លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹សេចក្ដីដែលអ្នកបានឮ ចូរផ្ញើទុកនឹងបុរសស្មោះត្រង់›

‹សេចក្ដីដែលអ្នកបានឮ ចូរផ្ញើទុកនឹងបុរសស្មោះត្រង់›

«សេចក្ដីដែលអ្នកបានឮ . . . ចូរផ្ញើទុកនឹងបុរសស្មោះត្រង់ រួចពួកគាត់នឹងមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីបង្រៀនសេចក្ដីនោះដល់អ្នកទៀត»។—ធីម៉ូថេទី២ ២:២

ចម្រៀងលេខ: ៤២, ៥៣

១, ២. តើមនុស្សជាច្រើនមានទស្សនៈយ៉ាងណាចំពោះការងាររបស់ពួកគេ?

មនុស្សជាច្រើនមានអារម្មណ៍ថាខ្លួនសំខាន់មិនសូវសំខាន់ដោយសារការងារដែលពួកគេធ្វើ។ ក្នុងវប្បធម៌ខ្លះ ពេលគេចាប់ផ្ដើមស្គាល់បុគ្គលណាម្នាក់ តាមធម្មតាគេសួរថា «តើអ្នកធ្វើការអ្វី?»។

គម្ពីររៀបរាប់អំពីមនុស្សខ្លះដោយប្រាប់ថាពួកគេមានការងារបែបណា។ ជាឧទាហរណ៍ គម្ពីរចែងអំពី«ម៉ាថាយដែលជាអ្នកយកពន្ធ»«ស៊ីម៉ូន ជាអ្នកសម្លាប់ស្បែក» និង‹លូកាដែលជាគ្រូពេទ្យជាទីស្រឡាញ់›។ (ម៉ាថាយ ១០:៣; សកម្មភាព ១០:៦; កូឡុស ៤:១៤) គម្ពីរក៏បានរៀបរាប់អំពីភារកិច្ចដែលមនុស្សមានក្នុងកិច្ចបម្រើព្រះយេហូវ៉ាដែរ។ សូមគិតអំពីស្ដេចដាវីឌ អេលីយ៉ាដែលជាអ្នកប្រកាសទំនាយ និងសាវ័កប៉ូល។ បុរសទាំងនេះបានឲ្យតម្លៃចំពោះភារកិច្ចដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យពួកគាត់។ យើងក៏គួរឲ្យតម្លៃចំពោះភារកិច្ចណាក៏ដោយដែលយើងមានក្នុងកិច្ចបម្រើព្រះយេហូវ៉ា។

. ហេតុអ្វីបងប្អូនវ័យចាស់ត្រូវបង្ហាត់បង្រៀនបងប្អូនដែលមានវ័យក្មេងជាង? (សូមមើលរូបភាពនៅដើមអត្ថបទ)

យើងពិតជាចូលចិត្ដបម្រើព្រះយេហូវ៉ា ហើយយើងឲ្យតម្លៃចំពោះភារកិច្ចរបស់យើង។ យើងជាច្រើននាក់ចូលចិត្ដកិច្ចការរបស់យើងខ្លាំងដល់ម៉្លេះបានជាយើងសង្ឃឹមថាយើងអាចបន្ដធ្វើកិច្ចការនោះឲ្យយូរបំផុតតាមដែលអាចធ្វើបាន។ ប៉ុន្ដែ គួរឲ្យស្តាយណាស់ ពេលមនុស្សចាស់ទៅ ពួកគេមិនអាចធ្វើអ្វីទាំងអស់ដែលពួកគេធ្លាប់ធ្វើដូចពេលនៅក្មេងទេ។ (សាស្តា ១:៤) ចំពោះរាស្ដ្ររបស់ព្រះយេហូវ៉ា នេះគឺពិបាក។ នៅសព្វថ្ងៃនេះ កិច្ចការផ្សព្វផ្សាយបន្ដកើនឡើង ហើយអង្គការរបស់ព្រះយេហូវ៉ាកំពុងប្រើបច្ចេកវិទ្យាទំនើបដើម្បីផ្សព្វផ្សាយដំណឹងល្អដល់មនុស្សឲ្យបានច្រើនបំផុត។ ប៉ុន្ដែ ជួនកាលប្រហែលជាពិបាកសម្រាប់បងប្អូនវ័យចាស់ឲ្យរៀនរបៀបថ្មីដើម្បីធ្វើអ្វីផ្សេងៗ។ (លូកា ៥:៣៩) ម្យ៉ាងទៀត គឺជាការធម្មតាដែលមនុស្សថយកម្លាំងខ្លះកាលដែលពួកគេកាន់តែចាស់ទៅៗ។ (សុភាសិត ២០:២៩) ដូច្នេះ ពេលបងប្អូនវ័យចាស់បង្ហាត់បង្រៀនបងប្អូនដែលមានវ័យក្មេងជាងឲ្យទទួលភារកិច្ចថែមទៀតក្នុងអង្គការរបស់ព្រះយេហូវ៉ា នេះមានប្រយោជន៍ ហើយក៏ជាអ្វីដែលបង្ហាញនូវសេចក្ដីស្រឡាញ់។—សូមអាន ទំនុកតម្កើង ៧១:១៨

