លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះ​យេហូវ៉ា​ឲ្យ​រង្វាន់​ដល់​អ្នក​ដែល​ខំ​ស្វែង​រក​លោក​អស់​ពី​ចិត្ដ

ព្រះ​យេហូវ៉ា​ឲ្យ​រង្វាន់​ដល់​អ្នក​ដែល​ខំ​ស្វែង​រក​លោក​អស់​ពី​ចិត្ដ

​«​អ្នក​ដែល​ចូល​ទៅ​ជិត​ព្រះ ត្រូវ​តែ​ជឿ​ថា​មាន​ព្រះ ហើយ​ជឿ​ថា​លោក​ឲ្យ​រង្វាន់​ដល់ អ្នក​ដែល​ខំ​ស្វែង​រក​លោក​អស់​ពី​ចិត្ដ​»។—ហេប្រឺ ១១:៦

ចម្រៀង​លេខ: ២៦, ៥៥

១, ២​. (​ក​) តើ​សេចក្ដី​ស្រឡាញ់​និង​ជំនឿ​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ណា? (​ខ​) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​សន្យា​ថា​លោក​នឹង​ឲ្យ​ពរ​ដល់​អ្នក​បម្រើ​ដ៏​ស្មោះ​ភក្ដី​របស់​លោក។ នេះ​ជា​របៀប​មួយ​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​យើង ហើយ​យើង​ស្រឡាញ់​លោក‹ពី​ព្រោះ​លោក​បាន​ស្រឡាញ់​យើង​ជា​មុន›។ (​យ៉ូហាន​ទី១ ៤:១៩​) កាល​ដែល​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង នោះ​ជំនឿ​របស់​យើង​ទៅ​លើ​លោក​កាន់​តែ​រឹង​មាំ ហើយ​យើង​កាន់​តែ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក​ដែល​លោក​ស្រឡាញ់។—សូម​អាន ហេប្រឺ ១១:៦

ការ​ឲ្យ​រង្វាន់​គឺ​ជា​អ្វី​ដ៏​សំខាន់​ណាស់​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​លោក​តែង​តែ​ធ្វើ​ដូច្នេះ! ហេតុ​នេះ បើ​យើង​មិន​ជឿ​ជាក់​ថា​លោក​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក​ដែល​ខំ​ស្វែង​រក​លោក​អស់​ពី​ចិត្ដ​ទេ នោះ​យើង​មិន​មាន​ជំនឿ​ទាំង​ស្រុង​ទៅ​លើ​ព្រះ​ឡើយ។ ហេតុ​អ្វី? ពី​ព្រោះ​«​ជំនឿ​គឺ​ជា​ការ​ទុក​ចិត្ដ​ដោយ​មាន​ទី​សំអាង​មាំ​មួន​ថា អ្វី​ៗ​នឹង​កើត​ឡើង​ដូច​សង្ឃឹម​»។ (​ហេប្រឺ ១១:១​) ជំនឿ​មាន​ន័យ​ថា​យើង​ជឿ​ជាក់​ទាំង​ស្រុង​ថា​ព្រះ​នឹង​ឲ្យ​ពរ​ដល់​អ្នក​បម្រើ​ដ៏​ស្មោះ​ភក្ដី​របស់​លោក។ ប៉ុន្ដែ តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​សេចក្ដី​សង្ឃឹម​ដើម្បី​ទទួល​រង្វាន់? តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ឲ្យ​រង្វាន់​ដល់​អ្នក​បម្រើ​របស់​លោក​នៅ​អតីតកាល​និង​បច្ចុប្បន្នកាល? សូម​យើង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។

ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ឲ្យ​ពរ​ដល់​អ្នក​បម្រើ​លោក

៣​. តើ​ម៉ាឡាគី ៣:១០​មាន​សេចក្ដី​សន្យា​អ្វី?

ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​លោក​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក។ លោក​អញ្ជើញ​យើង​ឲ្យ​ជូន​លោក​នូវ​អ្វី​ដ៏​ល្អ​បំផុត ហើយ​ទុក​ចិត្ដ​ថា​លោក​នឹង​ឲ្យ​ពរ​ដល់​យើង។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​[​សូម​]ល្បង​ល​អញ​»។ លោក​បាន​បន្ដ​ទៀត​ថា​៖ ​«​បើ​អញ​មិន​បើក​ទ្វារ​ស្ថាន​សួគ៌ ដើម្បី​ចាក់​ព្រះ​ពរ​មក​លើ​ឯង​ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ​»។ (​ម៉ាឡាគី ៣:១០​) យើង​បង្ហាញ​ចិត្ដ​កតញ្ញូ ពេល​យើង​ធ្វើ​តាម​សេចក្ដី​អញ្ជើញ​របស់​ព្រះ​យេហូវ៉ា​ដែល​ឲ្យ​ល្បង​ល​លោក។

៤​. ហេតុ​អ្វី​យើង​អាច​ទុក​ចិត្ដ​លើ​សេចក្ដី​សន្យា​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ៦:៣៣?

