លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ឪ​ពុក​ម្ដាយ​ទាំង​ឡាយ ចូរ​ជួយ​កូន​ៗ​របស់​អ្នក​ឲ្យ​«​មាន​ប្រាជ្ញា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​»​

ឪ​ពុក​ម្ដាយ​ទាំង​ឡាយ ចូរ​ជួយ​កូន​ៗ​របស់​អ្នក​ឲ្យ​«​មាន​ប្រាជ្ញា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​»​

​«​តាំង​ពី​អ្នក​ជា​ទារក​នៅ​ឡើយ អ្នក​បាន​ស្គាល់​ឯកសារ​បរិសុទ្ធ​នា​នា​ដែល​អាច ធ្វើ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​»។—ធីម៉ូថេ​ទី២ ៣:១៥

ចម្រៀង​លេខ: ១, ៤១

១, ២​. ហេតុ​អ្វី​ឪ​ពុក​ម្ដាយ​ខ្លះ​ប្រហែល​ជា​ព្រួយ​បារម្ភ​ពេល​កូន​របស់​ពួក​គេ​ចង់​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក?

ជា​រៀង​រាល់​ឆ្នាំ​សិស្ស​គម្ពីរ​រាប់​ពាន់​នាក់​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ពួក​គេ​ជា​ច្រើន​នាក់​ជា​មនុស្ស​វ័យ​ក្មេង​ដែល​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ក្នុង​សេចក្ដី​ពិត ហើយ​ដែល​បាន​ជ្រើស​រើស​របៀប​រស់​នៅ​ដែល​ល្អ​បំផុត។ (​ទំនុក​តម្កើង ១:១​-​៣​) បើ​អ្នក​ជា​ឪ​ពុក​ម្ដាយ​ដែល​ជា​គ្រិស្ដ​សាសនិក អ្នក​ទំនង​ជា​ទន្ទឹង​រង់​ចាំ​ថ្ងៃ​ដែល​កូន​របស់​អ្នក​នឹង​ទទួល​ការ​ជ្រមុជ​ទឹក។—សូម​ពិនិត្យ​បន្ថែម យ៉ូហាន​ទី៣ ៤

ប៉ុន្ដែ អ្នក​ប្រហែល​ជា​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ។ អ្នក​ប្រហែល​ជា​បាន​ឃើញ​ប្អូន​ៗ​វ័យ​ក្មេង​ខ្លះ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក តែ​ក្រោយ​មក​បែរ​ជា​មិន​ច្បាស់​ថា​ការ​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​គឺ​ល្អ​សម្រាប់​ពួក​គេ។ ប្អូន​ៗ​ខ្លះ​ក៏​បាន​ចាក​ចេញ​ពី​សេចក្ដី​ពិត។ ដូច្នេះ អ្នក​ប្រហែល​ជា​ព្រួយ​បារម្ភ​ថា ក្រោយ​ពី​កូន​របស់​អ្នក​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា គាត់​នឹង​បាត់​បង់​សេចក្ដី​ស្រឡាញ់​ដែល​គាត់​ធ្លាប់​មាន​ចំពោះ​សេចក្ដី​ពិត។ កូនរបស់​អ្នក​ប្រហែល​ជា​នឹង​ដូច​គ្រិស្ដ​សាសនិក​នៅ​សតវត្សរ៍​ទី១ នា​ក្រុង​អេភេសូរ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​ពួក​គេ​ថា​៖ ​«​អ្នក​បាន​បាត់​បង់​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​ធ្លាប់​មាន​កាល​ពី​ដើម​ដំបូង​»។ (​ការ​បើក​បង្ហាញ ២:៤​) តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​កូន​ឲ្យ​រក្សា​សេចក្ដី​ស្រឡាញ់​របស់​គាត់​ឲ្យ​នៅ​រឹង​មាំ ហើយ​«​ធំ​លូត​លាស់​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ​»​? (​ពេត្រុស​ទី១ ២:២​) យើង​អាច​រៀន​ពី​គំរូ​របស់​ធីម៉ូថេ។

​«​អ្នក​បាន​ស្គាល់​ឯកសារ​បរិសុទ្ធ​នា​នា​»​

៣​. (​ក​) តើ​តាម​របៀប​ណា​ធីម៉ូថេ​បាន​ទៅ​ជា​គ្រិស្ដ​សាសនិក ហើយ​ស្ដី​អំពី​អ្វី​ដែល​គាត់​បាន​រៀន តើ​គាត់​បាន​ធ្វើ​អ្វី? (​ខ​) ស្ដី​អំពី​ការ​រៀន តើ​ប៉ូល​បាន​លើក​បញ្ជាក់​ចំណុច​បី​យ៉ាង​អ្វី​ដល់​ធីម៉ូថេ?