. ហេតុអ្វីអ្នកខ្លះពិបាកប្រគល់ភារកិច្ចឲ្យអ្នកទៀត? (សូមមើលប្រអប់ដែលមានចំណងជើងថា « មូលហេតុដែលយើងប្រហែលជាពិបាកប្រគល់ភារកិច្ចឲ្យអ្នកទៀត»)

អ្នកដែលមានអំណាចមិនតែងតែងាយស្រួលប្រគល់ភារកិច្ចឲ្យមនុស្សដែលមានវ័យក្មេងជាងទេ។ បងប្អូនប្រុសប្រហែលជាឈឺចិត្ដពេលគិតថាពួកគាត់នឹងលែងមានភារកិច្ចដែលពួកគាត់ចូលចិត្ដយ៉ាងខ្លាំង។ ពួកគាត់ប្រហែលជាពិបាកចិត្ដពេលគិតអំពីការលះបង់កិច្ចការដែលពួកគាត់ចូលចិត្ដ។ ឬពួកគាត់ប្រហែលជាព្រួយបារម្ភថាបើពួកគាត់មិនបានដឹកនាំកិច្ចការនោះទេ កិច្ចការនោះនឹងអន់ថយជាងមុន។ ពួកគាត់ប្រហែលជាមានអារម្មណ៍ថាពួកគាត់មិនមានពេលគ្រប់គ្រាន់ដើម្បីបង្ហាត់បង្រៀនអ្នកទៀតឡើយ។ នៅដំណាលគ្នានោះ បងប្អូនប្រុសដែលមានវ័យក្មេងជាងត្រូវមានចិត្ដអត់ធ្មត់ពេលពួកគាត់មិនបានទទួលភារកិច្ចថែមទៀត។

. តើយើងនឹងពិចារណាសំណួរអ្វីខ្លះក្នុងអត្ថបទនេះ?

ដូច្នេះ ហេតុអ្វីជាការសំខាន់ដែលបងប្អូនវ័យចាស់ជួយបងប្អូនដែលមានវ័យក្មេងជាងឲ្យទទួលភារកិច្ចថែមទៀត? តើពួកគាត់អាចធ្វើដូច្នេះយ៉ាងដូចម្ដេច? (ធីម៉ូថេទី២ ២:២) ម្យ៉ាងទៀត កាលដែលបងប្អូនដែលមានវ័យក្មេងជាងធ្វើកិច្ចការជាមួយនឹងបងប្អូនដែលមានអាយុនិងបទពិសោធន៍ច្រើនជាង ពួកគេត្រូវមានចិត្ដគំនិតត្រឹមត្រូវនិងរៀនពីបងប្អូនទាំងនោះ។ ហេតុអ្វីត្រូវធ្វើដូច្នេះ? មុនដំបូង សូមយើងពិចារណាអំពីរបៀបដែលស្ដេចដាវីឌបានជួយកូនប្រុសរបស់គាត់ឲ្យរៀបចំសម្រាប់កិច្ចការដ៏សំខាន់មួយ។

ដាវីឌបានជួយសាឡូម៉ូនឲ្យរៀបចំ

. តើស្ដេចដាវីឌចង់ធ្វើអ្វី? តើព្រះយេហូវ៉ាបានប្រាប់គាត់យ៉ាងណា?

