លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មូលហេតុដែលចិត្ដសុភាពគឺសំខាន់

មូលហេតុដែលចិត្ដសុភាពគឺសំខាន់

«ប្រាជ្ញាតែងនៅនឹងមនុស្សសុភាព»។—សុភាសិត ១១:២

ចម្រៀងលេខ: ៣៨, ១១

១, ២. ហេតុអ្វីព្រះលែងទទួលស្គាល់សុល? (សូមមើលរូបភាពនៅដើមអត្ថបទ)

ពេលព្រះយេហូវ៉ាបានជ្រើសរើសសុលឲ្យធ្វើជាស្ដេច សុលជាមនុស្សសុភាព។ (សាំយូអែលទី១ ៩:១, ២, ២១; ១០:២០-២៤) ប៉ុន្ដែ ក្រោយគាត់បានទៅជាស្ដេច គាត់ចាប់ផ្ដើមធ្វើអ្វីដែលគាត់គ្មានសិទ្ធិធ្វើ។ នៅពេលមួយ ជនជាតិភីលីស្ទីនរាប់ពាន់នាក់បានមកប្រយុទ្ធនឹងជនជាតិអ៊ីស្រាអែល។ សាំយូអែលដែលជាអ្នកប្រកាសទំនាយបានប្រាប់សុលថាគាត់នឹងមក ហើយជូនគ្រឿងបូជាទៅព្រះយេហូវ៉ា។ ប៉ុន្ដែ មុនសាំយូអែលបានមកដល់ ជនជាតិអ៊ីស្រាអែលចាប់ផ្ដើមភ័យខ្លាច ហើយពួកគេជាច្រើននាក់បានបោះបង់ចោលសុល។ គាត់លែងមានចិត្ដអត់ធ្មត់ ហើយជាជាងរង់ចាំសាំយូអែលឲ្យមកដល់ គាត់បានជូនគ្រឿងបូជាដោយខ្លួនឯង។ សុលមិនមានសិទ្ធិធ្វើដូច្នេះទេ ហើយព្រះយេហូវ៉ាមិនពេញចិត្ដឡើយ។—សាំយូអែលទី១ ១៣:៥-

ពេលសាំយូអែលបានមកដល់ គាត់បានប្រដៅតម្រង់សុលដោយសារសុលមិនបានស្តាប់បង្គាប់ព្រះយេហូវ៉ា។ ប៉ុន្ដែសុលមិនបានគិតថាគាត់បានធ្វើអ្វីខុសទេ។ គាត់បានព្យាយាមរកលេស ហើយថែមទាំងបានដាក់ទោសអ្នកទៀតចំពោះកំហុសរបស់ខ្លួនគាត់។ (សាំយូអែលទី១ ១៣:១០-១៤) ចាប់ពីពេលនោះមក សុលបានធ្វើអ្វីជាច្រើនទៀតដែលគាត់គ្មានសិទ្ធិធ្វើ។ ដូច្នេះ ព្រះយេហូវ៉ាលែងទទួលស្គាល់គាត់ជាស្ដេចទៀត។ (សាំយូអែលទី១ ១៥:២២, ២៣) ដំបូងសុលជាមនុស្សល្អ តែក្រោយមកគាត់ទៅជាអាក្រក់ ហើយនៅទីបំផុតគាត់ជួបអន្ដរាយ។—សាំយូអែលទី១ ៣១:១-

. () តើមនុស្សជាច្រើនមានទស្សនៈយ៉ាងណាចំពោះចិត្ដសុភាព? () តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?

