លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៥២

ឪ​ពុក​ម្ដាយ ចូរ​បង្ហាត់​បង្រៀន​កូន​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា

ឪ​ពុក​ម្ដាយ ចូរ​បង្ហាត់​បង្រៀន​កូន​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា

​«​កូន​ចៅ​ជា​មរដក​មក​ពី​ព្រះ​យេហូវ៉ា​»។—ទំនុក. ១២៧:៣

ចម្រៀង​លេខ​១៣៤ កូន​ៗ​ជា​អំណោយ​មក​ពី​ព្រះ

សេចក្ដី​សង្ខេប *

១. តើ​ព្រះ​យេហូវ៉ា​ប្រគល់​ភារកិច្ច​អ្វី​ឲ្យ​ឪ​ពុក​ម្ដាយ?

ព្រះ​យេហូវ៉ា​បាន​បង្កើត​ប្ដី​ប្រពន្ធ​មួយ​គូ​ដំបូង​ឲ្យ​មាន​បំណង​ប្រាថ្នា​ចង់​មាន​កូន។ គម្ពីរ​ចែង​យ៉ាង​ត្រឹម​ត្រូវ​ថា​៖ ​«​កូន​ចៅ​ជា​មរដក​មក​ពី​ព្រះ​យេហូវ៉ា​»។ (​ទំនុក. ១២៧:៣​) តើ​នេះ​មាន​ន័យ​យ៉ាង​ណា? សូម​ស្រមៃ​គិត បើ​មិត្ត​ជិត​ស្និទ្ធ​សុំ​អ្នក​ឲ្យ​រក្សា​ទុក​លុយ​ជា​ច្រើន​របស់​គាត់ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? អ្នក​ទំនង​ជា​សប្បាយ​ដែល​គាត់​ទុក​ចិត្ត​អ្នក។ ប៉ុន្តែ អ្នក​ក៏​ប្រហែល​ជា​បារម្ភ​ថា​តើ​អ្នក​អាច​រក្សា​ទុក​លុយ​នោះ​យ៉ាង​ដូច​ម្ដេច។ ព្រះ​យេហូវ៉ា​ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​យើង ផ្ដល់​ឲ្យ​ឪ​ពុក​ម្ដាយ​នូវ​អ្វី​ដែល​មាន​តម្លៃ​ជាង​លុយ​ឆ្ងាយ​ណាស់។ តើ​នោះ​ជា​អ្វី? លោក​ឲ្យ​ពួក​គេ​មាន​ភារកិច្ច​ថែ​រក្សា​កូន​ឲ្យ​បាន​ល្អ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​កូន​សប្បាយ​ចិត្ត។

២. តើ​យើង​នឹង​រក​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ?

តើ​អ្នក​ណា​គួរ​សម្រេច​ចិត្ត​ថា​នឹង​យក​កូន​ឬ​មិន​យក ហើយ​សម្រេច​ចិត្ត​ថា​ពេល​ណា​នឹង​យក​កូន? ចុះ​យ៉ាង​ណា​ឪ​ពុក​ម្ដាយ តើ​ពួក​គេ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​កូន​ឲ្យ​មាន​សុភមង្គល​ក្នុង​ជីវិត? សូម​ពិចារណា​អំពី​គោល​ការណ៍​ខ្លះ​ពី​គម្ពីរ​ដែល​អាច​ជួយ​ប្ដី​ប្រពន្ធ​ដែល​ជា​គ្រិស្ត​សាសនិក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ។

ចូរ​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​គូ​ប្ដី​ប្រពន្ធ

៣. (​ក​) តើ​នរណា​គួរ​សម្រេច​ចិត្ត​ថា​នឹង​យក​កូន​ឬ​មិន​យក? (​ខ​) តើ​មិត្ត​ភក្ដិ​និង​ក្រុម​គ្រួសារ​របស់​គូ​ប្ដី​ប្រពន្ធ​គួរ​នឹក​ចាំ​អំពី​គោល​ការណ៍​គម្ពីរ​ណា​ខ្លះ?

នៅ​ប្រទេស​ខ្លះ មនុស្ស​ច្រើន​តែ​រំពឹង​ថា​ប្ដី​ប្រពន្ធ​ថ្មី​ថ្មោង​គួរ​ឆាប់​យក​កូន។ ប្ដី​ប្រពន្ធ​ថ្មី​ប្រហែល​ជា​ថែម​ទាំង​ត្រូវ​ក្រុម​គ្រួសារ​និង​អ្នក​ឯ​ទៀត​បង្ខំ​ឲ្យ​ឆាប់​យក​កូន។ បង​ប្រុស​ម្នាក់​ឈ្មោះ​ចេតរូ ដែល​មក​ពី​ទ្វីប​អាស៊ី​និយាយ​ថា​៖ ​«​នៅ​ក្នុង​ក្រុម​ជំនុំ បង​ប្អូន​ខ្លះ​ដែល​មាន​កូន​ព្យាយាម​បង្ខំ​ប្ដី​ប្រពន្ធ​ដែល​គ្មាន​កូន​ឲ្យ​យក​កូន​»។ បង​ប្រុស​ចេហ្វ្រី​ដែល​រស់​នៅ​ទ្វីប​អាស៊ីក៏​និយាយ​ថា​៖ ​«​បង​ប្អូន​ខ្លះ​ប្រាប់​ប្ដី​ប្រពន្ធ​ដែល​គ្មាន​កូន​ថា ពួក​គេ​នឹង​គ្មាន​អ្នក​ណា​មើល​ថែ​ពេល​ពួក​គេ​ចាស់​ទៅ​»។ ប៉ុន្តែ ប្ដី​ប្រពន្ធ​មួយ​គូ​ៗ​គួរ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ថា​នឹង​យក​កូន​ឬ​មិន​យក។ នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន ពី​ព្រោះ​ពួក​គេ​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ។ (​កាឡ. ៦:៥​) ពិត​មែន​ថា​មិត្ត​ភក្ដិ​និង​ក្រុម​គ្រួសារ​ចង់​ឲ្យ​ប្ដី​ប្រពន្ធ​ថ្មី​មាន​សុភមង្គល តែ​យើង​ទាំង​អស់​គ្នា​ត្រូវ​ចាំ​ថា​ការ​សម្រេច​ចិត្ត​យក​កូន​ឬ​មិន​យក គឺ​អាស្រ័យ​លើ​ប្ដី​ប្រពន្ធ​ថ្មី​នោះ។—១ថែ. ៤:១១

