លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បង​រ៉ូធើហ្វឺត​ថ្លែង​សុន្ទរកថា​នៅ​មហា​សន្និបាត​ឆ្នាំ​១៩១៩ នា​ស៊ីដឺផូញ រដ្ឋ​អូហៃយ៉ូ

១៩១៩ មួយ​រយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ

១៩១៩ មួយ​រយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ

នៅ​ឆ្នាំ​១៩១៩ សង្គ្រាម​ដ៏​ធំ (​ដែល​ក្រោយ​មក​គេ​ស្គាល់​ថា​សង្គ្រាម​លោក​លើក​ទី១​) បាន​ត្រូវ​បញ្ចប់។ សង្គ្រាម​នេះ​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ប្រហែល​ជា​បួន​ឆ្នាំ។ នៅ​ចុង​ឆ្នាំ​១៩១៨ ប្រជា​ជាតិ​នា​នា​បាន​ឈប់​ប្រយុទ្ធ​គ្នា ហើយ​កិច្ច​ព្រម​ព្រៀង​សន្ដិ​ភាព​ទីក្រុង​ប៉ារីស​បាន​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​១៩១៩។ សេចក្ដី​សម្រេច​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​នោះ​គឺ​កិច្ច​ព្រម​ព្រៀង​វែសៃ ដែល​ជា​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​បញ្ចប់​ជា​ផ្លូវ​ការ​នូវ​សង្គ្រាម​រវាង​ប្រទេស​អាល្លឺម៉ង់​និង​ប្រទេស​ផ្សេង​ទៀត។ កិច្ច​ព្រម​ព្រៀង​វែសៃ​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​១៩១៩។

កិច្ច​ព្រម​ព្រៀង​សន្ដិ​ភាព​ទីក្រុង​ប៉ារីស​ក៏​បាន​បង្កើត​អង្គ​ការ​ថ្មី​មួយ​ដែល​ហៅ​ថា​អង្គ​ការ​សម្ព័ន្ធ​ប្រជា​ជាតិ។ គោល​បំណង​នៃ​អង្គ​ការ​នេះ​គឺ​«​ជួយ​ប្រជា​ជាតិ​ទាំង​ឡាយ​ឲ្យ​សហការ​គ្នា ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​និង​សន្ដិ​សុខ​អន្តរជាតិ​»។ និកាយ​ជា​ច្រើន​នៃ​ពិភព​គ្រិស្ត​សាសនា​បាន​គាំ​ទ្រ​អង្គ​ការ​សម្ព័ន្ធ​ប្រជា​ជាតិ។ ក្រុម​ប្រឹក្សា​សម្ព័ន្ធ​នៃ​វិហារ​នា​នា​របស់​គ្រិស្ត​សាសនា​នៅ​ប្រទេស​អាម៉េរិក បាន​សរសើរ​អង្គ​ការ​នេះ​ដោយ​និយាយ​ថា នោះ​«​ជា​តំណាង​រាជាណាចក្រ​របស់​ព្រះ​នៅ​ផែន​ដី​»។ ក្រុម​ប្រឹក្សា​នេះ​បង្ហាញ​ការ​គាំ​ទ្រ​ចំពោះ​អង្គ​ការ​សម្ព័ន្ធ​ប្រជា​ជាតិ ដោយ​បញ្ជូន​គណៈ​ប្រតិភូ​ឲ្យ​ចូល​រួម​កិច្ច​ព្រម​ព្រៀង​សន្ដិ​ភាព​ទីក្រុង​ប៉ារីស។ ប្រតិភូ​ម្នាក់​ក្នុង​ចំណោម​គណៈ​ប្រតិភូ​ទាំង​នោះ បាន​រៀប​រាប់​ថា​កិច្ច​ព្រម​ព្រៀង​នោះ​«​បាន​ចាប់​ផ្ដើម​សម័យ​ថ្មី​ក្នុង​ប្រវត្ដិសាស្ត្រ​របស់​ពិភព​លោក​»។

