លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​ឲ្យ​តម្លៃ​ចំពោះ​អាពាហ៍​ពិពាហ៍​ជា​ការ​រៀប​ចំ​របស់​ព្រះ

ចូរ​ឲ្យ​តម្លៃ​ចំពោះ​អាពាហ៍​ពិពាហ៍​ជា​ការ​រៀប​ចំ​របស់​ព្រះ

​«​កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ​»។—ម៉ាកុស ១០:៩

ចម្រៀង​លេខ: ១៣១, ១៣២

១, ២. តើ​ហេប្រឺ ១៣:៤​គួរ​ជំរុញ​ចិត្ដ​យើង​ឲ្យ​ធ្វើ​អ្វី?

យើង​ទាំង​អស់​គ្នា​ចង់​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា។ លោក​សម​នឹង​ទទួល​កិត្ដិយស​ពី​យើង ហើយ​លោក​សន្យា​ថា​លោក​នឹង​ផ្ដល់​កិត្ដិយស​ឲ្យ​យើង​វិញ​ដែរ។ (​សាំយូអែល​ទី១ ២:៣០; សុភាសិត ៣:៩; ការ​បើក​បង្ហាញ ៤:១១​) លោក​ក៏​ចង់​ឲ្យ​យើង​លើក​កិត្ដិយស​អ្នក​ឯ​ទៀត ដូច​ជា​ពួក​អាជ្ញាធរ​ជា​ដើម។ (​រ៉ូម ១២:១០; ១៣:៧​) ប៉ុន្ដែ យើង​ត្រូវ​ឲ្យ​កិត្ដិយស​ឬ​ឲ្យ​តម្លៃ​ជា​ពិសេស​ចំពោះ​អ្វី​មួយ ពោល​គឺ​ចំណង​អាពាហ៍​ពិពាហ៍។

សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​គ្នា​ចាត់​ទុក​អាពាហ៍​ពិពាហ៍​ជា​អ្វី​ដែល​មាន​តម្លៃ ហើយ​ឲ្យ​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ​ត្រូវ​ឥត​សៅហ្មង​»។ (​ហេប្រឺ ១៣:៤​) ប៉ូល​មិន​គ្រាន់​តែ​និយាយ​អំពី​អាពាហ៍​ពិពាហ៍​របស់​មនុស្ស​ជា​ទូ​ទៅ​ទេ តែ​គាត់​ចង់​ប្រាប់​គ្រិស្ដ​សាសនិក​ជា​ពិសេស​ថា ពួក​គេ​ត្រូវ​ឲ្យ​តម្លៃ​ចំពោះ​អាពាហ៍​ពិពាហ៍ ពោល​គឺ​ចាត់​ទុក​អាពាហ៍​ពិពាហ៍​ជា​អ្វី​ដ៏​ពិសេស។ តើ​អ្នក​មាន​ទស្សនៈ​បែប​នេះ​ចំពោះ​អាពាហ៍​ពិពាហ៍​ឬ​ទេ ជា​ពិសេស​ចំពោះ​អាពាហ៍​ពិពាហ៍​របស់​អ្នក​ផ្ទាល់ បើ​អ្នក​បាន​រៀប​ការ​រួច​ហើយ?

៣. តើ​លោក​យេស៊ូ​បាន​ឲ្យ​យោបល់​ដ៏​សំខាន់​អ្វី​អំពី​អាពាហ៍​ពិពាហ៍? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

បើ​អ្នក​ចាត់​ទុក​អាពាហ៍​ពិពាហ៍​ថា​ជា​អ្វី​ដ៏​ពិសេស អ្នក​កំពុង​ធ្វើ​តាម​គំរូ​ដ៏​ល្អ​ប្រសើរ​មួយ។ លោក​យេស៊ូ​បាន​ឲ្យ​តម្លៃ​ចំពោះ​អាពាហ៍​ពិពាហ៍។ ពេល​ពួក​ផារិស៊ី​បាន​សួរ​លោក​អំពីការ​លែង​លះ​គ្នា លោក​បាន​លើក​បញ្ជាក់​អំពី​ប្រសាសន៍​របស់​ព្រះ​ស្ដី​អំពី​អាពាហ៍​ពិពាហ៍​ដំបូង ដែល​ថា​៖ ​«​ហេតុ​នេះ បុរស​នឹង​ចាក​ចេញ​ពី​ឪ​ពុក​និង​ម្ដាយ​ខ្លួន ហើយ​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ​»។ លោក​យេស៊ូ​បាន​បន្ថែម​ថា​៖ ​«​កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ​»។—សូម​អាន ម៉ាកុស ១០:២​-​១២; លោកុប្បត្ដិ ២:២៤

៤. តើ​អ្វី​ជា​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អាពាហ៍​ពិពាហ៍?

