិត្ដ​ស្មោះ មាន​ចិត្ដ​រាប​ទាប និង​ដែល​ពិត​ជា​ចង់​ស្គាល់​សេចក្ដី​ពិត។ យើង​អាច​ប្រៀប​ប្រដូច​ការ​ស្វែង​រក​មនុស្ស​ទៅ​នឹង​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​នៅ​ពេល​ដែល​លោក​ជា​ជាង​ឈើ។ មុន​លោក​អាច​ធ្វើ​ទ្វារ នឹម គ្រឿង​សង្ហារិម​ណា​មួយ ឬ​អ្វី​ផ្សេង​ទៀត លោក​ត្រូវ​ស្វែង​រក​ឈើ​ដែល​សម​ត្រឹម​ត្រូវ​ជា​មុន​សិន។ បន្ទាប់​មក លោក​យក​ឧបករណ៍​ផ្ទាល់​ខ្លួន ប្រើ​ជំនាញ​របស់​លោក ហើយ​ចាប់​ផ្ដើម​ធ្វើ​របស់​របរ​ផ្សេង​ៗ។ ស្រដៀង​គ្នា​ដែរ នៅ​សព្វ​ថ្ងៃ​នេះ ដំបូង​យើង​ត្រូវ​ស្វែង​រក​មនុស្ស​ដែល​មាន​ចិត្ដ​ស្មោះ ហើយ​ក្រោយ​មក​យើង​ប្រើ​ឧបករណ៍​និង​ជំនាញ​របស់​យើង ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។—ម៉ាថាយ ២៨:១៩, ២០

៥. តើ​យើង​ត្រូវ​ដឹង​អ្វី​អំពី​ឧបករណ៍​នីមួយ​ៗ​ដើម្បី​បង្រៀន​គម្ពីរ? សូម​ឲ្យ​ឧទាហរណ៍។ (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ក្នុង​ប្រអប់​ឧបករណ៍​របស់​យើង ឧបករណ៍​នីមួយ​ៗ​បាន​ត្រូវ​រៀប​ចំ​ឡើង​ដោយ​មាន​គោល​បំណង​ជាក់​លាក់។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ឧបករណ៍​ដែល​លោក​យេស៊ូ​បាន​ប្រើ​ពេល​លោក​ជា​ជាង​ឈើ។ លោក​ត្រូវ​ការ​ឧបករណ៍​ដើម្បី​វាស់​ប្រវែង គូស កាត់ ខួង និង​ឆ្លាក់​ឲ្យ​ចេញ​ជា​រូប​រាង​ណា​មួយ ព្រម​ទាំង​ឧបករណ៍​ដើម្បី​វាស់​ស្ទង់​ផ្ទាំង​ឈើ​ឲ្យ​ស្មើ​គ្នា ហើយ​ផ្គុំ​ឈើ​ទាំង​នោះ​បញ្ចូល​គ្នា។ ស្រដៀង​គ្នា​ដែរ ឧបករណ៍​នីមួយ​ៗ​ដើម្បី​បង្រៀន​គម្ពីរ ក៏​បាន​ត្រូវ​រៀប​ចំ​ឡើង​ដោយ​មាន​គោល​បំណង​ជាក់​លាក់​ដែរ។ ដូច្នេះ សូម​យើង​ស្វែង​យល់​អំពី​របៀប​ប្រើ​ឧបករណ៍​ដ៏​សំខាន់​ទាំង​នេះ។

ឧបករណ៍​ដែល​ប្រាប់​មនុស្ស​ថា​យើង​ជា​អ្នក​ណា

៦, ៧. (​ក​) តើ​អ្នក​ធ្លាប់​ប្រើ​កាតវីស៊ីត​យ៉ាង​ដូច​ម្ដេច? (​ខ​) ហេតុ​អ្វី​យើង​ប្រើ​លិខិត​អញ្ជើញ​សម្រាប់​កិច្ច​ប្រជុំ​ក្រុម​ជំនុំ?

កាតវីស៊ីត: ឧបករណ៍​នេះ​មាន​ទំហំ​តូច ប៉ុន្ដែ​មាន​ប្រសិទ្ធភាព​ណាស់​ក្នុង​ការ​ប្រាប់​មនុស្ស​ឲ្យ​ស្គាល់​ថា​យើង​ជា​អ្នក​ណា និង​ក្នុង​ការ​ណែនាំ​ពួក​គេ​ឲ្យ​ចូល​មើល​គេហទំព័រ​របស់​យើង ពោល​គឺ​jw.org។ ក្នុង​គេហទំព័រ​របស់​យើង ពួក​គេ​អាច​រៀន​ថែម​ទៀត​អំពី​យើង ហើយ​ថែម​ទាំង​ស្នើ​សុំ​រៀន​គម្ពីរ​ទៀត​ផង។ រហូត​ដល់​សព្វ​ថ្ងៃ​នេះ តាម​គេហទំព័រ​jw.org មនុស្ស​ជាង​៤០០.០០០​នាក់​បាន​ស្នើ​សុំ​រៀន​គម្ពីរ ហើយ​ជា​រៀង​រាល់​ថ្ងៃ​មាន​មនុស្ស​រាប់​រយ​នាក់​ទៀត​ដែល​ធ្វើ​ដូច្នេះ! អ្នក​អាច​ទុក​កាតវីស៊ីត​ខ្លះ​នៅ​តាម​ខ្លួន ហើយ​ប្រើ​វា​កាល​ដែល​អ្នក​និយាយ​ជា​មួយ​នឹង​មនុស្ស​ដែល​អ្នក​ជួប​ក្នុង​កិច្ច​ការ​ប្រចាំ​ថ្ងៃ។

