លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​រក្សា​សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ ទោះ​ជា​ស្ថានភាព​របស់​អ្នក​ផ្លាស់​ប្ដូរ

ចូរ​រក្សា​សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ ទោះ​ជា​ស្ថានភាព​របស់​អ្នក​ផ្លាស់​ប្ដូរ

​«​ទូល​បង្គំ​សុខ​ចិត្ដ​នៅ​ស្ងៀម​ស្ងាត់ ទូល​បង្គំ​មាន​ចិត្ដ​ស្ងប់​»។—ទំនុក​តម្កើង ១៣១:២, ខ.ស.

ចម្រៀង​លេខ: ១២៨, ១២៩

១, ២. (​ក​) តើ​ការ​ផ្លាស់​ប្ដូរ​ភ្លាម​ៗ​ក្នុង​ជីវិត​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) យោង​ទៅ​តាម​ទំនុក​តម្កើង ១៣១ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ?

ក្រោយ​ពី​បង​ឡយដ៍​និង​បង​អាឡិចសាន់ត្រា​ដែល​ជា​ប្រពន្ធ​របស់​គាត់​បាន​បម្រើ​នៅ​បេតអែល​ជាង​២៥​ឆ្នាំ ពួក​គាត់​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​វិញ។ ដំបូង ពួក​គាត់​ពិបាក​ចិត្ដ។ បង​ឡយដ៍​និយាយ​ថា​៖ ​«​ខ្ញុំ​ចាត់​ទុក​បេតអែល​និង​ភារកិច្ច​របស់​ខ្ញុំ​នៅ​ទី​នោះ​ជា​អត្ដសញ្ញាណ​របស់​ខ្ញុំ។ ក្នុង​ចិត្ដ​ខ្ញុំ ខ្ញុំ​យល់​អំពី​មូលហេតុ​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​នោះ តែ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​និង​ប៉ុន្មាន​ខែ​ក្រោយ​ៗ​មក ខ្ញុំ​ច្រើន​តែ​មាន​អារម្មណ៍​ថា​ខ្លួន​បាន​ត្រូវ​គេ​បោះ​បង់​ចោល​»។ បង​ឡយដ៍​មាន​អារម្មណ៍​ឡើង​ចុះ នៅ​ពេល​ខ្លះ​គាត់​មាន​អារម្មណ៍​ថា​ការ​ផ្លាស់​ប្ដូរ​នោះ​គឺ​ល្អ តែ​មួយ​សន្ទុះ​ក្រោយ​មក គាត់​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ដ។

ម្ដង​ម្កាល​ក្នុង​ជីវិត​របស់​យើង យើង​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ដែល​យើង​មិន​បាន​រំពឹង​ទុក ហើយ​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​ខ្វល់​ខ្វាយ​និង​តាន​តឹង​ចិត្ដ។ (​សុភាសិត ១២:២៥​) តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​រក្សា​ចិត្ដ​ស្ងប់​ពេល​យើង​ពិបាក​ទទួល​យក​ឬ​សម្រប​ខ្លួន​ទៅ​តាម​ការ​ផ្លាស់​ប្ដូរ​ណា​មួយ? ទំនុក​តម្កើង ១៣១:១​-​៣​ក្នុង​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ ចែង​ថា​៖ ​«​ឱ​ព្រះ​អម្ចាស់​អើយ ទូល​បង្គំ​គ្មាន​ចិត្ដ​អំនួត​ឬ​វាយ​ឫ​ក​ខ្ពស់​ទេ ទូល​បង្គំ​មិន​ប្រាថ្នា​ចង់​បាន​អ្វី​ដែល​ធំ​អស្ចារ្យ​ហួស​ពី​សមត្ថភាព​របស់​ទូល​បង្គំ​ឡើយ។ ផ្ទុយ​ទៅ​វិញ ទូល​បង្គំ​សុខ​ចិត្ដ​នៅ​ស្ងៀម​ស្ងាត់ ទូល​បង្គំ​មាន​ចិត្ដ​ស្ងប់​ដូច​កូន​ក្មេង​នៅ​ជាប់​នឹង​ទ្រូង​ម្ដាយ គឺ​ទូល​បង្គំ​បាន​ស្កប់​ចិត្ដ​ដូច​កូន​ក្មេង​ស្កប់​ចិត្ដ​នៅ​ជិត​ម្ដាយ​យ៉ាង​នោះ​ដែរ។ អ៊ីស្រាអែល​អើយ ចូរ​ទុក​ចិត្ដ​លើ​ព្រះ​អម្ចាស់ តាំង​ពី​ពេល​នេះ​រហូត​ដល់​អស់​កល្ប​ជា​និច្ច!​»។ សូម​យើង​ពិចារណា​អំពី​របៀប​ដែល​អ្នក​បម្រើ​ខ្លះ​របស់​ព្រះ​យេហូវ៉ា​នៅ​អតីតកាល​និង​នៅ​សព្វ​ថ្ងៃ​នេះ បាន​រក្សា​សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ ទោះ​ជា​ជីវិត​របស់​ពួក​គេ​បាន​ផ្លាស់​ប្ដូរ​ភ្លាម​ៗ​ក្ដី។