លោក​យេស៊ូ​យល់​ស្រប​ថា​ព្រះ​ជា​អ្នក​ដែល​បាន​រៀប​ចំ​ឲ្យ​មាន​អាពាហ៍​ពិពាហ៍ ហើយ​ថា​អាពាហ៍​ពិពាហ៍​គួរ​តែ​ជា​អ្វី​ដែល​ស្ថិតស្ថេរ​ជា​រៀង​រហូត។ ពេល​ព្រះ​ផ្សំផ្គុំ​អាពាហ៍​ពិពាហ៍​ដំបូង លោក​មិន​បាន​ប្រាប់​អាដាម​និង​អេវ៉ា​ថា​ពួក​គេ​អាច​លែង​លះ​គ្នា​ទេ។ ផ្ទុយ​ទៅ​វិញ គោល​បំណង​របស់​លោក​គឺ​ឲ្យ​«​ពួក​គេ​ទាំង​ពីរ​នាក់​»​នៅ​ជាប់​ជា​មួយ​គ្នា​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍​ជា​រៀង​រហូត។

ការ​រៀប​ចំ​ចំពោះ​អាពាហ៍​ពិពាហ៍​បាន​ផ្លាស់​ប្ដូរ​អស់​មួយ​រយៈ

៥. តើ​សេចក្ដី​ស្លាប់​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អាពាហ៍​ពិពាហ៍?

ប៉ុន្ដែ ពេល​អាដាម​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង អ្វី​ៗ​ជា​ច្រើន​បាន​ផ្លាស់​ប្ដូរ។ ការ​ផ្លាស់​ប្ដូរ​មួយ​គឺ​មនុស្ស​ចាប់​ផ្ដើម​ស្លាប់ ហើយ​នោះ​មាន​ឥទ្ធិពល​លើ​អាពាហ៍​ពិពាហ៍។ សាវ័ក​ប៉ូល​បាន​ពន្យល់​ដល់​គ្រិស្ដ​សាសនិក​ថា សេចក្ដី​ស្លាប់​បញ្ចប់​ចំណង​អាពាហ៍​ពិពាហ៍ ហើយ​ថា​គូ​ដែល​នៅ​រស់​មាន​សេរី​ភាព​រៀប​ការ​ម្ដង​ទៀត។—រ៉ូម ៧:១​-​៣

ច្បាប់​ម៉ូសេ​បង្រៀន​យើង​ថា​ព្រះ​ចាត់​ទុក​អាពាហ៍​ពិពាហ៍​ថា​ជា​អ្វី​ដ៏​ពិសេស​ណាស់

៦. តើ​ច្បាប់​ម៉ូសេ​បង្រៀន​យើង​អ្វី​អំពី​ទស្សនៈ​របស់​ព្រះ​ចំពោះ​អាពាហ៍​ពិពាហ៍?

ច្បាប់​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព័ត៌មាន​ផ្សេង​ៗ​អំពី​អាពាហ៍​ពិពាហ៍។ ជា​ឧទាហរណ៍ បុរស​ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ប្រពន្ធ​លើស​ពី​មួយ។ ទំនៀម​ទម្លាប់​នេះ មាន​តាំង​ពី​មុន​ពេល​ដែល​ព្រះ​បាន​ឲ្យ​ច្បាប់​នោះ។ ប៉ុន្ដែ ច្បាប់​របស់​ព្រះ​បាន​ការ​ពារ​ស្ដ្រី​និង​កូន​ក្មេង​កុំ​ឲ្យ​គេ​ធ្វើ​បាប។ ជា​ឧទាហរណ៍ បើ​បុរស​ជន​ជាតិ​អ៊ីស្រាអែល​រៀប​ការ​ជា​មួយ​នឹង​ខ្ញុំ​បម្រើ​ម្នាក់ ហើយ​ក្រោយ​មក​យក​ប្រពន្ធ​មួយ​ទៀត គាត់​នៅ​តែ​ត្រូវ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ប្រពន្ធ​ដើម​ដូច​ដែល​គាត់​ធ្លាប់​ធ្វើ​ពី​មុន។ ព្រះ​តម្រូវ​ឲ្យ​គាត់​បន្ដ​ការ​ពារ​និង​ថែ​រក្សា​នាង។ (​និក្ខមនំ ២១:៩, ១០​) យើង​មិន​ធ្វើ​តាម​ច្បាប់​ម៉ូសេ​នៅ​សព្វ​ថ្ងៃ​នេះ​ទេ។ ប៉ុន្ដែ ច្បាប់​នោះ​បង្រៀន​យើង​ថា​ព្រះ​ចាត់​ទុក​អាពាហ៍​ពិពាហ៍​ថា​ជា​អ្វី​ដ៏​ពិសេស​ណាស់។ នេះ​ពិត​ជា​ជួយ​យើង​ឲ្យ​តម្លៃ​ចំពោះ​អាពាហ៍​ពិពាហ៍។

៧, ៨. (​ក​) យោង​ទៅ​តាម​ចោទិយកថា ២៤:១ តើ​ច្បាប់​ម៉ូសេ​ចែង​យ៉ាង​ណា​អំពី​ការ​លែង​លះ? (​ខ​) តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​លែង​លះ​គ្នា?