៤​-​៥. តើ​គូ​អាពាហ៍​ពិពាហ៍​ត្រូវ​ពិគ្រោះ​គ្នា​អំពី​រឿង​ពីរ​យ៉ាង​អ្វី ហើយ​តើ​ពេល​ណា​ជា​ពេល​ល្អ​បំផុត​ដើម្បី​ពិគ្រោះ​គ្នា​អំពី​រឿង​ទាំង​នោះ? សូម​ពន្យល់។

គូ​អាពាហ៍​ពិពាហ៍​ដែល​សម្រេច​ចិត្ត​យក​កូន​គួរ​តែ​ពិគ្រោះ​គ្នា​អំពី​សំណួរ​ដ៏​សំខាន់​ពីរ​គឺ​៖ ទី១ តើ​ពួក​គេ​ចង់​មាន​កូន​នៅ​ពេល​ណា? ទី២ តើ​ពួក​គេ​ចង់​មាន​កូន​ប៉ុន្មាន? តើ​ពេល​ណា​ជា​ពេល​ល្អ​បំផុត​ឲ្យ​ពួក​គេ​ពិគ្រោះ​គ្នា​អំពី​រឿង​ទាំង​នេះ? ម្យ៉ាង​ទៀត ហេតុ​អ្វី​រឿង​ទាំង​ពីរ​នេះ​គឺ​សំខាន់​ម្ល៉េះ?

ក្នុង​ករណី​ភាគ​ច្រើន គឺ​ជា​ការ​ល្អ​ដែល​គូ​សង្សារ​និយាយ​គ្នា​អំពី​ការ​យក​កូន មុន​ពេល​រៀប​ការ។ ហេតុ​អ្វី? មូលហេតុ​មួយ​គឺ​ថា​ការ​មាន​ទស្សនៈ​ដូច​គ្នា​អំពី​រឿង​នេះ​គឺ​សំខាន់​ណាស់។ ពួក​គេ​ក៏​ត្រូវ​ពិចារណា​ដែរ​ថា​តើ​ពួក​គេ​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ហើយ​ឬ​នៅ​ដើម្បី​បំពេញ​ភារកិច្ច​នោះ។ គូ​អាពាហ៍​ពិពាហ៍​ខ្លះ​បាន​សម្រេច​ចិត្ត​រង់​ចាំ​យក​កូន​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​ក្រោយ​ពី​រៀប​ការ ដោយ​សារ​ពេល​មាន​កូន ពួក​គេ​ត្រូវ​ចំណាយ​ពេល​និង​កម្លាំង​ច្រើន​ដើម្បី​មើល​ថែ​កូន។ ពួក​គេ​យល់​ថា​ការ​រង់​ចាំ​មួយ​រយៈ​ពេល​សិន ពួក​គេ​នឹង​មាន​ពេល​សម្រប​ខ្លួន​នឹង​ជីវិត​ជា​ប្ដី​ប្រពន្ធ ហើយ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​គ្នា។—អេភ. ៥:៣៣

៦. ដោយ​សារ​យើង​រស់​នៅ​គ្រា​ដ៏​លំបាក តើ​ប្ដី​ប្រពន្ធ​ខ្លះ​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វី?

គ្រិស្ត​សាសនិក​ឯ​ទៀត​បាន​សម្រេច​ចិត្ត​ធ្វើ​តាម​គំរូ​របស់​កូន​ប្រុស​ណូអេ​បី​នាក់​និង​ប្រពន្ធ​របស់​ពួក​គេ។ ប្ដី​ប្រពន្ធ​ទាំង​បី​គូ​នោះ​មិន​បាន​យក​កូន​ភ្លាម​ៗ​ទេ។ (​លោ. ៦:១៨; ៩:១៨, ១៩; ១០:១; ២ពេ. ២:៥​) លោក​យេស៊ូ​បាន​ប្រដូច​សម័យ​របស់​យើង​ទៅ​នឹង​«​សម័យ​ណូអេ​»​ ហើយ​យើង​ដឹង​ច្បាស់​ថា​យើង​កំពុង​រស់​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ដែល​«​លំបាក​ណាស់​»។ (​ម៉ាថ. ២៤:៣៧; ២ធី. ៣:១​) ហេតុ​នេះ​ហើយ ប្ដី​ប្រពន្ធ​ខ្លះ​បាន​សម្រេច​ចិត្ត​ថា​ពួក​គេ​នឹង​ពន្យារ​ពេល​មាន​កូន ដើម្បី​ពួក​គេ​អាច​ធ្វើ​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។