របៀប​ដែល​«​សេចក្ដី​សុខ​សាន្ដ​របស់​ព្រះ​»​ជួយ​យើង

៣. តើ​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ក្នុង​ជីវិត​របស់​យ៉ូសែប?

សូម​គិត​អំពី​ជីវិត​របស់​យ៉ូសែប។ ក្នុង​ចំណោម​កូន​ប្រុស​ទាំង​អស់​របស់​យ៉ាកុប គាត់​ស្រឡាញ់​យ៉ូសែប​ជាង​គេ។ នេះ​ធ្វើ​ឲ្យ​បង​ប្រុស​ៗ​របស់​គាត់​ច្រណែន។ ពេល​យ៉ូសែប​មាន​អាយុ​១៧​ឆ្នាំ ពួក​គេ​បាន​លក់​គាត់​ជា​ខ្ញុំ​បម្រើ។ (​លោកុប្បត្ដិ ៣៧:២​-​៤, ២៣​-​២៨​) គាត់​បាន​រង​ទុក្ខ​នៅ​ស្រុក​អេស៊ីប​ប្រហែល​ជា​អស់​រយៈ​ពេល​១៣​ឆ្នាំ។ នៅ​ដំបូង​គាត់​ធ្វើ​ជា​ខ្ញុំ​បម្រើ ហើយ​ក្រោយ​មក​បាន​ទៅ​ជា​អ្នក​ទោស។ យ៉ូសែប​បាន​ឃ្លាត​ឆ្ងាយ​ពី​ឪ​ពុក​ជា​ទី​ស្រឡាញ់​របស់​គាត់។ ស្ថានភាព​របស់​គាត់​អាច​ធ្វើ​ឲ្យ​គាត់​ខឹង​និង​អស់​សង្ឃឹម ប៉ុន្ដែ​គាត់​មិន​មាន​អារម្មណ៍​ដូច្នេះ​ទេ។ តើ​អ្វី​បាន​ជួយ​គាត់?

៤. (​ក​) តើ​យ៉ូសែប​បាន​ធ្វើ​អ្វី​ពេល​គាត់​ជាប់​គុក? (​ខ​) តើ​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យ៉ូសែប​យ៉ាង​ដូច​ម្ដេច?

ពេល​យ៉ូសែប​រង​ទុក្ខ​នៅ​ក្នុង​គុក គាត់​ច្បាស់​ជា​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​របៀប​ដែល​ព្រះ​យេហូវ៉ា​កំពុង​ជួយ​គាត់។ (​លោកុប្បត្ដិ ៣៩:២១; ទំនុក​តម្កើង ១០៥:១៧​-​១៩​) ប្រហែល​ជា​គាត់​ក៏​បាន​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គាត់​យល់​សប្ដិ​ឃើញ​ពេល​គាត់​នៅ​វ័យ​ក្មេង ហើយ​នោះ​បាន​ពង្រឹង​ទំនុក​ចិត្ដ​របស់​គាត់​ថា​លោក​នៅ​ជា​មួយ​នឹង​គាត់។ (​លោកុប្បត្ដិ ៣៧:៥​-​១១​) គាត់​ទំនង​ជា​បាន​អធិដ្ឋាន​ជា​រឿយ​ៗ​ដោយ​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​នៅ​ក្នុង​ចិត្ដ​របស់​គាត់។ (​ទំនុក​តម្កើង ១៤៥:១៨​) ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យ៉ូសែប ដោយ​ធ្វើ​ឲ្យ​គាត់​ជឿ​ជាក់​ថា​លោក​នឹង​«​នៅ​ជា​មួយ​នឹង​»​គាត់ ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ * (​សូម​មើល​កំណត់​សម្គាល់​)។—សកម្មភាព ៧:៩, ១០

៥. តើ​តាម​របៀប​ណា​«​សេចក្ដី​សុខ​សាន្ដ​របស់​ព្រះ​»​អាច​ជួយ​យើង​ឲ្យ​តាំង​ចិត្ដ​បម្រើ​ព្រះ​យេហូវ៉ា?