សាវ័ក​ប៉ូល​បាន​ទៅ​ក្រុង​លីស្ត្រា​ជា​លើក​ដំបូង​នៅ​ឆ្នាំ​៤៧ គ.ស.។ ទំនង​ជា​ពេល​នោះ​ហើយ​ដែល​ធីម៉ូថេ ដែល​ប្រហែល​ជា​មាន​វ័យ​ជំទង់​បាន​រៀន​អំពី​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​ជា​លើក​ដំបូង។ គាត់​បាន​ធ្វើ​តាម​អ្វី​ដែល​គាត់​បាន​រៀន ហើយ​ពីរ​ឆ្នាំ​ក្រោយ​មក​គាត់​បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ក្នុង​កិច្ច​បម្រើ​ព្រះ​ជា​មួយ​នឹង​ប៉ូល។ ប្រហែល​ជា​១៦​ឆ្នាំ​ក្រោយ​មក ប៉ូល​បាន​សរសេរ​ទៅ​ធីម៉ូថេ​ថា​៖ ​«​ចូរ​បន្ដ​ប្រព្រឹត្ដ​តាម​អ្វី​ៗ​ដែល​អ្នក​បាន​រៀន និង​ដែល​បាន​ត្រូវ​នាំ​ឲ្យ​ជឿ​ជាក់ ដោយ​ដឹង​ថា​អ្នក​បាន​រៀន​អ្វី​ៗ​ទាំង​នោះ​ពី​អ្នក​ណា។ ហើយ​ថា តាំង​ពី​អ្នក​ជា​ទារក​នៅ​ឡើយ អ្នក​បាន​ស្គាល់​ឯកសារ​បរិសុទ្ធ​នា​នា[​បទ​គម្ពីរ​ភាសា​ហេប្រឺ​]ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ តាម​រយៈ​ជំនឿ​ដែល​ទាក់​ទង​នឹង​គ្រិស្ដ​យេស៊ូ​»។ (​ធីម៉ូថេ​ទី២ ៣:១៤, ១៥​) សូម​កត់​សម្គាល់​អ្វី​ដែល​ប៉ូល​បាន​និយាយ​អំពី​ធីម៉ូថេ​ថា គាត់ (​១​) បាន​ស្គាល់​ឯកសារ​បរិសុទ្ធ​នា​នា (​២​) បាន​ត្រូវ​នាំ​ឲ្យ​ជឿ​ជាក់​អ្វី​ៗ​ដែល​គាត់​បាន​រៀន និង(​៣​) មាន​ប្រាជ្ញា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ តាម​រយៈ​ជំនឿ​ដែល​ទាក់​ទង​នឹង​គ្រិស្ដ​យេស៊ូ។

សូម្បី​តែ​កូន​តូច​ៗ​ក៏​អាច​រៀន​អំពី​ព្រឹត្ដិការណ៍​និង​បុគ្គល​ក្នុង​គម្ពីរ​ដែរ

៤​. តើ​អ្នក​បាន​ប្រើ​អ្វី​ដើម្បី​បង្រៀន​កូន​តូច​ៗ​របស់​អ្នក? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ក្នុង​នាម​ជា​ឪ​ពុក​ម្ដាយ​ដែល​ជា​គ្រិស្ដ​សាសនិក អ្នក​ចង់​ឲ្យ​កូន​របស់​អ្នក​ស្គាល់​ឯកសារ​បរិសុទ្ធ​នា​នា ដែល​សព្វ​ថ្ងៃ​នេះ​រួម​បញ្ចូល​បទ​គម្ពីរ​ភាសា​ហេប្រឺ​និង​បទ​គម្ពីរ​គ្រិស្ដ​សាសនិក​ជា​ភាសា​ក្រិច។ សូម្បី​តែ​កូន​តូច​ៗ​ក៏​អាច​រៀន​អំពី​ព្រឹត្ដិការណ៍​និង​បុគ្គល​ក្នុង​គម្ពីរ​ដែរ។ អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​សៀវភៅ សៀវភៅ​ស្ដើង និង​វីដេអូ​ជា​ច្រើន​ដែល​ឪ​ពុក​ម្ដាយ​អាច​ប្រើ​ដើម្បី​ជួយ​កូន​ៗ​របស់​ពួក​គេ។ ក្នុង​ភាសា​របស់​អ្នក តើ​មាន​អ្វី​ទាំង​នេះ​ឬ​ទេ? កូន​របស់​អ្នក​ត្រូវ​ស្គាល់​អំពី​អ្វី​ដែល​មាន​នៅ​ក្នុង​គម្ពីរ​ដើម្បី​មាន​ចំណង​មិត្ដភាព​រឹង​មាំ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។

​«​បាន​ត្រូវ​នាំ​ឲ្យ​ជឿ​ជាក់​»​

៥​. (​ក​) តើ​ឃ្លា​ដែល​ថា​«​បាន​ត្រូវ​នាំ​ឲ្យ​ជឿ​ជាក់​»​មាន​ន័យ​យ៉ាង​ណា? (​ខ​) ហេតុ​អ្វី​យើង​ដឹង​ថា​ធីម៉ូថេ​បាន​ត្រូវ​នាំ​ឲ្យ​ជឿ​ជាក់​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ?