លិខិត​អញ្ជើញ: លិខិត​អញ្ជើញ​សម្រាប់​កិច្ច​ប្រជុំ​របស់​យើង​សរសេរ​ថា​៖ ​«​យើង​សូម​អញ្ជើញ​លោក​អ្នក​ចូល​រួម​រៀន​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា​»។ លិខិត​អញ្ជើញ​នោះ​ក៏​រៀប​រាប់​ថា​អ្នក​អាច​រៀន​គម្ពីរ​«​នៅ​កិច្ច​ប្រជុំ​របស់​យើង​»​ ឬ​«​រៀន​គម្ពីរ​នៅ​ផ្ទះ​របស់​លោក​អ្នក​»។ ដូច្នេះ លិខិត​អញ្ជើញ​នេះ​ជួយ​មនុស្ស​ឲ្យ​ដឹង​ថា​យើង​ជា​អ្នក​ណា ហើយ​ក៏​អញ្ជើញ​ពួក​អ្នក​ដែល​«​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ​»​ឲ្យ​សិក្សា​គម្ពីរ​ជា​មួយ​នឹង​យើង។ (​ម៉ាថាយ ៥:៣​) យើង​ស្វាគមន៍​មនុស្ស​ឲ្យ​មក​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង ទោះ​ជា​ពួក​គេ​ព្រម​សិក្សា​គម្ពីរ​ឬ​មិន​ព្រម​ក្ដី។ ពេល​ពួក​គេ​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង ពួក​គេ​នឹង​ឃើញ​ថា​មាន​អ្វី​ជា​ច្រើន​ដែល​ពួក​គេ​អាច​រៀន​ពី​គម្ពីរ។

៨. ហេតុ​អ្វី​គឺ​សំខាន់​ដែល​មនុស្ស​មក​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង​យ៉ាង​ហោច​ណាស់​ម្ដង? សូម​លើក​ឧទាហរណ៍​មួយ។