ទោះ​ជា​យើង​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​យ៉ាង​ណា​ក៏​ដោយ យើង​អាច​មាន​«​សេចក្ដី​សុខ​សាន្ដ​របស់​ព្រះ​»​ដែល​ការ​ពារ​«​សមត្ថភាព​រិះ​គិត​»​របស់​យើង ហើយ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ដ​ស្ងប់។ (​សូម​អាន ភីលីព ៤:៦, ៧) ពេល​យើង​ខ្វល់​ខ្វាយ​និង​តាន​តឹង​ចិត្ដ ​«​សេចក្ដី​សុខ​សាន្ដ​របស់​ព្រះ​»​អាច​ពង្រឹង​កម្លាំង​យើង​ឲ្យ​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា ហើយ​មិន​ឈប់​ព្យាយាម​ឡើយ។ សូម​យើង​ពិចារណា​អំពី​គំរូ​របស់​បង​ប្អូន​ខ្លះ​នៅ​សម័យ​យើង​ដែល​មាន​បទ​ពិសោធន៍​នេះ។

ចូរ​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ​ឡើង​វិញ

៦, ៧. តើ​សេចក្ដី​អធិដ្ឋាន​របស់​យើង​អាច​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍​មួយ។

ពេល​បង​ប្រុស​រ៉ាយអិន​និង​បង​ស្រី​ជូលីយេត​បាន​ទទួល​ដំណឹង​ថា ពួក​គាត់​លែង​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​បណ្ដោះ​អាសន្ន​ទៀត ពួក​គាត់​ធ្លាក់​ទឹក​ចិត្ដ។ បង​រ៉ាយអិន​និយាយ​ថា​៖ ​«​យើង​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ភ្លាម​ៗ​អំពី​រឿង​នោះ។ យើង​ដឹង​ថា​យើង​មាន​ឱកាស​ដ៏​ពិសេស​ដើម្បី​បង្ហាញ​ទំនុក​ចិត្ដ​ទៅ​លើ​លោក។ បង​ប្អូន​ជា​ច្រើន​នាក់​ក្នុង​ក្រុម​ជំនុំ​របស់​យើង ជា​អ្នក​ថ្មី​ក្នុង​សេចក្ដី​ពិត។ ដូច្នេះ យើង​បាន​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ទុក​គំរូ​ល្អ​ស្ដី​អំពី​ការ​បង្ហាញ​ជំនឿ​»។

តើ​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គាត់​យ៉ាង​ដូច​ម្ដេច? បង​រ៉ាយអិន​និយាយ​ថា​៖ ​«​ភ្លាម​ៗ​ក្រោយ​ពី​យើង​បាន​អធិដ្ឋាន​ចប់ យើង​មាន​អារម្មណ៍​ថា​យើង​លែង​ខ្វល់​ខ្វាយ​និង​លែង​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ដូច​អ្វី​ដែល​យើង​មាន​ពី​មុន។ សេចក្ដី​សុខ​សាន្ដ​របស់​ព្រះ​កំពុង​ការ​ពារ​ចិត្ដ​និង​សមត្ថភាព​រិះ​គិត​របស់​យើង។ យើង​បាន​ទទួល​ស្គាល់​ថា ព្រះ​យេហូវ៉ា​នៅ​តែ​អាច​ប្រើ​យើង បើ​យើង​មាន​ទស្សនៈ​ត្រឹម​ត្រូវ​»។

៨​-​១០. (​ក​) តើ​សកម្មពល​របស់​ព្រះ​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ពេល​យើង​ខ្វល់​ខ្វាយ? (​ខ​) ពេល​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា តើ​លោក​ប្រហែល​ជា​នឹង​ជួយ​យើង​តាម​របៀប​ណា​ខ្លះ?

សកម្មពល​របស់​ព្រះ​អាច​ធ្វើ​ឲ្យ​យើង​ស្ងប់​ចិត្ដ ហើយ​ក៏​អាច​ណែនាំ​យើង​ឲ្យ​រក​ឃើញ​ខ​គម្ពីរ​ដែល​នឹង​ជួយ​យើង​ឲ្យ​យល់​អំពី​អ្វី​ដែល​ពិត​ជា​សំខាន់​ក្នុង​ជីវិត។ (​សូម​អាន យ៉ូហាន ១៤:២៦, ២៧) សូម​គិត​អំពី​បង​ហ្វីលីព​និង​បង​មេរី ដែល​ជា​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ធ្លាប់​បម្រើ​នៅ​បេតអែល​ជិត​២៥​ឆ្នាំ។ ក្នុង​រយៈ​ពេល​បួន​ខែ ម្ដាយ​ទាំង​សង​ខាង​និង​សាច់​ញាតិ​ម្នាក់​ទៀត​របស់​ពួក​គាត់​បាន​ស្លាប់ ហើយ​ពួក​គាត់​ត្រូវ​មើល​ថែ​ឪ​ពុក​របស់​បង​មេរី​ដែល​មាន​ជំងឺ​ខួរ​ក្បាល។

