សេចក្ដីសប្បុរស ជាគុណសម្បត្ដិមួយដែលសឲ្យឃើញតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្ដ
យើងពិតជាសប្បាយចិត្ដពេលអ្នកឯទៀតប្រព្រឹត្ដយ៉ាងសប្បុរសមកលើយើង។ យើងទទួលការសម្រាលទុក្ខ ដោយដឹងថាពួកគេយកចិត្ដទុកដាក់ចំពោះយើង។ ម្យ៉ាងទៀត យើងឲ្យតម្លៃយ៉ាងខ្លាំងចំពោះការប្រព្រឹត្ដដ៏សប្បុរសដែលអ្នកឯទៀតធ្វើចំពោះយើង ដូច្នេះតើយើងអាចក្លាយទៅជាមនុស្សសប្បុរសតាមរបៀបណា?
បុគ្គលដែលមានចិត្ដសប្បុរសយកចិត្ដទុកដាក់យ៉ាងស្មោះចំពោះអ្នកឯទៀត ហើយបង្ហាញការយកចិត្ដទុកដាក់នោះតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្ដរបស់គាត់។ គាត់មិនមែនជាបុគ្គលដែលចេះគួរសមប៉ុណ្ណោះទេ។ ផ្ទុយទៅវិញគាត់ប្រព្រឹត្ដដោយសប្បុរសចំពោះអ្នកឯទៀតដោយសារគាត់ស្រឡាញ់ពួកគេនិងយល់អំពីអារម្មណ៍របស់ពួកគេ។ សំខាន់ជាងនេះទៅទៀត សេចក្ដីសប្បុរសគឺជាគុណសម្បត្ដិឬលក្ខណៈមួយនៃផលដែលបង្កើតដោយសកម្មពលបរិសុទ្ធរបស់ព្រះ។ (កាឡាទី ៥:២២, ២៣) ព្រះយេហូវ៉ាចង់ឲ្យយើងបង្ហាញសេចក្ដីសប្បុរស ដូច្នេះសូមយើងពិចារណាអំពីរបៀបដែលលោកនិងបុត្ររបស់លោកបានបង្ហាញសេចក្ដីសប្បុរស ហើយអំពីរបៀបដែលយើងអាចធ្វើតាមគំរូរបស់លោកទាំងពីរ។
ព្រះយេហូវ៉ាសប្បុរសចំពោះមនុស្សទាំងអស់
ព្រះយេហូវ៉ាមានចិត្ដសប្បុរសចំពោះមនុស្សទាំងអស់ ទោះជាចំពោះ«មនុស្សរមិលគុណនិងមនុស្សទុច្ចរិត»ក្ដី។ (លូកា ៦:៣៥) ជាឧទាហរណ៍ ព្រះយេហូវ៉ា«ធ្វើឲ្យថ្ងៃរះលើមនុស្សអាក្រក់និងមនុស្សល្អ ថែមទាំងបង្អុរភ្លៀងលើមនុស្សសុចរិតនិងមនុស្សទុច្ចរិត»។ (ម៉ាថាយ ៥:៤៥) សូម្បីតែមនុស្សដែលមិនជឿថាព្រះយេហូវ៉ាគឺជាអ្នកបង្កើត ក៏នៅតែអាចទទួលប្រយោជន៍ពីសេចក្ដីសប្បុរសរបស់លោក ហើយមានសុភមង្គលមួយកម្រិតក្នុងជីវិតរបស់ពួកគេដែរ។
