លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ពី​អ្នក​អាន

សំណួរ​ពី​អ្នក​អាន

តើ​គ្រិស្ដ​សាសនិក​អាច​ប្រើ​កង​ដាក់​ក្នុង​ស្បូន​ដើម្បី​ពន្យារ​កំណើត​ឬ​ទេ?

ស្ដី​អំពី​រឿង​នេះ គូ​ប្ដី​ប្រពន្ធ​នីមួយ​ៗ​ដែល​ជា​គ្រិស្ដ​សាសនិក​គួរ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដែល​អាច​នាំ​ឲ្យ​ពួក​គេ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស។ ដើម្បី​ធ្វើ​ដូច្នេះ ពួក​គេ​ត្រូវ​ពិចារណា​ឲ្យ​បាន​ដិត​ដល់​អំពី​ដំណើរ​ការ​នៃ​កង​ដាក់​ក្នុង​ស្បូន និង​អំពី​គោល​ការណ៍​គម្ពីរ​ណា​ដែល​ជាប់​ទាក់​ទង​នឹង​រឿង​នោះ។

ព្រះ​យេហូវ៉ា​បាន​បង្គាប់​អាដាម​និង​អេវ៉ា ហើយ​ក្រោយ​មក​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​ថា​៖ ​«​ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង​»។ (​លោកុប្បត្ដិ ១:២៨; ៩:១​) គម្ពីរ​មិន​ចែង​ថា​គ្រិស្ដ​សាសនិក​ត្រូវ​ធ្វើ​តាម​បង្គាប់​នេះ​ឡើយ។ ដូច្នេះ គូ​ប្ដី​ប្រពន្ធ​នីមួយ​ៗ​ត្រូវ​សម្រេច​ចិត្ដ​ថា​ពួក​គេ​នឹង​ប្រើ​ឬ​មិន​ប្រើ​វិធី​ពន្យារ​កំណើត​ណា​មួយ​ដើម្បី​កំណត់​ចំនួន​កូន​ក្នុង​គ្រួសារ ឬ​កំណត់​ពេល​ដើម្បី​មាន​កូន។ តើ​ពួក​គេ​គួរ​ពិចារណា​អំពី​កត្ដា​អ្វី​ខ្លះ?

ស្ដី​អំពី​ការ​ពន្យារ​កំណើត គ្រិស្ដ​សាសនិក​គួរ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដែល​មាន​មូលដ្ឋាន​លើ​គោល​ការណ៍​គម្ពីរ។ នេះ​ជា​មូលហេតុ​ដែល​ពួក​គេ​នឹង​មិន​ពន្យារ​កំណើត​ដោយ​រំលូត​កូន​ទេ។ ការ​រំលូត​កូន​គឺ​ជា​វិធី​មួយ​ដែល​បញ្ចប់​ការ​មាន​ផ្ទៃ​ពោះ បើ​កូន​នោះ​មិន​បាន​រំលូត​ទេ តាម​ធម្មតា​នោះ​នឹង​ទៅ​ជា​ទារក។ ការ​រំលូត​កូន​គឺ​ប្រឆាំង​នឹង​គោល​ការណ៍​ក្នុង​គម្ពីរ​ស្ដី​អំពី​ការ​ឲ្យ​តម្លៃ​ចំពោះ​ជីវិត។ (​និក្ខមនំ ២០:១៣; ២១:២២, ២៣; ទំនុក​តម្កើង ១៣៩:១៦; យេរេមា ១:៥​) ចុះ​យ៉ាង​ណា​អំពី​ការ​ប្រើ​កង​ដាក់​ក្នុង​ស្បូន?

ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​១៩៧៩​ជា​ភាសា​អង់គ្លេស(​ទំព័រ​៣០​-​៣១​) បាន​ពន្យល់​អំពី​រឿង​នេះ។ នៅ​សម័យ​នោះ តាម​ធម្មតា​កង​ដាក់​ក្នុង​ស្បូន​ភាគ​ច្រើន​គឺ​ជា​អ្វី​មួយ​ដែល​ធ្វើ​ពី​ប្លាស្ទិក​ដែល​បាន​ត្រូវ​ដាក់​ក្នុង​ស្បូន​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ។ អត្ថបទ​នោះ​បាន​ពន្យល់​ថា​គឺ​មិន​ប្រាកដ​ថា​ការ​ដាក់​កង​ក្នុង​ស្បូន​ដំណើរ​ការ​យ៉ាង​ណា​ទេ។ អ្នក​វិទ្យា​សាស្ដ្រ​ជា​ច្រើន​បាន​និយាយ​ថា​កង​ដាក់​ក្នុង​ស្បូន​រា​រាំង​មេ​ជីវិត​របស់​បុរស​មិន​ឲ្យ​ជួប​អូវុល​ឬ​មេ​ជីវិត​របស់​ស្ដ្រី​ដើម្បី​បង្ក​កំណើត។ បើ​អូវុល​មិន​បាន​ត្រូវ​បង្ក​កំណើត នោះ​ជីវិត​ថ្មី​ក៏​មិន​បាន​ចាប់​ផ្ដើម​ដែរ។

