លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

​«​ចូរ​ថ្លែង​អំណរ​គុណ​សម្រាប់​អ្វី​ៗ​ទាំង​អស់​»​

​«​ចូរ​ថ្លែង​អំណរ​គុណ​សម្រាប់​អ្វី​ៗ​ទាំង​អស់​»​

តើ​អ្នក​ចាត់​ទុក​ថា​ខ្លួន​អ្នក​ជា​មនុស្ស​មាន​ចិត្ត​កតញ្ញូ​និង​ចេះ​បង្ហាញ​អំណរ​គុណ​ឬ​ទេ? នេះ​ជា​សំណួរ​មួយ​ដែល​យើង​ម្នាក់​ៗ​ត្រូវ​ពិចារណា។ គម្ពីរ​ប្រាប់​ទុក​ជា​មុន​ថា​នៅ​សម័យ​របស់​យើង មនុស្ស​ជា​ច្រើន​នឹង​«​រមិល​គុណ​»។ (​២ធី. ៣:២​) អ្នក​ទំនង​ជា​បាន​ជួប​មនុស្ស​ខ្លះ​ដែល​មាន​អារម្មណ៍​ថា​អ្នក​ឯ​ទៀត​ត្រូវ​ធ្វើ​អ្វី​សម្រាប់​ពួក​គេ ឬ​ឲ្យ​អ្វី​ទៅ​ពួក​គេ។ តាម​មើល​ទៅ​ពួក​គេ​មាន​អារម្មណ៍​ថា​ពួក​គេ​មិន​ចាំ​បាច់​បង្ហាញ​អំណរ​គុណ​ចំពោះ​អ្វី​ដែល​ពួក​គេ​ទទួល​ឡើយ។ តើ​អ្នក​ចង់​នៅ​ជិត​បុគ្គល​បែប​នេះ​ឬ​ទេ?

ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ទទួល​ការ​ណែនាំ​ថា​៖ ​«​ចូរ​បង្ហាញ​អំណរ​គុណ​»។ យើង​ត្រូវ​«​ថ្លែង​អំណរ​គុណ​សម្រាប់​អ្វី​ៗ​ទាំង​អស់​»។ (​កូឡ. ៣:១៥; ១ថែ. ៥:១៨​) តាម​ពិត ការ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​កតញ្ញូ​គឺ​ល្អ​សម្រាប់​យើង។ មាន​មូលហេតុ​មួយ​ចំនួន​ដែល​យើង​ធ្វើ​ដូច្នេះ។

ការ​មាន​ចិត្ត​កតញ្ញូ​និង​ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​ឯង

មូលហេតុ​សំខាន់​មួយ​ដែល​យើង​បង្ហាញ​អំណរ​គុណ​ជា​និច្ច គឺ​ថា​នេះ​អាច​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​ឯង។ ពេល​បុគ្គល​ណា​ម្នាក់​និយាយ​អរគុណ​សម្រាប់​រឿង​ណា​មួយ គាត់​ផ្ទាល់​ប្រហែល​ជា​សប្បាយ​ចិត្ត ហើយ​បុគ្គល​ដែល​ទទួល​ពាក្យ​អរគុណ ក៏​មាន​អារម្មណ៍​ល្អ​ប្រសើរ​ជាង​ដែរ។ ហេតុ​អ្វី​ការ​បង្ហាញ​អំណរ​គុណ​ធ្វើ​ឲ្យ​យើង​និង​អ្នក​ឯ​ទៀត​សប្បាយ​រីក​រាយ? សូម​ពិចារណា​អំពី​ឧទាហរណ៍​នេះ បើ​អ្នក​ណា​ម្នាក់​ស្ម័គ្រ​ចិត្ត​ធ្វើ​អ្វី​ណា​មួយ​សម្រាប់​អ្នក នេះ​បង្ហាញ​ថា​គាត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក ពី​ព្រោះ​គាត់​គិត​ថា​អ្នក​សម​នឹង​ទទួល។ ពេល​អ្នក​ដឹង​ដូច្នេះ អ្នក​នឹង​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួន​ឯង។ នេះ​បាន​កើត​ឡើង​ចំពោះ​រូថ។ បូអូស​បាន​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​រូថ។ នេះ​ច្បាស់​ជា​បាន​ធ្វើ​ឲ្យ​រូថ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដោយ​ដឹង​ថា​មាន​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​នាង។—រស់. ២:១០​-​១៣