តើ​ច្បាប់​ម៉ូសេ​បាន​ចែង​យ៉ាង​ណា​អំពី​ការ​លែង​លះ​គ្នា? ទោះ​ជា​ព្រះ​យេហូវ៉ា​មិន​ដែល​មាន​គោល​បំណង​ឲ្យ​ប្ដី​ប្រពន្ធ​លែង​លះ​គ្នា​ក្ដី ច្បាប់​ម៉ូសេ​បាន​អនុញ្ញាត​ឲ្យ​បុរស​ជន​ជាតិ​អ៊ីស្រាអែល​លែង​លះ​ប្រពន្ធ បើ​គាត់​«​បាន​ឃើញ​សេចក្ដី​ណា​ដែល​មិន​គប្បី​នៅ​នឹង​នាង​»។ (​សូម​អាន ចោទិយកថា ២៤:១) ច្បាប់​នោះ​មិន​បាន​រៀប​រាប់​អំពី​អ្វី​ដែល​អាច​ចាត់​ទុក​ថា​ជា​«​សេចក្ដី​ណា​ដែល​មិន​គប្បី​»​ទេ។ ប៉ុន្ដែ នេះ​ប្រាកដ​ជា​អ្វី​ដ៏​គួរ​ឲ្យ​អាម៉ាស់ ឬ​ធ្ងន់​ធ្ងរ​ណាស់ មិន​គ្រាន់​តែ​ជា​អ្វី​ដែល​តូច​តាច​នោះ​ឡើយ។ (​ចោទិយកថា ២៣:១៤​) គួរ​ឲ្យ​ស្តាយ​ណាស់ នៅ​សម័យ​លោក​យេស៊ូ ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​បាន​លែង​លះ​ប្រពន្ធ​«​ដោយ​មូលហេតុ​អ្វី​ក៏​ដោយ​»។ (​ម៉ាថាយ ១៩:៣​) យើង​ច្បាស់​ជា​មិន​ចង់​មាន​ចិត្ដ​គំនិត​បែប​នេះ​ទេ។

នៅ​សម័យ​ម៉ាឡាគី​ដែល​ជា​អ្នក​ប្រកាស​ទំនាយ បុរស​ច្រើន​តែ​លែង​លះ‹ប្រពន្ធ​ដែល​បាន​គ្នា​ពី​ក្រមុំ​កំឡោះ› ហើយ​ពួក​គេ​ប្រហែល​ជា​ធ្វើ​ដូច្នេះ​ដើម្បី​រៀប​ការ​ជា​មួយ​នឹង​ស្ដ្រី​វ័យ​ក្មេង​ជាង​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា។ ប៉ុន្ដែ ព្រះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ទស្សនៈ​របស់​លោក​ចំពោះ​ការ​លែង​លះ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អញ​ស្អប់​ការ​លះ​លែង​គ្នា​ណាស់​»។ (​ម៉ាឡាគី ២:១៤​-​១៦​) ទស្សនៈ​របស់​ព្រះ​ចំពោះ​អាពាហ៍​ពិពាហ៍​មិន​ដែល​ផ្លាស់​ប្ដូរ​តាំង​ពី​ដើម​ដំបូង ពេល​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​បុរស​នឹង‹នៅ​ជាប់​នឹង​ប្រពន្ធ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ›។ (​លោកុប្បត្ដិ ២:២៤​) ម្យ៉ាង​ទៀត លោក​យេស៊ូ​បាន​គាំ​ទ្រ​ទស្សនៈ​របស់​បិតា​លោក​ចំពោះ​អាពាហ៍​ពិពាហ៍ ពេល​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ​»។—ម៉ាថាយ ១៩:៦

មូលហេតុ​តែ​មួយ​គត់​សម្រាប់​ការ​លែង​លះ​គ្នា

៩. តើ​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​ម៉ាកុស ១០:១១, ១២​មាន​ន័យ​យ៉ាង​ណា?

អ្នក​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​អាច​មាន​មូលហេតុ​ណា​មួយ​ឲ្យ​គ្រិស្ដ​សាសនិក​លែង​លះ ហើយ​រៀប​ការ​ជា​មួយ​នឹង​អ្នក​ផ្សេង​ឬ​ទេ?›។ សូម​កត់​សម្គាល់​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ រួច​រៀប​ការ​ជា​មួយ​នឹង​ស្ដ្រី​ម្នាក់​ទៀត អ្នក​នោះ​ផិត​ក្បត់​ប្រពន្ធ​ហើយ។ បើ​ស្ដ្រី​ណា​លែង​លះ​ប្ដី រួច​រៀប​ការ​ជា​មួយ​នឹង​បុរស​ម្នាក់​ទៀត ស្ដ្រី​នោះ​ផិត​ក្បត់​»។ (​ម៉ាកុស ១០:១១, ១២; លូកា ១៦:១៨​) លោក​យេស៊ូ​ពិត​ជា​ឲ្យ​តម្លៃ​ចំពោះ​អាពាហ៍​ពិពាហ៍ ហើយ​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ធ្វើ​ដូច្នេះ​ដែរ។ បើ​បុរស​ឬ​ស្ដ្រី​ណា​ម្នាក់​លែង​លះ​ប្រពន្ធ​ឬ​ប្ដី​ដ៏​ស្មោះ​ត្រង់​របស់​គាត់ ហើយ​រៀប​ការ​ជា​មួយ​នឹង​អ្នក​ផ្សេង គាត់​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់។ នេះ​គឺ​ដោយ​សារ​ការ​លែង​លះ​គ្នា​មិន​បញ្ចប់​ចំណង​អាពាហ៍​ពិពាហ៍​ទេ។ ព្រះ​នៅ​តែ​ចាត់​ទុក​គូ​ប្ដី​ប្រពន្ធ​នោះ​ជា​«​សាច់​ឈាម​តែ​មួយ​»។ លោក​យេស៊ូ​ក៏​មាន​ប្រសាសន៍​ថា បើ​បុរស​ណា​ម្នាក់​លែង​លះ​ប្រពន្ធ​ដ៏​ស្មោះ​ត្រង់​របស់​គាត់ នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​ប្រពន្ធ​របស់​គាត់​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់។ ហេតុ​អ្វី? នៅ​សម័យ​នោះ ស្ដ្រី​ដែល​បាន​ត្រូវ​គេ​លែង​លះ​ប្រហែល​ជា​នឹង​គិត​ថា​ដោយ​សារ​បញ្ហា​ខាង​លុយ​កាក់​គាត់​ត្រូវ​រៀប​ការ​ជា​មួយ​នឹង​អ្នក​ផ្សេង។ អាពាហ៍​ពិពាហ៍​បែប​នោះ​គឺ​ដូច​គ្នា​នឹង​ការ​ផិត​ក្បត់។

