លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្អូន​ៗ​វ័យ​ក្មេង ​«​សូម​បន្ដ​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន​បាន​សម្រេច​»​

ប្អូន​ៗ​វ័យ​ក្មេង ​«​សូម​បន្ដ​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន​បាន​សម្រេច​»​

​«​ដូច​អ្នក​រាល់​គ្នា​តែង​ស្តាប់​បង្គាប់​ពី​មុន . . . សូម​បន្ដ​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន​បាន​សម្រេច ដោយ​កោត​ខ្លាច​ញាប់​ញ័រ​»។—ភីលីព ២:១២

ចម្រៀង​លេខ: ៤១, ៨៩

១​. ហេតុ​អ្វី​ការ​ទទួល​ការ​ជ្រមុជ​ទឹក​គឺ​ជា​អ្វី​ដ៏​សំខាន់? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ជា​រៀង​រាល់​ឆ្នាំ​សិស្ស​គម្ពីរ​រាប់​ពាន់​នាក់​ទទួល​ការ​ជ្រមុជ​ទឹក។ ពួក​គេ​ជា​ច្រើន​នាក់​ជា​មនុស្ស​វ័យ​ក្មេង វ័យ​ជំទង់ ឬ​ក៏​ក្មេង​ជាង​នេះ​ទៅ​ទៀត។ ពួក​គេ​ប្រហែល​ជា​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ក្នុង​សេចក្ដី​ពិត។ តើ​អ្នក​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ដែរ​ឬ​ទេ? បើ​មែន អ្នក​បាន​ធ្វើ​អ្វី​ដែល​ល្អ​ប្រសើរ​ណាស់។ គ្រិស្ដ​សាសនិក​ទាំង​អស់​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក។ ម្យ៉ាង​ទៀត ការ​ជ្រមុជ​ទឹក​គឺ​ជា​អ្វី​ដែល​សំខាន់​ចាំ​បាច់​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​និង​រស់​ជា​រៀង​រហូត។—ម៉ាថាយ ២៨:១៩, ២០; ពេត្រុស​ទី១ ៣:២១

២​. ហេតុ​អ្វី​អ្នក​មិន​គួរ​ភ័យ​ខ្លាច​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា?

ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​ឲ្យ​ពរ​ជា​ច្រើន​ដល់​អ្នក​ពេល​ដែល​អ្នក​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ប៉ុន្ដែ អ្នក​ក៏​មាន​ភារកិច្ច​ថ្មី​ដែរ។ តើ​ក្នុង​ន័យ​អ្វី? នៅ​ថ្ងៃ​ដែល​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក បង​ប្រុស​ដែល​ថ្លែង​សុន្ទរកថា​អំពី​ការ​ជ្រមុជ​ទឹក​បាន​សួរ​អ្នក​ថា​៖ ​«​ដោយ​មាន​មូលដ្ឋាន​លើ​ការ​បូជា​ជីវិត​របស់​លោក​យេស៊ូ​គ្រិស្ដ តើ​អ្នក​បាន​ប្រែ​ចិត្ដ​ពី​អំពើ​ខុស​ឆ្គង​របស់​អ្នក ហើយ​បាន​ប្រគល់​ខ្លួន​អ្នក​ជូន​ព្រះ​យេហូវ៉ា ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ឬ​ទេ?​»។ អ្នក​បាន​ឆ្លើយ​ថា បាទ​ឬ​ចាស។ ដោយ​ធ្វើ​ដូច្នេះ អ្នក​បាន​សន្យា​ថា​អ្នក​នឹង​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ចាត់​ទុក​ការ​បម្រើ​លោក​ថា​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក។ តើ​អ្នក​គួរ​ស្តាយ​ក្រោយ​ដែល​អ្នក​បាន​ធ្វើ​សេចក្ដី​សន្យា​ដ៏​សំខាន់​នេះ​ឬ​ទេ? ច្បាស់​ជា​មិន​មែន​ទេ! អ្នក​នឹង​មិន​ដែល​ស្តាយ​ក្រោយ​ដែល​អ្នក​ឲ្យ​ព្រះ​យេហូវ៉ា​ណែនាំ​ជីវិត​របស់​អ្នក​ឡើយ។ ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ​យេហូវ៉ា​គឺ​នៅ​ខាង​ពិភព​លោក​របស់​សាថាន​ហើយ។ មេ​កំណាច​មិន​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ពួក​គេ​ឬ​ចំពោះ​អ្នក​ទាល់​តែ​សោះ។ តាម​ពិត វា​នឹង​សប្បាយ​រីក​រាយ​បើ​អ្នក​បាត់​បង់​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត ដោយ​សារ​អ្នក​គាំ​ទ្រ​វា ហើយ​បាន​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា។

៣​. ដោយ​សារ​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា តើ​លោក​បាន​ឲ្យ​ពរ​អ្វី​ខ្លះ​ដល់​អ្នក?