សម័យ​ថ្មី​បាន​ចាប់​ផ្ដើម​មែន ប៉ុន្តែ​នោះ​មិន​មែន​ចាប់​ផ្ដើម​ដោយ​បុរស​ដែល​រួម​ចំណែក​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្ដិ​ភាព​នោះ​ទេ។ នៅ​ឆ្នាំ​១៩១៩ សម័យ​ថ្មី​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​បាន​ចាប់​ផ្ដើម ពេល​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ឲ្យ​រាស្ត្រ​របស់​លោក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង​មុន។ ប៉ុន្តែ មុន​នោះ​ត្រូវ​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ​ចំពោះ​និស្សិត​គម្ពីរ។

ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​មួយ

បង​ចូសេហ្វ រ៉ូធើហ្វឺត

ការ​បោះ​ឆ្នោត​ជ្រើស​រើស​គណៈ​កម្មាធិការ​នាយក​នៃ​សមាគម​ប៉ម​យាម​ខាង​គម្ពីរ​និង​ខិត្តប័ណ្ណ​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែ​មករា ឆ្នាំ​១៩១៩។ នៅ​ពេល​នោះ បង​ប្រុស​ចូសេហ្វ រ៉ូធើហ្វឺត ដែល​ជា​អ្នក​នាំ​មុខ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា បាន​ជាប់​គុក​ដោយ​អយុត្ដិធម៌​ជា​មួយ​នឹង​បង​ប្រុស​៧​នាក់​ទៀត​នៅ​ក្រុង​អាត្លង់តា រដ្ឋ​ចចចៀ សហរដ្ឋ​អាម៉េរិក។ បង​ប្រុស​ៗ​ដែល​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​ពេល​នោះ ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា តើ​ពួក​គេ​គួរ​ជ្រើស​រើស​បង​ប្រុស​ៗ​ដែល​បាន​ត្រូវ​ជាប់​គុក ឲ្យ​ធ្វើ​ជា​គណៈ​កម្មាធិការ​នាយក ឬ​ជ្រើស​រើស​អ្នក​ជំនួស?

បង​អ៊ីវ៉ាន់ឌើ ខោអឺត

នៅ​ក្នុង​គុក បង​រ៉ូធើហ្វឺត​ព្រួយ​បារម្ភ​អំពី​អនាគត​របស់​អង្គ​ការ​យើង។ គាត់​ដឹង​ថា​បង​ប្រុស​ខ្លះ​គិត​ថា​គឺ​ជា​ការ​ល្អ​បំផុត​ឲ្យ​ជ្រើស​រើស​បង​ប្រុស​ផ្សេង​ទៀត​ធ្វើ​ជា​នាយក។ ហេតុ​នេះ​ហើយ គាត់​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​បង​ប្អូន​ដែល​បាន​ចូល​រួម ហើយ​បាន​លើក​ឈ្មោះ​របស់​បង​ប្រុស​អ៊ីវ៉ាន់ឌើ ខោអឺត​ឲ្យ​ធ្វើ​ជា​នាយក។ បង​រ៉ូធើហ្វឺត​បាន​រៀប​រាប់​ថា​បង​ខោអឺត​ជា​បង​ប្រុស​ដែល​មាន​«​ចិត្ត​ស្ងប់​»​ ​«​ចេះ​ពិចារណា​»​ និង​«​ស្មោះ​ត្រង់​ចំពោះលោក​ម្ចាស់​»។ ប៉ុន្តែ បង​ប្រុស​ៗ​ជា​ច្រើន​មាន​គំនិត​មួយ​ទៀត​គឺ​ពន្យារ​ការ​បោះ​ឆ្នោត​អស់​រយៈ​ពេល​៦​ខែ។ ក្រុម​មេ​ធាវី​ដែល​ការ​ពារ​បង​ប្រុស​ៗ​ដែល​ជាប់​គុក​បាន​យល់​ស្រប​នឹង​គំនិត​នេះ។ បង​ប្រុស​ខ្លះ​បាន​ឈឺ​ចិត្ត កាល​ដែល​បង​ប្រុស​ៗ​ពិភាក្សា​អំពី​រឿង​នោះ។