ការ​បង្រៀន​កូន​អំពី​ព្រឹត្ដិការណ៍​និង​បុគ្គល​ក្នុង​គម្ពីរ​ប៉ុណ្ណោះ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ សូម​ចាំ​ថា​ធីម៉ូថេ​ក៏​«​បាន​ត្រូវ​នាំ​ឲ្យ​ជឿ​ជាក់​»​ដែរ។ ឃ្លា​ភាសា​ក្រិច​ដែល​ប៉ូល​បាន​ប្រើ​នៅ​ទី​នេះ មាន​ន័យ​ថា​«​បាន​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្វី​មួយ​ជា​ការ​ពិត​»។ ធីម៉ូថេ​បាន​ស្គាល់​បទ​គម្ពីរ​ភាសា​ហេប្រឺ‹តាំង​ពី​គាត់​ជា​ទារក​នៅ​ឡើយ› ពោល​គឺ​តាំង​ពី​គាត់​នៅ​ក្មេង​ខ្ចី។ ក្រោយ​មក គាត់​បាន​ជឿ​ជាក់​ថា​លោក​យេស៊ូ​ជា​មេស្ស៊ី។ ធីម៉ូថេ​មាន​ជំនឿ​ខ្លាំង ហើយ​នេះ​បាន​ជំរុញ​ចិត្ដ​គាត់​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក​និង​បម្រើ​ជា​សាសនទូត​ជា​មួយ​នឹង​ប៉ូល។

៦​. តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​កូន​ៗ​របស់​អ្នក​ឲ្យ​មាន​ជំនឿ​លើ​បណ្ដាំ​របស់​ព្រះ?

តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​កូន​ៗ​របស់​អ្នក​ឲ្យ​មាន​ជំនឿ​ដូច​ធីម៉ូថេ ដើម្បី​ពួក​គេ​ក៏​នឹង​«​ត្រូវ​នាំ​ឲ្យ​ជឿ​ជាក់​»​ដែរ? ដំបូង សូម​មាន​ចិត្ដ​អត់​ធ្មត់។ ដើម្បី​មាន​ជំនឿ​រឹង​មាំ​គឺ​ត្រូវ​ការ​ពេល។ ម្យ៉ាង​ទៀត ទោះ​ជា​អ្នក​មាន​ជំនឿ​លើ​អ្វី​មួយ​ក្ដី នេះ​មិន​មាន​ន័យ​ថា​កូន​របស់​អ្នក​នឹង​ជឿ​ដូច​អ្នក​ដោយ​ស្វ័យប្រវត្ដិ​នោះ​ទេ។ កូន​ម្នាក់​ៗ​ត្រូវ​ប្រើ​«​សមត្ថភាព​រិះ​គិត​»​របស់​ពួក​គេ ដើម្បី​មាន​ជំនឿ​លើ​គម្ពីរ។ (​សូម​អាន រ៉ូម ១២:១) ក្នុង​នាម​ជា​ឪ​ពុក​ម្ដាយ អ្នក​អាច​ធ្វើ​អ្វី​ជា​ច្រើន​ដើម្បី​ជួយ​កូន​ៗ​ឲ្យ​ពង្រឹង​ជំនឿ​របស់​ពួក​គេ ជា​ពិសេស​ពេល​ដែល​ពួក​គេ​សួរ​សំណួរ។ សូម​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​ឪ​ពុក​ម្នាក់។

៧, ៨​. (​ក​) តើ​ឪ​ពុក​ដែល​ជា​គ្រិស្ដ​សាសនិក​ម្នាក់​បាន​បង្ហាញ​ចិត្ដ​អត់​ធ្មត់​យ៉ាង​ដូច​ម្ដេច​ពេល​គាត់​បង្រៀន​កូន​ស្រី​របស់​គាត់? (​ខ​) តើ​ធ្លាប់​មាន​ពេល​ណា​មួយ​ដែល​អ្នក​ត្រូវ​មាន​ចិត្ដ​អត់​ធ្មត់​ចំពោះ​កូន​ឬ​ទេ? សូម​រៀប​រាប់។

បង​ប្រុស​ថូម៉ាស់​ដែល​មាន​កូន​ស្រី​ម្នាក់​អាយុ​១១​ឆ្នាំ បាន​និយាយ​ថា​ជួន​កាល​កូន​របស់​គាត់​សួរ​គាត់​នូវ​សំណួរ​ខ្លះ​ៗ​ដូច​ជា​៖ ​«​តើ​ព្រះ​យេហូវ៉ា​អាច​ប្រើ​ការ​វិវត្ដន៍​ដើម្បី​បង្កើត​ជីវិត​នៅ​លើ​ផែន​ដី​ឬ​ទេ?​»​ ឬ​ក៏​«​ហេតុ​អ្វី​យើង​មិន​ចូល​រួម​ក្នុង​កិច្ច​ការ​សង្គម​ដូច​ជា​ការ​បោះ​ឆ្នោត​ជា​ដើម ដើម្បី​ខំ​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​កាន់​តែ​ប្រសើរ​ឡើង?​»។ នៅ​ពេល​ខ្លះ គាត់​ត្រូវ​ទប់​ចិត្ដ​មិន​ប្រាប់​កូន​អំពី​អ្វី​ដែល​កូន​ត្រូវ​តែ​ជឿ។ បង​ថូម៉ាស់​ដឹង​ថា​អ្វី​ដែល​នាំ​ឲ្យ​អ្នក​ណា​ម្នាក់​ជឿ​ជាក់​លើ​សេចក្ដី​ពិត​គឺ​មិន​មែន​ដោយ​ប្រាប់​ចំ​ៗ​ម្ដង​នោះ​ទេ តែ​ត្រូវ​លើក​ហេតុ​ផល​ជា​ច្រើន​ម្ដង​មួយ​ៗ​ឲ្យ​គាត់​ពិចារណា។