១០. តើ​អ្វី​ជា​មូលហេតុ​តែ​មួយ​គត់​ដែល​គ្រិស្ដ​សាសនិក​អាច​លែង​លះ ហើយ​មាន​សេរី​ភាព​រៀប​ការ​ជា​មួយ​នឹង​អ្នក​ផ្សេង​ទៀត?

១០ លោក​យេស៊ូ​បាន​បង្រៀន​ថា​មាន​មូលហេតុ​តែ​មួយ​គត់​ដែល​បុគ្គល​ណា​ម្នាក់​អាច​លែង​លះ​បាន គឺ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ​ដែល​មិន​បាន​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ រួច​រៀប​ការ​ជា​មួយ​នឹង​ស្ដ្រី​ម្នាក់ទៀត អ្នក​នោះ​ជា​អ្នក​ផិត​ក្បត់​»។ (​ម៉ាថាយ ១៩:៩​) លោក​ក៏​បាន​បញ្ជាក់​ចំណុច​នេះ​ក្នុង​សុន្ទរកថា​នៅ​លើ​ភ្នំ​ដែរ។ (​ម៉ាថាយ ៥:៣១, ៣២​) ទាំង​ពីរ​ដង​នេះ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​អាច​រួម​បញ្ចូល​អំពើ​ខុស​ឆ្គង​ដូច​ជា អំពើ​ផិត​ក្បត់ ពេស្យាចារ ការ​រួម​ដំណេក​រវាង​បុគ្គល​ពីរ​នាក់​ដែល​មិន​បាន​រៀប​ការ​ជា​មួយ​គ្នា ការ​រួម​ភេទ​ជា​មួយ​នឹង​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា និង​ការ​រួម​សង្វាស​ជា​មួយ​នឹង​សត្វ។ ជា​ឧទាហរណ៍ បើ​ប្ដី​ណា​ម្នាក់​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ប្រពន្ធ​របស់​គាត់​អាច​សម្រេច​ចិត្ដ​ថា​នាង​នឹង​លែង​លះ​គាត់​ឬ​យ៉ាង​ណា។ បើ​នាង​លែង​លះ​គាត់ ព្រះ​នឹង​លែង​ចាត់​ទុក​ថា​ពួក​គេ​ជា​គូ​អាពាហ៍​ពិពាហ៍​ត​ទៅ​ទៀត។

១១. ហេតុ​អ្វី​គ្រិស្ដ​សាសនិក​ម្នាក់​ប្រហែល​ជា​សម្រេច​ចិត្ដ​មិន​លែង​លះ ទោះ​ជា​គូ​របស់​គាត់​បាន​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ក្ដី?

១១ សូម​កត់​សម្គាល់​ថា​លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​ថា បើ​បុគ្គល​ដែល​បាន​រៀប​ការ​រួច​ហើយ បាន​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ នោះ​គូ​ដែល​គ្មាន​កំហុស​ត្រូវ​តែ​លែង​លះ​គាត់​ទេ។ ជា​ឧទាហរណ៍ ប្រពន្ធ​ប្រហែល​ជា​សម្រេច​ចិត្ដ​មិន​លែង​លះ​ប្ដី ទោះ​ជា​ប្ដី​បាន​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ក្ដី។ ហេតុ​អ្វី? នាង​ប្រហែល​ជា​នៅ​តែ​ស្រឡាញ់​គាត់ ហើយ​ប្រហែល​ជា​សុខ​ចិត្ដ​អភ័យ​ទោស​ឲ្យ​គាត់ និង​ខំ​ធ្វើ​ឲ្យ​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ​ប្រសើរ​ឡើង។ ម្យ៉ាង​ទៀត បើ​នាង​លែង​លះ​គាត់ ហើយ​មិន​បាន​រៀប​ការ​ជា​មួយ​នឹង​អ្នក​ផ្សេង​ទៀត នាង​ប្រហែល​ជា​នឹង​មាន​ការ​ពិបាក​មួយ​ចំនួន។ ជា​ឧទាហរណ៍ ចុះ​យ៉ាង​ណា​អំពី​សេចក្ដី​ត្រូវ​ការ​របស់​នាង​ខាង​រូប​កាយ​និង​ខាង​ផ្លូវ​ភេទ? តើ​នាង​នឹង​ឯកោ​ឬ​ទេ? តើ​ការ​លែង​លះ​គ្នា​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​កូន​របស់​នាង? តើ​នេះ​នឹង​ធ្វើ​ឲ្យ​នាង​កាន់​តែ​ពិបាក​ចិញ្ចឹម​អប់រំ​កូន​ក្នុង​សេចក្ដី​ពិត​ឬ​ទេ? (​កូរិនថូស​ទី១ ៧:១៤​) យើង​អាច​ឃើញ​ថា គូ​ដែល​គ្មាន​កំហុស​ដែល​សម្រេច​ចិត្ដ​លែង​លះ​នឹង​មាន​ការ​ពិបាក​ធ្ងន់​ធ្ងរ​មួយ​ចំនួន។