បង​រីឆឺដ បាបឺ

ប៉ុន្តែ​អ្វី​មួយ​បាន​កើត​ឡើង​ដែល​នាំ​ឲ្យ​បង​ប្រុស​រីឆឺដ បាបឺ​បាន​រៀប​រាប់​ក្រោយ​មក​ថា គឺ​ហាក់​ដូច​ជា‹ចាក់​ប្រេង​លើ​ទឹក› ឬ​ការ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ដ៏​ពិបាក​មួយ។ បង​ប្រុស​ម្នាក់​ដែល​បាន​ចូល​រួម​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ដឹង​អំពី​អ្វី​ដែល​ច្បាប់​តម្រូវ​ទេ តែ​ខ្ញុំ​ដឹង​ថា​ការ​មាន​ភក្ដី​ភាព​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី។ ព្រះ​តម្រូវ​ឲ្យ​យើង​មាន​ភក្ដី​ភាព ហើយ​របៀប​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​បង្ហាញ​ភក្ដី​ភាព​គឺ​ដោយ​បោះ​ឆ្នោត​និង​ជ្រើស​រើស​បង​រ៉ូធើហ្វឺត​ឲ្យ​ធ្វើ​ជា​នាយក​»។—ទំនុក. ១៨:២៥

បង​អាឡិច​សេន​ដឺ ម៉ាក់មីល្លិន

ក្រោយ​មក បង​ប្រុស​អាឡិច​សេន​ដឺ ម៉ាក់មីល្លិន​ដែល​ជា​អ្នក​ជាប់​គុក​ម្នាក់​ដែរ បាន​នឹក​ចាំ​ថា នៅ​ថ្ងៃ​បន្ទាប់ បង​រ៉ូធើហ្វឺត​បាន​គោះ​ជញ្ជាំង​គុក​របស់​គាត់ ហើយ​និយាយ​ថា​៖ ​«​សូម​បង​លូក​ដៃ​មក​»។ រួច​មក បង​រ៉ូធើហ្វឺត​បាន​ហុច​ទូរលេខ​មួយ​ឲ្យ​គាត់។ បង​ម៉ាក់មីល្លិន​បាន​ឃើញ​សារ​ខ្លី​មួយ ហើយ​ភ្លាម​ៗ​គាត់​យល់​អំពី​សារ​នោះ។ សារ​នោះ​សរសេរ​ថា​៖ ​«​រ៉ូធើហ្វឺត វ៉ាយ វ៉េន បាបឺ អានដឺសុន ប៊ូលី និង​ស្ពីល ទី១​នាយក អ្នក​ចាត់​ចែង​បី​នាក់ ស្រឡាញ់​ទាំង​អស់​គ្នា​»។ នេះ​មាន​ន័យ​ថា​នាយក​ទាំង​អស់​បាន​ត្រូវ​បោះ​ឆ្នោត​ឲ្យ​បន្ត​ធ្វើ​កិច្ច​ការ​របស់​ពួក​គេ ហើយ​ថា​បង​ចូសេហ្វ រ៉ូធើហ្វឺត​និង​បង​វីល្លាម វ៉េនអេមបឺក នៅ​តែ​បន្ត​ធ្វើ​ជា​ពួក​អ្នក​ចាត់​ចែង។ ដូច្នេះ បង​រ៉ូធើហ្វឺត​បន្ត​ធ្វើ​ជា​នាយក។

បាន​ត្រូវ​គេ​ដោះ​លែង!