បង​ហ្វីលីព​និយាយ​ថា​៖ ​«​ខ្ញុំ​គិត​ថា​ខ្ញុំ​ធ្វើ​បាន​ល្អ​ល្មម​ហើយ​ចំពោះ​រឿង​ហ្នឹង តែ​តាម​ពិត​ខ្ញុំ​នៅ​ខ្វះ​អ្វី​មួយ។ ក្នុង​អត្ថបទ​សិក្សា​មួយ​នៃ​ទស្សនាវដ្ដី​ប៉ម​យាម ខ្ញុំ​បាន​ប្រទះ​ឃើញ​ខ​គម្ពីរ​នៅ​កូឡុស ១:១១។ មែន ខ្ញុំ​កំពុង​ស៊ូ​ទ្រាំ ប៉ុន្ដែ​ខ្ញុំ​មិន​មែន​ស៊ូ​ទ្រាំ​យ៉ាង​ពេញ​លេញ​ទេ។ ខ្ញុំ​ត្រូវ​តែ‹ស៊ូ​ទ្រាំ​នឹង​ការ​ទាំង​អស់ ហើយ​មាន​ចិត្ដ​ធ្ងន់​ដោយ​អំណរ›។ ខ​នេះ​បាន​រំលឹក​ខ្ញុំ​ថា​អំណរ​ក្នុង​ជីវិត មិន​អាស្រ័យ​លើ​ស្ថានភាព​របស់​ខ្ញុំ​ទេ ប៉ុន្ដែ​អាស្រ័យ​ទៅ​លើ​ឥទ្ធិពល​ដែល​សកម្មពល​របស់​ព្រះ​មាន​លើ​ជីវិត​របស់​ខ្ញុំ​»។

១០ ដោយ​សារ​បង​ហ្វីលីព​និង​បង​មេរី​បន្ដ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា លោក​បាន​ឲ្យ​ពរ​ជា​ច្រើន​ដល់​ពួក​គាត់។ មិន​យូរ​ក្រោយ​ពី​ពួក​គាត់​បាន​ចាក​ចេញ​ពី​បេតអែល ពួក​គាត់​មាន​សិស្ស​គម្ពីរ​ល្អ​ដែល​រីក​ចម្រើន ហើយ​ដែល​ចង់​សិក្សា​ច្រើន​ជាង​ម្ដង​ក្នុង​មួយ​សប្ដាហ៍។ បង​មេរី​និយាយ​ថា​៖ ​«​ពួក​គេ​នាំ​ឲ្យ​យើង​មាន​អំណរ ហើយ​ជា​របៀប​មួយ​ដែល​ព្រះ​យេហូវ៉ា​កំពុង​ប្រាប់​យើង​ថា​យើង​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ​ទេ លោក​នឹង​ជួយ​យើង​»។

ចូរ​ធ្វើ​អ្វី​ដែល​អាច​បើក​ឱកាស​ឲ្យ​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ដល់​អ្នក

ទោះ​ជា​មាន​ការ​ផ្លាស់​ប្ដូរ​បែប​ណា​ក្នុង​ជីវិត​របស់​យើង​ក្ដី តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​យ៉ូសែប​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​វគ្គ​១១​-​១៣​)

១១, ១២. (​ក​) តើ​យ៉ូសែប​បាន​ធ្វើ​អ្វី​ខ្លះ​ដែល​បើក​ឱកាស​ឲ្យ​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ដល់​គាត់? (​ខ​) តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​អ្វី​ដល់​យ៉ូសែប?

