លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ការ​ផ្ដោត​គំនិត​របស់​អ្នក​ទៅ​លើ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​នាំ​ឲ្យ​បាន​ជីវិត​និង​សេចក្ដី​សុខ​សាន្ដ›

‹ការ​ផ្ដោត​គំនិត​របស់​អ្នក​ទៅ​លើ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​នាំ​ឲ្យ​បាន​ជីវិត​និង​សេចក្ដី​សុខ​សាន្ដ›

​«​អ្នក​ដែល​រស់​នៅ​ស្រប​តាម​សកម្មពល​របស់​ព្រះ ផ្ដោត​គំនិត​ទៅ​លើ​អ្វី​ៗ​ដែល​ពាក់​ព័ន្ធ​នឹង​សកម្មពល​របស់​ព្រះ​»។—រ៉ូម ៨:៥

ចម្រៀង​លេខ: ២២, ៥២

១, ២​. ហេតុ​អ្វី​គ្រិស្ដ​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ចាប់​អារម្មណ៍​នឹង​រ៉ូម ជំពូក​៨?

អ្នក​ប្រហែល​ជា​បាន​អាន​រ៉ូម ៨:១៥​-​១៧​ក្នុង​អំឡុង​រដូវ​ពិធី​រំលឹក​មរណភាព​របស់​លោក​យេស៊ូ។ ខ​ទាំង​នោះ​ពន្យល់​អំពី​របៀប​ដែល​គ្រិស្ដ​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដឹង​ថា​ពួក​គាត់​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ស្ថាន​សួគ៌។ រ៉ូម ៨:១ បញ្ជាក់​ថា​អ្នក​រើស​តាំង​គឺ​ជា​«​ពួក​អ្នក​ដែល​រួប​រួម​ជា​មួយ​នឹង​គ្រិស្ដ​»។ ប៉ុន្ដែ តើ​រ៉ូម ជំពូក​៨​សំដៅ​លើ​តែ​អ្នក​រើស​តាំង​ប៉ុណ្ណោះ​ឬ​ទេ? ឬ​តើ​បទ​គម្ពីរ​នេះ​ក៏​អាច​ជួយ​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី?

រ៉ូម ជំពូក​៨​បាន​ត្រូវ​សរសេរ​ជា​ពិសេស​សម្រាប់​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង។ ពួក​គាត់​ទទួល​«​សកម្មពល​របស់​ព្រះ​»​ ហើយ​គឺ​ជា​អ្នក​ដែល‹ទន្ទឹង​ចាំ​ព្រះ​ទទួល​ជា​កូន ដោយ​រំដោះ​ពី​រូប​កាយ›សាច់​ឈាម​របស់​ពួក​គាត់។ (​រ៉ូម ៨:២៣​) នៅ​ពេល​អនាគត​ពួក​គាត់​នឹង​ធ្វើ​ជា​កូន​ព្រះ​នៅ​ស្ថាន​សួគ៌។ ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ការ​ខុស​ឆ្គង​របស់​ពួក​គាត់​ដោយ​ផ្អែក​លើ​ថ្លៃ​លោះ។ លោក​បាន​ប្រកាស​ថា​ពួក​គាត់​គឺ​ជា​មនុស្ស​សុចរិត ដើម្បី​ពួក​គាត់​អាច​ទៅ​ជា​កូន​របស់​លោក។—រ៉ូម ៣:២៣​-​២៦; ៤:២៥; ៨:៣០

៣​. ហេតុ​អ្វី​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​ក៏​គួរ​សិក្សា​រ៉ូម ជំពូក​៨?