លោក​យេស៊ូ​បាន​សន្យា​នឹង​អ្នក​កាន់​តាម​លោក​ថា​បើ​ពួក​គេ​ចាត់​ទុក​រាជាណាចក្រ​ព្រះ​ថា​សំខាន់​បំផុត នោះ​ព្រះ​នឹង​គាំ​ទ្រ​ពួក​គេ។ (​សូម​អាន ម៉ាថាយ ៦:៣៣) លោក​យេស៊ូ​អាច​មាន​ប្រសាសន៍​ដូច្នេះ​បាន​ដោយ​សារ​លោក​ដឹង​ថា​សេចក្ដី​សន្យា​របស់​ព្រះ​តែង​តែ​សម្រេច។ (​អេសាយ ៥៥:១១​) ដូច្នេះ យើង​ក៏​អាច​ជឿ​ជាក់​ដែរ​ថា បើ​យើង​បង្ហាញ​ជំនឿ​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា នោះ​លោក​នឹង​រក្សា​សេចក្ដី​សន្យា​នេះ ដែល​ថា​៖ ​«​ខ្ញុំ​ប្រាកដ​ជា​មិន​ចាក​ចេញ​ពី​អ្នក​ឡើយ ក៏​ប្រាកដ​ជា​មិន​បោះ​បង់​ចោល​អ្នក​ដែរ​»។ (​ហេប្រឺ ១៣:៥​) សេចក្ដី​សន្យា​នេះ​របស់​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ទុក​ចិត្ដ​ទៅ​លើ​ពាក្យ​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ៦:៣៣

លោក​យេស៊ូ​បាន​បង្ហាញ​ថា​អ្នក​កាន់​តាម​លោក​នឹង​ទទួល​រង្វាន់​ចំពោះ​ការ​លះ​បង់​របស់​ពួក​គេ (​សូម​មើល​វគ្គ​៥​)

៥​. ហេតុ​អ្វី​ការ​ឆ្លើយ​តប​របស់​លោក​យេស៊ូ​ទៅ​កាន់​ពេត្រុស​លើក​ទឹក​ចិត្ដ​យើង​ទាំង​អស់​គ្នា?

សាវ័ក​ពេត្រុស​បាន​សួរ​លោក​យេស៊ូ​ថា​៖ ​«​យើង​ខ្ញុំ​បាន​ចាក​ចេញ​ពី​អ្វី​ៗ​ទាំង​អស់ ហើយ​បាន​តាម​លោក តើ​នឹង​មាន​ផល​ប្រយោជន៍​អ្វី​សម្រាប់​យើង?​»។ (​ម៉ាថាយ ១៩:២៧​) លោក​យេស៊ូ​មិន​បាន​កែ​តម្រង់​ពេត្រុស​ដោយ​សារ​គាត់​បាន​សួរ​សំណួរ​ដូច្នេះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​ពួក​គេ​នឹង​ទទួល​រង្វាន់​ចំពោះ​ការ​លះ​បង់​របស់​ពួក​គេ។ ពួក​សាវ័ក​និង​អ្នក​ស្មោះ​ត្រង់​ឯ​ទៀត​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌​នា​ពេល​អនាគត។ ប៉ុន្ដែ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ដែរ​ថា សូម្បី​តែ​ឥឡូវ​នេះ​ក៏​មាន​រង្វាន់។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​បាន​ចាក​ចេញ​ពី​ផ្ទះ ឬ​បង​ប្អូន​ប្រុស​ស្រី ឬ​ឪ​ពុក ឬ​ម្ដាយ ឬ​កូន ឬ​ស្រែ​ចម្ការ ព្រោះ​តែ​នាម​ខ្ញុំ អ្នក​នោះ​នឹង​ទទួល​អ្វី​ៗ​ទាំង​នោះ​ច្រើន​ដង​លើស​មុន​ទៅ​ទៀត ក៏​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ជា​មត៌ក​»។ (​ម៉ាថាយ ១៩:២៩​) សព្វ​ថ្ងៃ​នេះ អស់​អ្នក​ដែល​កាន់​តាម​លោក​យេស៊ូ​អាច​មាន​ឪ​ពុក ម្ដាយ បង​ប្អូន​ប្រុស​ស្រី និង​កូន​ក្នុង​ក្រុម​ជំនុំ។ នេះ​ពិត​ជា​មាន​តម្លៃ​ច្រើន​ជាង​អ្វី​ណា​ក៏​ដោយ​ដែល​យើង​បាន​លះ​បង់​ដើម្បី​រាជាណាចក្រ​របស់​ព្រះ។

​«​យុថ្កា​សម្រាប់​ជីវិត​»​

៦​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក​បម្រើ​របស់​លោក?

