លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៥១

តើ​អ្នក​ស្គាល់​ព្រះ​យេហូវ៉ា​ច្រើន​ប៉ុណ្ណា?

តើ​អ្នក​ស្គាល់​ព្រះ​យេហូវ៉ា​ច្រើន​ប៉ុណ្ណា?

​«​អស់​អ្នក​ដែល​ស្គាល់​ព្រះ​នាម​ទ្រង់ គេ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់ ដ្បិត​ឱ​ព្រះ​យេហូវ៉ា​អើយ ទ្រង់​មិន​បាន​បោះ​បង់​ចោល​ពួក​អ្នក​ដែល​ស្វែង​រក​ទ្រង់​ឡើយ​»។—ទំនុក. ៩:១០

ចម្រៀង​លេខ​៥៦ ចូរ​សម្រេច​ចិត្ត​កាន់​តាម​សេចក្ដី​ពិត

សេចក្ដី​សង្ខេប *

១​-​២. តើ​បទ​ពិសោធន៍​របស់​បង​អាងហេលីតូ​បង្ហាញ​ថា​យើង​ម្នាក់​ៗ​ត្រូវ​ធ្វើ​អ្វី?

តើ​ឪ​ពុក​ម្ដាយ​របស់​អ្នក​គឺ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ឬ​ទេ? បើ​មែន សូម​ចាំ​ថា​អ្នក​មិន​អាច​ទទួល​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ជា​មត៌ក​បន្ត​ពី​ពួក​គាត់​បាន​ឡើយ។ មិន​ថា​ឪ​ពុក​ម្ដាយ​របស់​យើង​បម្រើ​ព្រះ​ឬ​មិន​បម្រើ​លោក​ក្ដី យើង​ម្នាក់​ៗ​ត្រូវ​ពង្រឹង​ចំណង​មិត្តភាព​ផ្ទាល់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។

សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ប្រុស​ម្នាក់​ឈ្មោះ​អាងហេលីតូ។ គាត់​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ក្នុង​ក្រុម​គ្រួសារ​ដែល​ជា​សាក្សី។ ទោះ​ជា​យ៉ាង​នេះ​ក្ដី កាល​ដែល​គាត់​នៅ​ក្មេង គាត់​មិន​សូវ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​ទេ។ គាត់​សារភាព​ថា​៖ ​«​ខ្ញុំ​បម្រើ​ព្រះ​យេហូវ៉ា ដោយ​សារ​តែ​ខ្ញុំ​ចង់​ធ្វើ​តាម​ក្រុម​គ្រួសារ​របស់​ខ្ញុំ​»។ ក៏​ប៉ុន្តែ បង​អាងហេលីតូ​បាន​សម្រេច​ចិត្ត​ចំណាយ​ពេល​ច្រើន​ជាង​ដើម្បី​អាន​និង​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ ហើយ​គាត់​បាន​ចាប់​ផ្ដើម​អធិដ្ឋាន​ទៅ​ព្រះ​ច្រើន​ជាង​មុន។ តើ​នោះ​នាំ​ឲ្យ​មាន​លទ្ធផល​យ៉ាង​ណា? បង​អាងហេលីតូ​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​រៀន​ថា​របៀប​តែ​មួយ​គត់​ដើម្បី​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ គឺ​ខ្ញុំ​ត្រូវ​ស្គាល់​លោក​ដោយ​ខ្លួន​ឯង​»។ បទ​ពិសោធន៍​បង​អាងហេលីតូ​នាំ​ឲ្យ​មាន​សំណួរ​សំខាន់​ខ្លះ​ដូច​ជា​៖ តើ​ការ​ដឹង​អំពី​ព្រះ​យេហូវ៉ា​និង​ការ​ស្គាល់​លោក​ច្បាស់​គឺ​ខុស​គ្នា​យ៉ាង​ណា? តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ស្គាល់​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្បាស់?

៣. តើ​ការ​ដឹង​អំពី​ព្រះ​យេហូវ៉ា​និង​ការ​ស្គាល់​លោក​ច្បាស់​គឺ​ខុស​គ្នា​យ៉ាង​ណា?