ក្នុង​សៀវភៅ​រ៉ូម ប៉ូល​បាន​សរសេរ​អំពី​បុរស​ម្នាក់​ដែល​មិន​មែន​ជា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង ប៉ុន្ដែ​ព្រះ​យេហូវ៉ា​នៅ​តែ​ចាត់​ទុក​គាត់​ជា​មនុស្ស​សុចរិត។ បុរស​នោះ​គឺ​ជា​អាប្រាហាំ។ បុរស​ដ៏​ស្មោះ​ត្រង់​នោះ​បាន​រស់​នៅ​ច្រើន​ឆ្នាំ​មុន​លោក​យេស៊ូ​បាន​ឲ្យ​ជីវិត​ជា​ថ្លៃ​លោះ។ (​សូម​អាន រ៉ូម ៤:២០​-​២២) សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ក៏​អាច​ចាត់​ទុក​គ្រិស្ដ​សាសនិក​ដ៏​ស្មោះ​ត្រង់​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​ថា​ជា​មនុស្ស​សុចរិត​ដែរ។ ពួក​គេ​ក៏​អាច​ទទួល​ប្រយោជន៍​ពី​ឱវាទ​ដែល​មាន​ក្នុង​សៀវភៅ​រ៉ូម ជំពូក​៨

៤​. ពេល​យើង​អាន​រ៉ូម ៨:២១ តើ​យើង​គួរ​សួរ​ខ្លួន​នូវ​សំណួរ​អ្វី?

នៅ​រ៉ូម ៨:២១ ព្រះ​យេហូវ៉ា​ធានា​ថា​ពិភព​លោក​ថ្មី​របស់​លោក​នឹង​មក​ដល់ ហើយ​ថា​មនុស្សជាតិ​នឹង​ត្រូវ​វ​រំដោះ​ឲ្យ​រួច​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ ខ​នេះ​ចែង​ថា​ពួក​គេ​នឹង​មាន​«​សេរី​ភាព​រុង​រឿង​ជា​កូន​ព្រះ​»។ តើ​អ្នក​អាច​ស្រមៃ​ឃើញ​ខ្លួន​អ្នក​នៅ​ក្នុង​ពិភព​លោក​ថ្មី​នោះ​ឬ​ទេ? សូម​យើង​ពិចារណា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​រស់​នៅ​ទី​នោះ។

​«​ការ​ផ្ដោត​គំនិត​ទៅ​លើ​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​»​

៥​. នៅ​រ៉ូម ៨:៤​-​១៣ តើ​ប៉ូល​បាន​រៀប​រាប់​អំពី​ស្ថានភាព​បែប​ណា?

សូម​អាន រ៉ូម ៨:៤​-​១៣នៅ​រ៉ូម ជំពូក​៨ ប៉ូល​បាន​រៀប​រាប់​អំពី​មនុស្ស​ពីរ​ប្រភេទ គឺ​អ្នក​ដែល​រស់​នៅ​«​ស្រប​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​»​ និង​អ្នក​ដែល​រស់​នៅ​«​ស្រប​តាម​សកម្មពល​របស់​ព្រះ​»។ អ្នក​ខ្លះ​គិត​ថា​ប៉ូល​រៀប​រាប់​អំពី​ពួក​អ្នក​ដែល​មិន​មែន​ជា​គ្រិស្ដ​សាសនិក និង​ពួក​អ្នក​ដែល​ជា​គ្រិស្ដ​សាសនិក។ ប៉ុន្ដែ ប៉ូល​កំពុង​សរសេរ​ទៅ​កាន់​គ្រិស្ដ​សាសនិក ជា​អ្នក​ដែល​«​បាន​ត្រូវ​ហៅ​មក ដើម្បី​ឲ្យ​ទៅ​ជា​អ្នក​បរិសុទ្ធ​»។ (​រ៉ូម ១:៧​) ដូច្នេះ ទាំង​អ្នក​ដែល​បាន​រស់​នៅ​«​ស្រប​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​»​ ទាំង​អ្នក​ដែល​បាន​រស់​នៅ​«​ស្រប​តាម​សកម្មពល​របស់​ព្រះ​»​គឺ​ជា​គ្រិស្ដ​សាសនិក។ តើ​ពួក​គាត់​ខុស​គ្នា​យ៉ាង​ណា?

៦, ៧​. (​ក​) តើ​ពាក្យ​ភាសា​ដើម​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​រូប​កាយ​»​អាច​សំដៅ​លើ​អ្វី​ខ្លះ? (​ខ​) នៅ​រ៉ូម ៨:៤​-​១៣ តើ​ពាក្យ​«​រូប​កាយ​»​មាន​អត្ថន័យ​យ៉ាង​ណា?