សព្វថ្ងៃនេះ មនុស្សជាច្រើនមានអារម្មណ៍ថាពួកគេមិនអាចធ្វើជាមនុស្សសុភាព ហើយនៅតែមានជីវិតអាជីពដែលជោគជ័យបានទេ។ ពួកគេអួតខ្លួនដើម្បីមើលទៅដូចជាខ្លួនប្រសើរជាងអ្នកទៀត។ ជាឧទាហរណ៍ តារាភាពយន្ដដ៏ល្បីម្នាក់ដែលបានទៅជាអ្នកនយោបាយបាននិយាយថា«ចិត្ដសុភាពមិនមែនជាអ្វីដែលសំដៅមកលើខ្ញុំទាល់តែសោះ ហើយខ្ញុំសង្ឃឹមថានឹងនៅតែអ៊ីចឹងជានិច្ច»។ ប៉ុន្ដែ ហេតុអ្វីគឺសំខាន់ដែលគ្រិស្ដសាសនិកមានចិត្ដសុភាព? តើអ្វីជាចិត្ដសុភាព ហើយតើអ្វីមិនមែនជាចិត្ដសុភាព? អត្ថបទនេះនឹងផ្ដល់ចម្លើយចំពោះសំណួរទាំងនេះ។ ម្យ៉ាងទៀត ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចរក្សាចិត្ដសុភាព សូម្បីតែនៅពេលដែលយើងពិបាកធ្វើដូច្នេះក៏ដោយ។

ហេតុអ្វីចិត្ដសុភាពគឺសំខាន់?

. តើការប្រព្រឹត្ដដោយល្មើសគឺជាអ្វី?

គម្ពីរបង្ហាញថាការធ្វើអ្វីដែលខ្លួនគ្មានសិទ្ធិធ្វើគឺផ្ទុយពីការធ្វើជាមនុស្សសុភាព។ (សូមអាន សុភាសិត ១១:២) ដាវីឌបានអង្វរសុំព្រះយេហូវ៉ាថា«សូមរាំងរាទូលបង្គំជាអ្នកបំរើទ្រង់ឲ្យរួចពីបាបដែលធ្វើដោយល្មើស»។ (ទំនុកតម្កើង ១៩:១៣) តើការប្រព្រឹត្ដដោយល្មើសគឺជាអ្វី? នេះគឺជាការធ្វើអ្វីដែលយើងគ្មានសិទ្ធិធ្វើ ប្រហែលជាដោយសារយើងមានអំណួតគ្មានចិត្ដអត់ធ្មត់។ ដោយសារយើងមានភាពមិនល្អឥតខ្ចោះ យើងទាំងអស់គ្នាធ្លាប់ធ្វើអ្វីដែលយើងគ្មានសិទ្ធិធ្វើ។ ប៉ុន្ដែ ដូចដែលយើងរៀនពីគំរូរបស់ស្ដេចសុល បើការធ្វើដូច្នេះក្លាយទៅជាទម្លាប់របស់យើង នោះព្រះយេហូវ៉ានឹងមិនពេញចិត្ដ។ ទំនុកតម្កើង ១១៩:២១ចែងថា ព្រះយេហូវ៉ានឹង«បន្ទោសមនុស្សឆ្មើងឆ្មៃ»អ្នកដែលធ្វើអ្វីដែលខ្លួនគ្មានសិទ្ធិធ្វើ។ ហេតុអ្វីលោកធ្វើដូច្នេះ?

យើងបង្ហាញការគោរពចំពោះព្រះយេហូវ៉ាដោយមានចិត្ដសុភាព

. ហេតុអ្វីការធ្វើអ្វីដែលយើងគ្មានសិទ្ធិធ្វើគឺជាកំហុសធ្ងន់ធ្ងរ?

ទី១ បើយើងធ្វើអ្វីមួយដែលយើងគ្មានសិទ្ធិធ្វើ យើងមិនបង្ហាញការគោរពចំពោះព្រះយេហូវ៉ាដែលជាអ្នកគ្រប់គ្រងនិងជាព្រះរបស់យើងទេ។ ទី២ ពេលយើងធ្វើអ្វីដែលយើងគ្មានសិទ្ធិធ្វើ យើងទំនងជានឹងខ្វែងគំនិតនិងឈ្លោះប្រកែកជាមួយនឹងអ្នកទៀត។ (សុភាសិត ១៣:១០) ទី៣ យើងប្រហែលជាខ្មាសពេលអ្នកទៀតឃើញថាយើងបានធ្វើអ្វីដែលយើងគ្មានសិទ្ធិធ្វើ។ (លូកា ១៤:៨, ៩) ដូច្នេះ យើងអាចឃើញច្បាស់អំពីមូលហេតុដែលព្រះយេហូវ៉ាចង់ឲ្យយើងប្រព្រឹត្ដដោយសុភាព។

តើចិត្ដសុភាពរួមបញ្ចូលអ្វីខ្លះ?

