ជីវប្រវត្ដិ
ខ្ញុំបានលះចោលអ្វីៗដើម្បីទៅតាមគ្រិស្ដ
ពេលខ្ញុំអាយុ១៦ឆ្នាំ ឪពុករបស់ខ្ញុំបាននិយាយថា៖ «បើឯងទៅផ្សព្វផ្សាយ កុំត្រឡប់មកវិញ។ បើឯងមកវិញ ប៉ានឹងវ៉ៃបំបាក់ជើងឯង»។ ដូច្នេះ ខ្ញុំបានសម្រេចចិត្ដចាកចេញពីផ្ទះ។ នេះជាលើកដំបូងដែលខ្ញុំបានលះចោលអ្វីៗដើម្បីទៅតាមលោកយេស៊ូដែលជាម្ចាស់របស់យើង។
ហេតុអ្វីឪពុករបស់ខ្ញុំខឹងខ្លាំងម៉្លេះ? ខ្ញុំសូមរៀបរាប់អំពីជីវប្រវត្ដិរបស់ខ្ញុំ។ ខ្ញុំបានកើតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩២៩ ហើយបានធំឡើងនៅភូមិមួយ នាខេត្ដបូឡាខេន ប្រទេសហ្វីលីពីន។ ក្រុមគ្រួសាររបស់យើងមិនមានលុយច្រើនទេ ហើយយើងមានជីវិតសាមញ្ញ។ ពេលខ្ញុំនៅក្មេង កងទ័ពជប៉ុនបានវាយលុកចូលប្រទេសហ្វីលីពីន ហើយនេះបង្កឲ្យមានសង្គ្រាមផ្ទុះឡើង។ ប៉ុន្ដែ ភូមិរបស់យើងនៅឆ្ងាយដាច់ស្រយាល ដូច្នេះសង្គ្រាមមិនបានប៉ះពាល់ដល់យើងឡើយ។ យើងមិនមានវិទ្យុ ទូរទស្សន៍ ឬកាសែតទេ ដូច្នេះយើងគ្រាន់តែបានទទួលព័ត៌មានអំពីសង្គ្រាមពីអ្នកឯទៀត។
ខ្ញុំមានបងប្អូន៨នាក់ ហើយពេលខ្ញុំអាយុ៨ឆ្នាំ យាយតារបស់ខ្ញុំបានយកខ្ញុំទៅរស់នៅជាមួយនឹងពួកគាត់។ ក្រុមគ្រួសារយើងកាន់សាសនាកាតូលិក។ ទោះជាយើងមានសាសនាហើយក៏ដោយ តារបស់ខ្ញុំសុខចិត្ដនិយាយអំពីសាសនាផ្សេងៗ ហើយបានទទួលយកសៀវភៅសាសនាដែលមិត្ដភក្ដិរបស់គាត់បានឲ្យគាត់។ ខ្ញុំចាំថាគាត់បានបង្ហាញខ្ញុំនូវកូនសៀវភៅមួយចំនួនដែលមានចំណងជើងថា ការការពារ (Protection) សុវត្ថិភាព (Safety) និងការលាតត្រដាង (Uncovered) ជាភាសាតាកាឡុក * (សូមមើលកំណត់សម្គាល់) ព្រមទាំងគម្ពីរផងដែរ។ ខ្ញុំចូលចិត្ដអានគម្ពីរ ជាពិសេសសៀវភៅដំណឹងល្អទាំងបួន។ ការធ្វើដូច្នេះ បាននាំឲ្យខ្ញុំចង់ធ្វើតាមគំរូរបស់លោកយេស៊ូ។—យ៉ូហាន ១០:២៧
ការរៀនឲ្យចេះធ្វើតាមលោកម្ចាស់
កងទ័ពជប៉ុនបានចាកចេញពីប្រទេសហ្វីលីពីននៅឆ្នាំ១៩៤៥។ នៅពេលនោះ ឪពុកម្ដាយរបស់ខ្ញុំបានសុំខ្ញុំឲ្យត្រឡប់ទៅផ្ទះវិញ ហើយតារបស់ខ្ញុំក៏បានលើកទឹកចិត្ដខ្ញុំឲ្យទៅវិញដែរ ដូច្នេះខ្ញុំបានទៅ។