ពាក្យ​ភាសា​ដើម​ដែល​បាន​ត្រូវ​បក​ប្រែ​ក្នុង​ខ​នេះ​ថា​«​រូប​កាយ​»​ អាច​សំដៅ​លើ​អ្វី​ផ្សេង​ៗ។ ជួន​កាល​នេះ​អាច​សំដៅ​ទៅ​លើ​សាច់​នៃ​រូប​កាយ​របស់​យើង។ (​រ៉ូម ២:២៨; កូរិនថូស​ទី១ ១៥:៣៩, ៥០​) ពាក្យ​នេះ​ជា​ភាសា​ដើម​ក៏​អាច​សំដៅ​លើ​ទំនាក់​ទំនង​ក្រុម​គ្រួសារ។ ជា​ឧទាហរណ៍ គម្ពីរ​ចែង​ថា​លោក​យេស៊ូ​មក​«​ពី​ពូជ​ពង្ស​របស់​ដាវីឌ​»​ឬ​ជា​សាច់​ឈាម​របស់​ដាវីឌ ហើយ​ប៉ូល​បាន​ហៅ​ជន​ជាតិ​យូដា​ជា​«​សាច់​ញាតិ​»​របស់​គាត់។—រ៉ូម ១:៣; ៩:៣

ដូច្នេះ​នៅ​រ៉ូម ៨:៤​-​១៣ តើ​ប៉ូល​ចង់​មាន​ន័យ​យ៉ាង​ណា​ពេល​គាត់​និយាយ​អំពី​អ្នក​ដែល​រស់​នៅ​«​ស្រប​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​»​? ដើម្បី​ដឹង​ចម្លើយ យើង​អាច​មើល​រ៉ូម ៧:៥។ នៅ​ទី​នោះ​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ពី​មុន ពេល​ដែល​យើង​នៅ​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​នៅ​ឡើយ សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ទាំង​ប៉ុន្មាន​ដែល​បាន​ត្រូវ​ស​ឲ្យ​ឃើញ​តាម​រយៈ​ច្បាប់ បាន​បញ្ចេញ​ឥទ្ធិពល​ទៅ​លើ​អវយវៈ​របស់​យើង​»។ ប៉ូល​បាន​ពន្យល់​នៅ​ទី​នោះ​ថា​មនុស្ស​ដែល​រស់​នៅ​«​ស្រប​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​»​គឺ​ជា​អ្នក​ដែល​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​របស់​ខ្លួន ហើយ​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ទាំង​នោះ​តាម​តែ​ចិត្ដ​ពួក​គេ។

៨​. ហេតុ​អ្វី​ប៉ូល​ត្រូវ​ព្រមាន​គ្រិស្ដ​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​អំពី​ការ​រស់​នៅ​«​ស្រប​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​»​?