គឺ​សំខាន់​ដែល​យើង​បន្ដ​អញ្ជើញ​មនុស្ស​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង​យ៉ាង​ហោច​ណាស់​ម្ដង។ ហេតុ​អ្វី? ពី​ព្រោះ​ពេល​ដែល​ពួក​គេ​មក​ចូល​រួម​កិច្ច​ប្រជុំ ពួក​គេ​នឹង​ឃើញ​ថា​សាក្សី​ព្រះ​យេហូវ៉ា​បង្រៀន​សេចក្ដី​ពិត​ពី​គម្ពីរ​និង​ជួយ​មនុស្ស​ឲ្យ​ស្គាល់​ព្រះ ហើយ​ពួក​គេ​នឹង​ឃើញ​ថា​សាសនា​មិន​ពិត​មិន​ធ្វើ​ដូច្នេះ​ទេ។ (​អេសាយ ៦៥:១៣​) ប៉ុន្មាន​ឆ្នាំ​មុន បុរស​ម្នាក់​ឈ្មោះ​រេ​និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​លីនដា​ដែល​រស់​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កត់​សម្គាល់​អំពី​ភាព​ខុស​គ្នា​នេះ។ ពួក​គាត់​មាន​ជំនឿ​លើ​ព្រះ ហើយ​ចង់​ស្គាល់​លោក​យ៉ាង​ច្បាស់។ ដូច្នេះ ពួក​គាត់​បាន​សម្រេច​ចិត្ដ​ទៅ​វិហារ​នីមួយ​ៗ​នៅ​ក្រុង​ដែល​ពួក​គាត់​រស់​នៅ ហើយ​ស្វែង​រក​អ្វី​ពីរ​យ៉ាង​មុន​ដែល​ពួក​គាត់​ចូល​សាសនា​ណា​មួយ។ ទី១ វិហារ​នោះ​ត្រូវ​ជួយ​ពួក​គាត់​ឲ្យ​រៀន​អ្វី​មួយ ហើយ​ទី២ សមាជិក​វិហារ​នោះ​ត្រូវ​ស្លៀក​ពាក់​សម​នឹង​អ្នក​ដែល​អះអាង​ថា​ខ្លួន​ជា​អ្នក​បម្រើ​ព្រះ។ ដោយ​សារ​មាន​វិហារ​ជា​ច្រើន​នៅ​ក្រុង​នោះ ពួក​គាត់​បាន​ចំណាយ​ពេល​អស់​ប៉ុន្មាន​ឆ្នាំ​ដើម្បី​ទៅ​គ្រប់​វិហារ​នីមួយ​ៗ។ ប៉ុន្ដែ​ពួក​គាត់​ខក​ចិត្ដ​ជា​ខ្លាំង។ ពួក​គាត់​មិន​បាន​រៀន​អ្វី​សោះ ហើយ​សមាជិក​វិហារ​មិន​បាន​ស្លៀក​ពាក់​សម​រម្យ​ទេ។ ក្រោយ​ពី​ពួក​គាត់​បាន​ទៅ​វិហារ​ចុង​ក្រោយ បង​លីនដា​ទៅ​ធ្វើ​ការ រីឯ​បង​រេ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ពេល​គាត់​បើក​ឡាន​ត្រឡប់​ទៅ​ផ្ទះ​វិញ គាត់​បាន​ជិះ​កាត់​សាល​ប្រជុំ​មួយ។ គាត់​បាន​គិត​ថា ‹ខ្ញុំ​ចូល​ទៅ​មើល​សិន តើ​គេ​ធ្វើ​អី​នៅ​ទី​នោះ›។ នេះ​គឺ​ជា​បទ​ពិសោធន៍​ដ៏​ល្អ​ជាង​គេ​សម្រាប់​គាត់! បង​ប្អូន​នៅ​សាល​ប្រជុំ​បង្ហាញ​សេចក្ដី​សប្បុរស​និង​បង្ហាញ​ភាព​រាក់​ទាក់ ហើយ​បាន​ស្លៀក​ពាក់​យ៉ាង​ស្អាត​បាត។ បង​រេ​បាន​អង្គុយ​នៅ​ជួរ​ខាង​មុខ ហើយ​គាត់​ចូល​ចិត្ដ​អ្វី​ដែល​គាត់​បាន​រៀន​ខ្លាំង​ណាស់! នេះ​រំលឹក​យើង​អំពី​ពាក្យ​របស់​សាវ័ក​ប៉ូល​ពេល​គាត់​បាន​រៀប​រាប់​អំពី​បុគ្គល​ដែល​មក​ចូល​រួម​កិច្ច​ប្រជុំ​ជា​លើក​ដំបូង បុគ្គល​នោះ​និយាយ​ថា​៖ ​«​ព្រះ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន​»។ (​កូរិនថូស​ទី១ ១៤:២៣​-​២៥​) ក្រោយ​មក បង​រេ​បាន​មក​កិច្ច​ប្រជុំ​ជា​រៀង​រាល់​ថ្ងៃ​អាទិត្យ។ ក្រោយ​មក​ទៀត គាត់​បាន​ចាប់​ផ្ដើម​មក​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​អស់​របស់​យើង។ បង​លីនដា​ក៏​បាន​មក​ចូល​រួម​កិច្ច​ប្រជុំ​ដែរ។ ទោះ​ជា​ពួក​គាត់​មាន​អាយុ​៧០​ឆ្នាំ​ជាង​ក្ដី ពួក​គាត់​បាន​រៀន​គម្ពីរ​និង​បាន​ទទួល​ការ​ជ្រមុជ​ទឹក។

ឧបករណ៍​សម្រាប់​ចាប់​ផ្ដើម​ការ​សន្ទនា

៩, ១០. (​ក​) ហេតុ​អ្វី​ខិត្ដប័ណ្ណ​របស់​យើង​គឺ​ស្រួល​ប្រើ? (​ខ​) សូម​ពន្យល់​អំពី​របៀប​ប្រើ​ខិត្ដប័ណ្ណ​ដែល​មាន​ចំណង​ជើង​ថា តើ​ព្រះ​មាន​រដ្ឋាភិបាល​ឬ​ទេ?

ខិត្ដប័ណ្ណ: យើង​មាន​ខិត្ដប័ណ្ណ​៨​ដែល​ជា​ឧបករណ៍​ដើម្បី​បង្រៀន​គម្ពីរ។ ខិត្ដប័ណ្ណ​ទាំង​នោះ​គឺ​ងាយ​ស្រួល​ប្រើ ហើយជួយ​យើង​ឲ្យ​ចាប់​ផ្ដើម​ការ​សន្ទនា។ តាំង​ពី​ខិត្ដប័ណ្ណ​ដំបូង​ក្នុង​ចំណោម​ខិត្ដប័ណ្ណ​ទាំង​នេះ​បាន​ត្រូវ​ចេញ​នៅ​ឆ្នាំ​២០១៣ យើង​បាន​បោះ​ពុម្ព​ប្រហែល​ជា​៥​ពាន់​លាន​ខិត្ដប័ណ្ណ! ខិត្ដប័ណ្ណ​ទាំង​អស់​នេះ​មាន​លក្ខណៈ​ដូច​គ្នា។ ដូច្នេះ ក្រោយ​ពី​យើង​រៀន​អំពី​របៀប​ប្រើ​ខិត្ដប័ណ្ណ​មួយ យើង​អាច​ចេះ​ប្រើ​ខិត្ដប័ណ្ណ​ទាំង​៨​នោះ​បាន! តើ​អ្នក​អាច​ប្រើ​ខិត្ដប័ណ្ណ​របស់​យើង​ដើម្បី​ចាប់​ផ្ដើម​សន្ទនា​ជា​មួយ​នឹង​បុគ្គល​ណា​ម្នាក់​យ៉ាង​ដូច​ម្ដេច?

