លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្អូន​ៗ​វ័យ​ក្មេង អ្នក​បង្កើត​របស់​ប្អូន​ចង់​ឲ្យ​ប្អូន​សប្បាយ​រីក​រាយ

ប្អូន​ៗ​វ័យ​ក្មេង អ្នក​បង្កើត​របស់​ប្អូន​ចង់​ឲ្យ​ប្អូន​សប្បាយ​រីក​រាយ

​«​[​លោក​]ប្រោស​ប្រទាន​ឲ្យ​សំបក​កាយ​នៃ​ឯង​បាន​ស្កប់​ស្កល់​ដោយ​របស់​ល្អ​»។—ទំនុក​តម្កើង ១០៣:៥

ចម្រៀង​លេខ: ១៣៥, ៣៩

១, ២. ហេតុ​អ្វី​ការ​ស្តាប់​អ្នក​បង្កើត​របស់​ប្អូន​ពេល​សម្រេច​ចិត្ដ​អំពី​អ្វី​ដែល​ប្អូន​នឹង​ធ្វើ​ក្នុង​ជីវិត​គឺ​ជា​អ្វី​ដ៏​ឈ្លាស​វៃ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

បើ​ប្អូន​នៅ​វ័យ​ក្មេង ប្អូន​ទំនង​ជា​ទទួល​យោបល់​ជា​ច្រើន​អំពី​អនាគត​របស់​ប្អូន។ គ្រូ​បង្រៀន អ្នក​ប្រឹក្សា​យោបល់ ឬ​អ្នក​ឯ​ទៀត​ប្រហែល​ជា​ប្រាប់​ប្អូន​ថា​ប្អូន​ត្រូវ​រៀន​នៅ​សកល​វិទ្យាល័យ ឬ​មាន​អាជីព​ដែល​អាច​រក​លុយ​បាន​ច្រើន។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​ឲ្យ​ប្អូន​នូវ​យោបល់​ផ្សេង។ ពិត​មែន​ថា លោក​ចង់​ឲ្យ​ប្អូន​ខំ​ប្រឹង​រៀន​សូត្រ ដើម្បី​ប្អូន​អាច​មាន​សមត្ថភាព​ចិញ្ចឹម​ជីវិត​ដោយ​ខ្លួន​ឯង។ (​កូឡុស ៣:២៣​) ប៉ុន្ដែ លោក​ក៏​ដឹង​ថា​ពេល​ប្អូន​នៅ​ក្មេង ប្អូន​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​សំខាន់​ដែល​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​អនាគត​របស់​ប្អូន។ ដូច្នេះ លោក​ផ្ដល់​គោល​ការណ៍​ឲ្យ​ប្អូន ដើម្បី​ណែនាំ​ប្អូន​និង​ជួយ​ប្អូន​ឲ្យ​មាន​របៀប​រស់​នៅ​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ដ​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។—ម៉ាថាយ ២៤:១៤

សូម​ចាំ​ថា ព្រះ​យេហូវ៉ា​ដឹង​អំពី​អ្វី​ៗ​ទាំង​អស់។ លោក​ដឹង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត ហើយ​លោក​ក៏​ដឹង​ច្បាស់​ថា​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​គឺ​ជិត​យ៉ាង​ណា។ (​អេសាយ ៤៦:១០; ម៉ាថាយ ២៤:៣, ៣៦​) ព្រះ​យេហូវ៉ា​ក៏​ស្គាល់​ប្អូន​ដែរ។ លោក​ដឹង​អំពី​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​ប្អូន​សប្បាយ​រីក​រាយ​និង​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​ប្អូន​មិនសប្បាយ។ យោបល់​របស់​មនុស្ស​ប្រហែល​ជា​ស្តាប់​ទៅ​ដូច​ជា​ល្អ ប៉ុន្ដែ​បើ​យោបល់​នោះ​មិន​មាន​មូលដ្ឋាន​លើ​បណ្ដាំ​របស់​ព្រះ នោះ​មិន​មែន​ជា​ប្រាជ្ញា​ពិត​ប្រាកដ​ទេ។—សុភាសិត ១៩:២១

ប្រាជ្ញា​មក​ពី​ព្រះ​យេហូវ៉ា​តែ​ប៉ុណ្ណោះ

៣, ៤. តើ​ការ​ស្តាប់​តាម​យោបល់​មិន​ល្អ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អាដាម អេវ៉ា និង​កូន​ចៅ​របស់​ពួក​គេ?