៦, ៧. តើចិត្ដសុភាពជាប់ទាក់ទងយ៉ាងណានឹងចិត្ដរាបទាប?

ចិត្ដសុភាពជាប់ទាក់ទងយ៉ាងខ្លាំងនឹងចិត្ដរាបទាប។ គ្រិស្ដសាសនិកដែលមានចិត្ដរាបទាបមិនមានអំណួតទេ តែគាត់ចាត់ទុកអ្នកទៀតថាប្រសើរជាងខ្លួន។ (ភីលីព ២:៣) តាមធម្មតា បុគ្គលដែលមានចិត្ដរាបទាបក៏មានចិត្ដសុភាពដែរ។ គាត់ទទួលស្គាល់ថាសមត្ថភាពរបស់ខ្លួនមានកម្រិត ហើយគាត់ក៏ចេះសារភាពកំហុសរបស់ខ្លួនដោយចិត្ដរាបទាប។ គាត់សុខចិត្ដស្តាប់ទស្សនៈរបស់អ្នកទៀត ហើយរៀនពីពួកគេ។ ព្រះយេហូវ៉ាពេញចិត្ដយ៉ាងខ្លាំងនឹងបុគ្គលដែលមានចិត្ដរាបទាប។

គម្ពីរបង្ហាញថាមនុស្សសុភាពស្គាល់ខ្លួនឯងយ៉ាងច្បាស់ ហើយទទួលស្គាល់ថាមានអ្វីខ្លះដែលគាត់មិនអាចធ្វើមិនបានត្រូវអនុញ្ញាតឲ្យធ្វើ។ នេះជួយគាត់ឲ្យគោរពអ្នកទៀត ហើយប្រព្រឹត្ដចំពោះពួកគេដោយសប្បុរស។

. ដើម្បីរក្សាចិត្ដសុភាព តើយើងគួរជៀសវាងគំនិតបែបណា?

ប៉ុន្ដែ ដោយមិនដឹងខ្លួន យើងអាចចាប់ផ្ដើមគិតធ្វើអ្វីដែលបំពានសិទ្ធិរបស់អ្នកទៀត។ តើនេះអាចកើតឡើងយ៉ាងដូចម្ដេច? យើងប្រហែលជាចាប់ផ្ដើមគិតថាខ្លួនសំខាន់ជាងអ្នកទៀត ដោយសារខ្លួនយើងអ្នកដែលយើងស្គាល់ច្បាស់មានភារកិច្ចក្នុងក្រុមជំនុំ។ (រ៉ូម ១២:១៦) ឬយើងប្រហែលជាចាប់ផ្ដើមធ្វើឲ្យអ្នកទៀតចាប់អារម្មណ៍មកលើយើងខ្លាំងពេក។ (ធីម៉ូថេទី១ ២:៩, ១០) ប្រហែលជាយើងថែមទាំងចាប់ផ្ដើមប្រាប់អ្នកទៀតអំពីអ្វីដែលពួកគេគួរធ្វើមិនគួរធ្វើ។—កូរិនថូសទី១ ៤:៦

. ហេតុអ្វីបុគ្គលខ្លះបានបំពានសិទ្ធិអ្នកទៀត? សូមឲ្យឧទាហរណ៍មួយពីគម្ពីរ។

បើយើងមិនគ្រប់គ្រងលើសេចក្ដីប៉ងប្រាថ្នាខុសឆ្គង យើងអាចចាប់ផ្ដើមធ្វើអ្វីដែលយើងគ្មានសិទ្ធិធ្វើ។ មនុស្សជាច្រើនបានទៅជាអ្នកដែលបំពានសិទ្ធិអ្នកទៀតដោយសារពួកគេច្រណែនអ្នកទៀត ចង់ទទួលការសរសើរពីគេ ឬមិនបានគ្រប់គ្រងកំហឹងរបស់ខ្លួន។ នេះបានកើតឡើងចំពោះបុគ្គលខ្លះដែលបានត្រូវរៀបរាប់ក្នុងគម្ពីរដូចជាអាប់សាឡំម អូសៀស និងនេប៊ូក្នេសា។ ព្រះយេហូវ៉ាបានបង្ហាញយ៉ាងច្បាស់ថាពួកគេត្រូវមានចិត្ដរាបទាប។—សាំយូអែលទី២ ១៥:១-៦; ១៨:៩-១៧; របាក្សត្រទី២ ២៦:១៦-២១; ដានីយ៉ែល ៥:១៨-២១

