លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

​«​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះ​»​

​«​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះ​»​

​«​អាដាម​ចុង​ក្រោយ​បាន​ទៅ​ជា​វិញ្ញាណ​ដែល​ផ្ដល់​ជីវិត​»។—កូរិនថូស​ទី១ ១៥:៤៥

ចម្រៀង​លេខ: ១២, ៥៥

១​-​៣​. (​ក​) តើ​អ្វី​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ជំនឿ​របស់​យើង? (​ខ​) ហេតុ​អ្វី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​គឺ​សំខាន់​ណាស់? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

បើ​អ្នក​ណា​ម្នាក់​បាន​សួរ​អ្នក​អំពី​សេចក្ដី​បង្រៀន​ដ៏​សំខាន់​នៃ​ជំនឿ​របស់​អ្នក តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា? អ្នក​ច្បាស់​ជា​នឹង​ឆ្លើយ​ថា អ្នក​ជឿ​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​និង​ជា​បុគ្គល​មួយ​រូប​ដែល​បាន​ផ្ដល់​ជីវិត​ឲ្យ​យើង។ អ្នក​ក៏​ទំនង​ជា​នឹង​ប្រាប់​ថា​អ្នក​ជឿ​លើ​លោក​យេស៊ូ​គ្រិស្ដ​ដែល​បាន​ស្លាប់​ជា​ថ្លៃ​លោះ។ ម្យ៉ាង​ទៀត អ្នក​ប្រាកដ​ជា​នឹង​និយាយ​អំពី​សួន​ឧទ្យាន​នៅ​លើ​ផែន​ដី​នា​ពេល​អនាគត ជា​កន្លែង​ដែល​រាស្ដ្រ​របស់​ព្រះ​នឹង​រស់​ជា​រៀង​រហូត។ ប៉ុន្ដែ តើ​អ្នក​នឹង​និយាយ​ថា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​អ្វី​ដែល​អ្នក​ជឿ​និង​ឲ្យ​តម្លៃ​ខ្ពស់​ឬ​ទេ?

យើង​គួរ​តែ​ចាត់​ទុក​សេចក្ដី​បង្រៀន​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​សេចក្ដី​បង្រៀន​ដ៏​សំខាន់​ណាស់ ទោះ​ជា​យើង​មាន​សេចក្ដី​សង្ឃឹម​ថា​យើង​នឹង​រួច​ជីវិត​នៅ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​និង​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​ក៏​ដោយ។ សាវ័ក​ប៉ូល​បាន​បង្ហាញ​អំពី​មូលហេតុ​ដែល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​គឺ​សំខាន់​ណាស់។ គាត់​បាន​និយាយ​ថា​៖ ​«​ប្រសិន​បើ​មនុស្ស​ស្លាប់​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មែន នោះ​គ្រិស្ដ​ក៏​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ​»។ បើ​លោក​យេស៊ូ​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​មិន​អាច​គ្រប់​គ្រង​ជា​ស្ដេច​នៅ​ស្ថាន​សួគ៌ ហើយ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​គ្មាន​ប្រយោជន៍​សោះ។ (​សូម​អាន កូរិនថូស​ទី១ ១៥:១២​-​១៩) ប៉ុន្ដែ យើង​ដឹង​ថា​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ដោយ​សារ​យើង​ជឿ​ថា​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ យើង​មិន​ដូច​ពួក​សាឌូស៊ី​នៃសាសនា​យូដា ដែល​មិន​ជឿ​សោះ​ថា​មនុស្ស​ស្លាប់​អាច​រស់​ឡើង​វិញ។ សូម្បី​តែ​នៅ​ពេល​ដែល​អ្នក​ឯ​ទៀត​សើច​ចំអក​ឲ្យ​យើង ជំនឿ​របស់​យើង​ដែល​ថា​ព្រះ​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​នៅ​តែ​រឹង​មាំ។—ម៉ាកុស ១២:១៨; សកម្មភាព ៤:២, ៣; ១៧:៣២; ២៣:៦​-​៨

ប៉ូល​បាន​និយាយ​ថា​សេចក្ដី​បង្រៀន​អំពី​«​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​»​គឺ​ជា​ផ្នែក​នៃ​«​សេចក្ដី​បង្រៀន​ជា​មូលដ្ឋាន​អំពី​គ្រិស្ដ​»។ (​ហេប្រឺ ៦:១, ២​) គាត់​បាន​បញ្ជាក់​ថា​គាត់​មាន​ជំនឿ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​សកម្មភាព ២៤:១០, ១៥, ២៤, ២៥​) ទោះ​ជា​នេះ​ជា​សេចក្ដី​បង្រៀន​ជា​មូលដ្ឋាន​ដែល​យើង​បាន​រៀន​ពី​បណ្ដាំ​របស់​ព្រះ​ក្ដី យើង​នៅ​តែ​ត្រូវ​សិក្សា​ដោយ​យក​ចិត្ដ​ទុក​ដាក់​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​ហេប្រឺ ៥:១២​) ហេតុ​អ្វី?