យោបល់​មិន​ល្អ​មាន​តាំង​ពី​យូរ​ណាស់​មក​ហើយ។ សាថាន​ជា​បុគ្គល​ដំបូង​ដែល​ឲ្យ​យោបល់​មិន​ល្អ​ដល់​មនុស្ស។ វា​បាន​ប្រាប់​អេវ៉ា​ថា គាត់​និង​អាដាម​នឹង​មាន​ជីវិត​សប្បាយ​ជាង​បើ​ពួក​គេ​សម្រេច​ចិត្ដ​ដោយ​ខ្លួន​ឯង​អំពី​របៀប​រស់​នៅ​របស់​ពួក​គេ។ (​លោកុប្បត្ដិ ៣:១​-​៦​) ប៉ុន្ដែ​សាថាន​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន! វា​ចង់​ឲ្យ​អាដាម​និង​អេវ៉ា ព្រម​ទាំង​កូន​ចៅ​ដែល​ពួក​គេ​នឹង​មាន​នៅ​ពេល​អនាគត ស្តាប់​បង្គាប់​និង​គោរព​ប្រណិប័តន៍​វា មិន​មែន​ព្រះ​យេហូវ៉ា​ឡើយ។ តែ​សាថាន​មិន​បាន​ធ្វើ​អ្វី​សោះ​សម្រាប់​មនុស្សជាតិ។ អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គេ​មាន​គឺ​មក​ពី​ព្រះ​យេហូវ៉ា។ លោក​បាន​ឲ្យ​ពួក​គេ​មាន​គូ សួន​ដ៏​ស្អាត​មួយ​សម្រាប់​រស់​នៅ និង​រូប​កាយ​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​អាច​រស់​ជា​រៀង​រហូត។

គួរ​ឲ្យ​ស្តាយ​ណាស់ អាដាម​និង​អេវ៉ា​មិន​បាន​ស្តាប់​បង្គាប់​ព្រះ​ទេ។ ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​បាន​ផ្ដាច់​ខ្លួន​ចេញ​ពី​បុគ្គល​ដែល​បាន​ផ្ដល់​ជីវិត​ឲ្យ​ពួក​គេ។ លទ្ធផល​គឺ​គួរ​ឲ្យ​ខ្លោច​ផ្សា។ យូរ​ៗ​ទៅ​អាដាម​និង​អេវ៉ា​បាន​ទៅ​ជា​ចាស់ ហើយ​ស្លាប់ ដូច​ផ្កា​ដែល​កាត់​ចេញ​ពី​ដើម។ កូន​ចៅ​របស់​ពួក​គេ​ក៏​បាន​រង​ទុក្ខ​វេទនា​ដែរ ហើយ​នេះ​រួម​បញ្ចូល​យើង​ទាំង​អស់​គ្នា។ (​រ៉ូម ៥:១២​) មនុស្ស​ភាគ​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​មិន​អើពើ​នឹង​ប្រសាសន៍​របស់​ព្រះ ហើយ​ធ្វើ​តាម​ចិត្ដ​របស់​ខ្លួន។ (​អេភេសូរ ២:១​-​៣​) តើ​នេះ​មាន​លទ្ធផល​អ្វី? គម្ពីរ​ចែង​ថា​ការ​ដែល​មនុស្ស​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា នោះ​គឺ​«​គ្មាន​ប្រាជ្ញា​»​ទេ។—សុភាសិត ២១:៣០

៥. តើ​ព្រះ​មាន​ការ​ជឿ​ជាក់​យ៉ាង​ណា​ចំពោះ​មនុស្ស ហើយ​តើ​ការ​ជឿ​ជាក់​របស់​លោក​ត្រឹម​ត្រូវ​ឬ​ទេ?

ព្រះ​យេហូវ៉ា​បាន​ជឿ​ជាក់​ថា​នឹង​មាន​មនុស្ស​ខ្លះ រួម​ទាំង​មនុស្ស​វ័យ​ក្មេង​ដែល​នឹង​ចង់​ស្គាល់​និង​បម្រើ​លោក។ (​ទំនុក​តម្កើង ១០៣:១៧, ១៨; ១១០:៣​) មនុស្ស​វ័យ​ក្មេង​ទាំង​នេះ​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​ព្រះ​យេហូវ៉ា! តើ​ប្អូន​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ឬ​ទេ? បើ​ដូច្នេះ ប្អូន​ច្បាស់​ជា​បាន​ទទួល​«​របស់​ល្អ​»​ជា​ច្រើន​ពី​ព្រះ ហើយ​នេះ​ធ្វើ​ឲ្យ​ប្អូន​កាន់​តែ​មាន​សុភមង្គល​ក្នុង​ជីវិត។ (​សូម​អាន ទំនុក​តម្កើង ១០៣:៥; សុភាសិត ១០:២២​) យើង​នឹង​ពិចារណា​អំពី​«​របស់​ល្អ​»​បួន​យ៉ាង គឺ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ មិត្ដ​ភក្ដិ​ល្អ គោល​ដៅ​ល្អ និង​សេរី​ភាព​ពិត​ប្រាកដ។

ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​ប្អូន​នូវ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ

៦. ហេតុ​អ្វី​ប្អូន​គួរ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ប្អូន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ ហើយ​តើ​ព្រះ​យេហូវ៉ា​ផ្ដល់​អ្វី​ដើម្បី​ជួយ​ប្អូន?

