លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤២

តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​អ្វី?

តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​អ្វី?

​«​ព្រះ . . . កំពុង​មាន​សកម្មភាព​ក្នុង​អ្នក​រាល់​គ្នា . . . ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​បំណង​ប្រាថ្នា​និង​មាន[​«​សមត្ថភាព​»​]ប្រព្រឹត្ត​»។—ភី. ២:១៣; ព.ថ.

ចម្រៀង​លេខ​១០៤ ឫទ្ធា​នុភាព​បរិសុទ្ធ​ជា​អំណោយ​ពី​ព្រះ

សេចក្ដី​សង្ខេប *

១. តើ​ព្រះ​យេហូវ៉ា​អាច​ធ្វើ​អ្វី​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក?

ព្រះ​យេហូវ៉ា​អាច​ទៅ​ជា​អ្វី​ណា​ក៏​ដោយ​ដែល​ចាំ​បាច់​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។ ជា​ឧទាហរណ៍ តួនាទី​មួយ​ចំនួន​របស់​ព្រះ​យេហូវ៉ា គឺ​លោក​បាន​ក្លាយ​ទៅ​ជា​អ្នក​បង្រៀន អ្នក​សម្រាល​ទុក្ខ និង​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ជា​ដើម។ (​អេ. ៤៨:១៧; ២កូ. ៧:៦; កាឡ. ៣:៨​) ប៉ុន្តែ លោក​ច្រើន​តែ​ប្រើ​មនុស្ស​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។ (​ម៉ាថ. ២៤:១៤; ២៨:១៩, ២០; ២កូ. ១:៣, ៤​) ព្រះ​យេហូវ៉ា​ក៏​អាច​ផ្ដល់​ឲ្យ​យើង​ម្នាក់​ៗ​នូវ​ប្រាជ្ញា​និង​កម្លាំង​ដែល​យើង​ត្រូវ​ការ ដើម្បី​ក្លាយ​ទៅ​ជា​អ្វី​ដែល​ចាំ​បាច់​ក្នុង​ការ​សម្រេច​បំណង​ប្រាថ្នា​របស់​លោក។ តាម​ការ​យល់​ដឹង​របស់​បណ្ឌិត​មួយ​ចំនួន ឈ្មោះ​របស់​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អត្ថន័យ​នេះ។

២. (​ក​) ហេតុ​អ្វី​ពេល​ខ្លះ​យើង​ប្រហែល​ជា​សង្ស័យ​ថា​ព្រះ​យេហូវ៉ា​មិន​បាន​ប្រើ​យើង? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

យើង​ទាំង​អស់​គ្នា​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ប្រើ​យើង​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក ប៉ុន្តែ​អ្នក​ខ្លះ​ប្រហែល​ជា​សង្ស័យ​ថា​ព្រះ​យេហូវ៉ា​កំពុង​ប្រើ​ពួក​គេ​ឬ​យ៉ាង​ណា។ ដោយ​សារ​អ្វី? គឺ​ដោយ​សារ​ពួក​គេ​គិត​ថា​អាយុ កាលៈទេសៈ ឬ​សមត្ថភាព​របស់​ពួក​គេ មិន​អាច​ឲ្យ​ពួក​គេ​ធ្វើ​ច្រើន​ដូច​ដែល​ពួក​គេ​ចង់​ធ្វើ​នោះ​ទេ។ រីឯ​អ្នក​ខ្លះ​ទៀត ប្រហែល​ជា​គិត​ថា​ពួក​គេ​កំពុង​ធ្វើ​គ្រប់​គ្រាន់​ហើយ ដូច្នេះ​ពួក​គេ​មិន​ចាំ​បាច់​ធ្វើ​ថែម​ទៀត​ឡើយ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​អាច​ផ្ដល់​ឲ្យ​យើង​ម្នាក់​ៗ​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។ បន្ទាប់​មក យើង​នឹង​ពិចារណា​កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​អ្នក​បម្រើ​របស់​លោក ទាំង​បុរស​ទាំង​ស្ត្រី មាន​បំណង​ប្រាថ្នា​និង​មាន​សមត្ថភាព​ប្រព្រឹត្ត។ ចុង​ក្រោយ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​អនុញ្ញាត​ឲ្យ​ព្រះ​យេហូវ៉ា​ប្រើ​យើង។

របៀប​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ

៣. ស្តី​អំពី​អ្វី​ដែល​ចែង​នៅ​ភីលីព ២:១៣ តើ​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​យ៉ាង​ណា​ឲ្យ​មាន​បំណង​ប្រាថ្នា​ដើម្បី​ប្រព្រឹត្ត?