៤​. តើ​យើង​ប្រហែល​ជា​មាន​សំណួរ​អ្វី​ខ្លះ​ស្ដី​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

តាម​ធម្មតា ពេល​មនុស្ស​ចាប់​ផ្ដើម​រៀន​គម្ពីរ ពួក​គេ​អាន​កំណត់​ហេតុ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​អតីតកាល ដូច​ជា​ការ​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ​ជា​ដើម។ ពួក​គេ​ក៏​រៀន​ថា​អាប្រាហាំ យ៉ូប និង​ដានីយ៉ែល​មាន​ទំនុក​ចិត្ដ​ថា​នៅ​ថ្ងៃ​អនាគត​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ។ ប៉ុន្ដែ បើ​អ្នក​ណា​ម្នាក់​សុំ​អ្នក​ឲ្យ​បង្ហាញ​ពី​គម្ពីរ​អំពី​មូលហេតុ​ដែល​យើង​អាច​ទុក​ចិត្ដ​ទៅ​លើ​អ្វី​ដែល​បាន​ត្រូវ​សន្យា​រាប់​រយ​ឆ្នាំ​មុន​ស្ដី​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា? តើ​គម្ពីរ​ប្រាប់​ឬ​ទេ​ថា​ការ​ប្រោស​ឲ្យ​រស់​ឡើង​នឹង​កើត​ឡើង​នៅ​ពេល​ណា? ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​នឹង​ពង្រឹង​ជំនឿ​របស់​យើង។

ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​បាន​ប្រកាស​ទុក​ជា​មុន​អស់​រាប់​រយ​ឆ្នាំ

៥​. មុន​ដំបូង តើ​យើង​នឹង​ពិចារណា​អំពី​អ្វី?

យើង​ប្រហែល​ជា​ស្រួល​ស្រមៃ​គិត​អំពី​បុគ្គល​ណា​ម្នាក់​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មិន​យូរ​ក្រោយ​ពី​ពេល​ដែល​គាត់​បាន​ស្លាប់។ (​យ៉ូហាន ១១:១១; សកម្មភាព ២០:៩, ១០​) ប៉ុន្ដែ តើ​យើង​អាច​ទុក​ចិត្ដ​លើ​សេចក្ដី​សន្យា​ដែល​ថា​បុគ្គល​ណា​ម្នាក់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​រាប់​ឆ្នាំ​ឬ​រាប់​រយ​ឆ្នាំ​ក្រោយ​មក​ឬ​ទេ? តើ​យើង​អាច​ជឿ​ថា​សេចក្ដី​សន្យា​នេះ​នឹង​កើត​ឡើង​ចំពោះ​បុគ្គល​ណា​ម្នាក់​ឬ​ទេ ទោះ​ជា​គាត់​បាន​ស្លាប់​យូរ​ហើយ​ឬ​ថ្មី​ៗ​នេះ​ក្ដី? តាម​ពិត អ្នក​មាន​ជំនឿ​រួច​ហើយ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​បាន​កើត​ឡើង​រាប់​រយ​ឆ្នាំ​ក្រោយ​ពី​បាន​ត្រូវ​សន្យា។ តើ​នេះ​ជា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មួយ​ណា? តើ​នេះ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​សេចក្ដី​សង្ឃឹម​របស់​អ្នក​ស្ដី​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​នៅ​ថ្ងៃ​អនាគត?

៦​. តើ​លោក​យេស៊ូ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​ការ​សម្រេច​នៃ​ទំនាយ​នៅ​ទំនុក​តម្កើង ១១៨?

ដោយ​មាន​មូលដ្ឋាន​លើ​ទំនុក​តម្កើង ១១៨​ដែល​ប្រហែល​ជា​បាន​ត្រូវ​សរសេរ​ដោយ​ដាវីឌ សូម​យើង​ពិចារណា​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​អស់​ជា​ច្រើន​ឆ្នាំ។ ទំនុក​តម្កើង​នេះ​មាន​ពាក្យ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ យើង​ខ្ញុំ​ទូល​អង្វរ​ដល់​ទ្រង់ សូម​ជួយ​សង្គ្រោះ​ឥឡូវ!​»​ ហើយ​«​សូម​ឲ្យ​ព្រះ​អង្គ ដែល​យាង​មក​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ​ពរ​»។ បណ្ដា​ជន​បាន​ដក​ស្រង់​ទំនាយ​នេះ​ស្ដី​អំពី​មេស្ស៊ី​ពេល​ដែល​លោក​យេស៊ូ​ចូល​ក្រុង​យេរូសាឡិម​នៅ​ថ្ងៃ​ទី​៩ ខែ​ណែសាន ដែល​ជា​ប៉ុន្មាន​ថ្ងៃ​មុន​លោក​យេស៊ូ​បាន​ស្លាប់។ (​ទំនុក​តម្កើង ១១៨:២៥, ២៦; ម៉ាថាយ ២១:៧​-​៩​) ប៉ុន្ដែ តើ​តាម​របៀប​ណា​ទំនុក​តម្កើង ១១៨​សំដៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​នឹង​កើត​ឡើង​នៅ​ច្រើន​ឆ្នាំ​ក្រោយ​មក? សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​ទំនុក​តម្កើង​ដដែល​នោះ​បាន​ចែង​ថា​៖ ​«​ឯ​ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​»​ ឬ​ថ្ម​ជ្រុង​ដែល​នៅ​លើ​ថ្ម​ជ្រុង​ទាំង​អស់។—ទំនុក​តម្កើង ១១៨:២២

