លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

​«​ខ្ញុំ​ដឹង​ថា​គាត់​នឹង​រស់​ឡើង​វិញ​»​

​«​ខ្ញុំ​ដឹង​ថា​គាត់​នឹង​រស់​ឡើង​វិញ​»​

​«​សម្លាញ់​របស់​យើង​បាន​ដេក​លក់​ទៅ​ហើយ ប៉ុន្ដែ​ខ្ញុំ​នឹង​ទៅ​ទី​នោះ​ដើម្បី​ដាស់​គាត់​ពី​ដំណេក​»។ —យ៉ូហាន ១១:១១

ចម្រៀង​លេខ: ៥៤, ១៥៤

១​. តើ​ម៉ាថា​បាន​ជឿ​ជាក់​ថា​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ប្អូន​ប្រុស​របស់​នាង? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ម៉ាថា​ដែល​ជា​មិត្ដ​ភក្ដិ​ជិត​ស្និទ្ធ​របស់​លោក​យេស៊ូ​និង​ជា​អ្នក​កាន់​តាម​លោក បាន​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ដោយ​សារ​ឡាសា​ដែល​ជា​ប្អូន​ប្រុស​របស់​នាង​បាន​ស្លាប់។ តើ​មាន​អ្វី​អាច​សម្រាល​ទុក្ខ​នាង​ឬ​ទេ? ពិត​ជា​មាន។ លោក​យេស៊ូ​បាន​សន្យា​នឹង​នាង​ថា​៖ ​«​ប្អូន​ប្រុស​របស់​នាង​នឹង​រស់​ឡើង​វិញ​»។ ទោះ​ជា​ពាក្យ​ទាំង​នេះ​ប្រហែល​ជា​មិន​បាន​ធ្វើ​ឲ្យ​ម៉ាថា​ឈប់​កើត​ទុក្ខ​ទាំង​ស្រុង​ក៏​ដោយ នាង​បាន​ទុក​ចិត្ដ​លើ​សេចក្ដី​សន្យា​របស់​លោក​យេស៊ូ ហើយ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​គាត់​នឹង​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​ពេល​ដែល​មនុស្ស​ស្លាប់​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ (​យ៉ូហាន ១១:២០​-​២៤​) នាង​ជឿ​ជាក់​ថា​នឹង​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ពេល​អនាគត។ ប៉ុន្ដែ លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​មួយ។ លោក​បាន​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​នោះ​តែ​ម្ដង។

២​. ហេតុ​អ្វី​អ្នក​ចង់​មាន​ទំនុក​ចិត្ដ​ដូច​ម៉ាថា?

យើង​មិន​មាន​ហេតុ​រំពឹង​ថា​លោក​យេស៊ូ ឬ​បិតា​របស់​លោក​នឹង​ប្រោស​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​បាន​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​នៅ​ឥឡូវ​នេះ​ទេ។ ប៉ុន្ដែ​ដូច​ម៉ាថា តើ​អ្នក​ជឿ​ជាក់​ថា​នឹង​មាន​ការ​ប្រោស​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​អ្នក​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត​ឬ​ទេ? ប្រហែល​ជា​អ្នក​បាន​បាត់​បង់​ឪ​ពុក​ឬ​ម្ដាយ ប្ដី​ឬ​ប្រពន្ធ តា​ឬ​យាយ ឬ​កូន​ជា​ទី​ស្រឡាញ់​របស់​អ្នក។ អ្នក​រំភើប​ចិត្ដ​ជា​ខ្លាំង​ពេល​គិត​អំពី​ពេល​ដែល​អ្នក​អាច​ឱប និយាយ និង​សើច​សប្បាយ​ជា​មួយ​នឹង​បុគ្គល​ជា​ទី​ស្រឡាញ់​នោះ។ គួរ​ឲ្យ​សប្បាយ​ចិត្ដ​ណាស់ ដូច​ម៉ាថា​យើង​មាន​មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​និយាយ​ថា ‹ខ្ញុំ​ដឹង​ថា​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​នឹង​រស់​ឡើង​វិញ ពេល​ដែល​មនុស្ស​ស្លាប់​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ›។ ប៉ុន្ដែ គឺ​ជា​ការ​ល្អ​ឲ្យ​គ្រិស្ដ​សាសនិក​ម្នាក់​ៗ​គិត​អំពី​មូលហេតុ​ដែល​យើង​មាន​ទំនុក​ចិត្ដ​នេះ។

៣, ៤​. តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី ហើយ​តើ​នេះ​បាន​ពង្រឹង​ទំនុក​ចិត្ដ​របស់​ម៉ាថា​យ៉ាង​ដូច​ម្ដេច?

