លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤៩

មាន​ពេល​សម្រាប់​ធ្វើ​ការ​និង​សម្រាក

មាន​ពេល​សម្រាប់​ធ្វើ​ការ​និង​សម្រាក

​«​សូម . . . ទៅ​កន្លែង​ឆ្ងាយ​ពី​គេ ហើយ​សម្រាក​បន្ដិច​»។—ម៉ាក. ៦:៣១

ចម្រៀង​លេខ​១៤៣ ចូរ​បន្ត​ធ្វើ​ការ បន្ត​រង់​ចាំ និង​ចាំ​យាម

សេចក្ដី​សង្ខេប *

១. តើ​មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ងារ?

តើ​មនុស្ស​ភាគ​ច្រើន​នៅ​តំបន់​ដែល​អ្នក​រស់​នៅ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ងារ? នៅ​ប្រទេស​ជា​ច្រើន មនុស្ស​ខំ​ប្រឹង​ធ្វើ​ការ​ខ្លាំង​ជាង​និង​ច្រើន​ម៉ោង​ជាង​ពេល​មុន​ៗ​ទៅ​ទៀត! មនុស្ស​ដែល​ធ្វើ​ការ​ហួស​កម្រិត​ច្រើន​តែ​គ្មាន​ពេល​ដើម្បី​សម្រាក ចំណាយ​ពេល​ជា​មួយ​ក្រុម​គ្រួសារ ឬ​រៀន​អំពី​ព្រះ​ឡើយ។ (​សាស្ដ. ២:២៣​) រីឯ​មនុស្ស​ខ្លះ​ទៀត​មិន​ចូល​ចិត្ត​ធ្វើ​ការ​ទាល់​តែ​សោះ ហើយ​ខំ​រក​លេស​មិន​ធ្វើ​ការ។—សុភ. ២៦:១៣, ១៤

២​-​៣. តើ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​ទុក​គំរូ​យ៉ាង​ណា​អំពី​ធ្វើ​ការ?

មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​នេះ​គ្មាន​តុល្យភាព​ចំពោះ​ការ​ងារ​ទេ ហើយ​នេះ​គឺ​ផ្ទុយ​ពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​ចូល​ចិត្ត​ធ្វើ​ការ​ណាស់។ លោក​យេស៊ូ​បាន​បញ្ជាក់​អំពី​រឿង​នេះ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​របស់​ខ្ញុំ​នៅ​តែ​ធ្វើ​ការ​រហូត​ដល់​ឥឡូវ​នេះ ហើយ​ខ្ញុំ​ក៏​នៅ​តែ​ធ្វើ​ការ​ដែរ​»។ (​យ៉ូន. ៥:១៧​) សូម​គិត​អំពី​កិច្ច​ការ​ដែល​ព្រះ​បាន​ធ្វើ កាល​ដែល​លោក​បាន​បង្កើត​ទេវតា ផ្កាយ និង​ភព​ជា​ច្រើន។ យើង​ក៏​ឃើញ​អ្វី​ដ៏​ស្រស់​ស្អាត​ឥត​គណនា​ដែល​ព្រះ​បាន​បង្កើត​នៅ​លើ​ផែន​ដី​នេះ។ អ្នក​តែង​ទំនុក​តម្កើង​បាន​និយាយ​យ៉ាង​ត្រឹម​ត្រូវ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! អស់​ទាំង​ស្នា​ដៃ​របស់​ទ្រង់​មាន​ច្រើន​ប្រការ​ណាស់​ហ្ន៎! ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញា ផែន​ដី​បាន​ពេញ​ដោយ​របស់​ដែល​ទ្រង់​បង្កើត​»។—ទំនុក. ១០៤:២៤

លោក​យេស៊ូ​បាន​យក​តម្រាប់​បិតា​របស់​លោក។ លោក​បាន​ជួយ​បិតា​លោក​«​ប្រតិស្ឋាន​ផ្ទៃ​មេឃ​»។ លោក​បាន​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​«​ដូច​ជា​មេ​ជាង​»។ (​សុភ. ៨:២៧​-​៣១​) ច្រើន​ឆ្នាំ​ក្រោយ​មក ពេល​ដែល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​ធ្វើ​កិច្ច​ការ​ដ៏​ល្អ​ប្រសើរ។ កិច្ច​ការ​នោះ​គឺ​ប្រៀប​ដូច​ជា​អាហារ​ចំពោះ​លោក ហើយ​ការ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​នៅ​ផែន​ដី​បង្ហាញ​ថា​ព្រះ​បាន​ចាត់​លោក​ឲ្យ​មក។—យ៉ូន. ៤:៣៤; ៥:៣៦; ១៤:១០

៤. តើ​យើង​អាច​រៀន​អ្វី​ពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​អំពី​ការ​សម្រាក?