​«​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ​»​មេស្ស៊ី (​សូម​មើល​វគ្គ​៧​)

៧​. តើ​ជន​ជាតិ​យូដា​បាន​ធ្វើ​អ្វី​ដែល​បង្ហាញ​ថា​ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​លោក​យេស៊ូ?

៧ ​«​ពួក​ជាង​សង់​ផ្ទះ​»​ដែល​មិន​ព្រម​ទទួល​ស្គាល់​មេស្ស៊ី​គឺ​ជា​អ្នក​ដឹក​នាំ​សាសនា​យូដា។ ពួក​គេ​មិន​គ្រាន់​តែ​មិន​អើពើ​នឹង​លោក​យេស៊ូ​ឬ​មិន​ព្រម​ទទួល​ស្គាល់​ថា​លោក​ជា​គ្រិស្ដ​នោះ​ទេ ជន​ជាតិ​យូដា​ជា​ច្រើន​បាន​បង្ហាញ​ថា​ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់លោក​ដោយ​ទាម​ទារ​ឲ្យ​ពីឡាត​ប្រហារ​ជីវិត​លោក។ (​លូកា ២៣:១៨​-​២៣​) ពួក​គេ​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​លោក​យេស៊ូ​ដែរ។

ព្រះ​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ ហើយ​ទៅ​ជា​«​ថ្ម​ជ្រុង ដែល​នៅ​លើ​ថ្ម​ជ្រុង​ទាំង​អស់​»​ (​សូម​មើល​វគ្គ​៨, ៩​)

៨​. តើ​លោក​យេស៊ូ​អាច​ទៅ​ជា​«​ថ្ម​ជ្រុង ដែល​នៅ​លើ​ថ្ម​ជ្រុង​ទាំង​អស់​»​យ៉ាង​ដូច​ម្ដេច?

បើ​លោក​យេស៊ូ​មិន​បាន​ត្រូវ​គេ​ទទួល​ស្គាល់ ហើយ​បាន​ត្រូវ​គេ​សម្លាប់ តើ​លោក​អាច​ទៅ​ជា​«​ថ្ម​ជ្រុង ដែល​នៅ​លើ​ថ្ម​ជ្រុង​ទាំង​អស់​»​យ៉ាង​ដូច​ម្ដេច? នេះ​អាច​កើត​ឡើង​បាន​លុះ​ត្រា​តែ​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ លោក​យេស៊ូ​បាន​បញ្ជាក់​អំពី​ចំណុច​នោះ​ពេល​ដែល​លោក​បាន​ប្រាប់​អំពី​ឧទាហរណ៍​មួយ​ស្ដី​អំពី​ម្ចាស់​ចម្ការ​ដែល​បាន​ចាត់​ខ្ញុំ​បម្រើ​ឲ្យ​ទៅ​ឯ​ពួក​កសិករ​ដែល​កំពុង​ធ្វើ​ការ​ឲ្យ​គាត់។ កសិករ​ទាំង​នោះ​បាន​ធ្វើ​បាប​ខ្ញុំ​បម្រើ​ទាំង​នោះ។ ចុង​ក្រោយ ម្ចាស់​ចម្ការ​បាន​ចាត់​កូន​ប្រុស​របស់​គាត់​ឲ្យ​ទៅ​ជួប​ពួក​កសិករ​ដោយ​សង្ឃឹម​ថា​ពួក​គេ​នឹង​ស្តាប់​គាត់។ ប៉ុន្ដែ ពួក​គេ​បាន​សម្លាប់​កូន​ប្រុស​របស់​ម្ចាស់​ចម្ការ​នោះ។ បន្ទាប់​ពី​លោក​យេស៊ូ​បាន​ប្រាប់​ឧទាហរណ៍​នេះ លោក​បាន​ដក​ស្រង់​ទំនាយ​នៅ​ទំនុក​តម្កើង ១១៨:២២។ (​លូកា ២០:៩​-​១៧​) សាវ័ក​ពេត្រុស​បាន​ប្រើ​ខ​គម្ពីរ​ដដែល​នេះ ពេល​ដែល​គាត់​និយាយ​ទៅ​កាន់​ជន​ជាតិ​យូដា​ដែល​ជា‹ពួក​អ្នក​គ្រប់​គ្រង ពួក​បុរស​ចាស់​ទុំ និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ដែល​បាន​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម›។ គាត់​បាន​និយាយ​អំពី​«​លោក​យេស៊ូ​គ្រិស្ដ​ពី​ក្រុង​ណាសារ៉ែត ដែល​អ្នក​រាល់​គ្នា​បាន​ព្យួរ តែ​ព្រះ​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​»។ រួច​មក​គាត់​និយាយ​ថា​៖ ​«​លោក​យេស៊ូ​នេះ​ហើយ​ជា‹ដុំ​ថ្ម​ដែល​អ្នក​រាល់​គ្នា ជា​អ្នក​សាងសង់ បាន​ចាត់​ទុក​ថា​គ្មាន​ប្រយោជន៍ ដែល​បាន​ទៅ​ជា​ថ្ម​នៅ​លើ​គេ​បំផុត​នៅ​ជ្រុង​ជញ្ជាំង›​»។—សកម្មភាព ៣:១៥; ៤:៥​-​១១; ពេត្រុស​ទី១ ២:៥​-​៧

