លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ជា​ច្រើន​ដល់​ខ្ញុំ​ដោយ​សារ​ការ​សម្រេច​ចិត្ដ​របស់​ខ្ញុំ

ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ជា​ច្រើន​ដល់​ខ្ញុំ​ដោយ​សារ​ការ​សម្រេច​ចិត្ដ​របស់​ខ្ញុំ

នៅ​ឆ្នាំ​១៩៣៩ យើង​បាន​ក្រោក​ពី​គេង​នៅ​ពាក់​កណ្ដាល​យប់​មួយ ហើយ​បាន​បើក​ឡាន​ជាង​មួយ​ម៉ោង ទៅ​ក្រុង​ចូផ្លិន​ដែល​ជា​ក្រុង​តូច​មួយ​នៅ​ភាគ​ខាង​ត្បូង​ឆៀង​ខាង​លិច​នៃ​រដ្ឋ​មីហ្សូរី សហរដ្ឋ​អាម៉េរិក។ នៅ​ទី​នោះ យើង​បាន​ចាប់​ផ្ដើម​ទុក​ខិត្ដប័ណ្ណ​នៅ​ក្រោម​ទ្វារ​ផ្ទះ​នីមួយ​ៗ​ក្នុង​តំបន់​ផ្សាយ​យើង​ដោយ​លប​ៗ។ ក្រោយ​ពី​យើង​បំពេញ​កិច្ច​ការ​នោះ យើង​ចូល​ក្នុង​ឡាន ហើយ​ទៅ​ជួប​ជុំ​នឹង​ក្រុម​ផ្សាយ​ផ្សេង​ទៀត។ នៅ​ពេល​នោះ​គឺ​ព្រឹក​ព្រលឹម​ហើយ។ ហេតុ​អ្វី​យើង​បាន​ទៅ​ផ្សព្វ​ផ្សាយ​នៅ​យប់​មុន​ថ្ងៃ​រះ ហើយ​ចាក​ចេញ​យ៉ាង​លឿន​ពី​តំបន់​ផ្សាយ? ខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី​រឿង​នេះ​នៅ​ពេល​ក្រោយ។

ឪ​ពុក​ខ្ញុំ​ឈ្មោះ​ហ្វ្រេដ ម៉ូឡូហាន និង​ម្ដាយ​ខ្ញុំ​ឈ្មោះ​អេតណា។ នៅ​ឆ្នាំ​១៩៣៤​ពេល​ខ្ញុំ​បាន​កើត​មក ពួក​គាត់​ជា​និស្សិត​គម្ពីរ(​សាក្សី​ព្រះ​យេហូវ៉ា​)អស់​រយៈ​ពេល​២០​ឆ្នាំ​រួច​ហើយ។ ខ្ញុំ​មាន​ចិត្ដ​កតញ្ញូ​ដែល​ពួក​គាត់​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ យើង​បាន​រស់​នៅ​ក្រុង​ផាសិន ជា​ក្រុង​តូច​មួយ​នៅ​ភាគ​ខាង​ត្បូង​ឆៀង​ខាង​កើត​នៃ​រដ្ឋ​កង់សាស។ បង​ប្អូន​ស្ទើរតែ​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​របស់​យើង​ជា​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង។ ក្រុម​គ្រួសារ​របស់​យើង​ចូល​រួម​កិច្ច​ប្រជុំ​និង​កិច្ច​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់។ តាម​ធម្មតា នៅ​រសៀល​ថ្ងៃ​សៅរ៍ យើង​បាន​ផ្សព្វ​ផ្សាយ​តាម​ផ្លូវ ដែល​សព្វ​ថ្ងៃ​នេះ​យើង​ហៅ​ថា​កិច្ច​ផ្សព្វ​ផ្សាយ​សាធារណៈ។ នៅ​ពេល​ខ្លះ​យើង​អស់​កម្លាំង ប៉ុន្ដែ​ឪ​ពុក​យើង​តែង​តែ​ទិញ​ការ៉េម​ឲ្យ​យើង​ក្រោយ​ពី​ផ្សព្វ​ផ្សាយ​ចប់។

ក្រុម​ជំនុំ​តូច​របស់​យើង​មាន​តំបន់​ផ្សព្វ​ផ្សាយ​ធំ​ដែល​មាន​ក្រុង​តូច​ៗ​មួយ​ចំនួន​និង​មាន​កសិដ្ឋាន​ជា​ច្រើន។ ជា​ជាង​ឲ្យ​លុយ​សម្រាប់​ទិញ​សៀវភៅ​របស់​យើង កសិករ​ខ្លះ​បាន​ឲ្យ​បន្លែ​ដែល​ពួក​គេ​បាន​ដាំ​ដល់​យើង ពង​មាន់​ស្រស់(​ដែល​ពួក​គេ​យក​ចេញ​ពី​សំបុក​) ឬ​ថែម​ទាំង​ឲ្យ​មាន់​ដែល​នៅ​រស់​ដែរ។ ឪ​ពុក​យើង​បាន​ធ្វើ​វិភាគទាន​សម្រាប់​សៀវភៅ​ទាំង​នោះ​រួច​ហើយ ដូច្នេះ​អាហារ​នេះ​បាន​ជួយ​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​យើង។

ខ្ញុំ​ចូល​រួម​ក្នុង​សកម្មភាព​ពិសេស

ឪ​ពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ប្រើ​ម៉ាស៊ីន​ចាក់​ថាស​សំឡេង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ខ្ញុំ​មិន​អាច​ប្រើ​ម៉ាស៊ីន​នោះ​បាន​ទេ​ដោយ​សារ​ខ្ញុំ​ក្មេង​ពេក ប៉ុន្ដែ​ខ្ញុំ​សប្បាយ​ជួយ​ឪ​ពុក​ម្ដាយ​ខ្ញុំ​ចាក់​ថាស​សំឡេង​សុន្ទរកថា​របស់​បង​ប្រុស​រ៉ូធើហ្វឺត នៅ​ពេល​ដែល​ពួក​គាត់​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​និង​បង្រៀន​គម្ពីរ។