យើង​ប្រហែល​ជា​គិត​ថា​យើង​ស្គាល់​ព្រះ ដោយ​សារ​យើង​ស្គាល់​នាម​របស់​លោក ឬ​ដឹង​អំពី​អ្វី​មួយ​ចំនួន​ដែល​លោក​បាន​ធ្វើ​ឬ​មាន​ប្រសាសន៍។ ប៉ុន្តែ នេះ​មិន​មែន​មាន​ន័យ​ថា​យើង​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់​ឡើយ។ យើង​ត្រូវ​ចំណាយ​ពេល​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​គុណ​សម្បត្ដិ​ដ៏​អស្ចារ្យ​របស់​លោក។ ទាល់​តែ​ធ្វើ​ដូច្នេះ ទើប​យើង​អាច​ចាប់​ផ្ដើម​យល់​អំពី​អ្វីដែល​ជំរុញ​ចិត្ត​លោក​ឲ្យ​ប្រព្រឹត្ត​និង​មាន​ប្រសាសន៍។ នោះ​នឹង​ជួយ​យើង​ឲ្យ​ពិចារណា​ថា​តើ​លោក​ពេញ​ចិត្ត​នឹង​ទស្សនៈ ការ​សម្រេច​ចិត្ត និង​ការ​ប្រព្រឹត្ត​របស់​យើង​ឬ​យ៉ាង​ណា។ ក្រោយ​ពី​យើង​បាន​ពិចារណា​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​សម្រាប់​យើង យើង​ត្រូវ​ប្រព្រឹត្ត​ឲ្យ​សម​ស្រប​តាម​អ្វី​ដែល​យើង​បាន​រៀន។

៤. តើ​ការ​ពិចារណា​អំពី​គំរូ​ក្នុង​គម្ពីរ​នឹង​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

មនុស្ស​ខ្លះ​ប្រហែល​ជា​សើច​ចំអក​យើង​ដោយ​សារ​យើង​ចង់​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ពួក​គេ​ប្រហែល​ជា​ប្រឆាំង​យើង​កាន់​តែ​ខ្លាំង ពេល​យើង​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ។ ប៉ុន្តែ បើ​យើង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា លោក​នឹង​មិន​បោះ​បង់​យើង​ទេ។ យើង​នឹង​ចាប់​ផ្ដើម​មាន​ចំណង​មិត្តភាព​ដ៏​ស្ថិតស្ថេរ​ជា​មួយ​នឹង​ព្រះ​អស់​មួយ​ជីវិត។ តើ​យើង​ពិត​ជា​អាច​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់​ដល់​កម្រិត​នោះ​ឬ​ទេ? យើង​ពិត​ជា​អាច! យើង​ដឹង​ដូច្នេះ​តាម​រយៈ​គំរូ​របស់​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ដូច​ជា​ម៉ូសេ​និង​ស្តេច​ដាវីឌ​ជា​ដើម។ កាល​ដែល​យើង​ពិចារណា​អំពី​ការ​ប្រព្រឹត្ត​របស់​ពួក​គាត់ យើង​នឹង​ឆ្លើយ​សំណួរ​ពីរ​គឺ​៖ តើ​ពួក​គាត់​ស្គាល់​ព្រះ​យេហូវ៉ា​តាម​របៀប​ណា? តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ពួក​គាត់?

ម៉ូសេ​បាន​មើល​ឃើញ​«​លោក​ដែល​មនុស្ស​មើល​ពុំ​ឃើញ​»​

៥. តើ​ម៉ូសេ​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វី?

ម៉ូសេ​បាន​ធ្វើ​តាម​អ្វី​ដែល​គាត់​បាន​រៀន។ ពេល​ម៉ូសេ​មាន​អាយុ​ប្រហែល​ជា​៤០​ឆ្នាំ គាត់​បាន​សម្រេច​ចិត្ត​សេពគប់​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ​ដែល​ជា​ជន​ជាតិ​ហេប្រឺ ជា​ជាង​ឲ្យ​គេ​ស្គាល់​គាត់​ថា​ជា​«​កូន​របស់​កូន​ស្រី​ផារ៉ូ​»។ (​ហេ. ១១:២៤​) ម៉ូសេ​បាន​លះ​ចោល​ឋានៈ​ខ្ពង់​ខ្ពស់។ ពេល​ម៉ូសេ​គាំ​ទ្រ​ជន​ជាតិ​ហេប្រឺ គាត់​ដឹង​ថា​ផារ៉ូ​នឹង​ខឹង​យ៉ាង​ខ្លាំង។ ផារ៉ូ​ជា​ស្តេច​ដែល​មាន​អំណាច​ខ្លាំង​ក្លា ហើយ​ជន​ជាតិ​អេស៊ីប​បាន​ចាត់​ទុក​ថា​គាត់​ជា​ព្រះ​មួយ។ នេះ​បង្ហាញ​ថា​ម៉ូសេ​មាន​ជំនឿ​មាំ​មួន​មែន! ម៉ូសេ​បាន​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។ ទំនុក​ចិត្ត​បែប​នេះ​គឺ​ជា​មូលហេតុ​សំខាន់​មួយ​ដែល​ម៉ូសេ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ពេញ​មួយ​ជីវិត​របស់​គាត់។—សុភ. ៣:៥

៦. តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ម៉ូសេ?

តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី? ដូច​ម៉ូសេ យើង​ទាំង​អស់​គ្នា​ត្រូវ​សម្រេច​ចិត្ត​ថា តើ​យើង​នឹង​បម្រើ​ព្រះ​និង​សេពគប់​ជា​មួយ​នឹង​រាស្ត្រ​របស់​លោក​ឬ​ទេ? យើង​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​លះ​បង់​ដើម្បី​បម្រើ​ព្រះ ហើយ​រង​ការ​ប្រឆាំង​ពី​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​បើ​យើង​ទុក​ចិត្ត​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ យើង​អាច​ប្រាកដ​ថា​លោក​នឹង​ជួយ​គាំ​ទ្រ​យើង។

៧​-​៨. តើ​ម៉ូសេ​បាន​បន្ត​រៀន​អំពី​អ្វី?

ម៉ូសេ​បាន​បន្ត​រៀន​អំពី​គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ ជា​ឧទាហរណ៍ ម៉ូសេ​គ្មាន​ទំនុក​ចិត្ត ពេល​គាត់​បាន​ត្រូវ​សុំ​ឲ្យ​ដឹក​នាំ​ប្រជា​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​គាត់​បាន​ប្រាប់​ព្រះ​យេហូវ៉ា​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​អារម្មណ៍​របស់​គាត់​ថា គាត់​គ្មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ទេ។ ព្រះ​បាន​តប​ឆ្លើយ​ដោយ​បង្ហាញ​ថា​លោក​មាន​សេចក្ដី​អាណិត​មេត្ដា ពោល​គឺ​លោក​យល់​អារម្មណ៍​របស់​ម៉ូសេ ហើយ​បាន​ផ្ដល់​ជំនួយ​ដល់​គាត់។ (​និក្ខ. ៤:១០​-​១៦​) ជា​លទ្ធផល ម៉ូសេ​អាច​ប្រាប់​ដំណឹង​អំពី​ការ​វិនិច្ឆ័យ​ទោស​ដល់​ផារ៉ូ។ ម៉ូសេ​បាន​ឃើញ​ព្រះ​យេហូវ៉ា​ប្រើ​ឫទ្ធា​នុភាព​របស់​លោក​ក្នុង​ការ​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល និង​ក្នុង​ការ​បាន​បំផ្លាញ​ផារ៉ូ​ព្រម​ទាំង​កង​ទ័ព​របស់​គាត់​នៅ​សមុទ្រ​ក្រហម។—និក្ខ. ១៤:២៦​-​៣១; ទំនុក. ១៣៦:១៥

ក្រោយ​ពី​ម៉ូសេ​បាន​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​ចេះ​តែ​ត្អូញត្អែរ​ពី​នេះ​ពី​នោះ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ម៉ូសេ​បាន​ឃើញ​ចិត្ត​អត់​ធ្មត់​ដ៏​ក្រៃ​លែង​របស់​ព្រះ​យេហូវ៉ា ក្នុង​ការ​ដែល​លោក​ប្រព្រឹត្ត​ចំពោះ​បណ្ដា​ជន​ដែល​លោក​បាន​រំដោះ​ពី​ភាព​ជា​ខ្ញុំ​បម្រើ។ (​ទំនុក. ៧៨:៤០​-​៤៣​) ម៉ូសេ​ក៏​បាន​ឃើញ​ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​រាប​ទាប​ដ៏​គួរ​ឲ្យ​ស្ងើច​សរសើរ ពេល​ដែល​លោក​បាន​ផ្លាស់​ប្ដូរ​ចិត្ត​របស់​លោក​ដោយ​សារ​គាត់​បាន​សុំ​លោក​ឲ្យ​ធ្វើ​ដូច្នេះ។—និក្ខ. ៣២:៩​-​១៤

៩. យោង​ទៅ​តាម​ហេប្រឺ ១១:២៧ តើ​ចំណង​មិត្តភាព​របស់​ម៉ូសេ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ជិត​ស្និទ្ធ​ដល់​កម្រិត​ណា?