ក្រៅ​ពី​ការ​ទទួល​ពរ​ដ៏​អស្ចារ្យ​ជា​ច្រើន​នៅ​ឥឡូវ​នេះ យើង​ក៏​ទន្ទឹង​រង់​ចាំ​ទទួល​ពរ​ដែល​កាន់​តែ​អស្ចារ្យ​នា​ពេល​អនាគត​ដែរ។ (​ធីម៉ូថេ​ទី១ ៤:៨​) ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក ហើយ​ការ​ដឹង​ដូច្នេះ​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​គ្រា​ដែល​មាន​ការ​លំបាក។ ដោយ​ជឿ​ជាក់​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​«​ឲ្យ​រង្វាន់​ដល់​អ្នក​ដែល​ខំ​ស្វែង​រក​លោក​អស់​ពី​ចិត្ដ​»​ នោះ​យើង​អាច​រក្សា​ខ្លួន​ឲ្យ​នៅ​ស្មោះ​ត្រង់។—ហេប្រឺ ១១:៦

៧​. តើ​សេចក្ដី​សង្ឃឹម​ប្រៀប​ដូច​ជា​យុថ្កា​យ៉ាង​ដូច​ម្ដេច?

ក្នុង​សុន្ទរកថា​នៅ​លើ​ភ្នំ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ‹គេ​ធ្លាប់​បៀត​បៀន​ពួក​អ្នក​ប្រកាស​ទំនាយ ដែល​បាន​រស់​នៅ​មុន​អ្នក​រាល់​គ្នា។ ហេតុ​នេះ​ចូរ​សប្បាយ ហើយ​ត្រេក​អរ​ចុះ! ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​សួគ៌›។ (​ម៉ាថាយ ៥:១២​) អ្នក​បម្រើ​ខ្លះ​របស់​ព្រះ​នឹង​ទទួល​រង្វាន់​នៅ​ស្ថាន​សួគ៌។ អ្នក​ឯ​ទៀត​នឹង​ទទួល​រង្វាន់​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​លើ​ផែន​ដី​ជា​សួន​ឧទ្យាន។ នេះ​ក៏​ជា​ហេតុ​ឲ្យ​«​សប្បាយ ហើយ​ត្រេក​អរ​»​ដែរ។ (​ទំនុក​តម្កើង ៣៧:១១; លូកា ១៨:៣០​) ប៉ុន្ដែ ចំពោះ​យើង​ទាំង​អស់​គ្នា សេចក្ដី​សង្ឃឹម​របស់​យើង​អាច​ប្រៀប​ដូច​ជា​«​យុថ្កា​សម្រាប់​ជីវិត​យើង ក៏​រឹង​មាំ​និង​ពិត​ប្រាកដ​»។ (​ហេប្រឺ ៦:១៧​-​២០​) ដូច​យុថ្កា​ដែល​ទប់​កប៉ាល់​ឲ្យ​នៅ​នឹង​ក្នុង​អំឡុង​ខ្យល់​ព្យុះ សេចក្ដី​សង្ឃឹម​ដ៏​រឹង​មាំ​របស់​យើង​អាច​ជួយ​យើង​ឲ្យ​នៅ​មាំ​មួន​និង​មិន​រង្គោះ​រង្គើ។ សេចក្ដី​សង្ឃឹម​នេះ​អាច​ផ្ដល់​កម្លាំង​ចិត្ដ​ឲ្យ​យើង​ស៊ូ​ទ្រាំ​នឹង​គ្រា​ដែល​មាន​ការ​លំបាក។

ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក ហើយ​ការ​ដឹង​ដូច្នេះ​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​គ្រា​ដែល​មាន​ការ​លំបាក

៨​. តើ​សេចក្ដី​សង្ឃឹម​របស់​យើង​កាត់​បន្ថយ​ការ​ខ្វល់​ចិត្ដ​យ៉ាង​ដូច​ម្ដេច?