១០. ហេតុអ្វីយើងគួរជៀសវាងពីការវិនិច្ឆ័យបំណងចិត្ដរបស់អ្នកទៀត? សូមលើកឧទាហរណ៍ពីគម្ពីរ។

១០ ប្រហែលជាមានមូលហេតុផ្សេងទៀតដែលជួនកាលមនុស្សមិនមានចិត្ដសុភាព។ សូមគិតអំពីអ័ប៊ីម៉្មាឡិចនិងពេត្រុស។ (លោកុប្បត្ដិ ២០:២-៧; ម៉ាថាយ ២៦:៣១-៣៥) តើបុរសពីរនាក់នេះបានប្រព្រឹត្ដលើសពីសិទ្ធិរបស់ខ្លួនឬ? ឬតើពួកគេគ្រាន់តែមិនបានយល់ច្បាស់ ឬបានប្រព្រឹត្ដដោយមិនពិចារណា? ដោយសារយើងមិនអាចឃើញអ្វីដែលនៅក្នុងចិត្ដរបស់មនុស្ស នោះយើងមិនគួរវិនិច្ឆ័យបំណងចិត្ដរបស់អ្នកទៀតឡើយ។—សូមអាន យ៉ាកុប ៤:១២

តួនាទីរបស់អ្នកក្នុងការរៀបចំរបស់ព្រះ

១១. តើយើងត្រូវយល់យ៉ាងណាអំពីតួនាទីរបស់យើងក្នុងការរៀបចំរបស់ព្រះ?

១១ មនុស្សសុភាពទទួលស្គាល់តួនាទីរបស់ខ្លួនក្នុងការរៀបចំរបស់ព្រះ។ ព្រះយេហូវ៉ាគឺជាព្រះដែលមានរបៀបរៀបរយ។ លោកបានឲ្យសមាជិកម្នាក់នៃក្រុមជំនុំមានតួនាទីរៀងខ្លួន។ យើងទាំងអស់គ្នាគឺសំខាន់ចាំបាច់។ ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងម្នាក់នូវជំនាញ អំណោយ ទេពកោសល្យ ឬសមត្ថភាពផ្សេងពីគ្នា ហើយលោកឲ្យយើងសម្រេចចិត្ដអំពីរបៀបដែលយើងនឹងប្រើអ្វីទាំងនោះ។ បើយើងមានចិត្ដសុភាព យើងនឹងប្រើអ្វីទាំងនោះដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ដ។ (រ៉ូម ១២:៤-) យើងទទួលស្គាល់ថាព្រះយេហូវ៉ាតម្រូវឲ្យយើងប្រើអ្វីទាំងនោះដើម្បីធ្វើឲ្យលោកទទួលការសរសើរតម្កើងនិងដើម្បីជួយអ្នកទៀត។—សូមអាន ពេត្រុសទី១ ៤:១០

តើយើងអាចរៀនអ្វីពីគំរូរបស់លោកយេស៊ូពេលភារកិច្ចយើងបានត្រូវផ្លាស់ប្ដូរ? (សូមមើលវគ្គ១២-១៤)

១២, ១៣. បើយើងមានការផ្លាស់ប្ដូរក្នុងកិច្ចបម្រើរបស់យើងចំពោះព្រះយេហូវ៉ា តើយើងគួរនឹកចាំអំពីអ្វីខ្លះ?