នៅខែធ្នូ ឆ្នាំ១៩៤៥ សាក្សីព្រះយេហូវ៉ាដែលមកពីក្រុងអាងកាតបានមកផ្សព្វផ្សាយនៅភូមិយើង។ សាក្សីម្នាក់ដែលមានវ័យចាស់បានមកផ្ទះរបស់យើង ហើយបានពន្យល់អំពីអ្វីដែលគម្ពីរចែងស្ដីអំពី«គ្រាចុងក្រោយបង្អស់»។ (ធីម៉ូថេទី២ ៣:១-៥) គាត់បានអញ្ជើញយើងឲ្យចូលរួមសិក្សាគម្ពីរនៅភូមិមួយជិតយើង។ ខ្ញុំបានទៅ ទោះជាឪពុកម្ដាយរបស់ខ្ញុំមិនបានទៅក៏ដោយ។ នៅទីនោះមានមនុស្សប្រហែលជា២០នាក់ ហើយអ្នកខ្លះបានសួរសំណួរអំពីគម្ពីរ។
ខ្ញុំមិនសូវយល់អំពីអ្វីដែលពួកគេនិយាយទេ ដូច្នេះខ្ញុំបានសម្រេចចិត្ដចាកចេញ។ ប៉ុន្ដែពេលខ្ញុំហៀបនឹងចាកចេញ ពួកគេបានចាប់ផ្ដើមច្រៀង
ចម្រៀងរាជាណាចក្រ។ ចម្រៀងនោះស្តាប់ទៅដូចជាពីរោះ ដូច្នេះខ្ញុំមិនបានចាកចេញទេ។ ក្រោយពីច្រៀងចម្រៀងនិងអធិដ្ឋាន យើងទាំងអស់គ្នាបានត្រូវអញ្ជើញឲ្យចូលរួមកិច្ចប្រជុំមួយនៅថ្ងៃអាទិត្យបន្ទាប់ នាក្រុងអាងកាត។កិច្ចប្រជុំនោះបានត្រូវធ្វើឡើងនៅផ្ទះរបស់ក្រុមគ្រួសារបងគ្រូស ហើយយើងបានដើរប្រហែលជា៨គីឡូម៉ែត្រ (ប្រាំម៉ៃល៍) ដើម្បីទៅដល់ទីនោះ។ មានមនុស្សប្រហែលជា៥០នាក់ជួបជុំគ្នានៅទីនោះ ហើយខ្ញុំបានកោតស្ងើចពេលឃើញថាសូម្បីតែកូនក្មេងក៏បានឆ្លើយសំណួរអំពីប្រធានបទផ្សេងៗដែលស៊ីជម្រៅនៅក្នុងគម្ពីរដែរ។ ក្រោយពីខ្ញុំបានចូលរួមកិច្ចប្រជុំប៉ុន្មានដង បងប្រុសដាមាន សានថូសដែលជាអ្នកត្រួសត្រាយដែលមានវ័យចាស់ ហើយដែលធ្លាប់ធ្វើជាអភិបាលក្រុង បានអញ្ជើញខ្ញុំឲ្យស្នាក់នៅផ្ទះរបស់គាត់មួយយប់។ យើងនិយាយគ្នាជិតពេញមួយយប់អំពីគម្ពីរ។
នៅសម័យនោះ មិនយូរក្រោយពីមនុស្សបានរៀនសេចក្ដីបង្រៀនបឋមៗក្នុងគម្ពីរ ពួកគេបានទទួលការជ្រមុជទឹក។ ដូច្នេះ ក្រោយពីខ្ញុំបានចូលរួមកិច្ចប្រជុំប៉ុន្មានដងប៉ុណ្ណោះ បងប្អូនបានសួរខ្ញុំនិងអ្នកឯទៀតថា៖ «តើប្អូនចង់ទទួលការជ្រមុជទឹកទេ?»។ ខ្ញុំបានឆ្លើយថា៖ «បាទ ខ្ញុំចង់»។ ខ្ញុំបានដឹងថាខ្ញុំចង់ធ្វើជា«ខ្ញុំបម្រើដើម្បីលោកម្ចាស់ គឺគ្រិស្ដ»។ (កូឡុស ៣:២៤) យើងបានទៅទន្លេមួយដែលនៅជិតនោះ រួចខ្ញុំនិងបុគ្គលម្នាក់ទៀតបានទទួលការជ្រមុជទឹកនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៤៦។