សត្វ​មិន​មាន​ការ​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ​ទេ ពោល​គឺ​វា​មិន​មាន​អារម្មណ៍​ថា​វា​ត្រូវ​ស្គាល់​ព្រះ​ដែល​ជា​អ្នក​បង្កើត​ឡើយ។ ប៉ុន្ដែ យើង​គឺ​ខុស​គ្នា។ (​ម៉ាថាយ ៤:៤​) ពេល​យើង​ស្តាប់​ព្រះ យើង​ទទួល​ប្រាជ្ញា មាន​សមត្ថភាព​យល់​ធ្លុះ​ជ្រៅ និង​មាន​សុភមង្គល។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ!​»។ (​ម៉ាថាយ ៥:៣​) ព្រះ​ផ្ដល់​ឲ្យ​យើង​នូវ​គម្ពីរ ហើយ​ប្រើ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ដើម្បី​ផ្ដល់​សៀវភៅ​ផ្សេង​ៗ​ដែល​ជួយ​ពង្រឹង​ជំនឿ​របស់​យើង។ (​ម៉ាថាយ ២៤:៤៥​) សេចក្ដី​បង្រៀន​ក្នុង​សៀវភៅ​ទាំង​នោះ​គឺ​ប្រៀប​ដូច​ជា​អាហារ ដោយ​សារ​នោះ​ជួយ​យើង​ឲ្យ​មាន​ជំនឿ​មាំ​មួន​និង​ធ្វើ​ឲ្យ​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​កាន់​តែ​រឹង​មាំ​ឡើង។ យើង​ទទួល​អ្វី​ទាំង​នេះ​ជា​បរិបូរ!—អេសាយ ៦៥:១៣, ១៤

៧. តើ​សេចក្ដី​បង្រៀន​ពី​ព្រះ​ដែល​ប្រៀប​ដូច​ជា​អាហារ​នឹង​ជួយ​ប្អូន​យ៉ាង​ណា?

សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​អាច​ធ្វើ​ឲ្យ​ប្អូន​មាន​ប្រាជ្ញា​និង​មាន​សមត្ថភាព​រិះ​គិត ហើយ​នេះ​អាច​ការ​ពារ​ប្អូន​តាម​របៀប​ផ្សេង​ៗ។ (​សូម​អាន សុភាសិត ២:១០​-​១៤) ជា​ឧទាហរណ៍ គុណ​សម្បត្ដិ​ទាំង​នេះ​នឹង​ជួយ​ប្អូន​ឲ្យ​ចេះ​សម្គាល់​អ្វី​ដែល​ជា​ការ​កុហក ដូច​ជា​ការ​កុហក​ថា​គ្មាន​អ្នក​បង្កើត ឬ​ថា​លុយ​និង​ទ្រព្យ​សម្បត្ដិ​នឹង​ធ្វើ​ឲ្យ​ប្អូន​មាន​ជីវិត​សប្បាយ។ គុណ​សម្បត្ដិ​ទាំង​នេះ​ក៏​នឹង​ជួយ​ប្អូន​ឲ្យ​ជៀស​វាង​ពី​បំណង​ចិត្ដ​ឬ​ទម្លាប់​ដែល​នឹង​ធ្វើ​ឲ្យ​ប្អូន​ទទួល​ផល​វិបាក។ ដូច្នេះ ចូរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​មាន​ប្រាជ្ញា​និង​សមត្ថភាព​រិះ​គិត។ យ៉ាង​នេះ ប្អូន​នឹង​ពិសោធ​ដោយ​ខ្លួន​ប្អូន​ផ្ទាល់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ប្អូន​និង​ចង់​ឲ្យ​ប្អូន​ទទួល​ប្រយោជន៍​ច្រើន​បំផុត។—ទំនុក​តម្កើង ៣៤:៨; អេសាយ ៤៨:១៧, ១៨

៨. ហេតុ​អ្វី​ប្អូន​គួរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​នេះ ហើយ​តើ​នេះ​នឹង​មាន​ប្រយោជន៍​អ្វី​សម្រាប់​ប្អូន​នៅ​ពេល​អនាគត?

មិន​យូរ​ទៀត គ្រប់​ទាំង​ផ្នែក​នៃ​ពិភព​លោក​របស់​សាថាន​នឹង​ត្រូវ​បំផ្លាញ។ មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​ការ​ពារ​យើង​និង​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ៗ​ដែល​យើង​ត្រូវ​ការ ហើយ​នេះ​ប្រហែល​ជា​រួម​បញ្ចូល​ម្ហូប​អាហារ​ដែល​យើង​ត្រូវ​ការ​សម្រាប់​មួយ​ពេល​ៗ។ (​ហាបាគុក ៣:២, ១២​-​១៩​) ដូច្នេះ ឥឡូវ​នេះ​ជា​ពេល​ដែល​ប្អូន​គួរ​ចូល​ទៅ​ជិត​ព្រះ​និង​ពង្រឹង​ទំនុក​ចិត្ដ​របស់​ប្អូន​ទៅ​លើ​លោក។ (​ពេត្រុស​ទី២ ២:៩​) បើ​ប្អូន​ធ្វើ​ដូច្នេះ ប្អូន​នឹង​ឃើញ​ថា​ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ ប្អូន​នឹង​មាន​អារម្មណ៍​ដូច​ដាវីឌ​ដែល​បាន​និយាយ​ថា​៖ ​«​ទូល​បង្គំ​បាន​តាំង​ព្រះ​យេហូវ៉ា​នៅ​មុខ​ទូល​បង្គំ​ជា​ដរាប ហើយ​ដោយ​ព្រោះ​ទ្រង់​គង់​នៅ​ខាង​ស្ដាំ​ទូល​បង្គំ បាន​ជា​ទូល​បង្គំ​មិន​ត្រូវ​រង្គើ​ឡើយ​»។—ទំនុក​តម្កើង ១៦:៨

ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​ប្អូន​នូវ​មិត្ដ​ភក្ដិ​ល្អ​បំផុត

៩. (​ក​) យោង​ទៅ​តាម​យ៉ូហាន ៦:៤៤ តើ​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ចំពោះ​មនុស្ស​ណា​ម្នាក់? (​ខ​) តើ​មាន​អ្វី​ខុស​គ្នា​រវាង​ការ​ជួប​មនុស្ស​ក្នុង​ពិភព​លោក​និង​ការ​ជួប​សាក្សី​ឯ​ទៀត​ជា​លើក​ដំបូង?