១២, ១៣. (​ក​) តើ​អ្វី​បាន​កើត​ឡើង​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍​របស់​ហូសេ? (​ខ​) ហេតុ​អ្វី​ហូសេ​បាន​ទទួល​យក​កូមើរ​វិញ ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​អាពាហ៍​ពិពាហ៍​របស់​គាត់?

១២ យើង​អាច​រៀន​អ្វី​ជា​ច្រើន​អំពី​ទស្សនៈ​របស់​ព្រះ​ចំពោះ​អាពាហ៍​ពិពាហ៍​តាម​រយៈ​បទ​ពិសោធន៍​របស់​ហូសេ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ។ ព្រះ​បាន​ប្រាប់​ហូសេ​ឲ្យ​រៀប​ការ​ជា​មួយ​នឹង​ស្ដ្រី​ម្នាក់​ឈ្មោះ​កូមើរ ដែល​នឹង​ក្លាយ​ទៅ​ជា​ស្រី​«​សំផឹង​»​នៅ​ពេល​ក្រោយ​មក ហើយ​នឹង​«​បង្កើត​កូន​សហាយ​»។ កូមើរ​និង​ហូសេ​មាន​កូន​ប្រុស​ម្នាក់​ជា​មួយ​គ្នា។ (​ហូសេ ១:២, ៣​) ក្រោយ​មក កូមើរ​បង្កើត​កូន​ស្រី​ម្នាក់​និង​កូន​ប្រុស​ម្នាក់​ទៀត ហើយ​ពួក​គេ​ទំនង​ជា​កូន​របស់​បុរស​ផ្សេង​ទៀត។ ទោះ​ជា​កូមើរ​បាន​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់​លើស​ពី​ម្ដង​ក្ដី ហូសេ​មិន​បាន​លែង​លះ​គាត់​ទេ។ ក្រោយ​មក​ទៀត គាត់​បាន​ចាក​ចេញ​ពី​ហូសេ ហើយ​ទៅ​ជា​ខ្ញុំ​បម្រើ។ ប៉ុន្ដែ ហូសេ​បាន​ទិញ​គាត់​មក​វិញ។ (​ហូសេ ៣:១, ២​) ព្រះ​យេហូវ៉ា​បាន​ប្រើ​ហូសេ​ដើម្បី​បង្ហាញ​អំពី​ការ​អភ័យ​ទោស​របស់​លោក​ម្ដង​ហើយ​ម្ដង​ទៀត​ចំពោះ​ប្រជា​ជាតិ​អ៊ីស្រាអែល បន្ទាប់​ពី​ប្រជា​ជាតិ​នោះ​មិន​បាន​ស្មោះ​ត្រង់​ចំពោះ​លោក ហើយ​បាន​គោរព​បូជា​ព្រះ​ផ្សេង​ទៀត។ តើ​យើង​អាច​រៀន​អ្វី​ពី​អាពាហ៍​ពិពាហ៍​របស់​ហូសេ?