ពេល​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ស្តី​អំពី​ការ​ខំ​ប្រឹង​ធ្វើ​ការ តើ​នេះ​មាន​ន័យ​ថា​យើង​មិន​ចាំ​បាច់​សម្រាក​ទេ​ឬ? មិន​មែន​ទេ! ព្រះ​យេហូវ៉ា​មិន​ចេះ​អស់កម្លាំង​ទេ ហេតុ​នេះ​លោក​មិន​ត្រូវ​ការ​សម្រាក​យក​កម្លាំង​ឡើយ។ តែ​គម្ពីរ​ចែង​ថា​ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​បង្កើត​ផ្ទៃ​មេឃ​និង​ផែន​ដី ​«​នោះ​ទ្រង់​ក៏​ឈប់​សំ​រាក ហើយ​បាន​លំហើយ​ព្រះ​អង្គ​វិញ​»។ (​និក្ខ. ៣១:១៧​) នេះ​ទំនង​ជា​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​បាន​ឈប់​បង្កើត​អ្វី​ទៀត ហើយ​យក​ពេល​ដើម្បី​សប្បាយ​រីក​រាយ​នឹង​អ្វី​ដែល​លោក​បាន​បង្កើត​រួច​ហើយ។ ម្យ៉ាង​ទៀត ទោះ​ជា​លោក​យេស៊ូ​ខំ​ប្រឹង​ធ្វើ​ការ​ពេល​លោក​នៅ​ផែន​ដី​ក្ដី លោក​នៅ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា​លោក​មាន​ពេល​សម្រាក​និង​បរិភោគ​អាហារ​ជា​មួយ​មិត្ត​សម្លាញ់​លោក។—ម៉ាថ. ១៤:១៣; លូក. ៧:៣៤

៥. តើ​មនុស្ស​ជា​ច្រើន​ប្រឈម​មុខ​នឹង​ការ​ពិបាក​អ្វី?

គម្ពីរ​លើក​ទឹក​ចិត្ត​រាស្ត្រ​ព្រះ​ឲ្យ​រីក​រាយ​នឹង​ការ​ដែល​ខ្លួន​ធ្វើ។ អ្នក​បម្រើ​លោក​គួរ​ឧស្សាហ៍​ធ្វើ​ការ មិន​មែន​ខ្ជិល​ទេ។ (​សុភ. ១៥:១៩​) អ្នក​ប្រហែល​ជា​ធ្វើ​ការ​ដើម្បី​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​អ្នក។ ម្យ៉ាង​ទៀត ពួក​អ្នក​កាន់​តាម​គ្រិស្ត​មាន​ភារកិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ប៉ុន្តែ អ្នក​ក៏​ត្រូវ​ការ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​ដែរ។ ជួន​កាល តើ​អ្នក​ពិបាក​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ការ​ងារ កិច្ច​បម្រើ​ផ្សាយ និង​ការ​សម្រាក​ឬ​ទេ? តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​យើង​គួរ​ធ្វើ​ការ​ប៉ុណ្ណា​និង​សម្រាក​ប៉ុណ្ណា?

ចូរ​មាន​តុល្យភាព

៦. តើ​ម៉ាកុស ៦:៣០​-​៣៤​បង្ហាញ​យ៉ាង​ណា​ថា​លោក​យេស៊ូ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ងារ​និង​ការ​សម្រាក?

ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ងារ​គឺ​សំខាន់។ ស្តេច​សាឡូម៉ូន​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ថា​៖ ​«​មាន​ពេល​សំ​រាប់​គ្រប់​ទាំង​អស់​»។ គាត់​បាន​លើក​ឡើង​អំពី​សកម្មភាព​ផ្សេង​ៗ​ដូច​ជា​ការ​ដាំ​ដំណាំ ការ​សង់​ឡើង សើច យំ និង​រាំ​ជា​ដើម។ (​សាស្ដ. ៣:១​-​៨​) យើង​ឃើញ​ច្បាស់​ថា​ផ្នែក​ដ៏​សំខាន់​ពីរ​ក្នុង​ជីវិត​គឺ​ធ្វើ​ការ​និង​សម្រាក។ លោក​យេស៊ូ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ងារ​និង​ការ​សម្រាក។ នៅ​ពេល​មួយ កាល​ដែល​ពួក​សាវ័ក​បាន​ត្រឡប់​មក​ពី​ការ​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ ពួក​គេ​ជាប់​រវល់​យ៉ាង​ខ្លាំង​រហូត​ដល់​ពួក​គេ​«​គ្មាន​ពេល​ទំនេរ​សោះ សូម្បី​តែ​រក​ពេល​បរិភោគ​ក៏​មិន​បាន​ផង​»។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​សូម​អ្នក​រាល់​គ្នា​មក​ជា​មួយ​នឹង​ខ្ញុំ​ដោយ​ឡែក ទៅ​កន្លែង​ឆ្ងាយ​ពី​គេ ហើយ​សម្រាក​បន្ដិច​»។ (​សូម​អាន ម៉ាកុស ៦:៣០​-​៣៤) ទោះ​ជា​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​មិន​តែង​តែ​អាច​សម្រាក​ដូច​ដែល​លោក​និង​ពួក​គេ​ចង់​ក្ដី លោក​បាន​ដឹង​ថា​ពួក​គេ​ទាំង​អស់​គ្នា​ត្រូវ​ការ​សម្រាក។

៧. តើ​ការ​ពិចារណា​អំពី​ច្បាប់​ថ្ងៃ​ឈប់​សម្រាក​នឹង​ជួយ​យើង​យ៉ាង​ណា?

ពេល​ខ្លះ យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​សម្រាក ឬ​ផ្លាស់​ប្ដូរ​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​យើង។ យើង​អាច​ដឹង​ដូច្នេះ តាម​រយៈ​ការ​រៀប​ចំ​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​រាស្ត្រ​លោក​នៅ​អតីតកាល។ ការ​រៀប​ចំ​នោះ​គឺ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​សប្ដាហ៍។ យើង​មិន​នៅ​ក្រោម​ច្បាប់​ម៉ូសេ​ទៀត​ទេ តែ​យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​ពិចារណា​អំពី​អ្វី​ដែល​ច្បាប់​នោះ​ចែង​ស្តី​អំពី​ថ្ងៃ​ឈប់​សម្រាក។ អ្វី​ដែល​យើង​រៀន​អាច​ជួយ​យើង​ឲ្យ​ចេះ​ថ្លឹង​ថ្លែង​អំពី​ទស្សនៈ​របស់​យើង​ចំពោះ​ការ​ងារ​និង​ការ​សម្រាក។

ថ្ងៃ​ឈប់​សម្រាក​ជា​ពេល​សម្រាប់​សម្រាក​និង​គោរព​ប្រណិប័តន៍​ព្រះ

៨. យោង​ទៅ​តាម​និក្ខមនំ ៣១:១២​-​១៥ តើ​ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​ថ្ងៃ​សម្រាប់​អ្វី?

បណ្ដាំ​របស់​ព្រះ​ចែង​ថា​ក្រោយ​ពី​ព្រះ​បាន​បង្កើត​របស់​សព្វសារពើ​អស់​៦​ថ្ងៃ * នោះ​លោក​បាន​ផ្អាក​ពី​ការ​បង្កើត​អ្វី​ៗ​នៅ​លើ​ផែន​ដី។ (​លោ. ២:២​) ប៉ុន្តែ ព្រះ​យេហូវ៉ា​ចូល​ចិត្ត​ធ្វើ​ការ​ណាស់ ហើយ​លោក​«​នៅ​តែ​ធ្វើ​ការ​»​តាម​របៀប​ផ្សេង​ៗ។ (​យ៉ូន. ៥:១៧​) ការ​រៀប​ចំ​ឲ្យ​មាន​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​សប្ដាហ៍ គឺ​ស្រដៀង​នឹង​ថ្ងៃ​ឈប់​សម្រាក​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​សៀវភៅ​លោកុប្បត្ដិ។ ព្រះ​បាន​មាន​ប្រសាសន៍​ថា​ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​សញ្ញា​សម្គាល់​រវាង​លោក​និង​ពួក​អ៊ីស្រាអែល។ ថ្ងៃ​នោះ​គឺ​សម្រាប់​«​សំ​រាក . . . [​និង​]ជា​ថ្ងៃ​បរិសុទ្ធ​ដល់​ព្រះ​យេហូវ៉ា​»។ (​សូម​អាន និក្ខមនំ ៣១:១២​-​១៥) អ្នក​ណា​ក៏​ដោយ មិន​ថា​កូន​ក្មេង ខ្ញុំ​បម្រើ ឬ​សូម្បី​តែ​សត្វ​គឺ​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ឡើយ។ (​និក្ខ. ២០:១០​) នៅ​ថ្ងៃ​នោះ បណ្ដា​ជន​អាច​ផ្ចង់​អារម្មណ៍​លើ​ការ​គោរព​ប្រណិប័តន៍​ព្រះ។

៩. នៅ​សម័យ​លោក​យេស៊ូ តើ​មនុស្ស​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​អ្វី​អំពី​ថ្ងៃ​ឈប់​សម្រាក?

ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​ថ្ងៃ​ល្អ​សម្រាប់​រាស្ត្រ​របស់​ព្រះ ក៏​ប៉ុន្តែ​ពួក​អ្នក​ដឹក​នាំ​សាសនា​យូដា​ជា​ច្រើន​នៅ​សម័យ​លោក​យេស៊ូ​មាន​ទស្សនៈ​យ៉ាង​តឹងរ៉ឹង​អំពី​ការ​កាន់​ខ្ជាប់​តាម​ច្បាប់​ថ្ងៃ​ឈប់​សម្រាក​នោះ។ ពួក​គេ​បាន​អះអាង​ថា​គឺ​ខុស​បើ​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​នៅ​ថ្ងៃ​ឈប់​សម្រាក សូម្បី​តែ​កាច់​កួរ​ស្រូវ ឬ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ​ក៏​ជា​ការ​ខុស​ដែរ។ (​ម៉ាក. ២:២៣​-​២៧; ៣:២​-​៥​) នោះ​មិន​ដូច​ទស្សនៈ​របស់​ព្រះ​ទេ ហើយ​លោក​យេស៊ូ​បាន​បញ្ជាក់​ចំណុច​នេះ​ដល់​ពួក​អ្នក​ដែល​ស្ដាប់​លោក។

ក្រុម​គ្រួសារ​លោក​យេស៊ូ​បាន​ប្រើ​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​ព្រះ (​សូម​មើល​វគ្គ​១០​) *

១០. តើ​យើង​អាច​រៀន​អ្វី​ពី​ម៉ាថាយ ១២:៩​-​១២​អំពី​ទស្សនៈ​របស់​លោក​យេស៊ូ​ចំពោះ​ថ្ងៃ​ឈប់​សម្រាក?

១០ លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​ដែល​ជា​ជន​ជាតិ​យូដា​បាន​កាន់​តាម​ច្បាប់​ថ្ងៃ​ឈប់​សម្រាក ដោយ​សារ​ពួក​គេ​នៅ​ក្រោម​ច្បាប់​ម៉ូសេ។ * ប៉ុន្តែ លោក​យេស៊ូ​បាន​បង្ហាញ​ដោយ​ការ​ប្រព្រឹត្ត​និង​ពាក្យ​សម្ដី​របស់​លោក​ថា ច្បាប់​ថ្ងៃ​ឈប់​សម្រាក​គឺ​សម​ហេតុ​ផល ហើយ​ថា​នៅ​ថ្ងៃ​នោះ​ពួក​គេ​អាច​ធ្វើ​អ្វី​ៗ​ដែល​បង្ហាញ​សេចក្ដី​សប្បុរស ព្រម​ទាំង​អាច​ជួយ​អ្នក​ឯ​ទៀត​បាន។ លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ច្បាស់​ថា​៖ ​«​មាន​ច្បាប់​ឲ្យ​មនុស្ស​ធ្វើ​អំពើ​ល្អ​នៅ​ថ្ងៃ​ឈប់​សម្រាក​»។ (​សូម​អាន ម៉ាថាយ ១២:៩​-​១២) លោក​មិន​បាន​គិត​ថា​ការ​ប្រព្រឹត្ត​សប្បុរស​និង​ការ​ជួយ​អ្នក​ឯ​ទៀត​នៅ​ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​ការខុស​ឡើយ។ ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ​បាន​បង្ហាញ​ថា​លោក​យល់​អំពី​មូលហេតុ​ដ៏​សំខាន់​ដែល​ព្រះ​បាន​ប្រាប់​រាស្ត្រ​លោក​ឲ្យ​សម្រាក​នៅ​ថ្ងៃ​ឈប់​សម្រាក។ ដោយ​សារ​រាស្ត្រ​របស់​ព្រះ​បាន​សម្រាក​ពី​ការ​ងារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ នោះ​ពួក​គេ​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​លោក។ លោក​យេស៊ូ​បាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដែល​ប្រាកដ​ជា​បាន​យក​ឱកាស​ចូល​កាន់​តែ​ជិត​ព្រះ​នៅ​ថ្ងៃ​ឈប់​សម្រាក។ អ្វី​ដែល​យើង​អាន​អំពី​លោក​យេស៊ូ​ពេល​លោក​នៅ​ក្រុង​ណាសារ៉ែត​ដែល​ជា​ក្រុង​ដែល​លោក​បាន​ធំ​ឡើង​បង្ហើប​ឲ្យ​ដឹង​អំពី​រឿង​នេះ ពី​ព្រោះ​លោក​បាន​«​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នៅ​ថ្ងៃ​ឈប់​សម្រាក តាម​ទម្លាប់​របស់​លោក ហើយ​បាន​ក្រោក​ឈរ​ឡើង​ដើម្បី​អាន​បទ​គម្ពីរ​»។—លូក. ៤:១៥​-​១៩

តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ងារ?

១១. តើ​អ្នក​ណា​បាន​ទុក​គំរូ​ល្អ​ឲ្យ​លោក​យេស៊ូ​ស្តី​អំពី​ការ​ងារ?

១១ យ៉ូសែប​ច្បាស់​ជា​បាន​បង្រៀន​លោក​យេស៊ូ​ដែល​ជា​កូន​ចិញ្ចឹម​របស់​គាត់​អំពី​របៀប​ធ្វើ​ជា​ជាង​ឈើ ព្រម​ទាំង​អំពី​ទស្សនៈ​របស់​ព្រះ​ចំពោះ​ការ​ងារ។ (​ម៉ាថ. ១៣:៥៥, ៥៦​) ម្យ៉ាង​ទៀត លោក​យេស៊ូ​ប្រាកដ​ជា​បាន​ឃើញ​យ៉ូសែប​ខំ​ប្រឹង​ធ្វើ​ការ​រាល់​ថ្ងៃ ដើម្បី​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​ធំ​របស់​គាត់។ គួរ​ឲ្យ​ចាប់​អារម្មណ៍ ក្រោយ​មក​លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​កម្មករ​សម​នឹង​ទទួល​ថ្លៃ​ឈ្នួល​»។ (​លូក. ១០:៧​) លោក​យេស៊ូ​ច្បាស់​ជា​ដឹង​ថា​ការ​ខំ​ប្រឹង​ធ្វើ​ការ​គឺ​យ៉ាង​ណា។

១២. តើ​បទ​គម្ពីរ​ណា​ខ្លះ​បង្ហាញ​អំពី​ទស្សនៈ​របស់​ប៉ូល​ចំពោះ​ការ​ខំ​ប្រឹង​ធ្វើ​ការ?

១២ សាវ័ក​ប៉ូល​ក៏​ដឹង​ដូច្នេះ​ដែរ។ កិច្ច​ការ​ចម្បង​របស់​គាត់​គឺ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​លោក​យេស៊ូ​និង​អ្វី​ដែល​លោក​បាន​បង្រៀន។ ប៉ុន្តែ ប៉ូល​ក៏​បាន​ធ្វើ​ការ​ដើម្បី​ផ្គត់​ផ្គង់​ខ្លួន​ឯង​ដែរ។ គ្រិស្ត​សាសនិក​នៅ​ក្រុង​ថែស្សាឡូនិច​ដឹង​ថា​គាត់​«​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ទាំង​យប់​ទាំង​ថ្ងៃ​»​ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​«​អស់​ប្រាក់​ច្រើន​»​ដោយ​សារ​គាត់។ (​២ថែ. ៣:៨; សកម្ម. ២០:៣៤, ៣៥​) ពេល​ប៉ូល​សរសេរ​អំពី​ការ​ងារ​របស់​គាត់ គាត់​ប្រហែល​ជា​បាន​សំដៅ​លើ​ការ​ងារ​ជា​អ្នក​ធ្វើ​ត្រសាល។ កាល​ដែល​នៅ​ក្រុង​កូរិនថូស គាត់​បាន​ស្នាក់​នៅ​ជា​មួយ​នឹង​អាគីឡា​និង​ព្រីស៊ីល ហើយ​«​មាន​មុខ​របរ​ដូច​ពួក​គាត់​ដែរ ព្រោះ​ពួក​គាត់​ជា​អ្នក​ធ្វើ​ត្រសាល​»។ ពេល​ប៉ូល​និយាយ​ថា​គាត់​ធ្វើ​ការ​«​ទាំង​យប់​ទាំង​ថ្ងៃ​»​ នោះ​មិន​មែន​មាន​ន័យ​ថា​គាត់​ធ្វើ​ការ​ឥត​ឈប់​ឈរ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ផ្អាក​ពី​ការ​ធ្វើ​ត្រសាល ដូច​ជា​នៅ​ថ្ងៃ​ឈប់​សម្រាក​ជា​ដើម។ គាត់​បាន​ប្រើ​ឱកាស​នៅ​ថ្ងៃ​នោះ​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​យូដា ដែល​មិន​ធ្វើ​ការ​នៅ​ថ្ងៃ​ឈប់​សម្រាក​នោះ​ដែរ។—សកម្ម. ១៣:១៤​-​១៦, ៤២​-​៤៤; ១៦:១៣; ១៨:១​-​៤

