លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤១

ចូរ​រក្សា​ភាព​ស្មោះ​ត្រង់​ក្នុង​អំឡុង​គ្រា​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»​

ចូរ​រក្សា​ភាព​ស្មោះ​ត្រង់​ក្នុង​អំឡុង​គ្រា​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»​

​«​ព្រះ​យេហូវ៉ា​ទ្រង់​ការ​ពារ​មនុស្ស​ស្មោះ​ត្រង់​»។—ទំនុក. ៣១:២៣

ចម្រៀង​លេខ​១២៩ យើង​នឹង​ស៊ូ​ទ្រាំ

សេចក្ដី​សង្ខេប *

១​-​២. (​ក​) មិន​យូរ​ទៀត តើ​ពួក​អ្នក​ដឹក​នាំ​ក្នុង​ពិភព​លោក​នឹង​ប្រកាស​អ្វី? (​ខ​) តើ​មាន​សំណួរ​អ្វី​ខ្លះ​ដែល​ត្រូវ​ឆ្លើយ?

សូម​ស្រមៃ​គិត​ថា ពួក​អ្នក​ដឹក​នាំ​ក្នុង​ពិភព​លោក​បាន​ប្រកាស​ថា​«​មាន​សន្ដិ​ភាព​និង​សន្ដិ​សុខ​ហើយ​»​ដូច​ដែល​គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន។ ពួក​គេ​ប្រហែល​ជា​អួត​ថា ពិភព​លោក​មាន​សេចក្ដី​សុខ​សាន្ត​ដែល​មិន​ធ្លាប់​មាន។ ពួក​អ្នក​ដឹក​នាំ​ទាំង​នោះ​នឹង​ចង់​ឲ្យ​យើង​គិត​ថា​ពួក​គេ​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​របស់​ពិភព​លោក​បាន។ ប៉ុន្តែ​ពួក​គេ​គ្មាន​សមត្ថភាព​បញ្ឈប់​អ្វី​ដែល​នឹង​កើត​ឡើង​បន្ទាប់​មក​ឡើយ! ហេតុ​អ្វី? ពី​ព្រោះ​គម្ពីរ​ប្រាប់​ទុក​ជា​មុន​ថា ក្រោយ​ពី​ពួក​គេ​ប្រកាស​ដូច្នោះ ​«​នោះ​ស្រាប់​តែ​សេចក្ដី​ហិន​វិនាស​នឹង​កើត​មាន​ដល់​ពួក​គេ​ភ្លាម . . . ពួក​គេ​នឹង​គេច​មិន​ផុត​ឡើយ​»។—១ថែ. ៥:៣

មាន​សំណួរ​សំខាន់​ខ្លះ​ដែល​ត្រូវ​ឆ្លើយ​ដូច​ជា​៖ តើ​អ្វី​នឹង​កើត​ឡើង​ក្នុង​អំឡុង​គ្រា​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»​? តើ​ព្រះ​យេហូវ៉ា​នឹង​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​នៅ​ពេល​នោះ? តើ​យើង​អាច​ត្រៀម​ខ្លួន​យ៉ាង​ដូច​ម្ដេច​នៅ​ឥឡូវ​នេះ ដើម្បី​រក្សា​ភាព​ស្មោះ​ត្រង់​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង?—ម៉ាថ. ២៤:២១

តើ​អ្វី​នឹង​កើត​ឡើង​ក្នុង​អំឡុង​គ្រា​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»​?

៣. យោង​ទៅ​តាម​ការ​បើក​បង្ហាញ ១៧:៥, ១៥​-​១៨ តើ​ព្រះ​នឹង​បំផ្លាញ​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»​យ៉ាង​ដូច​ម្ដេច?

សូម​អាន ការ​បើក​បង្ហាញ ១៧:៥, ១៥​-​១៨។ ​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»​នឹង​ត្រូវ​បំផ្លាញ​ចោល! ដូច​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ ពួក​អ្នក​ដឹក​នាំ​ក្នុង​ពិភព​លោក​មិន​អាច​ទប់​ស្កាត់​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​គ្រា​នោះ​បាន​ឡើយ។ ហេតុ​អ្វី? ពី​ព្រោះ​«​ព្រះ[​នឹង​]បណ្ដាល​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​តាម​គំនិត​របស់​លោក​»។ តើ​គំនិត​នោះ​ជា​អ្វី? គឺ​បំផ្លាញ​សាសនា​មិន​ពិត​ទាំង​អស់​នៅ​ទូ​ទាំង​ពិភព​លោក រួម​ទាំង​ពិភព​គ្រិស្ត​សាសនា *ផង​ដែរ។ ព្រះ​នឹង​បណ្ដាល​ចិត្ត​របស់​«​ស្នែង​ទាំង​ដប់​»​នៃ​«​សត្វ​សាហាវ​មួយ​ដែល​មាន​សម្បុរ​ក្រហម​ឆ្អៅ​»​ ឲ្យ​ធ្វើ​តាម​គំនិត​របស់​លោក។ ស្នែង​ទាំង​ដប់​ជា​តំណាង​រដ្ឋាភិបាល​ទាំង​ឡាយ​ដែល​គាំ​ទ្រ​«​សត្វ​សាហាវ​»​នោះ ឬ​អង្គ​ការ​សហប្រជាជាតិ។ (​បប. ១៧:៣, ១១​-​១៣; ១៨:៨​) ពេល​រដ្ឋាភិបាល​ទាំង​នោះ​វាយ​ប្រហារ​សាសនា​មិន​ពិត នោះ​បង្ហាញ​ថា​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​បាន​ចាប់​ផ្ដើម​ហើយ។ នោះ​ជា​ព្រឹត្ដិការណ៍​មួយ​ដែល​នឹង​កើត​ឡើង​ភ្លាម​ៗ ហើយ​ធ្វើ​ឲ្យ​មនុស្ស​ក្នុង​ពិភព​លោក​តក់​ស្លុត។