ពេល​ប្អូន​ជួប​មនុស្ស​ណា​ម្នាក់​ដែល​មិន​មែន​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ជា​លើក​ដំបូង តើ​ប្អូន​ស្គាល់​គាត់​ច្រើន​ប៉ុណ្ណា? ប្អូន​ប្រហែល​ជា​ស្គាល់​ឈ្មោះ​និង​ភិន​ភាគ​របស់​គាត់ តែ​ប្អូន​ទំនង​ជា​មិន​ស្គាល់​គាត់​ច្រើន​ជាង​នេះ​ទេ។ ប៉ុន្ដែ គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពេល​ប្អូន​ជួប​សាក្សី​ព្រះ​យេហូវ៉ា​ជា​លើក​ដំបូង។ ប្អូន​ដឹង​ថា​គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ថា​ព្រះ​យេហូវ៉ា​ឃើញ​អ្វី​ល្អ​ក្នុង​ចិត្ដ​គាត់ និង​បាន​អញ្ជើញ​គាត់​ឲ្យ​ចូល​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​លោក។ (​សូម​អាន យ៉ូហាន ៦:៤៤) ទោះ​ជា​អ្នក​នោះ​មក​ពី​ណា​ឬ​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ក្នុង​ក្រុម​គ្រួសារ​បែប​ណា​ក្ដី ប្អូន​ស្គាល់​ច្រើន​អំពី​គាត់ ហើយ​គាត់​ក៏​ស្គាល់​ច្រើន​អំពី​ប្អូន​ដែរ!

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ប្អូន​មាន​មិត្ដ​ភក្ដិ​ល្អ​បំផុត​និង​ចង់​ឲ្យ​ប្អូន​កំណត់​គោល​ដៅ​ល្អ (​សូម​មើល​វគ្គ​៩​-​១២​)

១០, ១១. តើ​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​មាន​អ្វី​ដែល​ស្រដៀង​គ្នា ហើយ​តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ប្អូន?

១០ ពេល​យើង​ជួប​សាក្សី​ឯ​ទៀត ភ្លាម​ៗ​យើង​ដឹង​ស្រាប់​ហើយ​ថា​យើង​មាន​អ្វី​ៗ​ដែល​សំខាន់​ដូច​គ្នា។ យើង​ដឹង​ថា​សូម្បី​តែ​យើង​និយាយ​ភាសា​ផ្សេង​ពី​អ្នក​នោះ ក៏​យើង​ប្រើ​ភាសា​តែ​មួយ​គឺ​«​ភាសា​បរិសុទ្ធ​»​នៃ​សេចក្ដី​ពិត។ (​សេផានា ៣:៩, ព.ថ.​) នេះ​មាន​ន័យ​ថា​យើង​ទាំង​ពីរ​នាក់​មាន​ជំនឿ​លើ​ព្រះ ធ្វើ​តាម​ខ្នាត​តម្រា​សីលធម៌​ដូច​គ្នា និង​មាន​សេចក្ដី​សង្ឃឹម​ដូច​គ្នា​សម្រាប់​ថ្ងៃ​អនាគត។ អ្វី​ៗ​ទាំង​នេះ​ជួយ​យើង​ឲ្យ​ទុក​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ចាប់​ផ្ដើម​មាន​ចំណង​មិត្ដភាព​ដ៏​រឹង​មាំ​ដែល​នឹង​ស្ថិតស្ថេរ​ជា​រៀង​រហូត។

១១ ដូច្នេះ យើង​ទាំង​អស់​គ្នា​ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា អាច​និយាយ​បាន​ថា​យើង​មាន​មិត្ដ​ភក្ដិ​ដ៏​ល្អ​បំផុត។ យើង​មាន​មិត្ដ​ភក្ដិ​ទូ​ទាំង​ពិភព​លោក ទោះ​ជា​យើង​មិន​ទាន់​បាន​ជួប​ពួក​គេ​ក៏​ដោយ! តើ​ប្អូន​គិត​ថា​មាន​អ្នក​ណា​ទៀត​ក្រៅ​ពី​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា ដែល​មាន​អំណោយ​ដ៏​អស្ចារ្យ​នេះ?

ព្រះ​យេហូវ៉ា​ជួយ​ប្អូន​ឲ្យ​កំណត់​គោល​ដៅ​ល្អ

១២. តើ​ប្អូន​អាច​កំណត់​គោល​ដៅ​ល្អ​អ្វី​ខ្លះ?