១២ កាលដែលពេលវេលាកន្លងទៅ អ្វីដែលយើងធ្វើក្នុងកិច្ចបម្រើព្រះយេហូវ៉ាប្រហែលជានឹងផ្លាស់ប្ដូរ។ ជាឧទាហរណ៍ សូមគិតអំពីការផ្លាស់ប្ដូរជាច្រើនដែលលោកយេស៊ូធ្លាប់មាន។ ដំបូង មានតែលោកនិងបិតាលោកដែលរស់នៅជាមួយគ្នា។ (សុភាសិត ៨:២២) ក្រោយមក លោកបានជួយព្រះយេហូវ៉ាក្នុងការបង្កើតទេវតា សកលលោក និងមនុស្ស។ (កូឡុស ១:១៦) ក្រោយមកទៀត លោកបានត្រូវចាត់ឲ្យមកផែនដី។ លោកបានកើតមកជាកូនមនុស្ស ហើយបានធំឡើងទៅជាមនុស្សពេញវ័យ។ (ភីលីព ២:៧) ក្រោយលោកយេស៊ូស្លាប់ លោកបានត្រឡប់ទៅស្ថានសួគ៌វិញ ហើយនៅឆ្នាំ១៩១៤លោកបានទៅជាស្ដេចនៃរាជាណាចក្ររបស់ព្រះ។ (ហេប្រឺ ២:៩) ម្យ៉ាងទៀត នៅពេលអនាគត ក្រោយលោកបានគ្រប់គ្រងជាស្ដេចអស់១.០០០ឆ្នាំ លោកយេស៊ូនឹងប្រគល់រាជាណាចក្រឲ្យព្រះយេហូវ៉ាវិញ ដើម្បីឲ្យ«ព្រះធ្វើជាអ្វីទាំងអស់ដល់មនុស្សទាំងអស់»។—កូរិនថូសទី១ ១៥:២៨

១៣ យើងក៏អាចមានការផ្លាស់ប្ដូរជាច្រើនក្នុងជីវិតរបស់យើងដែរ។ នៅពេលខ្លះ ភារកិច្ចរបស់យើងអាចផ្លាស់ប្ដូរដោយសារការសម្រេចចិត្ដរបស់យើង។ ជាឧទាហរណ៍ ពីមុនយើងនៅលីវ ហើយក្រោយមកបានសម្រេចចិត្ដរៀបការ ឬក៏យើងមានកូន។ ក្រោយមក យើងប្រហែលជាសម្រេចចិត្ដធ្វើឲ្យជីវិតរបស់យើងសាមញ្ញជាងដើម្បីយើងអាចបម្រើព្រះយេហូវ៉ាពេញពេល។ នៅពេលផ្សេងទៀត ភារកិច្ចរបស់យើងបានត្រូវផ្លាស់ប្ដូរដោយសារកាលៈទេសៈរបស់យើង។ យើងប្រហែលជាអាចធ្វើច្រើនជាង ឬយើងប្រហែលជាត្រូវធ្វើតិចជាង។ ប៉ុន្ដែ ទោះជាយើងមានវ័យក្មេងចាស់ ហើយមានសុខភាពល្អមិនល្អក្ដី ព្រះយេហូវ៉ាដឹងអំពីរបៀបដែលយើងម្នាក់អាចបម្រើលោកឲ្យបានល្អបំផុត។ លោកមិនតម្រូវឲ្យយើងធ្វើហួសពីអ្វីដែលយើងអាចធ្វើទេ។ ម្យ៉ាងទៀត លោកឲ្យតម្លៃចំពោះអ្វីដែលយើងធ្វើដើម្បីលោក។—ហេប្រឺ ៦:១០

១៤. ទោះជាយើងស្ថិតក្នុងស្ថានភាពណាក៏ដោយ តើចិត្ដសុភាពអាចជួយយើងឲ្យមានអំណរនិងការស្កប់ចិត្ដយ៉ាងដូចម្ដេច?

១៤ លោកយេស៊ូមានអំណរក្នុងភារកិច្ចណាក៏ដោយដែលព្រះយេហូវ៉ាបានឲ្យលោក ហើយយើងក៏អាចមានអំណរក្នុងភារកិច្ចរបស់យើងដែរ។ (សុភាសិត ៨:៣០, ៣១) មនុស្សសុភាពស្កប់ចិត្ដនឹងភារកិច្ចរបស់ខ្លួនក្នុងក្រុមជំនុំ។ គាត់មិនផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកទៀតកំពុងធ្វើទេ។ ផ្ទុយទៅវិញ គាត់ស្កប់ចិត្ដនឹងតួនាទីរបស់ខ្លួនក្នុងអង្គការរបស់ព្រះ ហើយគាត់ចាត់ទុកថាតួនាទីនេះមកពីព្រះយេហូវ៉ា។ មនុស្សសុភាពក៏គោរពអ្នកទៀត ហើយរីករាយគាំទ្រពួកគេ។ គាត់ទទួលស្គាល់ថាព្រះយេហូវ៉ាបានប្រគល់តួនាទីឲ្យអ្នកនោះដែរ។—រ៉ូម ១២:១០

ទស្សនៈត្រឹមត្រូវចំពោះចិត្ដសុភាព

១៥. តើយើងអាចរៀនអ្វីពីគំរូរបស់គេឌាន?