៤. (​ក​) តើ​ពួក​អ្នក​ដឹក​នាំ​ក្នុង​ពិភព​លោក​ប្រហែល​ជា​មាន​ហេតុ​ផល​អ្វី​ចំពោះ​ការ​វាយ​ប្រហារ​លើ​សាសនា​មិន​ពិត​ទាំង​ឡាយ? (​ខ​) តើ​បុគ្គល​ដែល​ធ្លាប់​ជា​សមាជិក​សាសនា​ទាំង​នោះ​នឹង​ទំនង​ជា​និយាយ​យ៉ាង​ណា?

យើង​មិន​ដឹង​ថា​ពួក​អ្នក​ដឹក​នាំ​ក្នុង​ពិភព​លោក​នឹង​មាន​ហេតុ​ផល​អ្វី​ចំពោះ​ការ​វាយ​ប្រហារ​លើ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ទេ។ ពួក​គេ​ប្រហែល​ជា​និយាយ​ថា សាសនា​គឺ​ជា​ឧបសគ្គ​ដែល​រា​រាំង​មិន​ឲ្យ​ពិភព​លោក​មាន​សេចក្ដី​សុខ​សាន្ត ហើយ​ថា​សាសនា​ជ្រៀត​ជ្រែក​ក្នុង​រឿង​នយោបាយ។ ឬ​ពួក​គេ​ប្រហែល​ជា​និយាយ​ថា សាសនា​ប្រមូល​ទ្រព្យ​សម្បត្ដិ​យ៉ាង​សន្ធឹក​សន្ធាប់។ (​បប. ១៨:៣,​) តាម​មើល​ទៅ ការ​វាយ​ប្រហារ​នេះ​មិន​មាន​ន័យ​ថា​សមាជិក​ទាំង​ឡាយ​នៃ​សាសនា​ទាំង​នោះ​នឹង​ត្រូវ​បំផ្លាញ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​អ្នក​ដឹក​នាំ​ក្នុង​ពិភព​លោក​នឹង​បំបាត់​ចោល​សាសនា។ ពេល​សាសនា​ទាំង​នោះ​បាន​ត្រូវ​បំបាត់​ចោល​ហើយ បុគ្គល​ដែល​ធ្លាប់​ជា​សមាជិក​សាសនា​ទាំង​នោះ នឹង​ទទួល​ស្គាល់​ថា​អ្នក​ដឹក​នាំ​សាសនា​មិន​បាន​ធ្វើ​តាម​ពាក្យ​សន្យា ហើយ​ពួក​គេ​ទំនង​ជា​នឹង​និយាយ​ថា ពួក​គេ​មិន​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​នឹង​សាសនា​ទាំង​នោះ​ឡើយ។

៥. តើ​ព្រះ​យេហូវ៉ា​បាន​សន្យា​អ្វី​អំពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ហើយ​ហេតុ​អ្វី?

គម្ពីរ​មិន​ចែង​ថា​ការ​បំផ្លាញ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​នឹង​មាន​រយៈ​ពេល​យូរ​ប៉ុន្មាន​ទេ តែ​យើង​ដឹង​ថា​នោះ​នឹង​មាន​រយៈ​ពេល​ដ៏​ខ្លី។ (​បប. ១៨:១០, ២១​) ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​លោក​នឹង​«​កាត់​បន្ថយ​គ្រា[​ទុក្ខ​វេទនា​ជា​ខ្លាំង​]នោះ​ឲ្យ​ខ្លី​»​ ដើម្បី​ឲ្យ​«​ពួក​អ្នក​រើស​តាំង​»​ទទួល​សេចក្ដី​សង្គ្រោះ ហើយ​ឲ្យ​សាសនា​ពិត​នៅ​តែ​មាន។ (​ម៉ាក. ១៣:១៩, ២០​) ក៏​ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​នឹង​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​រវាង​ការ​ចាប់​ផ្ដើម​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​និង​សង្គ្រាម​ហាម៉ាគេដូន?

ចូរ​កាន់​ខ្ជាប់​តាម​ការ​គោរព​ប្រណិប័តន៍​ពិត

៦. ហេតុ​អ្វី​យើង​មិន​គ្រាន់​តែ​ត្រូវ​ញែក​ខ្លួន​ចេញ​ពី​សាសនា​មិន​ពិត​ប៉ុណ្ណោះ?

ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​អត្ថបទ​មុន ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​អ្នក​គោរព​ប្រណិប័តន៍​លោក​ញែក​ខ្លួន​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ លើស​ពី​នេះ​ទៀត យើង​ក៏​ត្រូវ​តាំង​ចិត្ត​កាន់​ខ្ជាប់​តាម​សាសនា​ពិត ពោល​គឺ​ការ​គោរព​ប្រណិប័តន៍​ពិត​របស់​ព្រះ​យេហូវ៉ា។ សូម​ពិចារណា​អំពី​របៀប​ពីរ​យ៉ាង​ដែល​យើង​អាច​ធ្វើ​ដូច្នេះ។

សូម​យើង​កុំ​គេច​វេះ​ពី​ការ​ប្រជុំ​គ្នា សូម្បី​តែ​ក្នុង​គ្រា​ដ៏​ពិបាក​ក្ដី (​សូម​មើល​វគ្គ​៧​) *

៧. (​ក​) តើ​យើង​អាច​កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​សីលធម៌​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​ហេប្រឺ ១០:២៤, ២៥ បញ្ជាក់​យ៉ាង​ណា​អំពី​សារៈសំខាន់​នៃ​ការ​ជួប​ជុំ​គ្នា ជា​ពិសេស​នៅ​ឥឡូវ​នេះ?

ទី១ យើង​ត្រូវ​កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​សីលធម៌​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា។ យើង​មិន​ព្រម​ទទួល​ខ្នាត​តម្រា​របស់​ពិភព​លោក​នេះ​ទេ។ ជា​ឧទាហរណ៍ យើង​មិន​ពេញ​ចិត្ត​ឡើយ​ចំពោះ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​គ្រប់​បែប​យ៉ាង រួម​ទាំង​ការ​រៀប​អាពាហ៍​ពិពាហ៍​រវាង​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា និង​ការ​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា។ (​ម៉ាថ. ១៩:៤, ៥; រ៉ូម ១:២៦, ២៧​) ទី២ យើង​ត្រូវ​បន្ត​គោរព​ប្រណិប័តន៍​ព្រះ​ជា​មួយ​នឹង​គ្រិស្ត​សាសនិក​ពិត​ឯ​ទៀត។ យើង​ធ្វើ​ដូច្នេះ​នៅ​កន្លែង​ណា​ដែល​យើង​អាច​ធ្វើ​បាន ទោះ​ជា​នៅ​ឯ​សាល​ប្រជុំ ឬ​ក៏​ពេល​ចាំ​បាច់ នៅ​ក្នុង​ផ្ទះ​របស់​សាក្សី​ឯ​ទៀត ឬ​ថែម​ទាំង​ធ្វើ​ដោយ​លួច​លាក់​ក្ដី។ មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ យើង​នឹង​មិន​ឈប់​ទៅ​កិច្ច​ប្រជុំ​ឡើយ។ តាម​ពិត យើង​ត្រូវ​ជួប​ជុំ​គ្នា​«​កាន់​តែ​ខ្លាំង​ឡើង​ពេល​ដែល[​យើង​]ឃើញ​ថ្ងៃ​នោះ​កាន់​តែ​ខិត​ចូល​មក​ដល់​»។—សូម​អាន ហេប្រឺ ១០:២៤, ២៥

៨. តើ​ដំណឹង​ដែល​យើង​ផ្សាយ​ទំនង​ជា​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​យ៉ាង​ដូច​ម្ដេច​នៅ​ពេល​អនាគត?

ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ដំណឹង​ដែល​យើង​ផ្សាយ​ទំនង​ជា​នឹង​ត្រូវ​ផ្លាស់​ប្ដូរ។ នៅ​សព្វ​ថ្ងៃ​នេះ យើង​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ ហើយ​យើង​ក៏​ព្យាយាម​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត យើង​ប្រហែល​ជា​នឹង​ផ្សព្វ​ផ្សាយ​អំពី​ដំណឹង​មួយ​យ៉ាង​ចំ​ៗ។ គម្ពីរ​ប្រដូច​ដំណឹង​នោះ​ទៅ​នឹង​ដុំ​ព្រិល។ (​បប. ១៦:២១​) យើង​ប្រហែល​ជា​នឹង​ផ្សព្វ​ផ្សាយ​ថា​ឆាប់​ៗ​នេះ ពិភព​លោក​សាថាន​នឹង​ត្រូវ​បំផ្លាញ​ចោល​គ្មាន​សេស​សល់។ មិន​យូរ​មិន​ឆាប់ យើង​នឹង​ដឹង​ច្បាស់​ថា​យើង​ត្រូវ​ផ្សព្វ​ផ្សាយ​ដំណឹង​អ្វី និង​របៀប​ដែល​យើង​នឹង​ផ្សព្វ​ផ្សាយ​ដំណឹង​នោះ។ តើ​យើង​នឹង​ប្រើ​វិធី​ផ្សព្វ​ផ្សាយ​និង​បង្រៀន​អ្នក​ឯ​ទៀត ដូច​ដែល​យើង​ធ្លាប់​ប្រើ​អស់​មួយ​រយ​ឆ្នាំ​ជាង​ឬ​ទេ? ឬ​តើ​យើង​នឹង​ប្រើ​វិធី​ផ្សេង​ទៀត​វិញ? យើង​មិន​ទាន់​ដឹង​ទេ។ ទោះ​ជា​យើង​ផ្សព្វ​ផ្សាយ​តាម​របៀប​ណា​ក៏​ដោយ តាម​មើល​ទៅ​យើង​នឹង​មាន​ឯកសិទ្ធិ​ប្រកាស​ផ្សាយ​ដោយ​ចិត្ត​អង់អាច​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា!—អេស. ២:៣​-​៥

៩. តើ​ប្រជា​ជាតិ​នា​នា​ប្រហែល​ជា​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ដំណឹង​ដែល​យើង​ផ្សាយ ប៉ុន្តែ​តើ​យើង​អាច​ប្រាកដ​អំពី​អ្វី?