កាល​ដែល​បង​ប្រុស​៨​នាក់​នេះ​ជាប់​គុក និស្សិត​គម្ពីរ​ដ៏​ស្មោះ​ត្រង់​បាន​សុំ​មនុស្ស​ឯ​ទៀត​ឲ្យ​ចុះ​ហត្ថលេខា​ក្នុង​សំបុត្រ​សំណូម​ពរ​មួយ ដើម្បី​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​ឲ្យ​ដោះ​លែង​បង​ប្រុស​ៗ​ទាំង​នោះ។ បង​ប្អូន​ដែល​មាន​ចិត្ត​ក្លាហាន​ទាំង​នោះ​បាន​ប្រមូល​ហត្ថលេខា​ជាង​៧០០.០០០​ហត្ថលេខា។ នៅ​ថ្ងៃ​ពុធ ទី​២៦ ខែ​មីនា ឆ្នាំ​១៩១៩ មុន​ដាក់​សំណូម​ពរ​នោះ បង​រ៉ូធើហ្វឺត​និង​បង​ប្រុស​ៗ​ទាំង​នោះ​ដែល​មាន​ភារកិច្ច​ក្នុង​អង្គ​ការ​ព្រះ​បាន​ត្រូវ​ដោះ​លែង។

បង​រ៉ូធើហ្វឺត​បាន​ថ្លែង​សុន្ទរកថា​មួយ​សម្រាប់​បង​ប្អូន​ដែល​បាន​ស្វាគមន៍​គាត់​ពេល​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​និយាយ​ថា​៖ ​«​ខ្ញុំ​ជឿ​ជាក់​ថា​បទ​ពិសោធន៍​នេះ​ដែល​យើង​បាន​ឆ្លង​កាត់​គឺ​គ្រាន់​តែ​ដើម្បី​ឲ្យ​យើង​ត្រៀម​ខ្លួន​សម្រាប់​គ្រា​ដ៏​លំបាក​ជាង។ . . . បង​ប្អូន​មិន​បាន​ខំ​ប្រឹង​ព្យាយាម​ដើម្បី​ធ្វើ​ឲ្យ​បង​ប្អូន​ឯ​ទៀត​រួច​ពី​គុក​ទេ។ នេះ​មិន​មែន​ជា​អ្វី​ដ៏​សំខាន់​បំផុត​ឡើយ។ . . . ការ​ខំ​ប្រឹង​ព្យាយាម​របស់​បង​ប្អូន​គឺ​ដើម្បី​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​សេចក្ដី​ពិត ហើយ​អស់​អ្នក​ដែល​បាន​ធ្វើ​ដូច្នេះ បាន​ទទួល​ពរ​ដ៏​អស្ចារ្យ​»។

ស្ថានភាព​ជុំ​វិញ​រឿង​ក្ដី​របស់​បង​ប្រុស​ៗ​យើង បញ្ជាក់​អំពី​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា។ នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩១៩ សាលាឧទ្ធរណ៍​បាន​ចេញ​សេចក្ដី​សម្រេច​ថា​៖ ‹ក្នុង​ករណី​នេះ ពួក​ចុង​ចោទ​មិន​បាន​ត្រូវ​គេ​កាត់​ក្ដី​ដោយ​មិន​លម្អៀង​ទេ ហេតុ​នេះ​ហើយ​សេចក្ដី​វិនិច្ឆ័យ​នោះ​បាន​ត្រូវ​ចាត់​ទុក​ជា​មោឃ›។ បង​ប្រុស​ៗ​ទាំង​នោះ​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ដ៏​ធ្ងន់​ធ្ងរ ហើយ​ការ​វិនិច្ឆ័យ​ទាំង​នេះ​នឹង​ត្រូវ​រក្សា​ទុក​ក្នុង​កំណត់​ត្រា​របស់​ពួក​គេ បើ​ពួក​គេ​បាន​ទទួល​សេចក្ដី​សម្រេច​ថា​គ្រាន់​តែ​លើក​លែង​ទោស ឬ​គ្រាន់​តែ​បន្ធូរ​បន្ថយ​ទោស​ឲ្យ​បង​ប្រុស​ៗ​ទាំង​នោះ។ គេ​មិន​បាន​ប្ដឹង​បង​ប្រុស​ៗ​ទាំង​នោះ​អំពី​រឿង​ផ្សេង​ទៀត​ទេ។ ដូច្នេះ បង​រ៉ូធើហ្វឺត *នៅ​តែ​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ស្រប​តាម​ច្បាប់ ដើម្បី​និយាយ​ការ​ពារ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​មុខ​តុលាការ​កំពូល​សហរដ្ឋ​អាម៉េរិក ហើយ​គាត់​បាន​ធ្វើ​ដូច្នេះ​អស់​ជា​ច្រើន​លើក​ច្រើន​សា​ក្រោយ​ពី​គាត់​បាន​ត្រូវ​ដោះ​លែង។