សូម​គិត​អំពី​ពរ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​អ្នក​ដោយ​សារ​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​លោក​និង​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ អ្នក​បាន​ប្រគល់​ជីវិត​របស់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ដូច្នេះ​អ្នក​អាច​និយាយ​ដោយ​មាន​ទំនុក​ចិត្ដ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំ​ៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​នឹង​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?​»។ (​ទំនុក​តម្កើង ១១៨:៦​) គ្មាន​ឯកសិទ្ធិ​ណា​ដែល​អស្ចារ្យ​ជាង​ការ​នៅ​ខាង​ព្រះ​យេហូវ៉ា ហើយ​ការ​ដឹង​ថា​លោក​មាន​មោទនភាព​ចំពោះ​យើង​នោះ​ទេ។

ភារកិច្ច​របស់​ខ្លួន

៤, ៥​. (​ក​) ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​គឺ​ជា​ភារកិច្ច​ផ្ទាល់​ខ្លួន? (​ខ​) តើ​គ្រិស្ដ​សាសនិក​គ្រប់​វ័យ​ជួប​ប្រទះ​នឹង​ការ​ពិបាក​អ្វី​ខ្លះ?

អ្នក​មិន​អាច​ចាត់​ទុក​ថា​ចំណង​មិត្ដភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​គឺ​ដូច​ជា​ផ្ទះ​សម្បែង​ឬ​ដី​ធ្លី​របស់​ក្រុម​គ្រួសារ​ដែល​អ្នក​អាច​ទទួល​ជា​មរតក​ឡើយ។ ទោះ​ជា​អ្នក​នៅ​តែ​រស់​នៅ​ជា​មួយ​នឹង​ឪ​ពុក​ម្ដាយ​របស់​អ្នក​ក៏​ដោយ ចំណង​មិត្ដភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​គឺ​ជា​ភារកិច្ច​របស់​ខ្លួន​អ្នក​ផ្ទាល់។ ហេតុ​អ្វី​គឺ​សំខាន់​ឲ្យ​អ្នក​ចាំ​អំពី​ចំណុច​នេះ? គ្មាន​យើង​ណា​ម្នាក់​ដែល​អាច​ដឹង​ច្បាស់​អំពី​របៀប​ដែល​ជំនឿ​របស់​យើង​នឹង​ត្រូវ​សាកល្បង​នៅ​ពេល​អនាគត​បាន​ទេ។ ជា​ឧទាហរណ៍ អ្នក​ប្រហែល​ជា​បាន​ទទួល​ការ​ជ្រមុជ​ទឹក​មុន​ដែល​អ្នក​មាន​វ័យ​ជំទង់។ ប៉ុន្ដែ ឥឡូវ​អ្នក​មាន​វ័យ​ជំទង់ ដូច្នេះ​អ្នក​មាន​អារម្មណ៍​ដែល​អ្នក​មិន​ធ្លាប់​មាន​ពី​មុន ហើយ​ក៏​មាន​បញ្ហា​ខុស​ពី​មុន​ដែរ។ ប្អូន​ស្រី​វ័យ​ជំទង់​ម្នាក់​បាន​និយាយ​ថា​៖ ​«​តាម​ធម្មតា កូន​ក្មេង​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​នឹង​មិន​តូច​ចិត្ដ​ដោយ​សារ​តែ​គាត់​មិន​អាច​ញ៉ាំ​នំ​ខួប​កំណើត​នៅ​សាលា​រៀន​ទេ។ ប៉ុន្ដែ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ពេល​ដែល​មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​ជាង គាត់​ត្រូវ​មាន​ការ​ជឿ​ជាក់​ទាំង​ស្រុង​ថា​ការ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា​គឺ​តែង​តែ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​»។