១៣. តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ប៉ូល?

១៣ សាវ័ក​ប៉ូល​បាន​ទុក​គំរូ​ល្អ​សម្រាប់​យើង។ គាត់​ត្រូវ​ធ្វើ​ការ​ចិញ្ចឹម​ជីវិត ប៉ុន្តែ​គាត់​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​គាត់​ចូល​រួម​ជា​ទៀង​ទាត់​«​ក្នុង​កិច្ច​ការ​ដ៏​បរិសុទ្ធ គឺ​ជា​ការ​ប្រកាស​ដំណឹង​ល្អ​នៃ​ព្រះ​»។ (​រ៉ូម ១៥:១៦; ២កូ. ១១:២៣​) គាត់​បាន​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ ហេតុ​នេះ​ហើយ អាគីឡា​និង​ព្រីស៊ីល​ជា​«​អ្នក​រួម​ធ្វើ​ការ​ជា​មួយ​នឹង[​គាត់​]ក្នុង​គ្រិស្ត​យេស៊ូ​»។ (​រ៉ូម ១២:១១; ១៦:៣​) ប៉ូល​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​ឲ្យ​«​ជាប់​រវល់​ក្នុង​កិច្ច​ការ​ដ៏​ច្រើន​របស់​លោក​ម្ចាស់​»។ (​១កូ. ១៥:៥៨; ២កូ. ៩:៨​) ព្រះ​យេហូវ៉ា​ថែម​ទាំង​ដឹក​នាំ​សាវ័ក​ប៉ូល​ឲ្យ​សរសេរ​ថា​៖ ​«​ប្រសិន​បើ​មាន​អ្នក​ណា​ដែល​មិន​ចង់​ធ្វើ​ការ អ្នក​នោះ​មិន​ត្រូវ​បរិភោគ​ឡើយ​»។—២ថែ. ៣:១០

១៤. តើ​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​យ៉ូហាន ១៤:១២​មាន​ន័យ​យ៉ាង​ណា?

១៤ កិច្ច​ការ​ដ៏​សំខាន់​បំផុត​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ​គឺ ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​មនុស្ស​ឯ​ទៀត​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ តាម​ការ​ពិត លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន​ថា​ពួក​អ្នក​កាន់​តាម​លោក​នឹង​ធ្វើ​កិច្ច​ការ​ដ៏​ធំ​ជាង​កិច្ច​ការ​ដែល​លោក​ធ្វើ​ទៅ​ទៀត! (​សូម​អាន យ៉ូហាន ១៤:១២) លោក​មិន​មែន​ចង់​មាន​ន័យ​ថា​យើង​នឹង​ធ្វើ​អព្ភូតហេតុ​ដូច​លោក​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​កាន់​តាម​លោក​នឹង​ផ្សព្វ​ផ្សាយ​និង​បង្រៀន​មនុស្ស​ច្រើន​ជាង នៅ​កន្លែង​ច្រើន​ជាង ហើយ​នឹង​ធ្វើ​កិច្ច​ការ​នេះ​សម្រាប់​រយៈ​ពេល​យូរ​ជាង​លោក។

១៥. តើ​យើង​គួរ​សួរ​ខ្លួន​យើង​នូវ​សំណួរ​អ្វី​ខ្លះ ហើយ​ហេតុ​អ្វី?