ឧទាហរណ៍ដ៏ល្អមួយអំពីសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា គឺសឲ្យឃើញតាមរយៈអ្វីដែលលោកបានធ្វើចំពោះអាដាមនិងអេវ៉ា។ មិនយូរក្រោយពីពួកគេបានប្រព្រឹត្ដអំពើខុសឆ្គង ពួកគេ«យកស្លឹកល្វាមកក្លាស់ធ្វើជាប្រដាប់ប៉ឹង»។ ប៉ុន្ដែ ព្រះយេហូវ៉ាដឹងថានៅខាងក្រៅសួនអេដែន ពួកគេនឹងត្រូវការសម្លៀកបំពាក់ដែលអាចការពារពួកគេច្រើនជាង ដោយសារដីបានត្រូវបណ្ដាសា ហើយមានពេញដោយ«បន្លាហើយនឹងអញ្ចាញ»។ ដូច្នេះ ដោយសេចក្ដីសប្បុរស ព្រះយេហូវ៉ាបានធ្វើ‹អាវវែងពីស្បែក›សម្រាប់ពួកគេ។—លោកុប្បត្ដិ ៣:៧, ១៧, ១៨, ២១
ទោះជាព្រះយេហូវ៉ាបង្ហាញសេចក្ដីសប្បុរសចំពោះ«មនុស្សអាក្រក់និងមនុស្សល្អ»ក្ដី លោកបង្ហាញសេចក្ដីសប្បុរសចំពោះអ្នកបម្រើដ៏ស្មោះត្រង់របស់លោកជាពិសេស។ ជាឧទាហរណ៍ នៅសម័យរបស់សាការីជាអ្នកប្រកាសទំនាយ ទេវតាមួយរូបបានព្រួយបារម្ភដោយសារជនជាតិអ៊ីស្រាអែលបានឈប់សង់វិហាររបស់ព្រះយេហូវ៉ានៅក្រុងយេរូសាឡិម។ ព្រះយេហូវ៉ាបានស្តាប់អ្វីដែលទេវតានោះបាននិយាយ ហើយលោកបានឆ្លើយតបនឹងទេវតានោះដោយ«ពាក្យល្អ[ឬ«សប្បុរស»]គឺជាពាក្យកំសាន្ដ»។ (សាការី ១:១២, ១៣; ព.ថ.) ព្រះយេហូវ៉ាបានធ្វើអ្វីដែលស្រដៀងនឹងនេះចំពោះអេលីយ៉ាដែលជាអ្នកប្រកាសទំនាយ។ មានពេលមួយដែលអ្នកប្រកាសទំនាយនេះ មានអារម្មណ៍ឯកោនិងធ្លាក់ទឹកចិត្ដយ៉ាងខ្លាំងរហូតដល់គាត់សុំព្រះយេហូវ៉ាឲ្យយកជីវិតគាត់ទៅ។ ព្រះយេហូវ៉ាបានបង្ហាញថាលោកយកចិត្ដទុកដាក់ចំពោះអារម្មណ៍របស់អេលីយ៉ា ហើយបានចាត់ទេវតាមួយរូបឲ្យពង្រឹងកម្លាំងគាត់។ លោកក៏បានប្រាប់អ្នកប្រកាសទំនាយនោះថាគាត់មិននៅម្នាក់ឯងទេ។ សេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ាបានពង្រឹងកម្លាំងចិត្ដអេលីយ៉ាឲ្យបន្ដបំពេញភារកិច្ចរបស់គាត់។ (ពង្សាវតារក្សត្រទី១ ១៩:១-១៨) ប៉ុន្ដែ ក្នុងចំណោមអ្នកបម្រើទាំងអស់របស់ព្រះយេហូវ៉ា តើអ្នកនឹងនិយាយថាអ្នកណាបានបង្ហាញសេចក្ដីសប្បុរសដូចលោកតាមរបៀបដ៏ល្អប្រសើរបំផុត?