១៥ គេឌានគឺជាគំរូល្អប្រសើរស្ដីអំពីចិត្ដសុភាព។ ពេលព្រះយេហូវ៉ាបានផ្ដល់ភារកិច្ចឲ្យគាត់សង្គ្រោះជនជាតិអ៊ីស្រាអែលពីជនជាតិម៉ាឌាន គេឌានបាននិយាយថា«ទូលបង្គំជាគ្រួក្រជាងគេក្នុងពួកម៉ាន៉ាសេ ហើយទូលបង្គំក៏ជាអ្នកតូចបំផុតក្នុងពួកផ្ទះពុកទូលបង្គំផង»។ (ពួកចៅហ្វាយ ៦:១៥) ប៉ុន្ដែ គេឌានបានទុកចិត្ដព្រះយេហូវ៉ា ហើយបានទទួលភារកិច្ចនោះ។ ក្រោយមកគេឌានបានធ្វើឲ្យប្រាកដថាគាត់យល់ច្បាស់អំពីអ្វីដែលព្រះយេហូវ៉ាតម្រូវឲ្យគាត់ធ្វើ ហើយគាត់បានអធិដ្ឋានសុំការណែនាំពីលោក។ (ពួកចៅហ្វាយ ៦:៣៦-៤០) គេឌានគឺជាបុរសខ្លាំងពូកែ ហើយគាត់មានចិត្ដក្លាហាន តែគាត់ក៏ប្រុងប្រយ័ត្ន ហើយមានប្រាជ្ញាដែរ។ (ពួកចៅហ្វាយ ៦:១១, ២៧) ក្រោយមក ពេលបណ្ដាជនចង់ឲ្យគាត់គ្រប់គ្រងលើពួកគេ គាត់បានបដិសេធ។ ក្រោយពីគាត់បានធ្វើអ្វីដែលព្រះយេហូវ៉ាបានសុំឲ្យគាត់ធ្វើ គាត់បានត្រឡប់ទៅផ្ទះវិញ។—ពួកចៅហ្វាយ ៨:២២, ២៣, ២៩

១៦, ១៧. តើមនុស្សសុភាពអាចរីកចម្រើនយ៉ាងដូចម្ដេច?

១៦ បើបុគ្គលម្នាក់ទទួលភារកិច្ចថ្មីចង់ទទួលភារកិច្ចថែមទៀតក្នុងក្រុមជំនុំ នេះមិនមានន័យថាគាត់មិនមានចិត្ដសុភាពទេ។ គម្ពីរបញ្ជាក់ថាគឺជាការល្អដែលអ្នកបម្រើព្រះយេហូវ៉ាចង់បម្រើបងប្អូនរបស់គាត់ច្រើនជាង ហើយចង់រីកចម្រើនមានជំនឿន។ (ធីម៉ូថេទី១ ៤:១៣-១៥) ប៉ុន្ដែ តើយើងត្រូវទទួលភារកិច្ចថ្មីដើម្បីរីកចម្រើនទេ? មិនមែនទេ។ យើងទាំងអស់គ្នាអាចបន្ដធ្វើឲ្យបុគ្គលិកលក្ខណៈរបស់យើងជាគ្រិស្ដសាសនិកកាន់តែប្រសើរឡើង ហើយយើងអាចបន្ដបង្កើនសមត្ថភាពដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យយើង។ ពេលយើងធ្វើដូច្នេះយើងអាចបម្រើលោកយ៉ាងល្អប្រសើរជាង ហើយជួយអ្នកទៀត។