ជា​ពិសេស គឺ​សម​ត្រឹម​ត្រូវ​ដែល​យើង​បង្ហាញ​អំណរ​គុណ​ចំពោះ​ព្រះ។ នៅ​ពេល​ខ្លះ អ្នក​ប្រហែល​ជា​បាន​គិត​អំពី​អំណោយ​ជា​ច្រើន​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​ទាំង​ខាង​ការ​គោរព​ប្រណិប័តន៍ ទាំង​ខាង​រូប​កាយ ព្រម​ទាំង​គិត​អំពី​អំណោយ​ដែល​លោក​បន្ត​ផ្ដល់​ឲ្យ។ (​ចោ. ៨:១៧, ១៨; សកម្ម. ១៤:១៧​) ជា​ជាង​គ្រាន់​តែ​គិត​មួយ​ភ្លែត​អំពី​គុណធម៌​របស់​ព្រះ សូម​លៃ​ទុក​ពេល​ដើម្បី​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​ពរ​ជា​ច្រើន​ដែល​ព្រះ​បាន​ឲ្យ​អ្នក​និង​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​អ្នក។ ការ​រំពឹង​គិត​អំពី​ចិត្ត​ទូលាយ​របស់​ព្រះ​ដែល​ជា​អ្នក​បង្កើត​អ្នក នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​កតញ្ញូ​កាន់​តែ​ខ្លាំង​ចំពោះ​លោក ហើយ​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​ថា​លោក​ស្រឡាញ់​និង​ឲ្យ​តម្លៃ​អ្នក​យ៉ាង​ខ្លាំង។—១យ៉ូន. ៤:៩

យើង​មិន​គ្រាន់​តែ​គួរ​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​គួរ​អរគុណ​លោក​ផង​ដែរ។ (​ទំនុក. ១០០:៤, ៥​) មនុស្ស​ធ្លាប់​និយាយ​ថា​៖ ​«​ការ​បង្ហាញ​អំណរ​គុណ ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​សប្បាយ​ជាង​»។

ការ​បង្ហាញ​អំណរ​គុណ​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​ជិត​ស្និទ្ធ​គ្នា

មូលហេតុ​មួយ​ទៀត​ដែល​ការ​បង្ហាញ​អំណរ​គុណ​ជា​អ្វី​ដ៏​ល្អ​សម្រាប់​អ្នក គឺ​ដោយ​សារ​នេះ​ពង្រឹង​ចំណង​មិត្តភាព។ យើង​ទាំង​អស់​គ្នា​ត្រូវ​បង្ហាញ​អំណរ​គុណ។ ពេល​អ្នក​អរគុណ​បុគ្គល​ម្នាក់​ទៀត​យ៉ាង​ស្មោះ​សម្រាប់​ការ​ប្រព្រឹត្ត​ដ៏​សប្បុរស អ្នក​ទាំង​ពីរ​នឹង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា។ (​រ៉ូម ១៦:៣, ៤​) បន្ថែម​ទៅ​ទៀត មនុស្ស​ដែល​មាន​ចិត្ត​កតញ្ញូ​ទំនង​ជា​ចង់​ជួយ​អ្នក​ឯ​ទៀត។ ពួក​គេ​កត់​សម្គាល់​ថា ពេល​អ្នក​ឯ​ទៀត​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​ពួក​គេ នេះ​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​អ្នក​នោះ​វិញ។ ពិត​មែន​ហើយ ការ​ជួយ​អ្នក​ឯ​ទៀត​នាំ​ឲ្យ​មាន​សុភមង្គល។ នេះ​ដូច​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។—សកម្ម. ២០:៣៥

