លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ពី​អ្នក​អាន

សំណួរ​ពី​អ្នក​អាន

គម្ពីរ​ចែង​ថា​យ៉ាង​ហោច​ណាស់​ត្រូវ​មាន​សាក្សី​ពីរ​នាក់ ទើប​រឿង​មួយ​អាច​ត្រូវ​ទុក​ជា​ការ​ពិត។ (​ជន. ៣៥:៣០; ចោ. ១៧:៦; ១៩:១៥; ម៉ាថ. ១៨:១៦; ១ធី. ៥:១៩​) ប៉ុន្តែ​ក្រោម​ច្បាប់​ម៉ូសេ បើ​បុរស​ណា​ចាប់​រំលោភ​ស្ត្រី​ដែល​បាន​ភ្ជាប់​ពាក្យ​រួច​ហើយ​«​នៅ​ឯ​ទី​វាល​»​ ហើយ​នាង​បាន​ស្រែក នោះ​នាង​គ្មាន​កំហុស​ចំពោះ​ការ​ផិត​ក្បត់​ទេ តែ​បុរស​នោះ​នឹង​មាន​ទោស។ ដោយ​សារ​គ្មាន​អ្នក​ឯ​ទៀត​ធ្វើ​ជា​សាក្សី​អំពី​រឿង​នោះ ហេតុ​អ្វី​នាង​គ្មាន​ទោស តែ​បុរស​នោះ​មាន​ទោស?

កំណត់​ហេតុ​នៅ​ចោទិយកថា ២២:២៥​-​២៧ គឺ​មិន​គ្រាន់​តែ​លាត​ត្រដាង​អំពី​កំហុស​របស់​បុរស​នោះ​ទេ ពី​ព្រោះ​គាត់​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​បុគ្គល​ដែល​មាន​ទោស​រួច​ហើយ។ ច្បាប់​នៅ​ខ​ទាំង​នោះ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បញ្ជាក់​ថា​ស្ត្រី​នោះ​គ្មាន​កំហុស។ សូម​កត់​សម្គាល់​ខ​មុន​បទ​គម្ពីរ​នេះ។

ខ​មុន​រៀប​រាប់​អំពី​បុរស​ម្នាក់​ដែល​បាន​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី​«​ក្នុង​ទីក្រុង​»​ដែល​បាន​ភ្ជាប់​ពាក្យ​រួច​ហើយ។ ដោយ​ធ្វើ​ដូច្នេះ បុរស​នោះ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ដោយ​សារ​ស្ត្រី​នោះ​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​បុគ្គល​ដែល​បាន​រៀប​ការ​ហើយ។ ចុះ​យ៉ាង​ណា​ស្ត្រី​នោះ​វិញ? ខ​នេះ​ថា​៖ ‹ក្នុង​ទីក្រុង នាង​មិន​បាន​ស្រែក​សោះ›។ បើ​នាង​ស្រែក អ្នក​ឯ​ទៀត​ច្បាស់​ជា​បាន​ឮ​សម្រែក​របស់​នាង និង​ជួយ​ការ​ពារ​នាង។ ប៉ុន្តែ នាង​មិន​បាន​ស្រែក​ឡើយ។ ម្ល៉ោះ​ហើយ នាង​ក៏​បាន​រួម​ដៃ​ក្នុង​អំពើ​ផិត​ក្បត់​ដែរ ដូច្នេះ​ពួក​គេ​ទាំង​ពីរ​នាក់​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ​ទោស។—ចោ. ២២:២៣, ២៤

ច្បាប់​នោះ​បាន​រៀប​រាប់​អំពី​ស្ថានភាព​ផ្សេង​ទៀត ដែល​ថា​៖ ​«​ប៉ុន្តែ បើ​មនុស្ស​ប្រុស​នោះ បាន​ប្រទះ​ឃើញ​នាង​ដែល​មាន​គេ​ដណ្ដឹង​ហើយ​នៅ​ឯ​ទី​វាល​វិញ រួច​ចាប់​បង្ខំ​ដេក​នឹង​នាង​ទៅ នោះ​ត្រូវ​ស្លាប់​តែ​ខាង​ប្រុស​ដែល​បាន​ដេក​នឹង​នាង​ប៉ុណ្ណោះ។ តែ​ឯ​នាង​នោះ មិន​ត្រូវ​ឲ្យ​ធ្វើ​ទោស​អ្វី​ឡើយ នាង​គ្មាន​បាប​ណា​ដែល​គួរ​ឲ្យ​ស្លាប់​ទេ។ ដ្បិត​ដំណើរ​នេះ​បែប​ដូច​ជា​កាល​មនុស្ស​ណា​មួយ ស្ទុះ​ទៅ​សំឡាប់​អ្នក​ជិត​ខាង​ខ្លួន​ដូច្នោះ​ដែរ។ ដ្បិត​ប្រុស​នោះ​ឃើញ​នាង​នៅ​ឯ​ទី​វាល ហើយ​នាង​ដែល​មាន​គេ​ដណ្ដឹង​បាន​ស្រែក​ឡើង​ដែរ តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​សោះ​»។—ចោ. ២២:២៥​-​២៧

ក្នុង​ករណី​នេះ ចៅ​ក្រម​បាន​ជឿ​ស្ត្រី​នោះ។ តើ​ក្នុង​ន័យ​អ្វី? គឺ​ក្នុង​ន័យ​ថា​ចៅ​ក្រម​យល់​ថា នាង​«​បាន​ស្រែក​ឡើង​ដែរ តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​សោះ​»។ ដូច្នេះ នាង​មិន​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ឡើយ។ ក៏​ប៉ុន្តែ បុរស​នោះ​មាន​ទោស​ជា​អ្នក​ចាប់​រំលោភ​និង​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ពី​ព្រោះ​គាត់​បាន​«​ចាប់​បង្ខំ​ដេក​នឹង​នាង​»​ដែល​ជា​ស្ត្រី​បាន​ភ្ជាប់​ពាក្យ​រួច​ហើយ។

ដូច្នេះ ទោះ​ជា​ច្បាប់​នេះ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បញ្ជាក់​ថា​ស្ត្រី​នោះ​គ្មាន​ទោស​ក៏​ដោយ កំណត់​ហេតុ​នេះ​បាន​រៀប​រាប់​យ៉ាង​ត្រឹម​ត្រូវ​ថា​បុរស​នោះ​មាន​ទោស ពី​ព្រោះ​គាត់​បាន​ចាប់​រំលោភ​ស្ត្រី​នោះ​និង​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ យើង​អាច​ជឿ​ជាក់​ថា​ចៅ​ក្រម​នឹង​«​ស៊ើបសួរ​រក​ឲ្យ​អស់​ពី​ចិត្ត​»​ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ផ្អែក​លើ​ការ​ណែនាំ​ពី​ព្រះ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​យ៉ាង​ច្បាស់​អស់​ប៉ុន្មាន​ដង។—ចោ. ១៣:១៤; ១៧:៤; និក្ខ. ២០:១៤