៩​. តើ​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​អ្វី​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​នៅ​ទំនុក​តម្កើង ១១៨:២២?

យើង​អាច​ឃើញ​ច្បាស់​ថា ទំនាយ​នៅ​ទំនុក​តម្កើង ១១៨:២២​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​បាន​កើត​ឡើង​នៅ​រាប់​រយ​ឆ្នាំ​ក្រោយ​មក។ មេស្ស៊ី​មិន​បាន​ត្រូវ​គេ​ទទួល​ស្គាល់ ហើយ​បាន​ត្រូវ​គេ​សម្លាប់។ ប៉ុន្ដែ​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​បាន​ទៅ​ជា​ថ្ម​ជ្រុង ដែល​នៅ​លើ​ថ្ម​ជ្រុង​ទាំង​អស់។ បន្ទាប់​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​សង្គ្រោះ​មនុស្សជាតិ។ នេះ​គឺ​ជា​មូលហេតុ​ដែល​គម្ពីរ​ចែង​ថា​៖ ​«​គ្មាន​នាម​ណា​ផ្សេង​ទៀត​ដែល​ព្រះ​បាន​ផ្ដល់​ក្នុង​ចំណោម​មនុស្សជាតិ​ឲ្យ​យើង​រាល់​គ្នា​ទទួល​សេចក្ដី​សង្គ្រោះ​ទេ​»។—សកម្មភាព ៤:១២; អេភេសូរ ១:២០

១០​. (​ក​) តើ​ទំនុក​តម្កើង ១៦:១០​បាន​ប្រកាស​ទុក​ជា​មុន​អំពី​អ្វី? (​ខ​) ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ទំនុក​តម្កើង ១៦:១០​មិន​សំដៅ​ទៅ​លើ​ដាវីឌ?

១០ សូម​យើង​ពិចារណា​អំពី​បទ​គម្ពីរ​ផ្សេង​ទៀត​ដែល​ចែង​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​ជាង​១.០០០​ឆ្នាំ​ក្រោយ​ពី​បាន​ត្រូវ​ប្រកាស។ ចំណុច​នេះ​គួរ​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ដ​ថា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​អាច​កើត​ឡើង សូម្បី​តែ​យូរ​ក្រោយ​ពី​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​ឬ​បានត្រូវ​សន្យា​ក្ដី។ ទំនុក​តម្កើង ១៦​មាន​ពាក្យ​របស់​ដាវីឌ​ដែល​ថា​៖ ​«​ទ្រង់​មិន​ទុក​ឲ្យ​ព្រលឹង​ទូល​បង្គំ​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ក៏​មិន​ព្រម​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ទ្រង់​ឃើញ​សេចក្ដី​ពុក​រលួយ​ដែរ​»។ (​ទំនុក​តម្កើង ១៦:១០​) ដាវីឌ​មិន​ចង់​មាន​ន័យ​ថា​គាត់​នឹង​មិន​ស្លាប់ ហើយ​នៅ​ក្នុង​ផ្នូរ​ទេ។ បណ្ដាំ​របស់​ព្រះ​ចែង​យ៉ាង​ច្បាស់​ថា​ដាវីឌ​បាន​ទៅ​ជា​ចាស់​និង​ស្លាប់ ហើយ​«​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ទីក្រុង​ដាវីឌ​»។ (​ពង្សាវតារ​ក្សត្រ​ទី១ ២:១, ១០​) ដូច្នេះ តើ​ខ​គម្ពីរ​នេះ​សំដៅ​ទៅ​លើ​អ្នក​ណា?

១១​. តើ​ពេត្រុស​បាន​ពន្យល់​អំពី​ទំនុក​តម្កើង ១៦:១០​នៅ​ពេល​ណា?