១២ សូម​អាន សាស្តា ១១:៩–១២:១តើ​ប្អូន​មាន​គោល​ដៅ​ដែល​ប្អូន​ចង់​សម្រេច​ឬ​ទេ? ប្អូន​ប្រហែល​ជា​បាន​កំណត់​គោល​ដៅ​អាន​គម្ពីរ​រាល់​ថ្ងៃ ឬ​ក៏​ឆ្លើយ​ឬ​ថ្លែង​សុន្ទរកថា​ល្អ​ជាង​នៅ​កិច្ច​ប្រជុំ។ ប្រហែល​ជា​ប្អូន​ចង់​ព្យាយាម​ប្រើ​គម្ពីរ​យ៉ាង​ប៉ិន​ប្រសប់​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ តើ​ប្អូន​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ប្អូន​កត់​សម្គាល់​ថា​ខ្លួន​កំពុង​រីក​ចម្រើន ឬ​ពេល​អ្នក​ឯ​ទៀត​ប្រាប់​ប្អូន​ថា​ប្អូន​បាន​រីក​ចម្រើន? ប្អូន​ទំនង​ជា​សប្បាយ​ចិត្ដ​ខ្លាំង​ណាស់ ហើយ​ប្អូន​គួរ​តែ​មាន​អារម្មណ៍​បែប​នេះ! ហេតុ​អ្វី? ពី​ព្រោះ​ដូច​លោក​យេស៊ូ ប្អូន​កំពុង​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ប្អូន​ធ្វើ។—ទំនុក​តម្កើង ៤០:៨; សុភាសិត ២៧:១១

១៣. តើ​តាម​របៀប​ណា​ការ​បម្រើ​ព្រះ​គឺ​ល្អ​ប្រសើរ​ជាង​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​គោល​ដៅ​ក្នុង​ពិភព​លោក​នេះ?

១៣ ពេល​ប្អូន​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ប្អូន​កំពុង​ធ្វើ​កិច្ច​ការ​ដែល​នឹង​នាំ​ឲ្យ​ប្អូន​សប្បាយ​ចិត្ដ​និង​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ។ ប៉ូល​បាន​លើក​ទឹក​ចិត្ដ​យើង​ថា​៖ ​«​ចូរ​ពង្រឹង​ជំហរ​ឲ្យ​មាំ​មួន​ឡើង ដោយ​មិន​ឲ្យ​រង្គោះ​រង្គើ​ឡើយ ហើយ​ចូរ​ជាប់​រវល់​ក្នុង​កិច្ច​ការ​ដ៏​ច្រើន​របស់​លោក​ម្ចាស់ ដោយ​ដឹង​ថា​ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ទាំង​នឿយ​ហត់​ក្នុង​លោក​ម្ចាស់ នោះ​មិន​មែន​ឥត​ប្រយោជន៍​ទេ​»។ (​កូរិនថូស​ទី១ ១៥:៥៨​) ប៉ុន្ដែ ពេល​មនុស្ស​ផ្ដោត​អារម្មណ៍​ទៅ​លើ​គោល​ដៅ​ក្នុង​ពិភព​លោក​នេះ ដូច​ជា​ការ​រក​លុយ​ឬ​មាន​ឈ្មោះ​ល្បី​ជា​ដើម ពួក​គេ​មិន​មាន​សុភមង្គល​ពិត​ប្រាកដ​ទេ។ ទោះ​ជា​ពួក​គេ​ទទួល​ជោគ​ជ័យ​ក៏​ដោយ ពួក​គេ​ច្រើន​តែ​មាន​អារម្មណ៍​ថា​ជីវិត​គ្មាន​ន័យ​ខ្លឹម​សារ។ (​លូកា ៩:២៥​) យើង​ឃើញ​ថា​នេះ​ជា​ការ​ពិត តាម​រយៈ​បទ​ពិសោធន៍​របស់​ស្ដេច​សាឡូម៉ូន។—រ៉ូម ១៥:៤

១៤. តើ​ប្អូន​អាច​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​សាឡូម៉ូន?

១៤ សាឡូម៉ូន​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ដែល​មាន​ជាង​គេ​និង​ដែល​មាន​អំណាច​ជាង​គេ​ដែល​ធ្លាប់​រស់​នៅ។ គាត់​បាន​សាកល្បង​ធ្វើ​អ្វី​មួយ។ គាត់​និយាយ​ក្នុង​ចិត្ដ​ថា​គាត់‹នឹង​ល្បង​ល​ខ្លួន​ឯង​ដោយ​ការ​អរ​សប្បាយ ខ្លួន​ឯង​នឹង​បាន​គ្រឹក​គ្រេង​សប្បាយ›។ (​សាស្តា ២:១​-​១០​) ដូច្នេះ សាឡូម៉ូន​បាន​សង់​ផ្ទះ​ដ៏​ល្អ​ប្រណីត រៀប​ចំ​សួន​ច្បារ​ដ៏​ស្រស់​ស្អាត ហើយ​ធ្វើ​អ្វី​ៗ​ដែល​គាត់​ចង់​ធ្វើ។ តើ​នេះ​ធ្វើ​ឲ្យ​គាត់​ស្កប់​ចិត្ដ​និង​សប្បាយ​រីក​រាយ​ឬ​ទេ? ពេល​សាឡូម៉ូន​គិត​អំពី​អ្វី​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ គាត់​និយាយ​ថា​៖ ​«​សុទ្ធតែ​ឥត​ប្រយោជន៍ ហើយ​អសារ​ឥត​ការ​ទទេ​»។ គាត់​បន្ថែម​ថា​៖ ​«​ឥត​មាន​ផល​ប្រយោជន៍​អ្វី​នៅ​ក្រោម​ថ្ងៃ​ឡើយ​»។ (​សាស្តា ២:១១​) តើ​ប្អូន​នឹង​ទាញ​យក​មេ​រៀន​ពី​បទ​ពិសោធន៍​របស់​សាឡូម៉ូន​ឬ​ទេ?