អស់ជាច្រើនឆ្នាំ ដាវីឌបានត្រូវគេបៀតបៀន ហើយត្រូវរើពីកន្លែងមួយទៅកន្លែងមួយ។ ក្រោយពីគាត់បានទៅជាស្ដេច គាត់បានរស់នៅក្នុងផ្ទះដ៏ស្អាតមួយ។ ដូច្នេះ គាត់បានប្រាប់ណាថាន់ដែលជាអ្នកប្រកាសទំនាយថា«មើលខ្ញុំនៅក្នុងដំណាក់ធ្វើពីឈើតាត្រៅ តែហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាមានតែសំពត់បាំងប៉ុណ្ណោះ»។ ដាវីឌចង់សង់វិហារដ៏ស្អាតមួយជូនព្រះយេហូវ៉ា។ ណាថាន់បានប្រាប់គាត់ថា«សូមទ្រង់ធ្វើតាមគ្រប់ទាំងសេចក្ដីប្រាថ្នាដែលនៅក្នុងព្រះទ័យចុះ ដ្បិតព្រះទ្រង់គង់ជាមួយនឹងទ្រង់ហើយ»។ ប៉ុន្ដែ នេះមិនមែនជាអ្វីដែលព្រះយេហូវ៉ាចង់ឲ្យធ្វើទេ។ លោកបានមានប្រសាសន៍ទៅណាថាន់ឲ្យប្រាប់ដាវីឌថា«មិនត្រូវឲ្យឯងស្អាងព្រះវិហារឲ្យអញបាននៅនោះឡើយ»។ ទោះជាព្រះយេហូវ៉ាបានសន្យានឹងដាវីឌថាលោកនឹងនៅជាមួយនឹងគាត់ជានិច្ចក៏ដោយ លោកបានឲ្យដាវីឌដឹងថាកូនប្រុសម្នាក់របស់គាត់នឹងសង់វិហារ។ តើដាវីឌមានប្រតិកម្មយ៉ាងណា?—របាក្សត្រទី១ ១៧:១-៤, ៨, ១១, ១២; ២៩:១

. តើដាវីឌមានប្រតិកម្មយ៉ាងណាចំពោះការណែនាំរបស់ព្រះយេហូវ៉ា?

ដាវីឌពិតជាចង់សង់វិហារជូនព្រះយេហូវ៉ា ដូច្នេះគាត់ប្រហែលជាបានខកចិត្ដយ៉ាងខ្លាំង។ ប៉ុន្ដែ គាត់នៅតែគាំទ្រយ៉ាងពេញលេញនូវគម្រោងដែលសាឡូម៉ូនជាកូនប្រុសគាត់នឹងដឹកនាំ។ ដាវីឌបានជួយចាត់ចែងអ្នកសាងសង់ និងប្រមូលដែក ស្ពាន់ ប្រាក់ មាស និងឈើ។ គាត់មិនបានបារម្ភថាអ្នកណានឹងទទួលការសរសើរនិងកិត្ដិយសជាអ្នកសង់វិហារនោះទេ ហើយនៅពេលក្រោយមក វិហារនោះបានត្រូវគេស្គាល់ជាវិហារសាឡូម៉ូនមែន។ គាត់បានលើកទឹកចិត្ដសាឡូម៉ូនដោយនិយាយថា«កូនអើយ សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯង ហើយសូមឲ្យឯងបានចំរើនឡើងដើម្បីស្អាងព្រះវិហារនៃព្រះយេហូវ៉ាជាព្រះនៃឯង ដូចជាទ្រង់បានមានបន្ទូលពីដំណើរឯងហើយ»។—របាក្សត្រទី១ ២២:១១, ១៤-១៦

. ហេតុអ្វីដាវីឌប្រហែលជាមានទស្សនៈថាសាឡូម៉ូនមិនមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីសង់វិហារ? ប៉ុន្ដែ តើដាវីឌបានធ្វើអ្វី?