លោកយេស៊ូជាបុគ្គលដ៏សប្បុរស
ពេលលោកយេស៊ូនៅផែនដី មនុស្សបានឃើញថាលោកជាមនុស្សសប្បុរស។ លោកមិនដែលប្រព្រឹត្ដដោយឥតមេត្ដា ហើយលោកមិនដែលព្យាយាមបង្ខំអ្នកឯទៀតឲ្យធ្វើអ្វីដែលលោកចង់ឲ្យពួកគេធ្វើឡើយ។ លោកយកចិត្ដទុកដាក់ចំពោះអ្នកឯទៀត ហើយបានមានប្រសាសន៍ថា៖ «អស់អ្នកដែលធ្វើការនឿយហត់ហើយមានបន្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំចុះ ហើយខ្ញុំនឹងធ្វើឲ្យអ្នកមានម៉ាថាយ ១១:២៨-៣០) ដោយសារលោកមានចិត្ដសប្បុរសយ៉ាងខ្លាំង មនុស្សបានដើរតាមលោកទៅកន្លែងណាដែលលោកបានទៅ។ ដោយមានចិត្ដអាណិតអាសូរ លោកយេស៊ូបានផ្ដល់អាហារឲ្យពួកគេ ធ្វើឲ្យពួកគេជាសះស្បើយ និងបានបង្រៀនពួកគេ«អ្វីៗជាច្រើន»អំពីបិតារបស់លោក។—ម៉ាកុស ៦:៣៤; ម៉ាថាយ ១៤:១៤; ១៥:៣២-៣៨
កម្លាំងចិត្ដឡើងវិញ . . . ពីព្រោះនឹមរបស់ខ្ញុំស្រួលពាក់»។ (លោកយេស៊ូបានយល់អំពីអារម្មណ៍របស់មនុស្ស ហើយបានប្រព្រឹត្ដដោយសប្បុរសចំពោះពួកគេ ព្រមទាំងចេះគិតអំពីពួកគេដែរ។ ទោះជាលោកចង់សម្រាកក៏ដោយ លោកនៅតែទទួលដោយសប្បុរសនូវមនុស្សទាំងអស់ដែលមករកលោក។ (លូកា ៩:១០, ១១) សូមគិតអំពីអ្វីដែលបានកើតឡើងចំពោះស្ដ្រីម្នាក់ដែលមានជំងឺធ្លាក់ឈាម។ គាត់ចង់ជាសះស្បើយ ដូច្នេះគាត់បានពាល់សម្លៀកបំពាក់របស់លោកយេស៊ូ។ ប៉ុន្ដែ យោងទៅតាមច្បាប់ម៉ូសេ គាត់មិនគួរធ្វើដូច្នេះទេ ពីព្រោះគាត់បានត្រូវរាប់ជាមិនស្អាត។ (លេវីវិន័យ ១៥:២៥-២៨) តើលោកយេស៊ូមានប្រតិកម្មយ៉ាងណា? លោកមិនបាននិយាយដោយកំហឹងទៅកាន់គាត់ទេ។ លោកអាចឃើញថាគាត់ភ័យញាប់ញ័រ ហើយលោកមានចិត្ដអាណិតអាសូរចំពោះគាត់ដោយសារគាត់បានរងទុក្ខអស់១២ឆ្នាំហើយ។ លោកបានប្រាប់គាត់ថា៖ «កូនស្រីអើយ ជំនឿរបស់នាងបានធ្វើឲ្យនាងជាហើយ។ សូមអញ្ជើញទៅឲ្យបានសេចក្ដីសុខចុះ ហើយសូមឲ្យនាងបានជាសះស្បើយពីជំងឺដែលបានធ្វើឲ្យរងទុក្ខ»។ (ម៉ាកុស ៥:២៥-៣៤) លោកយេស៊ូពិតជាបុគ្គលដ៏សប្បុរសមែន!