ពេល​សម្រេច​ចិត្ត​ថា​នឹង​យក​កូន​ឬ​មិន​យក ហើយ​ថា​នឹង​យក​កូន​ប៉ុន្មាន គូ​អាពាហ៍​ពិពាហ៍​ដ៏​ឈ្លាស​វៃ​«​គិត​គូរ​ជា​មុន​សិន​»​ (​សូម​មើល​វគ្គ​៧​) *

៧. តើ​គោល​ការណ៍​នៅ​លូកា ១៤:២៨, ២៩ និងសុភាសិត ២១:៥​អាច​ជួយ​គូ​អាពាហ៍​ពិពាហ៍​យ៉ាង​ដូច​ម្ដេច?

ពេល​សម្រេច​ចិត្ត​ថា​នឹង​យក​កូន​ឬ​មិន​យក ហើយ​ថា​នឹង​យក​កូន​ប៉ុន្មាន គូ​អាពាហ៍​ពិពាហ៍​ដ៏​ឈ្លាស​វៃ​«​គិត​គូរ​ជា​មុន​សិន​»។ (​សូម​អាន លូកា ១៤:២៨, ២៩) គូ​ប្ដី​ប្រពន្ធ​ដែល​មាន​កូន​ទទួល​ស្គាល់​ថា​ការ​ចិញ្ចឹម​អប់រំ​កូន​មិន​គ្រាន់​តែ​ត្រូវ​ការ​ចំណាយ​លុយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ការ​ពេល​វេលា និង​កម្លាំង​ដែរ។ ដូច្នេះ គឺ​សំខាន់​ដែលប្ដី​ប្រពន្ធ​ពិចារណា​ជា​មួយ​គ្នា​អំពី​សំណួរ​ថា ‹តើ​យើង​ទាំង​ពីរ​នាក់​ត្រូវ​ធ្វើ​ការ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​ដ៏​សំខាន់​ចាំ​បាច់​របស់​ក្រុម​គ្រួសារ​យើង​ឬ​ទេ? តើ​យើង​យល់​ស្រប​គ្នា​អំពី​អ្វី​ដែល​ពិត​ជា​សំខាន់​ចាំ​បាច់​ចំពោះ​ក្រុម​គ្រួសារ​ឬ​ទេ? បើ​យើង​ទាំង​ពីរ​នាក់​ត្រូវ​ធ្វើ​ការ តើ​អ្នក​ណា​នឹង​មើល​កូន? តើ​យើង​ចង់​ឲ្យ​អ្នក​ណា​មាន​ឥទ្ធិពល​លើ​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​កូន?›។ ពេល​ដែល​ប្ដី​ប្រពន្ធ​ពិគ្រោះ​គ្នា​តាម​សម្រួល​អំពី​សំណួរ​ទាំង​នេះ ពួក​គេ​ធ្វើ​តាម​ពាក្យ​នៅ​សុភាសិត ២១:៥សូម​អាន

ប្ដី​ដែល​ស្រឡាញ់​ប្រពន្ធ​នឹង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​នាង (​សូម​មើល​វគ្គ​៨​)

៨. តើ​ឪ​ពុក​ម្ដាយ​គួរ​រំពឹង​ថា​នឹង​មាន​ការ​ពិបាក​អ្វី​ខ្លះ ហើយ​តើ​ប្ដី​ដែល​ស្រឡាញ់​ប្រពន្ធ​នឹង​ធ្វើ​អ្វី?

កូន​ត្រូវ​ការ​កម្លាំង​និង​ពេល​វេលា​ច្រើន​ពី​ឪ​ពុក​និង​ម្ដាយ ហើយ​កូន​ៗ​សម​នឹង​ទទួល​អ្វី​ទាំង​នោះ។ ដូច្នេះ បើ​ប្ដី​ប្រពន្ធ​មាន​កូន​ញឹក ពួក​គេ​ប្រហែល​ជា​ពិបាក​យក​ចិត្ត​ទុក​ដាក់​តាម​តម្រូវ​ការ​របស់​កូន​ម្នាក់​ៗ។ ឪ​ពុក​ម្ដាយ​ខ្លះ​ដែល​មាន​កូន​តូច​ៗ​ជា​ច្រើន និយាយ​ថា​នោះ​គឺ​មិន​ស្រួល​សម្រាប់​ពួក​គេ​ឡើយ។ ប្រហែល​ជា​ម្ដាយ​ហត់​ទាំង​កាយ​ហត់​ទាំង​ចិត្ត។ គាត់​ប្រហែល​ជា​ហត់​ពេក រហូត​ដល់​គាត់​មិន​មាន​កម្លាំង​គ្រប់​គ្រាន់​ដើម្បី​សិក្សា អធិដ្ឋាន និង​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់។ បញ្ហា​មួយ​ទៀត​គឺ​គាត់​ប្រហែល​ជា​ពិបាក​ផ្ចង់​អារម្មណ៍​និង​ទទួល​ប្រយោជន៍​ពី​កិច្ច​ប្រជុំ។ ប្ដី​ដែល​ពិត​ជា​ស្រឡាញ់​ប្រពន្ធ​នឹង​ខំ​ប្រឹង​ដើម្បី​ជួយ​ប្រពន្ធ ពេល​ដែល​កូន​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់ មិន​ថា​នៅ​កិច្ច​ប្រជុំ​ឬ​នៅ​ផ្ទះ​ក្ដី។ ជា​ឧទាហរណ៍ គាត់​អាច​ជួយ​ប្រពន្ធ​ធ្វើ​កិច្ច​ការ​ផ្ទះ។ គាត់​នឹង​ខំ​ព្យាយាម​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​សមាជិក​ក្រុម​គ្រួសារ​ទាំង​អស់​ទទួល​ប្រយោជន៍​ពី​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​ទៀង​ទាត់។ ម្យ៉ាង​វិញ​ទៀត គាត់​នឹង​ចូល​រួម​ជា​ទៀង​ទាត់​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​គាត់។