ការ​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​គឺ​ល្អ​សម្រាប់​យើង ហើយ​នាំ​ឲ្យ​យើង​មាន​សេរី​ភាព​ពិត​ប្រាកដ

១៥. ដូច​យើង​បាន​រៀន​ពី​ទំនុក​តម្កើង ៣២:៨ ហេតុ​អ្វី​ប្អូន​ត្រូវ​ការ​ជំនឿ ហើយ​តើ​នេះ​នឹង​ជួយ​ប្អូន​យ៉ាង​ដូច​ម្ដេច?

១៥ មនុស្ស​ខ្លះ​រៀន​មេ​រៀន​ក្នុង​ជីវិត​ទាល់​តែ​ពួក​គេ​ធ្វើ​ខុស និង​ទទួល​ផល​វិបាក។ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​នេះ​កើត​ឡើង​ចំពោះ​ប្អូន​ទេ។ លោក​ចង់​ឲ្យ​ប្អូន​ស្តាប់​បង្គាប់​លោក។ ដើម្បី​ធ្វើ​ដូច្នេះ​ប្អូន​ត្រូវ​មាន​ជំនឿ ហើយ​ប្អូន​នឹង​មិន​ស្តាយ​ក្រោយ​សោះចំពោះ​ការ​សម្រេច​ចិត្ដ​ដែល​ប្អូន​បាន​ធ្វើ​ក្នុង​ជីវិត​ដែល​បង្ហាញ​ជំនឿ​របស់​ប្អូន។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​នឹង​មិន​ភ្លេច‹សេចក្ដី​ស្រឡាញ់​ដែល​ប្អូន​បាន​បង្ហាញ​ចំពោះ​នាម​របស់​លោក›។ (​ហេប្រឺ ៦:១០​) ដូច្នេះ ចូរ​ខំ​ព្យាយាម​ឲ្យ​មាន​ជំនឿ​រឹង​មាំ។ យ៉ាង​នេះ ប្អូន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ដ​ល្អ​ក្នុង​ជីវិត ហើយ​ឃើញ​ដោយ​ខ្លួន​ឯង​ថា​បិតា​របស់​ប្អូន​នៅ​ស្ថាន​សួគ៌​ចង់​ឲ្យ​ប្អូន​ទទួល​ប្រយោជន៍​ច្រើន​បំផុត។—សូម​អាន ទំនុក​តម្កើង ៣២:៨

ព្រះ​ផ្ដល់​ឲ្យ​ប្អូន​នូវ​សេរី​ភាព​ពិត​ប្រាកដ

១៦. ហេតុ​អ្វី​យើង​គួរ​ឲ្យ​តម្លៃ​ចំពោះ​សេរី​ភាព​និង​ប្រើ​វា​តាម​របៀប​ដ៏​ឈ្លាស​វៃ?

១៦ ប៉ូល​បាន​សរសេរ​ថា​៖ ​«​នៅ​កន្លែង​ណា​ដែល​មាន​សកម្មពល​របស់​ព្រះ​យេហូវ៉ា កន្លែង​នោះ​មាន​សេរី​ភាព​»។ (​កូរិនថូស​ទី២ ៣:១៧​) ព្រះ​យេហូវ៉ា​ស្រឡាញ់​សេរី​ភាព ហើយ​លោក​បាន​បង្កើត​ប្អូន​ឲ្យ​ស្រឡាញ់​សេរី​ភាព​ដែរ។ ប៉ុន្ដែ លោក​ចង់​ឲ្យ​ប្អូន​ប្រើ​សេរី​ភាព​ដែល​ប្អូន​មាន​តាម​របៀប​ដ៏​ឈ្លាស​វៃ ហើយ​នេះ​នឹង​ការ​ពារ​ប្អូន។ ប្រហែល​ជា​មនុស្ស​ខ្លះ​ដែល​ស្រករ​ប្អូន​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ មើល​រូប​អាសអាភាស លេង​កីឡា​ដែល​ប្រថុយ​ជីវិត ប្រើ​គ្រឿង​ញៀន ឬ​ផឹក​ស្រា​ហួស​ប្រមាណ។ នៅ​ដើម​ដំបូង អ្វី​ៗ​បែប​នេះ​ប្រហែល​ជា​មើល​ទៅ​សប្បាយ​ឬ​គួរ​ឲ្យ​រំភើប​ចិត្ដ តែ​វា​ច្រើន​តែ​នាំ​មក​នូវ​លទ្ធផល​អាក្រក់ ដូច​ជា​ជំងឺ ការ​ញៀន ឬ​ថែម​ទាំង​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទៀត​ផង។ (​កាឡាទី ៦:៧, ៨​) មនុស្ស​វ័យ​ក្មេង​ដែល​ធ្វើ​អ្វី​បែប​នេះ​ប្រហែល​ជា​គិត​ថា​ពួក​គេ​មាន​សេរី​ភាព ប៉ុន្ដែ​តាម​ពិត​ពួក​គេ​មិន​មាន​ទេ។—ទីតុស ៣:៣