បង​ថូម៉ាស់​ក៏​ដឹង​ដែរ​ថា​គាត់​ត្រូវ​មាន​ចិត្ដ​អត់​ធ្មត់​ដើម្បី​បង្រៀន​កូន​របស់​គាត់។ តាម​ពិត គ្រិស្ដ​សាសនិក​ទាំង​អស់​ត្រូវ​មាន​ចិត្ដ​អត់​ធ្មត់។ (​កូឡុស ៣:១២​) បង​ថូម៉ាស់​ទទួល​ស្គាល់​ថា​គឺ​ត្រូវ​ការ​ពេល​និង​ការ​និយាយ​ជា​មួយ​នឹង​កូន​ច្រើន​ដង​ដើម្បី​ជួយ​កូន​របស់​គាត់​ឲ្យ​មាន​ជំនឿ។ គាត់​ត្រូវ​វែក​ញែក​ជា​មួយ​នឹង​កូន​អំពី​អ្វី​ដែល​កូន​រៀន​ពី​គម្ពីរ។ បង​ថូម៉ាស់​និយាយ​ថា​៖ ​«​ជា​ពិសេស ចំពោះ​ចំណុច​ដ៏​សំខាន់ ខ្ញុំ​និង​ប្រពន្ធ​របស់​ខ្ញុំ​ចង់​ដឹង​ថា​កូន​របស់​យើង​ពិត​ជា​ជឿ​នូវ​អ្វី​ដែល​គាត់​កំពុង​រៀន ហើយ​ថា​នោះ​គឺ​សម​ហេតុ​ផល​ចំពោះ​គាត់​ឬ​យ៉ាង​ណា។ បើ​កូន​ខ្ញុំ​សួរ នោះ​ជា​ការ​ល្អ។ និយាយ​ឲ្យ​ត្រង់​ទៅ បើ​កូន​ខ្ញុំ​មិន​សួរ​សំណួរ ហើយ​ស្រាប់​តែ​ទទួល​យក​អ្វី​ណា​មួយ នោះ​នាំ​ឲ្យ​ខ្ញុំ​ព្រួយ​បារម្ភ​»។

អ្នក​ត្រូវ​មាន​ចិត្ដ​អត់​ធ្មត់​ដើម្បី​ជួយ​កូន​របស់​អ្នក​ឲ្យ​មាន​ជំនឿ​លើ​បណ្ដាំ​របស់​ព្រះ

៩​. តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​កូន​របស់​អ្នក​ឲ្យ​មាន​ជំនឿ​លើ​បណ្ដាំ​របស់​ព្រះ?

ពេល​ឪ​ពុក​ម្ដាយ​បង្រៀន​កូន​ដោយ​ចិត្ដ​អត់​ធ្មត់ យូរ​ៗ​ទៅ​កូន​របស់​ពួក​គេ​នឹង​ចាប់​ផ្ដើម​យល់​អំពី​«​ទទឹង បណ្ដោយ កម្ពស់ និង​ជម្រៅ​នៃ​សេចក្ដី​ពិត​»។ (​អេភេសូរ ៣:១៨​) យើង​អាច​បង្រៀន​ពួក​គេ​តាម​របៀប​ដែល​ស័ក្ដិ​សម​នឹង​អាយុ​និង​កម្រិត​នៃ​ការ​យល់​ដឹង​របស់​ពួក​គេ។ កាល​ដែល​ពួក​គេ​កាន់​តែ​មាន​ជំនឿ​ទៅ​លើ​អ្វី​ដែល​ពួក​គេ​បាន​រៀន នោះ​នឹង​ស្រួល​ជាង​ឲ្យ​ពួក​គេ​និយាយ​ការពារ​ជំនឿ​របស់​ពួក​គេ​នៅ​ចំពោះ​មុខ​អ្នក​ឯ​ទៀត នេះ​រួម​បញ្ចូល​សិស្ស​រួម​ថ្នាក់​របស់​ពួក​គេ​ផង​ដែរ។ (​ពេត្រុស​ទី១ ៣:១៥​) ជា​ឧទាហរណ៍ តើ​កូន​របស់​អ្នក​អាច​ប្រើ​គម្ពីរ​ដើម្បី​ពន្យល់​អំពី​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​មនុស្ស​ស្លាប់​ឬ​ទេ? តើ​ការ​ពន្យល់​នេះ​ក្នុង​គម្ពីរ​គឺ​សម​ហេតុ​ផល​ចំពោះ​ពួក​គេ​ឬ​ទេ? * (​សូម​មើល​កំណត់​សម្គាល់​) សូម​ចាំ​ថា​អ្នក​ត្រូវ​មាន​ចិត្ដ​អត់​ធ្មត់​ដើម្បី​ជួយ​កូន​របស់​អ្នក​ឲ្យ​មាន​ជំនឿ​លើ​បណ្ដាំ​របស់​ព្រះ បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​មិន​ស្តាយ​ក្រោយ​ទេ។—ចោទិយកថា ៦:៦, ៧