១០ ឧបមា​ថា​អ្នក​ចង់​ប្រើ​ខិត្ដប័ណ្ណ​ដែល​មាន​ចំណង​ជើង​ថា តើ​ព្រះ​មាន​រដ្ឋាភិបាល​ឬ​ទេ? សូម​បង្ហាញ​សំណួរ​ដែល​នៅ​ខាង​មុខ​ខិត្ដប័ណ្ណ ហើយ​សួរ​ថា​៖ ​«​តើ​លោក​អ្នក​យល់​យ៉ាង​ណា តើ​ព្រះ​មាន​រដ្ឋាភិបាល​ឬ​ទេ? តើ​លោក​អ្នក​នឹង​ឆ្លើយ​ថា . . . ?​»។ បន្ទាប់​មក សូម​សួរ​គាត់​ថា​ក្នុង​ចំណោម​ចម្លើយ​ទាំង​បី​ដែល​មាន​ក្នុង​ខិត្ដប័ណ្ណ​នោះ​តើ​គាត់​នឹង​ជ្រើស​រើស​ចម្លើយ​មួយ​ណា។ ជា​ជាង​និយាយ​ថា​ចម្លើយ​របស់​គាត់​ខុស​ឬ​ត្រូវ សូម​បើក​ខិត្ដប័ណ្ណ​នៅ​កន្លែង​ដែល​ថា​«​គម្ពីរ​រៀប​រាប់​ថា​»​ ហើយ​អាន​ខ​គម្ពីរ​ដែល​មាន​នៅ​ទី​នោះ ពោល​គឺ​ដានីយ៉ែល ២:៤៤ និង​អេសាយ ៩:៦។ ពេល​បញ្ចប់​ការ​សន្ទនា សូម​សួរ​សំណួរ​នៅ​ខាង​ក្រោយ​ខិត្ដប័ណ្ណ ដែល​នៅ​ក្រោម​ចំណង​ជើង​ថា ​«​សូម​គិត​អំពី​សំណួរ​នេះ​»​ ដែល​ថា​៖ ​«​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ តើ​ជីវិត​នឹង​មាន​ស្ថានភាព​យ៉ាង​ណា?​»។ អ្នក​អាច​ឆ្លើយ​សំណួរ​នេះ​ពេល​អ្នក​ទៅ​ជួប​គាត់​លើក​ក្រោយ។ ពេល​នោះ អ្នក​អាច​ប្រើ​មេ​រៀន​ទី​៧​នៃ​សៀវភៅ​ស្ដើង​ព្រះ​មាន​ដំណឹង​ល្អ​សម្រាប់​យើង!ដែល​ជា​ឧបករណ៍​មួយ​ដើម្បី​ចាប់​ផ្ដើម​សិក្សា​គម្ពីរ។

ឧបករណ៍​ដែល​ធ្វើ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​លើ​គម្ពីរ

១១. តើ​ទស្សនាវដ្ដី​របស់​យើង​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​អ្វី ហើយ​តើ​យើង​គួរ​ដឹង​អ្វី​អំពី​ទស្សនាវដ្ដី​ទាំង​នោះ?

១១ ទស្សនាវដ្ដី: ទស្សនាវដ្ដី​ប៉ម​យាម​និង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! បាន​ត្រូវ​បោះ​ពុម្ព​និង​បក​ប្រែ​ច្រើន​ជាង​ទស្សនាវដ្ដី​ឯ​ទៀត​ក្នុង​ពិភព​លោក​នេះ! ដោយ​សារ​មនុស្ស​ដែល​មក​ពី​ប្រទេស​ជា​ច្រើន​អាន​ទស្សនាវដ្ដី​ទាំង​នេះ ប្រធានបទ​ដែល​នៅ​ក្រប​ខាង​មុខ​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ទូ​ទៅ។ យើង​គួរ​ប្រើ​ទស្សនាវដ្ដី​ទាំង​នេះ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​នៅ​សព្វ​ថ្ងៃ​នេះ។ ប៉ុន្ដែ មុន​ដំបូង​យើង​ត្រូវ​ដឹង​ថា​ទស្សនាវដ្ដី​នីមួយ​ៗ​បាន​ត្រូវ​រៀប​ចំ​ឡើង​សម្រាប់​បុគ្គល​បែប​ណា។

១២. (​ក​) តើ​ទស្សនាវដ្ដី​ភ្ញាក់​រឭក!បាន​ត្រូវ​រៀប​ចំ​ឡើង​សម្រាប់​អ្នក​ណា ហើយ​ដោយ​មាន​គោល​បំណង​អ្វី? (​ខ​) នៅ​ថ្មី​ៗ​នេះ តើ​អ្នក​មាន​បទ​ពិសោធន៍​ល្អ​អ្វី​ពេល​អ្នក​ប្រើ​ឧបករណ៍​នេះ?