ខ្ញុំ​ជា​មួយ​នឹង​ឪ​ពុក​ម្ដាយ​នៅ​មុខ​ឡាន​របស់​យើង​ដែល​មាន​ប្រដាប់​បំពង​សំឡេង

ឪ​ពុក​ខ្ញុំ​បាន​ភ្ជាប់​ប្រដាប់​បំពង​សំឡេង​ទៅ​លើ​ដំបូល​ឡាន​របស់​យើង។ ឡាន​ដែល​មាន​ប្រដាប់​បំពង​សំឡេង​គឺ​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ តាម​ធម្មតា យើង​បាន​ចាក់​បទ​ភ្លេង​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​មនុស្ស ហើយ​បន្ទាប់​មក​យើង​ចាក់​សុន្ទរកថា​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ ក្រោយ​សុន្ទរកថា​ចប់ យើង​បាន​ស្នើ​ផ្ដល់​សៀវភៅ​របស់​យើង​ដល់​មនុស្ស​ដែល​ចាប់​អារម្មណ៍។

នៅ​ក្រុង​ឈេរីវ៉េល​ដែល​ជា​ក្រុង​តូច​មួយ នា​រដ្ឋ​កង់សាស ឪ​ពុក​ខ្ញុំ​បាន​ចត​ឡាន​ដែល​មាន​ប្រដាប់​បំពង​សំឡេង​នៅ​ក្នុង​សួន​មួយ ដែល​មាន​មនុស្ស​ជា​ច្រើន​នាក់​លម្ហែ​កាយ​នៅ​ថ្ងៃ​អាទិត្យ។ បន្ទាប់​មក ប៉ូលិស​បាន​មក ហើយ​ប្រាប់​ឪ​ពុក​ខ្ញុំ​ថា​គាត់​អាច​បើក​សំឡេង​នោះ​បាន តែ​នៅ​ខាង​ក្រៅ​សួន​ប៉ុណ្ណោះ។ ដូច្នេះ ឪ​ពុក​ខ្ញុំ​បាន​បើក​ចេញ ហើយ​យក​ឡាន​ទៅ​ចត​នៅ​ផ្លូវ​ក្បែរ​សួន​វិញ ដើម្បី​មនុស្ស​នៅ​ទី​នោះ​នៅ​តែ​អាច​ឮ​កម្ម​វិធី​នោះ​យ៉ាង​ច្បាស់។ នៅ​ពេល​បែប​នោះ ខ្ញុំ​តែង​តែ​រំភើប​ចិត្ដ​ណាស់​ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​ឪ​ពុក ព្រម​ទាំង​ជា​មួយ​បង​ប្រុស​របស់​ខ្ញុំ​ឈ្មោះ​ចេរី។

ក្នុង​អំឡុង​ឆ្នាំ​ទាំង​នោះ យើង​បាន​ចូល​រួម​សកម្មភាព​ពិសេស​នៅ​តំបន់​ផ្សាយ​ផ្សេង​ៗ​ដែល​មាន​មនុស្ស​ប្រឆាំង​យ៉ាង​ខ្លាំង។ ដូច​ដែល​ខ្ញុំ​បាន​រៀប​រាប់​នៅ​ខាង​លើ យើង​បាន​ក្រោក​ពី​គេង​នៅ​ពាក់​កណ្ដាល​យប់ ហើយ​បាន​ទុក​ខិត្ដប័ណ្ណ​ឬ​កូន​សៀវភៅ​នៅ​ក្រោម​ទ្វារ​ផ្ទះ​របស់​មនុស្ស​ដោយ​លប​ៗ។ ក្រោយ​មក យើង​ទាំង​អស់​គ្នា​បាន​ជួប​ជុំ​គ្នា​នៅ​ខាង​ក្រៅ​ក្រុង​នោះ ដើម្បី​ដឹង​ថា​តើ​ប៉ូលិស​បាន​ចាប់​ខ្លួន​បង​ប្អូន​ណា​ម្នាក់​ឬ​យ៉ាង​ណា។

វិធី​ផ្សព្វ​ផ្សាយ​មួយ​ទៀត​ដែល​គួរ​ឲ្យ​រំភើប​ចិត្ដ​គឺ​ការ​ដង្ហែ​ក្បួន។ យើង​បាន​ពាក់​ស្លាក​ធំ ហើយ​ដើរ​ដង្ហែ​ក្បួន​ទៅ​តាម​ផ្លូវ នៅ​ក្រុង​ផ្សេង​ៗ។ ខ្ញុំ​ចាំ​នៅ​ពេល​មួយ​ដែល​បង​ប្អូន​បាន​មក​ក្រុង​របស់​យើង ហើយ​បាន​ដង្ហែ​ក្បួន​ដោយ​ពាក់​ស្លាក​ដែល​សរសេរ​ថា​៖ ​«​សាសនា​គឺ​ជា​អន្ទាក់​និង​ជា​របរ​ទុច្ចរិត​»។ ពួក​គេ​បាន​ចាប់​ផ្ដើម​ដើរ​ពី​ផ្ទះ​របស់​យើង ហើយ​បាន​ដើរ​កាត់​ក្រុង​ដែល​យើង​រស់​នៅ​អស់​ប្រហែល​ជា​មួយ​គីឡូ​ម៉ែត្រ​កន្លះ និង​បន្ទាប់​មក​បាន​ត្រឡប់​មក​ផ្ទះ​យើង​វិញ។ យើង​សប្បាយ​ណាស់​ដែល​គ្មាន​អ្នក​ណា​បញ្ឈប់​ពួក​គេ ប៉ុន្ដែ​មនុស្ស​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​អំពី​អ្វី​នោះ។