ការ​តាំង​ចិត្ត​ផ្សព្វ​ផ្សាយ

បង​ម៉ាក់មីល្លិន​នឹក​ចាំ​ថា​៖ ​«​យើង​មិន​ចង់​អង្គុយ​រង់​ចាំ​ឲ្យ​លោក​ម្ចាស់​យក​យើង​ទៅ​ស្ថាន​សួគ៌​ឡើយ។ យើង​ទទួល​ស្គាល់​ថា​យើង​ត្រូវ​ធ្វើ​អ្វី​មួយ ដើម្បី​ដឹង​ច្បាស់​អំពី​បំណង​ប្រាថ្នា​របស់​លោក​ម្ចាស់​»។

ប៉ុន្តែ បង​ប្រុស​ៗ​ដែល​បម្រើ​នៅ​មន្ទីរ​ចាត់​ការ​ពិភព​លោក​មិន​អាច​បន្ត​ធ្វើ​កិច្ច​ការ​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​អស់​ជា​ច្រើន​ឆ្នាំ​បាន​ឡើយ។ ហេតុ​អ្វី? ពី​ព្រោះ​ពេល​ពួក​គេ​បាន​ជាប់​គុក គ្រឿង​ម៉ាស៊ីន​ទាំង​អស់​សម្រាប់​បោះ​ពុម្ព​សៀវភៅ​របស់​យើង បាន​ត្រូវ​គេ​បំផ្លាញ។ នេះ​បាន​ធ្វើ​ឲ្យ​បង​ប្អូន​យើង​ធ្លាក់​ទឹក​ចិត្ត ហើយ​បង​ប្អូន​ខ្លះ​ឆ្ងល់​ថា​តើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​បាន​ត្រូវ​បញ្ចប់​ឬ​យ៉ាង​ណា។

តើ​មនុស្ស​នៅ​តែ​ចាប់​អារម្មណ៍​អំពី​ដំណឹង​នៃ​រាជាណាចក្រ​ដែល​និស្សិត​គម្ពីរ​បាន​ផ្សព្វ​ផ្សាយ​ឬ​ទេ? ដើម្បី​ឆ្លើយ​សំណួរ​នេះ បង​រ៉ូធើហ្វឺត​បាន​សម្រេច​ចិត្ត​ថ្លែង​សុន្ទរកថា​មួយ ហើយ​អញ្ជើញ​សាធារណជន​ឲ្យ​ចូល​រួម​ស្ដាប់។ បង​ម៉ាក់មីល្លិន​និយាយ​ថា​៖ ​«​បើ​គ្មាន​អ្នក​ណា​មក​ចូល​រួម​កិច្ច​ប្រជុំ​នោះ​ទេ យើង​ដឹង​ថា​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នឹង​ត្រូវ​ចប់​»។

កាសែត​ដែល​ចេញ​ផ្សាយ​សុន្ទរកថា​របស់​បង​រ៉ូធើហ្វឺត ដែល​មាន​ប្រធាន​ថា ​«​សេចក្ដី​សង្ឃឹម​សម្រាប់​មនុស្ស​ដែល​កើត​ទុក្ខ​»​ នៅ​ក្រុង​ឡូស អេនជីឡេស រដ្ឋ​កាលីហ្វ័រញ៉ា នា​ឆ្នាំ​១៩១៩