ក្រោយ​ពី​ការ​រំដោះ​ចេញ​ពី​ស្រុក​អេស៊ីប ចំណង​មិត្តភាព​របស់ម៉ូសេ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​គឺ​ជិត​ស្និទ្ធ​ដល់​ម្ល៉េះ ហាក់​ដូច​ជា​គាត់​អាច​ឃើញ​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌។ (​សូម​អាន ហេប្រឺ ១១:២៧) គម្ពីរ​បង្ហាញ​ថា​ចំណង​មិត្តភាព​នោះ​គឺ​ជិត​ស្និទ្ធ​យ៉ាង​ណា ដោយ​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ប្រទល់​មុខ​នឹង​ម៉ូសេ ដូច​ជា​មនុស្ស​និយាយ​នឹង​សំឡាញ់​ខ្លួន​»។—និក្ខ. ៣៣:១១

១០. ដើម្បី​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់ តើ​យើង​ត្រូវ​ធ្វើ​អ្វី?

១០ តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី? ដើម្បី​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់ យើង​មិន​គ្រាន់​តែ​ត្រូវ​រៀន​អំពី​គុណ​សម្បត្ដិ​របស់​លោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ត្រូវ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែរ។ នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​មាន​បំណង​ប្រាថ្នា​ឲ្យ​«​មនុស្ស​គ្រប់​ប្រភេទ​ទទួល​សេចក្ដី​សង្គ្រោះ ហើយ​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​»។ (​១ធី. ២:៣, ៤​) របៀប​មួយ​ដែល​យើង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា គឺ​ដោយ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​លោក។

១១. កាល​ដែល​យើង​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា តើ​យើង​អាច​ស្គាល់​លោក​ច្បាស់​ជាង​តាម​របៀប​ណា?

១១ ពេល​យើង​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា យើង​ក៏​ស្គាល់​លោក​ច្បាស់​ជាង។ ជា​ឧទាហរណ៍ យើង​ឃើញ​ភ័ស្តុតាង​ជាក់​ច្បាស់​អំពី​សេចក្ដី​អាណិត​មេត្ដា​របស់​ព្រះ​យេហូវ៉ា ពេល​លោក​ដឹក​នាំ​យើង​ឲ្យ​រក​ឃើញ​ពួក​អ្នក​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ។ (​យ៉ូន. ៦:៤៤; សកម្ម. ១៣:៤៨​) យើង​ឃើញ​ឫទ្ធា​នុភាព​នៃ​បណ្ដាំ​របស់​ព្រះ កាល​ដែល​យើង​ឃើញ​ពួក​អ្នក​ដែល​យើង​បង្រៀន​បណ្ដាំ​របស់​ព្រះ​ឈប់​ធ្វើ​តាម​ទម្លាប់​អាក្រក់​របស់​ខ្លួន ហើយ​ចាប់​ផ្ដើម​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី។ (​កូឡ. ៣:៩, ១០​) ម្យ៉ាង​ទៀត យើង​ឃើញ​ភ័ស្តុតាង​អំពី​ចិត្ត​អត់​ធ្មត់​របស់​ព្រះ កាល​ដែល​លោក​ផ្ដល់​ឱកាស​ច្រើន​ដង​ដល់​មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​យើង​ឲ្យ​រៀន​អំពី​លោក ហើយ​ទទួល​សេចក្ដី​សង្គ្រោះ។—រ៉ូម ១០:១៣​-​១៥

១២. យោង​ទៅ​តាម​និក្ខមនំ ៣៣:១៣ តើ​ម៉ូសេ​បាន​សុំ​អ្វី ហើយ​ហេតុ​អ្វី?

១២ ម៉ូសេ​បាន​ឲ្យ​តម្លៃ​ចំពោះ​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ សូម្បី​តែ​ក្រោយ​ពី​ម៉ូសេ​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ផ្សេង​ៗ​ដោយ​នូវ​នាម​របស់​ព្រះ​យេហូវ៉ា ក៏​គាត់​នៅ​តែ​សុំ​លោក​ឲ្យ​ជួយ​គាត់​ស្គាល់​លោក​ច្បាស់​ជាង។ (​សូម​អាន និក្ខមនំ ៣៣:១៣) នៅ​ពេល​នោះ ម៉ូសេ​មាន​អាយុ​ជាង​៨០​ឆ្នាំ តែ​គាត់​ដឹង​ថា​គាត់​នៅ​តែ​មាន​អ្វី​ជា​ច្រើន​ដើម្បី​រៀន​អំពី​បិតា​របស់​គាត់​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។

១៣. តើ​របៀប​មួយ​ដែល​យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​គឺ​ជា​អ្វី?