មហា​សន្និបាត​ពេល​ខ្ញុំ​នៅ​ក្មេង

ក្រុម​គ្រួសារ​របស់​យើង​ច្រើន​តែ​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​តិចសាស់​ដើម្បី​ចូល​រួម​មហា​សន្និបាត។ ឪ​ពុក​ខ្ញុំ​បាន​ធ្វើ​ការ​សម្រាប់​ក្រុម​ហ៊ុន​រថ​ភ្លើង ដូច្នេះ​យើង​អាច​ជិះ​រថ​ភ្លើង​ដោយ​ឥត​គិត​ថ្លៃ​ទៅ​មហា​សន្និបាត និង​ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​សាច់​ញាតិ​របស់​យើង។ អ៊ំ​ប្រុស​របស់​ខ្ញុំ​ខាង​ម្ដាយ​ឈ្មោះ​ហ្វ្រេដ វីស្មា និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​យូលេលី​បាន​រស់​នៅ​ក្រុង​ថេមផល រដ្ឋ​តិចសាស់។ អ៊ំ​ហ្វ្រេដ​បាន​រៀន​សេចក្ដី​ពិត​នៅ​ដើម​សតវត្សរ៍​ឆ្នាំ​១៩០០ ពេល​ដែល​គាត់​មាន​វ័យ​ក្មេង។ បន្ទាប់​មក គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​បាន​ប្រាប់​អំពី​អ្វី​ដែល​គាត់​បាន​រៀន​ដល់​បង​ប្អូន​បង្កើត​របស់​គាត់ រួម​ទាំង​ម្ដាយ​ខ្ញុំ​ដែរ។ បង​ប្អូន​នៅ​ភាគ​កណ្ដាល​រដ្ឋ​តិចសាស់ ស្គាល់​អ៊ំ​ហ្វ្រេដ​យ៉ាង​ច្បាស់​ដោយ​សារ​គាត់​ធ្លាប់​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល។ គាត់​ជា​មនុស្ស​សប្បុរស សប្បាយ​រីក​រាយ និង​ខ្នះ​ខ្នែង ហើយ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ខ្ញុំ។

នៅ​ឆ្នាំ​១៩៤១ យើង​បាន​ធ្វើ​ដំណើរ​តាម​រថ​ភ្លើង​ទៅ​ក្រុង​សាំង​លូអ៊ីស រដ្ឋ​មីហ្សូរី ដើម្បី​ចូល​រួម​មហា​សន្និបាត​ដ៏​ធំ​មួយ។ ប្អូន​ៗ​វ័យ​ក្មេង​ទាំង​អស់​បាន​ត្រូវ​អញ្ជើញ​ឲ្យ​អង្គុយ​ជា​មួយ​គ្នា​នៅ​ជិត​វេទិកា​ដើម្បី​ស្តាប់​សុន្ទរកថា​របស់​បង​រ៉ូធើហ្វឺត ដែល​មាន​ចំណង​ជើង​ថា ​«​កូន​ក្មេង​របស់​ស្ដេច​»។ នៅ​ពេល​គាត់​ថ្លែង​សុន្ទរកថា​ចប់ ប្អូន​ៗ​វ័យ​ក្មេង​ទាំង​១៥.០០០​នាក់​បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ពេល​បង​រ៉ូធើហ្វឺត​និង​អ្នក​ជំនួយ​របស់​គាត់​បាន​ឲ្យ​យើង​ម្នាក់​ៗ​នូវ​សៀវភៅ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា​កូន​ក្មេង (​Children​)។

នៅ​ខែ​មេសា ឆ្នាំ​១៩៤៣ យើង​បាន​ចូល​រួម​សន្និបាត​ដែល​មាន​ប្រធាន​ថា ​«​ចូរ​មាន​សកម្មភាព​ឡើង​»​នៅ​ក្រុង​ខហ្វីវីល រដ្ឋ​កង់សាស។ នៅ​ទី​នោះ យើង​បាន​ឮ​សេចក្ដី​ជូន​ដំណឹង​ថា​ក្រុម​ជំនុំ​ទាំង​អស់​នឹង​មាន​សាលា​ថ្មី ពោល​គឺ​សាលា​កិច្ច​បម្រើ​ផ្សាយ។ យើង​ក៏​បាន​ទទួល​កូន​សៀវភៅ​មួយ​ដែល​មាន​៥២​មេ​រៀន ដែល​យើង​ត្រូវ​ប្រើ​នៅ​សាលា​នោះ។ ក្រោយ​មក​នៅ​ឆ្នាំ​ដដែល​នោះ ខ្ញុំ​បាន​ថ្លែង​សុន្ទរកថា​ជា​លើក​ដំបូង។ សន្និបាត​នោះ​ក៏​ពិសេស​សម្រាប់​ខ្ញុំ​ដែរ ដោយ​សារ​ខ្ញុំ​និង​បង​ប្អូន​ប៉ុន្មាន​នាក់​ទៀត​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ក្នុង​បឹង​ដ៏​ត្រជាក់ នៅ​កសិដ្ឋាន​មួយ​ជិត​កន្លែង​ធ្វើ​សន្និបាត។

ខ្ញុំ​ចង់​បម្រើ​នៅ​បេតអែល

ខ្ញុំ​បាន​រៀន​ចប់​វិទ្យាល័យ​នៅ​ឆ្នាំ​១៩៥១ ហើយ​ត្រូវ​សម្រេច​ចិត្ដ​ថា​ខ្ញុំ​នឹង​ធ្វើ​អ្វី​ក្នុង​ជីវិត។ បង​ចេរី​ធ្លាប់​បម្រើ​នៅ​បេតអែល ហើយ​ខ្ញុំ​ពិត​ជា​ចង់​បម្រើ​នៅ​បេតអែល​ដែរ ដូច្នេះ​ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​ចូល​បម្រើ​នៅ​ទី​នោះ។ មិន​យូរ​ក្រោយ​មក ខ្ញុំ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ទៅ​បេតអែល ហើយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​បម្រើ​នៅ​ទី​នោះ​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​១៩៥២។ នេះ​គឺ​ជា​ការ​សម្រេច​ចិត្ដ​ដ៏​ល្អ​មួយ​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​បម្រើ​ព្រះ​ច្រើន​ជាង។