សូម​អាន ភីលីព ២:១៣ * ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​យើង​មាន​បំណង​ប្រាថ្នា​ដើម្បី​ប្រព្រឹត្ត។ តើ​លោក​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ជា​ឧទាហរណ៍ ប្រហែល​ជា​យើង​ឮ​ថា​បុគ្គល​ម្នាក់​ក្នុង​ក្រុម​ជំនុំ​របស់​យើង​ត្រូវ​ការ​ជំនួយ ឬ​មាន​អ្វី​ផ្សេង​ទៀត​ដែល​ត្រូវ​ធ្វើ។ ឬ​ក៏​ពួក​អ្នក​ចាស់​ទុំ​អាន​សំបុត្រ​ពី​ការិយាល័យ​សាខា​អំពី​សេចក្ដី​ត្រូវ​ការ​នៅ​តំបន់​ផ្សេង​ទៀត ក្រៅ​ពី​ក្រុម​ជំនុំ​របស់​យើង។ នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ?›។ ឬ​យើង​ប្រហែល​ជា​បាន​ទទួល​ភារកិច្ច​ដ៏​ពិបាក​មួយ ប៉ុន្តែ​យើង​ឆ្ងល់​ថា​តើ​យើង​អាច​ធ្វើ​បាន​ល្អ​ឬ​យ៉ាង​ណា។ ឬ​ក៏​ក្រោយ​ពី​អាន​បទ​គម្ពីរ​ខ្លះ យើង​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​ខ្ញុំ​អាច​អនុវត្ត​បទ​គម្ពីរ​នេះ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?›។ ព្រះ​យេហូវ៉ា​មិន​បង្ខំ​យើង​ឲ្យ​ធ្វើ​អ្វី​ណា​មួយ​ឡើយ។ ប៉ុន្តែ ពេល​ព្រះ​យេហូវ៉ា​ឃើញ​ថា​យើង​កំពុង​គិត​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន នោះ​លោក​អាច​ជួយ​យើង​ឲ្យ​មាន​បំណង​ប្រាថ្នា​ចង់​ធ្វើ​អ្វី​ដែល​យើង​បាន​គិត​នោះ។

៤. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​យើង​មាន​សមត្ថភាព​ប្រព្រឹត្ត?

ព្រះ​យេហូវ៉ា​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​សមត្ថភាព​ប្រព្រឹត្ត​ដែរ។ (​អេ. ៤០:២៩​) តើ​តាម​របៀប​ណា? លោក​អាច​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក ដើម្បី​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​សមត្ថភាព។ (​និក្ខ. ៣៥:៣០​-​៣៥​) ព្រះ​យេហូវ៉ា​អាច​ប្រើ​អង្គ​ការ​របស់​លោក ដើម្បី​បង្រៀន​យើង​អំពី​របៀប​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ។ បើ​អ្នក​មិន​ដឹង​ច្បាស់​អំពី​របៀប​បំពេញ​ភារកិច្ច​ទេ សូម​សុំ​ជំនួយ។ ម្យ៉ាង​ទៀត នៅ​ពេល​ណា​ក៏​បាន អ្នក​អាច​សុំ​«​ឫទ្ធា​នុភាព​ដែល​លើស​ពី​ធម្មតា​»​ពី​បិតា​ដ៏​សប្បុរស​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌។ (​២កូ. ៤:៧; លូក. ១១:១៣​) គម្ពីរ​មាន​គំរូ​ជា​ច្រើន​ស្តី​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​បុរស​ស្ត្រី ដោយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​បំណង​ប្រាថ្នា​និង​មាន​សមត្ថភាព​ប្រព្រឹត្ត។ កាល​ដែល​យើង​ពិចារណា​អំពី​គំរូ​ខ្លះ​ទាំង​នេះ សូម​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​អាច​ប្រើ​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​ស្រដៀង​នឹង​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ។

តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​បុរស​ក្លាយ​ទៅ​ជា​អ្វី?

៥. តើ​យើង​អាច​រៀន​អ្វី​ពី​របៀប​និង​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រើ​ម៉ូសេ​ឲ្យ​សង្គ្រោះ​រាស្ត្រ​លោក?

ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ម៉ូសេ​ក្លាយ​ទៅ​ជា​អ្នក​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល។ ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​បាន​ប្រើ​គាត់​នៅ​ពេល​ណា? លោក​មិន​បាន​ប្រើ​ម៉ូសេ​នៅ​ពេល​ដែល​គាត់​គិត​ថា គាត់​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់ ក្រោយ​ពី​គាត់​បាន​ត្រូវ​«​អប់រំ​ទៅ​តាម​អស់​ទាំង​ចំណេះ​វិជ្ជា​របស់​ជន​ជាតិ​អេស៊ីប​»​ទេ។ (​សកម្ម. ៧:២២​-​២៥​) ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​បាន​ប្រើ​ម៉ូសេ ក្រោយ​ពី​លោក​បាន​ជួយ​គាត់​ឲ្យ​ក្លាយ​ទៅ​ជា​បុគ្គល​ដែល​មាន​ចិត្ត​រាប​ទាប​និង​ចិត្ត​ស្លូត​បូត។ (​សកម្ម. ៧:៣០, ៣៤​-​៣៦​) ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ចិត្ត​ក្លាហាន​ដល់​ម៉ូសេ​ដើម្បី​ឲ្យ​គាត់​និយាយ​ទៅ​កាន់​អ្នក​គ្រប់​គ្រង​ដែល​មាន​អំណាច​ខ្លាំង​ក្លា​បំផុត​នៅ​ស្រុក​អេស៊ីប។ (​និក្ខ. ៩:១៣​-​១៩​) តើ​យើង​រៀន​អ្វី​ពី​របៀប​និង​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រើ​ម៉ូសេ? ព្រះ​យេហូវ៉ា​ប្រើ​ពួក​អ្នក​ដែល​ព្យាយាម​មាន​គុណ​សម្បត្ដិ​ដូច​លោក និង​ពឹង​ផ្អែក​លើ​លោក​ដើម្បី​ទទួល​កម្លាំង។—ភី. ៤:១៣

៦. តើ​យើង​រៀន​អ្វី​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រើ​បារស៊ីឡាយ​ឲ្យ​ជួយ​ស្តេច​ដាវីឌ?