ខ្ញុំបានទទួលស្គាល់ថាគ្រិស្ដសាសនិកដែលបានទទួលការជ្រមុជទឹកគួរតែផ្សព្វផ្សាយជាទៀងទាត់ដូចលោកយេស៊ូបានធ្វើដែរ។ ឪពុករបស់ខ្ញុំបានគិតថាខ្ញុំនៅក្មេងពេកដើម្បីផ្សព្វផ្សាយ ហើយថាគ្រាន់តែទទួលការជ្រមុជទឹកមិននាំឲ្យខ្ញុំធ្វើជាអ្នកផ្សាយម្នាក់បានទេ។ ខ្ញុំបានពន្យល់គាត់ថាបំណងប្រាថ្នារបស់ព្រះគឺឲ្យយើងផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់លោក។ (ម៉ាថាយ ២៤:១៤) ខ្ញុំក៏បាននិយាយដែរថាខ្ញុំត្រូវធ្វើតាមសេចក្ដីសន្យារបស់ខ្ញុំចំពោះព្រះ។ នេះគឺជាពេលដែលឪពុករបស់ខ្ញុំបានគំរាមខ្ញុំដូចដែលខ្ញុំបានរៀបរាប់នៅដើមដំបូង។ គាត់តាំងចិត្ដធ្វើឲ្យខ្ញុំឈប់ផ្សព្វផ្សាយ។ នេះគឺជាលើកដំបូងដែលខ្ញុំត្រូវធ្វើការលះបង់ដើម្បីបម្រើព្រះយេហូវ៉ា។
ក្រុមគ្រួសារបងគ្រូសបានអញ្ជើញខ្ញុំឲ្យទៅរស់នៅជាមួយនឹងពួកគាត់នៅក្រុងអាងកាត។ ពួកគាត់ក៏បានលើកទឹកចិត្ដខ្ញុំនិងណូរ៉ាដែលជាកូនស្រីពៅរបស់ពួកគាត់ឲ្យចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយ។ យើងទាំងពីរនាក់បានចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៤៧។ ណូរ៉ាបានធ្វើជាអ្នកត្រួសត្រាយនៅក្រុងផ្សេង តែខ្ញុំបានបន្ដបម្រើនៅក្រុងអាងកាត។
ឱកាសមួយទៀតដើម្បីលះចោលអ្វីៗដែលនៅខាងក្រោយ
ក្រោយពីខ្ញុំបានធ្វើជាអ្នកត្រួសត្រាយអស់រយៈពេលពីរឆ្នាំ បងប្រុសអ៊ើល ស្ទូអាតដែលមកពីបេតអែលបានថ្លែងសុន្ទរកថាដល់មនុស្សជាង៥០០នាក់នៅទីលានសាធារណៈនៃក្រុងអាងកាត។ គាត់បានថ្លែងសុន្ទរកថាជាភាសាអង់គ្លេស ហើយក្រោយមកខ្ញុំបានថ្លែងសុន្ទរកថានោះដោយសង្ខេបជាភាសាតាកាឡុក។ នេះគឺជាសុន្ទរកថាដំបូងក្នុងចំណោមសុន្ទរកថាជាច្រើនដែលខ្ញុំបានបកប្រែ។ ហេតុអ្វីខ្ញុំអាចធ្វើដូច្នេះបាន? ទោះជាខ្ញុំបានចូលរៀនអស់រយៈពេលតែ៧ឆ្នាំក្ដី គ្រូបង្រៀនរបស់ខ្ញុំតែងតែប្រើភាសាអង់គ្លេស។ ម្យ៉ាងទៀត ខ្ញុំបានសិក្សាសៀវភៅជាច្រើនរបស់យើងជាភាសាអង់គ្លេស ដោយសារនៅពេលនោះមិនសូវមានសៀវភៅរបស់យើងដែល