ចូរ​បង្រៀន​កូន​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា

៩​-​១០. តើ​ឪ​ពុក​ម្ដាយ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ជួយ​កូន?

តើ​ឪ​ពុក​ម្ដាយ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​កូន​ៗ​របស់​ពួក​គេ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា? តើ​ពួក​គេ​អាច​ជួយ​ការ​ពារ​កូន​យ៉ាង​ដូច​ម្ដេច​ពី​អ្វី​ដែល​អាច​បង្ខូច​សីលធម៌​របស់​កូន? សូម​ពិចារណា​អំពី​យោបល់​ខ្លះ​ដែល​ឪ​ពុក​ម្ដាយ​អាច​ធ្វើ​តាម។

១០ ចូរ​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ សូម​គិត​អំពី​គំរូ​របស់​ម៉ាណូអា​និង​ប្រពន្ធ​របស់​គាត់ ដែល​បាន​ក្លាយ​ទៅ​ជា​ឪ​ពុក​ម្ដាយ​របស់​សាំសុន។ ពេល​ម៉ាណូអា​ដឹង​ថា​គាត់​និង​ប្រពន្ធ​គាត់​នឹង​មាន​កូន​ប្រុស គាត់​បាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ណែនាំ​ពួក​គាត់​អំពី​របៀប​ចិញ្ចឹម​អប់រំ​កូន។

១១. ដូច​ដែល​បាន​រៀប​រាប់​នៅ​ពួក​ចៅហ្វាយ ១៣:៨ តើ​ឪ​ពុក​ម្ដាយ​អាច​ធ្វើ​តាម​គំរូ​របស់​ម៉ាណូអា​យ៉ាង​ដូច​ម្ដេច?

១១ បង​ប្រុស​នីហាត​និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​អាល់ម៉ា ដែល​មក​ពី​ប្រទេស​បូស៊្នី​និង​ហឺសេហ្គោវីណា បាន​រៀន​ពី​គំរូ​របស់​ម៉ាណូអា។ ពួក​គាត់​ពន្យល់​ថា​៖ ​«​ដូច​ម៉ាណូអា យើង​បាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ណែនាំ​យើង​អំពី​របៀប​ធ្វើ​ជា​ឪ​ពុក​ម្ដាយ​ល្អ។ ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង​តាម​របៀប​ផ្សេង​ៗ​ដូច​ជា​តាម​រយៈ​បទ​គម្ពីរ សៀវភៅ​ដែល​មាន​មូលដ្ឋាន​ពី​គម្ពីរ កិច្ច​ប្រជុំ និង​មហា​សន្និបាត​»។—សូម​អាន ពួក​ចៅហ្វាយ ១៣:៨

១២. តើ​យ៉ូសែប​និង​ម៉ារៀ​បាន​ទុក​គំរូ​អ្វី​សម្រាប់​កូន​របស់​ពួក​គាត់?