សេចក្ដី​សង្ឃឹម​របស់​យើង​អាច​ជួយ​កាត់​បន្ថយ​ការ​ខ្វល់​ចិត្ដ។ ដូច​ប្រេង​លាប​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ធូរ​ស្បើយ សេចក្ដី​សន្យា​របស់​ព្រះ​អាច​ធ្វើ​ឲ្យ​ចិត្ដ​របស់​យើង​ដែល​មាន​កង្វល់​ធូរ​ស្រាល។ យើង​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា​យើង ពេល​យើង​ផ្ទេរ​បន្ទុក​របស់​យើង​ទៅ​លើ​លោក។ (​ទំនុក​តម្កើង ៥៥:២២​) យើង​អាច​មាន​ទំនុក​ចិត្ដ​ទាំង​ស្រុង​ថា​ព្រះ​អាច​ធ្វើ​«​ហួស​ពី​អ្វី​ៗ​ទាំង​អស់​ដែល​យើង​សុំ​»។ (​អេភេសូរ ៣:២០​) ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង មិន​គ្រាន់​តែ​យ៉ាង​ច្រើន​ឬ​ច្រើន​ក្រៃ​លែង​ប៉ុណ្ណោះ​ទេ តែ​«​ហួស​»​ពី​នេះ​ទៅ​ទៀត!

៩​. តើ​តាម​របៀប​ណា​យើង​អាច​ប្រាកដ​ថា​យើង​នឹង​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា?

ដើម្បី​ទទួល​រង្វាន់ យើង​ត្រូវ​មាន​ជំនឿ​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក។ ម៉ូសេ​បាន​ប្រាប់​ប្រជា​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង​នៅ​ក្នុង​ស្រុក​ដែល​ទ្រង់​ប្រទាន​មក ឲ្យ​ឯង​ចាប់​យក​ជា​មរដក​នោះ​ជា​មិន​ខាន។ គឺ​បើ​ឯង​គ្រាន់​តែ​ខំ​ប្រឹង​ស្តាប់​តាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ដ​ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ដ​តាម​សេចក្ដី​បញ្ញត្ដ​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ​គ្រប់​ជំពូក​ប៉ុណ្ណោះ។ ដ្បិត​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ដូច​ជា​ទ្រង់​បាន​សន្យា​ហើយ​»។ (​ចោទិយកថា ១៥:៤​-​៦​) តើ​អ្នក​ជឿ​ជាក់​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​អ្នក បើ​អ្នក​បន្ដ​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់​ឬ​ទេ? អ្នក​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​មាន​ទំនុក​ចិត្ដ​បែប​នេះ។

ព្រះ​យេហូវ៉ា​បាន​ឲ្យ​រង្វាន់​ដល់​ពួក​គាត់

១០, ១១​. តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​រង្វាន់​អ្វី​ដល់​យ៉ូសែប?

១០ គម្ពីរ​បាន​ត្រូវ​សរសេរ​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ ក្នុង​គម្ពីរ​មាន​កំណត់​ហេតុ​ជា​ច្រើន​អំពី​របៀប​ដែល​ព្រះ​ឲ្យ​រង្វាន់​ដល់​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក​នៅ​អតីតកាល។ (​រ៉ូម ១៥:៤​) យ៉ូសែប​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​ស្ដី​អំពី​រឿង​នេះ។ ដំបូង បង​ប្រុស​ៗ​របស់​គាត់​បាន​លក់​គាត់​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ។ ក្រោយ​មក ប្រពន្ធ​របស់​ម្ចាស់​គាត់​បាន​ចោទ​ប្រកាន់​គាត់ ហើយ​គាត់​បាន​ត្រូវ​បញ្ជូន​ទៅ​គុក​នៅ​ស្រុក​អេស៊ីប។ ពេល​យ៉ូសែប​នៅ​ក្នុង​គុក តើ​គាត់​បាន​ឃ្លាត​ចេញ​ពី​ព្រះ​យេហូវ៉ា​ឬ​ទេ? មិន​មែន​ទេ! គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​យ៉ូសែប ហើយ​ក៏​ផ្ដល់​សេចក្ដី​សប្បុរស​ដល់​គាត់​»​ ហើយ​ក៏​ចែង​ដែរ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​គាត់ ហើយ​ការ​អ្វី​ដែល​គាត់​ធ្វើ នោះ​ទ្រង់​ធ្វើ​ឲ្យ​ចំរើន​ឡើង​គ្រប់​ជំពូក​»។ (​លោកុប្បត្ដិ ៣៩:២១, ២៣​) សូម្បី​តែ​ក្នុង​គ្រា​នោះ​ដែល​មាន​ការ​លំបាក​ក្ដី យ៉ូសែប​បាន​រង់​ចាំ​ព្រះ​របស់​គាត់​ដោយ​ចិត្ដ​អត់​ធ្មត់។