១៣ បើ​គូ​របស់​គ្រិស្ដ​សាសនិក​ណា​ម្នាក់​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌ គូ​ដែល​គ្មាន​កំហុស​នឹង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​មួយ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា គូ​ដែល​គ្មាន​កំហុស​នឹង​មាន​មូលហេតុ​ស្រប​តាម​គម្ពីរ​ដើម្បី​លែង​លះ​គាត់ ហើយ​មាន​សេរី​ភាព​រៀប​ការ​ជា​មួយ​នឹង​អ្នក​ផ្សេង​នៅ​ពេល​ក្រោយ​មក។ ប៉ុន្ដែ គឺ​មិន​ខុស​ទេ បើ​គូ​ដែល​គ្មាន​កំហុស​សម្រេច​ចិត្ដ​អភ័យ​ទោស​ឲ្យ​គូ​របស់​ខ្លួន។ ហូសេ​ព្រម​ទទួល​យក​កូមើរ​វិញ។ ក្រោយ​ពី​នាង​បាន​ត្រឡប់​មក​រស់​នៅ​ជា​មួយ​នឹង​ហូសេ​វិញ គាត់​បាន​ប្រាប់​នាង​ថា​នាង​មិន​អាច​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ឯ​ទៀត​ទេ។ ហូសេ​«​មិន​បាន​រួម​ដំណេក​»​ជា​មួយ​នឹង​កូមើរ​អស់​មួយ​រយៈ។ (​ហូសេ ៣:៣, កំណត់​សម្គាល់​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​កំណែ​ថ្មី​ជា​ភាសា​អង់គ្លេស​) ប៉ុន្ដែ​ក្រោយ​មក ហូសេ​ប្រាកដ​ជា​បាន​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​របស់គាត់​ម្ដង​ទៀត។ នេះ​ជា​តំណាង​របៀប​ដែល​ព្រះ​បាន​សុខ​ចិត្ដ​ទទួល​យក​ប្រជា​ជាតិ​អ៊ីស្រាអែល​វិញ ហើយ​បន្ដ​មាន​ទំនាក់​ទង​ជា​មួយ​នឹង​ពួក​គេ។ (​ហូសេ ១:១១; ៣:៣​-​៥​) តើ​នេះ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​អាពាហ៍​ពិពាហ៍​នៅ​សព្វ​ថ្ងៃ​នេះ? បើ​គូ​ដែល​គ្មាន​កំហុស​ចាប់​ផ្ដើម​រួម​ដំណេក​ម្ដង​ទៀត​ជា​មួយ​នឹង​គូ​ដែល​បាន​ធ្វើ​ខុស នោះ​នឹង​បង្ហាញ​ថា​គូ​ដែល​គ្មាន​កំហុស​បាន​អភ័យ​ទោស​ឲ្យ​គាត់។ (​កូរិនថូស​ទី១ ៧:៣,​) បើ​ដូច្នេះ គាត់​លែង​មាន​មូលហេតុ​ស្រប​តាម​គម្ពីរ​ឲ្យ​លែង​លះ​គ្នា​ទៀត។ ក្រោយ​មក ប្ដី​និង​ប្រពន្ធ​គួរ​សហការ​គ្នា​និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​មាន​ទស្សនៈ​ដូច​ព្រះ​ចំពោះ​អាពាហ៍​ពិពាហ៍។

ចូរ​ឲ្យ​តម្លៃ​ចំពោះ​អាពាហ៍​ពិពាហ៍​ទោះ​ជា​មាន​ការ​ពិបាក​ធ្ងន់​ធ្ងរ​ក្ដី

១៤. យោង​ទៅ​តាម​កូរិនថូស​ទី១ ៧:១០, ១១ តើ​អ្វី​ប្រហែល​ជា​នឹង​កើត​ឡើង​ក្នុង​អាពាហ៍​ពិពាហ៍?

១៤ ដូច​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ គ្រិស្ដ​សាសនិក​ទាំង​អស់​គួរ​ឲ្យ​តម្លៃ​ចំពោះ​អាពាហ៍​ពិពាហ៍។ ប៉ុន្ដែ ដោយ​សារភាព​មិន​ល្អ​ឥត​ខ្ចោះ អ្នក​ខ្លះ​ប្រហែល​ជា​មិន​ធ្វើ​ដូច្នេះ​នៅ​គ្រប់​ពេល​ទេ។ (​រ៉ូម ៧:១៨​-​២៣​) ម៉្លោះ​ហើយ យើង​មិន​ភ្ញាក់​ផ្អើល​ទេ ដែល​គ្រិស្ដ​សាសនិក​ខ្លះ​នៅ​សម័យ​ដើម​មាន​ការ​ពិបាក​ដ៏​ធ្ងន់​ធ្ងរ​ក្នុង​អាពាហ៍​ពិពាហ៍។ ប៉ូល​បាន​សរសេរ​ថា​៖ ​«​ប្រពន្ធ​មិន​គួរ​ចុះ​ចោល​ប្ដី​ឡើយ​»។ ប៉ុន្ដែ​ជួន​កាល នោះ​បាន​កើត​ឡើង។—សូម​អាន កូរិនថូស​ទី១ ៧:១០, ១១

តើ​ប្ដី​ប្រពន្ធ​អាច​ធ្វើ​អ្វី​ដើម្បី​ស្រោច​ស្រង់​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ? (​សូម​មើល​វគ្គ​១៥​)

១៥, ១៦. (​ក​) តើ​គូ​អាពាហ៍​ពិពាហ៍​គួរ​មាន​គោល​ដៅ​អ្វី​ពេល​មាន​បញ្ហា​ក្នុង​អាពាហ៍​ពិពាហ៍ ហើយ​ហេតុ​អ្វី? (​ខ​) តើ​ព័ត៌មាន​នេះ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​ពួក​អ្នក​ដែល​មាន​គូ​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា?