១២ ចូរ​បង្រៀន​ដោយ​គំរូ​របស់​អ្នក។ អ្វី​ដែល​អ្នក​និយាយ​គឺ​សំខាន់ ប៉ុន្តែ​អ្វី​ដែល​ទំនង​ជា​មាន​ឥទ្ធិពល​ខ្លាំង​ជាង​លើ​កូន គឺ​ការ​ប្រព្រឹត្ត​របស់​អ្នក។ យ៉ូសែប​និង​ម៉ារៀ​ច្បាស់​ជា​បាន​ទុក​គំរូ​ល្អ​ឲ្យ​កូន​ៗ ដែល​រួម​មាន​លោក​យេស៊ូ​ផង​ដែរ។ យ៉ូសែប​ខំ​ធ្វើ​ការ​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​ក្រុម​គ្រួសារ​របស់​គាត់។ បន្ថែម​ទៅ​ទៀត យ៉ូសែប​បាន​លើក​ទឹក​ចិត្ត​ពួក​អ្នក​ផ្ទះ​របស់​គាត់​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា។ (​ចោ. ៤:៩, ១០​) យ៉ូសែប​បាន​យក​ក្រុម​គ្រួសារ​របស់​គាត់​ទៅ​ក្រុង​យេរូសាឡិម​«​ជា​រៀង​រាល់​ឆ្នាំ​»​ដើម្បី​ធ្វើ​បុណ្យ​រំលង ទោះ​ជា​ច្បាប់​មិន​តម្រូវ​ឲ្យ​គាត់​ធ្វើ​ដូច្នេះ​ក្ដី។ (​លូក. ២:៤១, ៤២​) នៅ​សម័យ​នោះ ឪ​ពុក​ខ្លះ​ប្រហែល​ជា​បាន​គិត​ថា​ការ​ធ្វើ​ដំណើរ​ជា​មួយ​នឹង​សមាជិក​ក្រុម​គ្រួសារ​គឺ​ពិបាក​ពេក ស៊ី​ពេល​វេលា និង​អស់​លុយ​ច្រើន។ ក៏​ប៉ុន្តែ យ៉ូសែប​ច្បាស់​ជា​បាន​ឲ្យ​តម្លៃ​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ព្រះ ហើយ​គាត់​បាន​បង្រៀន​កូន​ៗ​របស់​គាត់​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ មួយ​វិញ​ទៀត ម៉ារៀ​ស្គាល់​បទ​គម្ពីរ​យ៉ាង​ច្បាស់។ គាត់​ច្បាស់​ជា​បាន​បង្រៀន​កូន​ៗ​ឲ្យ​ស្រឡាញ់​បណ្ដាំ​របស់​ព្រះ តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​គាត់។

១៣. តើ​ប្ដី​ប្រពន្ធ​មួយ​គូ​បាន​ធ្វើ​តាម​គំរូ​របស់​យ៉ូសែប​និង​ម៉ារៀ​យ៉ាង​ដូច​ម្ដេច?

១៣ បង​នីហាត​និង​បង​អាល់ម៉ា​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ ចង់​ធ្វើ​តាម​គំរូ​របស់​យ៉ូសែប​និង​ម៉ារៀ។ តើ​នេះ​បាន​ជួយ​ពួក​គាត់​យ៉ាង​ដូច​ម្ដេច​ដើម្បី​បង្រៀន​កូន​ឲ្យ​ស្រឡាញ់​និង​បម្រើ​ព្រះ? ពួក​គាត់​និយាយ​ថា​៖ ​«​តាម​រយៈ​របៀប​រស់​នៅ​របស់​យើង យើង​បាន​ព្យាយាម​ឲ្យ​កូន​ឃើញ​ថា​ការ​រស់​នៅ​សម​ស្រប​តាម​គោល​ការណ៍​ពី​ព្រះ​យេហូវ៉ា​គឺ​ល្អ​ប្រសើរ​យ៉ាង​ណា​»។ បង​នីហាត​បន្ថែម​ថា​៖ ​«​បើ​យើង​ចង់​ឲ្យ​កូន​ទៅ​ជា​បុគ្គល​បែប​ណា យើង​ត្រូវ​ធ្វើ​ជា​បុគ្គល​បែប​នោះ​»។

១៤. ហេតុ​អ្វី​ឪ​ពុក​ម្ដាយ​ត្រូវ​ដឹង​ថា​កូន​កំពុង​សេពគប់​ជា​មួយ​នឹង​អ្នក​ណា​ខ្លះ?

១៤ ចូរ​ជួយ​កូន​របស់​អ្នក​ឲ្យ​ចេះ​ជ្រើស​រើស​មិត្ត​ល្អ។ ទាំង​ឪ​ពុក​ទាំង​ម្ដាយ​ត្រូវ​ដឹង​ថា​កូន​កំពុង​សេពគប់​ជា​មួយ​នឹង​អ្នក​ណា ហើយ​ថា​ពួក​គេ​កំពុង​ធ្វើ​អ្វី​ខ្លះ។ នេះ​រួម​បញ្ចូល​ការ​ដឹង​ថា​កូន​កំពុង​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​អ្នក​ណា​តាម​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា និង​តាម​ទូរស័ព្ទ​ដៃ។ ការ​សេពគប់​ទាំង​នោះ​អាច​មាន​ឥទ្ធិពល​លើ​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ត​របស់​កូន។—១កូ. ១៥:៣៣

១៥. តើ​ឪ​ពុក​ម្ដាយ​អាច​រៀន​អ្វី​ពី​គំរូ​របស់​បង​ចេស្ស៊ី?