១១ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ផារ៉ូ​បាន​ដោះ​លែង​យ៉ូសែប​ចេញ​ពី​គុក ហើយ​ខ្ញុំ​បម្រើ​ដែល​មាន​ចិត្ដ​រាប​ទាប​នេះ​បាន​ទៅ​ជា​អ្នក​គ្រប់​គ្រង​ដែល​មាន​អំណាច​ខ្លាំង​បំផុត​ទី២​នៅ​ស្រុក​អេស៊ីប។ (​លោកុប្បត្ដិ ៤១:១, ៣៧​-​៤៣​) ពេល​យ៉ូសែប​និង​ប្រពន្ធ​របស់​គាត់​មាន​កូន​ប្រុស​ពីរ​នាក់ ​«​យ៉ូសែប​ឲ្យ​កូន​ច្បង​ឈ្មោះ​ថា​ម៉ាន៉ា​សេ ដោយ​គិត​ថា ‹ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​អញ​ភ្លេច​សេចក្ដី​ទុក្ខ​លំបាក​របស់​អញ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​គ្រួ​ឪ​ពុក​អញ​ផង› ហើយ​កូន​១​ទៀត​គាត់​ឲ្យ​ឈ្មោះ​ថា​អេប្រាអិម ដោយ​គិត​ថា ‹ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​អញ​មាន​កូន​នៅ​ក្នុង​ស្រុក​នៃ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អញ›​»។ (​លោកុប្បត្ដិ ៤១:៥១, ៥២​) ព្រះ​យេហូវ៉ា​បាន​ឲ្យ​រង្វាន់​ដល់​យ៉ូសែប ដោយ​សារ​គាត់​មាន​ភក្ដី​ភាព​ចំពោះ​លោក ហើយ​គាត់​បាន​សង្គ្រោះ​ទាំង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​ជន​ជាតិ​អេស៊ីប​ពី​ការ​អត់​ឃ្លាន។ ម្យ៉ាង​ទៀត យ៉ូសែប​បាន​ដឹង​ថា​គឺ​ព្រះ​យេហូវ៉ា​ដែល​បាន​ឲ្យ​រង្វាន់​និង​ពរ​ដល់​គាត់។—លោកុប្បត្ដិ ៤៥:៥​-​៩

លោក​យេស៊ូ​ពិត​ជា​មាន​អំណរ​ក្នុង​ការ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ

១២​. ពេល​លោក​យេស៊ូ​បាន​ត្រូវ​ល្បង​ល តើ​តាម​របៀប​ណា​លោក​បាន​រក្សា​ភាព​ស្មោះ​ត្រង់?

១២ លោក​យេស៊ូ​គ្រិស្ដ​ក៏​នៅ​តែ​ស្តាប់​បង្គាប់​ព្រះ ទោះ​ជា​មាន​ការ​ល្បង​ល​ជា​ច្រើន​ក៏​ដោយ ហើយ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​រង្វាន់​ដល់​លោក។ តើ​អ្វី​បាន​ជួយ​លោក​យេស៊ូ​ឲ្យ​នៅ​ស្មោះ​ត្រង់? បណ្ដាំ​របស់​ព្រះ​ពន្យល់​ថា​៖ ​«​ដោយ​សារ​អំណរ​ដែល​នៅ​ខាង​មុខ​លោក លោក​បាន​ស៊ូ​ទ្រាំ​លើ​បង្គោល​ទារុណកម្ម ក៏​បាន​មើល​ងាយ​ចំពោះ​សេចក្ដី​អាម៉ាស់​ខ្មាស​»។ (​ហេប្រឺ ១២:២​) លោក​យេស៊ូ​ពិត​ជា​មាន​អំណរ​ក្នុង​ការ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ។ ម្យ៉ាង​ទៀត លោក​យេស៊ូ​បាន​ទទួល​រង្វាន់ ពោល​គឺ​ការ​ពេញ​ចិត្ដ​ពី​បិតា​របស់​លោក និង​ឯកសិទ្ធិដ៏​អស្ចារ្យ​ជា​ច្រើន។ គម្ពីរ​ចែង​ថា លោក​«​បាន​អង្គុយ​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​នៃ​ព្រះ​»។ គម្ពីរ​ក៏​ចែង​ដែរ​ថា​៖ ​«​ព្រះ​បាន​លើក​តម្កើង​លោក​ឲ្យ​មាន​ឋានៈ​ខ្ពស់​ជាង​មុន ក៏​បាន​មេត្ដា​ឲ្យ​នាម​ដល់​លោក​ដែល​ជា​នាម​ប្រសើរ​ជាង​នាម​ឯ​ទៀត​ទាំង​អស់​»។—ភីលីព ២:៩

ព្រះ​យេហូវ៉ា​មិន​ភ្លេច​អ្វី​ដែល​យើង​ធ្វើ​ទេ

១៣, ១៤​. តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​យើង​ធ្វើ​ដើម្បី​លោក?