សូមអាន របាក្សត្រទី១ ២២:៥ដាវីឌប្រហែលជាមានទស្សនៈថាសាឡូម៉ូនមិនទាន់មានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីដឹកនាំគម្រោងដ៏សំខាន់បែបនោះទេ។ វិហារនោះត្រូវតែ«រុងរឿងយ៉ាងក្រៃលែង» ហើយសាឡូម៉ូន«នៅក្មេងខ្ចីពេកណាស់»និងខ្វះបទពិសោធន៍។ ប៉ុន្ដែ ដាវីឌបានដឹងថាព្រះយេហូវ៉ានឹងជួយសាឡូម៉ូនឲ្យធ្វើកិច្ចការដ៏ពិសេសនេះ។ ដូច្នេះ ដាវីឌខំអស់ពីសមត្ថភាពដើម្បីជួយគាត់ឲ្យរៀបចំគម្រោងដ៏ធំមួយនេះ។

ចូរសប្បាយរីករាយក្នុងការបង្ហាត់បង្រៀនអ្នកទៀត

យើងសប្បាយចិត្ដពេលយើងឃើញបុរសដែលមានវ័យក្មេងជាងកំពុងទទួលភារកិច្ចថែមទៀត (សូមមើលវគ្គ)

. ហេតុអ្វីបងប្អូនប្រុសដែលមានវ័យចាស់មិនគួរធ្លាក់ទឹកចិត្ដពេលពួកគាត់ត្រូវប្រគល់ភារកិច្ចឲ្យអ្នកទៀត? សូមលើកឧទាហរណ៍មួយ។

បងប្អូនប្រុសវ័យចាស់មិនគួរធ្លាក់ទឹកចិត្ដពេលពួកគាត់ត្រូវប្រគល់ភារកិច្ចខ្លះឲ្យបងប្អូនប្រុសដែលមានវ័យក្មេងជាងនោះទេ។ យើងទាំងអស់គ្នាទទួលស្គាល់ថាអ្វីដែលសំខាន់បំផុតគឺកិច្ចការរបស់ព្រះយេហូវ៉ា។ ការបង្ហាត់បង្រៀនបងប្អូនប្រុសដែលមានវ័យក្មេងជាងឲ្យបំពេញភារកិច្ចផ្សេងនឹងជួយឲ្យកិច្ចការនេះកាន់តែជឿនទៅមុខ។ សូមគិតអំពីរឿងនេះ។ ពេលអ្នកនៅក្មេង អ្នកទំនងជាមើលពុកអ្នកបើកម៉ូតូរបស់គាត់។ កាលដែលអ្នកកាន់តែធំឡើង គាត់បានពន្យល់អ្នកអំពីអ្វីដែលគាត់កំពុងធ្វើ។ នៅពេលអ្នកគ្រប់អាយុបើកបរតាមច្បាប់ អ្នកចាប់ផ្ដើមជិះម៉ូតូដោយខ្លួនឯង។ សូម្បីតែនៅពេលនោះ ឪពុករបស់អ្នកនៅតែឲ្យឱវាទដល់អ្នក។ ជួនកាលអ្នកដាក់វេនគ្នាឌុប។ ប៉ុន្ដែ កាលដែលពុករបស់អ្នកកាន់តែចាស់ទៅៗ អ្នកបានឌុបគាត់ស្ទើរតែរាល់ដង។ តើពុករបស់អ្នកឈឺចិត្ដទេ? គាត់មិនឈឺចិត្ដទេ គាត់ទំនងជាសប្បាយចិត្ដដែលអ្នកឌុបគាត់។ ស្រដៀងគ្នាដែរ បងប្អូនប្រុសដែលមានវ័យចាស់សប្បាយចិត្ដពេលឃើញប្អូនប្រុសដែលមានវ័យក្មេងជាងដែលពួកគាត់បានបង្ហាត់បង្រៀនមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីទទួលភារកិច្ចផ្សេងក្នុងអង្គការរបស់ព្រះយេហូវ៉ា។

១០. តើម៉ូសេមានអារម្មណ៍យ៉ាងណាចំពោះការទទួលកិត្ដិយសនិងការមានអំណាច?