មិន​គ្រាន់​តែ​ប្អូន​ៗ​វ័យ​ក្មេង​ប៉ុណ្ណោះ​ទេ​ដែល​នឹង​ជួប​ការ​ពិបាក​ដែល​មិន​ធ្លាប់​មាន​ពី​មុន សូម្បី​តែ​ពួក​អ្នក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ពេល​ដែល​ពួក​គេ​ជា​មនុស្ស​ពេញ​វ័យ​ក៏​ដោយ ក៏​ប្រឈម​មុខ​នឹង​ការ​សាកល្បង​ជំនឿ​របស់​ពួក​គេ​តាម​របៀប​ដែល​ពួក​គេ​មិន​បាន​រំពឹង​ទុក​ដែរ។ ការ​សាកល្បង​នេះ​អាច​មក​ពី​បញ្ហា​សុខភាព បញ្ហា​អាពាហ៍​ពិពាហ៍ ឬ​បញ្ហា​ការ​ងារ។ ទោះ​ជា​យើង​មាន​វ័យ​ណា​ក៏​ដោយ យើង​ម្នាក់​ៗ​ត្រូវ​ចេះ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ក្នុង​ស្ថានភាព​ផ្សេង​ៗ​ជា​ច្រើន។—យ៉ាកុប ១:១២​-​១៤

៦​. (​ក​) តើ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​មាន​ន័យ​យ៉ាង​ណា? (​ខ​) តើ​អ្នក​អាច​រៀន​អ្វី​ពី​ភីលីព ៤:១១​-​១៣?

ដើម្បី​ជួយ​អ្នក​ឲ្យ​នៅ​ស្មោះ​ត្រង់ សូម​ចាំ​ជា​និច្ច​ថា​សេចក្ដី​សន្យា​ដែល​អ្នក​បាន​ធ្វើ​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​គ្មាន​ល័ក្ខខ័ណ្ឌ។ នេះ​មាន​ន័យ​ថា​អ្នក​បាន​សន្យា​នឹង​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ថា​អ្នក​នឹង​បម្រើ​លោក​ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ សូម្បី​តែ​មិត្ដ​ភក្ដិ​ឬ​ឪ​ពុក​ម្ដាយ​របស់​អ្នក​ឈប់​បម្រើ​លោក​ក្ដី។ (​ទំនុក​តម្កើង ២៧:១០​) នៅ​គ្រប់​ស្ថានភាព​ទាំង​អស់ សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​រក្សា​សេចក្ដី​សន្យា​របស់​អ្នក​ចំពោះ​លោក។—សូម​អាន ភីលីព ៤:១១​-​១៣

៧​. តើ​ការ​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន​បាន​សម្រេច​«​ដោយ​កោត​ខ្លាច​ញាប់​ញ័រ​»​មាន​ន័យ​យ៉ាង​ណា?

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​លោក។ ប៉ុន្ដែ ការ​រក្សា​មិត្ដភាព​នេះ​ឲ្យ​រឹង​មាំ ហើយ​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន​បាន​សម្រេច គឺ​តម្រូវ​ឲ្យ​យើង​ខំ​ប្រឹង​យ៉ាង​ខ្លាំង។ ភីលីព ២:១២​ចែង​ថា​៖ ​«​សូម​បន្ដ​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន​បាន​សម្រេច ដោយ​កោត​ខ្លាច​ញាប់​ញ័រ​»។ នេះ​មាន​ន័យ​ថា​យើង​ត្រូវ​គិត​ឲ្យ​បាន​ដិត​ដល់​អំពី​របៀប​ដែល​យើង​អាច​រក្សា​ខ្លួន​ឲ្យ​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា ហើយ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​លោក​ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ។ យើង​មិន​អាច​សន្និដ្ឋាន​ថា​ខ្លួន​នឹង​ធ្វើ​ដូច្នេះ​ឡើយ។ សូម​ចាំ​ថា​សូម្បី​តែ​អ្នក​ខ្លះ​ដែល​បាន​បម្រើ​ព្រះ​អស់​ជា​ច្រើន​ឆ្នាំ​ក្ដី មិន​បាន​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​លោក​ទេ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន​បាន​សម្រេច?

ការ​សិក្សា​គម្ពីរ​គឺ​សំខាន់

៨​. តើ​ការ​សិក្សា​ផ្ទាល់​ខ្លួន​រួម​បញ្ចូល​អ្វី​ខ្លះ? ហេតុ​អ្វី​ការ​សិក្សា​ផ្ទាល់​ខ្លួន​គឺ​សំខាន់?