ខ្ញុំ​ចង់​ធ្វើ​កិច្ច​ការ​នៅ​ផ្នែក​បោះ​ពុម្ព​ដើម្បី​ជួយ​បោះ​ពុម្ព​ទស្សនាវដ្ដី​និង​សៀវភៅ​ផ្សេង​ៗ​របស់​យើង។ ប៉ុន្ដែ ខ្ញុំ​មិន​បាន​ត្រូវ​ចាត់​ឲ្យ​ធ្វើ​កិច្ច​ការ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​ធ្វើ​ជា​អ្នក​រត់​តុ ហើយ​ក្រោយ​មក​ខ្ញុំ​បាន​ធ្វើ​ការ​នៅ​ផ្ទះ​បាយ។ ខ្ញុំ​ចូល​ចិត្ដ​កិច្ច​ការ​នោះ ហើយ​បាន​រៀន​ច្រើន។ យើង​ផ្លាស់​វេន​គ្នា ហើយ​ខ្ញុំ​មាន​ពេល​សម្រាក​ខ្លះ​ក្នុង​អំឡុង​ពេល​ថ្ងៃ។ ខ្ញុំ​ច្រើន​តែ​ទៅ​បណ្ណាល័យ​បេតអែល ហើយ​ប្រើ​សៀវភៅ​ជា​ច្រើន​នៅ​ទី​នោះ​ដើម្បី​ធ្វើ​ការ​សិក្សា​ផ្ទាល់​ខ្លួន។ នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ពង្រឹង​ជំនឿ​និង​ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ខ្ញុំ​បាន​តាំង​ចិត្ដ​កាន់​តែ​ខ្លាំង​ថា​ខ្ញុំ​នឹង​បម្រើ​ព្រះ​យេហូវ៉ា​នៅ​បេតអែល​យូរ​បំផុត​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន។ បង​ចេរី​បាន​ចាក​ចេញ​ពី​បេតអែល​នៅ​ឆ្នាំ​១៩៤៩ ហើយ​បាន​រៀប​ការ​ជា​មួយ​នឹង​បង​ស្រី​ប៉ាទ្រីសា។ ប៉ុន្ដែ​ពួក​គាត់​បាន​រស់​នៅ​ជិត​ខ្ញុំ​នា​តំបន់​ប៊្រុគ្លីន ហើយ​បាន​លើក​ទឹក​ចិត្ដ​និង​ជួយ​ខ្ញុំ​កាល​ដែល​ខ្ញុំ​ជា​សមាជិក​បេតអែល​ថ្មី។

មិន​យូរ​ក្រោយ​ពី​ខ្ញុំ​បាន​ចូល​បម្រើ​នៅ​បេតអែល បង​ប្រុស​ៗ​បាន​ចាប់​ផ្ដើម​ជ្រើស​រើស​បង​ប្អូន​ប្រុស​នៅ​បេតអែល​ដើម្បី​កត់​ឈ្មោះ​របស់​ពួក​គេ​ក្នុង​បញ្ជី​មួយ​សម្រាប់​ពួក​អ្នក​ថ្លែង​សុន្ទរកថា។ បង​ប្អូន​ប្រុស​ៗ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នេះ បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​ជំនុំ​នា​នា​រហូតដល់​ចម្ងាយ​៣២០​គីឡូ​ម៉ែត្រ​ពី​តំបន់​ប៊្រុគ្លីន។ នៅ​ទី​នោះ ពួក​គេ​ថ្លែង​សុន្ទរកថា​សាធារណៈ និង​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។ ខ្ញុំ​នៅ​ក្នុង​ចំណោម​បង​ប្អូន​ប្រុស​ដែល​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ធ្វើ​កិច្ច​ការ​នោះ។ ខ្ញុំ​ភ័យ​ពេល​ចាប់​ផ្ដើម​ធ្វើ​ទស្សនកិច្ច​ទាំង​នេះ និង​ថ្លែង​សុន្ទរកថា​សាធារណៈ។ នៅ​ពេល​នោះ សុន្ទរកថា​សាធារណៈ​បាន​ត្រូវ​ថ្លែង​សម្រាប់​រយៈ​ពេល​មួយ​ម៉ោង។ តាម​ធម្មតា ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុម​ជំនុំ​នីមួយ​ៗ​ដោយ​ជិះ​រថ​ភ្លើង។ ខ្ញុំ​ចាំ​ច្បាស់​អំពី​ល្ងាច​ថ្ងៃ​អាទិត្យ​មួយ​នា​រដូវ​រងា ឆ្នាំ​១៩៥៤។ ខ្ញុំ​បាន​ជិះ​រថ​ភ្លើង​ត្រឡប់​ទៅ​ក្រុង​ញូវយ៉ក​វិញ ដែល​នឹង​ទៅ​ដល់​បេតអែល​នៅ​ពេល​ល្ងាច។ ប៉ុន្ដែ ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ មាន​ខ្យល់​ព្យុះ​និង​ព្រិល​ធ្លាក់​យ៉ាង​ខ្លាំង ហើយ​ម៉ាស៊ីន​រថ​ភ្លើង​បាន​ឈប់​ដំណើរ​ការ។ ខ្ញុំ​មិន​អាច​ទៅ​ដល់​ក្រុង​ញូវយ៉ក​រហូត​ដល់​ម៉ោង​ប្រាំ​ព្រឹក​នៅ​ថ្ងៃ​ច័ន្ទ។ ពេល​ទៅ​ដល់ ខ្ញុំ​បាន​ជិះ​រថ​ភ្លើង​ពី​ស្ថានីយ​រថ​ភ្លើង​ទៅ​តំបន់​ប៊្រុគ្លីន ហើយ​ភ្លាម​ៗ​បាន​ទៅ​ធ្វើ​កិច្ច​ការ​នៅ​ផ្នែក​ផ្ទះ​បាយ។ ខ្ញុំ​ទៅ​ដល់​ទី​នោះ​យឺត​បន្ដិច ហើយ​អស់​កម្លាំង​ខ្លាំង​ណាស់ ដោយ​សារ​ខ្ញុំ​មិន​បាន​គេង​ពេញ​មួយ​យប់។ ប៉ុន្ដែ អំណរ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ការ​បម្រើ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ និង​ក្នុង​ការ​ជួប​បង​ប្អូន​ថ្មី​ជា​ច្រើន គឺ​មាន​តម្លៃ​ច្រើន​ជាង​អ្វី​ដែល​ខ្ញុំ​បាន​លះ​បង់​ទៅ​ទៀត។