ប៉ុន្ដែ មាន​ទី​សំអាង​ខ្លះ​ដែល​បង្ហាញ​ថា​ជួន​កាល​អូវុល​ក៏​បាន​ត្រូវ​បង្ក​កំណើត​ដែរ។ ស៊ុត​បង្ក​កំណើត​ថ្មី​នោះ​អាច​ធំ​លូត​លាស់​នៅ​ក្នុង​ដៃ​ស្បូន ឬ​អាច​ធ្វើ​ដំណើរ​ចូល​ក្នុង​ស្បូន។ បើ​ស៊ុត​នោះ​បាន​ចូល​ក្នុង​ស្បូន នោះ​កង​ដាក់​ក្នុង​ស្បូន​អាច​ទប់​ស្កាត់​ស៊ុត​បង្ក​កំណើត​មិន​ឲ្យ​ជាប់​ក្នុង​ស្រទាប់​ស្បូន ហើយ​នឹង​បញ្ចប់​ការ​មាន​ផ្ទៃ​ពោះ។ នេះ​គឺ​ដូច​ជា​ការ​រំលូត​កូន។ អត្ថបទ​នោះ​បាន​បញ្ចប់​ដោយ​ថា​៖ ​«​គ្រិស្ដ​សាសនិក​ដែល​មាន​ចិត្ដ​ស្មោះ ហើយ​ដែល​ចង់​ដឹង​ថា​ការ​ប្រើ​កង​ដាក់​ក្នុង​ស្បូន​គឺ​ត្រឹម​ត្រូវ​ឬ​យ៉ាង​ណា គួរ​ពិចារណា​ឲ្យ​បាន​ដិត​ដល់​អំពី​ព័ត៌មាន​នេះ​ដោយ​ផ្អែក​លើ​គោល​ការណ៍​គម្ពីរ​ស្ដី​អំពី​ការ​ឲ្យ​តម្លៃ​ចំពោះ​ភាព​ពិសិដ្ឋ​នៃ​ជីវិត​»។—ទំនុក​តម្កើង ៣៦:៩

ប៉ុន្ដែ​តាំង​ពី​ពេល​ដែល​អត្ថបទ​នោះ​បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ​នៅ​ឆ្នាំ​១៩៧៩ មាន​ការ​រីក​ចម្រើន​ជា​ច្រើន​ក្នុង​វិស័យ​វេជ្ជសាស្ដ្រ​និង​វិទ្យា​សាស្ដ្រ។

នៅ​សព្វ​ថ្ងៃ​នេះ កង​ដាក់​ក្នុង​ស្បូន​មាន​ពីរ​ប្រភេទ​ទៀត។ ប្រភេទ​មួយ គឺ​មាន​ស្ពាន់​ក្នុង​កង ហើយ​បាន​ត្រូវ​ប្រើ​ជា​ទូ​ទៅ​នៅ​សហរដ្ឋ​អាម៉េរិក ចាប់​ពី​ឆ្នាំ​១៩៨៨។ កង​ដាក់​ក្នុង​ស្បូន​មួយ​ប្រភេទ​ទៀត​បញ្ចេញ​អ័រម៉ូន ហើយ​បាន​ចាប់​ផ្ដើម​លក់​នៅ​ឆ្នាំ​២០០១។ តើ​យើង​យល់​យ៉ាង​ណា​អំពី​ដំណើរ​ការ​របស់​កង​ដាក់​ក្នុង​ស្បូន​ទាំង​ពីរ​ប្រភេទ​នេះ?