មនុស្សសប្បុរសចេះជួយអ្នកឯទៀត
នៅក្នុងឧទាហរណ៍ដែលយើងបានពិចារណា យើងបានរៀនថាបើយើងមានចិត្ដសប្បុរស យើងនឹងធ្វើអ្វីផ្សេងៗដើម្បីជួយអ្នកឯទៀត។ លោកយេស៊ូបានបញ្ជាក់ថានេះគឺសំខាន់ណាស់ ពេលលោកបានរៀបរាប់នូវរឿងប្រៀបប្រដូចអំពីបុរសជនជាតិសាម៉ារីដ៏ល្អម្នាក់។ ជនជាតិយូដាម្នាក់បានត្រូវចោរប្លន់ វាយដំ ហើយទុកឲ្យស្លាប់នៅលើចិញ្ចើមផ្លូវ។ បុរសជនជាតិសាម៉ារីម្នាក់ដែលបានធ្វើដំណើរកាត់ទីនោះ មានចិត្ដក្ដួលអាណិតចំពោះបុរសនោះ ទោះជាជនជាតិសាម៉ារីនិងជនជាតិយូដាស្អប់គ្នាក្ដី។ សេចក្ដីសប្បុរសបានជំរុញចិត្ដបុរសជនជាតិសាម៉ារីនោះឲ្យជួយបុរសដែលរងរបួស។ បុរសជនជាតិសាម៉ារីនោះបានលាងសម្អាតមុខរបួសឲ្យបុរសនោះ ហើយយកគាត់ទៅផ្ទះសម្នាក់។ បុរសជនជាតិសាម៉ារីនោះបានបង់ថ្លៃឲ្យម្ចាស់ផ្ទះសម្នាក់ដើម្បីឲ្យគាត់ថែទាំបុរសជនជាតិយូដានោះ ហើយថែមទាំងស្នើសុំបង់ថ្លៃសម្រាប់ការចំណាយផ្សេងៗទៀតដែរ។—លូកា ១០:២៩-៣៧
សេចក្ដីសប្បុរសនឹងជំរុញចិត្ដយើងឲ្យលើកទឹកចិត្ដនិងចេះគិតអំពីអ្នកឯទៀត មិនគ្រាន់តែតាមរយៈការប្រព្រឹត្ដរបស់យើងប៉ុណ្ណោះទេ តែតាមរយៈពាក្យសម្ដីរបស់យើងដែរ។ គម្ពីរចែងថា៖ «ការទុក្ខដែលគ្របសង្កត់ចិត្ដ នោះធ្វើឲ្យរួញថយចុះ តែពាក្យល្អ១ម៉ាត់នឹងធ្វើឲ្យរីករាយឡើង»។ (សុភាសិត ១២:២៥) ពេលសេចក្ដីសប្បុរសនិងគុណធម៌ជំរុញចិត្ដយើងឲ្យនិយាយអ្វីដែលលើកទឹកចិត្ដអ្នកឯទៀត យើងនឹងជួយពួកគេឲ្យមានអារម្មណ៍សប្បាយជាង។ * (សូមមើលកំណត់សម្គាល់) ពាក្យសម្ដីដ៏សប្បុរសរបស់យើងនឹងបង្ហាញថាយើងយកចិត្ដទុកដាក់ចំពោះពួកគេ ហើយនឹងជួយពួកគេឲ្យស៊ូទ្រាំនឹងបញ្ហាផ្សេងៗក្នុងជីវិត។—សុភាសិត ១៦:២៤
របៀបក្លាយទៅជាមនុស្សសប្បុរស
យើងទាំងអស់គ្នាអាចបង្ហាញសេចក្ដីសប្បុរស ដោយសារព្រះបានបង្កើតមនុស្សឲ្យមានភាពដូចលោក។ (លោកុប្បត្ដិ ១:២៦) ជាឧទាហរណ៍ យូលាសដែលជាមេទ័ពរ៉ូមដែលមានភារកិច្ចនាំសាវ័កប៉ូលទៅឯក្រុងរ៉ូម «បានប្រព្រឹត្ដដោយសប្បុរសនិងប្រកបដោយមនុស្សធម៌ចំពោះប៉ូល ក៏អនុញ្ញាតឲ្យប៉ូលទៅជួបមិត្ដសម្លាញ់របស់គាត់ ហើយទទួលការទំនុកបម្រុងពីពួកគេ»នៅឯក្រុងស៊ីដូន។ (សកម្មភាព ២៧:៣) ម្យ៉ាងទៀត ពេលប៉ូលនិងអ្នកឯទៀតបានលិចសំពៅក្នុងអំឡុងពេលធ្វើដំណើរនោះ អ្នកកោះម៉ល់តា បាន‹ប្រព្រឹត្ដមកលើពួកគាត់ដោយមនុស្សធម៌និងចិត្ដសប្បុរសក្រៃលែង› ហើយថែមទាំងបានបង្កាត់ភ្លើងដើម្បីធ្វើឲ្យពួកគាត់កក់ក្ដៅ។ (សកម្មភាព ២៨:១, ២) អ្នកកោះនោះបានធ្វើអ្វីដ៏ល្អ។ ក៏ប៉ុន្ដែ ដើម្បីធ្វើឲ្យព្រះយេហូវ៉ាសប្បាយរីករាយ យើងត្រូវប្រព្រឹត្ដដោយសប្បុរសនៅគ្រប់ពេលទាំងអស់ មិនគ្រាន់តែម្ដងម្កាលប៉ុណ្ណោះទេ។
ព្រះយេហូវ៉ាចង់ឲ្យសេចក្ដីសប្បុរសក្លាយទៅជាបុគ្គលិកលក្ខណៈរបស់យើង ហើយចង់ឲ្យនេះសឲ្យឃើញតាមរយៈរបៀបរស់នៅរបស់យើង។ នេះជាមូលហេតុដែលលោកប្រាប់យើងឲ្យ«បំពាក់»ខ្លួនដោយសេចក្ដីសប្បុរស។ (កូឡុស ៣:១២) ប៉ុន្ដែ ការប្រព្រឹត្ដដោយសប្បុរសនៅគ្រប់ពេលគឺមិនស្រួលឡើយ។ ហេតុអ្វី? ប្រហែលជាយើងមិនប្រព្រឹត្ដដោយសប្បុរស ដោយសារយើងជាមនុស្សអៀន គ្មានទំនុកចិត្ដលើខ្លួន ឬគិតអំពីប្រយោជន៍ខ្លួនបន្ដិចបន្ដួច។ ឬយើងប្រហែលជាពិបាកប្រព្រឹត្ដដោយសប្បុរសចំពោះពួកអ្នកដែលមិនធ្វើល្អដាក់យើង។ ប៉ុន្ដែ បើយើងអធិដ្ឋានសុំសកម្មពលបរិសុទ្ធ និងព្យាយាមយកតម្រាប់ព្រះយេហូវ៉ា នោះលោកអាចជួយយើងឲ្យក្លាយទៅជាមនុស្សសប្បុរសពិតប្រាកដ។—កូរិនថូសទី១ ២:១២
ម៉ាថាយ ៧:១២) មួយវិញទៀត ចូរសុំជំនួយពីព្រះយេហូវ៉ា ហើយលោកនឹងឲ្យពរចំពោះការខំប្រឹងរបស់អ្នកដើម្បីទៅជាមនុស្សដ៏សប្បុរស។—លូកា ១១:១៣
តើយើងអាចដឹងយ៉ាងដូចម្ដេចអំពីអ្វីដែលយើងត្រូវធ្វើដើម្បីបង្ហាញសេចក្ដីសប្បុរសច្រើនជាង? សូមសួរខ្លួនអ្នកថា ‹តើខ្ញុំយកចិត្ដទុកដាក់ស្តាប់អ្នកឯទៀត ហើយព្យាយាមយល់អំពីអារម្មណ៍របស់ពួកគេឬទេ? តើខ្ញុំកត់សម្គាល់ពេលដែលអ្នកឯទៀតត្រូវការជំនួយឬទេ? ក្នុងអំឡុងពេលថ្មីៗនេះ តើនៅពេលណាដែលខ្ញុំបានបង្ហាញសេចក្ដីសប្បុរសចំពោះបុគ្គលដែលមិនមែនជាសមាជិកក្រុមគ្រួសារឬមិត្ដជិតស្និទ្ធ?