យើង​រៀប​ចំ​ដើម្បី​ផ្សាយ​ពី​ស្ថានីយ​វិទ្យុ​WBBR

ក្នុង​អំឡុង​ឆ្នាំ​ទាំង​ប៉ុន្មាន​ដំបូង​ដែល​ខ្ញុំ​បម្រើ​នៅ​បេតអែល ខ្ញុំ​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​សិក្សា​គម្ពីរ​ដែល​បាន​ត្រូវ​ផ្សាយ​រាល់​សប្ដាហ៍​តាម​ប៉ុស្តិ៍​វិទ្យុ​របស់​យើង​ពោល​គឺ​WBBR។ ប៉ុស្តិ៍​វិទ្យុ​នោះ​គឺ​នៅ​ជាន់​ទី១ នៃ​អគារ​លេខ​១២៤ ផ្លូវ​កូឡុំប៊ី​ហាយ។ បង​ប្រុស​អាឡិច​សេន​ដឺ ម៉ាក់មីល្លិន ដែល​បាន​បម្រើ​នៅ​បេតអែល​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ចូល​រួម​ជា​ទៀង​ទាត់​ក្នុង​កម្ម​វិធី​ប៉ុស្តិ៍​វិទ្យុ​ទាំង​នេះ។ យើង​បាន​ហៅ​គាត់​ថា​បង​ម៉ាក់។ គាត់​គឺ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​យើង​ដែល​ជា​ប្អូន​ៗ​វ័យ​ក្មេង​ដែល​បម្រើ​នៅ​បេតអែល ដោយ​សារ​គាត់​បាន​រក្សា​ភាព​ស្មោះ​ត្រង់ ទោះ​ជា​មាន​ទុក្ខ​លំបាក​ជា​ច្រើន​ក្ដី។

យើង​បាន​ប្រើ​ក្រដាស​នេះ​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​ប៉ុស្តិ៍​វិទ្យុ​WBBR

នៅ​ឆ្នាំ​១៩៥៨ ភារកិច្ច​របស់​ខ្ញុំ​បាន​ត្រូវ​ផ្លាស់​ប្ដូរ ហើយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​បង​ប្អូន​ដែល​បាន​រៀន​ចប់​សាលា​គីលាត។ ខ្ញុំ​បាន​ជួយ​បង​ប្អូន​ដ៏​ខ្នះ​ខ្នែង​ទាំង​នោះ​ឲ្យ​ទទួល​ទិដ្ឋាការ ហើយ​ខ្ញុំ​ក៏​បាន​រៀប​ចំ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​ដែរ។ នៅ​ពេល​នោះ ការ​ធ្វើ​ដំណើរ​តាម​យន្ដ​ហោះ​គឺ​ថ្លៃ​ណាស់ ដូច្នេះ​បង​ប្អូន​ភាគ​ច្រើន​ដែល​បាន​ត្រូវ​ចាត់​ឲ្យ​បម្រើ​នៅ​ទ្វីប​អាហ្វ្រិក​និង​ទ្វីប​អាស៊ី​បាន​ធ្វើ​ដំណើរ​តាម​កប៉ាល់​ដឹក​ទំនិញ។ ច្រើន​ឆ្នាំ​ក្រោយ​មក ពេល​តម្លៃ​សំបុត្រ​យន្ដ​ហោះ​បាន​ចុះ​ថោក​ជាង សាសនទូត​ភាគ​ច្រើន​បាន​ធ្វើ​ដំណើរ​តាម​យន្ដ​ហោះ​ដើម្បី​ទៅ​បំពេញ​ភារកិច្ច​របស់​ពួក​គេ។