គំរូ​របស់​អ្នក​ផ្ទាល់​ក៏​សំខាន់​ផង​ដែរ ដើម្បី​ជួយ​កូន​ៗ​របស់​អ្នក​ឲ្យ​កាន់​តែ​មាន​ជំនឿ

១០​. តើ​អ្វី​គឺ​សំខាន់​ពេល​បង្រៀន​កូន​ៗ​?

១០ គំរូ​របស់​អ្នក​ផ្ទាល់​ក៏​សំខាន់​ផង​ដែរ ដើម្បី​ជួយ​កូន​ៗ​របស់​អ្នក​ឲ្យ​កាន់​តែ​មាន​ជំនឿ។ បង​ស្រី​ស្ដេហ្វានី​ដែល​ជា​ម្ដាយ​ដែល​មាន​កូន​បី​នាក់​បាន​និយាយ​ថា​៖ ​«​តាំង​ពី​កូន​ៗ​របស់​ខ្ញុំ​នៅ​តូច​នៅ​ឡើយ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​និយាយ​ជា​មួយ​នឹង​កូន​ៗ​របស់​ខ្ញុំ​អំពី​មូលហេតុ​ដែល​ខ្ញុំ​ជឿ​ជាក់​ថា​មាន​ព្រះ​យេហូវ៉ា ថា​លោក​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ថា​ផ្លូវ​របស់​លោក​គឺ​ត្រឹម​ត្រូវ​ឬ​ទេ? តើ​កូន​របស់​ខ្ញុំ​អាច​ឃើញ​យ៉ាង​ច្បាស់​ថា​ខ្ញុំ​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឬ​ទេ?› ខ្ញុំ​មិន​អាច​រំពឹង​ថា​កូន​ៗ​របស់​ខ្ញុំ​នឹង​ជឿ​ជាក់​នោះ​ទេ បើ​ខ្ញុំ​មិន​ជឿ​ជាក់​»។

​«​ប្រាជ្ញា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​»​

១១, ១២​. តើ​ប្រាជ្ញា​គឺ​ជា​អ្វី ហើយ​ហេតុ​អ្វី​យើង​ដឹង​ថា​នេះ​មិន​អាស្រ័យ​លើ​អាយុ​របស់​បុគ្គល​ណា​ម្នាក់?

១១ យើង​បាន​រៀន​ថា ធីម៉ូថេ​មាន (​១​) ចំណេះ​ពី​បទ​គម្ពីរ និង (​២​) ការ​ជឿ​ជាក់​លើ​ជំនឿ​របស់​គាត់។ ប៉ុន្ដែ ពេល​ដែល​ប៉ូល​បាន​និយាយ​ថា​ឯកសារ​បរិសុទ្ធ​នា​នា​អាច​ធ្វើ​ឲ្យ​ធីម៉ូថេ​មាន​«​ប្រាជ្ញា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​»​ តើ​គាត់​ចង់​មាន​ន័យ​យ៉ាង​ណា?

១២ សៀវភៅ​ការ​យល់​ធ្លុះ​ជ្រៅ​នឹង​បទ​គម្ពីរ (​In​sight on the Scriptures​) ក្បាល​ទី២​ពន្យល់​ថា ក្នុង​គម្ពីរ​ប្រាជ្ញា​រួម​បញ្ចូល​«​សមត្ថភាព​ប្រើ​ចំណេះ​និង​ការ​យល់​ដឹង​ដើម្បី​ដោះ​ស្រាយ​បញ្ហា ដើម្បី​ជៀស​វាង​ឬ​ការពារ​ខ្លួន​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ដើម្បី​សម្រេច​គោល​ដៅ​ផ្សេង​ៗ ឬ​ដើម្បី​ជូន​យោបល់​ដល់​អ្នក​ឯ​ទៀត​ឲ្យ​ពួក​គេ​អាច​ធ្វើ​ដូច្នេះ។ នេះ​គឺ​ផ្ទុយ​ពី​ភាព​ល្ងង់​ខ្លៅ​»។ គម្ពីរ​ចែង​ថា​៖ ​«​សេចក្ដី​ចំ​កួត​រមែង​នៅ​ជាប់​ក្នុង​ចិត្ដ​របស់​កូន​ក្មេង​»។ (​សុភាសិត ២២:១៥​) ដោយ​សារ​ប្រាជ្ញា​គឺ​ផ្ទុយ​ពី​ភាព​ល្ងង់​ខ្លៅ នោះ​ប្រាជ្ញា​ជា​សញ្ញា​សម្គាល់​មួយ​នៃ​ភាព​ចាស់​ទុំ។ យើង​ក្លាយ​ទៅ​ជា​បុគ្គល​ដែល​មាន​ភាព​ចាស់​ទុំ​ខាង​ជំនឿ​ដោយ​សារ​យើង​កោត​ខ្លាច​ព្រះ​យេហូវ៉ា ហើយ​ចង់​ស្តាប់​បង្គាប់​លោក មិន​គ្រាន់​តែ​ដោយ​សារ​យើង​មាន​វ័យ​ចាស់​នោះ​ទេ។—សូម​អាន ទំនុក​តម្កើង ១១១:១០

១៣​. តើ​ប្អូន​ៗ​វ័យ​ក្មេង​អាច​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​មាន​ប្រាជ្ញា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ?