១៥ តើ​ឪ​ពុក​ម្ដាយ​អាច​ធ្វើ​អ្វី បើ​ពួក​គេ​មិន​ចេះ​ប្រើ​កុំព្យូទ័រ​ឬ​គ្រឿង​អេឡិចត្រូនិក? បង​ចេស្ស៊ី​ដែល​ជា​ឪ​ពុក​ម្នាក់​នៅ​ប្រទេស​ហ្វីលីពីន​និយាយ​ថា​៖ ​«​យើង​មិន​សូវ​ចេះ​ប្រើ​គ្រឿង​អេឡិចត្រូនិក​ទេ។ ប៉ុន្តែ យើង​នៅ​តែ​បង្រៀន​កូន​ៗ​អំពី​គ្រោះ​ថ្នាក់​ដែល​អាច​មក​ពី​ការ​ប្រើ​គ្រឿង​អេឡិចត្រូនិក​»។ បង​ចេស្ស៊ី​មិន​បាន​ហាមឃាត់​កូន​មិន​ឲ្យ​ប្រើ​គ្រឿង​អេឡិចត្រូនិក ដោយ​សារ​តែ​គាត់​មិន​សូវ​ចេះ​ប្រើ​នោះ​ទេ។ គាត់​ពន្យល់​ថា​៖ ​«​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​កូន​ខ្ញុំ​ឲ្យ​ប្រើ​គ្រឿង​អេឡិចត្រូនិក​ដើម្បី​រៀន​ភាសា​ថ្មី សិក្សា​សម្រាប់​កិច្ច​ប្រជុំ និង​អាន​គម្ពីរ​រាល់​ថ្ងៃ​»។ បើ​អ្នក​ជា​ឪ​ពុក​ម្ដាយ តើ​អ្នក​បាន​អាន​និង​ពិភាក្សា​ជា​មួយ​កូន​អំពី​ការ​ណែនាំ​ដែល​ប្រកប​ដោយ​តុល្យភាព​អំពី​ការ​ផ្ញើ​សារ​និង​ការ​បង្ហោះ​រូប​ថត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​មាន​នៅ​គេហទំព័រ​jw.org® ក្នុង​ផ្នែក​«​យុវវ័យ​»​ឬ​ទេ? តើ​អ្នក​បាន​មើល​និង​ពិភាក្សា​អំពី​វីដេអូចូរ​ប្រើ​អ៊ីនធឺណិត​ដោយ​ឈ្លាស​វៃ និង​វីដេអូតើ​អ្នក​កំពុង​គ្រប់​គ្រង​គ្រឿង​អេឡិចត្រូនិក ឬ​វា​កំពុង​គ្រប់​គ្រង​អ្នក?ជា​មួយ​នឹង​ពួក​គេ​ឬ​ទេ? ព័ត៌មាន​ទាំង​នោះ​អាច​ជួយ​អ្នក​ឲ្យ​បង្រៀន​កូន​អំពី​របៀប​ប្រើ​គ្រឿង​អេឡិចត្រូនិក​ដោយ​ឈ្លាស​វៃ។—សុភ. ១៣:២០

១៦. តើ​ឪ​ពុក​ម្ដាយ​ជា​ច្រើន​បាន​ធ្វើ​អ្វី ហើយ​តើ​នោះ​មាន​លទ្ធផល​យ៉ាង​ណា?

១៦ ឪ​ពុក​ម្ដាយ​ជា​ច្រើន​ខំ​រៀប​ចំ​ឱកាស​ឲ្យ​កូន​របស់​ពួក​គេ​សេពគប់​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ទុក​គំរូ​ល្អ​ក្នុង​ការ​បម្រើ​ព្រះ។ ជា​ឧទាហរណ៍ បង​ប្រុស​ណេដេនី​និង​បង​ស្រី​បូ​មេន​ដែល​ជា​ប្ដី​ប្រពន្ធ​ពី​ប្រទេស​កូតឌីវ័រ ច្រើន​តែ​អញ្ជើញ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​ពួក​គាត់។ បង​ណេដេនី​រៀប​រាប់​ថា​៖ ​«​ការ​ធ្វើ​ដូច្នេះ​មាន​ឥទ្ធិពល​ល្អ​លើ​កូន​ប្រុស​យើង។ ក្រោយ​មក​គាត់​បាន​ចាប់​ផ្ដើម​ត្រួស​ត្រាយ ហើយ​ឥឡូវ​គាត់​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌលជំនួស​»។ តើ​អ្នក​អាច​រៀប​ចំ​ឲ្យ​កូន​របស់​អ្នក​មាន​ការ​សេពគប់​បែប​នេះ​ឬ​ទេ?

១៧​-​១៨. តើ​ឪ​ពុក​ម្ដាយ​គួរ​ចាប់​ផ្ដើម​បង្ហាត់​បង្រៀន​កូន​តាំង​ពី​ពេល​ណា?

១៧ ចូរ​ចាប់​ផ្ដើម​បង្ហាត់​បង្រៀន​កូន​តាំង​ពី​តូច។ កាល​ណា​ឪ​ពុក​ម្ដាយ​កាន់​តែ​ឆាប់​បង្ហាត់​បង្រៀន​កូន នោះ​កាន់​តែ​ប្រសើរ។ (​សុភ. ២២:៦​) សូម​គិត​អំពី​ធីម៉ូថេ។ ពេល​គាត់​ធំ​ឡើង គាត់​បាន​ធ្វើ​ដំណើរ​ជា​មួយ​នឹង​សាវ័ក​ប៉ូល។ អឺនីស​ដែល​ជា​ម្ដាយ​របស់​ធីម៉ូថេ និង​ឡូអ៊ីស​ដែល​ជា​ជីដូន​របស់​គាត់​បាន​បង្ហាត់​បង្រៀន​គាត់‹តាំង​ពី​ជា​ទារក›។—២ធី. ១:៥; ៣:១៥