ការ​រៀប​ចំ​សញ្ញាប័ត្រ​សាលា​គីលាត​មុន​កម្ម​វិធី​បញ្ចប់​វគ្គ​សិក្សា

ការ​ធ្វើ​ដំណើរ​ទៅ​មហា​សន្និបាត

នៅ​ឆ្នាំ​១៩៦០ ខ្ញុំ​បាន​រៀប​ចំ​ជួល​យន្ដ​ហោះ​ខ្លះ​ៗ​សម្រាប់​ធ្វើ​ដំណើរ​ពី​សហរដ្ឋ​អាម៉េរិក​ទៅ​ទ្វីប​អឺរ៉ុប ដើម្បី​ចូល​រួម​មហា​សន្និបាត​អន្ដរជាតិ​មួយ​ចំនួន​នៅ​ឆ្នាំ​១៩៦១។ ខ្ញុំ​បាន​ជិះ​យន្ដ​ហោះ​ទៅ​មហា​សន្និបាត​មួយ​ក្នុង​ចំណោម​មហា​សន្និបាត​ទាំង​នោះ​នៅ​ក្រុង​ហាមបឺក ប្រទេស​អាល្លឺម៉ង់។ ក្រោយ​ពី​មហា​សន្និបាត​នោះ ខ្ញុំ​និង​បង​ប្អូន​ប្រុស​បី​នាក់​ទៀត​ដែល​បម្រើ​នៅ​បេតអែល​បាន​ជួល​ឡាន​មួយ រួច​បាន​បើក​ឆ្លង​កាត់​ប្រទេស​អាល្លឺម៉ង់​ទៅ​ប្រទេស​អ៊ីតាលី ហើយ​បាន​ទៅ​ការិយាល័យ​សាខា​នៅ​ក្រុង​រ៉ូម។ បន្ទាប់​មក យើង​បាន​ទៅ​ប្រទេស​បារាំង ឆ្លង​កាត់​ជួរ​ភ្នំ​ភីរិននីស ហើយ​បាន​ចូល​ប្រទេស​អេស្ប៉ាញ​ដែល​នៅ​ពេល​នោះ​ជា​ប្រទេស​មួយ​ដែល​គេ​ដាក់​បម្រាម​លើ​កិច្ច​ការ​របស់​យើង។ យើង​បាន​ឲ្យ​បង​ប្អូន​ដែល​នៅ​ក្រុង​បា​សា​ឡូ​ណា​នូវ​សៀវភៅ​ខ្លះ​ៗ​ដែល​យើង​បាន​វេច​ខ្ចប់​ដើម្បី​ឲ្យ​មើល​ទៅ​ដូច​ជា​កាដូ។ យើង​ពិត​ជា​រំភើប​ចិត្ដ​ដែល​យើង​បាន​ជួប​ពួក​គេ! យើង​បាន​បើក​ឡាន​ពី​ទី​នោះ​ទៅ​ក្រុង​អាំស្ទែដាំ ហើយ​ជិះ​យន្ដ​ហោះ​ត្រឡប់​ទៅ​ក្រុង​ញូវយ៉ក​វិញ។

នៅ​ឆ្នាំ​១៩៦២ ខ្ញុំ​បាន​ត្រូវ​សុំ​ឲ្យ​រៀប​ចំ​ការ​ធ្វើ​ដំណើរ​សម្រាប់​បង​ប្អូន​៥៨៣​នាក់ ដែល​នឹង​ចូល​រួម​មហា​សន្និបាត​អន្ដរជាតិ​ពិសេស​ដែល​បាន​ត្រូវ​រៀប​ចំ​នៅ​ទូ​ទាំង​ពិភព​លោក។ មហា​សន្និបាត​នោះ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​១៩៦៣ ហើយ​មាន​ប្រធាន​ថា ​«​ដំណឹង​ល្អ​ដែល​ស្ថិតស្ថេរ​ជា​និរន្ដរ៍​»។ ពួក​អ្នក​ទាំង​នោះ​បាន​ចូល​រួម​មហា​សន្និបាត​នៅ​ទ្វីប​អឺរ៉ុប ទ្វីប​អាស៊ី និង​នៅ​ភាគ​ខាង​ត្បូង​នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ បន្ទាប់​មក​ពួក​គេ​ទៅ​ក្រុង​ហូណូលូលូ កោះហាវ៉ៃ និង​ចុង​ក្រោយ​ទៅ​ក្រុង​ផាសាតឌិណា រដ្ឋ​កាលីហ្វ័រញ៉ា។ ពួក​គេ​ក៏​ទៅ​លេង​ប្រទេស​លីបង់​និង​ប្រទេស​ហ៊្សកដានី​ដើម្បី​មើល​កន្លែង​ផ្សេង​ៗ​ក្នុង​គម្ពីរ។ ផ្នែក​របស់​យើង​បាន​រៀប​ចំ​កក់​សំបុត្រ​យន្ដ​ហោះ សណ្ឋាគារ និង​ទិដ្ឋាការ​ទាំង​អស់​សម្រាប់​បង​ប្អូន​ទាំង​នោះ។

ការ​ធ្វើ​ដំណើរ​ជា​មួយ​នឹង​ដៃ​គូ​ថ្មី

មាន​មូលហេតុ​មួយ​ទៀត​ដែល​ឆ្នាំ​១៩៦៣​គឺ​ជា​ឆ្នាំ​ដ៏​សំខាន់​ណាស់​សម្រាប់​ខ្ញុំ។ នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ខ្ញុំ​បាន​រៀប​ការ​ជា​មួយ​នឹង​ឡែឡា រ៉ូជឺ ដែល​មក​ពី​រដ្ឋ​មីហ្សូរី។ គាត់​បាន​ចូល​បម្រើ​នៅ​បេតអែល​នា​ឆ្នាំ​១៩៦០។ មួយ​សប្ដាហ៍​ក្រោយ​ពី​អាពាហ៍​ពិពាហ៍​របស់​យើង ខ្ញុំ​និង​ឡែឡា​បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ជា​មួយ​នឹង​បង​ប្អូន​ដែល​ចូល​រួម​មហា​សន្និបាត​ពិសេស​ទូ​ទាំង​ពិភព​លោក ហើយ​បាន​ទៅ​ប្រទេស​ក្រិច អេហ្ស៊ីប និង​លីបង់។ ពី​ប្រទេស​លីបង់ យើង​បាន​ជិះ​យន្ដ​ហោះ​អស់​រយៈ​ពេល​ខ្លី​ទៅ​ប្រទេស​ហ៊្សកដានី។ ក៏​ប៉ុន្ដែ នៅ​ទី​នោះ​គេ​បាន​ដាក់​កម្រិត​លើ​កិច្ច​ការ​របស់​យើង ហើយ​រដ្ឋាភិបាល​មិន​ព្រម​ឲ្យ​ទិដ្ឋាការ​ដល់​សាក្សី​ព្រះ​យេហូវ៉ា​ទេ។ ដូច្នេះ យើង​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​ពេល​យើង​ទៅ​ដល់​ទី​នោះ​ឡើយ។ យើង​ពិត​ជា​សប្បាយ​និង​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់ ពេល​យើង​បាន​ឃើញ​បង​ប្អូន​មួយ​ក្រុម​ឈរ​នៅ​លើ​ដំបូល​អគារ​ក្នុង​ព្រលាន​យន្ដ​ហោះ​ដ៏​តូច​មួយ។ ពួក​គេ​កាន់​ស្លាក​ដ៏​ធំ​ដែល​សរសេរ​ថា ​«​សូម​ស្វាគមន៍​សាក្សី​ព្រះ​យេហូវ៉ា​»​! គឺ​អស្ចារ្យ​ណាស់​ដែល​យើង​បាន​ទៅ​ដល់​ទឹក​ដី​គម្ពីរ ហើយ​ឃើញ​កន្លែង​រស់​នៅ​របស់​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប ព្រម​ទាំង​ឃើញ​កន្លែង​ដែល​លោក​យេស៊ូ​និង​ពួក​សាវ័ក​បាន​ផ្សព្វ​ផ្សាយ ហើយ​ឃើញ​កន្លែង​ដែល​គ្រិស្ដ​សាសនា​បាន​ចាប់​ផ្ដើម​រីក​ដុះ​ដាល​«​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែន​ដី​»។—សកម្មភាព ១៣:៤៧