ម៉ាថា​បាន​រស់​នៅ​ជិត​ក្រុង​យេរូសាឡិម ដូច្នេះ​នាង​ប្រហែល​ជា​មិន​បាន​ឃើញ​លោក​យេស៊ូ​ប្រោស​កូន​ប្រុស​របស់​ស្ដ្រី​មេ​ម៉ាយ​នៅ​ជិត​ក្រុង​ណេអ៊ីន​នា​ស្រុក​កាលីឡេ​ឲ្យ​រស់​ឡើង​វិញ​ទេ។ ក៏​ប៉ុន្ដែ នាង​ទំនង​ជា​បាន​ឮ​អំពី​រឿង​នោះ។ នាង​ក៏​ទំនង​ជា​បាន​ឮ​ថា​លោក​យេស៊ូ​បាន​ប្រោស​កូន​ស្រី​របស់​យ៉ែរ៉ូស​ឲ្យ​រស់​ឡើង​វិញ​ដែរ។ មនុស្ស​ទាំង​អស់​ដែល​នៅ​ផ្ទះ​របស់​ក្មេង​ស្រី​នោះ​បាន​«​ដឹង​ថា​នាង​បាន​ស្លាប់​មែន​»។ ប៉ុន្ដែ លោក​យេស៊ូ​បាន​ចាប់​ដៃ​របស់​ក្មេង​ស្រី​នោះ ហើយ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​នាង​អើយ! ចូរ​ក្រោក​ឡើង!​»។ ភ្លាម​ៗ​នោះ នាង​ក៏​ក្រោក​ឡើង​មែន។ (​លូកា ៧:១១​-​១៧; ៨:៤១, ៤២, ៤៩​-​៥៥​) ទាំង​ម៉ាថា​ទាំង​ម៉ារៀ​ដែល​ជា​ប្អូន​ស្រី​របស់​នាង បាន​ដឹង​ថា​លោក​យេស៊ូ​អាច​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ។ ដូច្នេះ ពួក​គាត់​បាន​ជឿ​ថា​បើ​លោក​យេស៊ូ​បាន​នៅ​ទី​នោះ ឡាសា​នឹង​មិន​ស្លាប់​ទេ។ ប៉ុន្ដែ ឡាសា​បាន​ស្លាប់​ហើយ ដូច្នេះ​តើ​ម៉ាថា​បាន​រំពឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង? សូម​កត់​សម្គាល់​ថា​នាង​បាន​និយាយ​ថា​ឡាសា​នឹង​រស់​ឡើង​វិញ​នា​ពេល​អនាគត​«​នៅ​ថ្ងៃ​ចុង​ក្រោយ​»។ ហេតុ​អ្វី​នាង​ជឿ​ជាក់​ដូច្នេះ? ម្យ៉ាង​ទៀត ហេតុ​អ្វី​អ្នក​អាច​ជឿ​ជាក់​ថា​នៅ​ថ្ងៃ​អនាគត​នឹង​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​ប្រហែល​ជា​នឹង​រួម​បញ្ចូល​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​អ្នក?

មាន​មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​យើង​មាន​ជំនឿ​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ឥឡូវ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ខ្លះ​ៗ។ អ្នក​ប្រហែល​ជា​នឹង​រក​ឃើញ​ចំណុច​ផ្សេង​ៗ​ក្នុង​បណ្ដាំ​របស់​ព្រះ​ដែល​អ្នក​មិន​សូវ​បាន​ពិចារណា​យ៉ាង​ស៊ី​ជម្រៅ ដែល​នឹង​ពង្រឹង​ជំនឿ​របស់​អ្នក​ថា​អ្នក​នឹង​ជួប​បុគ្គល​ជា​ទី​ស្រឡាញ់​ម្ដង​ទៀត។

ព្រឹត្ដិការណ៍​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម!

៥​. ហេតុ​អ្វី​ម៉ាថា​ជឿ​ជាក់​ថា​ឡាសា​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

សូម​កត់​សម្គាល់​ថា​ម៉ាថា​មិន​បាន​និយាយ​ថា ‹ខ្ញុំ​សង្ឃឹម​ថា​ប្អូន​ប្រុស​របស់​ខ្ញុំ​នឹង​រស់​ឡើង​វិញ›។ នាង​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​គាត់​នឹង​រស់​ឡើង​វិញ​»។ ហេតុ​អ្វី​ម៉ាថា​មាន​ទំនុក​ចិត្ដ​ដូច្នេះ? ពី​ព្រោះ​នាង​បាន​ដឹង​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​បាន​កើត​ឡើង​នៅ​អតីតកាល។ នាង​ទំនង​ជា​បាន​រៀន​នៅ​ផ្ទះ​និង​នៅ​សាលា​ប្រជុំ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទាំង​នោះ​កាល​ដែល​នាង​នៅ​ក្មេង។ ឥឡូវ យើង​នឹង​ពិចារណា​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បី​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​គម្ពីរ។

៦​. តើ​ម៉ាថា​ច្បាស់​ជា​បាន​ដឹង​អំពី​អព្ភូតហេតុ​អ្វី?

ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​លើក​ទី១​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ដែល​ព្រះ​បាន​ផ្ដល់​ឫទ្ធា​នុភាព​ដល់​អេលីយ៉ា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ឲ្យ​ធ្វើ​អព្ភូតហេតុ។ នៅ​ស្រុក​ភេនីស៊ី​ដែល​នៅ​ខាង​ជើង​ស្រុក​អ៊ីស្រាអែល មាន​ក្រុង​មួយ​ដែល​ហៅ​ថា​សេរ៉ាផាត។ នៅ​ទី​នោះ​មាន​ស្ដ្រី​មេ​ម៉ាយ​ក្រី​ក្រ​ម្នាក់​ដែល​បាន​ទទួល​អ្នក​ប្រកាស​ទំនាយ​នេះ​ដោយ​រាក់​ទាក់។ រួច​មក ព្រះ​យេហូវ៉ា​បាន​ធ្វើ​អព្ភូតហេតុ​មួយ។ លោក​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​ប្រេង​និង​ម្សៅ​របស់​គាត់​មិន​ចេះ​អស់​ឡើយ ដើម្បី​ឲ្យ​គាត់​និង​កូន​ប្រុស​របស់​គាត់​អាច​បន្ដ​រស់​នៅ។ (​ពង្សាវតារ​ក្សត្រ​ទី១ ១៧:៨​-​១៦​) ក្រោយ​មក កូន​ប្រុស​របស់​គាត់​ឈឺ ហើយ​បាន​ស្លាប់ តែ​អេលីយ៉ា​បាន​ជួយ​គាត់។ កាល​ដែល​អេលីយ៉ា​កំពុង​ប៉ះ​សព​ក្មេង​ប្រុស​នោះ គាត់​ក៏​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ព្រះ​នៃ​ទូល​បង្គំ​អើយ សូម​ឲ្យ​ព្រលឹង​របស់​កូន​នេះ​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន​វា​វិញ​ចុះ​»​ ហើយ​នេះ​បាន​កើត​ឡើង​មែន! ព្រះ​បាន​ស្តាប់​សេចក្ដី​អធិដ្ឋាន​របស់​អេលីយ៉ា រួច​ក្មេង​ប្រុស​នោះ​មាន​ជីវិត​ឡើង​វិញ។ នោះ​ជា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដំបូង​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ។ (​សូម​អាន ពង្សាវតារ​ក្សត្រ​ទី១ ១៧:១៧​-​២៤) ម៉ាថា​ច្បាស់​ជា​បាន​ដឹង​អំពី​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​នោះ។

៧, ៨​. (​ក​) តើ​អេលីសេ​បាន​ធ្វើ​អ្វី​ដើម្បី​សម្រាល​ទុក្ខ​ម្ដាយ​ម្នាក់​ដែល​បាន​កើត​ទុក្ខ? (​ខ​) តើ​អព្ភូតហេតុ​ដែល​អេលីសេ​បាន​ធ្វើ​បង្ហាញ​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា?

ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​លើក​ទី២​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​អេលីសេ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ។ នៅ​ក្រុង​មួយ​ដែល​ហៅ​ថា​ស៊ូ​ណែម មាន​ស្ដ្រីជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ដែល​គ្មាន​កូន។ ដោយ​សារ​គាត់​បាន​ទទួល​អេលីសេ​ដោយ​រាក់​ទាក់ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​ស្ដ្រី​នោះ​និង​ប្ដី​របស់​គាត់​ដែល​មាន​វ័យ​ចាស់ ដោយ​ឲ្យ​ពួក​គាត់​មាន​កូន​ប្រុស​ម្នាក់។ ប៉ុន្ដែ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក កូន​នោះ​បាន​ស្លាប់។ សូម​គិត​អំពី​អារម្មណ៍​របស់​ម្ដាយ​នោះ គាត់​ពិត​ជា​ឈឺ​ចិត្ដ​ខ្លាំង​ណាស់។ ហេតុ​នេះ​ហើយ គាត់​សុខ​ចិត្ដ​ធ្វើ​ដំណើរ​អស់​៣០​គីឡូ​ម៉ែត្រ(​១៩​ម៉ៃល៍​) ដើម្បី​ទៅ​រក​អេលីសេ​នៅ​ភ្នំ​កើមែល។ អេលីសេ​បាន​ចាត់​កេហាស៊ី​ដែល​ជា​អ្នក​បម្រើ​របស់​គាត់​ឲ្យ​ទៅ​ក្រុង​ស៊ូ​ណែម​មុន​ពួក​គេ​ដើម្បី​ប្រោស​ក្មេង​ប្រុស​នោះ​ឲ្យ​រស់​ឡើង​វិញ។ ប៉ុន្ដែ កេហាស៊ី​មិន​អាច​ប្រោស​ក្មេង​ប្រុស​នោះ​ឲ្យ​រស់​ឡើង​វិញ​ទេ។ ក្រោយ​មក ម្ដាយ​ដែល​កំពុង​កើត​ទុក្ខ​នោះ​បាន​ត្រឡប់​មក​ផ្ទះ​របស់​គាត់​វិញ​ជា​មួយ​នឹង​អេលីសេ។—ពង្សាវតារ​ក្សត្រ​ទី២ ៤:៨​-​៣១

ព្រះ​បាន​បង្ហាញ​ថា​លោក​មាន​សមត្ថភាព​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ

អេលីសេ​បាន​ចូល​ទៅ​កន្លែង​ដែល​គេ​បាន​ដាក់​សព​ក្មេង​នោះ រួច​គាត់​បាន​អធិដ្ឋាន។ ព្រះ​យេហូវ៉ា​បាន​ឆ្លើយ​តប​នឹង​សេចក្ដី​អធិដ្ឋាន​របស់​អេលីសេ ដោយ​ប្រោស​ក្មេង​នោះ​ឲ្យ​រស់​ឡើង​វិញ។ ពេល​ម្ដាយ​នោះ​បាន​ឃើញ​កូន​របស់​គាត់​រស់​ឡើង​វិញ គាត់​សប្បាយ​ចិត្ដ​ជា​ខ្លាំង! (​សូម​អាន ពង្សាវតារ​ក្សត្រ​ទី២ ៤:៣២​-​៣៧) ប្រហែល​ជា​គាត់​បាន​ចាំ​អំពី​សេចក្ដី​អធិដ្ឋាន​របស់​ហាណា។ ហាណា​មិន​អាច​មាន​កូន​បាន​ទេ រហូត​ដល់​ព្រះ​យេហូវ៉ា​បាន​ឲ្យ​គាត់​បង្កើត​កូន​ម្នាក់​ឈ្មោះ​សាំយូអែល។ ក្រោយ​មក ហាណា​បាន​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​សារ​លោក​នាំ​ចុះ​ទៅ​ដល់​ផ្នូរ ហើយ​ក៏​នាំ​ឡើង​មក​វិញ។ (​សាំយូអែល​ទី១ ២:៦​) ក្នុង​ករណី​នោះ ព្រះ​យេហូវ៉ា​បាន​នាំ​ក្មេង​ប្រុស​ពី​ក្រុង​ស៊ូ​ណែម​នោះ​ឡើង​មក​វិញ ដោយ​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ។ ដោយ​ធ្វើ​ដូច្នេះ ព្រះ​បាន​បង្ហាញ​ថា​លោក​មាន​សមត្ថភាព​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។

៩​. សូម​រៀប​រាប់​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​លើក​ទី៣​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ។

មាន​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​មួយ​ទៀត​ដែល​បាន​កើត​ឡើង​ក្រោយ​ពី​អេលីសេ​បាន​ស្លាប់។ គាត់​បាន​បម្រើ​ជា​អ្នក​ប្រកាស​ទំនាយ​អស់​រយៈ​ពេល​ជាង​៥០​ឆ្នាំ ហើយ​ក្រោយ​មក​គាត់​«​ចាប់​ឈឺ​ដោយ​ជំងឺ​ដែល​នាំ​ឲ្យ​លោក​ស្លាប់​»។ ពេល​វេលា​បាន​កន្លង​ផុត​ទៅ សាក​សព​របស់​អេលីសេ​បាន​រលួយ ហើយ​មាន​តែ​ឆ្អឹង​របស់​គាត់​ប៉ុណ្ណោះ​ដែល​នៅ​សល់។ នៅ​ថ្ងៃ​មួយ ពេល​ជន​ជាតិ​អ៊ីស្រាអែល​ខ្លះ​កំពុង​កប់​សព​របស់​បុរស​ម្នាក់ ស្រាប់​តែ​ពួក​គេ​បាន​ឃើញ​សត្រូវ​មួយ​ចំនួន​កំពុង​ទន្ទ្រាន​ចូល​មក។ ជន​ជាតិ​អ៊ីស្រាអែល​នោះ​បាន​ព្យាយាម​គេច​ខ្លួន​យ៉ាង​លឿន ដូច្នេះ​ពួក​គេ​ក៏​បោះ​សព​របស់​បុរស​នោះ​ទៅ​ក្នុង​ផ្នូរ​ឬ​កន្លែង​បញ្ចុះ​សព​របស់​អេលីសេ។ គម្ពីរ​ចែង​ថា​៖ ​«​កាល​ខ្មោច​នោះ​បាន​ប៉ះ​នឹង​ឆ្អឹង​អេលីសេ​ហើយ ស្រាប់​តែ​រស់​ឡើង​វិញ រួច​ក្រោក​ឈរ​ឡើង​»។ (​ពង្សាវតារ​ក្សត្រ​ទី២ ១៣:១៤, ២០, ២១​) កំណត់​ហេតុ​ទាំង​នេះ​បាន​ផ្ដល់​ភ័ស្ដុតាង​ដល់​ម៉ាថា​ថា​ព្រះ​មាន​អំណាច​លើ​សេចក្ដី​ស្លាប់។ នេះ​ក៏​គួរ​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​ថា​ឫទ្ធា​នុភាព​របស់​ព្រះ​គឺ​អស្ចារ្យ​និង​គ្មាន​កម្រិត។

ព្រឹត្ដិការណ៍​ក្នុង​អំឡុង​សម័យ​របស់​ពួក​សាវ័ក

១០​. តើ​ពេត្រុស​បាន​ធ្វើ​អ្វី​ដើម្បី​ជួយ​គ្រិស្ដ​សាសនិក​ម្នាក់​ដែល​បាន​ស្លាប់?