រាប់​រយ​ឆ្នាំ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ប្រើ​បារស៊ីឡាយ​ឲ្យ​ជួយ​ស្តេច​ដាវីឌ។ ដាវីឌ​និង​បណ្ដា​ជន​បាន​«​ស្រេក​ឃ្លាន ហើយ​ល្វើយ​»​ កាល​ដែល​គាត់​រត់​គេច​ពី​អាប់សាឡំម​ដែល​ជា​កូន​ប្រុស​របស់​គាត់។ នៅ​ពេល​នោះ បារស៊ីឡាយ​ដែល​ជា​បុរស​វ័យ​ចាស់​ម្នាក់​បាន​ប្រថុយ​ជីវិត​ជា​មួយ​នឹង​អ្នក​ឯ​ទៀត ដើម្បី​ជួយ​ដាវីឌ​និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​គាត់។ បារស៊ីឡាយ​មិន​បាន​គិត​ថា​ព្រះ​យេហូវ៉ា​លែង​ប្រើ​គាត់ ដោយ​សារ​គាត់​មាន​វ័យ​ចាស់​ឡើយ។ ផ្ទុយ​ទៅ​វិញ ដោយ​ចិត្ត​ទូលាយ គាត់​បាន​ប្រើ​អ្វី​ដែល​គាត់​មាន​ដើម្បី​ជួយ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​បម្រើ​ព្រះ។ (​២សាំ. ១៧:២៧​-​២៩​) តើ​យើង​ទាញ​មេ​រៀន​អ្វី? ទោះ​ជា​យើង​មាន​អាយុប៉ុន្មាន​ក៏​ដោយ ព្រះ​យេហូវ៉ា​អាច​ប្រើ​យើង​ឲ្យ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​បង​ប្អូន​រួម​ជំនឿ​ដែល​មាន​ជីវភាព​ខ្វះ​ខាត មិន​ថា​ពួក​គេ​រស់​នៅ​តំបន់​យើង​ឬ​ប្រទេស​ក្រៅ​ក្ដី។ (​សុភ. ៣:២៧, ២៨; ១៩:១៧​) ទោះ​ជា​យើង​ប្រហែល​ជា​មិន​អាច​ជួយ​បង​ប្អូន​រួម​ជំនឿ​ដោយ​ផ្ទាល់​ក្ដី យើង​អាច​ដាក់​វិភាគទាន​សម្រាប់​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក ដើម្បី​ជួយ​ពួក​គេ​នៅ​ពេល​ណា​និង​កន្លែង​ណា​ដែល​មាន​សេចក្ដី​ត្រូវ​ការ។—២កូ. ៨:១៤, ១៥; ៩:១១

៧. តើ​ព្រះ​យេហូវ៉ា​បាន​ប្រើ​ស៊ីម្មាន​យ៉ាង​ដូច​ម្ដេច ហើយ​ហេតុ​អ្វី​នេះ​លើក​ទឹក​ចិត្ត​យើង?

ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​បុរស​ស្មោះ​ត្រង់​វ័យ​ចាស់​ម្នាក់​នៅ​ក្រុង​យេរូសាឡិម​ដែល​មាន​ឈ្មោះ​ស៊ីម្មាន​ថា គាត់​នឹង​មិន​ស្លាប់​ទេ ទាល់​តែ​បាន​ឃើញ​មេស្ស៊ី​សិន។ សេចក្ដី​សន្យា​នោះ​ច្បាស់​ជា​បាន​លើក​ទឹក​ចិត្ត​ស៊ីម្មាន​ខ្លាំង​ណាស់ ពី​ព្រោះ​គាត់​បាន​ទន្ទឹង​រង់​ចាំ​មេស្ស៊ី​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ស៊ីម្មាន​ដោយ​សារ​គាត់​បាន​ស៊ូ​ទ្រាំ​និង​មាន​ជំនឿ​លើ​លោក។ នៅ​ថ្ងៃ​មួយ ​«​សកម្មពល​របស់​ព្រះ​»​បាន​បណ្ដាល​ឲ្យ​គាត់​ចូល​ទៅ​ក្នុង​វិហារ។ នៅ​ទី​នោះ ស៊ីម្មាន​បាន​ឃើញ​ទារក​យេស៊ូ ហើយ​ព្រះ​យេហូវ៉ា​បាន​ប្រើ​គាត់​ឲ្យ​ប្រកាស​ទំនាយ​អំពី​ទារក​នេះ​ដែល​នឹង​ទៅ​ជា​គ្រិស្ត។ (​លូក. ២:២៥​-​៣៥​) ទោះ​ជា​ស៊ីម្មាន​ទំនង​ជា​បាន​ស្លាប់​មុន​លោក​យេស៊ូ​ចាប់​ផ្ដើម​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​ក្ដី គាត់​សប្បាយ​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រើ​គាត់​តាម​របៀប​នេះ។ ម្យ៉ាង​ទៀត គាត់​នឹង​ទទួល​អ្វី​ល្អ​ជា​ច្រើន​នៅ​ថ្ងៃ​អនាគត! ក្នុង​ពិភព​លោក​ថ្មី បុរស​ដ៏​ស្មោះ​ត្រង់​នេះ​នឹង​ឃើញ​អំពី​របៀប​ដែល​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​នឹង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ទាំង​អស់​នៅ​ផែន​ដី​ទទួល​ពរ។ (​លោ. ២២:១៨​) យើង​ក៏​សប្បាយ​ចិត្ត​ចំពោះ​ឯកសិទ្ធិ​ណា​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​ក្នុង​កិច្ច​បម្រើ​លោក។