១៥ បើ​អ្នក​ជា​អ្នក​ធ្វើ​ការ សូម​សួរ​ខ្លួន​អ្នក​ថា ‹នៅ​កន្លែង​ធ្វើ​ការ តើ​គេ​ស្គាល់​ខ្ញុំ​ជា​មនុស្ស​ឧស្សាហ៍​ឬ​ទេ? តើ​ខ្ញុំ​បំពេញ​កិច្ច​ការ​របស់​ខ្ញុំ​ទាន់​ពេល​និង​អស់​ពី​សមត្ថភាព​ឬ​ទេ?› បើ​អ្នក​អាច​ឆ្លើយ​ថា​មែន នោះ​ចៅហ្វាយ​របស់​អ្នក​នឹង​ទំនង​ជា​ទុក​ចិត្ត​អ្នក។ អ្នក​ក៏​នឹង​ធ្វើ​ឲ្យ​ដំណឹង​ល្អ​កាន់​តែ​ទាក់​ទាញ​ចិត្ត​ពួក​អ្នក​ដែល​សង្កេត​មើល​អ្នក។ ស្តី​អំពី​កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​អ្នក​ឯ​ទៀត​គិត​ថា​ខ្ញុំ​ខ្នះ​ខ្នែង​ឬ​ទេ? តើ​ខ្ញុំ​រៀប​ចំ​ល្អ​សម្រាប់​ការ​ជួប​មនុស្ស​លើក​ដំបូង​ឬ​ទេ? តើ​ខ្ញុំ​ឆាប់​ត្រឡប់​ទៅ​ជួប​មនុស្ស​ដែល​ចាប់​អារម្មណ៍​ឬ​ទេ? តើ​ខ្ញុំ​ចូល​រួម​ជា​ទៀង​ទាត់​ក្នុង​សកម្មភាព​ផ្សេង​ៗ​នៃ​កិច្ច​បម្រើ​ផ្សាយ​ឬ​ទេ?› បើ​អ្នក​អាច​ឆ្លើយ​ថា​មែន នោះ​អ្នក​នឹង​មាន​អំណរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​សម្រាក?

១៦. តើ​ទស្សនៈ​របស់​លោក​យេស៊ូ​និង​ពួក​សាវ័ក​ចំពោះ​ការ​សម្រាក​ខុស​គ្នា​យ៉ាង​ណា​ពី​ទស្សនៈ​របស់​មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ?

១៦ លោក​យេស៊ូ​បាន​ដឹង​ថា​ជួន​កាល​លោក​និង​ពួក​សាវ័ក​ត្រូវ​ការ​សម្រាក។ ក៏​ប៉ុន្តែ មនុស្ស​ជា​ច្រើន​នៅ​សម័យ​លោក​និង​នៅ​សព្វ​ថ្ងៃ​នេះ​គឺ​ស្រដៀង​នឹង​បុរស​អ្នក​មាន​ម្នាក់​ក្នុង​ឧទាហរណ៍​របស់​លោក។ បុរស​នោះ​និយាយ​ដោយ​មុត​មាំ​ថា​៖ ​«​ចូរ​សម្រាក​ចុះ ហើយ​ផឹក​និង​បរិភោគ​ឲ្យ​សប្បាយ​ទៅ​»។ (​លូក. ១២:១៩; ២ធី. ៣:៤​) គាត់​បាន​គិត​ថា​អ្វី​សំខាន់​បំផុត​ក្នុង​ជីវិត​គឺ​ការ​សម្រាក​និង​ការ​សប្បាយ។ ផ្ទុយ​ពី​បុរស​នោះ លោក​យេស៊ូ​និង​ពួក​សាវ័ក​មិន​បាន​ចាត់​ទុក​ថា​ការ​សប្បាយ​ជា​អ្វី​សំខាន់​បំផុត​ក្នុង​ជីវិត​ឡើយ។

ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ងារ​និង​ការ​សម្រាក នឹង​ជួយ​យើង​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ធ្វើ​កិច្ច​ការ​ល្អ​ដែល​នាំ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ (​សូម​មើល​វគ្គ​១៧​) *

១៧. តើ​យើង​ប្រើ​ពេល​ក្រៅ​ម៉ោង​ធ្វើ​ការ​យ៉ាង​ដូច​ម្ដេច?

១៧ សព្វ​ថ្ងៃ​នេះ យើង​ព្យាយាម​យក​តម្រាប់​លោក​យេស៊ូ​ដោយ​ប្រើ​ពេល​ក្រៅ​ម៉ោង​ធ្វើ​ការ មិន​គ្រាន់​តែ​ដើម្បី​សម្រាក​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ធ្វើ​ការ​ល្អ​ដោយ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត​និង​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​ពិត។ តាម​ពិត​ចំពោះ​យើង ការ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​និង​ការ​ចូល​រួម​កិច្ច​ប្រជុំ​គឺ​សំខាន់​ណាស់ បាន​ជា​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ចូល​រួម​ជា​ទៀង​ទាត់​ក្នុង​សកម្មភាព​ពិសិដ្ឋ​ទាំង​នេះ។ (​ហេ. ១០:២៤, ២៥​) ទោះ​ជា​ពេល​យើង​កំពុង​សម្រាក​លំហែ​កាយ​ក៏​ដោយ យើង​បន្ត​ចូល​រួម​ក្នុង​សកម្មភាព​ដែល​ជាប់​ទាក់​ទង​នឹង​កិច្ច​ការ​របស់​ព្រះ ដោយ​ទៅ​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់ និង​រក​ឱកាស​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​យើង​ជួប។—២ធី. ៤:២