សាស្ដ្រាចារ្យ​សកល​វិទ្យាល័យ​រដ្ឋ​កាលីហ្វ័រញ៉ា​ដែល​សិក្សា​អំពី​ចិត្ត​កតញ្ញូ ឈ្មោះ​រ៉ូបឺត អេមម៉ិន​បាន​បញ្ជាក់​ចំណុច​នេះ​ថា​៖ ​«​ដើម្បី​បង្ហាញ​អំណរ​គុណ យើង​ត្រូវ​យល់​ថា​មនុស្ស​យើង​ពឹង​ផ្អែក​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ ជួន​កាល​យើង​ឲ្យ ជួន​កាល​យើង​ទទួល​»។ ដើម្បី​បន្ត​រស់​នៅ​និង​មាន​សុភមង្គល​ក្នុង​ជីវិត យើង​ត្រូវ​ពឹង​ផ្អែក​លើ​អ្នក​ឯ​ទៀត​តាម​របៀប​ជា​ច្រើន។ ជា​ឧទាហរណ៍ អ្នក​ឯ​ទៀត​ប្រហែល​ជា​ផ្ដល់​ម្ហូប​អាហារ ឬ​ជំនួយ​ដល់​យើង។ (​១កូ. ១២:២១​) បុគ្គល​ដែល​មាន​ចិត្ត​កតញ្ញូ​ច្បាស់​ជា​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​អ្នក​ឯ​ទៀត​ធ្វើ​សម្រាប់​គាត់។ ដូច្នោះ​ហើយ តើ​អ្នក​មាន​ទម្លាប់​បង្ហាញ​អំណរ​គុណ​ចំពោះ​អ្វី​ដែល​អ្នក​ឯ​ទៀត​ធ្វើ​សម្រាប់​អ្នក​ឬ​ទេ?

ការ​មាន​ចិត្ត​កតញ្ញូ​និង​ទស្សនៈ​របស់​អ្នក​អំពី​ជីវិត

មូលហេតុ​មួយ​ទៀត​ដែល​អ្នក​គួរ​មាន​ចិត្ត​កតញ្ញូ គឺ​ថា​នេះ​ជួយ​អ្នក​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ល្អ ជា​ជាង​អ្វី​ដែល​អាក្រក់។ ក្នុង​ន័យ​ម្យ៉ាង គំនិត​របស់​អ្នក​គឺ​ដំណើរ​ការ​ដូច​ជា​តម្រង ពី​ព្រោះ​អ្នក​អាច​ផ្ដោត​អារម្មណ៍​លើ​អ្វី​ខ្លះ ហើយ​មិន​ព្រម​គិត​អំពី​អ្វី​ខ្លះ​ទៀត។ ពេល​អ្នក​មាន​ចិត្ត​កតញ្ញូ អ្នក​ច្រើន​តែ​ឃើញ​អ្វី​ៗ​ដែល​ល្អ ហើយ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​ទេ។ កាល​ដែល​អ្នក​កាន់​តែ​មាន​ចិត្ត​កតញ្ញូ អ្នក​កាន់​តែ​អាច​ឃើញ​អ្វី​ដែល​ល្អ ហើយ​ជា​លទ្ធផល​នេះ​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​កតញ្ញូ​ថែម​ទៀត។ បើ​អ្នក​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ៗ​ដែល​អ្នក​មាន​អំណរ​គុណ នោះ​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត គឺ​ថា​៖ ​«​ចូរ​អរ​សប្បាយ​ដោយ​សារ​លោក​ម្ចាស់​ជា​និច្ច​»។—ភី. ៤:៤

ការ​បង្ហាញ​អំណរ​គុណ​ជួយ​អ្នក​មិន​ឲ្យ​មាន​គំនិត​មិន​ត្រឹម​ត្រូវ។ នៅ​ពេល​អ្នក​មាន​ចិត្ត​ច្រណែន កើត​ទុក្ខ ឬ​ខឹង នោះ​អ្នក​មិន​ស្រួល​បង្ហាញ​អំណរ​គុណ​ទេ។ បុគ្គល​ដែល​មាន​ចិត្ត​កតញ្ញូ​ក៏​ច្រើន​តែ​មិន​មាន​ទ្រព្យ​ធន​ច្រើន​ប៉ុន្មាន​ដែរ។ ពួក​គេ​សប្បាយ​ចិត្ត​ចំពោះ​អ្វី​ដែល​ពួក​គេ​មាន ហើយ​មិន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ចង់​បាន​ថែម​ទៀត​ទេ។—ភី. ៤:១២

ចូរ​រំពឹង​គិត​អំពី​ពរ​ដែល​អ្នក​បាន​ទទួល!