១៣ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ធ្វើ​ដើម្បី​បម្រើ​លោក។ លោក​យល់​ពេល​យើង​មិន​មាន​ទំនុក​ចិត្ដ​លើ​ខ្លួន​ឯង ឬ​ពេល​យើង​សង្ស័យ​លើ​សមត្ថភាព​របស់​ខ្លួន។ លោក​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​យើង​ពេល​យើង​មាន​កង្វល់​អំពី​ការ​ងារ ឬ​ការ​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​របស់​យើង។ ម្យ៉ាង​ទៀត លោក​យល់​ពេល​យើង​មិន​អាច​ធ្វើ​អ្វី​ច្រើន​ដូច​ដែល​យើង​ធ្លាប់​ធ្វើ​ពី​មុន​ក្នុង​កិច្ច​បម្រើ​របស់​លោក ពី​ព្រោះ​ឥឡូវ​យើង​មាន​ជំងឺ ឬ​ធ្លាក់​ទឹក​ចិត្ដ។ យើង​អាច​ជឿ​ជាក់​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​ភាព​ស្មោះ​ត្រង់​របស់​យើង ទោះ​ជា​យើង​មាន​បញ្ហា​ក៏​ដោយ។—សូម​អាន ហេប្រឺ ៦:១០, ១១

១៤ សូម​ចាំ​ដែរ​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដែល​«​ស្តាប់​សេចក្ដី​អធិស្ឋាន​»។ យើង​អាច​ប្រាកដ​ថា​ពេល​យើង​អធិស្ឋាន​ទៅ​លោក លោក​នឹង​ស្តាប់​យើង។ (​ទំនុក​តម្កើង ៦៥:២​) ‹បិតា​នៃ​សេចក្ដី​មេត្ដា​ករុណា និង​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង› នឹង​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ត្រូវ​ការ​ដើម្បី​នៅ​ជិត​ស្និទ្ធ​នឹង​លោក។ ជួន​កាល លោក​ប្រហែល​ជា​ធ្វើ​ដូច្នេះ​តាម​រយៈ​បង​ប្អូន​របស់​យើង។ (​កូរិនថូស​ទី២ ១:៣​) ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​ពេល​យើង​បង្ហាញ​ចិត្ដ​មេត្ដា​ករុណា​ចំពោះ​អ្នក​ឯ​ទៀត។ ​«​អ្នក​ណា​ដែល​មាន​ចិត្ដ​អាណិត​ចែក​ដល់​ពួក​ទាល់​ក្រ[​អ្នក​មាន​ទុក្ខ​លំបាក​] នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ​យេហូវ៉ា​ខ្ចី ទ្រង់​នឹង​តប​ស្នង​សង​គុណ​អ្នក​នោះ​វិញ​»។ (​សុភាសិត ១៩:១៧; ម៉ាថាយ ៦:៣, ៤​) ដូច្នេះ ពេល​យើង​មាន​ចិត្ដ​ទូលាយ​ដោយ​ជួយ​បង​ប្អូន​ឯ​ទៀត នោះ​ព្រះ​យេហូវ៉ា​ចាត់​ទុក​ការ​ល្អ​ដែល​យើង​ធ្វើ​ដូច​ជា​ឲ្យ​លោក​ខ្ចី។ ម្យ៉ាង​ទៀត លោក​សន្យា​ថា​លោក​នឹង​ឲ្យ​រង្វាន់​ចំពោះ​សេចក្ដី​សប្បុរស​នោះ។

រង្វាន់​នៅ​ឥឡូវ​នេះ​និង​ជា​រៀង​រហូត

១៥​. តើ​អ្នក​ទន្ទឹង​រង់​ចាំ​ទទួល​រង្វាន់​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

១៥ គ្រិស្ដ​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​មាន​សេចក្ដី​សង្ឃឹម​ទទួល​«​មកុដ​នៃ​សេចក្ដី​សុចរិត​»​ដែល​ជា​រង្វាន់​ពី​លោក​យេស៊ូ។ (​ធីម៉ូថេ​ទី២ ៤:៧, ៨​) ក៏​ប៉ុន្ដែ បើ​អ្នក​មាន​សេចក្ដី​សង្ឃឹម​ផ្សេង នេះ​មិន​មាន​ន័យ​ថា​អ្នក​មិន​សូវ​មាន​តម្លៃ​ចំពោះ​ព្រះ​ទេ។ ​«​ចៀម​ឯ​ទៀត​»​រាប់​លាន​របស់​លោក​យេស៊ូ​ពិត​ជា​ទន្ទឹង​រង់​ចាំ​ទទួល​រង្វាន់​នៅ​ពេល​អនាគត ពោល​គឺ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​លើ​ផែន​ដី​ជា​សួន​ឧទ្យាន។ នៅ​ទី​នោះ​ពួក​គេ​«​នឹង​បាន​ចិត្ដ​រីក​រាយ ដោយ​សេចក្ដី​ក្សេម​ក្សាន្ដ​ដ៏​បរិបូរ​»។—យ៉ូហាន ១០:១៦; ទំនុក​តម្កើង ៣៧:១១