ហេតុ​អ្វី​ប៉ូល​បាន​ព្រមាន​គ្រិស្ដ​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​អំពី​ការ​រស់​នៅ​«​ស្រប​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​»​? ហេតុ​អ្វី​គ្រិស្ដ​សាសនិក​ទាំង​អស់​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ត្រូវ​ការ​ការ​ព្រមាន​នេះ​ដែរ? ពី​ព្រោះ​អ្នក​ណា​ក៏​ដោយ​ដែល​បម្រើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់​អាច​ចាប់​ផ្ដើម​ឲ្យ​បំណង​ប្រាថ្នា​របស់​គាត់​ទៅ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គាត់។ ជា​ឧទាហរណ៍ ប៉ូល​បាន​សរសេរ​ថា​បង​ប្អូន​ខ្លះ​នៅ​ក្រុង​រ៉ូម​គឺ​ជា​ខ្ញុំ​បម្រើ​នៃ​«​ក្រពះ[​ឬ​សេចក្ដី​ប៉ង​ប្រាថ្នា​]របស់​ពួក​គេ​»។ គាត់​ប្រហែល​ជា​ចង់​មាន​ន័យ​ថា​ការ​រួម​ភេទ អាហារ ឬ​អ្វី​ផ្សេង​ទៀត​គឺ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ។ (​រ៉ូម ១៦:១៧, ១៨; ភីលីព ៣:១៨, ១៩; យូដាស ៤, ៨, ១២​) ម្យ៉ាង​ទៀត អស់​មួយ​រយៈ​ពេល នៅ​ក្រុម​ជំនុំ​នា​ក្រុង​កូរិនថូស​មាន​ស្ថានភាព​មួយ​ដែល​បង​ប្រុស​ម្នាក់​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ជា​មួយ​នឹង​«​ប្រពន្ធ​របស់​ឪ​ពុក​គាត់​»។ (​កូរិនថូស​ទី១ ៥:១​) គ្រិស្ដ​សាសនិក​សម័យ​ដើម​ច្បាស់​ជា​ត្រូវ​ការ​ការ​ព្រមាន​របស់​ប៉ូល​អំពី​ការ​រស់​នៅ​«​ស្រប​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​»។—រ៉ូម ៨:៥, ៦

៩​. នៅ​រ៉ូម ៨:៦ តើ​ប៉ូល​មិន​ចង់​សំដៅ​លើ​អ្វី?

ការ​ព្រមាន​នេះ​នៅ​តែ​ជាប់​ទាក់​ទង​នឹង​យើង​នៅ​សព្វ​ថ្ងៃ​នេះ។ សូម្បី​តែ​បុគ្គល​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ អាច​ចាប់​ផ្ដើម​រស់​នៅ​«​ស្រប​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​»។ ដូច្នេះ តើ​ប៉ូល​ចង់​មាន​ន័យ​ថា​យើង​មិន​គួរ​គិត​អំពី​អ្វី​ៗ​ដូច​ជា​អាហារ ការ​ងារ ការ​កម្សាន្ដ ឬ​ស្នេហា​ឬ​ទេ? ប្រាកដ​ជា​មិន​មែន​ទេ។ អ្វី​ៗ​ទាំង​នេះ​ជា​អ្វី​ធម្មតា​ក្នុង​ជីវិត។ សូម្បី​តែ​លោក​យេស៊ូ​ក៏​ចូល​ចិត្ដ​ម្ហូប​អាហារ ហើយ​បាន​ឲ្យ​អាហារ​ដល់​អ្នក​ឯ​ទៀត​ដែរ។ លោក​ក៏​បាន​ដឹង​ថា​លោក​ត្រូវ​ការ​សម្រាក។ ម្យ៉ាង​ទៀត ប៉ូល​បាន​សរសេរ​ថា​ការ​រួម​ភេទ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ចំណង​អាពាហ៍​ពិពាហ៍។

តើ​ការ​សន្ទនា​របស់​យើង​បង្ហាញ​យ៉ាង​ណា? (​សូម​មើល​វគ្គ​១០ ១១​)

១០​. តើ​ពាក្យ​«​ការ​ផ្ដោត​គំនិត​ទៅ​លើ​»​មាន​ន័យ​យ៉ាង​ណា?

១០ តើ​ប៉ូល​ចង់​មាន​ន័យ​យ៉ាង​ណា​ពេល​គាត់​និយាយ​ពាក្យ​«​ការ​ផ្ដោត​គំនិត​ទៅ​លើ​»​? ពាក្យ​ភាសា​ក្រិច​ដែល​ប៉ូល​បាន​ប្រើ​សំដៅ​លើ​ការ​ចេះ​តែ​គិត​អំពី​អ្វី​មួយ និង​រៀប​គម្រោង​ទាំង​អស់​ទៅ​លើ​អ្វី​នោះ។ បណ្ឌិត​ម្នាក់​ពន្យល់​ថា​ពាក្យ​នេះ​សំដៅ​លើ​អ្នក​ដែល​«​ចាប់​អារម្មណ៍​ខ្លាំង​បំផុត ចេះ​តែ​និយាយ​»​ និង​ផ្ចង់​ចិត្ដ​ខ្លាំង​បំផុត​ទៅ​លើ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន។ ពួក​គេ​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​ទាំង​នោះ​គ្រប់​គ្រង​របៀប​រស់​នៅ​របស់​ពួក​គេ។

តើ​យើង​ចាប់​អារម្មណ៍​អ្វី​ខ្លាំង​បំផុត​ក្នុង​ជីវិត​របស់​យើង?