ក្នុង​នាម​ជា​គ្រិស្ត​សាសនិក អ្នក​ទទួល​ស្គាល់​ថា​សាថាន​ចង់​ឲ្យ​អ្នក​ធ្លាក់​ទឹក​ចិត្ត​និង​អស់​សង្ឃឹម ដោយ​សារទុក្ខ​លំបាក​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។ វា​ពិត​ជា​ចង់​ឲ្យ​អ្នក​មាន​ចិត្ត​គំនិត​មិន​ត្រឹម​ត្រូវ ពោល​គឺ​ត្អូញត្អែរ​អំពី​រឿង​ទាំង​អស់។ បើ​អ្នក​ជា​មនុស្ស​បែប​នោះ អ្នក​ឯ​ទៀត​ពិបាក​ស្ដាប់​ដំណឹង​ល្អ​ដែល​អ្នក​ផ្សាយ។ ការ​មាន​ចិត្ត​កតញ្ញូ​ជាប់​ទាក់​ទង​នឹង​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ។ ជា​ឧទាហរណ៍ យើង​មាន​អំណរ ដោយ​សារ​យើង​ឃើញ​អ្វី​ល្អ​ដែល​ព្រះ​បាន​ឲ្យ​យើង ហើយ​យើង​មាន​ជំនឿ​លើ​អ្វី​ដែល​លោក​សន្យា​សម្រាប់​ថ្ងៃ​អនាគត។—កាឡ. ៥:២២, ២៣

ក្នុង​នាម​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា អ្នក​ប្រហែល​ជា​យល់​ស្រប​នឹង​អ្វី​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​អត្ថបទ​នេះ​ស្តី​អំពី​ចិត្ត​កតញ្ញូ។ ក៏​ប៉ុន្តែ អ្នក​ទទួល​ស្គាល់​ថា​គឺ​មិន​តែង​តែ​ស្រួល​ឲ្យ​មាន​ចិត្ត​កតញ្ញូ​ឬ​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ទេ។ តែ​សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ អ្នក​អាច​បណ្ដុះ​និង​រក្សា​ចិត្ត​កតញ្ញូ​បាន។ តើ​តាម​របៀប​ណា? ជា​រៀង​រាល់​ថ្ងៃ សូម​គិត​អំពី​អ្វី​មួយ​ចំនួន​ក្នុង​ជីវិត​របស់​អ្នក ដែល​អាច​នាំ​ឲ្យ​អ្នក​មាន​ចិត្ត​កតញ្ញូ។ កាល​ដែល​អ្នក​កាន់​តែ​ធ្វើ​ដូច្នេះ អ្នក​នឹង​កាន់​តែ​ចេះ​បង្ហាញ​ចិត្ត​កតញ្ញូ។ នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីក​រាយ​ខ្លាំង​ជាង​ពួក​អ្នក​ដែល​ផ្ដោត​អារម្មណ៍​លើ​ទុក្ខ​លំបាក​ក្នុង​ជីវិត។ សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ល្អ​ៗ​ដែល​ព្រះ​និង​អ្នក​ឯ​ទៀត​ធ្វើ​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក ព្រម​ទាំង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត។ ប្រហែល​ជា​អ្នក​អាច​ចាប់​ផ្ដើម​សរសេរ​ទុក​អំពី​អ្វី​ទាំង​នោះ។ ក្នុង​មួយ​ថ្ងៃ​ៗ អ្នក​អាច​សរសេរ​អ្វី​ពីរ​ឬ​បី​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​កតញ្ញូ។

អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ពេល​យើង​បង្ហាញ​អំណរ​គុណ​ដល់​អ្នក​ឯ​ទៀត​ជា​រឿយ​ៗ នោះ​អាច​ផ្លាស់​ប្ដូរ​ដំណើរ​ការ​ខួរ​ក្បាល​របស់​យើង​ដើម្បី​ឲ្យ​យើង​កាន់​តែ​ស្រួល​មាន​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​ជីវិត​យើង។ មនុស្ស​ដែល​បង្ហាញ​ចិត្ត​កតញ្ញូ​ជា​មនុស្ស​ដែល​សប្បាយ​រីក​រាយ​ជាង។ ដូច្នេះ សូម​រំពឹង​គិត​អំពី​អ្វី​ល្អ​ៗ​ដែល​អ្នក​បាន​ទទួល អរ​សប្បាយ​នឹង​អ្វី​ល្អ​ដែល​កើត​ឡើង​ចំពោះ​អ្នក និង​បង្ហាញ​ចិត្ត​កតញ្ញូ​ជា​និច្ច។ ជា​ជាង​មិន​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ល្អ​ៗ ​«​ចូរ​អរ​ព្រះ​គុណ​ដល់​ព្រះ​យេហូវ៉ា ដ្បិត​ទ្រង់​ល្អ​»។ មែន​ហើយ ​«​ចូរ​ថ្លែង​អំណរ​គុណ​សម្រាប់​អ្វី​ៗ​ទាំង​អស់​»។—១រប. ១៦:៣៤; ១ថែ. ៥:១៨