១៣ តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី? មិន​ថា​យើង​បម្រើ​ព្រះ​យេហូវ៉ា​យូរ​យ៉ាង​ណា​ក្ដី យើង​គួរ​ឲ្យ​តម្លៃ​ចំពោះ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​លោក។ របៀប​មួយ​ដែល​យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ គឺ​ដោយ​អធិដ្ឋាន​ទៅ​លោក។

១៤. ហេតុ​អ្វី​សេចក្ដី​អធិដ្ឋាន​គឺ​សំខាន់​ម្ល៉េះ​ដើម្បី​ជួយ​យើង​ឲ្យ​រៀន​ថែម​ទៀត​អំពី​ព្រះ?

១៤ បើ​អ្នក​ចង់​មាន​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​អ្នក​ណា​ម្នាក់ អ្នក​ត្រូវ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​គាត់​ឲ្យ​បាន​ញឹក​ញាប់។ ដូច្នេះ ដើម្បី​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ សូម​អធិដ្ឋាន​ទៅ​លោក​ជា​រឿយ​ៗ ហើយ​សូម​កុំ​ខ្លាច​ប្រាប់​លោក​អំពី​គំនិត​និង​អារម្មណ៍​របស់​អ្នក​ឡើយ។ (​អេភ. ៦:១៨​) បង​ស្រី​ម្នាក់​ឈ្មោះ​គ្រីស្ដា​ដែល​រស់​នៅ​ប្រទេស​តួកគី និយាយ​ថា​៖ ​«​រាល់​ដង​ដែល​ខ្ញុំ​អធិដ្ឋាន​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​គំនិត​របស់​ខ្ញុំ ហើយ​ឃើញ​ថា​លោក​ជួយ​ខ្ញុំ នោះ​ខ្ញុំ​កាន់​តែ​ស្រឡាញ់​និង​ទុក​ចិត្ត​លោក។ ពេល​ខ្ញុំ​ឃើញ​របៀប​ដែល​លោក​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ នោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​បិតា​និង​មិត្ត​សម្លាញ់​របស់​ខ្ញុំ​»។

មនុស្ស​ម្នាក់​ដែល​ត្រូវ​នឹង​ចិត្ត របស់​ព្រះ​យេហូវ៉ា

១៥. តើ​ព្រះ​យេហូវ៉ា​បាន​រៀប​រាប់​យ៉ាង​ណា​អំពី​ដាវីឌ?

១៥ ស្តេច​ដាវីឌ​បាន​កើត​មក​ក្នុង​ប្រជា​ជាតិ​មួយ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ដាវីឌ​មិន​គ្រាន់​តែ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​ក្រុម​គ្រួសារ​របស់​គាត់​ទេ។ គាត់​បាន​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ផ្ទាល់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​លោក​ស្រឡាញ់​គាត់​ខ្លាំង​ណាស់។ ព្រះ​យេហូវ៉ា​បាន​រៀប​រាប់​ថា​ដាវីឌ​ជា​«​អ្នកត្រូវ​នឹង​ចិត្ត​របស់[​លោក​]​»។ (​សកម្ម. ១៣:២២​) តើ​ដាវីឌ​អាច​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ខ្លាំង​បែប​នេះ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៦. ដោយ​សង្កេត​មើល​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត តើ​ដាវីឌ​បាន​រៀន​អ្វី​អំពី​លោក?