១១​. តើ​មាន​អ្វី​ខ្លះ​ដែល​អាច​ទៅ​ជា​សំខាន់​ពេក​ចំពោះ​យើង?

១១ គ្រិស្ដ​សាសនិក​នៅ​ក្រុង​រ៉ូម​ត្រូវ​ពិនិត្យ​ពិចារណា​ខ្លួន​ដើម្បី​ដឹង​ថា​ពួក​គេ​កំពុង​ផ្ដោត​គំនិត​ទៅ​លើ​អ្វី។ តើ​ពួក​គេ​កំពុង​ផ្ដោត​គំនិត​ទៅ​លើ​«​អ្វី​ៗ​ដែល​ពាក់​ព័ន្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​»​ឬ? សព្វ​ថ្ងៃ​នេះ យើង​ក៏​ត្រូវ​គិត​អំពី​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​យើង​ដែរ។ តើ​យើង​ចូល​ចិត្ដ​និយាយ​អំពី​អ្វី? តើ​យើង​ចូល​ចិត្ដ​ធ្វើ​អ្វី? អ្នក​ខ្លះ​ប្រហែល​ជា​ទទួល​ស្គាល់​ថា​ពួក​គេ​ចេះ​តែ​គិត​អំពី​ការ​តុបតែង​ផ្ទះ ការ​ទិញ​សម្លៀក​បំពាក់​ថ្មី​ៗ ការ​បណ្ដាក់​ទុន ការ​រៀប​ចំ​គម្រោង​ទៅ​ដើរ​លេង ឬ​ការ​ពិសា​ស្រា​ប្រភេទ​ផ្សេង​ៗ។ អ្វី​ៗ​ទាំង​នេះ​គឺ​មិន​ខុស​ទេ ហើយ​ប្រហែល​ជា​អ្វី​ធម្មតា​ក្នុង​ជីវិត​របស់​យើង។ ជា​ឧទាហរណ៍ សូម្បី​តែ​លោក​យេស៊ូ​ក៏​បាន​ផ្ដល់​ស្រា​ទំពាំង​បាយ​ជូរ​នៅ​ពិធី​មង្គល​ការ​មួយ ហើយ​ប៉ូល​បាន​ឲ្យ​យោបល់​ធីម៉ូថេ​ឲ្យ​«​ពិសា​ស្រា​បន្ដិច​បន្ដួច​»​ដើម្បី​សុខភាព​របស់​គាត់។ (​ធីម៉ូថេ​ទី១ ៥:២៣; យ៉ូហាន ២:៣​-​១១​) ប៉ុន្ដែ ស្រា​ទំពាំង​បាយ​ជូរ​មិន​មែន​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​លោក​យេស៊ូ​និង​ប៉ូល​ទេ។ ចុះ​យ៉ាង​ណា​យើង​វិញ? តើ​យើង​ចាប់​អារម្មណ៍​អ្វី​ខ្លាំង​បំផុត​ក្នុង​ជីវិត​របស់​យើង?

១២, ១៣​. ហេតុ​អ្វី​យើង​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្វី​ដែល​យើង​ផ្ដោត​គំនិត​ទៅ​លើ?