១០ យើងត្រូវប្រុងប្រយ័ត្នមិនច្រណែននឹងភារកិច្ចរបស់អ្នកទៀត។ យើងអាចរៀនពីរបៀបដែលម៉ូសេបានប្រព្រឹត្ដពេលជនជាតិអ៊ីស្រាអែលខ្លះបានចាប់ផ្ដើមធ្វើដូចអ្នកប្រកាសទំនាយ។ (សូមអាន ជនគណនា ១១:២៤-២៩) យ៉ូស្វេចង់បញ្ឈប់ពួកគេ ប៉ុន្ដែម៉ូសេបាននិយាយថា«តើឯងច្រណែនជំនួសអញអី? អញសុខចិត្ដឲ្យបណ្ដាជនទាំងឡាយរបស់ព្រះយេហូវ៉ាចេះទាយដែរ ហើយឲ្យព្រះយេហូវ៉ាបានដាក់ព្រះវិញ្ញាណទ្រង់លើគេគ្រប់គ្នាចុះ!»។ ម៉ូសេបានដឹងថាព្រះយេហូវ៉ាកំពុងដឹកនាំកិច្ចការនោះ។ ជាជាងស្វែងរកកិត្ដិយសសម្រាប់ខ្លួន ម៉ូសេចង់ឲ្យអ្នកបម្រើទាំងអស់របស់ព្រះយេហូវ៉ាមានភារកិច្ច។ ចុះយ៉ាងណាយើងវិញ? ពេលអ្នកទៀតទទួលភារកិច្ចក្នុងកិច្ចបម្រើព្រះយេហូវ៉ា តើយើងមានចិត្ដសប្បាយទេ?

១១. តើបងប្រុសម្នាក់និយាយយ៉ាងណាអំពីការប្រគល់ភារកិច្ចឲ្យអ្នកទៀត?

១១ មានបងប្អូនប្រុសជាច្រើននាក់ដែលបានខំប្រឹងយ៉ាងខ្លាំងអស់ជាច្រើនទសវត្សរ៍មកហើយក្នុងកិច្ចបម្រើព្រះយេហូវ៉ា ហើយដែលបានបង្ហាត់បង្រៀនបងប្អូនប្រុសដែលមានវ័យក្មេងជាងឲ្យទទួលភារកិច្ចថែមទៀត។ ជាឧទាហរណ៍ បងប្រុសម្នាក់ឈ្មោះភីធើ បានបម្រើពេញពេលអស់៧៤ឆ្នាំ ហើយសម្រាប់រយៈពេល៣៥ឆ្នាំក្នុងកិច្ចបម្រើនោះគាត់បានបម្រើនៅការិយាល័យសាខាមួយនាទ្វីបអឺរ៉ុប។ គាត់បានធ្វើជាអ្នកត្រួតពិនិត្យនៅការិយាល័យខាងកិច្ចបម្រើអស់ជាច្រើនឆ្នាំ។ ក្រោយមក ភារកិច្ចនោះបានត្រូវប្រគល់ឲ្យបងផលដែលមានវ័យក្មេងជាង ហើយដែលបានទទួលការបង្ហាត់បង្រៀនពីបងភីធើ។ តើបងភីធើមិនសប្បាយចិត្ដអំពីការផ្លាស់ប្ដូរនេះទេ? មិនមែនទេ។ គាត់បាននិយាយថា«ខ្ញុំសប្បាយចិត្ដខ្លាំងណាស់ដែលមានបងប្អូនប្រុសដែលបានត្រូវបង្ហាត់បង្រៀនដើម្បីទទួលភារកិច្ចច្រើនជាង ហើយដែលកំពុងបំពេញភារកិច្ចយ៉ាងល្អប្រសើរ»។

ចូរឲ្យតម្លៃចំពោះបងប្អូនដែលមានវ័យចាស់ជាង

១២. តើយើងអាចរៀនអ្វីពីគំរូរបស់រេហូបោម?