១៣ ប្អូន​ៗ​វ័យ​ក្មេង​ដែល​មាន​ភាព​ចាស់​ទុំ​មួយ​កម្រិត​មិន​«​មាន​គំនិត​រេ​ចុះ​រេ​ឡើង​ដូច​របស់​ដែល​យោល​តាម​រលក​សមុទ្រ ឬ​ត្រូវ​បក់​ផាត់​ទៅ​នេះ​ទៅ​នោះ​»​ដោយ​សារ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន ឬ​ដោយ​សារ​ឥទ្ធិពល​ពី​មនុស្ស​វ័យ​ក្មេង​ឯ​ទៀត​នោះ​ទេ។ (​អេភេសូរ ៤:១៤​) ផ្ទុយ​ទៅ​វិញ ​«​សមត្ថភាព​យល់​ដឹង​»​របស់​ពួក​គេ​បាន​ត្រូវ​«​បង្វឹក​បង្ហាត់​ដើម្បី​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​»។ (​ហេប្រឺ ៥:១៤​) ដូច្នេះ ពួក​គេ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ឈ្លាស​វៃ សូម្បី​តែ​ពេល​ដែល​ឪ​ពុក​ម្ដាយ​ឬ​មនុស្ស​ពេញ​វ័យ​ឯ​ទៀត​មិន​នៅ​ជា​មួយ​នឹង​ពួក​គេ​ក៏​ដោយ។ (​ភីលីព ២:១២​) ប្រាជ្ញា​បែប​នេះ​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ។ (​សូម​អាន សុភាសិត ២៤:១៤) តើ​អ្នក​អាច​ជួយ​កូន​របស់​អ្នក​ឲ្យ​មាន​ប្រាជ្ញា​បែប​នេះ​យ៉ាង​ដូច​ម្ដេច? អ្នក​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​កូន​ដឹង​អំពី​អ្វី​ដែល​អ្នក​ចាត់​ទុក​ថា​សំខាន់។ តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ដ​របស់​អ្នក ពួក​គេ​គួរ​ឃើញ​ថា​អ្នក​កំពុង​ព្យាយាម​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ។—រ៉ូម ២:២១​-​២៣

ហេតុ​អ្វី​ការ​ខំ​ប្រឹង​ប្រែង​របស់​ឪ​ពុក​ម្ដាយ​គឺ​សំខាន់? (​សូម​មើល​វគ្គ​១៤​-​១៨​)

១៤, ១៥​. (​ក​) តើ​ប្អូន​ៗ​វ័យ​ក្មេង​ដែល​ចង់​ទទួល​ការ​ជ្រមុជ​ទឹក​គួរ​គិត​អំពី​អ្វី? (​ខ​) តើ​អ្នក​អាច​ជួយ​កូន​ៗ​របស់​អ្នក​យ៉ាង​ដូច​ម្ដេច​ឲ្យ​រំពឹង​គិត​អំពី​ពរ​ដែល​មក​ពី​ការ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា?

១៤ ប៉ុន្ដែ ដើម្បី​ជួយ​កូន​របស់​អ្នក​ឲ្យ​មាន​ជំនឿ ការ​គ្រាន់​តែ​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ អ្នក​ក៏​ត្រូវ​ជួយ​ពួក​គេ​ឲ្យ​ចេះ​វែក​ញែក​អំពី​សំណួរ​ដូច​ជា​៖ ‹ហេតុ​អ្វី​គម្ពីរ​ហាម​មិន​ឲ្យ​ធ្វើ​អ្វី​ដែល​ប្រហែល​ជា​មើលទៅ​គួរ​ឲ្យ​ទាក់​ទាញ​ចិត្ដ? តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​ខ្នាត​តម្រា​ក្នុង​គម្ពីរ​តែង​តែ​មាន​ប្រយោជន៍​សម្រាប់​ខ្ញុំ?›។—អេសាយ ៤៨:១៧, ១៨

១៥ បើ​កូន​របស់​អ្នក​ចង់​ទទួល​ការ​ជ្រមុជ​ទឹក សូម​ជួយ​គាត់​ឲ្យ​គិត​យ៉ាង​ដិត​ដល់​អំពី​ភារកិច្ច​ដែល​ពួក​អ្នក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​មាន។ តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ភារកិច្ច​ទាំង​នេះ? តើ​នេះ​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី​ខ្លះ? តើ​នេះ​នាំ​ឲ្យ​មាន​ការ​ពិបាក​អ្វី​ខ្លះ? ហេតុ​អ្វី​ការ​ទទួល​ការ​ជ្រមុជ​ទឹក​នាំ​ឲ្យ​ទទួល​ប្រយោជន៍​ច្រើន​ជាង​ការ​ពិបាក? (​ម៉ាកុស ១០:២៩, ៣០​) ការ​គិត​យ៉ាង​ដិត​ដល់​អំពី​អ្វី​ទាំង​នេះ​មុន​ទទួល​ការ​ជ្រមុជ​ទឹក គឺ​សំខាន់​ណាស់។ សូម​ជួយ​កូន​របស់​អ្នក​ឲ្យ​រំពឹង​គិត​អំពី​ពរ​ដែល​មក​ពី​ការ​ស្តាប់​បង្គាប់​និង​លទ្ធផល​អាក្រក់​ដែល​មក​ពី​ការ​មិន​ស្តាប់​បង្គាប់។ យ៉ាង​នេះ គាត់​ទំនង​ជា​នឹង​ជឿ​ថា​ការ​ធ្វើ​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ​គឺ​តែង​តែ​ជា​អ្វី​ដែល​ល្អ​ប្រសើរ​ចំពោះ​គាត់។—ចោទិយកថា ៣០:១៩, ២០

ពេល​ប្អូន​ៗ​វ័យ​ក្មេង​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​សង្ស័យ​អំពី​សេចក្ដី​ពិត

១៦​. តើ​ឪ​ពុក​ម្ដាយ​គួរ​ធ្វើ​អ្វី​បើ​កូន​របស់​ពួក​គេ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ចាប់​ផ្ដើម​មាន​ជំនឿ​ខ្សោយ?

១៦ តើ​អ្នក​អាច​ធ្វើ​អ្វី​បើ​កូន​របស់​អ្នក​ចាប់​ផ្ដើម​សង្ស័យ​អំពី​សេចក្ដី​ពិត​ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក? ជា​ឧទាហរណ៍ ប្រហែល​ជា​អ្វី​ៗ​ក្នុង​ពិភព​លោក​នេះ​ទាក់​ទាញ​ចិត្ដ​របស់​កូន​អ្នក ឬ​ក៏​កូន​របស់​អ្នក​ប្រហែល​ជា​មិន​ប្រាកដ​ថា​ការ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​គឺ​ពិត​ជា​របៀប​រស់​នៅ​ដ៏​ល្អ​បំផុត។ (​ទំនុក​តម្កើង ៧៣:១​-​៣, ១២, ១៣​) ការ​ប្រព្រឹត្ដ​របស់​អ្នក​នៅ​ពេល​នោះ​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​ការ​សម្រេច​ចិត្ដ​របស់​កូន​ថា​គាត់​នឹង​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា​ឬ​យ៉ាង​ណា។ សូម​ព្យាយាម​មិន​ឈ្លោះ​ប្រកែក​ជា​មួយ​នឹង​កូន​អំពី​រឿង​នេះ ទោះ​ជា​កូន​នៅ​ក្មេង​ឬ​មាន​វ័យ​ជំទង់​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​គាត់​ដឹង​ថា​អ្នក​ស្រឡាញ់​គាត់ ហើយ​ចង់​ជួយ​គាត់។

១៧, ១៨​. បើ​ប្អូន​ៗ​វ័យ​ក្មេង​សង្ស័យ​អំពី​សេចក្ដី​ពិត តើ​ឪ​ពុក​ម្ដាយ​របស់​គាត់​អាច​ជួយ​គាត់​យ៉ាង​ដូច​ម្ដេច?

១៧ ប្អូន​ៗ​វ័យ​ក្មេង​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។ នេះ​ជា​សេចក្ដី​សន្យា​ថា​យើង​នឹង​បម្រើ​និង​ស្រឡាញ់​លោក​ជាង​អ្វី​ៗ​ទាំង​អស់។ (​សូម​អាន ម៉ាកុស ១២:៣០) ចំពោះ​ព្រះ​យេហូវ៉ា ការ​ប្រគល់​ខ្លួន​ជូន​លោក​ជា​សេចក្ដី​សន្យា​ដ៏​សំខាន់​មួយ ហើយ​យើង​ក៏​គួរ​មាន​ទស្សនៈ​ដូច​លោក​ដែរ។ (​សាស្តា ៥:៤, ៥​) សូម​រំលឹក​កូន​របស់​អ្នក​អំពី​រឿង​នេះ។ ប៉ុន្ដែ​មុន​សិន សូម​អាន​និង​សិក្សា​សៀវភៅ​ផ្សេង​ៗ​ដែល​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​សម្រាប់​ឪ​ពុក​ម្ដាយ។ បន្ទាប់​មក តាម​របៀប​ដ៏​សប្បុរស​និង​នៅ​ពេល​ត្រឹម​ត្រូវ សូម​ជួយ​កូន​របស់​អ្នក​ឲ្យ​ដឹង​ថា​ការ​សម្រេច​ចិត្ដ​របស់​គាត់​ដើម្បី​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក​គឺ​ជា​អ្វី​ដ៏​សំខាន់​ណាស់ តែ​នេះ​នឹង​នាំ​ឲ្យ​គាត់​ទទួល​ពរ​ជា​ច្រើន។

១៨ ជា​ឧទាហរណ៍ អ្នក​អាច​រក​ឃើញ​យោបល់​ល្អ​នៅ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មេសា​-​មិថុនា ឆ្នាំ​២០១២ ទំព័រ​១៨​-​២១ ក្នុង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា​ពេល​កូន​សង្ស័យ​អំពី​ជំនឿ​សាសនា​របស់​អ្នក?​»។ អត្ថបទ​នោះ​ផ្ដល់​យោបល់​ឲ្យ​ឪ​ពុក​ម្ដាយ​ដែល​ជា​គ្រិស្ដ​សាសនិក​ឲ្យ​មិន​គិត​ថា​ពួក​គាត់​ជា​ឪ​ពុក​ម្ដាយ​ដែល​បរាជ័យ​ឡើយ។ តែ​លើក​ទឹក​ចិត្ដ​ពួក​គាត់​ឲ្យ​ព្យាយាម​គិត​អំពី​កត្ដា​ផ្សេង​ៗ​ដែល​ប្រហែល​ជា​មាន​ឥទ្ធិពល​ទៅ​លើ​ទស្សនៈ​របស់​កូន​ជំទង់​ដោយ​សួរ​សំណួរ​មួយ​ចំនួន​ដូច​ជា​៖ ‹តើ​កូន​មាន​អារម្មណ៍​ឯកោ ហើយ​គ្មាន​មិត្ដ​ភក្ដិ​ក្នុង​ក្រុម​ជំនុំ​ឬ​ទេ? តើ​កូន​ពិបាក​ប្រាប់​អំពី​ជំនឿ​របស់​ខ្លួន​ដោយ​សារ​កូន​ខ្វះ​ទំនុក​ចិត្ដ​ឬ​ទេ? តើ​កូន​មាន​អារម្មណ៍​ថា​ការ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​គ្រិស្ដ​សាសនិក​គឺ​ជា​ភារកិច្ច​ដ៏​ធ្ងន់​ឬ​ទេ?›។ បន្ទាប់​មក អត្ថបទ​នេះ​ក៏​ផ្ដល់​យោបល់​អំពី​របៀប​ដែល​ឪ​ពុក​ម្ដាយ​ដែល​ជា​គ្រិស្ដ​សាសនិក​អាច​ជួយ​កូន​ដែល​សង្ស័យ​អំពី​សេចក្ដី​ពិត។

១៩​. តើ​តាម​របៀប​ណា​ឪ​ពុក​ម្ដាយ​អាច​ជួយ​កូន​ឲ្យ​«​មាន​ប្រាជ្ញា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​»​?

១៩ ក្នុង​នាម​ជា​ឪ​ពុក​ម្ដាយ អ្នក​មាន​ឯកសិទ្ធិ​និង​ភារកិច្ច​ដ៏​សំខាន់​ដើម្បី​អប់រំ​កូន​របស់​អ្នក​ទៅ​តាម​«​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​យេហូវ៉ា ហើយ​បណ្ដុះ​ឲ្យ​កូន​មាន​គំនិត​ដូច​លោក​»។ (​អេភេសូរ ៦:៤​) ដូច​ដែល​យើង​បាន​រៀន​ខាង​លើ នេះ​មាន​ន័យ​ថា​អ្នក​ត្រូវ​បង្រៀន​កូន​របស់​អ្នក​អំពី​អ្វី​ដែល​គម្ពីរ​ចែង ហើយ​ជួយ​ពួក​គេ​ឲ្យ​ជឿ​ជាក់​លើ​អ្វី​ដែល​ពួក​គេ​រៀន។ ពេល​ដែល​ពួក​គេ​មាន​ជំនឿ​មាំ​មួន នេះ​នឹង​ជំរុញ​ចិត្ដ​ពួក​គេ​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​ជូន​លោក​នូវ​អ្វី​ដែល​ល្អ​បំផុត។ សូម​ឲ្យ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា សកម្មពល​របស់​លោក និង​ការ​ខំ​ប្រឹង​ប្រែង​របស់​អ្នក​ជួយ​កូន​ៗ​ឲ្យ​«​មាន​ប្រាជ្ញា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​»។

^ វគ្គ 9 ជំនួយ​សិក្សា​សម្រាប់​សៀវភៅ​«​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី?​»​ គឺ​ជា​ឧបករណ៍​ដ៏​ល្អ​ប្រសើរ​ដែល​អាច​ជួយ​ទាំង​ប្អូន​ៗ​វ័យ​ក្មេង​ទាំង​មនុស្ស​ពេញ​វ័យ​ឲ្យ​យល់​និង​ពន្យល់​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ ជំនួយ​សិក្សា​ទាំង​នេះ​មាន​ជា​ច្រើន​ភាសា​នៅ​ក្នុង​គេហទំព័រ​jw.org។ សូម​ចុច​«​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​»​ ▸ ​«​ជំនួយ​សិក្សា​គម្ពីរ​»។