១៦​. តើ​យ៉ូហាន​ទី១ ៣:១៩, ២០​ផ្ដល់​ឲ្យ​យើង​នូវ​ការ​សម្រាល​ទុក្ខ​បែប​ណា?

១៦ ពេល​ខ្លះ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​យើង​មិន​ធ្វើ​ច្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ឬ​យើង​ប្រហែល​ជា​ឆ្ងល់​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​ចំពោះ​អ្វី​ដែល​យើង​ធ្វើ​ឬ​យ៉ាង​ណា។ យើង​ប្រហែល​ជា​ថែម​ទាំង​មាន​អារម្មណ៍​ថា​យើង​មិន​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​រង្វាន់​ណា​ឡើយ។ ប៉ុន្ដែ យើង​មិន​គួរ​ភ្លេច​ថា ​«​ព្រះ​ធំ​ជាង​ចិត្ដ​របស់​យើង ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់​»។ (​សូម​អាន យ៉ូហាន​ទី១ ៣:១៩, ២០) ពេល​យើង​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​សារ​យើង​មាន​ជំនឿ​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក យើង​អាច​ប្រាកដ​ថា​លោក​នឹង​ឲ្យ​រង្វាន់​ដល់​យើង ទោះ​ជា​អ្វី​ដែល​យើង​ធ្វើ​ប្រហែល​ជា​មើល​ទៅ​មាន​តម្លៃ​តិច​តួច​ណាស់​ចំពោះ​យើង​ក្ដី។—ម៉ាកុស ១២:៤១​-​៤៤

១៧​. នៅ​ឥឡូវ​នេះ តើ​យើង​ទទួល​រង្វាន់​អ្វី​ខ្លះ?

១៧ សូម្បី​តែ​នៅ​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន​ក្ដី ព្រះ​យេហូវ៉ា​កំពុងឲ្យ​ពរ​រាស្ដ្រ​របស់​លោក។ លោក​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​ទទួល​ចំណេះ​ជា​បរិបូរ ហើយ​មាន​សេចក្ដី​សុខ​សាន្ដ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​នៅ​ទូ​ទាំង​ពិភព​លោក។ (​អេសាយ ៥៤:១៣​) ពិត​មែន ដូច​លោក​យេស៊ូ​បាន​សន្យា ព្រះ​យេហូវ៉ា​ឲ្យ​រង្វាន់​ដល់​យើង​នៅ​ឥឡូវ​នេះ​ដោយ​ផ្ដល់​ឲ្យ​យើង​នូវ​ក្រុម​គ្រួសារ​មួយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់​នៅ​ទូ​ទាំង​ពិភព​លោក។ (​ម៉ាកុស ១០:២៩, ៣០​) ម្យ៉ាង​ទៀត អ្នក​ដែល​ខំ​ស្វែង​រក​ព្រះ​អស់​ពី​ចិត្ដ​ទទួល​រង្វាន់​ដ៏​អស្ចារ្យ​ជា​សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ ការ​ស្កប់​ចិត្ដ និង​សុភមង្គល។—ភីលីព ៤:៤​-​៧

១៨, ១៩​. តើ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​រង្វាន់​ដែល​ពួក​គាត់​ទទួល?

១៨ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ទូ​ទាំង​ពិភព​លោក​បាន​ទទួល​រង្វាន់​ដ៏​អស្ចារ្យ​ពី​បិតា​របស់​យើង។ ជា​ឧទាហរណ៍ បង​ស្រី​ប៊ីអាន់កា​ដែល​មក​ពី​ប្រទេស​អាល្លឺម៉ង់​និយាយ​ថា​៖ ​«​ទោះ​ជា​ខ្ញុំ​អរគុណ​ព្រះ​យេហូវ៉ា​ច្រើន​យ៉ាង​ណា​ក៏​ដោយ នេះ​មិន​ស្មើ​នឹង​ការ​ដែល​លោក​ជួយ​ខ្ញុំ​ពេល​ខ្ញុំ​ខ្វល់​ចិត្ដ ហើយ​នៅ​ក្បែរ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ​ទេ។ ពិភព​លោក​នេះ​មាន​តែ​ភាព​ច្របូក​ច្របល់​និង​ភាព​អស់​សង្ឃឹម។ ប៉ុន្ដែ កាល​ដែល​ខ្ញុំ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុវត្ថិភាព​ក្នុង​ដៃ​របស់​លោក។ ពេល​ណា​ដែល​ខ្ញុំ​លះ​បង់​ដើម្បី​លោក លោក​ផ្ដល់​ពរ​ឲ្យ​ខ្ញុំ​មក​វិញ​មួយ​ជា​មួយ​រយ​»។