›។ បន្ទាប់មក សូមកំណត់គោលដៅដូចជា ព្យាយាមស្គាល់មនុស្សដែលនៅជុំវិញអ្នកឲ្យកាន់តែច្បាស់ ជាពិសេសពួកអ្នកដែលនៅក្នុងក្រុមជំនុំ។ យ៉ាងនេះ អ្នកអាចដឹងអំពីទុក្ខលំបាកនិងសេចក្ដីត្រូវការរបស់ពួកគេ។ បន្ទាប់មក សូមព្យាយាមប្រព្រឹត្ដដោយសប្បុរសចំពោះអ្នកឯទៀតដូចដែលអ្នកចង់ឲ្យពួកគេប្រព្រឹត្ដចំពោះអ្នក។ (ឥទ្ធិពលដែលសេចក្ដីសប្បុរសមានលើអ្នកឯទៀត
ពេលសាវ័កប៉ូលបានរៀបរាប់អំពីអ្វីៗដែលបានធ្វើឲ្យគាត់ទៅជាអ្នកបម្រើដ៏ល្អរបស់ព្រះ អ្វីមួយក្នុងចំណោមអ្វីទាំងនោះគឺសេចក្ដីសប្បុរស។ (កូរិនថូសទី២ ៦:៣-៦) មនុស្សចូលចិត្ដប៉ូលដោយសារពាក្យសម្ដីនិងការប្រព្រឹត្ដរបស់គាត់គឺសប្បុរស ហើយពួកគេដឹងថាគាត់យកចិត្ដទុកដាក់ចំពោះពួកគេ។ (សកម្មភាព ២៨:៣០, ៣១) ស្រដៀងគ្នាដែរ បើយើងជាមនុស្សសប្បុរស អ្នកឯទៀតប្រហែលជានឹងចង់រៀនថែមទៀតអំពីសេចក្ដីពិត។ ពេលយើងប្រព្រឹត្ដដោយសប្បុរសចំពោះមនុស្សទាំងអស់ ទោះជាពួកគេមិនធ្វើល្អចំពោះយើងក្ដី នេះប្រហែលជានឹងជះឥទ្ធិពលទៅលើចិត្ដរបស់ពួកគេ ហើយពួកគេប្រហែលជានឹងផ្លាស់ប្ដូរចិត្ដគំនិត។ (រ៉ូម ១២:២០) ប្រហែលជាយូរៗទៅ ពួកគេថែមទាំងចង់រៀនអំពីគម្ពីរទៀតផង។
នៅសួនឧទ្យាន មនុស្សទាំងអស់នឹងបង្ហាញសេចក្ដីសប្បុរសចំពោះគ្នាទៅវិញទៅមក នេះរួមបញ្ចូលពួកអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ ដែលប្រហែលជាមិនដែលមានអ្នកណាប្រព្រឹត្ដដោយសប្បុរសចំពោះពួកគេ។ នេះច្បាស់ជានឹងជំរុញចិត្ដពួកគេឲ្យប្រព្រឹត្ដដោយសប្បុរសចំពោះអ្នកឯទៀត។ តាមការពិត បុគ្គលណាដែលមិនបង្ហាញសេចក្ដីសប្បុរស ហើយដែលមិនចង់ជួយអ្នកឯទៀតនឹងមិនត្រូវអនុញ្ញាតឲ្យរស់នៅក្រោមការគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះទេ។ មានតែមនុស្សដែលមានសេចក្ដីស្រឡាញ់និងមានចិត្ដសប្បុរសប៉ុណ្ណោះ ដែលនឹងរស់នៅជារៀងរហូតក្នុងសួនឧទ្យាន។ (ទំនុកតម្កើង ៣៧:៩-១១) ពិភពលោកនៅពេលនោះនឹងពេញទៅដោយសេចក្ដីសុខសាន្ដនិងសន្ដិភាពដ៏ពិតប្រាកដ! ប៉ុន្ដែ សូម្បីតែមុនគ្រានោះមកដល់ ក៏យើងអាចទទួលប្រយោជន៍ដែលមកពីការបង្ហាញសេចក្ដីសប្បុរសដែរ។ តើតាមរបៀបណា?