ដើម្បី​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​យេហូវ៉ា យើង​ត្រូវ​ស្តាប់​លោក ហើយ​ត្រូវ​និយាយ​ជា​មួយ​នឹង​លោក។ របៀប​ដែល​សំខាន់​បំផុត​ដែល​យើង​ស្តាប់​ព្រះ​យេហូវ៉ា​គឺ​ដោយ​សិក្សា​គម្ពីរ។ នេះ​រួម​បញ្ចូល​ការ​អាន​និង​ការ​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ​និង​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ ប៉ុន្ដែ ការ​សិក្សា​គម្ពីរ​គឺ​មិន​ដូច​ជា​ការ​ចាំ​ព័ត៌មាន​ផ្សេង​ៗ​ដូច​ដែល​យើង​ធ្វើ​សម្រាប់​ការ​ប្រឡង​នៅ​សាលា​រៀន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ នេះ​ប្រៀប​ដូច​ជា​ការ​ធ្វើ​ដំណើរ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ដ​ដែល​អ្នក​រក​ឃើញ​ព័ត៌មាន​ថ្មី​ៗ​អំពី​ព្រះ​យេហូវ៉ា។ អ្នក​នឹង​ចូល​ទៅ​ជិត​ព្រះ ហើយ​លោក​ក៏​នឹង​ចូល​មក​ជិត​អ្នក​ដែរ។—យ៉ាកុប ៤:៨

តើ​ការ​ប្រាស្រ័យ​ទាក់​ទង​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​គឺ​យ៉ាង​ណា? (​សូម​មើល​វគ្គ​៨​-​១១​)

៩​. តើ​ឧបករណ៍​អ្វី​ខ្លះ​បាន​ជួយ​អ្នក​ក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន?

អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ឧបករណ៍​ជា​ច្រើន​ដែល​អាច​ជួយ​អ្នក​ពេល​ធ្វើ​ការ​សិក្សា​ផ្ទាល់​ខ្លួន។ ជា​ឧទាហរណ៍ នៅ​គេហទំព័រ​jw.org/km​ក្រោម​ផ្នែក​«​យុវវ័យ​»​មាន​អត្ថបទ​ដែល​ហៅ​ថា ​«​លំ​ហាត់​សិក្សា​គម្ពីរ​»​ដែល​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​អ្នក​រៀន​ពី​កំណត់​ហេតុ​ក្នុង​គម្ពីរ។ ម្យ៉ាង​ទៀត នៅ​គេហទំព័រ​jw.org/km​មាន​ជំនួយ​សិក្សា​«​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី?​»។ នេះ​អាច​ជួយ​អ្នក​ឲ្យ​ពង្រឹង​ជំនឿ​របស់​អ្នក​និង​ពន្យល់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​អ្នក។ អ្នក​ក៏​អាច​រក​ឃើញ​ព័ត៌មាន​ថែម​ទៀត​អំពី​ការ​សិក្សា​ផ្ទាល់​ខ្លួន​នៅ​ក្នុង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ចូរ​ពេញ​ចិត្ដ​នឹង​ការ​សិក្សា​ផ្ទាល់​ខ្លួន​ក្នុង​បន្ទូល​របស់​ព្រះ​»​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០០៣ ទំព័រ​១២​-​១៦។ ការ​សិក្សា​និង​ការ​រំពឹង​គិត​គឺ​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន​បាន​សម្រេច។—សូម​អាន ទំនុក​តម្កើង ១១៩:១០៥

ការ​អធិដ្ឋាន​គឺ​សំខាន់​ចាំ​បាច់

១០​. ហេតុ​អ្វី​គ្រិស្ដ​សាសនិក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ត្រូវ​អធិដ្ឋាន?

ពេល​អ្នក​ខ្វល់​ខ្វាយ​អំពី​អ្វី​ណា​ក៏​ដោយ ចូរ​«​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា​»

១០ ពេល​យើង​សិក្សា​គម្ពីរ​យើង​កំពុង​ស្តាប់​ព្រះ​យេហូវ៉ា ហើយ​ពេល​យើង​អធិដ្ឋាន​យើង​កំពុង​និយាយ​ទៅ​កាន់​លោក។ យើង​មិន​គួរ​គិត​ថា​ការ​អធិដ្ឋាន​គ្រាន់​តែ​ជា​ទម្លាប់​ឬ​ជា​អ្វី​ដែល​ស័ក្ដិ​សិទ្ធិ​ឡើយ។ សេចក្ដី​អធិដ្ឋាន​គឺ​ជា​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​អ្នក​បង្កើត​របស់​យើង។ ព្រះ​យេហូវ៉ា​ចង់​ស្តាប់​អ្វី​ដែល​អ្នក​និយាយ នេះ​ពិត​ជា​អស្ចារ្យ​ណាស់! (​សូម​អាន ភីលីព ៤:៦) ដូច្នេះ​ពេល​អ្នក​ខ្វល់​ខ្វាយ​អំពី​អ្វី​ណា​ក៏​ដោយ គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា​»។ (​ទំនុក​តម្កើង ៥៥:២២​) បង​ប្អូន​រាប់​លាន​នាក់​បាន​ឃើញ​ថា​យោបល់​នេះ​បាន​ជួយ​ពួក​គេ ហើយ​យោបល់​នេះ​ក៏​អាច​ជួយ​អ្នក​ដែរ!