១៦ ដាវីឌ​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា​តាម​រយៈ​អ្វី​ដែល​លោក​បាន​បង្កើត។ ពេល​ដាវីឌ​នៅ​ក្មេង គាត់​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​នៅ​ខាង​ក្រៅ​ផ្ទះ ដើម្បី​ថែ​រក្សា​ចៀម​របស់​ឪ​ពុក​គាត់។ ប្រហែល​ជា​ពេល​នោះ​ហើយ ដែល​គាត់​បាន​ចាប់​ផ្ដើម​រំពឹង​គិត​អំពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត។ ជា​ឧទាហរណ៍ កាល​ដាវីឌ​សម្លឹង​ទៅ​លើ​មេឃ​នៅ​ពេល​យប់ គាត់​មិន​គ្រាន់​តែ​បាន​ឃើញ​ផ្កាយ​ជា​ច្រើន​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​បាន​ស្វែង​យល់​អំពី​គុណ​សម្បត្ដិ​របស់​បុគ្គល​ដែល​បាន​បង្កើត​ផ្កាយ​ទាំង​នោះ​ដែរ។ នោះ​បាន​ជំរុញ​ចិត្ត​ដាវីឌ​ឲ្យ​សរសេរ​ថា​៖ ​«​ផ្ទៃ​មេឃ​សំ​ដែង​ពី​សិរី​ល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ក៏​បង្ហាញ​ការ​ដែល​ព្រះ​ហស្ត​ទ្រង់​ធ្វើ​»។ (​ទំនុក. ១៩:១, ២​) ពេល​ដាវីឌ​ពិចារណា​អំពី​របៀប​ដែល​មនុស្ស​បាន​ត្រូវ​បង្កើត​មក គាត់​បាន​ឃើញ​អំពី​ប្រាជ្ញា​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា។ (​ទំនុក. ១៣៩:១៤​) កាល​ដែល​ដាវីឌ​រំពឹង​គិត​អំពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត គាត់​បាន​ទទួល​ស្គាល់​ថា​គាត់​តូច​តាច​ខ្លាំង​ណាស់​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។—ទំនុក. ១៣៩:៦

១៧. បើ​យើង​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​បាន​បង្កើត តើ​យើង​អាច​រៀន​អ្វី?

១៧ តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី? ចូរ​ចាប់​អារម្មណ៍​នឹង​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត។ សូម​លៃ​ទុក​ពេល​ដើម្បី​សង្កេត​មើល​ពិភព​លោក​ដ៏​ស្រស់​ស្អាត​នេះ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត ហើយ​កោត​ស្ងើច​នឹង​អ្វី​ទាំង​នោះ! ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ សូម​រំពឹង​គិត​អំពី​មេ​រៀន​ដែល​អ្នក​អាច​រៀន​អំពី​ព្រះ​យេហូវ៉ា​តាម​រយៈ​អ្វី​ៗ​ដែល​នៅ​ជុំ​វិញ​អ្នក​ដែល​លោក​បាន​បង្កើត​ដូច​ជា​រុក្ខជាតិ សត្វ និង​មនុស្ស​ជា​ដើម។ យ៉ាង​នេះ រាល់​ថ្ងៃ​អ្នក​នឹង​រៀន​កាន់​តែ​ច្រើន​អំពី​បិតា​ដែល​ស្រឡាញ់​អ្នក។ (​រ៉ូម ១:២០​) ម្យ៉ាង​ទៀត រាល់​ថ្ងៃ​អ្នក​នឹង​ឃើញ​ថា​អ្នក​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង​ឡើង​ៗ។

១៨. ដូច​បាន​បង្ហាញ​នៅ​ទំនុក​តម្កើង ១៨ តើ​ដាវីឌ​បាន​ទទួល​ស្គាល់​អ្វី?

១៨ ដាវីឌ​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់។ ជា​ឧទាហរណ៍ ពេល​ដាវីឌ​បាន​ការ​ពារ​ចៀម​របស់​ឪ​ពុក​គាត់​ពី​សត្វ​តោ​និង​ខ្លា​ឃ្មុំ គាត់​បាន​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​ដែល​បាន​ជួយ​គាត់​ឲ្យ​យក​ឈ្នះ​សត្វ​សាហាវ​ទាំង​នោះ។ ពេល​ដាវីឌ​ប្រយុទ្ធ​ឈ្នះ​នឹង​កូលីយ៉ាត​ដែល​ជា​អ្នក​ចម្បាំង​ដ៏​ធំ​សម្បើម គាត់​បាន​ឃើញ​ច្បាស់​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​ណែនាំ​គាត់។ (​១សាំ. ១៧:៣៧​) ម្យ៉ាង​ទៀត នៅ​ពេល​ដែល​ដាវីឌ​រត់​គេច​ពី​ស្តេច​សុល​ដែល​មាន​ចិត្ត​ច្រណែន គាត់​បាន​ទទួល​ស្គាល់​ថា​គឺ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​សង្គ្រោះ​គាត់។ (​ពាក្យ​ផ្ដើម​នៃ​ទំនុក. ១៨​) បើ​ដាវីឌ​មាន​អំណួត គាត់​ប្រហែល​ជា​គិត​ថា​គាត់​បាន​សម្រេច​អ្វី​ទាំង​នោះ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​ដាវីឌ​មាន​ចិត្ត​រាប​ទាប ដូច្នេះ​គាត់​បាន​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​ក្នុង​ជីវិត​របស់​គាត់។—ទំនុក. ១៣៨:៦

១៩. តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ដាវីឌ?