មានមូលដ្ឋានលើគម្ពីរ ជាភាសាតាកាឡុកទេ។ អ្វីទាំងនេះបានជួយខ្ញុំឲ្យយល់ភាសាអង់គ្លេសច្រើនល្មមដើម្បីបកប្រែសុន្ទរកថា។បងស្ទូអាតបានប្រាប់ក្រុមជំនុំនៅតំបន់នោះថាសាសនទូតនឹងចាកចេញពីប្រទេសហ្វីលីពីនដើម្បីចូលរួមសន្និបាតអន្ដរជាតិនៅឆ្នាំ១៩៥០ដែលមានប្រធានថា ការរីកចម្រើននៃការគ្រប់គ្រងរបស់ព្រះ នៅក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ ដូច្នេះ ការិយាល័យសាខាចង់ឲ្យអ្នកត្រួសត្រាយម្នាក់ឬពីរនាក់ជួយបម្រើនៅបេតអែល។ ខ្ញុំបានត្រូវអញ្ជើញ។ លើកនេះដែរ ខ្ញុំបានលះបង់អ្វីៗដែលខ្ញុំមានដើម្បីបម្រើនៅបេតអែល។
ខ្ញុំបានទៅបេតអែលនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៥០។ នៅពេលនោះ យើងប្រើវីឡាចាស់មួយដើម្បីធ្វើជាបេតអែល។ បេតអែលនោះមានដើមឈើធំៗនៅជុំវិញ ហើយមានដីទំហំមួយហិចតា។ មានបងប្អូនប្រុសដែលនៅលីវប្រហែលជា១២នាក់ដែលធ្វើការនៅទីនោះ។ នៅពេលព្រឹកព្រលឹម ខ្ញុំបានជួយនៅក្នុងផ្នែកផ្ទះបាយ។ ក្រោយមក ប្រហែលជាចាប់ពីម៉ោង៩ព្រឹក ខ្ញុំបានអ៊ុតខោអាវនៅផ្នែកបោកអ៊ុត ហើយនៅពេលរសៀលខ្ញុំធ្វើកិច្ចការខាងផ្នែកទាំងពីរនោះម្ដងទៀត។ សូម្បីតែក្រោយពីសាសនទូតបានត្រឡប់មកពីសន្និបាតអន្ដរជាតិវិញ ខ្ញុំនៅតែបម្រើនៅបេតអែល។ ខ្ញុំបានធ្វើអ្វីក៏ដោយដែលបងប្អូនសុំខ្ញុំឲ្យធ្វើ។ ខ្ញុំបានធ្វើកិច្ចការខាងវេចខ្ចប់ទស្សនាវដ្ដីដើម្បីផ្ញើតាមប៉ុស្តិ៍ប្រៃសណីយ៍ បានធ្វើកិច្ចការដែលទាក់ទងនឹងអ្នកជាវទស្សនាវដ្ដី និងបានបម្រើជាអ្នកទទួលភ្ញៀវ។
ការចាកចេញពីប្រទេសហ្វីលីពីនដើម្បីចូលសាលាគីលាត
នៅឆ្នាំ១៩៥២ ខ្ញុំនិងបងប្អូន៦នាក់ទៀតដែលមកពីប្រទេសហ្វីលីពីន បានត្រូវអញ្ជើញឲ្យចូលសាលាគីលាតជំនាន់ទី២០។ ខ្ញុំរំភើបចិត្ដណាស់! កាលដែលយើងនៅសហរដ្ឋអាម៉េរិក យើងបានឃើញនិងធ្វើអ្វីៗជាច្រើនដែលថ្មី។ ជីវិតនៅទីនោះគឺខុសគ្នាឆ្ងាយពីជីវិតរបស់ខ្ញុំពេលខ្ញុំនៅភូមិដ៏តូច។
ជាឧទាហរណ៍ យើងត្រូវរៀនអំពីរបៀបប្រើប្រាស់គ្រឿងអេឡិចត្រូនិកនិងរបៀបប្រើសម្ភារផ្ទះបាយដែលយើងមិនដែលធ្លាប់ឃើញពីមុន។ សូម្បីតែអាកាសធាតុក៏ខុសគ្នាដែរ! នៅព្រឹកមួយ ពេលខ្ញុំបានភ្ញាក់ពីគេង ខ្ញុំបានឃើញអ្វីៗទាំងអស់នៅខាងក្រៅសុទ្ធតែពណ៌ស។ នោះជាលើកដំបូងដែលខ្ញុំបានឃើញព្រិល។ វាពិតជាស្អាតមែន ប៉ុន្ដែភ្លាមៗនោះខ្ញុំបានដឹងថាវាត្រជាក់ខ្លាំងណាស់!