១១​. ហេតុ​អ្វី​អ្នក​គួរ​អរគុណ​ព្រះ​យេហូវ៉ា​ជា​និច្ច?

១១ ប៉ុន្ដែ យើង​មិន​គ្រាន់​តែ​គួរ​អធិដ្ឋាន​នៅ​ពេល​ដែល​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ជួយ​យើង​ប៉ុណ្ណោះ​ទេ។ គម្ពីរ​រំលឹក​យើង​ថា​៖ ​«​ចូរ​បង្ហាញ​អំណរ​គុណ​»។ (​កូឡុស ៣:១៥​) ជួន​កាល​យើង​បារម្ភ​ច្រើន​ពេក​អំពី​បញ្ហា​របស់​យើង​រហូត​ដល់​យើង​មិន​ចាប់​អារម្មណ៍​ចំពោះ​អ្វី​ល្អ​ៗ​ដែល​យើង​មាន។ ដូច្នេះ​ជា​រៀង​រាល់​ថ្ងៃ សូម​ព្យាយាម​គិត​យ៉ាង​ហោច​ណាស់​អំពី​អ្វី​បី​យ៉ាង​ដែល​អ្នក​ចង់​អរគុណ​ដល់​ព្រះ​យេហូវ៉ា ហើយ​បន្ទាប់​មក​អរគុណ​លោក​ចំពោះ​អ្វី​ទាំង​នោះ។ ប្អូន​ស្រី​អាបឺហ្គេល​ដែល​មាន​វ័យ​ជំទង់ ហើយ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ពេល​គាត់​មាន​អាយុ​១២​ឆ្នាំ និយាយ​ថា​៖ ​«​ខ្ញុំ​គិត​ថា​ព្រះ​យេហូវ៉ា​សម​នឹង​ទទួល​អំណរ​គុណ​ពី​យើង​ច្រើន​ជាង​អ្នក​ឯ​ទៀត​ក្នុង​សកល​លោក។ យើង​គួរ​អរគុណ​លោក​នៅ​គ្រប់​ឱកាស​ចំពោះ​អំណោយ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​យើង​»។ ជួន​កាល​ប្អូន​អាបឺហ្គេល​សួរ​ខ្លួន​គាត់​នូវ​សំណួរ​មួយ​ដែល​គាត់​ធ្លាប់​ឮ​គេ​និយាយ​ពី​មុន​ថា ‹បើ​ខ្ញុំ​ក្រោក​ពី​គេង​នៅ​ថ្ងៃ​ស្អែក​ដោយ​មាន​តែ​អ្វី​ដែល​ខ្ញុំ​បាន​អរគុណ​ព្រះ​យេហូវ៉ា​នៅ​ថ្ងៃ​នេះ តើ​ខ្ញុំ​នឹង​មាន​អ្វី​ខ្លះ?›។

ការ​ពិសោធ​ដោយ​ខ្លួន​ឯង គឺ​សំខាន់

១២, ១៣​. តើ​តាម​របៀប​ណា​អ្នក​បាន​ភ្លក់​មើល​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​គឺ​ល្អ ហើយ​ហេតុ​អ្វី​គឺ​សំខាន់​ឲ្យ​អ្នក​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក?

១២ ព្រះ​យេហូវ៉ា​បាន​ជួយ​ស្ដេច​ដាវីឌ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ពិបាក​ជា​ច្រើន។ ដូច្នេះ​ពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន ដាវីឌ​បាន​និយាយ​ថា​៖ ​«​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​ចុះ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់​»។ (​ទំនុក​តម្កើង ៣៤:៨​) ខ​គម្ពីរ​នេះ​បង្ហាញ​ថា យើង​ត្រូវ​ពិសោធ​ឲ្យ​ដឹង​អំពី​គុណធម៌​របស់​ព្រះ​យេហូវ៉ា​ដោយ​ខ្លួន​ឯង។ ពេល​យើង​អាន​គម្ពីរ​និង​សៀវភៅ​ផ្សេង​ៗ​របស់​យើង ព្រម​ទាំង​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង យើង​រៀន​អំពី​របៀប​ដែល​ព្រះ​បាន​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់។ ប៉ុន្ដែ កាល​ដែល​ចំណង​មិត្ដភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​កាន់​តែ​មាំ​មួន​ឡើង អ្នក​ត្រូវ​យល់​របៀប​ដែល​ព្រះ​យេហូវ៉ា​កំពុង​ជួយ​អ្នក។ តើ​អ្នក​បាន​សាក​មើល​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​គឺ​ល្អ​តាម​របៀប​ណា​ខ្លះ?