៨. តើ​ព្រះ​យេហូវ៉ា​អាច​ប្រើ​យើង​ដូច​លោក​បាន​ប្រើ​បាណាបាស​យ៉ាង​ដូច​ម្ដេច?

នៅ​សតវត្សរ៍​ទី១ គ.ស. បុរស​ដែល​មាន​ចិត្ត​ទូលាយ​ម្នាក់​ឈ្មោះ​យ៉ូសែប​បាន​សុខ​ចិត្ត​ឲ្យ​ព្រះ​យេហូវ៉ា​ប្រើ​គាត់។ (​សកម្ម. ៤:៣៦, ៣៧​) ពួក​សាវ័ក​បាន​ហៅ​គាត់​ថា​បាណាបាស​ដែល​មាន​ន័យ​ថា​«​កូន​នៃ​ការ​សម្រាល​ទុក្ខ​»​ នេះ​ទំនង​ជា​ដោយ​សារ​គាត់​ប៉ិន​ប្រសប់​ក្នុង​ការ​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ ក្រោយ​ពី​សុល​បាន​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត បង​ប្អូន​ជា​ច្រើន​មិន​ហ៊ាន​ជួប​គាត់ ដោយ​សារ​គាត់​ធ្លាប់​ជា​អ្នក​បៀត​បៀន​ក្រុម​ជំនុំ។ ប៉ុន្តែ បាណាបាស​បាន​សម្រាល​ទុក្ខ​និង​ជួយ​សុល។ នេះ​ច្បាស់​ជា​បាន​ធ្វើ​ឲ្យ​សុល​សប្បាយ​ចិត្ត​ជា​ខ្លាំង។ (​សកម្ម. ៩:២១, ២៦​-​២៨​) ក្រោយ​មក ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម​បាន​ឃើញ​ថា បង​ប្អូន​ដែល​រស់​នៅ​ឆ្ងាយ​នៅ​ក្រុង​អាន់ទីយ៉ូក​នា​ស្រុក​ស៊ីរី ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត។ ដូច្នេះ តើ​ពួក​គេ​បាន​ចាត់​អ្នក​ណា​ឲ្យ​ទៅ​ជួយ​បង​ប្អូន​ទាំង​នោះ? គឺ​បាណាបាស! ពួក​គេ​បាន​ជ្រើស​រើស​ត្រឹម​ត្រូវ​មែន។ គម្ពីរ​ចែង​ថា​បាណាបាស​បាន​«​តាំង​លើក​ទឹក​ចិត្ត​ពួក​គេ​ទាំង​អស់​គ្នា​ឲ្យ​នៅ​ស្មោះ​ត្រង់​នឹង​លោក​ម្ចាស់​ដោយ​តាំង​ចិត្ត​យ៉ាង​រឹង​មាំ​»។ (​សកម្ម. ១១:២២​-​២៤​) ស្រដៀង​គ្នា​ដែរ សព្វ​ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​ក្លាយ​ទៅ​ជា​«​កូន​នៃ​ការ​សម្រាល​ទុក្ខ​»​ដល់​បង​ប្អូន​រួម​ជំនឿ​របស់​យើង។ ជា​ឧទាហរណ៍ លោក​អាច​ប្រើ​យើង​ឲ្យ​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​បាន​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់។ ឬ​ក៏​លោក​ប្រហែល​ជា​ជំរុញ​ចិត្ត​យើង​ឲ្យ​ទៅ​សួរ​សុខ​ទុក្ខ ឬ​ទូរស័ព្ទ​ទៅ​បុគ្គល​ណា​ម្នាក់​ដែល​ឈឺ​ឬ​ធ្លាក់​ទឹក​ចិត្ត ដោយ​និយាយ​ពាក្យ​សម្ដី​សប្បុរស​ប៉ុន្មាន​ម៉ាត់។ តើ​អ្នក​នឹង​អនុញ្ញាត​ឲ្យ​ព្រះ​យេហូវ៉ា​ប្រើ​អ្នក​ដូច​លោក​បាន​ប្រើ​បាណាបាស​ឬ​ទេ?—១ថែ. ៥:១៤

៩. តើ​យើង​អាច​រៀន​អ្វី​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​បង​វ៉ាស៊ីលី​ឲ្យ​ទៅ​ជា​អ្នក​ចាស់​ទុំ​ដ៏​ល្អ​ម្នាក់?