អស់​រយៈ​ពេល​៥៥​ឆ្នាំ ឡែឡា​បាន​ជួយ​ខ្ញុំ​យ៉ាង​ស្មោះ​ក្នុង​ការ​បំពេញ​ភារកិច្ច​ទាំង​អស់​ដែល​យើង​បាន​ទទួល។ យើង​ទៅ​ប្រទេស​អេស្ប៉ាញ​និង​ប្រទេស​ព័រទុយហ្គាល់​អស់​ជា​ច្រើន​ដង ពេល​ដែល​កិច្ច​ការ​របស់​យើង​នៅ​ទី​នោះ​បាន​ត្រូវ​ដាក់​បម្រាម។ យើង​បាន​លើក​ទឹក​ចិត្ដ​បង​ប្អូន ហើយ​ឲ្យ​សៀវភៅ​ផ្សេង​ៗ​របស់​អង្គ​ការ​យើង​ដល់​ពួក​គេ និង​អ្វី​ផ្សេង​ទៀត​ដែល​ពួក​គេ​ត្រូវ​ការ។ យើង​ថែម​ទាំង​មាន​ឱកាស​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​មួយ​ចំនួន​ដែល​ជាប់​គុក​នៅ​ក្រុង​ខាឌីស ប្រទេស​អេស្ប៉ាញ។ ខ្ញុំ​សប្បាយ​ចិត្ដ​ណាស់​ដែល​ខ្ញុំ​អាច​ថ្លែង​សុន្ទរកថា​មួយ​ដើម្បី​លើក​ទឹក​ចិត្ដ​ពួក​គេ។

ខ្ញុំ​ជា​មួយ​នឹង​បង​ប៉ាទ្រីសា​និង​បង​ចេរី ម៉ូឡូហាន​ពេល​ធ្វើ​ដំណើរ​ទៅ​មហា​សន្និបាត​នៅ​ឆ្នាំ​១៩៦៩ ដែល​មាន​ចំណង​ជើង​ថា ​«​សន្ដិ​ភាព​នៅ​ផែន​ដី​»​

តាំង​ពី​ឆ្នាំ​១៩៦៣ ខ្ញុំ​បាន​រៀប​ចំ​ការ​ធ្វើ​ដំណើរ​សម្រាប់​បង​ប្អូន​ដែល​ចូល​រួម​មហា​សន្និបាត​អន្ដរជាតិ​នៅ​អាហ្វ្រិក អូស្ត្រាលី អាម៉េរិក​កណ្ដាល​និង​ខាង​ត្បូង អឺរ៉ុប អាស៊ី កោះ​ហាវ៉ៃ នូវែល​សេឡង់ និង​ព័រតូរីកូ។ ខ្ញុំ​និង​ឡែឡា​បាន​ចូល​រួម​មហា​សន្និបាត​ដ៏​ពិសេស​ជា​ច្រើន ដូច​ជា​នៅ​ក្រុង​វ៉ាសូវី ប្រទេស​ប៉ូឡូញ នា​ឆ្នាំ​១៩៨៩​ជា​ដើម។ បង​ប្អូន​ជា​ច្រើន​ដែល​មក​ពី​ប្រទេស​រុស្ស៊ី​បាន​មក​ចូល​រួម​មហា​សន្និបាត​ដ៏​ធំ​នោះ។ នោះ​គឺ​ជា​មហា​សន្និបាត​ដំបូង​បង្អស់​ដែល​ពួក​គេ​បាន​ចូល​រួម! យើង​បាន​ជួប​បង​ប្អូន​ដែល​ធ្លាប់​ជាប់​គុក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នៅ​អតីត​សហភាព​សូវៀត​ដោយ​សារ​ជំនឿ​របស់​ពួក​គេ។

ភារកិច្ច​មួយ​ទៀត​ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ​ជា​ខ្លាំង​គឺ​ការ​ធ្វើ​ទស្សនកិច្ច​ដើម្បី​លើក​ទឹក​ចិត្ដ​ក្រុម​គ្រួសារ​បេតអែល​និង​សាសនទូត​នៅ​ទូ​ទាំង​ពិភព​លោក។ នៅ​លើក​មុន​ពេល​ដែល​យើង​ធ្វើ​ទស្សនកិច្ច​បែប​នេះ យើង​បាន​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​បាន​ជួប​បង​ប្អូន​ប្រុស​ៗ​៥០​នាក់​ដែល​បាន​ជាប់​គុក​នៅ​ក្រុង​ស៊ូវ៉ុន។ ពួក​គេ​មាន​ទស្សនៈ​ត្រឹម​ត្រូវ ហើយ​ទន្ទឹង​រង់​ចាំ​ពេល​ដែល​ពួក​គេ​អាច​បម្រើ​ព្រះ​យេហូវ៉ា​ម្ដង​ទៀត​ដោយ​មាន​សេរី​ភាព។ យើង​ទទួល​ការ​លើក​ទឹក​ចិត្ដ​ជា​ខ្លាំង​កាល​ដែល​យើង​ជួប​ពួក​គេ!—រ៉ូម ១:១១, ១២