ខ្ញុំពិតជាចូលចិត្ដការបង្ហាត់បង្រៀនដ៏ល្អនៅសាលាគីលាតខ្លាំងណាស់ ដូច្នេះការផ្លាស់ប្ដូរទាំងនោះមិនមែនជាបញ្ហាសម្រាប់ខ្ញុំទេ។ អ្នកបង្ហាត់បង្រៀនគឺជាគ្រូបង្រៀនដ៏ល្អ ហើយពួកគាត់បានបង្ហាញយើងអំពីរបៀបសិក្សានិងរបៀបធ្វើការស្រាវជ្រាវ។ ការបង្ហាត់បង្រៀននៅសាលាគីលាតពិតជាបានជួយខ្ញុំឲ្យពង្រឹងចំណងមិត្ដភាពរបស់ខ្ញុំជាមួយនឹងព្រះយេហូវ៉ា។
ក្រោយពីខ្ញុំបានបញ្ចប់វគ្គសិក្សានោះ ខ្ញុំបានត្រូវចាត់ឲ្យបម្រើជាអ្នកត្រួសត្រាយពិសេសបណ្ដោះអាសន្ននៅតំបន់ប្រនស៍ នាក្រុងញូវយ៉ក។ ដូច្នេះនៅខែកក្កដា ឆ្នាំ១៩៥៣ ខ្ញុំអាចចូលរួមសន្និបាតដែលមានប្រធានថាសង្គមពិភពលោកថ្មី ដែលបានត្រូវធ្វើឡើងនៅតំបន់ប្រនស៍។ ក្រោយពីសន្និបាតនោះ ខ្ញុំបានត្រូវចាត់ឲ្យត្រឡប់ទៅប្រទេសហ្វីលីពីនវិញ។
ខ្ញុំចាកចេញពីក្រុងដ៏ស្រួលរស់នៅ
បងប្រុសៗនៅបេតអែលបានចាត់ខ្ញុំឲ្យធ្វើកិច្ចការត្រួតពិនិត្យមណ្ឌល។ នេះបានផ្ដល់ឱកាសកាន់តែច្រើនឲ្យខ្ញុំយកតម្រាប់លោកយេស៊ូ ដែលបានធ្វើដំណើរឆ្ងាយ ពីក្រុងមួយទៅក្រុងមួយដើម្បីជួយរាស្ដ្ររបស់ព្រះយេហូវ៉ា។ ពេត្រុសទី១ ២:២១) មណ្ឌលរបស់ខ្ញុំគឺជាផ្នែកធំមួយនៃភាគកណ្ដាលរបស់កោះលូហ្សន់ដែលជាកោះធំជាងគេនៅប្រទេសហ្វីលីពីន។ កោះនេះរួមបញ្ចូលខេត្ដបូឡាខេន នូអីវ៉ា អេស៊ីហា តាឡាក និងសាំបាឡេ។ ដើម្បីធ្វើទស្សនកិច្ចនៅក្រុងមួយចំនួន ខ្ញុំត្រូវឆ្លងកាត់ភ្នំសៀរ៉ា ម៉ាត្រេ។ គ្មានឡានក្រុងឬរថភ្លើងទៅកន្លែងទាំងនោះទេ ដូច្នេះខ្ញុំត្រូវសុំពួកអ្នកបើកឡានដឹកទំនិញអង្គុយនៅលើឈើដែលពួកគេកំពុងដឹកនោះ។ ជាច្រើនដងពួកគេបានអនុញ្ញាតឲ្យខ្ញុំធ្វើដូច្នេះ ប៉ុន្ដែការធ្វើដំណើរតាមមធ្យោបាយនេះគឺមិនស្រួលទេ។
(ក្រុមជំនុំភាគច្រើនគឺថ្មី ហើយតូច។ ដូច្នេះ បងប្អូនសប្បាយចិត្ដណាស់ពេលដែលខ្ញុំបានជួយពួកគេរៀបចំកិច្ចប្រជុំនិងកិច្ចផ្សព្វផ្សាយឲ្យបានល្អប្រសើរជាង។
ក្រោយមក ខ្ញុំបានត្រូវចាត់ឲ្យទៅមណ្ឌលមួយដែលនៅតំបន់ប៊ីខូលទាំងមូល។ នៅតំបន់នោះ មានក្រុមដាច់ស្រយាលជាច្រើន។ អ្នកត្រួសត្រាយពិសេសបានផ្សព្វផ្សាយនៅកន្លែងទាំងនោះដែលមិនធ្លាប់មានសាក្សីផ្សព្វផ្សាយពីមុនទេ។ នៅផ្ទះមួយ មានបង្គន់ដែលមានរណ្ដៅធំដែលមានបន្ទះឈើពីរអមសងខាង។ ពេលដែលខ្ញុំឈរលើបន្ទះឈើនោះ ស្រាប់តែវាបានធ្លាក់ចូលក្នុងរណ្ដៅនោះ រួចខ្ញុំក៏ធ្លាក់ចូលក្នុងនោះដែរ។ ខ្ញុំបានចំណាយពេលយូរដើម្បីលាងសម្អាតនិងរៀបចំខ្លួនមុនបរិភោគអាហារពេលព្រឹក!