១២ ប៉ូល​បាន​ព្រមាន​ថា​៖ ​«​ការ​ផ្ដោត​គំនិត​ទៅ​លើ​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​នាំ​ឲ្យ​ស្លាប់​»។ (​រ៉ូម ៨:៦​) តើ​គាត់​ចង់​មាន​ន័យ​យ៉ាង​ណា? បើ​បុគ្គល​ម្នាក់​រស់​នៅ​«​ស្រប​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​»​ គាត់​អាច​បាត់​បង់​ចំណង​មិត្ដភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​នេះ និង​បាត់​បង់​ជីវិត​របស់​គាត់​នៅ​ពេល​អនាគត។ ប៉ុន្ដែ នេះ​មិន​ត្រូវ​តែ​កើត​ឡើង​ទេ ដោយ​សារ​បុគ្គល​នោះ​អាច​កែ​ប្រែ​បាន។ សូម​នឹក​ចាំ​អំពី​បុរស​ម្នាក់​ដែល​បាន​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​នៅ​ក្រុង​កូរិនថូស ដែល​បាន​ត្រូវ​បណ្ដាច់​មិត្ដភាព។ គាត់​បាន​កែ​ប្រែ ហើយ​ឈប់​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​ប្រាស​ចាក​សីលធម៌​របស់​ខ្លួន។ បុរស​នោះ​បាន​បម្រើ​ព្រះ​យេហូវ៉ា​តាម​របៀប​ដ៏​ស្អាត​ស្អំ​ម្ដង​ទៀត។—កូរិនថូស​ទី២ ២:៦​-​៨

១៣ បុរស​នោះ​ជា​គំរូ​មិន​ល្អ​យ៉ាង​ខ្លាំង​អំពី​អ្នក​ដែល​រស់​នៅ​«​ស្រប​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​»​ តែ​ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គាត់​អាច​កែ​ប្រែ​បាន។ ដូច្នេះ បើ​គ្រិស្ដ​សាសនិក​ម្នាក់​នៅ​សព្វ​ថ្ងៃ​នេះ​បាន​ចាប់​ផ្ដើម​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ខុស​ឆ្គង​របស់​ខ្លួន​ជា​ជាង​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា គាត់​ក៏​អាច​កែ​ប្រែ​បាន​ដែរ។ ការ​នឹក​ចាំ​អំពី​ការ​ព្រមាន​របស់​ប៉ូល​អាច​ជំរុញ​ចិត្ដ​យើង​ឲ្យ​ធ្វើ​ការ​កែ​ប្រែ​ណា​ដែល​យើង​ត្រូវ​ធ្វើ។

​«​ការ​ផ្ដោត​គំនិត​ទៅ​លើ​សកម្មពល​របស់​ព្រះ​»​

១៤, ១៥​. (​ក​) តើ​ប៉ូល​បាន​លើក​ទឹក​ចិត្ដ​យើង​ឲ្យ​ផ្ដោត​គំនិត​ទៅ​លើ​អ្វី? (​ខ​) តើ​«​ការ​ផ្ដោត​គំនិត​ទៅ​លើ​សកម្មពល​របស់​ព្រះ​»​មិន​មែន​មាន​ន័យ​យ៉ាង​ណា?

១៤ ក្រោយ​ពី​ប៉ូល​បាន​និយាយ​អំពី​គ្រោះ​ថ្នាក់​នៃ​«​ការ​ផ្ដោត​គំនិត​ទៅ​លើ​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​»​ គាត់​បាន​ពន្យល់​ថា​៖ ​«​ការ​ផ្ដោត​គំនិត​ទៅ​លើ​សកម្មពល​របស់​ព្រះ​នាំ​ឲ្យ​បាន​ជីវិត​និង​សេចក្ដី​សុខ​សាន្ដ​»។ យើង​អាច​ទទួល​រង្វាន់​ដ៏​អស្ចារ្យ​មែន!