ដំណឹង​ដែល​យើង​ផ្សាយ​ទំនង​ជា​នឹង​បណ្ដាល​ឲ្យ​ប្រជា​ជាតិ​នា​នា​ខំ​អស់​ពី​សមត្ថភាព ដើម្បី​បញ្ឈប់​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​តែ​ម្ដង។ ដូច​ដែល​យើង​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ឲ្យ​គាំ​ទ្រ​យើង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​នៅ​ឥឡូវ​នេះ យើង​ក៏​នឹង​ត្រូវ​ការ​ការ​គាំ​ទ្រ​ពី​លោក​នៅ​ពេល​នោះ​ដែរ។ យើង​អាច​ប្រាកដ​ថា ព្រះ​របស់​យើង​នឹង​ផ្ដល់​កម្លាំង​ឲ្យ​យើង​យ៉ាង​បរិបូរ ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។—មីកា ៣:៨

ចូរ​ត្រៀម​ខ្លួន​ចំពោះ​ការ​វាយ​ប្រហារ​លើ​រាស្ត្រ​ព្រះ

១០. ដូច​បាន​ប្រាប់​ទុក​ជា​មុន​នៅ​លូកា ២១:២៥​-​២៨ តើ​មនុស្ស​ភាគ​ច្រើន​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​កើត​ឡើង​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង?

១០ សូម​អាន លូកា ២១:២៥​-​២៨ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង មនុស្ស​នឹង​តក់​ស្លុត​កាល​ដែល​ពួក​គេ​ឃើញ​អ្វី​ៗ​ដែល​ពួក​គេ​ធ្លាប់​គិត​ថា​នឹង​នៅ​គង់​វង្ស តែ​បែរ​ជា​ចាប់​ផ្ដើម​ឈាន​ទៅ​រក​ការ​វិនាស​សាប​សូន្យ​ទៅ​វិញ។ ពួក​គេ​នឹង​«​មាន​ទុក្ខ​»​ ហើយ​ខ្លាច​ថា​ពួក​គេ​នឹង​បាត់​បង់​ជីវិត​ក្នុង​អំឡុង​គ្រា​ដ៏​លំបាក​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស។ (​សេផ. ១:១៤, ១៥​) នៅ​ពេល​នោះ សូម្បី​តែ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ក៏​ទំនង​ជា​នឹង​ជួប​ការ​ពិបាក​កាន់​តែ​ច្រើន​ក្នុង​ជីវិត​ដែរ។ ដោយ​សារ​យើង​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក នោះ​យើង​ប្រហែល​ជា​នឹង​រង​ទុក្ខ​លំបាក​ខ្លះ។ យើង​ប្រហែល​ជា​នឹង​មិន​មាន​អ្វី​មួយ​ចំនួន​ដែល​យើង​ត្រូវ​ការ​នោះ​ទេ។

១១. (​ក​) ហេតុ​អ្វី​មនុស្ស​ឯ​ទៀត​នឹង​ផ្ដោត​អារម្មណ៍​ទៅ​លើ​សាក្សី​ព្រះ​យេហូវ៉ា? (​ខ​) ហេតុ​អ្វី​យើង​មិន​ចាំ​បាច់​ភ័យ​ខ្លាច​ចំពោះ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង?

១១ នៅ​ពេល​មួយ ក្រោយ​ពី​សាសនា​មិន​ពិត​ទាំង​ឡាយ​បាន​ត្រូវ​បំផ្លាញ​ចោល​អស់​ហើយ នោះ​សមាជិក​សាសនា​ទាំង​នោះ​ប្រហែល​ជា​មាន​ចិត្ត​ក្ដៅ​ក្រហាយ ដោយ​សារ​មាន​តែ​សាក្សី​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​នៅ​បន្ត​សកម្មភាព​សាសនា​របស់​ខ្លួន។ យើង​អាច​ស្រមៃ​ឃើញ​ថា ពួក​គេ​ទំនង​ជា​ខឹង​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ពួក​គេ​ផ្សាយ​អំពី​យើង​តាម​វិធី​ផ្សេង​ៗ ដូច​ជា​តាម​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា​ជា​ដើម។ ប្រជា​ជាតិ​នា​នា​និង​សាថាន​ដែល​ជា​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ នឹង​ស្អប់​យើង​ដោយ​សារ​មាន​តែ​សាសនា​យើង​ប៉ុណ្ណោះ​ដែល​នៅ​ស្ថិតស្ថេរ។ ពួក​គេ​នឹង​មិន​បាន​សម្រេច​គោល​ដៅ​របស់​ពួក​គេ​ក្នុង​ការ​បំផ្លាញ​ចោល​សាសនា​ទាំង​អស់​ឲ្យ​សូន្យ​បាត់​ពី​ផែន​ដី​ទេ។ ដូច្នេះ ពួក​គេ​នឹង​ផ្ដោត​អារម្មណ៍​មក​លើ​យើង។ នៅ​ពេល​នោះ ប្រជា​ជាតិ​នា​នា​នឹង​ទៅ​ជា​កូក​នៃ​ស្រុក​ម៉ាកូក។ * ពួក​គេ​នឹង​ប្រមូល​គ្នា​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ដោយ​អស់​ពី​សមត្ថភាព។ (​អេស. ៣៨:២, ១៤​-​១៦​) យើង​ប្រហែល​ជា​ចាប់​ផ្ដើម​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល​អាច​កើត​ឡើង​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ជា​ពិសេស​ដោយ​សារ​យើង​មិន​ដឹង​ព័ត៌មាន​ល្អិត​ល្អន់​អំពី​រឿង​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្វី​មួយ​ដែល​យើង​អាច​ប្រាកដ គឺ​យើង​មិន​ចាំ​បាច់​ភ័យ​ខ្លាច​ចំពោះ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ទេ។ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​ការ​ណែនាំ​ដែល​អាច​សង្គ្រោះ​ជីវិត​យើង។ (​ទំនុក. ៣៤:១៩​) យ៉ាង​នេះ យើង​នឹង​អាច​«​ឈរ​ឲ្យ​ត្រង់​ខ្លួន​ហើយ​ងើប​មុខ​ឡើង​»​ ព្រោះ​យើង​ដឹង​ថា​«​សេចក្ដី​សង្គ្រោះ​របស់[​យើង​]គឺ​ជិត​ដល់​ហើយ​»។ *

