លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​អ្នក​ចាំ​ឬ​ទេ?

តើ​អ្នក​ចាំ​ឬ​ទេ?

តើ​អ្នក​អាច​ឆ្លើយ​សំណួរ​ទាំង​នេះ​ដែល​មក​ពី​ទស្សនាវដ្ដី​ប៉ម​យាម​ឆ្នាំ​២០១៩​ឬ​ទេ?

តើ​សេចក្ដី​សន្យា​របស់​ព្រះ​ដែល​ថា​៖ ​«​ឯ​គ្រឿង​សស្ដ្រាវុធ​ណា​ដែល​គេ​ធ្វើ​ឡើង នោះ​គ្មាន​ណា​មួយ​នឹង​អាច​ទាស់​នឹង​ឯង​បាន​ឡើយ​»​មាន​ន័យ​យ៉ាង​ណា? (​អេ. ៥៤:១៧)

យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ការ​ពារ​យើង​ពី​«​ខ្យល់​គំហុក​របស់​ពួក​គួរ​ស្ញែង​ខ្លាច​»។ (​អេ. ២៥:៤, ៥​) សត្រូវ​របស់​យើង​នឹង​មិន​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ​រហូត​ឡើយ។—w​១៩.០១ ទំ. ៦​-​៧

តើ​របៀប​ដែល​ព្រះ​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​កាណាន​និង​ជន​ជាតិ​អ៊ីស្រាអែល​ដែល​មិន​ស្ដាប់​បង្គាប់​លោក បង្ហាញ​អំពី​យុត្ដិធម៌​របស់​លោក​យ៉ាង​ដូច​ម្ដេច?

ព្រះ​បាន​វិនិច្ឆ័យ​ទោស​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ដ៏​ស្មោក​គ្រោក​ខាង​ការ​រួម​ភេទ ឬ​ធ្វើ​បាប​ស្ត្រី​និង​កូន​ក្មេង។ លោក​បាន​ឲ្យ​ពរ​ពួក​អ្នក​ដែល​ស្ដាប់​បង្គាប់​លោក​និង​ដែល​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​យុត្ដិធម៌។—w​១៩.០២ ទំ. ២២​-​២៣

ពេល​អ្នក​មិន​ជឿ​កំពុង​អធិដ្ឋាន តើ​យើង​គួរ​ធ្វើ​អ្វី​បើ​យើង​នៅ​ទី​នោះ?

យើង​អាច​នៅ​ស្ងៀម ហើយ​បង្ហាញ​ការ​គោរព ប៉ុន្តែ​យើង​មិន​ពោល​ពាក្យ​«​អាមេន​»​ឬ​កាន់​ដៃ​អ្នក​ឯ​ទៀត​ទេ។ យើង​ប្រហែល​ជា​អធិដ្ឋាន​ក្នុង​ចិត្ត​វិញ។—w​១៩.០៣ ទំ. ៣១

តើ​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​គឺ​ជា​រឿង ធ្ងន់​ធ្ងរ​យ៉ាង​ណា?

ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​ជា​អំពើ​ខុស​ឆ្គង​ចំពោះ​ជន​រង​គ្រោះ ក្រុម​ជំនុំ ពួក​អាជ្ញាធរ និង​ព្រះ។ នៅ​ប្រទេស​ដែល​ច្បាប់​តម្រូវ​ឲ្យ​រាយ​ការណ៍​ទៅ​ពួក​អាជ្ញាធរ​ពេល​មាន​អ្នក​ណា​ម្នាក់​ចោទ​ប្រកាន់​ពី​បទ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ ពួក​អ្នក​ចាស់​ទុំ​ធ្វើ​តាម​ច្បាប់​នោះ។—w​១៩.០៥ ទំ. ៩​-​១០

តើ​អ្នក​អាច​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​របស់​អ្នក​ឬ​មាន​គំនិត​ល្អ​ប្រសើរ​ជាង​យ៉ាង​ដូច​ម្ដេច?

គឺ​សំខាន់​ដែល​អ្នក​អធិដ្ឋាន ពិនិត្យ​ពិចារណា​អំពី​ខ្លួន​អ្នក និង​ជ្រើស​រើស​មិត្ត​ល្អ។—w​១៩.០៦ ទំ. ១១

តើ​យើង​អាច​ធ្វើ​អ្វី​នៅ​ឥឡូវ​នេះ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​បៀត​បៀន?