១៥ ប៉ុន្ដែ ​«​ការ​ផ្ដោត​គំនិត​ទៅ​លើ​សកម្មពល​របស់​ព្រះ​»​មិន​មែន​មាន​ន័យ​ថា​យើង​មិន​ដឹង​អ្វី​សោះ​អំពី​ភាព​ពិត​ប្រាកដ​នៃ​ជីវិត​ឡើយ។ ម្យ៉ាង​ទៀត នេះ​មិន​មែន​មាន​ន័យ​ថា​យើង​ចេះ​តែ​គិត​និង​និយាយ​អំពី​ព្រះ​យេហូវ៉ា​ឬ​គម្ពីរ​ប៉ុណ្ណោះ​ទេ។ ជា​ឧទាហរណ៍ អ្នក​បម្រើ​ព្រះ​នៅ​សតវត្សរ៍​ទី១​មាន​របៀប​រស់​នៅ​ធម្មតា។ ពួក​គេ​ចូល​ចិត្ដ​បរិភោគ​និង​ផឹក រៀប​ការ មាន​កូន​ចៅ និង​មាន​ការ​ងារ។—ម៉ាកុស ៦:៣; ថែស្សាឡូនិច​ទី១ ២:៩

អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ប៉ូល​គឺ​ការ​បម្រើ​ព្រះ

១៦​. តើ​អ្វី​គឺ​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ប៉ូល?

១៦ ប៉ុន្ដែ ប៉ូល​និង​គ្រិស្ដ​សាសនិក​ឯ​ទៀត​នៅ​សម័យ​ដើម​មិន​បាន​ឲ្យ​សកម្មភាព​ប្រចាំ​ថ្ងៃ​ទាំង​នេះ​ក្លាយ​ទៅ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គាត់​ទេ។ ជា​ឧទាហរណ៍ យើង​ដឹង​ថា​ប៉ូល​បាន​ចិញ្ចឹម​ជីវិត​ខ្លួន​ដោយ​ធ្វើ​ត្រសាល។ ប៉ុន្ដែ ការ​ងារ​របស់​គាត់​មិន​មែន​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គាត់​ទេ។ អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ប៉ូល​គឺ​ការ​បម្រើ​ព្រះ។ ប៉ូល​បាន​ផ្ដោត​គំនិត​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន។ (​សូម​អាន សកម្មភាព ១៨:២​-​៤; ២០:២០, ២១, ៣៤, ៣៥) បង​ប្អូន​នៅ​ក្រុង​រ៉ូម​ត្រូវ​យក​តម្រាប់​ប៉ូល ហើយ​យើង​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ។—រ៉ូម ១៥:១៥, ១៦

១៧​. តើ​«​ការ​ផ្ដោត​គំនិត​ទៅ​លើ​សកម្មពល​របស់​ព្រះ​»​មាន​ប្រយោជន៍​យ៉ាង​ណា?

១៧ បើ​យើង​ផ្ដោត​គំនិត​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា តើ​យើង​នឹង​មាន​ជីវិត​បែប​ណា? រ៉ូម ៨:៦​ចែង​ថា​៖ ​«​ការ​ផ្ដោត​គំនិត​ទៅ​លើ​សកម្មពល​របស់​ព្រះ​នាំ​ឲ្យ​បាន​ជីវិត​និងសេចក្ដី​សុខ​សាន្ដ​»។ ពេល​យើង​ផ្ដោត​គំនិត​ទៅ​លើ​សកម្មពល​របស់​ព្រះ​យេហូវ៉ា​យើង​ឲ្យ​សកម្មពល​របស់​លោក​ដឹក​នាំ​គំនិត​របស់​យើង ហើយ​យើង​រៀន​ឲ្យ​មាន​របៀប​គិត​គូរ​ដូច​លោក។ ព្រះ​យេហូវ៉ា​សន្យា​នឹង​យើង​ថា​យើង​នឹង​មាន​ជីវិត​ដ៏​សប្បាយ​និង​ស្កប់​ចិត្ដ​នៅ​ឥឡូវ​នេះ ហើយ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ពេល​អនាគត។

ដោយ​សារ​ព្រះ​យេហូវ៉ា យើង​អាច​មាន​សេចក្ដី​សុខ​សាន្ដ ដ៏​ពិត​ប្រាកដ​ក្នុង​ចិត្ដ

១៨​. ពេល​យើង​«​ផ្ដោត​គំនិត​ទៅ​លើ​សកម្មពល​របស់​ព្រះ​»​ តើ​យើង​អាច​មាន​សេចក្ដី​សុខ​សាន្ដ​យ៉ាង​ដូច​ម្ដេច?