១៨ បង​ប្រុស​ជីន ខ្លូត​និង​ប្រពន្ធ​ឈ្មោះ​ភី​ស​ជា​ប្ដី​ប្រពន្ធ​មួយ​គូ​ទៀត​ពី​ប្រទេស​កូតឌីវ័រ។ ពួក​គាត់​បាន​អប់រំ​កូន​ទាំង​៦​នាក់​ឲ្យ​ស្រឡាញ់​និង​បម្រើ​ព្រះ​យេហូវ៉ា។ តើ​អ្វី​បាន​ជួយ​ពួក​គាត់​ឲ្យ​ទទួល​លទ្ធផល​ដ៏​ល្អ​បែប​នេះ? ពួក​គាត់​បាន​ធ្វើ​តាម​គំរូ​អឺនីស​និង​ឡូអ៊ីស។ ពួក​គាត់​និយាយ​ថា​៖ ​«​យើង​បាន​ប្រិត​ប្រៀន​បណ្ដាំ​របស់​ព្រះ​ដល់​កូន​ៗ តាំង​ពី​ពួក​គេ​នៅ​ជា​ទារក​នៅ​ឡើយ​»។—ចោ. ៦:៦, ៧

១៩. តើ​ការ​ប្រិត​ប្រៀន​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ដល់​កូន​ៗ​រួម​បញ្ចូល​អ្វី​ខ្លះ?

១៩ តើ​ពាក្យ​«​ប្រិត​ប្រៀន​»​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ដល់​កូន​ៗ​មាន​ន័យ​យ៉ាង​ណា? ពាក្យ​ភាសា​ហេប្រឺ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ប្រិត​ប្រៀន​»​នៅ​ចោទិយកថា ៦:៧ មាន​ន័យ​ថា​«​បង្រៀន​និង​រំឭក​ជា​រឿយ​ៗ​»។ ដើម្បី​ធ្វើ​ដូច្នេះ ឪ​ពុក​ម្ដាយ​ត្រូវ​ចំណាយ​ពេល​ជា​ទៀង​ទាត់​ជា​មួយ​នឹង​កូន​របស់​ពួក​គេ។ ពេល​ខ្លះ ឪ​ពុក​ម្ដាយ​ប្រហែល​ជា​តឹង​ទ្រូង ដោយ​សារ​ពួក​គេ​ត្រូវ​ប្រាប់​កូន​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​អ្វី​ដែល​កូន​គួរ​ធ្វើ។ ក៏​ប៉ុន្តែ ឪ​ពុក​ម្ដាយ​អាច​ព្យាយាម​ចាត់​ទុក​ថា​នេះ​ជា​ឱកាស​មួយ​ដើម្បី​ជួយ​កូន​របស់​ពួក​គេ​ឲ្យ​យល់​និង​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ។

ឪ​ពុក​ម្ដាយ​ត្រូវ​ស្វែង​យល់​ថា​នឹង​បង្ហាត់​បង្រៀន​កូន​ម្នាក់​ៗ​យ៉ាង​ណា (​សូម​មើល​វគ្គ​២០​) *

២០. សូម​ពន្យល់​អំពី​របៀប​ដែល​ទំនុក​តម្កើង ១២៧:៤ ជាប់​ទាក់​ទង​នឹង​ការ​អប់រំ​កូន។

២០ ចូរ​ស្គាល់​កូន​ឲ្យ​បាន​ច្បាស់។ ទំនុក​តម្កើង ១២៧ ប្រៀប​ប្រដូច​កូន​ទៅ​នឹង​ព្រួញ។ (​សូម​អាន ទំនុក​តម្កើង ១២៧:៤) ដូច​ព្រួញ​អាច​ធ្វើ​ពី​អ្វី​ផ្សេង​ៗ​និង​មាន​ទំហំ​ខុស​ៗ​គ្នា នោះ​កូន​ម្នាក់​ៗ​មិន​ដូច​គ្នា​ទេ។ ដូច្នេះ ឪ​ពុក​ម្ដាយ​ត្រូវ​ស្វែង​យល់​ថា​នឹង​បង្ហាត់​បង្រៀន​កូន​ម្នាក់​ៗ​យ៉ាង​ណា។ ប្ដី​ប្រពន្ធ​មួយ​គូ​ពី​ប្រទេស​អ៊ីស្រាអែល​នៅ​សម័យ​នេះ ដែល​បាន​ចិញ្ចឹម​អប់រំ​កូន​ពីរ​នាក់​ដោយ​ជោគ​ជ័យ​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា ប្រាប់​អំពី​អ្វី​ដែល​បាន​ជួយ​ពួក​គេ។ ពួក​គេ​និយាយ​ថា​៖ ​«​យើង​បាន​បង្រៀន​គម្ពីរ​ដល់​កូន​យើង​នៅ​ពេល​ផ្សេង​ពី​គ្នា​»។ ប្រមុខ​ក្រុម​គ្រួសារ​នីមួយ​ៗ​នឹង​សម្រេច​ចិត្ត​ថា​តើ​ពួក​គេ​អាច​ឬ​ចាំ​បាច់​បង្រៀន​កូន​តាម​របៀប​នេះ​ឬ​យ៉ាង​ណា។

ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក

២១. តើ​ឪ​ពុក​ម្ដាយ​អាច​ទទួល​ជំនួយ​អ្វី​ពី​ព្រះ​យេហូវ៉ា?