១១ ជាង​១.០០០​ឆ្នាំ​ក្រោយ​ពី​ដាវីឌ​បាន​សរសេរ​ពាក្យ​ទាំង​នោះ ពេត្រុស​បាន​ពន្យល់​ថា​ទំនុក​តម្កើង ១៦:១០ សំដៅ​ទៅ​លើ​អ្នក​ណា។ ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ពី​លោក​យេស៊ូ​បាន​ស្លាប់ ហើយ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពេត្រុស​បាន​និយាយ​ចំពោះ​មុខ​ជន​ជាតិ​យូដា​និង​ពួក​អ្នក​ដូរ​សាសនា​រាប់​ពាន់​នាក់។ (​សូម​អាន សកម្មភាព ២:២៩​-​៣២) គាត់​បាន​រំលឹក​ពួក​គេ​ថា​ដាវីឌ​បាន​ស្លាប់ ហើយ​បាន​ត្រូវ​គេ​បញ្ចុះ។ គម្ពីរ​មិន​បាន​ចែង​ថា​មាន​អ្នក​ណា​ម្នាក់​នៅ​ទី​នោះ​ដែល​មិន​យល់​ស្រប​នឹង​សម្ដី​របស់​ពេត្រុស​ដែល​ថា​ដាវីឌ‹បាន​ឃើញ​ទុក​ជា​មុន​ក៏​បាន​និយាយ​អំពី​ការ​ប្រោស​មេស្ស៊ី​ឲ្យ​រស់​ឡើង​វិញ›។

១២​. តើ​ទំនាយ​នៅ​ទំនុក​តម្កើង ១៦:១០​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច? តើ​នេះ​បញ្ជាក់​យ៉ាង​ណា​អំពី​សេចក្ដី​សន្យា​ចំពោះ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

១២ ពេត្រុស​បាន​គាំ​ទ្រ​ចំណុច​ដែល​គាត់​បាន​លើក​ឡើង​ដោយ​ដក​ស្រង់​ពាក្យ​របស់​ដាវីឌ​នៅ​ទំនុក​តម្កើង ១១០:១(​សូម​អាន សកម្មភាព ២:៣៣​-​៣៦) ការ​វែក​ញែក​របស់​ពេត្រុស​ដែល​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ក្រុម​ធំ​នោះ​ជឿ​ជាក់​ថា​លោក​យេស៊ូ​«​ជា​លោក​ម្ចាស់​និង​ជា​គ្រិស្ដ​»។ ពួក​គេ​បាន​ទទួល​ស្គាល់​ថា​ទំនាយ​នៅ​ទំនុក​តម្កើង ១៦:១០​បាន​សម្រេច​ពេល​ដែល​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ក្រោយ​មក សាវ័ក​ប៉ូល​បាន​លើក​បញ្ជាក់​អំពី​ទី​សំអាង​ដូច​គ្នា​ពេល​ដែល​គាត់​និយាយ​ទៅ​កាន់​ជន​ជាតិ​យូដា​នៅ​ក្រុង​អាន់ទីយ៉ូក នា​តំបន់​ពីស៊ីឌា។ ទី​សំអាង​នេះ ពិត​ជា​បាន​ធ្វើ​ឲ្យ​ពួក​គេ​កោត​ស្ងើច ហើយ​ចង់​ដឹង​ថែម​ទៀត។ (​សូម​អាន សកម្មភាព ១៣:៣២​-​៣៧, ៤២) ទី​សំអាង​នេះ​ក៏​គួរ​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា​ទំនាយ​ក្នុង​គម្ពីរ​ស្ដី​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​គឺ​គួរ​ឲ្យ​ទុក​ចិត្ដ ទោះ​ជា​ទំនាយ​ទាំង​នោះ​បាន​ត្រូវ​សម្រេច​នៅ​រាប់​រយ​ឆ្នាំ​ក្រោយ​មក​ក្ដី។

តើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​កើត​ឡើង​នៅ​ពេល​ណា?

១៣​. តើ​យើង​ប្រហែល​ជា​មាន​សំណួរ​អ្វី​ខ្លះ​ស្ដី​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

១៣ ការ​ដឹង​ថា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​អាច​កើត​ឡើង​នៅ​រាប់​រយ​ឆ្នាំ​ក្រោយ​ពី​បាន​ត្រូវ​ប្រកាស ពិត​ជា​លើក​ទឹក​ចិត្ដ​យើង​មែន។ ប៉ុន្ដែ អ្នក​ខ្លះ​ប្រហែល​ជា​សួរ​ថា ‹តើ​នេះ​មាន​ន័យ​ថា​ខ្ញុំ​ត្រូវ​រង់​ចាំ​ជា​យូរ​ដើម្បី​ជួប​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ដែល​បាន​ស្លាប់​ឬ​ទេ? តើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​កើត​ឡើង​នៅ​ពេល​ណា?›។ លោក​យេស៊ូ​បាន​ប្រាប់​ពួក​សាវ័ក​របស់​លោក​ថា​មាន​រឿង​ដែល​ពួក​គេ​មិន​បាន​ដឹង​និង​មិន​អាច​ដឹង ដូច​ជា​ព័ត៌មាន​អំពី​«​ពេល​វេលា​និង​គ្រា​កំណត់​ដែល​បិតា​នៅ​ស្ថាន​សួគ៌​ដាក់​នៅ​ក្រោម​អំណាច​របស់​លោក​ផ្ទាល់​»។ (​សកម្មភាព ១:៦, ៧; យ៉ូហាន ១៦:១២​) ប៉ុន្ដែ យើង​នៅ​តែ​មាន​ព័ត៌មាន​ខ្លះ​អំពី​ពេល​ដែល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​កើត​ឡើង។