១៨ ពេល​ប៉ូល​បាន​និយាយ​ថា​៖ ​«​ការ​ផ្ដោត​គំនិត​ទៅ​លើ​សកម្មពល​របស់​ព្រះ​»​អាច​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​សាន្ដ តើ​គាត់​ចង់​និយាយ​យ៉ាង​ណា? មនុស្ស​ទាំង​អស់​ចង់​មាន​សេចក្ដី​សុខ​សាន្ដ ជា​ពិសេស​សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ ប៉ុន្ដែ​មាន​មនុស្ស​តិច​ណាស់​ដែល​មាន។ ដោយ​សារ​ព្រះ​យេហូវ៉ា យើង​អាច​មាន​សេចក្ដី​សុខ​សាន្ដ​ដ៏​ពិត​ប្រាកដ​ក្នុង​ចិត្ដ។ យើង​ក៏​អាច​មាន​សេចក្ដី​សុខ​សាន្ដ​ជា​មួយ​នឹង​សមាជិក​ក្រុម​គ្រួសារ​របស់​យើង​និង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ដែរ។ ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ជួន​កាល​យើង​នឹង​មាន​បញ្ហា​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង។ ពេល​នេះ​កើត​ឡើង យើង​ធ្វើ​តាម​ឱវាទ​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​[​ចូរ​]ទៅ​រក​ជា​នឹង​បង​ប្អូន​អ្នក​»។ (​ម៉ាថាយ ៥:២៤​) សូម​ចាំ​ថា​បង​ប្អូន​នោះ​ក៏​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ដែល​ជា​«​ព្រះ​ដែល​ផ្ដល់​សេចក្ដី​សុខ​សាន្ដ​»។—រ៉ូម ១៥:៣៣; ១៦:២០

១៩​. តើ​យើង​អាច​មាន​សេចក្ដី​សុខ​សាន្ដ​ដ៏​ពិសេស​អ្វី?

១៩ បើ​យើង​«​ផ្ដោត​គំនិត​ទៅ​លើ​សកម្មពល​របស់​ព្រះ​»​ យើង​ក៏​នឹង​មាន​សេចក្ដី​សុខ​សាន្ដ​ជា​មួយ​នឹង​ព្រះ​ដែរ។ អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​សរសេរ​ថា​៖ ​«​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់[​ព្រះ​យេហូវ៉ា​] នោះ​ទ្រង់​នឹង​ថែ​រក្សា​អ្នក​នោះ​ឲ្យ​មាន​សេចក្ដី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ដ​នឹង​ទ្រង់​»។—អេសាយ ២៦:៣; សូម​អាន រ៉ូម ៥:១

២០​. ហេតុ​អ្វី​អ្នក​មាន​ចិត្ដ​កតញ្ញូ​ចំពោះ​ឱវាទ​នៅ​រ៉ូម ជំពូក​៨?

២០ ទោះ​ជា​យើង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែន​ដី​ក៏​ដោយ យើង​ទាំង​អស់​គ្នា​អាច​ទទួល​ប្រយោជន៍​ពី​ពាក្យ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​នៅ​រ៉ូម ជំពូក​៨។ យើង​មាន​ចិត្ដ​កតញ្ញូ​ដែល​គម្ពីរ​លើក​ទឹក​ចិត្ដ​យើង​ឲ្យ​ផ្ដោត​គំនិត​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា​ជា​ជាង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន។ យើង​ដឹង​ថា​បើ​យើង​«​ផ្ដោត​គំនិត​ទៅ​លើ​សកម្មពល​របស់​ព្រះ​»​ យើង​អាច​ទទួល​រង្វាន់​ដ៏​អស្ចារ្យ។ ប៉ូល​បាន​សរសេរ​ថា​៖ ​«​អំណោយ​ដែល​ព្រះ​ផ្ដល់​ឲ្យ​គឺ​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ដោយ​គ្រិស្ដ​យេស៊ូ ជា​ម្ចាស់​របស់​យើង​»។—រ៉ូម ៦:២៣