ប្រយោជន៍ដែលមកពីការបង្ហាញសេចក្ដីសប្បុរស
គម្ពីរចែងថា៖ «មនុស្សដែលមានចិត្ដមេត្ដា[ឬ«មានចិត្ដសប្បុរស»] នោះតែងធ្វើល្អដល់ជីវិតខ្លួន»។ (សុភាសិត ១១:១៧; ខ.ស.) តាមធម្មតា មនុស្សចង់នៅជិតបុគ្គលដែលប្រព្រឹត្ដដោយសប្បុរស ហើយពួកគេក៏ប្រព្រឹត្ដដោយសប្បុរសចំពោះអ្នកនោះវិញដែរ។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «អ្នកវាល់ឲ្យគេប៉ុណ្ណា នោះគេនឹងវាល់ឲ្យអ្នកប៉ុណ្ណឹងដែរ»។ (លូកា ៦:៣៨) ដូច្នេះ មនុស្សដែលមានចិត្ដសប្បុរសស្រួលរកបានមិត្ដភក្ដិល្អ ហើយរក្សាចំណងមិត្ដភាពទាំងនោះ។
សាវ័កប៉ូលបានប្រាប់បងប្អូនក្នុងក្រុមជំនុំនៅក្រុងអេភេសូរថា៖ «ចូរប្រព្រឹត្ដដោយសប្បុរសដល់គ្នាទៅវិញទៅមក មានសេចក្ដីអាណិតមេត្ដា ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ»។ (អេភេសូរ ៤:៣២) ពេលបងប្អូនទាំងអស់ក្នុងក្រុមជំនុំប្រព្រឹត្ដដោយសប្បុរសនិងមានសេចក្ដីអាណិតមេត្ដាចំពោះគ្នាទៅវិញទៅមក នោះក្រុមជំនុំនឹងកាន់តែរឹងមាំនិងមានសាមគ្គីភាព។ យើងនឹងមិនចង់រិះគន់បងប្អូនរបស់យើង និយាយដើមពួកគេ និយាយដោយគ្មានមេត្ដា ឬធ្វើឲ្យពួកគេឈឺចិត្ដ ទោះជាក្នុងការនិយាយលេងសើចក៏ដោយ។ ផ្ទុយទៅវិញ អ្វីដែលយើងនិយាយគួរតែជួយនិងលើកទឹកចិត្ដបងប្អូនរបស់យើងជានិច្ច។ (សុភាសិត ១២:១៨) ជាលទ្ធផល ក្រុមជំនុំនឹងបម្រើព្រះយេហូវ៉ាដោយអំណរ។
ដូចដែលយើងបានរៀន សេចក្ដីសប្បុរសគឺជាគុណសម្បត្ដិមួយដែលសឲ្យឃើញតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្ដទាំងអស់របស់យើង។ ម្យ៉ាងទៀត ពេលយើងបង្ហាញសេចក្ដីសប្បុរស យើងយកតម្រាប់ព្រះរបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់និងចិត្ដទូលាយ ពោលគឺព្រះយេហូវ៉ា។ (អេភេសូរ ៥:១) នេះធ្វើឲ្យក្រុមជំនុំរបស់យើងរឹងមាំជាង ហើយជំរុញចិត្ដអ្នកឯទៀតឲ្យបម្រើលោកដែរ។ ដូច្នេះ សូមយើងខំអស់ពីសមត្ថភាពដើម្បីឲ្យអ្នកឯទៀតឃើញថាសាក្សីព្រះយេហូវ៉ាគឺជាមនុស្សសប្បុរស!
^ វគ្គ 13 នៅពេលអនាគត យើងនឹងពិចារណាអំពីគុណធម៌ក្នុងអត្ថបទមួយនៃអត្ថបទតភាគនេះអំពីផលដែលបង្កើតដោយសកម្មពលរបស់ព្រះ។