១២. តើ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​បាន​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​ចំពោះ​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​យ៉ាង​ដូច​ម្ដេច?

១២ ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​បាន​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន ដើម្បី​រក្សា​ភាព​ស្មោះ​ត្រង់​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ (​ម៉ាថ. ២៤:៤៥​) ពួក​គាត់​ធ្វើ​ដូច្នេះ​តាម​របៀប​ជា​ច្រើន ដូច​ជា​កម្ម​វិធី​មហា​សន្និបាត​របស់​យើង​ពី​ឆ្នាំ​២០១៦​-​២០១៨​ជា​ដើម។ តាម​រយៈ​កម្ម​វិធី​ទាំង​នោះ យើង​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ពង្រឹង​គុណ​សម្បត្ដិ​ដែល​យើង​ត្រូវ​ការ កាល​ដែល​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​កាន់​តែ​ជិត​មក​ដល់។ សូម​យើង​សង្ខេប​ឡើង​វិញ​អំពី​គុណ​សម្បត្ដិ​ទាំង​នេះ។

ចូរ​មាន​ភក្ដី​ភាព ការ​ស៊ូ​ទ្រាំ និង​ចិត្ត​ក្លាហាន​កាន់​តែ​ខ្លាំង​ឡើង

ចូរ​ត្រៀម​ខ្លួន​ឥឡូវ​នេះ​ដើម្បី​រួច​ជីវិត នៅ​គ្រា​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»​ (​សូម​មើល​វគ្គ​១៣​-​១៦​) *

១៣. តើ​តាម​របៀប​ណា​យើង​អាច​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើង ហើយ​ហេតុ​អ្វី​យើង​ត្រូវ​ធ្វើ​ដូច្នេះ​នៅ​ឥឡូវ​នេះ?

១៣ ភក្ដី​ភាព: កម្ម​វិធី​មហា​សន្និបាត​ឆ្នាំ​២០១៦​មាន​ប្រធាន​ថា ​«​ចូរ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា!​»។ កម្ម​វិធី​នោះ​បង្រៀន​យើង​ថា បើ​យើង​មាន​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា យើង​នឹង​រក្សា​ភក្ដី​ភាព​ចំពោះ​លោក។ យើង​បាន​ត្រូវ​រំលឹក​ថា យើង​អាច​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា តាម​រយៈ​សេចក្ដី​អធិដ្ឋាន​ដ៏​ស្មោះ​អស់​ពី​ចិត្ត និង​ការ​សិក្សា​បណ្ដាំ​របស់​លោក​ដោយ​ចិត្ត​ខ្នះ​ខ្នែង។ ការ​ធ្វើ​ដូច្នេះ​ផ្ដល់​កម្លាំង​ឲ្យ​យើង​យក​ឈ្នះ​ការ​ពិបាក​ផ្សេង​ៗ សូម្បី​តែ​ការ​ពិបាក​ធំ​ៗ​ក៏​ដោយ។ កាល​ដែល​របៀប​របប​ពិភព​លោក​សាថាន​កាន់​តែ​ជិត​មក​ដល់​ទី​បញ្ចប់ យើង​អាច​រំពឹង​ថា​យើង​នឹង​ប្រឈម​មុខ​នឹង​ស្ថានភាព​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យ​យើង​កាន់​តែ​ពិបាក​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ និង​ចំពោះ​រាជាណាចក្រ​របស់​លោក។ យើង​ទំនង​ជា​នឹង​ត្រូវ​គេ​ចំអក​ឡកឡឺយ។ (​២ពេ. ៣:៣, ៤​) នេះ​គឺ​ដោយ​សារ​តែ​យើង​មិន​គាំ​ទ្រ​ពិភព​លោក​របស់​សាថាន​ក្នុង​រឿង​ផ្សេង​ៗ​ឡើយ។ យើង​ត្រូវ​មាន​ភក្ដី​ភាព​កាន់​តែ​ខ្លាំង​ឡើង​នៅ​ឥឡូវ​នេះ ដើម្បី​យើង​នឹង​នៅ​តែ​មាន​ភក្ដី​ភាព​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។

១៤. (​ក​) តើ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ស្តី​អំពី​បង​ប្រុស​ៗ​ដែល​ជា​អ្នក​នាំ​មុខ​រាស្ត្រ​របស់​ព្រះ? (​ខ​) ហេតុ​អ្វី​យើង​ត្រូវ​មាន​ភក្ដី​ភាព​នៅ​ពេល​នោះ?