១០ បទ​គម្ពីរ​គ្រិស្ដ​សាសនិក​ជា​ភាសា​ក្រិច​ក៏​មាន​កំណត់​ហេតុ​មួយ​ចំនួន​ស្ដី​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​បាន​ធ្វើ​ដែរ។ យើង​បាន​រៀប​រាប់​រួច​ហើយ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​លោក​យេស៊ូ​បាន​ធ្វើ​នៅ​ជិត​ក្រុង​ណេអ៊ីន​និង​នៅ​ផ្ទះ​របស់​យ៉ែរ៉ូស។ ក្រោយ​មក សាវ័ក​ពេត្រុសបាន​ប្រោស​ដ័រកាស​ដែល​មាន​ឈ្មោះ​មួយ​ទៀត​ថា​តាប៊ីថា​ឲ្យ​រស់​ឡើង​វិញ។ ពេត្រុស​បាន​ចូល​ក្នុង​បន្ទប់​ដែល​គេ​បាន​ដាក់​សព​របស់​នាង ហើយ​បាន​អធិដ្ឋាន រួច​និយាយ​ថា​៖ ​«​តាប៊ីថា ចូរ​ក្រោក​ឡើង!​»។ ភ្លាម​ៗ​នោះ នាង​ក៏​រស់​ឡើង​វិញ ហើយ​ពេត្រុស​បាន​«​បង្ហាញ​នាង​»​ឲ្យ​គ្រិស្ដ​សាសនិក​ឯ​ទៀត​ដែល​នៅ​ទី​នោះ​«​ឃើញ​ថា​នាង​មាន​ជីវិត​រស់​នៅ​»។ ព្រឹត្ដិការណ៍​នេះ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​លើ​មនុស្ស​ជា​ច្រើន​ដែល​នៅ​ក្នុង​ក្រុង​នោះ ហេតុ​នេះ​ហើយ​ពួក​គេ​«​បាន​ទៅ​ជា​អ្នក​ជឿ​លើ​លោក​ម្ចាស់​»។ ជា​លទ្ធផល អ្នក​កាន់​តាម​ថ្មី​ទាំង​នេះ​អាច​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ដំណឹង​ល្អ​ស្ដី​អំពី​លោក​យេស៊ូ ហើយ​ក៏​អាច​ប្រាប់​អ្នក​ទាំង​នោះ​អំពី​សមត្ថភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។—សកម្មភាព ៩:៣៦​-​៤២

១១​. តើ​លូកា​ដែល​ជា​គ្រូ​ពេទ្យ​បាន​ប្រាប់​យ៉ាង​ណា​អំពី​បុរស​វ័យ​ក្មេង​ម្នាក់ ហើយ​តើ​ព្រឹត្ដិការណ៍​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក​ឯ​ទៀត?

១១ មាន​សាក្សី​ជា​ច្រើន​នាក់​ដែល​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មួយ​ទៀត។ នៅ​ពេល​មួយ សាវ័ក​ប៉ូល​បាន​ជួប​ជុំ​ជា​មួយ​នឹង​បង​ប្អូន​នៅ​ក្នុង​បន្ទប់​ខាង​លើ នា​ក្រុង​ត្រូអាស​ដែល​នៅ​សព្វ​ថ្ងៃ​នេះ​នៅ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​នៃ​ប្រទេស​តួកគី។ ប៉ូល​បាន​ថ្លែង​សុន្ទរកថា​រហូត​ដល់​ពាក់​កណ្ដាល​អធ្រាត្រ។ អឺទីកុស​ដែល​ជា​បុរស​វ័យ​ក្មេង​ម្នាក់​បាន​អង្គុយ​ស្តាប់​នៅ​មាត់​បង្អួច ហើយ​បាន​ដេក​លក់ រួច​ធ្លាក់​ពី​ជាន់​ទី៣​ទៅ​ដល់​ដី។ ប្រហែល​ជា​លូកា​គឺ​ជា​បុគ្គល​ដំបូង​ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​ដែល​អឺទីកុស​បាន​ធ្លាក់​នោះ។ ដោយ​សារ​លូកា​ជា​គ្រូ​ពេទ្យ គាត់​ដឹង​ថា​បុរស​វ័យ​ក្មេង​នោះ​មិន​គ្រាន់​តែ​បាន​រង​របួស​ឬ​សន្លប់​ប៉ុណ្ណោះ​ទេ។ គាត់​បាន​ស្លាប់! ប៉ូល​ក៏​បាន​ចុះ​ទៅ​ខាង​ក្រោម​ដែរ។ គាត់​បាន​ឱប​អឺទីកុស ហើយ​ក្រោយ​មក​គាត់​បាន​ធ្វើ​ឲ្យ​ទាំង​អស់​គ្នា​ភ្ញាក់​ផ្អើល ដោយ​និយាយ​ថា​៖ ​«​ព្រលឹង[​«​ជីវិត​»​]គាត់​នៅ​ក្នុង​គាត់​ហើយ​»។ អព្ភូតហេតុ​នេះ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​អស់​អ្នក​ដែល​បាន​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង។ ការ​ដឹង​ថា​បុរស​វ័យ​ក្មេង​នោះ​បាន​ស្លាប់ ហើយ​ក្រោយ​មក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ បាន​ធ្វើ​ឲ្យ​ពួក​គេ​«​ធូរ​ស្រាល​ក្នុង​ចិត្ដ​ជា​ពន់​ពេក​»។—សកម្មភាព ២០:៧​-​១២; កំ.ស.