ការ​រីក​ចម្រើន​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ

អស់​ជា​ច្រើន​ឆ្នាំ ខ្ញុំ​បាន​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​រាស្ដ្រ​របស់​លោក។ ពេល​ខ្ញុំ​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៤៣ មាន​អ្នក​ផ្សាយ​ប្រហែល​ជា​១០០.០០០​នាក់។ ឥឡូវ​នេះ មាន​អ្នក​ផ្សាយ​ជាង​៨​លាន​នាក់ ដែល​បម្រើ​ព្រះ​យេហូវ៉ា​នៅ​២៤០​ប្រទេស។ ការ​ខំ​ព្យាយាម​របស់​បង​ប្អូន​ដែល​បាន​រៀន​ចប់​សាលា​គីលាត​បាន​ជួយ​ឲ្យ​មាន​ការ​រីក​ចម្រើននេះ។ ខ្ញុំ​មាន​អំណរ​ជា​ខ្លាំង​ក្នុង​ការ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​សាសនទូត​ជា​ច្រើន​ទាំង​នេះ ហើយ​ក្នុង​ការ​ជួយ​ពួក​គេ​ឲ្យ​ទៅ​ដល់​ប្រទេស​ដែល​ពួក​គេ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ។

ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ដ​ដែល​ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​សម្រេច​ចិត្ដ​ប្រើ​ជីវិត​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ដែល​ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​បម្រើ​នៅ​បេតអែល។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ជា​ច្រើន​ដល់​ខ្ញុំ​អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ។ ក្រៅ​ពី​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ចូល​ចិត្ដ​អំពី​កិច្ច​បម្រើ​នៅ​បេតអែល ខ្ញុំ​និង​ឡែឡា​ក៏​ចូល​ចិត្ដ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​បង​ប្អូន​នៅ​ក្រុម​ជំនុំ​មួយ​ចំនួន​នា​តំបន់​ប៊្រុគ្លីន​អស់​រយៈ​ពេល​ជាង​៥០​ឆ្នាំ ហើយ​យើង​បាន​រាប់​អាន​មិត្ដ​ភក្ដិ​ពិត​ជា​ច្រើន​នាក់​នៅ​ទី​នោះ។

ខ្ញុំ​បន្ដ​បម្រើ​នៅ​បេតអែល​ដោយ​មាន​ការ​គាំ​ទ្រ​ជា​រៀង​រាល់​ថ្ងៃ​ពី​ឡែឡា។ ទោះ​ជា​ឥឡូវ​នេះ​ខ្ញុំ​មាន​អាយុ​ជាង​៨៤​ឆ្នាំ​ក្ដី ខ្ញុំ​សប្បាយ​ដែល​ខ្ញុំ​នៅ​តែ​អាច​ធ្វើ​កិច្ច​ការ​ដែល​ជួយ​អ្នក​ឯ​ទៀត ហើយ​ជួយ​ខាង​កិច្ច​ការ​ទំនាក់​ទំនង​ជា​មួយ​នឹង​ការិយាល័យ​សាខា។

ខ្ញុំ​ជា​មួយ​នឹង​ឡែឡា​នៅ​សព្វ​ថ្ងៃ​នេះ

ខ្ញុំ​ពិត​ជា​មាន​អំណរ​ដែល​ខ្ញុំ​ជា​សមាជិក​អង្គ​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា ហើយ​ដែល​ខ្ញុំ​អាច​ឃើញ​ថា​ពាក្យ​នៅ​ម៉ាឡាគី ៣:១៨​ពិត​ជា​ការ​ពិត។ បទ​គម្ពីរ​នោះ​ចែង​ថា​៖ ​«​គ្រា​នោះ ឯង​រាល់​គ្នា​នឹង​ត្រឡប់​ជា​ចេះ​ញែក​សេចក្ដី​សុចរិត​នឹង​សេចក្ដី​អាក្រក់​ចេញ​ពី​គ្នា ហើយ​នឹង​មនុស្ស​ដែល​គោរព​ដល់​ព្រះ​នឹង​មនុស្ស​ដែល​មិន​គោរព​ផង​»។ រាល់​ថ្ងៃ យើង​ឃើញ​ថា​ពិភព​លោក​របស់​សាថាន​គឺ​កាន់​តែ​អាក្រក់​ទៅ​ៗ ហើយ​ថា​មនុស្ស​គ្មាន​សេចក្ដី​សង្ឃឹម និង​មិន​មាន​សុភមង្គល​ក្នុង​ជីវិត​ទេ។ ប៉ុន្ដែ ពួក​អ្នក​ដែល​ស្រឡាញ់​និង​បម្រើ​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​សង្ឃឹម​ពិត​ប្រាកដ​សម្រាប់​ថ្ងៃ​អនាគត ហើយ​ក៏​មាន​ជីវិត​ដ៏​សប្បាយ​នៅ​ឥឡូវ​នេះ ទោះ​ជា​យើង​រស់​នៅ​ក្នុង​គ្រា​ដ៏​លំបាក​ក្ដី។ ការ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ដំណឹង​ល្អ​គឺ​ជា​ឯកសិទ្ធិ​ដ៏​ធំ​មួយ! (​ម៉ាថាយ ២៤:១៤​) មិន​យូរ​ទៀត រាជាណាចក្រ​របស់​ព្រះ​នឹង​ជំនួស​ពិភព​លោក​ដ៏​អាក្រក់​នេះ​ដោយ​សួន​ឧទ្យាន។ យើង​ពិត​ជា​ចង់​ឲ្យ​ថ្ងៃ​នោះ​មក​ដល់​ឆាប់​ៗ​ណាស់! យ៉ាង​នេះ បុគ្គល​គ្រប់​រូប​នៅ​ផែន​ដី​នឹង​មាន​សុខភាព​ល្អ​និង​មាន​សុភមង្គល ហើយ​នឹង​រស់​នៅ​ជា​រៀង​រហូត។