១៩ តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី? យើង​មិន​គ្រាន់​តែ​ត្រូវ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ។ យើង​ក៏​ត្រូវ​ព្យាយាម​កត់​សម្គាល់​អំពី​ពេល​និង​របៀប​ដែល​លោក​ផ្ដល់​ជំនួយ​ដល់​យើង។ បើ​យើង​ទទួល​ស្គាល់​កម្រិត​សមត្ថភាព​របស់​យើង​ដោយ​ចិត្ត​រាប​ទាប នោះ​យើង​នឹង​ឃើញ​ច្បាស់​ថា​ព្រះ​យេហូវ៉ា​បំពេញ​ចំណុច​ដែល​យើង​ខ្វះ​ខាត។ ម្យ៉ាង​វិញ​ទៀត រាល់​ដង​ដែល​យើង​ឃើញ​ព្រះ​យេហូវ៉ា​ជួយ​យើង នោះ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​លោក​នឹង​កាន់​តែ​មាំ​មួន។ បង​ប្រុស​អៃ​សាក​នៅ​កោះ​ហ្វីជី​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ បាន​ឃើញ​ថា​នេះ​ជា​ការ​ពិត។ គាត់​និយាយ​ថា​៖ ​«​ពេល​គិត​អំពី​អតីតកាល ខ្ញុំ​អាច​ឃើញ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​ខ្ញុំ​តាំង​ពី​ខ្ញុំ​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ​រហូត​មក​ដល់​ឥឡូវ​នេះ។ ម្ល៉ោះ​ហើយ ព្រះ​យេហូវ៉ា​គឺ​ជា​បុគ្គល​ដ៏​ពិត​ចំពោះ​ខ្ញុំ​»។

២០. តើ​យើង​អាច​រៀន​អ្វី​ពី​ចំណង​មិត្តភាព​របស់​ដាវីឌ​ជា​មួយ​នឹង​ព្រះ?

២០ ដាវីឌ​ព្យាយាម​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​ដូច​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​បាន​បង្កើត​យើង​ឲ្យ​ចេះ​បង្ហាញ​គុណ​សម្បត្ដិ​ដូច​លោក។ (​លោ. ១:២៦​) កាល​ដែល​យើង​រៀន​កាន់​តែ​ច្រើន​អំពី​គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា នោះ​យើង​នឹង​កាន់​តែ​ស្រួល​យក​តម្រាប់​លោក។ ដាវីឌ​បាន​ស្គាល់​បិតា​របស់​គាត់​ដែល​នៅ​ស្ថាន​សួគ៌​យ៉ាង​ច្បាស់ ដូច្នេះ​គាត់​អាច​យក​តម្រាប់​លោក​ក្នុង​ការ​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត។ សូម​ពិចារណា​អំពី​ឧទាហរណ៍​មួយ។ ទោះ​ជា​ដាវីឌ​បាន​ធ្វើ​ខុស​នឹង​ព្រះ​យេហូវ៉ា ដោយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នឹង​បាតសេបា ហើយ​ក្រោយ​មក​បាន​ឲ្យ​គេ​សម្លាប់​ប្ដី​របស់​នាង​ក្ដី ព្រះ​យេហូវ៉ា​នៅ​តែ​បង្ហាញ​ចិត្ត​មេត្ដា​ករុណា​ចំពោះ​ដាវីឌ។ (​២សាំ. ១១:១​-​៤, ១៥​) នេះ​គឺ​ដោយ​សារ​ដាវីឌ​បាន​យក​តម្រាប់​ព្រះ​យេហូវ៉ា ហើយ​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​អ្នក​ឯ​ទៀត។ ដាវីឌ​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហេតុ​នេះ​គាត់​បាន​ទៅ​ជា​ស្តេច​សំណព្វ​ម្នាក់​របស់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ព្រះ​យេហូវ៉ា​បាន​លើក​គាត់​ជា​គំរូ​ដល់​ស្តេច​ឯ​ទៀត​នៃ​ស្រុក​អ៊ីស្រាអែល។—១ព. ១៥:១១; ២ព. ១៤:១​-​៣

២១. យោង​ទៅ​តាម​អេភេសូរ ៤:២៤ និង៥:១ តើ​ការ​«​យក​តម្រាប់​តាម​ព្រះ​»​នាំ​ឲ្យ​មាន​លទ្ធផល​យ៉ាង​ណា?