១៩ ម្យ៉ាង​ទៀត សូម​គិត​អំពី​បង​ស្រី​ផូឡា​ដែល​មាន​អាយុ​៧០​ឆ្នាំ​ដែល​រស់​នៅ​ប្រទេស​កាណាដា គាត់​មាន​ជំងឺ​ឆ្អឹង​ខ្នង​ធ្ងន់​ធ្ងរ​ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​ធ្វើ​ចលនា។ គាត់​និយាយ​ថា ដោយ​សារ​បញ្ហា​សុខភាព​របស់​គាត់​ដាក់​កម្រិត​លើ​សកម្មភាព​របស់​គាត់ នេះ​មិន​មាន​ន័យ​ថា​នោះ​ដាក់​កម្រិត​លើ​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់​ទេ។ គាត់​បន្ថែម​ទៀត​ថា​៖ ​«​ខ្ញុំ​បាន​ផ្សព្វ​ផ្សាយ​តាម​របៀប​ផ្សេង​ៗ​ដូច​ជា​តាម​ទូរស័ព្ទ​និង​ក្រៅ​ផ្លូវ​ការ។ ដើម្បី​លើក​ទឹក​ចិត្ដ​ខ្លួន​ឯង ខ្ញុំ​ទុក​សៀវភៅ​កំណត់​ដែល​មាន​បទ​គម្ពីរ​និង​ចំណុច​ផ្សេង​ៗ​ពី​សៀវភៅ​របស់​យើង​ដែល​ខ្ញុំ​អាច​យក​មក​មើល​ម្ដង​ម្កាល។ ខ្ញុំ​ហៅ​សៀវភៅ​កំណត់​នោះ​ថា‹សៀវភៅ​លើក​ទឹក​ចិត្ដ›។ ការ​ធ្លាក់​ទឹក​ចិត្ដ​គឺ​គ្រាន់​តែ​បណ្ដោះ​អាសន្ន បើ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​តែង​តែ​ជួយ​យើង ទោះ​ជា​យើង​មាន​កាលៈទេសៈ​យ៉ាង​ណា​ក៏​ដោយ​»។ ស្ថានភាព​របស់​អ្នក​ប្រហែល​ជា​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ស្ថានភាព​របស់​បង​ប៊ីអាន់កា ឬ​ស្ថានភាព​របស់​បង​ផូឡា។ ក៏​ប៉ុន្ដែ អ្នក​ទំនង​ជា​អាច​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​រង្វាន់​ដល់​អ្នក​និង​បុគ្គល​ដែល​នៅ​ជុំ​វិញ​អ្នក។ គឺ​ជា​ការ​ល្អ​ដែល​អ្នក​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​កំពុង​ឲ្យ​រង្វាន់​ដល់​អ្នក​នៅ​ពេល​ឥឡូវ​នេះ និង​របៀប​ដែល​លោក​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក​នៅ​ពេល​អនាគត។

២០​. បើ​យើង​បន្ដ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ តើ​យើង​អាច​ទន្ទឹង​រង់​ចាំ​អ្វី?

២០ សូម​កុំ​ភ្លេច​ថា​សេចក្ដី​អធិដ្ឋាន​ដ៏​ស្មោះ​របស់​អ្នក​នឹង​«​ទទួល​រង្វាន់​យ៉ាង​ធំ​»។ អ្នក​អាច​ប្រាកដ​ថា​«​ក្រោយ​ពី​បាន​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​»​ អ្នក​នឹង​«​ទទួល​តាម​សេចក្ដី​សន្យា​»។ (​ហេប្រឺ ១០:៣៥, ៣៦​) ដូច្នេះ សូម​យើង​បន្ដ​ពង្រឹង​ជំនឿ​របស់​យើង ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា។ យើង​មាន​ទំនុក​ចិត្ដ​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​រង្វាន់​ដល់​យើង!—សូម​អាន កូឡុស ៣:២៣, ២៤