សេចក្ដី​សង្ឃឹម​ដ៏​គួរ​ឲ្យ​ទុក​ចិត្ដ

១២, ១៣​. ស្ដី​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​យើង​បាន​ពិចារណា​រួច​ហើយ តើ​យើង​ប្រហែល​ជា​នឹង​មាន​សំណួរ​អ្វី​ខ្លះ?

១២ ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​យើង​បាន​ពិចារណា​រួច​ហើយ គួរ​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ដ​ដូច​ម៉ាថា។ យើង​អាច​មាន​ទំនុក​ចិត្ដ​ថា​ព្រះ​របស់​យើង​ដែល​ជា​អ្នក​ផ្ដល់​ជីវិត​ឲ្យ​យើង អាច​ប្រោស​បុគ្គល​ដែល​បាន​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​បាន។ គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន ពេល​ដែល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទាំង​នោះបាន​ត្រូវ​ធ្វើ​ឡើង មាន​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ដូច​ជា​អេលីយ៉ា លោក​យេស៊ូ ឬ​ពេត្រុស ដែល​បាន​នៅ​ទី​នោះ។ ម្យ៉ាង​ទៀត ការ​ប្រាស​ឲ្យ​រស់​ឡើង​វិញ​ទាំង​នោះ​បាន​កើត​ឡើង​នៅ​សម័យ​ដែល​ព្រះ​យេហូវ៉ា​នៅ​តែ​ធ្វើ​អព្ភូតហេតុ។ ចុះ​យ៉ាង​ណា​ពួក​អ្នក​ដែល​បាន​ស្លាប់​នៅ​សម័យ​ដែល​លោក​ឈប់​ធ្វើ​អព្ភូតហេតុ​បែប​នេះ? តើ​បុរស​ស្ដ្រី​ដ៏​ស្មោះ​ត្រង់​អាច​រំពឹង​ថា​ព្រះ​នឹង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត​ឬ​ទេ? តើ​ពួក​គេ​អាច​មាន​ទំនុក​ចិត្ដ​ដូច​ម៉ាថា​ឬ​ទេ ពេល​ដែល​នាង​បាន​និយាយ​អំពី​ប្អូន​ប្រុស​របស់​នាង​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​គាត់​នឹង​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​ពេល​ដែល​មនុស្ស​ស្លាប់​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»​? ហេតុ​អ្វី​នាង​មាន​ជំនឿ​ថា​នឹង​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត ហើយ​ហេតុ​អ្វី​អ្នក​អាច​ជឿ​ជាក់​ដូច្នេះ​ដែរ?

១៣ កំណត់​ហេតុ​មួយ​ចំនួន​ក្នុង​បណ្ដាំ​របស់​ព្រះ​បង្ហាញ​ថា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក បាន​ដឹង​ថា​នឹង​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត។ សូម​ពិចារណា​អំពី​បុគ្គល​ខ្លះ​ក្នុង​ចំណោម​បុគ្គល​ទាំង​នោះ។

១៤​. តើ​កំណត់​ហេតុ​អំពី​អាប្រាហាំ​បង្រៀន​យើង​អ្វី​ស្ដី​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

១៤ សូម​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សុំ​ឲ្យ​អាប្រាហាំ​ធ្វើ​ចំពោះ​អ៊ីសាក​ដែល​ជា​កូន​ប្រុស​ដែល​គាត់​បាន​រង់​ចាំ​អស់​រយៈ​ពេល​យ៉ាង​យូរ។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​យក​អ៊ីសាក​កូន​ឯង​ដែល​ជា​កូន​សំឡាញ់​តែ​១​នោះ​ទៅ​ឥឡូវ នាំ​គ្នា​ទៅ​ឯ​ស្រុក​ម៉ូរីយ៉ា រួច​ថ្វាយ​វា​ជា​ដង្វាយ​ដុត​»។ (​លោកុប្បត្ដិ ២២:២​) តើ​អ្នក​គិត​ថា​អាប្រាហាំ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​គាត់​បាន​ឮ​បង្គាប់​នេះ? ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​តាម​រយៈ​កូន​ចៅ​របស់​អាប្រាហាំ​ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​ទទួល​ពរ។ (​លោកុប្បត្ដិ ១៣:១៤​-​១៦; ១៨:១៨; រ៉ូម ៤:១៧, ១៨​) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ក៏​បាន​មាន​ប្រសាសន៍​ថា​ពរ​នឹង​មក​«​ដោយ​សារ​តែ​អ៊ីសាក​»​ឬ​តាម​រយៈ​អ៊ីសាក។ (​លោកុប្បត្ដិ ២១:១២​) ប៉ុន្ដែ តើ​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច បើ​អាប្រាហាំ​បាន​បូជា​កូន​ប្រុស​របស់​គាត់? ក្រោម​ការ​ដឹក​របស់​ព្រះ ប៉ូល​បាន​ពន្យល់​ថា​អាប្រាហាំ​ជឿ​ថា​ព្រះ​អាច​ប្រោស​អ៊ីសាក​ឲ្យ​រស់​ឡើង​វិញ។ (​សូម​អាន ហេប្រឺ ១១:១៧​-​១៩) ប៉ុន្ដែ គម្ពីរ​មិន​បាន​ចែង​ថា​អាប្រាហាំ​គិត​ថា​អ៊ីសាក​នឹង​រស់​ឡើង​វិញ​ភ្លាម​ៗ ដូច​ជា​ប៉ុន្មាន​ម៉ោង មួយ​ថ្ងៃ ឬ​ក៏​មួយ​សប្ដាហ៍​ក្រោយ​មក​នោះ​ទេ។ អាប្រាហាំ​ប្រាកដ​ជា​មិន​បាន​ដឹង​ថា​កូន​ប្រុស​របស់​គាត់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ពេល​ណា​ឡើយ។ ប៉ុន្ដែ គាត់​មាន​ទំនុក​ចិត្ដ​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រោស​អ៊ីសាក​ឲ្យ​រស់​ឡើង​វិញ។