១៨. តើ​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្តេច​របស់​យើង​ចង់​ឲ្យ​យើង​ធ្វើ​អ្វី?

១៨ យើង​សប្បាយ​ចិត្ត​ដែល​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្តេច​របស់​យើង​មិន​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​ហួស​ពី​សមត្ថភាព​យើង​ទេ ហើយ​លោក​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ងារ​និង​ការ​សម្រាក។ (​ហេ. ៤:១៥​) លោក​ចង់​ឲ្យ​យើង​សម្រាក​តាម​ដែល​យើង​ត្រូវ​ការ។ លោក​ក៏​ចង់​ឲ្យ​យើង​ខំ​ប្រឹង​ធ្វើ​ការ​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​របស់​យើង ហើយ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក ដែល​ជា​កិច្ច​ការ​នាំ​ឲ្យ​មាន​អំណរ។ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​តួនាទី​របស់​លោក​យេស៊ូ​ក្នុង​ការ​រំដោះ​យើង​ពី​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ម្ចាស់​ដ៏​សាហាវ​ឃោរ​ឃៅ។

ចម្រៀង​លេខ​៣៨ លោក​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា

^ វគ្គ 5 គម្ពីរ​បង្រៀន​យើង​អំពី​របៀប​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ងារ​និង​ការ​សម្រាក។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ថ្ងៃ​ឈប់​សម្រាក​របស់​ជន​ជាតិ​អ៊ីស្រាអែល ដើម្បី​ជួយ​យើង​ឲ្យ​គិត​អំពី​ទស្សនៈ​របស់​យើង​ចំពោះ​ការ​ងារ​និង​ការ​សម្រាក។

^ វគ្គ 8 ដើម្បី​មើល​ព័ត៌មាន​ថែម​ទៀត​ដែល​បង្ហាញ​ថា​រយៈ​ពេល​៦​ថ្ងៃ​នោះ​មិន​មែន​ជា​ថ្ងៃ​ដែល​មាន​រយៈ​ពេល​២៤​ម៉ោង​ទេ សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា តើ​អ្នក​ជឿ​ថា​ព្រះ​បាន​បង្កើត​ផែន​ដី​ក្នុង​រយៈ​ពេល​៦​ថ្ងៃ​ដែល​ថ្ងៃ​នីមួយ​ៗ​មាន​២៤​ម៉ោង​ឬ​ទេ? នៅ​គេហទំព័រ​jw.org® (​សូម​ចុច​«​អំពី​យើង​»​ ▸ ​«​សំណួរ​ដែល​មនុស្ស​ជា​ច្រើន​សួរ​»​)។

^ វគ្គ 10 ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ គោរព​តាម​ច្បាប់​ថ្ងៃ​ឈប់​សម្រាក​ខ្លាំង​ណាស់ បាន​ជា​ពួក​គេ​ផ្អាក​ការ​រៀប​ចំ​គ្រឿង​ក្រអូប​និង​ប្រេង​ក្រអូប​សម្រាប់​សព​លោក រហូត​ដល់​ផុត​ថ្ងៃ​ឈប់​សម្រាក។—លូក. ២៣:៥៥, ៥៦

^ វគ្គ 56 ការ​ពណ៌នា​អំពី​រូប​ភាព: យ៉ូសែប​នាំ​ក្រុម​គ្រួសារ​របស់​គាត់​ទៅ​សាលា​ប្រជុំ​នៅ​ថ្ងៃ​ឈប់​សម្រាក។

^ វគ្គ 58 ការ​ពណ៌នា​អំពី​រូប​ភាព: ឪ​ពុក​ម្នាក់​ដែល​ធ្វើ​ការ​ដើម្បី​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​របស់​គាត់ ប្រើ​ពេល​ក្រៅ​ពី​ការ​ងារ​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ព្រះ ទោះ​ជា​គាត់​និង​ក្រុម​គ្រួសារ​ទៅ​ដើរ​លេង​ក្ដី។