១២ ទស្សនាវដ្ដី​ភ្ញាក់​រឭក! បាន​ត្រូវ​រៀប​ចំ​ឡើង​សម្រាប់​មនុស្ស​ដែល​មិន​សូវ​ស្គាល់ ឬ​ដែល​មិន​ស្គាល់​ទាល់​តែ​សោះ​អំពី​គម្ពីរ។ ពួក​គេ​ប្រហែល​ជា​មិន​ស្គាល់​ទាល់​តែ​សោះ​អំពី​សេចក្ដី​បង្រៀន​របស់​គ្រិស្ដ​សាសនា ឬ​ពួក​គេ​ប្រហែល​ជា​មិន​សូវ​ទុក​ចិត្ដ​សាសនា ឬ​ក៏​ពួក​គេ​ប្រហែល​ជា​មិន​ដឹង​ថា​គម្ពីរ​អាច​ជួយ​ពួក​គេ​ក្នុង​ជីវិត​ទេ។ គោល​បំណង​ដ៏​សំខាន់​ចម្បង​នៃ​ទស្សនាវដ្ដី​ភ្ញាក់​រឭក!គឺ​ដើម្បី​ជួយ​អ្នក​អាន​ឲ្យ​ជឿ​ថា​មាន​ព្រះ។ (​រ៉ូម ១:២០; ហេប្រឺ ១១:៦​) ទស្សនាវដ្ដី​នេះ​ក៏​ចង់​ជួយ​អ្នក​អាន​ឲ្យ​ជឿ​ថា​គម្ពីរ​ពិត​ជា​«​បណ្ដាំ​របស់​ព្រះ​»។ (​ថែស្សាឡូនិច​ទី១ ២:១៣​) ទស្សនាវដ្ដី​ភ្ញាក់​រឭក!ចំនួន​បី​លេខ​សម្រាប់​ឆ្នាំ​២០១៨ មាន​ចំណង​ជើង​ថា ​«​របៀប​រក​ផ្លូវ​ដែល​នាំ​ឲ្យ​មាន​សុភមង្គល​»​ ​«​គន្លឹះ​១២​យ៉ាង​សម្រាប់​ក្រុម​គ្រួសារ​»​ និង​«​ជំនួយ​សម្រាប់​អ្នក​ដែល​កើត​ទុក្ខ​»។

១៣. (​ក​) តើ​ទស្សនាវដ្ដី​ប៉ម​យាម​សម្រាប់​ផ្សព្វ​ផ្សាយ​បាន​ត្រូវ​រៀប​ចំ​ឡើង​ដោយ​មាន​គោល​បំណង​អ្វី? (​ខ​) នៅ​ថ្មី​ៗ​នេះ តើ​អ្នក​មាន​បទ​ពិសោធន៍​ល្អ​អ្វី​ពេល​អ្នក​ប្រើ​ឧបករណ៍​នេះ?

១៣ គោល​បំណង​ដ៏​សំខាន់​ចម្បង​នៃ​ទស្សនាវដ្ដី​ប៉ម​យាម​សម្រាប់​ផ្សព្វ​ផ្សាយ​គឺ​ដើម្បី​ពន្យល់​អំពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ដល់​មនុស្ស​ដែល​គោរព​ព្រះ​និង​គម្ពីរ​មួយ​កម្រិត​រួច​ហើយ។ ពួក​គេ​ប្រហែល​ជា​ស្គាល់​អ្វី​មួយ​ចំនួន​អំពី​គម្ពីរ ប៉ុន្ដែ​ពួក​គេ​មិន​យល់​អំពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​យ៉ាង​ត្រឹម​ត្រូវ​ទេ។ (​រ៉ូម ១០:២; ធីម៉ូថេ​ទី១ ២:៣, ៤​) ទស្សនាវដ្ដី​ប៉ម​យាម​ចំនួន​បី​លេខ​សម្រាប់​ផ្សព្វ​ផ្សាយ​នៅ​ឆ្នាំ​២០១៨ ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ថា​៖ ​«​តើ​គម្ពីរ​នៅ​តែ​មាន​ប្រយោជន៍​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ?​»​ ​«​តើ​អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា?​»​ និង​«​តើ​ព្រះ​យក​ចិត្ដ​ទុក​ដាក់​នឹង​លោក​អ្នក​ឬ​ទេ?​»។

ឧបករណ៍​ដែល​ជំរុញ​ចិត្ដ

១៤. (​ក​) តើ​វីដេអូ​បួន​ដែល​ជា​ឧបករណ៍​ដើម្បី​បង្រៀន​គម្ពីរ​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​អ្វី? (​ខ​) តើ​អ្នក​មាន​បទ​ពិសោធន៍​ល្អ​អ្វី​ខ្លះ​ពេល​បង្ហាញ​វីដេអូ​ទាំង​នេះ?