យើង​ត្រូវ​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ដូច្នេះ ចូរ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង ហើយ​លោក​នឹង​មិន​បោះ​បង់​ចោល​យើង​ឡើយ។ ចូរ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ និង​អធិដ្ឋាន​ជា​ទៀង​ទាត់។ ចូរ​ជឿ​ជាក់​ថា​ពរ​នៃ​រាជាណាចក្រ​ព្រះ​នឹង​កើត​ឡើង​ពិត​មែន។ ចូរ​ទន្ទេញ​ចាំ​បទ​គម្ពីរ​ដែល​អ្នក​ចូល​ចិត្ត​និង​ចម្រៀង​សរសើរ​តម្កើង​ព្រះ។—w​១៩.០៧ ទំ. ២​-​៥

តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​សាច់​ញាតិ​ឲ្យ​ទទួល​សេចក្ដី​សង្គ្រោះ?

គឺ​សំខាន់​ដែល​យើង​ចេះ​យល់​អារម្មណ៍​របស់​ពួក​គេ ធ្វើ​ជា​គំរូ​ល្អ​ក្នុង​ការ​ប្រព្រឹត្ត មាន​ចិត្ត​អត់​ធ្មត់ និង​និយាយ​អ្វី​ដែល​មិន​ធ្វើ​ឲ្យ​ពួក​គេ​ទើស​ចិត្ត។—w​១៩.០៨ ទំ. ១៥​-​១៧

ដូច​ដែល​លោក​យេស៊ូ​បាន​សន្យា​នៅ​ម៉ាថាយ ១១:២៨ តើ​យើង​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច?

យើង​មាន​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត​ដែល​ស្រឡាញ់​យើង ហើយ​យើង​ក៏​មាន​មិត្ត​ភក្ដិ​និង​កិច្ច​ការ​ល្អ​បំផុត។—w​១៩.០៩ ទំ. ២៣​-​២៤

តើ​តាម​របៀប​ណា​ព្រះ​អាច​ជួយ​យើង​ឲ្យ​មាន​បំណង​ប្រាថ្នា​និង​មាន​សមត្ថភាព​ប្រព្រឹត្ត? (​ភី. ២:១៣)

កាល​ដែល​យើង​អាន​បណ្ដាំ​របស់​ព្រះ​និង​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​អាន ព្រះ​អាច​មាន​សកម្មភាព​ក្នុង​យើង​ដើម្បី​ឲ្យ​យើង​មាន​បំណង​ប្រាថ្នា​និង​មាន​សមត្ថភាព​ប្រព្រឹត្ត។ សកម្មពល​របស់​លោក​អាច​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​សមត្ថភាព។—w​១៩.១០ ទំ. ២១

តើ​យើង​គួរ​ធ្វើ​តាម​យោបល់​អ្វី​ខ្លះ​មុន​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់?

យោបល់​ប្រាំ​គឺ​៖ ចូរ​ស្វែង​យល់​ឲ្យ​បាន​ហ្មត់​ចត់ អធិដ្ឋាន​សុំ​ប្រាជ្ញា ពិនិត្យ​មើល​បំណង​ចិត្ត​របស់​អ្នក មាន​គោល​ដៅ​ជាក់​លាក់ និង​ធ្វើ​ជា​មនុស្ស​សម​ហេតុ​ផល។—w​១៩.១១ ទំ. ២៧​-​២៩

តើ​សេចក្ដី​បង្រៀន​អំពី​ព្រលឹង​អមតៈ​មក​ពី​អ្វី​ដែល​សាថាន​បាន​ប្រាប់​អេវ៉ា​ឬ​ទេ?

តាម​មើល​ទៅ​មិន​មែន​ទេ។ សាថាន​ប្រាប់​អេវ៉ា​ថា​នាង​នឹង​មិន​ស្លាប់​ទេ វា​មិន​មែន​ប្រាប់​ថា​នាង​នឹង​ស្លាប់​តែ​រូប​កាយ​ឡើយ។ សេចក្ដី​បង្រៀន​មិន​ពិត​ខាង​សាសនា​បាន​ត្រូវ​បំផ្លាញ​នៅ​ពេល​ទឹក​ជំនន់។ ជំនឿ​អំពី​ព្រលឹង​អមតៈ​ទំនង​ជា​បាន​ចាប់​ផ្ដើម មុន​ពេល​ព្រះ​ធ្វើ​ឲ្យ​មនុស្ស​ដែល​សង់​ប៉ម​បាបិល​ខ្ចាត់​ខ្ចាយ​ទៅ​គ្រប់​លើ​ផែន​ដី។—w​១៩.១២ ទំ. ១៥