២១ តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី? យើង​ត្រូវ​«​យក​តម្រាប់​តាម​ព្រះ​»។ ការ​ធ្វើ​ដូច្នេះ​មិន​គ្រាន់​តែ​ផ្ដល់​ប្រយោជន៍​ដល់​យើង​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​យើង​ឲ្យ​កាន់​តែ​ស្គាល់​លោក។ ពេល​យើង​ព្យាយាម​មាន​គុណ​សម្បត្ដិ​ដូច​ព្រះ យើង​បង្ហាញ​ថា​យើង​ជា​កូន​របស់​លោក។—សូម​អាន អេភេសូរ ៤:២៤; ៥:១

ចូរ​រៀន​អំពី​ព្រះ​យេហូវ៉ា

២២​-​២៣. តើ​អ្វី​នឹង​កើត​ឡើង​បើ​យើង​ធ្វើ​តាម​អ្វី​ដែល​យើង​រៀន​អំពី​ព្រះ​យេហូវ៉ា?

២២ ដូច​ដែល​យើង​បាន​រៀន ព្រះ​យេហូវ៉ា​បើក​បង្ហាញ​ឲ្យ​យើង​ស្គាល់​លោក​តាម​រយៈ​អ្វី​ដែល​លោក​បាន​បង្កើត និង​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ សៀវភៅ​ដ៏​ល្អ​ឯក​នេះ​សម្បូរ​ទៅ​ដោយ​គំរូ​របស់​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ដែល​យើង​អាច​យក​តម្រាប់ ដូច​ជា​ម៉ូសេ​និង​ដាវីឌ​ជា​ដើម។ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អ្វី​ជា​ច្រើន​ដល់​យើង​ដើម្បី​ឲ្យ​យើង​អាច​ស្គាល់​លោក​ច្បាស់។ ហេតុ​នេះ​ហើយ​គឺ​យើង​ផ្ទាល់​ដែល​ត្រូវ​ខំ​រៀន​ឲ្យ​បាន​ច្រើន​បំផុត​អំពី​លោក។

២៣ យើង​នឹង​មិន​ឈប់​រៀន​អំពី​ព្រះ​យេហូវ៉ា​ឡើយ។ (​សាស្ដ. ៣:១១​) អ្វី​ដ៏​សំខាន់​គឺ​មិន​មែន​យើង​ស្គាល់​លោក​ច្រើន​ប៉ុណ្ណា​ទេ តែ​សំខាន់​គឺ​ការ​ដែល​យើង​ប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​ដឹង។ បើ​យើង​ធ្វើ​តាម​អ្វី​ដែល​យើង​រៀន ហើយ​ព្យាយាម​យក​តម្រាប់​បិតា​ដែល​ស្រឡាញ់​យើង នោះ​លោក​នឹង​បន្ត​ចូល​មក​ជិត​យើង។ (​យ៉ា. ៤:៨​) តាម​រយៈ​បណ្ដាំ​របស់​លោក លោក​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​លោក​នឹង​មិន​បោះ​បង់​ពួក​អ្នក​ដែល​ស្វែង​រក​លោក​ឡើយ។

ចម្រៀង​លេខ​៨០ ​«​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​លោក​ល្អ​»​

^ វគ្គ 5 មនុស្ស​ជា​ច្រើន​ជឿ​ថា​មាន​ព្រះ ប៉ុន្តែ​ពួក​គេ​មិន​ស្គាល់​លោក​ច្បាស់​ទេ។ តើ​ការ​ស្គាល់​ព្រះ​យេហូវ៉ា​មាន​ន័យ​យ៉ាង​ណា ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​ម៉ូសេ​និង​ស្តេច​ដាវីឌ​អំពី​របៀប​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក? ក្នុង​អត្ថបទ​នេះ យើង​នឹង​ឆ្លើយ​សំណួរ​ទាំង​នេះ។