១១ ពេល​ជីវិត​ផ្លាស់​ប្ដូរ​ភ្លាម​ៗ យើង​ប្រហែល​ជា​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង​រហូត​ដល់​យើង​គិត​តែ​អំពី​បញ្ហា​របស់​យើង​ប៉ុណ្ណោះ។ នេះ​អាច​កើត​ឡើង​ចំពោះ​យ៉ូសែប។ ប៉ុន្ដែ គាត់​សម្រេច​ចិត្ដ​ខំ​អស់​ពី​សមត្ថភាព ទោះ​ជា​គាត់​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក​ក៏​ដោយ។ ដូច​ដែល​យ៉ូសែប​បាន​ខំ​ធ្វើ​ការ​ឲ្យ​ប៉ូទីផារ គាត់​ក៏​ខំ​ធ្វើ​កិច្ច​ការ​ណា​ក៏​ដោយ​ដែល​មេ​គុក​ចាត់​គាត់​ឲ្យ​ធ្វើ។—លោកុប្បត្ដិ ៣៩:២១​-​២៣

១២ នៅ​ថ្ងៃ​មួយ យ៉ូសែប​បាន​ត្រូវ​ចាត់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​អ្នក​ទោស​ពីរ​នាក់​ដែល​បម្រើ​នៅ​វាំង​របស់​ផារ៉ូ។ យ៉ូសែប​បាន​ប្រព្រឹត្ដ​យ៉ាង​សប្បុរស​ចំពោះ​ពួក​គេ ហើយ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ស្រួល​ជា​មួយ​នឹង​គាត់​រហូត​ដល់​ពួក​គេ​បាន​ប្រាប់​យ៉ូសែប​អំពី​ការ​ខ្វល់​ខ្វាយ​និង​សុបិន​ដ៏​ចម្លែក​របស់​ពួក​គេ​នៅ​យប់​មុន​នោះ។ (​លោកុប្បត្ដិ ៤០:៥​-​៨​) នៅ​ពេល​នោះ យ៉ូសែប​មិន​បាន​ដឹង​ថា​ការ​សន្ទនា​នោះ​នឹង​នាំ​ទៅ​ដល់​ការ​ដោះ​លែង​គាត់​ទេ។ ពីរ​ឆ្នាំ​ក្រោយ​មក យ៉ូសែប​បាន​ត្រូវ​ដោះ​លែង​ពី​គុក ហើយ​បាន​ទៅ​ជា​អ្នក​គ្រប់​គ្រង​ដែល​មាន​អំណាច​ធំ​ជាង​គេ​នៅ​ស្រុក​អេស៊ីប​បន្ទាប់​ពី​ផារ៉ូ!—លោកុប្បត្ដិ ៤១:១, ១៤​-​១៦, ៣៩​-​៤១

១៣. ទោះ​ជា​យើង​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ តើ​យើង​អាច​ប្រព្រឹត្ដ​យ៉ាង​ណា​ដើម្បី​បើក​ឱកាស​ឲ្យ​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ដល់​យើង?

១៣ ដូច​យ៉ូសែប​យើង​ប្រហែល​ជា​ស្ថិត​ក្នុង​ស្ថានភាព​ដែល​យើង​មិន​អាច​ផ្លាស់​ប្ដូរ​បាន។ ប៉ុន្ដែ បើ​យើង​មាន​ចិត្ដ​អត់​ធ្មត់​និង​ខំ​អស់​ពី​សមត្ថភាព ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​យើង។ (​ទំនុក​តម្កើង ៣៧:៥​) សូម្បី​តែ​ពេល​ដែល​យើង​មាន​អារម្មណ៍​ច្របូក​ច្របល់​ក្នុង​ចិត្ដ​និង​ខ្វល់​ខ្វាយ ក៏​យើង​មិន​«​ទាល់​ច្រក​»​ ឬ​គ្មាន​សង្ឃឹម​នោះ​ទេ។ (​កូរិនថូស​ទី២ ៤:៨​) ព្រះ​យេហូវ៉ា​នឹង​នៅ​ជា​មួយ​យើង ជា​ពិសេស​បើ​យើង​ផ្ចង់​អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ​ផ្សាយ។

ចូរ​បន្ដ​ផ្ដោត​អារម្មណ៍​លើ​កិច្ច​បម្រើ​ផ្សាយ

១៤​-​១៦. តើ​ភីលីព​បាន​បន្ដ​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ដូច​ម្ដេច ទោះ​ជា​ជីវិត​របស់​គាត់​បាន​ផ្លាស់​ប្ដូរ​ក្ដី?