ព្រះ​យេហូវ៉ា​បាន​ជួយ​បង​ប្រុស​ម្នាក់​ឈ្មោះ​វ៉ាស៊ីលី​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​ចាស់​ទុំ​ដ៏​ល្អ​ម្នាក់។ ពេល​បង​វ៉ាស៊ីលី​បាន​ទៅ​ជា​អ្នក​ចាស់​ទុំ​នៅ​អាយុ​២៦​ឆ្នាំ គាត់​បាន​គិត​ថា​គាត់​មិន​មាន​បទ​ពិសោធន៍​គ្រប់​គ្រាន់​ដើម្បី​ជួយ​បង​ប្អូន​ទេ ជា​ពិសេស​បង​ប្អូន​ដែល​កំពុង​ជួប​ការ​ពិបាក។ ក៏​ប៉ុន្តែ គាត់​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ល្អ​ពី​ពួក​អ្នក​ចាស់​ទុំ​ដែល​មាន​បទ​ពិសោធន៍ និង​ពី​សាលា​កិច្ច​បម្រើ​រាជាណាចក្រ។ បង​វ៉ាស៊ីលី​ខំ​ប្រឹង​ដើម្បី​រីក​ចម្រើន។ ជា​ឧទាហរណ៍ គាត់​បាន​ធ្វើ​បញ្ជី​មួយ​អំពី​អ្វី​តូច​តាច​ដែល​គាត់​អាច​ធ្វើ។ កាល​ដែល​គាត់​សម្រេច​អ្វី​ទាំង​នោះ​ម្ដង​មួយ​ៗ គាត់​កាន់​តែ​មាន​ទំនុក​ចិត្ត​ជាង​មុន។ ឥឡូវ​នេះ គាត់​និយាយ​ថា​៖ ​«​អ្វី​ដែល​ធ្លាប់​ធ្វើ​ឲ្យ​ខ្ញុំ​ខ្លាច ឥឡូវ​ធ្វើ​ឲ្យ​ខ្ញុំមាន​អំណរ​វិញ។ ពេល​ព្រះ​យេហូវ៉ា​ជួយ​ខ្ញុំ​ឲ្យ​រក​ឃើញ​បទ​គម្ពីរ​ដែល​ត្រូវ​នឹង​កាលៈទេសៈ​ដើម្បី​សម្រាល​ទុក្ខ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្កប់​ចិត្ត​ក្រៃ​លែង​»។ បង​ប្រុស​ៗ​ទាំង​ឡាយ បើ​អ្នក​យក​តម្រាប់​បង​វ៉ាស៊ីលី ដោយ​សុខ​ចិត្ត​ឲ្យ​ព្រះ​យេហូវ៉ា​ប្រើ​អ្នក លោក​អាច​ផ្ដល់​សមត្ថភាព​ឲ្យ​អ្នក​បំពេញ​ភារកិច្ច​ច្រើន​ជាង​ក្នុង​ក្រុម​ជំនុំ។

តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ស្ត្រី​ក្លាយ​ទៅ​ជា​អ្វី?

១០. តើ​អ័ប៊ីកែល​បាន​ធ្វើ​អ្វី ហើយ​តើ​អ្នក​រៀន​អ្វី​ពី​គំរូ​របស់​នាង?

១០ ដាវីឌ​និង​ពួក​បុរស​ស្មោះ​ត្រង់​របស់​គាត់​បាន​ត្រូវ​ស្តេច​សុល​ដេញ​ចាប់​ខ្លួន ហើយ​ពួក​គេ​ត្រូវ​ការ​ជំនួយ។ ពួក​បុរស​របស់​ដាវីឌ​បាន​សុំ​អាហារ​បន្ដិច​បន្តួច​ពី​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​អ្នក​មាន​ម្នាក់​ឈ្មោះ​ណាបាល។ ពួក​គេ​គិត​ថា​ពួក​គេ​មាន​ហេតុ​ឲ្យ​សុំ​ជំនួយ ដោយ​សារ​ពួក​គេ​បាន​ការ​ពារ​ហ្វូង​សត្វ​របស់​ណាបាល​នៅ​តំបន់​ស្ងាត់​ជ្រងំ។ ប៉ុន្តែ ណាបាល​ដែល​ជា​មនុស្ស​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​ព្រម​ឲ្យ​អ្វី​សោះ​ទៅ​ពួក​គេ។ ដាវីឌ​បាន​ខឹង​យ៉ាង​ខ្លាំង​រហូត​ដល់​គិត​ថា​នឹង​សម្លាប់​ណាបាល​និង​ពួក​បុរស​ទាំង​អស់​ដែល​នៅ​ផ្ទះ​របស់​គាត់។ (​១សាំ. ២៥:៣​-​១៣, ២២​) ប៉ុន្តែ អ័ប៊ីកែល​ដែល​ជា​ប្រពន្ធ​របស់​ណាបាល​គឺ​ជា​ស្ត្រី​ដែល​ចេះ​ពិចារណា​និង​មាន​រូប​ឆោម​ដ៏​ស្រស់​ស្អាត។ នាង​បាន​ក្រាប​ដល់​ជើង​របស់​ដាវីឌ ហើយ​ដោយ​ចិត្ត​ក្លាហាន នាង​បាន​ពន្យល់​គាត់​អំពី​មូលហេតុ​ដែល​គាត់​មិន​គួរ​សង​សឹក ព្រោះ​ការ​ធ្វើ​ដូច្នេះ​នឹង​នាំ​ឲ្យ​មាន​ទោស​ឈាម។ នាង​បាន​ឲ្យ​យោបល់​ដល់​គាត់​យ៉ាង​សប្បុរស​ថា​គាត់​គួរ​ទុក​រឿង​នោះ​ឲ្យ​ព្រះ​យេហូវ៉ា​ដោះ​ស្រាយ។ ពាក្យ​សម្ដី​របស់​អ័ប៊ីកែល​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​ដាវីឌ។ គាត់​បាន​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​បាន​ចាត់​នាង​ឲ្យ​មក។ (​១សាំ. ២៥:២៣​-​២៨, ៣២​-​៣៤​) អ័ប៊ីកែល​បាន​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​ដែល​ធ្វើ​ឲ្យ​នាង​មាន​ប្រយោជន៍​ចំពោះ​ព្រះ​យេហូវ៉ា។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​អាច​ប្រើ​ស្ត្រី​គ្រិស្ត​សាសនិក​ដែល​ចេះ​ពិចារណា ឲ្យ​ពង្រឹង​ក្រុម​គ្រួសារ​និង​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ។—សុភ. ២៤:៣; ទីត. ២:៣​-​៥