១៤ ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ស្តី​អំពី​បង​ប្រុស​ៗ​ដែល​ជា​អ្នក​នាំ​មុខ​រាស្ត្រ​របស់​ព្រះ។ នៅ​ពេល​មួយ អស់​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​នៅ​សល់​នៅ​ផែន​ដី នឹង​ត្រូវ​ប្រមូល​យក​ទៅ​ស្ថាន​សួគ៌ ដើម្បី​រួម​ចំណែក​ក្នុង​សង្គ្រាម​ហាម៉ាគេដូន។ (​ម៉ាថ. ២៤:៣១; បប. ២:២៦, ២៧​) នេះ​មាន​ន័យ​ថា​នឹង​លែង​មាន​គណៈ​អភិបាល​នៅ​ផែន​ដី​ជា​មួយ​យើង​ទៀត។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ មនុស្ស​មួយ​ក្រុម​ធំ​នឹង​នៅ​តែ​មាន​របៀប​រៀប​រយ។ បង​ប្រុស​ៗ​ដែល​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ពី​ក្នុង​ចំណោម​ចៀម​ឯ​ទៀត​នឹង​ធ្វើ​ជា​អ្នក​នាំ​មុខ​វិញ។ យើង​នឹង​ត្រូវ​បង្ហាញ​ថា​យើង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​គាំ​ទ្រ​បង​ប្រុស​ទាំង​នោះ និង​ដោយ​ធ្វើ​តាម​ការ​ណែនាំ​ដែល​ពួក​គេ​ទទួល​ពី​ព្រះ។ យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​ពួក​គេ បើ​យើង​ចង់​រួច​ជីវិត!

១៥. តើ​យើង​អាច​បង្កើន​សមត្ថភាព​ស៊ូ​ទ្រាំ​របស់​យើង​យ៉ាង​ដូច​ម្ដេច ហើយ​ហេតុ​អ្វី​គឺ​សំខាន់​ដែល​យើង​ធ្វើ​ដូច្នេះ​នៅ​ឥឡូវ​នេះ?

១៥ ការ​ស៊ូ​ទ្រាំ: កម្ម​វិធី​មហា​សន្និបាត​ឆ្នាំ​២០១៧​មាន​ប្រធាន​ថា ​«​ចូរ​កុំ​ឈប់​ព្យាយាម!​»។ កម្ម​វិធី​នោះ​បាន​ជួយ​យើង​ឲ្យ​កាន់​តែ​ចេះ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក។ យើង​បាន​រៀន​ថា​ការ​ចេះ​ស៊ូ​ទ្រាំ​មិន​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ល្អ​ទេ។ យើង​អាច​បង្កើន​សមត្ថភាព​ស៊ូ​ទ្រាំ​របស់​យើង​ដោយ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា។ (​រ៉ូម ១២:១២​) សូម​យើង​ចាំ​ជា​និច្ច​អំពី​សេចក្ដី​សន្យា​របស់​លោក​យេស៊ូ ដែល​ថា​៖ ​«​អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ អ្នក​នោះ​នឹង​ត្រូវ​សង្គ្រោះ​»។ (​ម៉ាថ. ២៤:១៣​) សេចក្ដី​សន្យា​នេះ​មាន​ន័យ​ថា​យើង​ត្រូវ​រក្សា​ភាព​ស្មោះ​ត្រង់ ទោះ​ជា​យើង​ជួប​ទុក្ខ​លំបាក​ណា​ក៏​ដោយ។ បើ​យើង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ទាំង​អស់​របស់​យើង​នៅ​ឥឡូវ​នេះ ជំនឿ​របស់​យើង​នឹង​កាន់​តែ​មាំ​មួន មុន​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម។

១៦. តើ​អ្វី​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន ហើយ​តើ​យើង​អាច​មាន​ចិត្ត​ក្លាហាន​កាន់​តែ​ខ្លាំង​នៅ​ឥឡូវ​នេះ​តាម​របៀប​ណា?