១៤ ភីលីព​ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​គឺ​ជា​គំរូ​ដ៏​ល្អ​ស្ដី​អំពី​បុគ្គល​ដែល​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ​ផ្សាយ ទោះ​ជា​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ណា​ក្នុង​ជីវិត​របស់​គាត់​ក្ដី។ នៅ​ពេល​មួយ គាត់​បាន​ទទួល​ភារកិច្ច​ថ្មី​នៅ​ក្រុង​យេរូសាឡិម ហើយ​គាត់​ចូល​ចិត្ដ​ភារកិច្ច​នោះ។ (​សកម្មភាព ៦:១​-​៦​) ក្រោយ​មក មាន​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ៗ​កើត​ឡើង ដូច​ជា​មាន​ការ​ប្រឆាំង​ដ៏​ខ្លាំង​ចំពោះ​គ្រិស្ដ​សាសនិក បន្ទាប់​ពី​ស្ទេផាន​បាន​ត្រូវ​គេ​សម្លាប់ ហើយ​គ្រិស្ដ​សាសនិក​បាន​ភៀស​ខ្លួន​ចេញ​ពី​ក្រុង​យេរូសាឡិម។ ដោយ​សារ​ភីលីព​ចង់​បន្ដ​ជាប់​រវល់​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា គាត់​បាន​ទៅ​ក្រុង​សាម៉ារី​ដែល​ជា​កន្លែង​ដែល​មនុស្ស​ត្រូវ​ការ​ឮ​ដំណឹង​ល្អ។—ម៉ាថាយ ១០:៥; សកម្មភាព ៨:១,

១៥ ភីលីព​សុខ​ចិត្ដ​ទៅ​កន្លែង​ណា​ក៏​ដោយ​ដែល​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គាត់​ឲ្យ​ទៅ។ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ប្រើ​គាត់​ឲ្យ​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ដែល​មនុស្ស​មិន​ទាន់​ឮ​ដំណឹង​ល្អ។ ជន​ជាតិ​យូដា​ជា​ច្រើន​មើល​ងាយ​ជន​ជាតិ​សាម៉ារី ហើយ​បាន​ប្រព្រឹត្ដ​យ៉ាង​អាក្រក់​ទៅ​លើ​ពួក​គេ។ ប៉ុន្ដែ ភីលីព​ព​មិន​បាន​រើស​អើង​ទេ ហើយ​គាត់​ចង់​ប្រកាស​ដំណឹង​ល្អ​ដល់​ពួក​គេ។ រីឯ​ជន​ជាតិ​សាម៉ារី​វិញ ពួក​គេ​បាន​«​ផ្ចង់​អារម្មណ៍​»​ស្តាប់​គាត់!—សកម្មភាព ៨:៦​-​៨

១៦ បន្ទាប់​មក សកម្មពល​របស់​ព្រះ​បាន​ដឹក​នាំ​ភីលីព​ឲ្យ​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​អាសូត​និង​សេសារៀ ជា​កន្លែង​ដែល​មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​មែន​ជា​ជន​ជាតិ​យូដា។ (​សកម្មភាព ៨:៣៩, ៤០​) ក្រោយ​មក ជីវិត​របស់​ភីលីព​បាន​ផ្លាស់​ប្ដូរ​ម្ដង​ទៀត។ ទោះ​ជា​ជីវិត​របស់​ភីលីព​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ណា​ក្ដី គាត់​បន្ដ​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​ព្រះ​យេហូវ៉ា​បាន​បន្ដ​ឲ្យ​ពរ​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់។—សកម្មភាព ២១:៨, ៩

១៧, ១៨. ពេល​ជីវិត​របស់​យើង​ផ្លាស់​ប្ដូរ តើ​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ​ផ្សាយ​ជួយ​យើង​យ៉ាង​ណា?

១៧ បង​ប្អូន​ជា​ច្រើន​ដែល​បម្រើ​ពេញ​ពេល​និយាយ​ថា ការ​ផ្ដោត​អារម្មណ៍​លើ​កិច្ច​បម្រើ​ផ្សាយ​ជួយ​ពួក​គេ​ឲ្យ​រក្សា​អំណរ​និង​ទស្សនៈ​ត្រឹម​ត្រូវ សូម្បី​តែ​ពេល​ដែល​កាលៈទេសៈ​របស់​ពួក​គេ​ផ្លាស់​ប្ដូរ​ក្ដី។ ជា​ឧទាហរណ៍ ពេល​បង​អសប៊ន​និង​បង​ផលឡាយ​ដែល​ជា​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​រស់​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​ចាក​ចេញ​ពី​បេតអែល ពួក​គាត់​បាន​គិត​ថា​ការ​ស្វែង​រក​ការ​ងារ​មិន​ពេញ​ពេល​និង​ផ្ទះ​ស្នាក់​នៅ​គឺ​មិន​ពិបាក​ទេ។ ប៉ុន្ដែ បង​អសប៊ន​និយាយ​ថា​៖ ​«​គួរ​ឲ្យ​ស្តាយ​ណាស់ យើង​មិន​បាន​ទទួល​ការ​ងារ​ភ្លាម​ៗ​ដូច​ដែល​យើង​បាន​សង្ឃឹម​ឡើយ​»។ បង​ផលឡាយ​និយាយ​ថា​៖ ​«​អស់​បី​ខែ យើង​រក​ការ​ងារ​មិន​បាន​សោះ ហើយ​យើង​មិន​មាន​លុយ​សន្សំ​ដែរ។ នោះ​ពិត​ជា​ពិបាក​ណាស់​»។