ពេលខ្ញុំបានបម្រើនៅតំបន់នោះ ខ្ញុំចាប់ផ្ដើមគិតអំពីណូរ៉ាដែលបានធ្វើជាអ្នកត្រួសត្រាយដំណាលគ្នានឹងខ្ញុំ។ នៅពេលនោះ គាត់បម្រើជាអ្នកត្រួសត្រាយពិសេសនៅក្រុងឌូម៉ាហ្គេថេ ហើយខ្ញុំបានទៅលេងគាត់។ ក្រោយពីពេលនោះមក យើងបានសរសេរសំបុត្រឲ្យគ្នាទៅវិញទៅមកសម្រាប់មួយរយ:ពេល ហើយនៅឆ្នាំ១៩៥៦ យើងបានរៀបការ។ សប្ដាហ៍ដំបូងក្រោយពីយើងបានរៀបការ យើងបានធ្វើទស្សនកិច្ចនៅក្រុមជំនុំមួយនាកោះរ៉ាភូ រ៉ាភូ។ នៅទីនោះយើងត្រូវឡើងភ្នំ ហើយត្រូវដើរឆ្ងាយ ប៉ុន្ដែយើងសប្បាយចិត្ដដោយសារយើងនៅជាមួយគ្នា ហើយក៏សប្បាយជួយបងប្អូនដែលរស់នៅកន្លែងដ៏ឆ្ងាយនោះដែរ។
ការអញ្ជើញឲ្យបម្រើនៅបេតអែលម្ដងទៀត
ក្រោយពីយើងបានធ្វើកិច្ចការត្រួតពិនិត្យមណ្ឌលអស់រយៈពេលប្រហែលជាបួនឆ្នាំ យើងបានទទួលសេចក្ដីអញ្ជើញឲ្យបម្រើនៅការិយាល័យសាខា។ នៅខែមករា ឆ្នាំ១៩៦០ យើងបានចាប់ផ្ដើមធ្វើការនៅទីនោះ។ ក្នុងអំឡុងពេលជាច្រើនឆ្នាំដែលយើងបានបម្រើនៅបេតអែល ខ្ញុំបានរៀនច្រើនពីការរួមធ្វើកិច្ចការជាមួយនឹងបងប្អូនដែលមានភារកិច្ចសំខាន់ៗក្នុងអង្គការរបស់ព្រះយេហូវ៉ា។ រីឯណូរ៉ា គាត់មានអំណរក្នុងការបំពេញភារកិច្ចផ្សេងៗនៅបេតអែល។
ខ្ញុំសប្បាយចិត្ដដោយបានឃើញមនុស្សកាន់តែច្រើនបម្រើព្រះយេហូវ៉ានៅប្រទេសហ្វីលីពីន។ ពេលខ្ញុំបានចូលបម្រើនៅបេតអែលជាលើកដំបូង ខ្ញុំជាបុរសវ័យក្មេងម្នាក់ដែលនៅលីវ ហើយនៅប្រទេសហ្វីលីពីនទាំងមូល មានអ្នកផ្សាយប្រហែលជា១០.០០០នាក់។ ឥឡូវនេះនៅប្រទេសហ្វីលីពីន មានអ្នកផ្សាយជាង២០០.០០០នាក់ ហើយមានបងប្អូនរាប់រយនាក់ដែលកំពុងបម្រើនៅបេតអែលដើម្បីគាំទ្រកិច្ចការផ្សព្វផ្សាយ។
កាលដែលពេលវេលាបានកន្លងទៅ យើងត្រូវការកន្លែងថែមទៀតដើម្បីធ្វើកិច្ចការបេតអែល។ ដូច្នេះ គណៈអភិបាលបានសុំយើងឲ្យស្វែងរកដីដែលយើងអាចសង់ការិយាល័យសាខាធំជាង។ ខ្ញុំនិងអ្នកត្រួតពិនិត្យផ្នែកបោះពុម្ព បានទៅពីផ្ទះមួយទៅផ្ទះមួយនៅតំបន់នៃការិយាល័យសាខារបស់យើង ដែលជាតំបន់ដែលមានជនជាតិចិនជាច្រើននាក់រស់នៅ ហើយយើងបានប្រាប់គេថាយើងចង់ទិញដី។ គ្មានអ្នកណាម្នាក់ចង់លក់ដីទេ ហើយមានជនជាតិចិនម្នាក់ដែលថែមទាំងបានប្រាប់យើងថា៖ «ជនជាតិចិនយើងមិនលក់ដីទេ តែយើងទិញវិញ»។