១៧, ១៨. (​ក​) តើ​ការ​ស្តាប់​បង្គាប់​ព្រះ​នាំ​ឲ្យ​យើង​មាន​សេរី​ភាព​ពិត​ប្រាកដ​យ៉ាង​ដូច​ម្ដេច? (​ខ​) ហេតុ​អ្វី​អាដាម​និង​អេវ៉ា​មាន​សេរី​ភាព​ច្រើន​ជាង​មនុស្ស​សព្វ​ថ្ងៃ​នេះ?

១៧ ផ្ទុយ​ទៅ​វិញ ការ​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​គឺ​ល្អ​សម្រាប់​យើង។ នេះ​គឺ​ល្អ​សម្រាប់​សុខភាព​របស់​យើង ហើយ​នាំ​ឲ្យ​យើង​មាន​សេរី​ភាព​ពិត​ប្រាកដ។ (​ទំនុក​តម្កើង ១៩:៧​-​១១​) ពេល​ប្អូន​ប្រើ​សេរី​ភាព​របស់​ប្អូន​តាម​របៀប​ដ៏​ឈ្លាស​វៃ ពោល​គឺ​ពេល​ប្អូន​សម្រេច​ចិត្ដ​ធ្វើ​តាម​ច្បាប់​និង​គោល​ការណ៍​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ ប្អូន​បង្ហាញ​ទាំង​ព្រះ​ទាំង​ឪ​ពុក​ម្ដាយ​របស់​ប្អូន​ថា​ប្អូន​ជា​មនុស្ស​ដែល​ចេះ​ទទួល​ខុស​ត្រូវ។ ឪ​ពុក​ម្ដាយ​របស់​ប្អូន​ទំនង​ជា​នឹង​ទុក​ចិត្ដ​ប្អូន​ជាង​មុន ហើយ​ឲ្យ​ប្អូន​នូវ​សេរី​ភាព​ច្រើន​ជាង។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​សន្យា​ថា​មិន​យូរ​ទៀត លោក​នឹង​ឲ្យ​ពួក​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ទាំង​អស់​របស់​លោក​នូវ​សេរី​ភាព​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​គម្ពីរ​ហៅ​ថា​«​សេរី​ភាព​រុង​រឿង​ជា​កូន​ព្រះ​»។—រ៉ូម ៨:២១

១៨ អាដាម​និង​អេវ៉ា​មាន​សេរី​ភាព​បែប​នោះ។ នៅ​សួន​អេដែន​មាន​តែ​អ្វី​មួយ​គត់​ដែល​ព្រះ​បាន​ហាម​មិន​ឲ្យ​ពួក​គេ​ធ្វើ។ ពួក​គេ​មិន​គួរ​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​មួយ។ (​លោកុប្បត្ដិ ២:៩, ១៧​) តើ​ប្អូន​គិត​ថា​ព្រះ​អយុត្ដិធម៌​ឬ​តឹងរ៉ឹង​ពេក​ដោយ​សារ​លោក​បាន​ដាក់​ច្បាប់​នោះ​ឲ្យ​ពួក​គេ​ឬ​ទេ? ច្បាស់​ជា​មិន​មែន​ទេ! សូម​គិត​ថា មនុស្ស​បាន​បង្កើត​ច្បាប់​ជា​ច្រើន ហើយ​បាន​បង្ខំ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​តាម។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ច្បាប់​តែ​មួយ​ប៉ុណ្ណោះ​ដល់​អាដាម​និង​អេវ៉ា។

១៩. តើ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​កំពុង​បង្រៀន​យើង​អ្វី​ដែល​នឹង​ជួយ​យើង​ឲ្យ​មាន​សេរី​ភាព?