១៥ ប៉ូល​មិន​បាន​ពន្យល់​អំពី​ស្ថានភាព​ដែល​បាន​នាំ​ឲ្យ​គូ​អាពាហ៍​ពិពាហ៍​រស់​នៅ​បែក​គ្នា​ទេ។ ប៉ុន្ដែ យើង​ដឹង​ថា​នោះ​មិន​មែន​មក​ពី​រឿង​ដូច​ជា​ប្ដី​បាន​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ឡើយ។ បើ​ដូច្នេះ ប្រពន្ធ​របស់​គាត់​មាន​ហេតុ​ឲ្យ​លែង​លះ​គាត់​និង​រៀប​ការ​ជា​មួយ​នឹង​អ្នក​ផ្សេង។ ប៉ូល​បាន​សរសេរ​ថា​ប្រពន្ធ​ដែល​រស់​នៅ​បែក​ពី​ប្ដី​«​មិន​ត្រូវ​រៀប​ការ​ទៀត​ឡើយ ឬ​មួយ​ក៏​នាង​ត្រូវ​រក​ជា​នឹង​ប្ដី​វិញ​»។ ដូច្នេះ ព្រះ​នៅ​តែ​ចាត់​ទុក​បុរស​និង​ស្ដ្រី​នោះ​ជា​គូ​អាពាហ៍​ពិពាហ៍។ ប៉ូល​បាន​និយាយ​ថា ទោះ​ជា​គូ​អាពាហ៍​ពិពាហ៍​មាន​បញ្ហា​ឬ​ការ​ពិបាក​ណា​ក៏​ដោយ បើ​គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ទេ ពួក​គេ​គួរ​មាន​គោល​ដៅ​ផ្សះ​ផ្សា ពោល​គឺ​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ ហើយ​រស់​នៅ​ជា​មួយ​គ្នា។ ពួក​គេ​អាច​សុំ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ។ ពួក​អ្នក​ចាស់​ទុំ​មិន​កាន់​ជើង​ខាង​ណា​ទេ ប៉ុន្ដែ​ពួក​គាត់​អាច​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​ឱវាទ​ពី​គម្ពីរ។

១៦ ប៉ុន្ដែ ចុះ​បើ​គ្រិស្ដ​សាសនិក​មាន​គូ​អាពាហ៍​ពិពាហ៍​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា? ពេល​មាន​បញ្ហា​ក្នុង​អាពាហ៍​ពិពាហ៍ តើ​ពួក​គេ​អាច​រស់​នៅ​បែក​គ្នា​ឬ​ទេ? ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ គម្ពីរ​ចែង​ថា​មូលហេតុ​ដែល​អាច​លែង​លះ​គ្នា គឺ​ដោយ​សារ​ការ​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ ប៉ុន្ដែ គម្ពីរ​មិន​ចែង​អំពី​មូលហេតុ​ដែល​គូ​អាពាហ៍​ពិពាហ៍​ប្រហែល​ជា​នឹង​សម្រេច​ចិត្ដ​រស់​នៅ​បែក​គ្នា​ទេ។ ប៉ូល​បាន​សរសេរ​ថា​៖ ​«​[​ប្រសិន​បើ​]ស្ដ្រី​ណា​មាន​ប្ដី ដែល​មិន​មែន​ជា​អ្នក​ជឿ តែ​គាត់​យល់​ព្រម​រួម​រស់​ជា​មួយ​នឹង​នាង នោះ​នាង​មិន​ត្រូវ​ចុះចោល​ប្ដី​ឡើយ​»។ (​កូរិនថូស​ទី១ ៧:១២, ១៣​) ការ​ណែនាំ​នេះ​គឺ​សម្រាប់​សម័យ​យើង​ដែរ។

១៧, ១៨. ហេតុ​អ្វី​គ្រិស្ដ​សាសនិក​ខ្លះ​បាន​បន្ដ​រស់​នៅ​ជា​មួយ​នឹង​គូ​របស់​ខ្លួន ទោះ​ជា​ពួក​គេ​មាន​ការ​ពិបាក​ធ្ងន់​ធ្ងរ​ក៏​ដោយ?

១៧ ប៉ុន្ដែ ធ្លាប់​មាន​ករណី​ខ្លះ​ដែល​«​ប្ដី​ដែល​មិន​មែន​ជា​អ្នក​ជឿ​»​ បាន​បង្ហាញ​ថា​គាត់​មិន​«​យល់​ព្រម​រួម​រស់​»​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់។ ជា​ឧទាហរណ៍ គាត់​ប្រហែល​ជា​ប្រើ​អំពើ​ហិង្សា​យ៉ាង​ព្រៃ​ផ្សៃ រហូត​ដល់​ប្រពន្ធ​មាន​អារម្មណ៍​ថា​នោះ​នឹង​ប៉ះ​ពាល់​ដល់​សុខភាព​ឬ​អាយុជីវិត​របស់​នាង។ ឬ​ក៏​គាត់​ប្រហែល​ជា​មិន​ព្រម​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ ឬ​ធ្វើ​ឲ្យ​នាង​មិន​អាច​បម្រើ​ព្រះ​បាន។ ក្នុង​ករណី​បែប​នេះ ប្រពន្ធ​ដែល​ជា​គ្រិស្ដ​សាសនិក​ប្រហែល​ជា​យល់​ឃើញ​ថា ប្ដី​របស់​នាង​មិន​«​យល់​ព្រម​រួម​រស់​ជា​មួយ​នឹង​នាង​»​ ទោះ​ជា​ប្ដី​មិន​បាន​និយាយ​ដូច្នេះ​ចំ​ៗ​ក្ដី ដូច្នេះ​ប្រហែល​ជា​នាង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ដ​ផ្ទាល់​ខ្លួន​ថា​នាង​នឹង​រស់​នៅ​បែក​គ្នា​ពី​គាត់។ ប៉ុន្ដែ គ្រិស្ដ​សាសនិក​ខ្លះ​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រដៀង​នឹង​នេះ បាន​សម្រេច​ចិត្ដ​បន្ដ​រស់​នៅ​ជា​មួយ​នឹង​គូ​អាពាហ៍​ពិពាហ៍​របស់​ខ្លួន។ ពួក​គេ​បាន​ស៊ូ​ទ្រាំ​និង​បាន​ព្យាយាម​ធ្វើ​ឲ្យ​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ​ប្រសើរ​ឡើង។ ហេតុ​អ្វី​ពួក​គេ​បាន​សម្រេច​ចិត្ដ​ធ្វើ​ដូច្នេះ?