ដូច្នេះ ទោះ​ជា​បង​រ៉ូធើហ្វឺត​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ក្ដី នៅ​ថ្ងៃ​អាទិត្យ ទី​៤ ខែ​ឧសភា ឆ្នាំ​១៩១៩ គាត់​បាន​ថ្លែង​សុន្ទរកថា​ដែល​មាន​ប្រធាន​ថា ​«​សេចក្ដី​សង្ឃឹម​សម្រាប់​មនុស្ស​ដែល​កើត​ទុក្ខ​»​ នៅ​ក្រុង​ឡូស អេនជីឡេស រដ្ឋ​កាលីហ្វ័រញ៉ា។ មាន​អ្នក​ចូល​រួម​ប្រហែល​ជា​៣.៥០០​នាក់ និង​មាន​មនុស្ស​រាប់​រយ​នាក់​បាន​មក ប៉ុន្តែ​មិន​អាច​ចូល​បាន​ដោយ​សារ​គ្មាន​កន្លែង​គ្រប់​គ្រាន់។ នៅ​ថ្ងៃ​បន្ទាប់ មាន​អ្នក​ចូល​រួម​ចំនួន​១.៥០០​នាក់។ បង​ប្អូន​បាន​ទទួល​ចម្លើយ​ថា មនុស្ស​ពិត​ជា​ចាប់​អារម្មណ៍​មែន!

អ្វី​ដែល​បង​ប្អូន​បាន​ធ្វើ​នៅ​ពេល​នោះ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​កិច្ច​បម្រើ​ផ្សាយ​របស់​សាក្សី​ព្រះ​យេហូវ៉ា​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​រីក​ចម្រើន នៅ​ថ្ងៃ​អនាគត

ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​១៩១៩ បាន​បង្ហាញ​ឲ្យ​ដឹង​ថា​នៅ​ដើម​ខែ​កញ្ញា មហា​សន្និបាត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ស៊ីដឺផូញ រដ្ឋ​អូហៃយ៉ូ។ បង​ប្រុស​ក្លេរិន ប៊ីធី​ដែល​ជា​និស្សិត​គម្ពីរ​វ័យ​ក្មេង​ម្នាក់​ពី​រដ្ឋ​មីហ្សូរី បាន​នឹក​ចាំ​ថា​៖ ​«​បង​ប្អូន​ទាំង​អស់​មាន​អារម្មណ៍​ថា​ពួក​គេ​ត្រូវ​ទៅ​ទី​នោះ​»។ បង​ប្អូន​ជាង​៦.០០០​នាក់​បាន​ចូល​រួម ហើយ​នេះ​គឺ​ច្រើន​ជាង​អ្វី​ដែល​ពួក​គេ​គិត​ស្មាន។ អ្វីដែល​ធ្វើ​ឲ្យ​មហា​សន្និបាត​នោះ​កាន់​តែ​រំភើប គឺ​មាន​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក​ជាង​២០០​នាក់ នៅ​បឹង​អេរី​ដែល​នៅ​ជិត​កន្លែង​មហា​សន្និបាត​នោះ។

ក្រប​ទស្សនាវដ្ដី​សម័យ​រុង​រឿង​ចេញ​លើក​ដំបូង​នៅ​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​១៩១៩

នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​១៩១៩ ដែល​ជា​ថ្ងៃ​ទី​៥​នៃ​មហា​សន្និបាត​នោះ ក្នុង​«​សុន្ទរកថា​សម្រាប់​អ្នក​រួម​ការ​ងារ​»​ បង​រ៉ូធើហ្វឺត​បាន​ប្រកាស​ថា​ទស្សនាវដ្ដី​ថ្មី​មួយ​នឹង​ត្រូវ​ចេញ​ផ្សាយ ដែល​មាន​ចំណង​ជើង​ថា​សម័យ​រុង​រឿង(​The Golden Age​)។ * ទស្សនាវដ្ដី​នេះ​នឹង​«​មាន​ព័ត៌មាន​សំខាន់​ថ្មី​ៗ​ដែល​ពន្យល់​ពី​បទ​គម្ពីរ​អំពី​មូលហេតុ​ដែល​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​ទាំង​នោះ​កំពុង​កើត​ឡើង​»។