១៨ តើ​អ្វី​បាន​ជួយ​បង​អសប៊ន​និង​បង​ផលឡាយ​ក្នុង​ស្ថានភាព​ដ៏​ពិបាក​នេះ? បង​អសប៊ន​និយាយ​ថា​៖ ​«​ការ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ជួយ​យើង​យ៉ាង​ខ្លាំង​ឲ្យ​បន្ដ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ​និង​មាន​ទស្សនៈ​ត្រឹម​ត្រូវ​»។ ជា​ជាង​នៅ​ផ្ទះ​ព្រួយ​បារម្ភ ពួក​គាត់​បាន​សម្រេច​ចិត្ដ​បន្ដ​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​ពួក​គាត់​មាន​អំណរ​ជា​ខ្លាំង! បង​អសប៊ន​បន្ថែម​ថា​៖ ​«​យើង​បាន​ស្វែង​រក​ការ​ងារ​នៅ​កន្លែង​ផ្សេង​ៗ ហើយ​ទី​បំផុត​យើង​រក​ការ​ងារ​បាន​»។

ចូរ​ទុក​ចិត្ដ​ព្រះ​យេហូវ៉ា​ទាំង​ស្រុង

១៩​-​២១. (​ក​) តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​រក្សា​សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ? (​ខ​) តើ​យើង​អាច​ទទួល​ប្រយោជន៍​អ្វី​ពេល​យើង​សម្រប​ខ្លួន​ទៅ​តាម​ការ​ផ្លាស់​ប្ដូរ​ដែល​យើង​មិន​បាន​រំពឹង​ទុក?

ការ​សម្រប​ខ្លួន​ទៅ​តាម​ការ​ផ្លាស់​ប្ដូរ​ណា​មួយ អាច​ពង្រឹង​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា

១៩ ដូច​ដែល​យើង​បាន​ឃើញ​ហើយ​ថា ទោះ​ជា​យើង​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ បើ​យើង​ខំ​អស់​ពី​សមត្ថភាព​និង​ទុក​ចិត្ដ​លើ​ព្រះ​យេហូវ៉ា​ទាំង​ស្រុង យើង​នឹង​អាច​រក្សា​សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ។ (​សូម​អាន មីកា ៧:៧) យូរ​ៗ​ទៅ យើង​ប្រហែល​ជា​នឹង​ដឹង​ថា​ការ​សម្រប​ខ្លួន​ទៅ​តាម​ការ​ផ្លាស់​ប្ដូរ​ណា​មួយ បាន​ពង្រឹង​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ បង​ផលឡាយ​ពន្យល់​ថា​ការ​ផ្លាស់​ប្ដូរ​ភារកិច្ច​របស់​ពួក​គាត់ បាន​បង្រៀន​គាត់​អំពី​អត្ថន័យ​នៃ​ការ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា ទោះ​ជា​ក្នុង​គ្រា​ដ៏​ពិបាក​ក្ដី។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​ចំណង​មិត្ដភាព​ជា​មួយ​នឹង​លោក​កាន់​តែ​រឹង​មាំ​»។

២០ បង​មេរី​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ នៅ​តែ​បន្ដបម្រើ​ជា​អ្នក​ត្រួស​ត្រាយ ហើយ​ថែ​រក្សា​ឪ​ពុក​របស់​គាត់​ដែល​មាន​វ័យ​ចាស់។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​រៀន​ថា​ពេល​ខ្ញុំ​ខ្វល់​ខ្វាយ ខ្ញុំ​ត្រូវ​អធិដ្ឋាន​និង​បន្ទាប់​មក​ឈប់​បារម្ភ​អំពី​រឿង​នោះ​ទៀត។ ការ​ទុក​រឿង​ផ្សេង​ៗ​ឲ្យ​ព្រះ​យេហូវ៉ា​ដោះ​ស្រាយ ប្រហែល​ជា​មេ​រៀន​ដ៏​សំខាន់​បំផុត​ដែល​ខ្ញុំ​បាន​រៀន ហើយ​នេះ​ជា​អ្វី​ដែល​យើង​នឹង​ត្រូវ​ការ​ជា​ចាំ​បាច់​នា​ពេល​អនាគត​»។