១៦ ចិត្ត​ក្លាហាន: កម្ម​វិធី​មហា​សន្និបាត​ឆ្នាំ​២០១៨​មាន​ប្រធាន​ថា ​«​ចូរ‹មាន​ចិត្ត​ក្លាហាន›!​»។ កម្ម​វិធី​នោះ​រំលឹក​យើង​ថា​យើង​មាន​ចិត្ត​ក្លាហាន​មិន​មែន​ដោយ​សារ​សមត្ថភាព​របស់​យើង​នោះ​ទេ។ ដូច​ការ​ស៊ូ​ទ្រាំ​ដែរ ចិត្ត​ក្លាហាន​ពិត​ប្រាកដ​គឺ​មក​ពី​ការ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា។ តើ​យើង​អាច​ពឹង​ផ្អែក​លើ​លោក​កាន់​តែ​ខ្លាំង​ឡើង​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​អាន​បណ្ដាំ​របស់​ព្រះ​រាល់​ថ្ងៃ និង​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​រាស្ត្រ​របស់​លោក​នៅ​សម័យ​មុន។ (​ទំនុក. ៦៨:២០; ២ពេ. ២:៩​) ពេល​ដែល​ពួក​អ្នក​ដឹក​នាំ​ក្នុង​ពិភព​លោក​វាយ​ប្រហារ​យើង​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង យើង​នឹង​ត្រូវ​ការ​ចិត្ត​ក្លាហាន ហើយ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ខ្លាំង​ជាង​ពេល​មុន​ៗ​ទៅ​ទៀត។ (​ទំនុក. ១១២:៧, ៨; ហេ. ១៣:៦​) បើ​យើង​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​នេះ យើង​នឹង​មាន​ចិត្ត​ក្លាហាន​ដែល​យើង​ត្រូវ​ការ​ដើម្បី​ប្រឈម​មុខ​នឹង​ការ​វាយ​ប្រហារ​របស់​កូក។ *

ចូរ​ទន្ទឹង​រង់​ចាំ​សេចក្ដី​សង្គ្រោះ​របស់​អ្នក

មិន​យូរ​ទៀត លោក​យេស៊ូ​និង​កង​ទ័ព​របស់​លោក​នៅ​ស្ថាន​សួគ៌​នឹង​ធ្វើ​សង្គ្រាម​ហាម៉ាគេដូន​ដើម្បី​បំផ្លាញ​សត្រូវ​របស់​ព្រះ! (​សូម​មើល​វគ្គ​១៧​)

១៧. ហេតុ​អ្វី​យើង​មិន​ចាំ​បាច់​ភ័យ​ខ្លាច​ចំពោះ​សង្គ្រាម​ហាម៉ាគេដូន? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

១៧ ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​អត្ថបទ​មុន យើង​ភាគ​ច្រើន​បាន​កើត​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់។ ប៉ុន្តែ​យើង​ក៏​មាន​សេចក្ដី​សង្ឃឹម​រួច​ជីវិត​នៅ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ដែរ។ សង្គ្រាម​ហាម៉ាគេដូន​គឺ​ជា​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ។ តែ​យើង​មិន​ចាំ​បាច់​ភ័យ​ខ្លាច​ឡើយ។ ហេតុ​អ្វី? ពី​ព្រោះ​នេះ​គឺ​ជា​សង្គ្រាម​របស់​ព្រះ​យេហូវ៉ា ហើយ​យើង​នឹង​មិន​ចាំ​បាច់​ប្រយុទ្ធ​ទេ។ (​សុភ. ១:៣៣; អេស. ៣៨:១៨​-​២០; សាក. ១៤:៣​) ដោយ​មាន​បង្គាប់​ពី​ព្រះ​យេហូវ៉ា លោក​យេស៊ូ​គ្រិស្ត​នឹង​នាំ​មុខ​កង​ទ័ព​របស់​ព្រះ​ក្នុង​ការ​ប្រយុទ្ធ។ នៅ​ក្បែរ​លោក មាន​អ្នក​រើស​តាំង​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​និង​ទេវតា​រាប់​ម៉ឺន​រូប។ ពួក​គេ​នឹង​រួម​គ្នា​ច្បាំង​នឹង​សាថាន ពួក​វិញ្ញាណ​កំណាច​របស់​វា និង​កង​ទ័ព​របស់​ពួក​វា​នៅ​ផែន​ដី។—ដាន. ១២:១; បប. ៦:២; ១៧:១៤

១៨. (​ក​) តើ​ព្រះ​យេហូវ៉ា​បាន​ធានា​អ្វី? (​ខ​) តើ​តាម​របៀប​ណា​ការ​បើក​បង្ហាញ ៧:៩, ១៣​-​១៧ ជួយ​អ្នក​ឲ្យ​មាន​ទំនុក​ចិត្ត​អំពី​ថ្ងៃ​អនាគត?

១៨ ព្រះ​យេហូវ៉ា​បាន​ធានា​ថា​៖ ​«​គ្រឿង​សស្ដ្រាវុធ​ណា​ដែល​គេ​ធ្វើ​ឡើង នោះ​គ្មាន​ណា​មួយ​នឹង​អាច​ទាស់​នឹង​ឯង​បាន​ឡើយ​»។ (​អេ. ៥៤:១៧​) ​«​មនុស្ស​មួយ​ក្រុម​ធំ​»​ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ នឹង​«​ចេញ​ផុត​ពី​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង​»​ទាំង​មាន​ជីវិត! ពួក​គេ​នឹង​បន្ត​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​លោក។ (​សូម​អាន ការ​បើក​បង្ហាញ ៧:៩, ១៣​-​១៧) គម្ពីរ​ផ្ដល់​មូលហេតុ​ជា​ច្រើន​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ថា យើង​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​នៅ​ថ្ងៃ​អនាគត! យើង​ដឹង​ថា​«​ព្រះ​យេហូវ៉ា​ទ្រង់​ការ​ពារ​មនុស្ស​ស្មោះ​ត្រង់​»។ (​ទំនុក. ៣១:២៣​) អស់​អ្នក​ដែល​ស្រឡាញ់​និង​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​នឹង​សប្បាយ​ចិត្ត ពេល​ឃើញ​លោក​ជម្រះ​អស់​ទាំង​ការ​តិះ​ដៀល​ចំពោះ​នាម​របស់​លោក។—អេស. ៣៨:២៣

១៩. មិន​យូរ​ទៀត តើ​យើង​នឹង​មាន​អនាគត​ដ៏​អស្ចារ្យ​បែប​ណា?