១៩ ការ​ប្រព្រឹត្ដ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​យើង​គឺ​ប្រកប​ដោយ​ប្រាជ្ញា។ ជា​ជាង​ដាក់​ច្បាប់​ជា​ច្រើន​ឲ្យ​យើង លោក​បង្រៀន​យើង​ដោយ​ចិត្ដ​អត់​ធ្មត់​ឲ្យ​ធ្វើ​តាម​ច្បាប់​នៃ​សេចក្ដី​ស្រឡាញ់។ លោក​បង្រៀន​យើង​ឲ្យ​មាន​របៀប​រស់​នៅ​ស្រប​តាម​គោល​ការណ៍​របស់​លោក ហើយ​ស្អប់​អ្វី​ដែល​អាក្រក់។ (​រ៉ូម ១២:៩​) ក្នុង​សុន្ទរកថា​នៅ​លើ​ភ្នំ លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​ព្រះ​បាន​ជួយ​យើង​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​មនុស្ស​ធ្វើ​អំពើ​អាក្រក់។ (​ម៉ាថាយ ៥:២៧, ២៨​) ម្យ៉ាង​ទៀត​នៅ​ពិភព​លោក​ថ្មី ក្នុង​នាម​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​ព្រះ លោក​យេស៊ូ​នឹង​បន្ដ​បង្រៀន​យើង​ឲ្យ​មាន​ទស្សនៈ​ដូច​លោក​ចំពោះ​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ (​ហេប្រឺ ១:៩​) លោក​យេស៊ូ​ក៏​នឹង​ធ្វើ​ឲ្យ​យើង​មាន​ចិត្ដ​គំនិត​និង​រូប​កាយ​ដ៏​ល្អ​ឥត​ខ្ចោះ។ សូម​ស្រមៃ​គិត​ថា​ជីវិត​នឹង​ទៅ​ជា​យ៉ាង​ណា ពេល​យើង​គ្មាន​ចិត្ដ​ចង់​ធ្វើ​អ្វី​ដែល​អាក្រក់ ហើយ​យើង​មិន​រង​ទុក្ខ​ទៀត​ដោយ​សារភាព​មិន​ល្អ​ឥត​ខ្ចោះ។ នៅ​ទី​បំផុត យើង​នឹង​មាន​«​សេរី​ភាព​រុង​រឿង​»​ដែល​ព្រះ​យេហូវ៉ា​សន្យា។

២០. (​ក​) តើ​ព្រះ​យេហូវ៉ា​ប្រើ​សេរី​ភាព​របស់​លោក​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​ប្អូន​អាច​យក​តម្រាប់​លោក​តាម​របៀប​ណា?

២០ ក្នុង​ពិភព​លោក​ថ្មី សេរី​ភាព​របស់​យើង​នឹង​នៅ​តែ​មាន​កម្រិត។ តើ​តាម​របៀប​ណា? យើង​នឹង​ត្រូវ​ឲ្យ​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ​និង​ចំពោះ​អ្នក​ឯ​ទៀត​ដឹក​នាំ​យើង​ជា​និច្ច។ ពេល​យើង​ឲ្យ​សេចក្ដី​ស្រឡាញ់​ដឹក​នាំ​យើង យើង​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា។ ទោះ​ជា​ព្រះ​យេហូវ៉ា​មាន​សេរី​ភាព​ដែល​គ្មាន​កម្រិត​ក្ដី លោក​សម្រេច​ចិត្ដ​ឲ្យ​សេចក្ដី​ស្រឡាញ់​ដឹក​នាំ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​ធ្វើ នេះ​រួម​បញ្ចូល​របៀប​ដែល​លោក​ប្រព្រឹត្ដ​មក​លើ​យើង។ (​យ៉ូហាន​ទី១ ៤:៧, ៨​) ដូច្នេះ គឺ​សម​ហេតុ​ផល​ដែល​យើង​អាច​មាន​សេរី​ភាព​ពិត​ប្រាកដ​នៅ​ពេល​ដែល​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះ​តែ​ប៉ុណ្ណោះ។

២១. (​ក​) តើ​ដាវីឌ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ព្រះ​យេហូវ៉ា? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

២១ តើ​ប្អូន​មាន​ចិត្ដ​កតញ្ញូ​ចំពោះ​របស់​ល្អ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​ប្អូន​ឬ​ទេ? លោក​បាន​ផ្ដល់​ឲ្យ​ប្អូន​នូវ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ មិត្ដ​ភក្ដិ​ល្អ គោល​ដៅ​ល្អ សេចក្ដី​សង្ឃឹម​អំពី​សេរី​ភាព​ដ៏​ល្អ​ឥត​ខ្ចោះ​នា​ពេល​អនាគត និង​អំណោយ​ដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត។ (​ទំនុក​តម្កើង ១០៣:៥​) ប្អូន​ទំនង​ជា​មាន​អារម្មណ៍​ដូច​ដាវីឌ​ពេល​ដែល​គាត់​បាន​អធិដ្ឋាន​នៅ​ទំនុក​តម្កើង ១៦:១១ ដែល​ថា​៖ ​«​ទ្រង់​នឹង​បង្ហាញ​ឲ្យ​ទូល​បង្គំ​ឃើញ​ផ្លូវ​ជីវិត​វិញ នៅ​ចំពោះ​ទ្រង់​មាន​សេចក្ដី​អំណរ​ដ៏​ពោរ​ពេញ នៅ​ព្រះ​ហស្ដ​ស្ដាំ​ទ្រង់​មាន​សេចក្ដី​អរ​សប្បាយ​ជា​ដរាប​ត​ទៅ​»។ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​សេចក្ដី​បង្រៀន​ដ៏​ថ្លៃ​វិសេស​ឯ​ទៀត​នៅ​ទំនុក​តម្កើង ១៦។ នេះ​នឹង​ជួយ​ប្អូន​ឲ្យ​ដឹង​អំពី​របៀប​ដែល​ប្អូន​អាច​មាន​ជីវិត​ដ៏​មាន​ន័យ​ខ្លឹម​សារ​បំផុត!