ចូរ​ឲ្យ​តម្លៃ​ជា​និច្ច​ទៅ​លើ​ឯកសិទ្ធិ​ធ្វើ​ជា​សមាជិក​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា

១៣ គ្រិស្ដ​សាសនិក​ទាំង​អស់​បាន​ពិសោធ​គុណធម៌​របស់​ព្រះ​យេហូវ៉ា​តាម​របៀប​ដ៏​ពិសេស​មួយ។ លោក​បាន​អញ្ជើញ​យើង​ម្នាក់​ៗ​ឲ្យ​ចូល​ទៅ​ជិត​លោក​និង​បុត្រ​របស់​លោក។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​មក​ឯ​ខ្ញុំ​បាន​ឡើយ លុះ​ត្រា​តែ​អ្នក​នោះ​បាន​ត្រូវ​ទាញ​នាំ​មក​ដោយ​បិតា​នៅ​ស្ថាន​សួគ៌ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​»។ (​យ៉ូហាន ៦:៤៤​) តើ​អ្នក​គិត​ថា​ព្រះ​យេហូវ៉ា​បាន​ទាញ​នាំ​អ្នក​ឲ្យ​មក​ឯ​លោក​ឬ​ទេ? ឬ​តើ​អ្នក​គិត​ថា ‹ព្រះ​យេហូវ៉ា​បាន​ទាញ​នាំ​ឪ​ពុក​ម្ដាយ​ខ្ញុំ​ឲ្យ​មក​ឯ​លោក ហើយ​ខ្ញុំ​គ្រាន់​តែ​មក​តាម​ពួក​គាត់?›។ សូម​ចាំ​ថា ពេល​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​បាន​ទទួល​ការ​ជ្រមុជ​ទឹក នេះ​ធ្វើ​ឲ្យ​អ្នក​មាន​ចំណង​មិត្ដភាព​ដ៏​ពិសេស​ជា​មួយ​នឹង​លោក។ គម្ពីរ​ចែង​ថា​៖ ​«​ប្រសិន​បើ​អ្នក​ណា​ស្រឡាញ់​ព្រះ នោះ​ព្រះ​ស្គាល់​អ្នក​នោះ​»។ (​កូរិនថូស​ទី១ ៨:៣​) ចូរ​ឲ្យ​តម្លៃ​ជា​និច្ច​ទៅ​លើ​ឯកសិទ្ធិ​ធ្វើ​ជា​សមាជិក​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា។

១៤, ១៥​. តើ​តាម​របៀប​ណា​កិច្ច​បម្រើ​ផ្សាយ​អាច​ជួយ​អ្នក​ឲ្យ​មាន​ជំនឿ​មាំ​មួន​ជាង?

១៤ អ្នក​ក៏​ទទួល​គុណធម៌​ពី​ព្រះ​យេហូវ៉ា​ពេល​ដែល​លោក​ឲ្យ​អ្នក​មាន​ចិត្ដ​ក្លាហាន​ដើម្បី​និយាយ​អំពី​ជំនឿ​របស់​អ្នក​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ឬ​នៅ​សាលា។ គឺ​មិន​តែង​តែ​ស្រួល​ផ្សព្វ​ផ្សាយ​ដល់​សិស្ស​រួម​ថ្នាក់​ទេ។ ប្រហែល​ជា​អ្នក​ខ្វល់​អំពី​ប្រតិកម្ម​របស់​ពួក​គេ។ ជា​ពិសេស អ្នក​ប្រហែល​ជា​ពិបាក​ពន្យល់​អំពី​ជំនឿ​របស់​អ្នក​នៅ​មុខ​មនុស្ស​មួយ​ក្រុម​ធំ។ តើ​អ្វី​អាច​ជួយ​អ្នក?

១៥ សូម​គិត​អំពី​មូលហេតុ​ដែល​អ្នក​ជឿ​ជាក់​ថា​អ្វី​ដែល​អ្នក​ជឿ​គឺ​ជា​សេចក្ដី​ពិត។ សូម​ប្រើ​ជំនួយ​សិក្សា​យ៉ាង​ពេញ​លេញ​ដែល​មាន​នៅ​ក្នុង​គេហទំព័រ​jw.org/km។ ជំនួយ​សិក្សា​ទាំង​នោះ​អាច​ជួយ​អ្នក​ឲ្យ​គិត​អំពី​ជំនឿ​របស់​អ្នក មូលហេតុ​ដែល​អ្នក​មាន​ជំនឿ​នោះ ហើយ​របៀប​ដែល​អ្នក​អាច​ពន្យល់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​អ្នក។ ពេល​អ្នក​ពិត​ជា​ជឿ​ជាក់ ហើយ​បាន​រៀប​ចំ​យ៉ាង​ល្អ អ្នក​នឹង​ចង់​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​យេហូវ៉ា។—យេរេមា ២០:៨, ៩

១៦​. តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​មាន​ចិត្ដ​ក្លាហាន​ដើម្បី​និយាយ​អំពី​ជំនឿ​របស់​អ្នក?