១៩ សូម​ស្រមៃ​គិត​បើ​ធីម៉ូថេ​ទី២ ៣:២​-​៥ រៀប​រាប់​អំពី​មនុស្ស​នៅ​ក្នុង​ពិភព​លោក​ថ្មី​ដែល​មិន​នៅ​ក្រោម​ឥទ្ធិពល​របស់​សាថាន តើ​បទ​គម្ពីរ​នោះ​នឹង​រៀប​រាប់​យ៉ាង​ណា​វិញ? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ លក្ខណៈ​របស់​មនុស្ស​នៅ​ថ្ងៃ​អនាគត​»​)។ បង​ប្រុស​ចច ហ្គានហ្គាស ដែល​បាន​បម្រើ​ជា​សមាជិក​គណៈ​អភិបាល រៀប​រាប់​អំពី​រឿង​នេះ​ថា​៖ ​«​ពេល​មនុស្ស​ទាំង​អស់​គឺ​ជា​បង​ប្អូន​រួម​ជំនឿ នោះ​ពិភព​លោក​នឹង​អស្ចារ្យ​យ៉ាង​ណា​ទៅ! មិន​យូរ​ទៀត អ្នក​នឹង​មាន​ឯកសិទ្ធិ​រស់​នៅ​ក្នុង​របៀប​របប​ពិភព​លោក​ថ្មី។ អ្នក​នឹង​រស់​នៅ​យូរ​អង្វែង​ដូច​ព្រះ​យេហូវ៉ា។ យើង​នឹង​រស់​ជា​រៀង​រហូត​»។ នេះ​ពិត​ជា​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​មែន!

ចម្រៀង​លេខ​១២២ ចូរ​ពង្រឹង​ជំហរ​ឲ្យ​មាំ​មួន​ឡើង!

^ វគ្គ 5 យើង​ដឹង​ថា​មិន​យូរ​ទៀត មនុស្សជាតិ​នឹង​ជួប​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»។ តើ​អ្វី​នឹង​កើត​ឡើង​ដល់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ក្នុង​អំឡុង​គ្រា​នោះ? តើ​ព្រះ​យេហូវ៉ា​នឹង​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី? តើ​យើង​ត្រូវ​មាន​គុណ​សម្បត្ដិ​អ្វី​ខ្លះ​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ឥឡូវ​នេះ ដើម្បី​រក្សា​ភាព​ស្មោះ​ត្រង់​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង? ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។

^ វគ្គ 3 ការ​ពន្យល់​ពាក្យ: ពិភព​គ្រិស្ត​សាសនា​គឺ​ជា​សាសនា​ដែល​អះអាង​ថា​ជា​អ្នក​កាន់​តាម​គ្រិស្ត តែ​មិន​បង្រៀន​មនុស្ស​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​សម​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក​ទេ។

^ វគ្គ 11 ការ​ពន្យល់​ពាក្យ: ពាក្យ​កូក​នៃ​ស្រុក​ម៉ាកូក (​ហៅ​កាត់​ថា កូក​) សំដៅ​លើ​ប្រជា​ជាតិ​ផ្សេង​ៗ​ដែល​ចង​សម្ព័ន្ធ​ជា​មួយ​គ្នា ដែល​នឹង​វាយ​ប្រហារ​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។

^ វគ្គ 11 ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត​អំពី​ព្រឹត្ដិការណ៍​ទាំង​ឡាយ​ដែល​នឹង​នាំ​ទៅ​ដល់​សង្គ្រាម​ហាម៉ាគេដូន សូម​មើល​ជំពូក​ទី​២១ ក្នុង​សៀវភៅ​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​ហើយ! ហើយ​ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត​អំពី​ការ​វាយ​ប្រហារ​របស់​កូក​នៃ​ស្រុក​ម៉ាកូក និង​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​នឹង​ការ​ពារ​រាស្ត្រ​របស់​លោក​ក្នុង​អំឡុង​សង្គ្រាម​ហាម៉ាគេដូន សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៥ ទំព័រ​៩​-​១៥

^ វគ្គ 16 កម្ម​វិធី​មហា​សន្និបាត​ឆ្នាំ​២០១៩​មាន​ប្រធាន​ថា ​«​សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ​ឡើយ​»​! កម្ម​វិធី​នោះ​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា​យើង​អាច​មាន​សុវត្ថិភាព​ក្រោម​ការ​ការ​ពារ​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។—១កូ. ១៣:៨

^ វគ្គ 64 ការ​ពណ៌នា​អំពី​រូប​ភាព: ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង សាក្សី​មួយ​ក្រុម​តូច​ជួប​ជុំ​គ្នា​ដោយ​ចិត្ត​ក្លាហាន​នៅ​ក្នុង​ព្រៃ​ដើម្បី​ធ្វើ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។

^ វគ្គ 66 ការ​ពណ៌នា​អំពី​រូប​ភាព: មនុស្ស​មួយ​ក្រុម​ធំ ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ នឹង​ចេញ​ផុត​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ដោយ​អរ​សប្បាយ​ទាំង​មាន​ជីវិត!