១៨ បើ​គូ​អាពាហ៍​ពិពាហ៍​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ ហើយ​សម្រេច​ចិត្ដ​រស់​នៅ​បែក​គ្នា ពួក​គេ​នៅ​តែ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ហើយ​ក៏​នឹង​មាន​ការ​ពិបាក​ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ។ សាវ័ក​ប៉ូល​ក៏​បាន​លើក​មូលហេតុ​មួយ​ទៀត​ឲ្យ​ប្ដី​ប្រពន្ធ​បន្ដ​រស់​នៅ​ជា​មួយ​គ្នា។ គាត់​បាន​សរសេរ​ថា​៖ ​«​ប្ដី​ដែល​មិន​មែន​ជា​អ្នក​ជឿ​បាន​ត្រូវ​ចាត់​ទុក​ជា​បរិសុទ្ធ​ដោយ​សារ​ប្រពន្ធ ឯ​ប្រពន្ធ​ដែល​មិន​មែន​ជា​អ្នក​ជឿ​បាន​ត្រូវ​ចាត់​ទុក​ជា​បរិសុទ្ធ​ដោយ​សារ​ប្ដី បើ​មិន​ដូច្នេះ កូន​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ចាត់​ទុក​ជា​ស្មោក​គ្រោក តែ​ឥឡូវ​កូន​របស់​អ្នក​រាល់​គ្នា​គឺ​បរិសុទ្ធ​»។ (​កូរិនថូស​ទី១ ៧:១៤​) គ្រិស្ដ​សាសនិក​ជា​ច្រើន​បាន​សម្រេច​ចិត្ដ​បន្ដ​រស់​នៅ​ជា​មួយ​នឹង​គូ​របស់​ខ្លួន​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា ទោះ​ជា​ស្ថានភាព​នោះ​គឺ​ពិបាក​ខ្លាំង​ណាស់​ក៏​ដោយ។ ពួក​គេ​ពិត​ជា​សប្បាយ​ដែល​ពួក​គេ​បាន​ធ្វើ​ការ​លះ​បង់​បែប​នេះ ដោយ​សារ​នៅ​ពេល​ក្រោយ​មមក​គូ​របស់​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា។—សូម​អាន កូរិនថូស​ទី១ ៧:១៦; ពេត្រុស​ទី១ ៣:១, ២

១៩. ហេតុ​អ្វី​ក្នុង​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក​មាន​អាពាហ៍​ពិពាហ៍​ជា​ច្រើន​ដែល​មាន​សុភមង្គល?

១៩ លោក​យេស៊ូ​បាន​ឲ្យ​ឱវាទ​អំពី​ការ​លែង​លះ​គ្នា ហើយ​សាវ័ក​ប៉ូល​បាន​ឲ្យ​យោបល់​អំពី​ការ​រស់​នៅ​បែក​គ្នា។ ទាំង​លោក​យេស៊ូ​ទាំង​សាវ័ក​ប៉ូល​ចង់​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ​ឲ្យ​តម្លៃ​ទៅ​លើ​អាពាហ៍​ពិពាហ៍។ នៅ​សព្វ​ថ្ងៃ​នេះ ក្នុង​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក​ទូ​ទាំង​ពិភព​លោក មាន​បង​ប្អូន​ជា​ច្រើន​ដែល​មាន​អាពាហ៍​ពិពាហ៍​ដែល​មាន​សុភមង្គល។ ក្នុង​ក្រុម​ជំនុំ​របស់​អ្នក អ្នក​ក៏​ទំនង​ជា​អាច​ឃើញ​គូ​ប្ដី​ប្រពន្ធ​ជា​ច្រើន​ដែល​មាន​សុភមង្គល ដោយ​សារ​ប្ដី​ដ៏​ស្មោះ​ត្រង់​ស្រឡាញ់​ប្រពន្ធ​របស់​គាត់ ហើយ​ប្រពន្ធ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​គោរព​ប្ដី​របស់​នាង។ ពួក​គេ​ទាំង​អស់​គ្នា​បង្ហាញ​ថា​អាពាហ៍​ពិពាហ៍​ជា​អ្វី​ដ៏​មាន​តម្លៃ។ យើង​សប្បាយ​ចិត្ដ​ដែល​ប្ដី​ប្រពន្ធ​រាប់​លាន​នាក់​កំពុង​បង្ហាញ​ថា​ប្រសាសន៍​របស់​ព្រះ​គឺ​ជា​ការ​ពិត​ដែល​ថា​៖ ​«​ហេតុ​នេះ បុរស​នឹង​ចាក​ចេញ​ពី​ឪ​ពុក​និង​ម្ដាយ​ខ្លួន ហើយ​នឹង​នៅ​ជាប់​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់ រួច​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ​»។—អេភេសូរ ៥:៣១, ៣៣