២១ ជួន​កាល ឪ​ពុក​ម្ដាយ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ការ​បង្រៀន​កូន​គឺ​ជា​បន្ទុក​ធ្ងន់​ពេក។ ប៉ុន្តែ​កូន​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា។ លោក​តែង​តែ​ប្រុង​ប្រៀប​ជួយ​ឪ​ពុក​ម្ដាយ។ លោក​ពេញ​ចិត្ត​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ។ ម្យ៉ាង​ទៀត លោក​តប​ឆ្លើយ​នឹង​សេចក្ដី​អធិដ្ឋាន​ទាំង​នោះ​តាម​រយៈ​គម្ពីរ សៀវភៅ​ផ្សេង​ៗ​របស់​យើង ព្រម​ទាំង​យោបល់​និង​គំរូ​របស់​ឪ​ពុក​ម្ដាយ​ដែល​មាន​បទ​ពិសោធន៍​ក្នុង​ក្រុម​ជំនុំ។

២២. ក្នុង​ចំណោម​អ្វី​ដ៏​ល្អ​បំផុត​ដែល​ឪ​ពុក​ម្ដាយ​អាច​ផ្ដល់​ឲ្យ​កូន តើ​មាន​អ្វី​ខ្លះ?

២២ មនុស្ស​ខ្លះ​និយាយ​ថា​ការ​ចិញ្ចឹម​អប់រំ​កូន​គឺ​ត្រូវ​ការ​រយៈ​ពេល​២០​ឆ្នាំ ប៉ុន្តែ​តាម​ពិត​ឪ​ពុក​ម្ដាយ​ចង់​ជួយ​កូន​ៗ​អស់​មួយ​ជីវិត។ ក្នុង​ចំណោម​អ្វី​ដ៏​ល្អ​បំផុត​ដែល​ពួក​គេ​អាច​ផ្ដល់​ឲ្យ​កូន​គឺ សេចក្ដី​ស្រឡាញ់ ពេល​វេលា និង​ការ​បង្ហាត់​បង្រៀន​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ កូន​ម្នាក់​ៗ​នឹង​មាន​ប្រតិកម្ម​ខុស​ៗ​គ្នា​ចំពោះ​ការ​បង្ហាត់​បង្រៀន។ ប៉ុន្តែ កូន​ជា​ច្រើន​នាក់​ដែល​បាន​ត្រូវ​អប់រំ​ដោយ​ឪ​ពុក​ម្ដាយ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា មាន​អារម្មណ៍​ដូច​បង​ស្រី​យ៉ូអាន់ណា មេ នៅ​ទ្វីប​អាស៊ី​ដែល​និយាយ​ថា​៖ ​«​ពេល​គិត​អំពី​ការ​បង្ហាត់​បង្រៀន​ដែល​ខ្ញុំ​បាន​ទទួល​ពី​ឪ​ពុក​ម្ដាយ​ខ្ញុំ ខ្ញុំ​មាន​ចិត្ត​កតញ្ញូ​ណាស់​ដែល​ពួក​គាត់​បាន​ប្រៀន​ប្រដៅ​ខ្ញុំ ហើយ​បង្រៀន​ខ្ញុំ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ពួក​គាត់​មិន​គ្រាន់​តែ​បង្កើត​ខ្ញុំ​មក​ប៉ុណ្ណោះ​ទេ ពួក​គាត់​ក៏​ផ្ដល់​ជីវិត​ដ៏​មាន​ន័យ​ខ្លឹម​សារ​ឲ្យ​ខ្ញុំ​»។ (​សុភ. ២៣:២៤, ២៥​) គ្រិស្ត​សាសនិក​ពិត​រាប់​លាន​នាក់​ក៏​មាន​អារម្មណ៍​បែប​នេះ​ដែរ។

ចម្រៀង​លេខ​៥៩ សូម​សរសើរ​ព្រះ​យ៉ា​ជា​មួយ​នឹង​ខ្ញុំ

^ វគ្គ 5 តើ​ប្ដី​ប្រពន្ធ​គួរ​មាន​កូន​ឬ​ទេ? បើ​ពួក​គេ​សម្រេច​ចិត្ត​ថា​មាន​កូន តើ​ពួក​គេ​គួរ​យក​កូន​ប៉ុន្មាន? តើ​ពួក​គេ​អាច​បង្ហាត់​បង្រៀន​កូន​ឲ្យ​ស្រឡាញ់​និង​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? ក្នុង​អត្ថបទ​នេះ​មាន​គំរូ​ពី​សម័យ​យើង និង​គោល​ការណ៍​គម្ពីរ​ដែល​អាច​ជួយ​យើង​ឲ្យ​ឆ្លើយ​សំណួរ​ទាំង​នេះ។

^ វគ្គ 59 ការ​ពណ៌នា​អំពី​រូប​ភាព: ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ជា​គ្រិស្ត​សាសនិក​ពិត​ពិភាក្សា​គ្នា​ថា​ពួក​គេ​នឹង​យក​កូន​ឬ​មិន​យក ហើយ​ថ្លឹង​ថ្លែង​អំពី​អំណរ​និង​កាតព្វកិច្ច។

^ វគ្គ 63 ការ​ពណ៌នា​អំពី​រូប​ភាព: ដោយ​សារ​អាយុ​និង​កម្រិត​សមត្ថភាព​របស់​កូន​គឺ​ខុស​គ្នា ប្ដី​ប្រពន្ធ​មួយ​គូ​បង្រៀន​កូន​របស់​ពួក​គេ​ដោយ​ឡែក​ពី​គ្នា។