១៤ វីដេអូ: នៅ​សម័យ​លោក​យេស៊ូ ជាង​ឈើ​មិន​មាន​ម៉ាស៊ីន​ទេ មាន​តែ​ឧបករណ៍​ដែល​ប្រើ​ដោយ​ដៃ​ប៉ុណ្ណោះ។ ប៉ុន្ដែ សព្វ​ថ្ងៃ​នេះ​ជាង​ឈើ​ក៏​មាន​ឧបករណ៍​ដែល​ប្រើ​អគ្គីសនី​ដែរ​ដូច​ជា ម៉ាស៊ីន​អារ​ឈើ ម៉ាស៊ីន​ស្វាន និង​ម៉ាស៊ីន​ខាត់។ នៅ​សព្វ​ថ្ងៃ​នេះ​ពេល​យើង​ផ្សព្វ​ផ្សាយ ក្រៅ​ពី​សៀវភៅ​ផ្សេង​ៗ​ដែល​បាន​ត្រូវ​បោះ​ពុម្ព យើង​ក៏​មាន​វីដេអូ​ល្អ​ៗ​ដើម្បី​បង្ហាញ​មនុស្ស​ដែរ។ ក្នុង​ចំណោម​វីដេអូ​ទាំង​នោះ មាន​វីដេអូ​បួន​ដែល​ជា​ឧបករណ៍​ដើម្បី​បង្រៀន​គម្ពីរ។ វីដេអូ​ទាំង​នេះ​មាន​ចំណង​ជើង​ថា ហេតុ​អ្វី​គួរ​រៀន​គម្ពីរ? តើ​កម្ម​វិធី​រៀន​គម្ពីរ​ត្រូវ​ធ្វើ​ឡើង​តាម​របៀប​ណា? តើ​មាន​កម្ម​វិធី​អ្វី​ខ្លះ​នៅ​សាល​ប្រជុំ​របស់​យើង? និងសាក្សី​ព្រះ​យេហូវ៉ា តើ​យើង​ជា​អ្នក​ណា? វីដេអូ​ខ្លី​អាច​ចាក់​ក្នុង​រយៈ​ពេល​តិច​ជាង​ពីរ​នាទី ហើយ​ពិត​ជា​មាន​ប្រយោជន៍​ពេល​យើង​ប្រើ​សម្រាប់​ការ​ជួប​ជា​លើក​ដំបូង។ វីដេអូ​វែង​ជាង​អាច​ប្រើ​ពេល​យើង​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប និង​ប្រើ​សម្រាប់​អ្នក​ដែល​មាន​ពេល​ច្រើន​ជាង។ វីដេអូ​ទាំង​នេះ​គឺ​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​ដោយ​សារ​វា​អាច​ជំរុញ​ចិត្ដ​មនុស្ស​ឲ្យ​សិក្សា​គម្ពីរ និង​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង។

១៥. តើ​ការ​មើល​វីដេអូ​របស់​យើង​ជា​ភាសា​កំណើត​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​មនុស្ស? សូម​លើក​ឧទាហរណ៍។

១៥ ជា​ឧទាហរណ៍ បង​ស្រី​ម្នាក់​បាន​ជួប​ស្ដ្រី​ម្នាក់​ដែល​បាន​រើ​មក​ពី​ប្រជុំ​កោះ​មីក្រូណេស៊ី ហើយ​ភាសា​កំណើត​របស់​ស្ដ្រី​នោះ​គឺ​ភាសា​យេព។ បង​ស្រី​យើង​បាន​បង្ហាញ​គាត់​នូវ​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា ហេតុ​អ្វី​គួរ​រៀន​គម្ពីរ?ជា​ភាសា​យេព។ ពេល​វីដេអូ​ចាប់​ផ្ដើម ស្ដ្រី​នោះ​បាន​និយាយ​ថា​៖ ​«​នេះ​ជា​ភាសា​របស់​ខ្ញុំ​តើ​ស។ ខ្ញុំ​ពិបាក​ជឿ​មែន​ទែន! តុង​សំឡេង​របស់​គាត់ ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា​គាត់​មក​ពី​កោះ​ដែល​ខ្ញុំ​ធ្លាប់​រស់​នៅ។ គាត់​និយាយ​ភាសា​របស់​ខ្ញុំ!​»។ ក្រោយ​មក ស្ដ្រី​នោះ​បាន​និយាយ​ថា​គាត់​នឹង​អាន ហើយ​មើល​អ្វី​ៗ​ទាំង​អស់​តាម​គេហទំព័រ​jw.org​ជា​ភាសា​របស់​គាត់។ (​សូម​ពិនិត្យ​បន្ថែម សកម្មភាព ២:៨, ១១​) ឧទាហរណ៍​មួយ​ទៀត​គឺ​បង​ស្រី​ម្នាក់​ដែល​រស់​នៅ​សហរដ្ឋ​អាម៉េរិក ដែល​មាន​ក្មួយ​ប្រុស​រស់​នៅ​ប្រទេស​ផ្សេង។ បង​ស្រី​នោះ​បាន​ផ្ញើ​អ៊ីមែល​ឲ្យ​គាត់​ដោយ​ភ្ជាប់​វីដេអូ​ហេតុ​អ្វី​គួរ​រៀន​គម្ពីរ?ជា​ភាសា​របស់​គាត់។ គាត់​បាន​មើល​វីដេអូ​នោះ ហើយ​បាន​ផ្ញើ​អ៊ីមែល​ទៅ​បង​ស្រី​នោះ​វិញ​ថា​៖ ​«​ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​ចំណុច​ដែល​ថា​មេ​កំណាច​កំពុង​កាន់​កាប់​ពិភព​លោក​ទាំង​មូល។ ដូច្នេះ ខ្ញុំ​បាន​សុំ​រៀន​គម្ពីរ​»។ នេះ​គឺ​គួរ​ឲ្យ​រំភើប​ចិត្ដ​ណាស់ ដោយ​សារ​គាត់​រស់​នៅ​ប្រទេស​ដែល​កិច្ច​ការ​របស់​យើង​បាន​ត្រូវ​គេ​ដាក់​កម្រិត!