ស្ពាន់: ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ កង​ដាក់​ក្នុង​ស្បូន​ធ្វើ​ឲ្យ​មេ​ជីវិត​របស់​បុរស​ពិបាក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្បូន​ទៅ​ដល់​អូវុល​របស់​ស្ដ្រី។ លើស​ពី​នេះ​ទៅ​ទៀត តាម​មើល​ទៅ បើ​កង​ដាក់​ក្នុង​ស្បូន​មាន​ស្ពាន់ នោះ​វា​សម្លាប់​មេ​ជីវិត​របស់​បុរស។ * (​សូម​មើល​កំណត់​សម្គាល់​) ម្យ៉ាង​ទៀត កង​ដាក់​ក្នុង​ស្បូន​ប្រភេទ​នេះ ធ្វើ​ឲ្យ​ស្រទាប់​ស្បូន​ប្រែ​ប្រួល។

អ័រម៉ូន: កង​ដាក់​ក្នុង​ស្បូន​ប្រភេទ​មួយ​ទៀត​មាន​អ័រម៉ូន​ដែល​ស្រដៀង​នឹង​អ័រម៉ូន​ដែល​មាន​នៅ​ក្នុង​ថ្នាំ​ពន្យារ​កំណើត។ កង​ដាក់​ក្នុង​ស្បូន​ប្រភេទ​នេះ​ដំណើរ​ការ​ដូច​កង​ដាក់​ក្នុង​ស្បូន​ប្រភេទ​ចាស់ ប៉ុន្ដែ​វា​ក៏​បញ្ចេញ​អ័រម៉ូន​ក្នុង​ស្បូន​ដែរ។ ចំពោះ​ស្ដ្រី​មួយ​ចំនួន វិធី​នេះ​បញ្ឈប់​ពួក​គេ​ពី​ការ​បញ្ចេញ​អូវុល​ឬ​មេ​ជីវិត​របស់​ស្ដ្រី។ បើ​អូវុល​មិន​បាន​ត្រូវ​បញ្ចេញ​ទេ នោះ​វា​ក៏​មិន​អាច​បង្ក​កំណើត​បាន​ដែរ។ ម្យ៉ាងទៀត កង​ដាក់​ក្នុង​ស្បូន​ប្រភេទ​នេះ​ធ្វើ​ឲ្យ​ស្រទាប់​ស្បូន​ទៅ​ជា​ស្ដើង។ * (​សូម​មើល​កំណត់​សម្គាល់​) មួយ​វិញ​ទៀត កង​ដាក់​ក្នុង​ស្បូន​ប្រភេទ​នេះ​ធ្វើ​ឲ្យ​ទឹក​រំអិល​នៅ​មាត់​ស្បូន​ទៅ​ជា​ខាប់ នេះ​ការពារ​មិន​ឲ្យ​មេ​ជីវិត​របស់​បុរស​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ទ្វារ​មាស​ចូល​ទៅ​ក្នុង​ស្បូន​បាន​ទេ។

ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ កង​ដាក់​ក្នុង​ស្បូន​ទាំង​ពីរ​ប្រភេទ​នោះ​មើល​ទៅ​ដូច​ជា​ធ្វើ​ឲ្យ​ស្រទាប់​ស្បូន​ប្រែ​ប្រួល។ នេះ​មាន​ន័យ​ថា​បើ​ស្ដ្រី​បញ្ចេញ​អូវុល ហើយ​ស៊ុត​បាន​បង្ក​កំណើត នោះ​វា​អាច​ចូល​ទៅ​ក្នុង​ស្បូន ប៉ុន្ដែ​វា​មិន​អាច​ធំ​លូត​លាស់​បាន ដោយ​សារ​ស្រទាប់​ស្បូន​មិន​សូវ​អាច​ទទួល​យក។ នេះ​នឹង​បញ្ចប់​ការ​មាន​ផ្ទៃ​ពោះ​នៅ​ដំណាក់​កាល​ដំបូង។ ក៏​ប៉ុន្ដែ អ្នក​វិទ្យា​សាស្ដ្រ​ជឿ​ថា​នេះ​កម្រ​នឹង​កើត​ឡើង​ណាស់ ហើយ​ជួន​កាល​នេះ​ក៏​កើត​ឡើង​ពេល​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ផង​ដែរ។