១៥​. តើ​យ៉ូប​ដែល​ជា​បុរស​ស្មោះ​ត្រង់​មាន​សេចក្ដី​សង្ឃឹម​អ្វី?

១៥ យ៉ូប​ដែល​ជា​បុរស​ដ៏​ស្មោះ​ត្រង់​ក៏​បាន​ដឹង​ដែរ​ថា​នឹង​មានការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត។ គាត់​ដឹង​ថា​បើ​ដើម​ឈើ​បាន​ត្រូវ​កាប់ វា​អាច​ដុះ​ឡើង​ជា​ថ្មី។ ប៉ុន្ដែ នេះ​មិន​អាច​កើត​ឡើង​ចំពោះ​មនុស្ស​បាន​ទេ។ (​យ៉ូប ១៤:៧​-​១២; ១៩:២៥​-​២៧​) បើ​មនុស្ស​ម្នាក់​ស្លាប់ គាត់​មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​គាត់​រស់​ឡើង​វិញ​បាន​ឡើយ។ (​សាំយូអែល​ទី២ ១២:២៣; ទំនុក​តម្កើង ៨៩:៤៨​) នេះ​មិន​មាន​ន័យ​ថា​ព្រះ​មិន​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​នោះ​ទេ។ តាម​ពិត យ៉ូប​បាន​ជឿ​ថា​ព្រះ​យេហូវ៉ា​នឹង​នឹក​ឃើញ​គាត់។ (​សូម​អាន យ៉ូប ១៤:១៣​-​១៥) យ៉ូប​មិន​អាច​ដឹង​ថា​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា​ទេ។ ក៏​ប៉ុន្ដែ យ៉ូប​មាន​ទំនុក​ចិត្ដ​ថា​បុគ្គល​ដែល​បាន​បង្កើត​មនុស្សជាតិ​អាច ហើយ​ក៏​នឹង​នឹក​ឃើញ​គាត់ ព្រម​ទាំង​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ។

១៦​. តើ​ទេវតា​មួយ​រូប​បាន​លើក​ទឹក​ចិត្ដ​ដានីយ៉ែល​យ៉ាង​ដូច​ម្ដេច?

១៦ សូម​គិត​អំពី​ដានីយ៉ែល​ដែល​ជា​បុរស​ដ៏​ស្មោះ​ត្រង់​ម្នាក់​ទៀត។ គាត់​ជា​អ្នក​បម្រើ​ដែល​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ពេញ​មួយ​ជីវិត​របស់​គាត់ ហើយ​ព្រះ​យេហូវ៉ា​បាន​គាំ​ទ្រ​គាត់។ នៅ​ពេល​មួយ ទេវតា​មួយ​រូប​បាន​ហៅ​ដានីយ៉ែល​ថា ​«​ជា​អ្នក​សំណប់​យ៉ាង​សំខាន់​»​ ហើយ​បាន​ប្រាប់​គាត់​ឲ្យ​«​ប្រកប​ដោយ​សេចក្ដី​សុខ​»​និង​ឲ្យ​«​មាន​កំឡាំង​ឡើង​»។—ដានីយ៉ែល ៩:២២, ២៣; ១០:១១, ១៨, ១៩

១៧, ១៨​. តើ​ព្រះ​យេហូវ៉ា​បាន​សន្យា​អ្វី​នឹង​ដានីយ៉ែល?