ឧបករណ៍​ដែល​បង្រៀន​សេចក្ដី​ពិត

១៦. សូម​ពន្យល់​អំពី​គោល​បំណង​នៃ​សៀវភៅ​ស្ដើង​ដូច​ជា (​ក​) ចូរ​ស្តាប់​ព្រះ​ដើម្បី​រស់​ជា​រៀង​រហូត។ (​ខ​) ព្រះ​មាន​ដំណឹង​ល្អ​សម្រាប់​យើង! (​គ​) នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​កំពុង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា?

១៦ សៀវភៅ​ស្ដើង: តើ​តាម​របៀប​ណា​យើង​អាច​បង្រៀន​សេចក្ដី​ពិត​ដល់​អ្នក​ណា​ម្នាក់​ដែល​មិន​សូវ​ចេះ​អក្សរ ឬ​ដែល​មិន​មាន​សៀវភៅ​ផ្សេង​ៗ​របស់​យើង​អំពី​គម្ពីរ​ជា​ភាសា​របស់​គាត់? យើង​អាច​ប្រើ​សៀវភៅ​ស្ដើង​ដែល​មាន​ចំណង​ជើង​ថា ចូរ​ស្តាប់​ព្រះ​ដើម្បី​រស់​ជា​រៀង​រហូត * (​សូម​មើល​កំណត់​សម្គាល់​) ឧបករណ៍​ដ៏​ល្អ​មួយ​ដើម្បី​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​គឺ​សៀវភៅ​ស្ដើង​ដែល​មាន​ចំណង​ជើង​ថា ព្រះ​មាន​ដំណឹង​ល្អ​សម្រាប់​យើង! អ្នក​អាច​បង្ហាញ​បុគ្គល​ណា​ម្នាក់​នូវ​ប្រធានបទ​ទាំង​១៤​ដែល​មាន​នៅ​ក្រប​ខាង​ក្រោយ​នៃ​សៀវភៅ​ស្ដើង​នោះ ហើយ​សួរ​គាត់​ថា​តើ​គាត់​ចាប់​អារម្មណ៍​ប្រធានបទ​មួយ​ណា​ជាង​គេ។ បន្ទាប់​មក សូម​ចាប់​ផ្ដើម​បង្រៀន​គាត់​នូវ​មេ​រៀន​នោះ។ តើ​អ្នក​បាន​សាកល្បង​ធ្វើ​ដូច្នេះ​ពេល​អ្នក​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​ឬ​ទេ? សៀវភៅ​ស្ដើង​មួយ​ទៀត​ដែល​ជា​ឧបករណ៍​ដើម្បី​បង្រៀន​គម្ពីរ មាន​ចំណង​ជើង​ថា នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​កំពុង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា? សៀវភៅ​ស្ដើង​នេះ​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​បង្រៀន​សិស្ស​គម្ពីរ​អំពី​អង្គ​ការ​របស់​ព្រះ។ ដើម្បី​ដឹង​អំពី​របៀប​ដែល​អ្នក​អាច​ប្រើ​សៀវភៅ​ស្ដើង​នេះ​រាល់​ដង​ដែល​អ្នកបង្រៀន​សិស្ស​គម្ពីរ សូម​មើលកិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ដ​សាសនិក កំណត់​សម្រាប់​កិច្ច​ប្រជុំ ខែ​មីនា ឆ្នាំ​២០១៧

១៧. (​ក​) តើ​សៀវភៅ​សិក្សា​នីមួយ​ៗ​បាន​ត្រូវ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​អ្វី? (​ខ​) តើ​អស់​អ្នក​ដែល​ទទួល​ការ​ជ្រមុជ​ទឹក​ត្រូវ​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