២១ បង​ឡយដ៍​និង​បង​អាឡិចសាន់ត្រា​សារភាព​ថា ការ​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត​បាន​សាកល្បង​ជំនឿ​របស់​ពួក​គាត់​តាម​របៀប​ដែល​ពួក​គាត់​មិន​បាន​រំពឹង​ទុក។ ប៉ុន្ដែ ពួក​គាត់​អាច​ឃើញ​ថា តាម​ការ​ពិត​ការ​សាកល្បង​ទាំង​នេះ​បាន​ជួយ​ពួក​គាត់។ ឥឡូវ​នេះ ពួក​គាត់​ដឹង​ថា​ជំនឿ​របស់​ពួក​គាត់​គឺ​មាំ​មួន​រហូត​ដល់​អាច​ជួយ​សម្រាល​ទុក្ខ​ពួក​គាត់​ពេល​ដែល​មាន​បញ្ហា ហើយ​ពួក​គាត់​មាន​អារម្មណ៍​ថា​ពួក​គាត់​មាន​បុគ្គលិក​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន ដោយ​សារ​អ្វី​ដែល​ពួក​គាត់​ឆ្លង​កាត់។

ការ​ផ្លាស់​ប្ដូរ​ដែល​មិន​បាន​រំពឹង​ទុក អាច​នាំ​ឲ្យ​ទទួល​ពរ​ដែល​មិន​បាន​រំពឹង​ទុក! (​សូម​មើល​វគ្គ​១៩​-​២១​)

២២. បើ​យើង​ខំ​អស់​ពី​សមត្ថភាព​ក្នុង​ស្ថានភាព​ដែល​យើង​ជួប​ប្រទះ តើ​យើង​អាច​ប្រាកដ​អំពី​អ្វី?

២២ ក្នុង​របៀប​របប​ពិភព​លោក​នេះ ជីវិត​របស់​យើង​អាច​ផ្លាស់​ប្ដូរ​ភ្លាម​ៗ។ យើង​ប្រហែល​ជា​ទទួល​ភារកិច្ច​ផ្សេង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ចាប់​ផ្ដើម​មាន​បញ្ហា​សុខភាព ឬ​ត្រូវ​មើល​ថែ​ក្រុម​គ្រួសារ​របស់​យើង​តាម​របៀប​ផ្សេង​ទៀត។ ប៉ុន្ដែ ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ ចូរ​មាន​ទំនុក​ចិត្ដ​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អ្នក ហើយ​នឹង​ជួយ​អ្នក​នៅ​ពេល​ត្រឹម​ត្រូវ។ (​ហេប្រឺ ៤:១៦; ពេត្រុស​ទី១ ៥:៦, ៧​) ម្យ៉ាង​ទៀត​នៅ​ឥឡូវ​នេះ ចូរ​ខំ​អស់​ពី​សមត្ថភាព​ក្នុង​ស្ថានភាព​ដែល​អ្នក​កំពុង​ជួប​ប្រទះ។ ចូរ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​អ្នក ហើយ​រៀន​ឲ្យ​ចេះ​ពឹង​ផ្អែក​លើ​លោក​ទាំង​ស្រុង។ ដោយ​ធ្វើ​ដូច្នេះ ទោះ​ជា​ស្ថានភាព​របស់​អ្នក​ផ្លាស់​ប្ដូរ​ក្ដី អ្នក​នឹង​មាន​សេចក្ដី​សុខ​សាន្ដ​ដែល​មក​ពី​ព្រះ​យេហូវ៉ា​នៅ​ក្នុង​ចិត្ដ​របស់​អ្នក​ជា​និច្ច។

^ វគ្គ 4 ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក យ៉ូសែប​បាន​ដាក់​ឈ្មោះ​កូន​ប្រុស​ច្បង​របស់​គាត់​ថា​ម៉ាណាសេ ដោយ​សារ​ដូច​ដែល​គាត់​បាន​និយាយ ​«​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​អញ​ភ្លេច​សេចក្ដី​ទុក្ខ​លំបាក​របស់​អញ​ទាំង​ប៉ុន្មាន​»។ គាត់​បាន​យល់​ថា​កូន​ប្រុស​នេះ​គឺ​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​សម្រាល​ទុក្ខ​គាត់។—លោកុប្បត្ដិ ៤១:៥១