១៧ ពេល​ដែល​ដានីយ៉ែល​មាន​អាយុ​ជិត​១០០​ឆ្នាំ ហើយ​ជិត​ស្លាប់ គាត់​ប្រហែល​ជា​បាន​គិត​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​គាត់។ តើ​ដានីយ៉ែល​បាន​រំពឹង​ថា​គាត់​នឹង​រស់​ឡើង​វិញ​ឬ​ទេ? គាត់​ពិត​ជា​បាន​រំពឹង​ដូច្នេះ​មែន! ជំពូក​ចុង​ក្រោយ​នៃ​សៀវភៅ​ដានីយ៉ែល​រៀប​រាប់​ថា ព្រះ​បាន​សន្យា​នឹង​គាត់​ថា​៖ ​«​ត្រូវ​ឲ្យ​អ្នក​ទៅ​តាម​ផ្លូវ​របស់​អ្នក​ចុះ ដរាប​ដល់​ចុង​បំផុត ដ្បិត​អ្នក​នឹង​ត្រូវ​សំ​រាក​»។ (​ដានីយ៉ែល ១២:១៣​) ដានីយ៉ែល​បាន​ដឹង​ថា​សេចក្ដី​ស្លាប់​គឺ​ប្រៀប​ដូច​ជា​ការ​សម្រាក ហើយ​ថា​មិន​យូរ​ទៀត​គាត់​នឹង​ចូល​ក្នុង​ផ្នូរ ជា​កន្លែង​ដែល​«​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត​គូរ គ្មាន​ដំ​រិះ ឬ​ប្រាជ្ញា​»។ (​សាស្តា ៩:១០​) ប៉ុន្ដែ នេះ​មិន​មែន​ជា​ទី​បញ្ចប់​សម្រាប់​ដានីយ៉ែល​ទេ។ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​ឲ្យ​គាត់​សម្រាប់​ថ្ងៃ​អនាគត។

១៨ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​[​អ្នក​]នឹង​បាន​ឈរ​ឡើង​វិញ ដើម្បី​ទទួល​ចំណែក​របស់​អ្នក​នៅ​គ្រា​ចុង​បំផុត​»។ ដានីយ៉ែល​មិន​បាន​ដឹង​ច្បាស់​អំពី​ពេល​ដែល​នេះ​នឹង​កើត​ឡើង​ទេ។ គាត់​បាន​យល់​ថា​គាត់​នឹង​ស្លាប់ ហើយ​សម្រាក។ ប៉ុន្ដែ ពេល​ដែល​ដានីយ៉ែល​បាន​ឮ​សេចក្ដី​សន្យា​ថា ​«​[​អ្នក​]នឹង​បាន​ឈរ​ឡើង​វិញ​ដើម្បី​ទទួល​ចំណែក​របស់​អ្នក​»​ គាត់​បាន​យល់​ថា​គាត់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត។ នេះ​នឹង​កើត​ឡើង​យូរ​ក្រោយ​ពី​គាត់​បាន​ស្លាប់​គឺ​«​នៅ​គ្រា​ចុង​បំផុត​»។ គម្ពីរ​យេរូសាឡិម(​Jerusalem Bible​)ចែង​ថា​៖ ​«​អ្នក​នឹង​រស់​ឡើង​វិញ ដើម្បី​ទទួល​ចំណែក​របស់​អ្នក​នៅ​គ្រា​ចុង​បំផុត​»។

ដូច​ម៉ាថា អ្នក​អាច​មាន​ទំនុក​ចិត្ដ​ថា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​កើត​ឡើង​មែន (​សូម​មើល​វគ្គ​១៩, ២០​)

១៩, ២០​. (​ក​) តើ​អ្វី​ដែល​យើង​បាន​ពិចារណា​រួច​ហើយ​ជាប់​ទាក់​ទង​នឹង​ពាក្យ​សម្ដី​របស់​ម៉ាថា​ទៅ​កាន់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​អត្ថបទ​បន្ទាប់?

១៩ ម៉ាថា​ច្បាស់​ជា​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​ជឿ​ជាក់​ថា​ឡាសា​ដែល​ជា​ប្អូន​ប្រុស​ដ៏​ស្មោះ​ត្រង់​របស់​នាង​នឹង​«​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​»។ សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ដានីយ៉ែល ព្រម​ទាំង​ជំនឿ​ដ៏​រឹង​មាំ​របស់​ម៉ាថា​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត គួរ​ផ្ដល់​ទំនុក​ចិត្ដ​ឲ្យ​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ថា​នឹង​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត។

២០ យើង​បាន​រៀន​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​បាន​ធ្វើ​ឡើង​នៅ​អតីតកាល។ នេះ​ផ្ដល់​ភ័ស្ដុតាង​ថា​មនុស្ស​ស្លាប់​អាច​រស់​ឡើង​វិញ​បាន។ យើង​ក៏​បាន​រៀន​ថា​បុរស​ស្ដ្រី​ដែល​បាន​បម្រើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់​បាន​រំពឹង​ថា នឹង​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត​ដែរ។ ប៉ុន្ដែ តើ​មាន​ទី​សំអាង​ឬ​ទេ​ដែល​បញ្ជាក់​ថា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​អាច​កើត​ឡើង ទោះ​ជា​យូរ​ក្រោយ​ពី​ពេល​ដែល​ព្រះ​បាន​សន្យា​ក្ដី? បើ​មាន​មែន នេះ​នឹង​ផ្ដល់​មូលហេតុ​ថែម​ទៀត​ឲ្យ​យើង​ទន្ទឹង​រង់​ចាំ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត។ តែ​តើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? យើង​នឹង​ពិចារណា​ចំណុច​ទាំង​នេះ​នៅ​អត្ថបទ​បន្ទាប់។