និស្សិត​គម្ពីរ​ទាំង​អស់​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ផ្សព្វ​ផ្សាយ​យ៉ាង​អង់អាច​ក្លាហាន​ដោយ​ប្រើ​ទស្សនាវដ្ដី​ថ្មី​នេះ។ សំបុត្រ​មួយ​ដែល​រៀប​រាប់​អំពី​របៀប​ដែល​កិច្ច​ការ​នេះ​បាន​ត្រូវ​រៀប​ចំ ចែង​ថា​៖ ​«​សូម​បង​ប្អូន​ម្នាក់​ៗ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ចាំ​ថា គឺ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ដែល​បង​ប្អូន​អាច​បម្រើ​និង​ចាប់​យក​ឱកាស​នៅ​ឥឡូវ​នេះ ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក​»។ បង​ប្អូន​ជា​ច្រើន​នាក់​បាន​ព្រម​ទទួល​ការ​អញ្ជើញ​នេះ​ឲ្យ​ផ្សព្វ​ផ្សាយ! នៅ​ខែ​ធ្នូ អ្នក​ផ្សាយ​ដ៏​ខ្នះ​ខ្នែង​អំពី​រាជាណាចក្រ បាន​ជាវ​ទស្សនាវដ្ដី​ថ្មី​នោះ​ជាង​៥០.០០០​ដង។

បង​ប្រុស​ៗ​ឈរ​ជិត​ឡាន​ដឹក​ទស្សនាវដ្ដី​សម័យ​រុង​រឿង នៅ​តំបន់​ប៊្រុគ្លីន រដ្ឋ​ញូវយ៉ក

នៅ​ចុង​ឆ្នាំ​១៩១៩ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទទួល​កម្លាំង​ចិត្ត ហើយ​បាន​ត្រូវ​រៀប​ចំ​ឡើង​វិញ។ បន្ថែម​ទៅ​ទៀត ទំនាយ​សំខាន់​ៗ​មួយ​ចំនួន​ដែល​ជាប់​ទាក់​ទង​នឹង​គ្រា​ចុង​ក្រោយ​បង្អស់​បាន​ត្រូវ​សម្រេច។ ការ​សាកល្បង​និង​ការ​សម្រិត​សម្រាំង​នៃ​រាស្ត្រ​របស់​ព្រះ ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​នៅ​ម៉ាឡាគី ៣:១​-​៤​បាន​ត្រូវ​សម្រេច។ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​រំដោះ​ចេញ​ពី​ការ​ធ្វើ​ជា​ឈ្លើយ​នៃ​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»​ក្នុង​ន័យ​ធៀប ហើយ​លោក​យេស៊ូ​បាន​តែង​តាំង​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។ * (​បប. ១៨:២, ៤; ម៉ាថ. ២៤:៤៥​) យ៉ាង​នេះ និស្សិត​គម្ពីរ​បាន​ត្រៀម​ខ្លួន​សម្រាប់​កិច្ច​ការ​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​គេ​ធ្វើ។

^ វគ្គ 13 បង​រ៉ូធើហ្វឺត​គឺ​ជា​មេ​ធាវី​និង​ចៅ​ក្រម ហើយ​បាន​ត្រូវ​គេ​ស្គាល់​ថា​ចាច រ៉ូធើហ្វឺត។

^ វគ្គ 22 នៅ​ឆ្នាំ​១៩៣៧ ឈ្មោះ​ទស្សនាវដ្ដី​សម័យ​រុង​រឿង​បាន​ត្រូវ​ប្ដូរ​ទៅ​ជា ទស្សនាវដ្ដី​ការ​សម្រាល​ទុក្ខ (​Consolation​) រួច​មក​នៅ​ឆ្នាំ​១៩៤៦ ទស្សនាវដ្ដី​នោះ​បាន​ត្រូវ​ដូរ​ឈ្មោះ​ទៅ​ជា​ទស្សនាវដ្ដី​ភ្ញាក់​រឭក!