១៧ មុនមនុស្សសុភាពព្រមទទួលភារកិច្ចមួយ គាត់ស្វែងយល់ថាភារកិច្ចនោះនឹងតម្រូវឲ្យគាត់ធ្វើអ្វីខ្លះ។ គាត់អធិដ្ឋានអំពីរឿងនោះ ហើយពិចារណាឲ្យបានដិតដល់ថាគាត់អាចធ្វើកិច្ចការនោះបានយ៉ាងណា។ តើគាត់នឹងនៅតែមានពេលវេលានិងកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើអ្វីផ្សេងទៀតដែលសំខាន់ទេ? បើមិនមាន តើគាត់អាចប្រគល់កិច្ចការខ្លះដែលគាត់កំពុងធ្វើឥឡូវនេះឲ្យអ្នកទៀតទេ? ក្រោយពីមនុស្សសុភាពបានពិចារណាអំពីចំណុចទាំងនេះ ហើយឃើញថាគាត់មិនអាចធ្វើបាន គាត់ប្រហែលជានឹងសម្រេចចិត្ដថាគាត់មិនអាចបំពេញភារកិច្ចថ្មីនោះយ៉ាងពេញលេញបានទេ។ បើយើងមានចិត្ដសុភាព ជួនកាលយើងប្រហែលជាមិនព្រមទទួលភារកិច្ចណាមួយ។

១៨. () តើមនុស្សសុភាពនឹងធ្វើអ្វីពេលគាត់ទទួលភារកិច្ចថ្មី? () តើរ៉ូម ១២:៣ជួយយើងឲ្យមានចិត្ដសុភាពយ៉ាងដូចម្ដេច?

១៨ ព្រះយេហូវ៉ាចង់ឲ្យយើង«ដើរជាមួយនឹង»លោក«ដោយសុភាពរាបទាប»។ (មីកា ៦:៨) ដូច្នេះ ពេលយើងទទួលភារកិច្ចថ្មីមួយ យើងស្វែងរកការណែនាំពីលោក ហើយសុំលោកឲ្យជួយយើង ដូចដែលគេឌានបានធ្វើ។ យើងត្រូវគិតយ៉ាងជ្រាលជ្រៅអំពីអ្វីដែលព្រះយេហូវ៉ាបង្រៀនយើងតាមរយៈគម្ពីរនិងអង្គការរបស់លោក។ សូមយើងចាំថាអ្វីណាក៏ដោយដែលយើងអាចធ្វើក្នុងកិច្ចបម្រើលោក គឺមិនមែនដោយសារសមត្ថភាពរបស់យើងទេ តែគឺដោយសារព្រះយេហូវ៉ាមានចិត្ដរាបទាប ហើយពេញចិត្ដជួយយើង។ (ទំនុកតម្កើង ១៨:៣៥) មនុស្សសុភាពនឹងមិន«គិតថាខ្លួនមានតម្លៃលើសពីអ្វីដែលត្រូវគិត»នោះទេ។—សូមអានរ៉ូម ១២:៣

១៩. ហេតុអ្វីយើងគួរមានចិត្ដសុភាព?

១៩ មនុស្សសុភាពដឹងថាព្រះយេហូវ៉ាប៉ុណ្ណោះគឺសមនឹងទទួលការសរសើរទាំងអស់ ដោយសារលោកជាអ្នកបង្កើត ហើយក៏ជាបុគ្គលដែលខ្ពស់បំផុតក្នុងសកលលោក។ (ការបើកបង្ហាញ ៤:១១) បើយើងមានចិត្ដសុភាព យើងនឹងសប្បាយធ្វើអ្វីដែលយើងអាចធ្វើបានក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ យើងនឹងគោរពទស្សនៈនិងអារម្មណ៍របស់បងប្អូនយើង ហើយជាលទ្ធផលយើងទាំងអស់គ្នានឹងមានសាមគ្គីភាព។ មនុស្សសុភាពគិតយ៉ាងហ្មត់ចត់មុនគាត់ធ្វើអ្វីមួយ យ៉ាងនេះគាត់ជៀសវាងពីការធ្វើខុសធ្ងន់ធ្ងរ។ ព្រះយេហូវ៉ាពិតជាពេញចិត្ដនឹងមនុស្សសុភាព។ ដោយសារហេតុទាំងនេះ ចិត្ដសុភាពគឺសំខាន់ចំពោះរាស្ដ្រព្រះ។ ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចរក្សាចិត្ដសុភាព សូម្បីតែនៅពេលដែលយើងពិបាកធ្វើដូច្នេះក៏ដោយ។