១៦ ទោះ​ជា​អ្នក​បាន​រៀប​ចំ​យ៉ាង​ល្អ​ក៏​ដោយ អ្នក​ប្រហែល​ជា​នៅ​តែ​ភ័យ​ពេល​ពន្យល់​អំពី​ជំនឿ​របស់​អ្នក។ ប្អូន​ស្រី​ម្នាក់​ដែល​មាន​អាយុ​១៨​ឆ្នាំ ហើយ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ពេល​គាត់​មាន​អាយុ​១៣​ឆ្នាំ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​យល់​ច្បាស់​អំពី​ជំនឿ​របស់​ខ្ញុំ ប៉ុន្ដែ​ជួន​កាល​ខ្ញុំ​ពិបាក​រក​ពាក្យ​ពន្យល់​អ្នក​ឯ​ទៀត​»។ ដូច្នេះ គាត់​ព្យាយាម​និយាយ​អំពី​សេចក្ដី​ពិត​ពេល​ដែល​គាត់​និយាយ​លេង​ជា​មួយ​នឹង​អ្នក​ឯ​ទៀត ហើយ​គាត់​ក៏​មិន​បង្ខំ​ឲ្យ​មាន​ការ​សន្ទនា​អំពី​សេចក្ដី​ពិត​ឡើយ។ គាត់​និយាយ​ថា​៖ ​«​សិស្ស​រួម​ថ្នាក់​ខ្ញុំ និយាយ​អំពី​អ្វី​ដែល​ពួក​គេ​ធ្វើ ហើយ​ខ្ញុំ​មិន​គួរ​ស្ទាក់​ស្ទើរ​ឲ្យ​ធ្វើ​ដូច​ពួក​គេ​ទេ។ ដូច្នេះ ដំបូង​ខ្ញុំ​និយាយ​ដូច​ជា‹នៅ​ថ្ងៃ​មុន ពេល​ខ្ញុំ​បង្រៀន​គម្ពីរ . . . › ហើយ​ក្រោយ​មក​បន្ដ​និយាយ​អំពី​រឿង​ដែល​ខ្ញុំ​ចង់​និយាយ។ ទោះ​ជា​រឿង​ដែល​ខ្ញុំ​និយាយ​មិន​មែន​អំពី​គម្ពីរ​ក៏​ដោយ អ្នក​ឯ​ទៀត​ច្រើន​តែ​ចាប់​អារម្មណ៍​អំពី​អ្វី​ដែល​ខ្ញុំ​ធ្វើ​ពេល​បង្រៀន​គម្ពីរ។ ជួន​កាល ពួក​គេ​សួរ​សំណួរ​ផ្សេង​ៗ​ដែរ។ ពេល​ខ្ញុំ​ធ្វើ​ដូច្នេះ​កាន់​តែ​ច្រើន​ដង នោះ​ខ្ញុំ​កាន់​តែ​ស្រួល ហើយ​ក្រោយ​មក​ខ្ញុំ​តែង​តែ​សប្បាយ​ចិត្ដ!​»។

១៧​. តើ​អ្វី​ផ្សេង​ទៀត​អាច​ជួយ​អ្នក​ឲ្យ​និយាយ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត?