១១. តើ​កូន​ស្រី​របស់​សាលូម​បាន​ធ្វើ​អ្វី? នៅ​សព្វ​ថ្ងៃ​នេះ តើ​នរណា​កំពុង​យក​តម្រាប់​ពួក​គេ?

១១ ច្រើន​ឆ្នាំ​ក្រោយ​មក កូន​ស្រី​ៗ​របស់​សាលូម​ក៏​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រើ ដើម្បី​សាង​សង់​កំពែង​ក្រុង​យេរូសាឡិម​ឡើង​វិញ។ (​នេហ. ២:២០; ៣:១២​) ទោះ​ជា​ឪ​ពុក​របស់​ពួក​គេ​ជា​ចៅហ្វាយ​ក៏​ដោយ ពួក​គេ​សុខ​ចិត្ត​ធ្វើ​កិច្ច​ការ​ពិបាក​និង​ដែល​មាន​គ្រោះ​ថ្នាក់​នេះ។ (​នេហ. ៤:១៥​-​១៨​) ផ្ទុយ​ស្រឡះ​ពី​ពួក​គេ ពួក​បុរស​ដែល​មាន​មុខ​មាត់​ធំ​ដុំ​ក្នុង​ពួក​ត្កូអា​«​ឥត​បាន​ជួយ​»​ក្នុង​កិច្ច​ការ​នោះ​សោះ! (​នេហ. ៣:៥​) សូម​ស្រមៃ​គិត​ថា​កូន​ស្រី​ៗ​របស់​សាលូម​មាន​អំណរ​យ៉ាង​ណា​ទៅ ពេល​ដែល​កំពែង​ក្រុង​នោះ​បាន​ត្រូវ​សាង​សង់​រួច​រាល់​ក្នុង​រយៈ​ពេល​តែ​៥២​ថ្ងៃ​ប៉ុណ្ណោះ! (​នេហ. ៦:១៥​) នៅ​សម័យ​យើង បង​ស្រី​ៗ​សប្បាយ​ចិត្ត​បំពេញ​កិច្ច​បម្រើ​ពិសេស​ជូន​ព្រះ ដោយ​ចូល​រួម​សាង​សង់​និង​ថែ​ទាំ​អគារ​ដែល​បាន​ត្រូវ​ប្រគល់​ជូន​ព្រះ​យេហូវ៉ា។ យើង​ត្រូវ​ការ​បង​ស្រី​ទាំង​នេះ​ដែល​មាន​ជំនាញ ចិត្ត​ខ្នះ​ខ្នែង និង​ភាព​ស្មោះ​ត្រង់ ដើម្បី​ឲ្យ​កិច្ច​ការ​នេះ​សម្រេច​បាន​ជោគ​ជ័យ។

១២. តើ​ព្រះ​យេហូវ៉ា​អាច​ប្រើ​យើង​ដូច​លោក​បាន​ប្រើ​តាប៊ីថា​យ៉ាង​ដូច​ម្ដេច?