ដូច្នេះ គ្មាន​អ្នក​ណា​អាច​ដឹង​ច្បាស់​ថា​ការ​ប្រើ​កង​ដាក់​ក្នុង​ស្បូន​ប្រភេទ​ស្ពាន់​ឬ​អ័រម៉ូន​នឹង​រា​រាំង​ទាំង​ស្រុង​មិន​ឲ្យ​អូវុល​ក្លាយ​ទៅ​ជា​ស៊ុត​បង្ក​កំណើត​នោះ​ទេ។ ប៉ុន្ដែ ការ​ស្រាវ​ជ្រាវ​ខាង​វិទ្យា​សាស្ដ្រ​បង្ហាញ​ថា ដោយ​សារ​កង​ដាក់​ក្នុង​ស្បូន​ប្រភេទ​ទាំង​នេះ​ដំណើរ​ការ​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ដោយ​រា​រាំង​អូវុល​មិន​ឲ្យ​ទៅ​ជា​ស៊ុត​បង្ក​កំណើត នោះ​កម្រ​ធ្វើ​ឲ្យ​ស្ដ្រី​មាន​ផ្ទៃ​ពោះ។

ប្ដី​ប្រពន្ធ​ជា​គ្រិស្ដ​សាសនិក​ដែល​ចង់​ប្រើ​កង​ដាក់​ក្នុង​ស្បូន​អាច​ពិគ្រោះ​រឿង​នេះ​ជា​មួយ​នឹង​គ្រូ​ពេទ្យ។ គ្រូ​ពេទ្យ​អាច​ប្រាប់​ពួក​គេ​អំពី​ប្រភេទ​នៃ​កង​ដាក់​ក្នុង​ស្បូន​ដែល​មាន​នៅ​កន្លែង​ដែល​ពួក​គេ​រស់​នៅ ព្រម​ទាំង​អំពី​ផល​ប្រយោជន៍​និង​ផល​វិបាក​ដល់​ប្រពន្ធ​ដែល​មក​ពី​ការ​ប្រើ​វិធី​ទាំង​នេះ។ គូ​ប្ដី​ប្រពន្ធ​មិន​គួរ​អនុញ្ញាត​ឲ្យ​ឬ​រំពឹង​ថា​អ្នក​ឯ​ទៀត សូម្បី​តែ​គ្រូ​ពេទ្យ​ក្ដី សម្រេច​ចិត្ដ​អំពី​អ្វី​ដែល​ពួក​គេ​នឹង​ធ្វើ​ទេ។ (​រ៉ូម ១៤:១២; កាឡាទី ៦:៤, ៥​) នេះ​ជា​ការ​សម្រេច​ចិត្ដ​ផ្ទាល់​ខ្លួន​ដែល​ពួក​គេ​គួរ​ធ្វើ​ជា​ប្ដី​ប្រពន្ធ។ ពួក​គេ​គួរ​មាន​គោល​បំណង​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ​និង​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស។—សូម​ពិនិត្យ​បន្ថែម ធីម៉ូថេ​ទី១ ១:១៨, ១៩; ធីម៉ូថេ​ទី២ ១:៣

^ វគ្គ 8 របាយការណ៍​មួយ​ស្ដី​អំពី​ការ​ណែនាំ​ពី​សេវា​កម្ម​សុខភាព​ប្រទេស​អង់គ្លេស​បាន​រៀប​រាប់​ថា​៖ ​«​កង​ដាក់​ក្នុង​ស្បូន​ដែល​មាន​ស្ពាន់ មាន​ប្រសិទ្ធភាព​ជាង​៩៩​ភាគ​រយ។ នេះ​មាន​ន័យ​ថា​ក្នុង​មួយ​ឆ្នាំ ចំនួន​ស្ដ្រី​ដែល​មាន​ផ្ទៃ​ពោះ​កាល​ដែល​ប្រើ​កង​ដាក់​ក្នុង​ស្បូន​មាន​អត្រា​តិច​ជាង​មួយ​ភាគ​រយ​ក្នុង​ចំណោម​ស្ដ្រី​១០០​នាក់។ កង​ដាក់​ក្នុង​ស្បូន​ដែល​មាន​ស្ពាន់​តិច នោះ​នឹង​មាន​ប្រសិទ្ធភាព​តិច​ដែរ​»។

^ វគ្គ 9 ដោយ​សារ​កង​ដាក់​ក្នុង​ស្បូន​ប្រភេទ​អ័រម៉ូន​ធ្វើ​ឲ្យ​ស្រទាប់​ស្បូន​ស្ដើង ជួន​កាល​គ្រូ​ពេទ្យ​ចេញ​វេជ្ជបញ្ជា​រ​ឲ្យ​ស្ដ្រី​ដែល​រៀប​ការ​និង​ស្ដ្រី​ដែល​នៅ​លីវ​ប្រើ​វិធី​នេះ​ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​មក​រដូវ​ច្រើន​ពេក។