១៧ ពេល​អ្នក​ឯ​ទៀត​មាន​អារម្មណ៍​ថា​អ្នក​ពិត​ជា​គោរព​និង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ពួក​គេ ពួក​គេ​ស្រួល​គោរព​អ្នក​និង​ជំនឿ​របស់​អ្នក​ជាង។ ប្អូន​ស្រី​អូលីវា​ដែល​មាន​អាយុ​១៧​ឆ្នាំ ហើយ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ពេល​គាត់​នៅ​ក្មេង និយាយ​ថា​៖ ​«​ខ្ញុំ​ធ្លាប់​ខ្លាច​ថា​បើ​ខ្ញុំ​និយាយ​អំពី​គម្ពីរ មនុស្ស​នឹង​គិត​ថា​ខ្ញុំ​ជា​អ្នក​ជ្រុល​និយម​ខាង​សាសនា​»។ ប៉ុន្ដែ​ក្រោយ​មក គាត់​ចាប់​ផ្ដើម​មាន​ទស្សនៈ​ផ្សេង។ ជា​ជាង​គិត​ច្រើន​ពេក​អំពី​ការ​ភ័យ​ខ្លាច គាត់​បាន​គិត​ថា ​«​មនុស្ស​វ័យ​ក្មេង​ជា​ច្រើន​មិន​ដឹង​អ្វី​សោះ​អំពី​សាក្សី​ព្រះ​យេហូវ៉ា​ទេ។ មាន​តែ​យើង​ប៉ុណ្ណោះ​ដែល​ពួក​គេ​ជួប។ ដូច្នេះ ការ​ប្រព្រឹត្ដ​របស់​យើង​អាច​នាំ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍​ឬ​មិន​ចាប់​អារម្មណ៍​ចំពោះ​សេចក្ដី​ពិត។ ចុះ​យ៉ាង​ណា​បើ​យើង​ជា​មនុស្ស​អៀន​ខ្មាស ឬ​មិន​សូវ​ហ៊ាន​និយាយ​អំពី​ជំនឿ​របស់​យើង ឬ​ចុះ​បើ​យើង​ខ្មាស​គេ​ពេល​និយាយ​អំពី​ជំនឿ​របស់​យើង តើ​អ្នក​ឯ​ទៀត​នឹង​គិត​យ៉ាង​ណា​អំពី​យើង? ពួក​គេ​ប្រហែល​ជា​នឹង​គិត​ថា​យើង​មិន​មាន​មោទនភាព​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា​នោះ​ទេ។ ពួក​គេ​ក៏​ប្រហែល​ជា​ថែម​ទាំង​និយាយ​មិន​សប្បុរស​មក​លើ​យើង​ដោយ​សារ​យើង​គ្មាន​ទំនុក​ចិត្ដ។ ក៏​ប៉ុន្ដែ បើ​យើង​និយាយ​ដោយ​មាន​ទំនុក​ចិត្ដ​អំពី​អ្វី​ដែល​យើង​ជឿ ហើយ​ធ្វើ​ដូច​ជា​ការ​សន្ទនា​ធម្មតា នោះ​ពួក​គេ​ទំនង​ជា​នឹង​គោរព​យើង​ជាង​»។

ចូរ​បន្ដ​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន​បាន​សម្រេច

១៨​. តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន​បាន​សម្រេច?

១៨ ក្នុង​អត្ថបទ​នេះ​យើង​បាន​ឃើញ​ថា​ការ​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន​បាន​សម្រេច​គឺ​ជា​អ្វី​ដ៏​សំខាន់​ណាស់។ ដើម្បី​ធ្វើ​ដូច្នេះ អ្នក​ត្រូវ​អាន​និង​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា អធិដ្ឋាន​ទៅ​លោក ហើយ​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​របៀប​ផ្សេង​ៗ​ដែល​លោក​បាន​ជួយ​អ្នក​ផ្ទាល់។ ការ​ធ្វើ​អ្វី​ទាំង​នេះ​នឹង​ជួយ​អ្នក​ឲ្យ​កាន់​តែ​មាន​ទំនុក​ចិត្ដ​ថា​ព្រះ​យេហូវ៉ា​ជា​មិត្ដ​សម្លាញ់​របស់​អ្នក។ នេះ​នឹង​ជំរុញ​ចិត្ដ​អ្នក​ឲ្យ​ចង់​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​អ្នក។—សូម​អាន ទំនុក​តម្កើង ៧៣:២៨

១៩​. ហេតុ​អ្វី​យើង​គួរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន​បាន​សម្រេច?

១៩ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ អ្នក​នោះ​ត្រូវ​ប្រគល់​ខ្លួន​ឲ្យ​ព្រះ ហើយ​លី​បង្គោល​ទារុណកម្ម​របស់​ខ្លួន រួច​មក​តាម​ខ្ញុំ​ជា​ដរាប​»។ (​ម៉ាថាយ ១៦:២៤​) ដើម្បី​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ គ្រិស្ដ​សាសនិក​ម្នាក់​ៗ​ត្រូវ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក។ នេះ​ជា​ការ​ចាប់​ផ្ដើម​នៃ​ជីវិត​ដ៏​ល្អ​ប្រសើរ​នៅ​សព្វ​ថ្ងៃ ហើយ​នេះ​ក៏​នឹង​នាំ​ឲ្យ​យើង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ។ ដូច្នេះ ចូរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បន្ដ​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន​បាន​សម្រេច!