១២ ព្រះ​យេហូវ៉ា​បាន​ជំរុញ​ចិត្ត​តាប៊ីថា​ឲ្យ​ធ្វើ​«​អំពើ​ល្អ​ជា​បរិបូរ​និង​ធ្វើ​ទាន​ជា​ច្រើន​»​ ជា​ពិសេស​ចំពោះ​ស្ត្រី​មេ​ម៉ាយ។ (​សកម្ម. ៩:៣៦​) គាត់​ជា​មនុស្ស​ដែល​មាន​ចិត្ត​ទូលាយ​និង​ចិត្ត​សប្បុរស​ជា​ខ្លាំង ដូច្នេះ​ពេល​គាត់​ស្លាប់ មនុស្ស​ជា​ច្រើន​បាន​កើត​ទុក្ខ។ ប៉ុន្តែ ពួក​គេ​ត្រេក​អរ​ក្រៃ​លែង​ពេល​ដែល​សាវ័ក​ពេត្រុស​បាន​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ។ (​សកម្ម. ៩:៣៩​-​៤១​) តើ​យើង​រៀន​អ្វី​ពី​តាប៊ីថា? ទោះ​ជា​យើង​ចាស់​ឬ​ក្មេង ប្រុស​ឬ​ស្រី​ក៏​ដោយ យើង​ទាំង​អស់​គ្នា​អាច​ធ្វើ​អ្វី​ៗ​ដែល​មាន​ប្រយោជន៍​ដើម្បី​ជួយ​បង​ប្អូន​របស់​យើង។—ហេ. ១៣:១៦

១៣. តើ​ព្រះ​យេហូវ៉ា​បាន​ប្រើ​បង​រូថ​ដែល​ជា​មនុស្ស​អៀន​តាម​របៀប​ណា ហើយ​តើ​គាត់​បាន​និយាយ​យ៉ាង​ណា?

១៣ បង​ស្រី​ម្នាក់​ឈ្មោះ​រូថ​ដែល​ជា​មនុស្ស​អៀន ចង់​ក្លាយ​ទៅ​ជា​សាសនទូត។ កាល​ដែល​គាត់​នៅ​ក្មេង គាត់​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​លឿន​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ដោយ​ឲ្យ​ខិត្តប័ណ្ណ​ដល់​ម្ចាស់​ផ្ទះ។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​កិច្ច​ការ​នេះ​ណាស់​»។ ក៏​ប៉ុន្តែ ការ​និយាយ​ជា​មួយ​នឹង​ម្ចាស់​ផ្ទះ​និង​ការ​ប្រាប់​អ្នក​ឯ​ទៀត​អំពីរាជាណាចក្រ​ព្រះ​គឺ​ជា​ការ​ពិបាក​សម្រាប់​គាត់។ ទោះ​ជា​បង​រូថ​ជា​មនុស្ស​អៀន​ក៏​ដោយ ពេល​គាត់​មាន​អាយុ​១៨​ឆ្នាំ គាត់​បាន​ទៅ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ នៅ​ឆ្នាំ​១៩៤៦ គាត់​បាន​ចូល​សាលា​គម្ពីរ​គីលាត​នៃ​សមាគម​ប៉ម​យាម ហើយ​ក្រោយ​មក​បាន​បម្រើ​នៅ​កោះ​ហាវ៉ៃ​និង​ប្រទេស​ជប៉ុន។ ព្រះ​យេហូវ៉ា​បាន​ប្រើ​គាត់​ឲ្យ​ផ្សព្វ​ផ្សាយ​ច្រើន​នៅ​តំបន់​ទាំង​នោះ។ ក្រោយ​ផ្សព្វ​ផ្សាយ​អស់​រយៈ​ពេល​ជិត​៨០​ឆ្នាំ បង​រូថ​បាន​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​តែង​តែ​ពង្រឹង​កម្លាំង​ចិត្ត​ខ្ញុំ​ជា​និច្ច។ លោក​បាន​ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​ការ​អៀន​ខ្មាស។ ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា​ព្រះ​យេហូវ៉ា​អាច​ប្រើ​អ្នក​ណា​ក៏​បាន ឲ្យ​តែ​អ្នក​នោះ​ទុក​ចិត្ត​លើ​លោក​»។

ចូរ​អនុញ្ញាត​ឲ្យ​ព្រះ​យេហូវ៉ា​ប្រើ​អ្នក

១៤. តាម​រយៈ​កូឡុស ១:២៩ តើ​យើង​ត្រូវ​ធ្វើ​អ្វី​បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ប្រើ​យើង?

១៤ តាំង​ពី​សម័យ​បុរាណ ព្រះ​យេហូវ៉ា​បាន​ប្រើ​អ្នក​បម្រើ​លោក​តាម​របៀប​ផ្សេង​ៗ។ តើ​លោក​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​អ្វី? គឺ​អាស្រ័យ​ទៅ​លើ​អ្នក​សុខ​ចិត្ត​ខំ​ប្រឹង​ព្យាយាម​ដល់​កម្រិត​ណា។ (​សូម​អាន កូឡុស ១:២៩) បើ​អ្នក​សុខ​ចិត្ត​ឲ្យ​ព្រះ​យេហូវ៉ា​ប្រើ​អ្នក នោះ​លោក​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​អ្នក​ផ្សាយ​ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង អ្នក​បង្រៀន​ដ៏​ល្អ អ្នក​សម្រាល​ទុក្ខ អ្នក​ធ្វើ​ការ​ដែល​មាន​ជំនាញ មិត្ត​ល្អ ឬ​អ្វី​ផ្សេង​ទៀត​ដែល​លោក​ត្រូវ​ការ​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​លោក។

១៥. យោង​ទៅ​តាម​ធីម៉ូថេ​ទី១ ៤:១២, ១៥ តើ​ប្អូន​ប្រុស​វ័យ​ក្មេង​សព្វ​ថ្ងៃ​នេះ​គួរ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ពួក​គេ​ធ្វើ​អ្វី?