ក៏ប៉ុន្ដែ នៅថ្ងៃមួយមានអ្វីមួយចំនួនបានចាប់ផ្ដើមកើតឡើងដែលយើងស្មានមិនដល់។ អ្នកជិតខាងម្នាក់មានគម្រោងរើទៅនៅសហរដ្ឋអាម៉េរិក ដូច្នេះគាត់បានសួរយើងថាតើយើងចង់ទិញដីរបស់គាត់ឬយ៉ាងណា។ ក្រោយមក អ្នកជិតខាងម្នាក់ទៀតបានសម្រេចចិត្ដលក់ដីរបស់គាត់ ហើយគាត់ក៏បានលើកទឹកចិត្ដអ្នកឯទៀតដែលរស់នៅជុំវិញគាត់ឲ្យធ្វើដូច្នេះដែរ។ យើងថែមទាំងបានទិញដីពីបុរសដែលនិយាយថា៖ «ជនជាតិចិនយើងមិនលក់ដីទេ»។ ក្នុងរយៈពេលដ៏ខ្លី ដីការិយាល័យសាខាមានទំហំធំជាងពីមុនបីដង។ ខ្ញុំជឿជាក់ថានេះជាបំណងប្រាថ្នារបស់ព្រះយេហូវ៉ា។
នៅឆ្នាំ១៩៥០ ខ្ញុំគឺក្មេងជាងគេដែលបម្រើនៅបេតអែល។ ឥឡូវ ខ្ញុំនិងប្រពន្ធខ្ញុំគឺចាស់ជាងគេ។ ខ្ញុំមិនស្តាយក្រោយសោះដែលខ្ញុំបានទៅតាមលោកយេស៊ូ ទោះជាលោកឲ្យខ្ញុំទៅកន្លែងណាក៏ដោយ។ ពិតមែនថា ឪពុករបស់ខ្ញុំបានបណ្ដេញខ្ញុំចេញពីផ្ទះ ប៉ុន្ដែព្រះយេហូវ៉ាបានផ្ដល់ឲ្យខ្ញុំនូវក្រុមគ្រួសារដ៏ធំមួយដែលស្រឡាញ់លោក។ ខ្ញុំពិតជាជឿជាក់ថាព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវអ្វីៗដែលយើងត្រូវការ មិនថាយើងមានភារកិច្ចណាក៏ដោយ។ ខ្ញុំនិងណូរ៉ាពិតជាដឹងគុណព្រះយេហូវ៉ាចំពោះអ្វីៗទាំងអស់ដែលលោកបានផ្ដល់ឲ្យយើង ហើយយើងក៏លើកទឹកចិត្ដអ្នកឯទៀតឲ្យ«ល្បងល»ព្រះយេហូវ៉ាដែរ។—ម៉ាឡាគី ៣:១០
លោកយេស៊ូបានអញ្ជើញម៉ាថាយលេវីដែលជាអ្នកយកពន្ធឲ្យធ្វើជាអ្នកកាន់តាមលោក។ តើម៉ាថាយបានធ្វើអ្វី? «គាត់ទុកអ្វីៗទាំងអស់ចោល ហើយក្រោកឡើងទៅតាមលោក»។ (លូកា ៥:២៧, ២៨) ខ្ញុំក៏បានលះចោលអ្វីៗដើម្បីទៅតាមលោកយេស៊ូ ហើយខ្ញុំក៏លើកទឹកចិត្ដអ្នកឯទៀតឲ្យធ្វើដូច្នេះដែរ។ យ៉ាងនេះពួកគេនឹងទទួលពរជាច្រើន។
^ វគ្គ 6 កូនសៀវភៅទាំងនោះបោះពុម្ពដោយសាក្សីព្រះយេហូវ៉ា ប៉ុន្ដែឥឡូវលែងបានត្រូវបោះពុម្ពហើយ។