១៤​. តើ​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​ខុស​គ្នា​យ៉ាង​ណា​ពី​ការ​ប្រោស​បុគ្គល​ឯ​ទៀត​ឲ្យ​រស់​ឡើង​វិញ​នៅ​សម័យ​មុន​នោះ?

១៤ ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​សំខាន់​បំផុត​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ គឺ​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ។ បើ​លោក​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ យើង​នឹង​មិន​មាន​សេចក្ដី​សង្ឃឹម​ជួប​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​បាន​ស្លាប់​ឡើយ។ មនុស្ស​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មុន​លោក​យេស៊ូ ដូច​ជា​បុគ្គល​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដោយ​អេលីយ៉ា​និង​អេលីសេ មិន​បាន​រស់​ជា​រៀង​រហូត​ទេ។ ពួក​គេ​បាន​ស្លាប់​ម្ដង​ទៀត ហើយ​ក្លាយ​ជា​ធូលី​ដីនៅ​ក្នុង​ផ្នូរ។ ប៉ុន្ដែ លោក​យេស៊ូ​«​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ លោក​មិន​ស្លាប់​ទៀត​ឡើយ ហើយ​សេចក្ដី​ស្លាប់​ក៏​លែង​ធ្វើ​ជា​ម្ចាស់​របស់​លោក​ទៀត​ដែរ​»។ លោក​«​រស់​ជា​រៀង​រហូត​»​នៅ​ស្ថាន​សួគ៌។—រ៉ូម ៦:៩; ការ​បើក​បង្ហាញ ១:៥, ១៨; កូឡុស ១:១៨; ពេត្រុស​ទី១ ៣:១៨

១៥​. ហេតុ​អ្វី​លោក​យេស៊ូ​បាន​ត្រូវ​ហៅ​ថា ​«​ផល​ដំបូង​»​?

១៥ លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​ជា​បុគ្គល​វិញ្ញាណ។ នោះ​ជា​លើក​ទី១​ដែល​មនុស្ស​ម្នាក់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ ហើយ​ក៏​សំខាន់​ជាង​គេ។ (​សកម្មភាព ២៦:២៣​) ប៉ុន្ដែ លោក​មិន​មែន​ជា​បុគ្គល​តែ​មួយ​រូប​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​ទេ។ លោក​យេស៊ូ​បាន​សន្យា​ថា​ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​របស់​លោក​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​នៅ​ទី​នោះ។ (​លូកា ២២:២៨​-​៣០​) ប៉ុន្ដែ ពួក​គេ​នឹង​ទទួល​រង្វាន់​នេះ​បន្ទាប់​ពី​ពួក​គេ​បាន​ស្លាប់​មិន​មែន​មុន​ពួក​គេ​ស្លាប់​ទេ។ រួច​ដូច​លោក​យេស៊ូ ពួក​គេ​ក៏​នឹង​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ។ ប៉ូល​បាន​សរសេរ​ថា​៖ ​«​គ្រិស្ដ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​មែន ជា​ផល​ដំបូង​ពី​ចំណោម​ពួក​អ្នក​ដែល​បាន​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​»។ បន្ទាប់​មក ប៉ូល​បាន​និយាយ​ថា​នឹង​មាន​បុគ្គល​ឯ​ទៀត​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌ ដោយ​ថា​៖ ​«​ម្នាក់​ៗ​ត្រូវ​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ តាម​លំដាប់​របស់​ខ្លួន​គឺ គ្រិស្ដ​ជា​ផល​ដំបូង បន្ទាប់​មក ក្នុង​អំឡុង​វត្ដមាន​របស់​គ្រិស្ដ ពួក​អ្នក​ដែល​ជា​របស់​លោក​នឹង​ត្រូវ​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ​»។—កូរិនថូស​ទី១ ១៥:២០, ២៣

១៦​. តើ​ប៉ូល​បាន​បង្ហើប​ឲ្យ​យើង​ដឹង​អ្វី​អំពី​ពេល​ដែល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​នឹង​កើត​ឡើង?

១៦ ពាក្យ​របស់​ប៉ូល​បង្ហើប​ឲ្យ​យើង​ដឹង​ថា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​នឹង​កើត​ឡើង​ក្នុង​អំឡុង​វត្ដមាន​របស់​គ្រិស្ដ។ ដោយ​មាន​មូលដ្ឋាន​លើ​គម្ពីរ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​សាក្សី​ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ថា​«​វត្ដមាន​»​របស់​គ្រិស្ដ​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤។ យើង​នៅ​តែ​រស់​នៅ​ក្នុង​អំឡុង​«​វត្ដមាន​»​របស់​លោក ហើយ​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ​គឺ​ជិត​មក​ដល់​ហើយ។

១៧, ១៨​. ក្នុង​អំឡុង​វត្ដមាន​របស់​គ្រិស្ដ តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​អ្នក​ខ្លះ​ដែល​បាន​ត្រូវ​រើស​តាំង?

១៧ គម្ពីរ​ពន្យល់​ថែម​ទៀត​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌ ដោយ​ថា​៖ ​«​យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​យល់​អំពី​ពួក​អ្នក​ដែល​កំពុង​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់ . . .។ ព្រោះ​ប្រសិន​បើ​យើង​មាន​ជំនឿ​ថា លោក​យេស៊ូ​បាន​ស្លាប់ ហើយ​រស់​ឡើង​វិញ នោះ​យើង​ក៏​មាន​ជំនឿ​ថា​ពួក​អ្នក​ដែល​បាន​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់ . . . ព្រះ​នឹង​នាំ​មក​ជា​មួយ​នឹង​លោក។ . . . យើង​ដែល​រស់​នៅ​ក្នុង​អំឡុង​វត្ដមាន​របស់​លោក​ម្ចាស់ នឹង​មិន​ទៅ​មុន​ពួក​អ្នក​ដែល​បាន​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​ទេ ពី​ព្រោះ​លោក​ម្ចាស់​នឹង​ចុះ​ពី​ស្ថាន​សួគ៌​មក ដោយ​ស្រែក​បញ្ជា . . . រួច​ពួក​អ្នក​ស្លាប់​ដែល​បាន​កាន់​តាម​គ្រិស្ដ​នឹង​រស់​ឡើង​វិញ​មុន​គេ​បង្អស់។ ក្រោយ​មក យើង​ដែល​នៅ​រស់ នឹង​ត្រូវ​កញ្ឆក់​យក​ទៅ​ក្នុង​ពពក​ជា​មួយ​នឹង​ពួក​គាត់​ដើម្បី​ជួប​នឹង​លោក​ម្ចាស់​នៅ​លើ​មេឃ រួច​យើង​នឹង​នៅ​ជា​មួយ​នឹង​លោក​ម្ចាស់​ជា​រៀង​រហូត​ត​ទៅ​»។—ថែស្សាឡូនិច​ទី១ ៤:១៣​-​១៧

១៨ ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​កើត​ឡើង​ក្រោយ​ពី​វត្ដមាន​របស់​គ្រិស្ដ​បាន​ចាប់​ផ្ដើម។ ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​នៅ​ផែន​ដី​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​នឹង​ត្រូវ​«​កញ្ឆក់​យក​ទៅ​ក្នុង​ពពក​»។ តើ​នេះ​មាន​ន័យ​យ៉ាង​ណា? ពួក​អ្នក​ដែល​ត្រូវ​«​កញ្ឆក់​យក​»​នឹង​មិន​«​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​»​ ពោល​គឺ​ពួក​គាត់​នឹង​មិន​ស្លាប់​ជា​យូរ​ទេ។ ផ្ទុយ​ទៅ​វិញ ពេល​ពួក​គាត់​ស្លាប់ ពួក​គាត់​«​ទាំង​អស់​គ្នា​នឹង​ត្រូវ​ផ្លាស់​ប្រែ ក្នុង​មួយ​រំពេច គឺ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក ក្នុង​អំឡុង​ពេល​ដែល​ត្រែ​ចុង​ក្រោយ​បន្លឺ​ឡើង​»។—កូរិនថូស​ទី១ ១៥:៥១, ៥២; ម៉ាថាយ ២៤:៣១

១៩​. តើ​«​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​ប្រសើរ​ជាង​»​គឺ​ជា​អ្វី?

១៩ សព្វ​ថ្ងៃ​នេះ គ្រិស្ដ​សាសនិក​ភាគ​ច្រើន​មិន​មែន​ជា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ឬ​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ដ​នៅ​ស្ថាន​សួគ៌​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​ទន្ទឹង​រង់​ចាំ​«​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​»​ ពេល​ដែល​លោក​នឹង​បំផ្លាញ​ពិភព​លោក​ដ៏​អាក្រក់​នេះ​ចោល។ គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ច្បាស់ថា​ទី​បញ្ចប់​នេះ​នឹង​មក​ដល់​ពេល​ណា​ទេ ប៉ុន្ដែ​មាន​ទី​សំអាង​ដែល​បង្ហាញ​ថា​គ្រា​នោះ​គឺ​ជិត​មក​ដល់​ហើយ។ (​ថែស្សាឡូនិច​ទី១ ៥:១​-​៣​) នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ នឹង​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ម្យ៉ាង​ទៀត។ នៅ​ពេល​នោះ មនុស្ស​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី ហើយ​នឹង​មាន​សេចក្ដី​សង្ឃឹម​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​និង​មិន​ស្លាប់​ម្ដង​ទៀត​ទេ។ នេះ​គឺ​ជា​«​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​ប្រសើរ​ជាង​»​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​របស់​មនុស្ស​មួយ​ចំនួន​នៅ​អតីតកាល​ដែល​បាន​ស្លាប់​ម្ដង​ទៀត​នៅ​ពេល​ក្រោយ​មក។—ហេប្រឺ ១១:៣៥

២០​. ហេតុ​អ្វី​យើង​អាច​មាន​ទំនុក​ចិត្ដ​ថា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​មាន​របៀប​រៀប​រយ?

២០ គម្ពីរ​ចែង​អំពី​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​ថា ពួក​គាត់​«​ម្នាក់​ៗ​ត្រូវ​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ តាម​លំដាប់​របស់​ខ្លួន​»។ (​កូរិនថូស​ទី១ ១៥:២៣​) ដូច្នេះ​យើង​អាច​មាន​ទំនុក​ចិត្ដ​ថា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី​ក៏​នឹង​ធ្វើ​ឡើង​តាម​លំដាប់​លំដោយ ឬ​ដោយ​មាន​របៀប​រៀប​រយ។ នោះ​ប្រហែល​ជា​នាំ​ឲ្យ​យើង​សួរ​ថា តើ​ពួក​អ្នក​ដែល​ស្លាប់​នៅ​សម័យ​យើង​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មិន​យូរ​ក្រោយ​ពី​ការ​ចាប់​ផ្ដើម​នៃ​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​គ្រិស្ដ​ឬ ហើយ​តើ​ពួក​គេ​នឹង​បាន​ត្រូវ​ស្វាគមន៍​ដោយ​មនុស្ស​ជា​ទី​ស្រឡាញ់​ឬ​ទេ? មិន​យូរ​ក្រោយ​ពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​ចាប់​ផ្ដើម តើ​បុរស​ស្មោះ​ត្រង់​នៅ​អតីតកាល​ដែល​ធ្លាប់​ដឹក​នាំ​រាស្ដ្រ​របស់​ព្រះ​យ៉ាង​ពូកែ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដើម្បី​ជួយ​ចាត់​ចែង​កិច្ច​ការ​និង​របៀប​រស់​នៅ​របស់​រាស្ដ្រ​ព្រះ​ក្នុង​ពិភព​លោក​ថ្មី​ឬ​ទេ? តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​មនុស្ស​ដែល​មិន​បាន​បម្រើ​ព្រះ​យេហូវ៉ា? តើ​ពួក​គេ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ពេល​ណា ហើយ​នៅ​កន្លែង​ណា? យើង​ប្រហែល​ជា​មាន​សំណួរ​ជា​ច្រើន។ ប៉ុន្ដែ នៅ​ឥឡូវ​នេះ​យើង​មិន​ចាំ​បាច់​បារម្ភ​អំពី​អ្វី​ទាំង​នេះ​ទេ។ គឺ​ល្អ​ជាង​ឲ្យ​យើង​ចាំ​មើល​អ្វី​ដែល​នឹង​កើត​ឡើង។ យើង​អាច​មាន​ទំនុក​ចិត្ដ​ថា​ការ​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ៗ​ទាំង​នោះ​នឹង​នាំ​ឲ្យ​យើង​រំភើប​ចិត្ដ។

២១​. តើ​អ្នក​មាន​សេចក្ដី​សង្ឃឹម​អ្វី?

២១ ទម្រាំ​ដល់​ពេល​នោះ យើង​គួរ​ពង្រឹង​ជំនឿ​របស់​យើង​លើ​ព្រះ​យេហូវ៉ា។ លោក​បាន​សន្យា​តាម​រយៈ​លោក​យេស៊ូ​ថា​មនុស្ស​ស្លាប់​ស្ថិត​នៅ​ក្នុង​ការ​ចង​ចាំ​របស់​លោក ហើយ​ថា​ពួក​គេ​នឹង​រស់​ឡើង​វិញ។ (​យ៉ូហាន ៥:២៨, ២៩; ១១:២៣​) ទី​សំអាង​ថែម​ទៀត​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ គឺ​ពេល​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា ព្រះ​ចាត់​ទុក​ថា​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប​«​ទាំង​អស់​គ្នា​កំពុង​រស់​នៅ​»។ (​លូកា ២០:៣៧, ៣៨​) យើង​ឃើញ​ច្បាស់​ថា យើង​មាន​មូលហេតុ​ជា​ច្រើន​ឲ្យ​និយាយ​ដូច​សាវ័ក​ប៉ូល​ថា​៖ ‹ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះ​ថា មនុស្ស​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ›។—សកម្មភាព ២៤:១៥