១៥ ចុះ​យ៉ាង​ណា​បើ​អ្នក​ជា​ប្អូន​ប្រុស​វ័យ​ក្មេង​ដែល​ជិត​ពេញ​វ័យ? ក្រុម​ជំនុំ​ត្រូវ​ការ​បង​ប្អូន​ប្រុស​ៗ​ជា​ច្រើន​ដែល​មាន​កម្លាំង​ខ្លាំង​ឲ្យ​ទទួល​ភារកិច្ច​ថែម​ទៀត ដោយ​ធ្វើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ នៅ​ក្រុម​ជំនុំ​ជា​ច្រើន​មាន​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​តិច​ជាង​អ្នក​ចាស់​ទុំ។ បើ​អ្នក​ជា​ប្អូន​ប្រុស​វ័យ​ក្មេង តើ​ប្អូន​អាច​សុខ​ចិត្ត​ធ្វើ​ថែម​ទៀត​ក្នុង​ក្រុម​ជំនុំ​ឬ​ទេ? ប្អូន​ប្រុស​ខ្លះ​និយាយ​ថា​៖ ​«​សម្រាប់​ខ្ញុំ គ្រាន់​តែ​ធ្វើ​ជា​អ្នក​ផ្សាយ​ធម្មតា​គឺ​គ្រប់​គ្រាន់​ហើយ​»។ បើ​អ្នក​មាន​អារម្មណ៍​ដូច្នេះ សូម​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​មាន​បំណង​ប្រាថ្នា​ដើម្បី​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ធ្វើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ហើយ​ឲ្យ​អ្នក​មាន​សមត្ថភាព​ធ្វើ​អ្វី​ទាំង​អស់​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​បម្រើ​លោក។ (​សាស្ដ. ១២:១​) យើង​ត្រូវ​ការ​ជំនួយ​ពី​អ្នក!—សូម​អាន ធីម៉ូថេ​ទី១ ៤:១២, ១៥

១៦. តើ​យើង​គួរ​សុំ​អ្វី​ពី​ព្រះ​យេហូវ៉ា ហើយ​ហេតុ​អ្វី?

១៦ ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​អ្វី​ណា​ក៏​ដោយ​ដែល​លោក​ត្រូវ​ការ ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​លោក។ ដូច្នេះ សូម​សុំ​លោក​ផ្ដល់​ឲ្យ​អ្នក​មាន​បំណង​ប្រាថ្នា​ដើម្បី​ធ្វើ​កិច្ច​ការ​របស់​លោក ហើយ​សុំ​លោក​ផ្ដល់​ឲ្យ​អ្នក​មាន​សមត្ថភាព​ដែល​អ្នក​ត្រូវ​ការ។ ទោះ​ជា​អ្នក​មាន​វ័យ​ចាស់​ឬ​ក្មេង​ក្ដី សូម​ប្រើ​កម្លាំង ពេល​វេលា ធន​ធាន និង​សមត្ថភាព​របស់​អ្នក​ដើម្បី​លើក​តម្កើង​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​នេះ។ (​សាស្ដ. ៩:១០​) ពេល​អ្នក​មាន​ឱកាស​ពិសេស​ដើម្បី​ធ្វើ​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា សូម​កុំ​ឆាប់​បដិសេធ​ដោយ​សារ​អ្នក​គិត​ថា​អ្នក​មិន​អាច​ធ្វើ​បាន​ឡើយ។ យើង​មាន​ឯកសិទ្ធិ​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​លើក​កិត្ដិយស​បិតា​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ លោក​សម​នឹង​ទទួល​កិត្ដិយស​ពី​យើង!

ចម្រៀង​លេខ​១២៧ ខ្ញុំ​គួរ​ជា​មនុស្ស​ដែល​ព្រះ​ពេញ​ចិត្ត

^ វគ្គ 5 តើ​អ្នក​គិត​ថា​អ្នក​អាច​បម្រើ​ព្រះ​យេហូវ៉ា​ច្រើន​ជាង​ឬ​ទេ? តើ​អ្នក​ឆ្ងល់​ថា​អ្នក​នៅ​តែ​មាន​ប្រយោជន៍​ចំពោះ​លោក​ឬ​ទេ? ឬ​ក៏​តើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​មិន​ចាំ​បាច់​ធ្វើ​ច្រើន​ជាង​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត​ឬ​ទេ? ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ផ្សេង​ៗ​ដែល​ព្រះ​យេហូវ៉ា​អាច​ឲ្យ​អ្នក​មាន​បំណង​ប្រាថ្នា​និង​មាន​សមត្ថភាព​ដើម្បី​ក្លាយ​ទៅ​ជា​អ្វី​ដែល​ចាំ​បាច់​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​លោក។

^ វគ្គ 3 ទោះ​ជា​ប៉ូល​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​គ្រិស្ត​សាសនិក​ដែល​រស់​នៅ​សតវត្សរ៍​ទី១​ក្ដី ពាក្យ​របស់​គាត់​ជាប់​ទាក់​ទង​នឹង​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា។