«ពួកមនុស្សសុចរិតនឹងអរសប្បាយដោយនូវព្រះយេហូវ៉ា»
បងស្រីដាយអាណាមានអាយុ៨០ឆ្នាំជាង។ អស់ប៉ុន្មានឆ្នាំកន្លងមកហើយ គាត់បានរងទុក្ខលំបាកជាច្រើន។ ប្ដីរបស់គាត់ដែលមានជំងឺភ្លេចភ្លាំង និងដែលរស់នៅក្នុងមណ្ឌលថែទាំមនុស្សវ័យចាស់ បានស្លាប់។ កូនប្រុសពីរនាក់របស់គាត់ក៏បានស្លាប់ដែរ ហើយខ្លួនគាត់ផ្ទាល់ក៏មានជំងឺមហារីកដោះនិងបានទទួលការព្យាបាលសម្រាប់ជំងឺនោះ។ ប៉ុន្ដែ ពេលបងប្អូនជួបបងដាយអាណានៅកិច្ចប្រជុំឬក្នុងកិច្ចបម្រើផ្សាយ ពួកគេឃើញថាគាត់តែងតែមានអំណរ។
បងប្រុសចនបានបម្រើជាអ្នកធ្វើដំណើរត្រួតពិនិត្យអស់ជាង៤៣ឆ្នាំ។ គាត់ចូលចិត្ដភារកិច្ចរបស់គាត់ខ្លាំងណាស់ ហើយមិនដែលគិតថានឹងធ្វើកិច្ចការផ្សេងក្រៅពីនោះឡើយ។ ប៉ុន្ដែ គាត់ត្រូវឈប់បម្រើជាអ្នកធ្វើដំណើរត្រួតពិនិត្យ ដើម្បីមើលថែសាច់ញាតិដែលឈឺ។ ពេលបងប្អូនដែលធ្លាប់ស្គាល់បងចន ជួបគាត់នៅសន្និបាតឬមហាសន្និបាត ពួកគេឃើញថាបងចនមិនបានផ្លាស់ប្ដូរទាល់តែសោះ។ គាត់នៅតែមានអំណរជាខ្លាំង។
តើបងដាយអាណានិងបងចនអាចមានអំណរដោយសារអ្វី? តើបុគ្គលដែលរងទុក្ខអាចមានអំណរយ៉ាងដូចម្ដេច? តើតាមរបៀបណាបុគ្គលម្នាក់អាចមានចិត្ដសប្បាយ បើគាត់ត្រូវបោះបង់ភារកិច្ចដែលគាត់ចូលចិត្ដ? គម្ពីរផ្ដល់ចម្លើយដល់យើង។ គម្ពីរចែងថា៖ «ពួកមនុស្សសុចរិតនឹងអរសប្បាយដោយនូវព្រះយេហូវ៉ា»។ (ទំនុកតម្កើង ៦៤:១០) យើងអាចយល់ច្បាស់ជាងអំពីចំណុចដ៏សំខាន់នេះ បើយើងដឹងអំពីអ្វីដែលនឹងនាំឲ្យយើងមានអំណរដែលស្ថិតស្ថេរ និងអ្វីដែលនឹងធ្វើឲ្យយើងមានអំណរតែមួយរយៈពេល។
អំណរដែលមានតែមួយរយៈពេល
មានអ្វីមួយចំនួនដែលច្រើនតែធ្វើឲ្យមនុស្សមានអំណរ។ ជាឧទាហរណ៍ ពេលបុរសនិងស្ដ្រីដែលស្រឡាញ់គ្នាបានរៀបការ ពួកគេអរសប្បាយ។ ម្យ៉ាងទៀត បុគ្គលដែលទើបតែមានកូន ឬអ្នកដែលទទួលភារកិច្ចថ្មីក្នុងកិច្ចបម្រើព្រះយេហូវ៉ាក៏មានអំណរដែរ។ អ្វីៗទាំងនេះនាំឲ្យមានអំណរ ដោយសារអ្វីៗទាំងនេះជាអំណោយដែលមកពីព្រះយេហូវ៉ា។ លោកបានផ្ដល់ឲ្យយើងនូវអាពាហ៍ពិពាហ៍ សមត្ថភាពបង្កើតកូន និងភារកិច្ចក្នុងអង្គការរបស់លោក។—លោកុប្បត្ដិ ២:១៨, ២២; ទំនុកតម្កើង ១២៧:៣; ធីម៉ូថេទី១ ៣:១
ក៏ប៉ុន្ដែ ជួនកាលអំណរដែលមកពីអ្វីផ្សេងៗ គឺមានសម្រាប់តែមួយរយៈពេលប៉ុណ្ណោះ។ ពិតមែនថាអាពាហ៍ពិពាហ៍ ការបង្កើតកូន និងភារកិច្ចក្នុងអង្គការរបស់ព្រះធ្វើឲ្យយើងមានអំណរ តែគួរឲ្យស្តាយណាស់ គូអាពាហ៍ពិពាហ៍អាចស្លាប់ទៅឬមិនស្មោះត្រង់នឹងគូរបស់ខ្លួន។ (អេសេគាល ២៤:១៨; ហូសេ ៣:១) ប្រហែលជាកូនៗមិនស្តាប់បង្គាប់ឪពុកម្ដាយនិងព្រះ ហើយប្រហែលជាថែមទាំងបានត្រូវបណ្ដាច់មិត្ដភាពទៀតផង។ ក្នុងគម្ពីរមានគំរូស្ដីអំពីរឿងនេះ កូនប្រុសរបស់សាំយូអែល បានបែរចេញពីព្រះយេហូវ៉ា។ ដាវីឌក៏មានបញ្ហា ជាច្រើនក្នុងក្រុមគ្រួសាររបស់គាត់ ដោយសារគាត់បានប្រព្រឹត្ដអំពើខុសឆ្គងជាមួយនឹងបាតសេបា។ (សាំយូអែលទី១ ៨:១-៣; សាំយូអែលទី២ ១២:១១) ពេលដែលរឿងបែបនេះកើតឡើង មនុស្សមិនសប្បាយចិត្ដទេ ផ្ទុយទៅវិញពួកគេកើតទុក្ខនិងឈឺចាប់ជាខ្លាំង។
ស្រដៀងគ្នាដែរ ជួនកាលយើងមិនអាចបន្ដបំពេញភារកិច្ចណាមួយក្នុងកិច្ចបម្រើព្រះយេហូវ៉ាបានទេ ដោយសារយើងឈឺឬត្រូវមើលថែសមាជិកក្រុមគ្រួសាររបស់យើង ឬក៏ដោយសារមានការផ្លាស់ប្ដូរក្នុងអង្គការរបស់ព្រះ។ បងប្អូនជាច្រើនដែលត្រូវលះបង់ភារកិច្ចរបស់ពួកគេនិយាយថា ពួកគេនឹកអាល័យអំពីការស្កប់ចិត្ដដែលពួកគេធ្លាប់មានពេលពួកគេបំពេញភារកិច្ចនោះ។
យើងអាចឃើញថាអំណរដែលមកពីមូលហេតុទាំងនេះ មិនតែងតែស្ថិតស្ថេរឡើយ។ ដូច្នេះ តើមានអំណរដែលស្ថិតស្ថេរឬទេ ទោះជាយើងមានបញ្ហាក្នុងជីវិតក្ដី? ច្បាស់ជាមាន ហេតុអ្វី? ពីព្រោះសាំយូអែល ដាវីឌ និងអ្នកឯទៀតមិនបានបាត់បង់អំណរដែលពួកគេមាននៅពេលដែលពួកគេបានរងទុក្ខលំបាកទេ។
អំណរដែលស្ថិតស្ថេរ
លោកយេស៊ូបានដឹងថាអ្វីដែលជាអំណរពិតប្រាកដ។ មុនលោកមកផែនដី គម្ពីរប្រាប់យើងថាលោក«មានសេចក្ដីរីករាយនៅចំពោះ[ព្រះយេហូវ៉ា]ជានិច្ច»។ (សុភាសិត ៨:៣០) ក៏ប៉ុន្ដែ កាលដែលលោកមកផែនដី មានពេលខ្លះដែលលោកត្រូវប្រឈមមុខនឹងការពិបាកដ៏ខ្លាំង។ ទោះជាយ៉ាងនេះក្ដី លោកយេស៊ូមានអំណរក្នុងការធ្វើតាមបំណងប្រាថ្នារបស់បិតាលោក។ (យ៉ូហាន ៤:៣៤) ចុះយ៉ាងណាពេលដែលលោករងការឈឺចាប់នៅប៉ុន្មានម៉ោងចុងក្រោយនៃជីវិតរបស់លោកនៅផែនដី? គម្ពីរចែងថា៖ «ដោយសារអំណរដែលនៅខាងមុខលោក លោកបានស៊ូទ្រាំលើបង្គោលទារុណកម្ម»។ (ហេប្រឺ ១២:២) ដូច្នេះ យើងមានមូលហេតុល្អដើម្បីពិចារណាអំពីអ្វីពីរយ៉ាងដែលលោកយេស៊ូបានមានប្រសាសន៍ស្ដីអំពីអំណរពិតប្រាកដ។
នៅពេលមួយ អ្នកកាន់តាមលោកយេស៊ូ៧០នាក់បានត្រឡប់មកជួបលោកក្រោយពីពួកគេបានផ្សព្វផ្សាយ។ ពួកគេមានអំណរដោយសារអ្វីៗទាំងអស់ដែលពួកគេបានធ្វើ រួមទាំងការបណ្ដេញពួកវិញ្ញាណកំណាចចេញផងដែរ។ ប៉ុន្ដែ លោកយេស៊ូបានមានប្រសាសន៍ទៅកាន់ពួកគេថា៖ «កុំត្រេកអរដោយសារពួកវិញ្ញាណ ត្រូវចុះចូលក្នុងអំណាចអ្នករាល់គ្នានោះឡើយ ប៉ុន្ដែចូរត្រេកអរពីព្រោះឈ្មោះរបស់អ្នករាល់គ្នាបានត្រូវចារឹកទុកនៅឯស្ថានសួគ៌វិញ»។ (លូកា ១០:១-៩, ១៧, ២០) ពិតមែនហើយ ការទទួលការពេញចិត្ដពីព្រះយេហូវ៉ាគឺសំខាន់ជាងនិងនាំឲ្យមានអំណរច្រើនជាងការមានភារកិច្ចដ៏ពិសេសណាមួយ។
នៅពេលមួយទៀត ពេលដែលលោកយេស៊ូកំពុងនិយាយជាមួយនឹងមនុស្សមួយក្រុមធំ ស្ដ្រីជនជាតិយូដាបានកោតស្ងើចយ៉ាងខ្លាំងចំពោះការបង្រៀនរបស់លោក រហូតដល់គាត់បានលូកា ១១:២៧, ២៨) ពិតមែនថា ការមានកូនដែលធ្វើឲ្យយើងមានមោទនភាពអាចនាំឲ្យយើងសប្បាយរីករាយ ប៉ុន្ដែអ្វីដែលនាំឲ្យយើងមានអំណរដែលស្ថិតស្ថេរ គឺការស្តាប់បង្គាប់ព្រះយេហូវ៉ានិងការមានចំណងមិត្ដភាពជាមួយនឹងលោក។
និយាយថាម្ដាយរបស់លោកច្បាស់ជាសប្បាយចិត្ដណាស់ដែលមានកូនបែបនេះ។ ប៉ុន្ដែ លោកយេស៊ូបានតបឆ្លើយថា៖ «ទេ! គឺអស់អ្នកដែលឮបណ្ដាំរបស់ព្រះហើយធ្វើតាម ទើបមានសុភមង្គល!»។ (យើងមានអំណរក្រៃលែងពេលដែលយើងមានអារម្មណ៍ថាព្រះយេហូវ៉ាពេញចិត្ដនឹងយើង។ ទោះជាយើងមិនសប្បាយចិត្ដពេលយើងមានទុក្ខលំបាកក្ដី នោះមិនធ្វើឲ្យយើងបាត់បង់អំណរនេះទេ។ តាមការពិត កាលណាយើងរក្សាភាពស្មោះត្រង់ក្នុងអំឡុងពេលមានទុក្ខលំបាក យើងមានអំណរកាន់តែខ្លាំងឡើងៗ។ (រ៉ូម ៥:៣-៥) ម្យ៉ាងទៀត ព្រះយេហូវ៉ាផ្ដល់សកម្មពលបរិសុទ្ធរបស់លោកដល់ពួកអ្នកដែលទុកចិត្ដលោក ហើយអំណរគឺជាគុណសម្បត្ដិឬលក្ខណៈមួយនៃផលដែលបង្កើតដោយសកម្មពលរបស់លោក។ (កាឡាទី ៥:២២) នេះជួយយើងឲ្យយល់អំពីមូលហេតុដែលទំនុកតម្កើង ៦៤:១០ចែងថា៖ «ពួកមនុស្សសុចរិតនឹងអរសប្បាយដោយនូវព្រះយេហូវ៉ា»។
នេះក៏ជាមូលហេតុដែលបងដាយអាណានិងបងចននៅតែមានអំណរ ទោះជាពួកគាត់បានប្រឈមមុខនឹងការពិបាកក្ដី។ បងដាយអាណានិយាយថា៖ «ខ្ញុំបានយកព្រះយេហូវ៉ាជាទីពឹងជ្រក ដូចដែលកូនយកឪពុកម្ដាយជាទីពឹងជ្រក»។ គាត់បន្ថែមថា៖ «ខ្ញុំមានអារម្មណ៍ថាលោកបានឲ្យពរខ្ញុំ ដោយឲ្យសមត្ថភាពដល់ខ្ញុំដើម្បីបន្ដផ្សព្វផ្សាយជាទៀងទាត់ទាំងទឹកមុខញញឹម»។ តើអ្វីបានជួយបងចនឲ្យរក្សាអំណររបស់គាត់ ហើយបន្ដជាប់រវល់ក្នុងកិច្ចបម្រើផ្សាយ ក្រោយពីគាត់ត្រូវលះបង់ភារកិច្ចរបស់គាត់? គាត់និយាយថា៖ «តាំងពីឆ្នាំ១៩៩៨ ពេលខ្ញុំបានទទួលភារកិច្ចបង្រៀនសាលាបង្ហាត់ខាងកិច្ចបម្រើ ខ្ញុំបានធ្វើការសិក្សាផ្ទាល់ខ្លួនច្រើនជាងមុន»។ គាត់ពន្យល់ថាការផ្លាស់ប្ដូរដែលគាត់និងប្រពន្ធរបស់គាត់ត្រូវធ្វើគឺទៅជាស្រួលជាង ដោយសារពួកគាត់តែងតែសុខចិត្ដធ្វើអ្វីណាក៏ដោយដែលព្រះយេហូវ៉ាចាត់ពួកគាត់ឲ្យធ្វើ។ គាត់បន្ថែមថា៖ «យើងបានធ្វើដូច្នេះដោយមិនស្តាយក្រោយឡើយ»។
បងប្អូនជាច្រើនទៀតក៏បានឃើញថាអ្វីដែលចែងនៅទំនុកតម្កើង ៦៤:១០គឺជាការពិតដែរ។ ជាឧទាហរណ៍ សូមគិតអំពីប្ដីប្រពន្ធមួយគូដែលបានបម្រើនៅបេតអែលសហរដ្ឋអាម៉េរិកអស់ជាង៣០ឆ្នាំ។ ក្រោយមក ពួកគេបានត្រូវចាត់ឲ្យបម្រើជាអ្នកត្រួសត្រាយពិសេស។ ពួកគេសារភាពថា៖ «ការកើតទុក្ខគឺជារឿងធម្មតា ពេលដែលយើងបាត់បង់អ្វីមួយដែលយើងស្រឡាញ់» ប៉ុន្ដែពួកគេបានបន្ថែមថា៖ «យើងមិនអាចកើតទុក្ខជារៀងរហូតទេ»។ ភ្លាមៗក្រោយពីពួកគេបានទៅដល់ក្រុមជំនុំថ្មី ពួកគេបានចាប់ផ្ដើមផ្សព្វផ្សាយជាមួយនឹងក្រុមជំនុំនោះ។ ពួកគេក៏និយាយថា៖ «យើងបានអធិដ្ឋានអំពីអ្វីដ៏ជាក់លាក់មួយចំនួន។ បន្ទាប់មក ពេលយើងឃើញថាព្រះឆ្លើយតបចំពោះសេចក្ដីអធិដ្ឋានរបស់យើង នោះបានលើកទឹកចិត្ដយើងនិងបានធ្វើឲ្យយើងមានអំណរ។ មិនយូរក្រោយពីយើងបានទៅដល់ បងប្អូនឯទៀតក្នុងក្រុមជំនុំបានចាប់ផ្ដើមបម្រើជាអ្នកត្រួសត្រាយ ហើយយើងបានទទួលពរមួយ ពោលគឺយើងមានសិស្សគម្ពីរពីរនាក់ដែលរីកចម្រើន»។
‹ចូរមានអំណរជាដរាប›
ការរក្សាអំណរគឺមិនតែងតែស្រួលទេ។ មានពេលខ្លះដែលយើងនឹងពិបាកចិត្ដ។ ប៉ុន្ដែ ព្រះយេហូវ៉ាពង្រឹងកម្លាំងចិត្ដរបស់យើងតាមរយៈពាក្យនៅទំនុកតម្កើង ៦៤:១០។ សូម្បីតែនៅពេលដែលយើងធ្លាក់ទឹកចិត្ដ ក៏យើងអាចប្រាកដថាបើយើងរក្សាភាពស្មោះត្រង់ទោះជាយើងជួបប្រទះនឹងរឿងអ្វីក៏ដោយ យើង«នឹងអរសប្បាយដោយនូវព្រះយេហូវ៉ា»។ យើងក៏អាចទន្ទឹងរង់ចាំពេលដែលសេចក្ដីសន្យារបស់ព្រះយេហូវ៉ាអំពី«ផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី»នឹងក្លាយទៅជាការពិត។ នៅពេលនោះ មនុស្សគ្រប់រូបនឹងក្លាយទៅជាមនុស្សល្អឥតខ្ចោះ។ ពួកគេនឹងមាន«អំណរ ហើយរីករាយឡើងជាដរាប» ដោយសារព្រះយេហូវ៉ានឹងធ្វើអ្វីៗទាំងអស់នេះ។—អេសាយ ៦៥:១៧, ១៨
សូមស្រមៃគិតអំពីអត្ថន័យនៃសេចក្ដីសន្យានេះចំពោះយើង។ យើងនឹងមានសុខភាពល្អឥតខ្ចោះ ហើយរាល់ថ្ងៃយើងនឹងក្រោកពីគេងដោយមានកម្លាំង។ ទោះជាមានអ្វីកើតឡើងនៅអតីតកាលដែលធ្វើឲ្យយើងឈឺចិត្ដក្ដី នោះនឹងលែងធ្វើឲ្យយើងឈឺចាប់ទៀត។ ព្រះយេហូវ៉ាពង្រឹងទំនុកចិត្ដរបស់យើងថា«របស់ពីមុនៗ នោះនឹងគ្មានអ្នកណានឹកចាំទៀតក៏មិនដែលចូលក្នុងគំនិតឡើយ»។ យើងនឹងទទួលស្វាគមន៍មនុស្សជាទីស្រឡាញ់របស់យើងដែលបានស្លាប់ ហើយយើងនឹងមានអារម្មណ៍ដូចឪពុកម្ដាយរបស់ក្មេងស្រីអាយុ១២ឆ្នាំដែលលោកយេស៊ូបានប្រោសឲ្យរស់ឡើងវិញ។ ពួកគេបាន«ត្រេកអរហួសប្រមាណ»។ (ម៉ាកុស ៥:៤២) នៅទីបំផុត មនុស្សគ្រប់រូបនៅលើផែនដីជាមនុស្សសុចរិតពិតប្រាកដ ហើយពួកគេនឹង«អរសប្បាយដោយនូវព្រះយេហូវ៉ា»ជារៀងរហូត។