១៧ សៀវភៅ: ក្រោយ​ពី​អ្នក​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​ដល់​អ្នក​ណា​ម្នាក់​ដោយ​ប្រើ​សៀវភៅ​ស្ដើង​ណា​មួយ អ្នក​អាច​ប្ដូរ​ទៅ​សៀវភៅ​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី? នៅ​ពេល​ណា​ក៏​បាន។ ឧបករណ៍​នេះ​អាច​ជួយ​មនុស្ស​ឲ្យ​រៀន​ថែម​ទៀត​អំពី​សេចក្ដី​បង្រៀន​បឋម​ៗ​ក្នុង​គម្ពីរ។ បើ​សិស្ស​គម្ពីរ​កំពុង​រីក​ចម្រើន ហើយ​បាន​រៀន​ចប់​សៀវភៅ​នេះ អ្នក​អាច​បន្ដ​បង្រៀន​គាត់​ដោយ​ប្រើ​សៀវភៅ​«​ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​» * (​សូម​មើល​កំណត់​សម្គាល់​) ឧបករណ៍​នេះ​នឹង​ជួយ​សិស្ស​គម្ពីរ​ឲ្យ​រៀន​អំពី​របៀប​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ សូម​ចាំ​ថា សូម្បី​តែ​ក្រោយ​ពី​សិស្ស​គម្ពីរ​បាន​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​ក៏​នៅ​តែ​ត្រូវ​បន្ដ​សិក្សា​ជា​មួយ​នឹង​គាត់​រហូត​ដល់​គាត់​រៀន​ចប់​សៀវភៅ​ទាំង​ពីរ​ក្បាល​នោះ។ នេះ​នឹង​ជួយ​គាត់​ឲ្យ​មាន​ជំនឿ​មាំ​មួន​លើ​ព្រះ​យេហូវ៉ា ហើយ​រក្សា​ចិត្ដ​ស្មោះ​ត្រង់​ចំពោះ​លោក។—សូម​អាន កូឡុស ២:៦, ៧

យើង​មាន​ឧបករណ៍​មួយ​ចំនួន​ដែល​យើង​ត្រូវ​ការ​ដើម្បី​បង្រៀន​មនុស្ស​នូវ​ដំណឹង​ល្អ

១៨. (​ក​) ក្នុង​នាម​ជា​អ្នក​បង្រៀន​សេចក្ដី​ពិត តើ​ធីម៉ូថេ​ទី១ ៤:១៦​លើក​ទឹក​ចិត្ដ​យើង​ឲ្យ​ធ្វើ​អ្វី ហើយ​តើ​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី? (​ខ​) តើ​យើង​មាន​គោល​ដៅ​អ្វី​ពេល​យើង​ប្រើ​ឧបករណ៍​ផ្សេង​ៗ​របស់​យើង​ដើម្បី​បង្រៀន​គម្ពីរ?

១៨ ក្នុង​នាម​ជា​សាក្សី​ព្រះ​យេហូវ៉ា យើង​មាន​ភារកិច្ច​បង្រៀន​មនុស្ស​«​អំពី​សេចក្ដី​ពិត ពោល​គឺ​ដំណឹង​ល្អ​»​ ដែល​អាច​ជួយ​ពួក​គេ​ឲ្យ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​កូឡុស ១:៥; សូម​អាន ធីម៉ូថេ​ទី១ ៤:១៦) ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ យើង​មាន​ឧបករណ៍​មួយ​ចំនួន​ដែល​យើង​ត្រូវ​ការ​ដើម្បី​បង្រៀន​គម្ពីរ។ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ឧបករណ៍​ដើម្បី​បង្រៀន​គម្ពីរ​»​) សូម​យើង​ប្រើ​ឧបករណ៍​ទាំង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត។ យើង​ម្នាក់​ៗ​អាច​សម្រេច​ចិត្ដ​ថា​យើង​នឹង​ប្រើ​ឧបករណ៍​ណា​មួយ ហើយ​អំពី​ពេល​ណា​ដែល​យើង​នឹង​ប្រើ​ឧបករណ៍​នោះ។ ប៉ុន្ដែ​សូម​ចាំ​ថា យើង​មិន​ឲ្យ​សៀវភៅ​របស់​យើង​ដល់​មនុស្ស​ដែល​មិន​ចាប់​អារម្មណ៍​ដំណឹង​ដែល​យើង​ផ្សាយ​ឡើយ ហើយ​ថា​គោល​ដៅ​របស់​យើង​គឺ​មិន​គ្រាន់​តែ​ចែក​ចាយ​សៀវភៅ​ប៉ុណ្ណោះ​ទេ។ គោល​ដៅ​របស់​យើង​គឺ​បង្រៀន​មនុស្ស​ដែល​មាន​ចិត្ដ​ស្មោះ ចិត្ដ​រាប​ទាប និង​ពិត​ជា​ចង់​ស្គាល់​ព្រះ ពោល​គឺ​មនុស្ស​ដែល​«​មាន​ចិត្ដ​គំនិត​ត្រឹម​ត្រូវ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។—សកម្មភាព ១៣:៤៨; ម៉ាថាយ ២៨:១៩, ២០

^ វគ្គ 16 បើ​បុគ្គល​នោះ​មិន​ចេះ​អក្សរ អ្នក​អាច​ឲ្យ​គាត់​ផ្ទៀង​តាម​ពី​សៀវភៅ​ស្ដើង​ចូរ​ស្តាប់​ព្រះ​ដែល​មាន​រូប​ភាព​ជា​ច្រើន។

^ វគ្គ 17 សូម​ប្រើ​សៀវភៅ​របៀប​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​ពេល​ដែល​ចេញ​ជា​ភាសា​ខ្មែរ។