១២ ពេលរេហូបោមដែលជាកូនប្រុសរបស់សាឡូម៉ូនបានទៅជាស្ដេច គាត់បានសុំយោបល់ពីមនុស្សវ័យចាស់អំពីរបៀបដែលគាត់អាចបំពេញភារកិច្ចថ្មីរបស់គាត់។ ប៉ុន្ដែ ក្រោយមកគាត់មិនព្រមធ្វើតាមយោបល់ពីពួកគាត់ទេ! ជាជាងធ្វើតាមយោបល់ពីមនុស្សវ័យចាស់ទាំងនោះ គាត់បានធ្វើតាមយោបល់ពីមនុស្សវ័យក្មេងជាងដែលមានអាយុស្រករគាត់។ នេះបាននាំឲ្យមានអន្ដរាយ។ (របាក្សត្រទី២ ១០:៦-១១, ១៩) តើយើងអាចទាញមេរៀនអ្វី? គឺជាការឈ្លាសវៃដែលយើងសុំយោបល់ពីអ្នកដែលមានវ័យចាស់ជាងនិងដែលមានបទពិសោធន៍ច្រើនជាងយើង។ បងប្អូនដែលមានវ័យក្មេងជាងមិនគួរមានអារម្មណ៍ថាពួកគេត្រូវបន្ដធ្វើកិច្ចការផ្សេងតាមរបៀបដែលធ្លាប់ធ្វើពីមុនទេ។ ប៉ុន្ដែ បងប្អូនដែលមានវ័យក្មេងជាងគួរបង្ហាញការគោរពយ៉ាងស្មោះចំពោះយោបល់របស់បងប្អូនដែលមានវ័យចាស់ជាង ហើយមិនគួរឆាប់សន្និដ្ឋានថារបៀបដែលពួកគាត់ធ្វើអ្វីមួយគឺមិនល្អនោះទេ។

១៣. តើបងប្អូនដែលមានវ័យក្មេងជាងគួរបំពេញភារកិច្ចរបស់ពួកគេយ៉ាងដូចម្ដេច?

១៣ ជួនកាលបងប្អូនប្រុសវ័យក្មេងទទួលភារកិច្ចឲ្យត្រួតពិនិត្យលើកិច្ចការរបស់បងប្រុសដែលមានវ័យចាស់ជាងនិងមានបទពិសោធន៍ច្រើនជាង។ គឺជាការឈ្លាសវៃដែលពួកគេរៀនពីបងប្អូនប្រុសវ័យចាស់ទាំងនោះ។ ក្នុងឧទាហរណ៍ដែលយើងបានរៀបរាប់នៅខាងលើ ក្រោយពីបងផលបានទទួលភារកិច្ចរបស់បងភីធើឲ្យធ្វើជាអ្នកត្រួតពិនិត្យផ្នែកមួយនៃបេតអែល គាត់បាននិយាយថា«ខ្ញុំបានចំណាយពេលដើម្បីស្វែងរកឱវាទពីបងភីធើ ហើយខ្ញុំបានលើកទឹកចិត្ដអ្នកទៀតដែលបម្រើក្នុងផ្នែកនោះឲ្យធ្វើដូចគ្នា»។

ប៉ូលបានចំណាយពេលដើម្បីបង្រៀនធីម៉ូថេ ហើយធីម៉ូថេបានអនុវត្ដអ្វីដែលគាត់បានរៀន

១៤. តើយើងរៀនអ្វីពីរបៀបដែលធីម៉ូថេនិងសាវ័កប៉ូលបានរួមធ្វើការជាមួយគ្នា?

១៤ ធីម៉ូថេមានវ័យក្មេងជាងសាវ័កប៉ូលឆ្ងាយណាស់ តែពួកគាត់បានរួមធ្វើការជាមួយគ្នាអស់ជាច្រើនឆ្នាំ។ (សូមអាន ភីលីព ២:២០-២២) ប៉ូលបានប្រាប់គ្រិស្ដសាសនិកនៅក្រុងកូរិនថូសថា«ខ្ញុំនឹងចាត់ធីម៉ូថេឲ្យមកអ្នករាល់គ្នា ព្រោះគាត់ជាកូនដ៏ស្មោះត្រង់និងជាទីស្រឡាញ់របស់ខ្ញុំក្នុងលោកម្ចាស់។ គាត់នឹងរំលឹកអ្នករាល់គ្នាអំពីវិធីផ្សេងដែលខ្ញុំប្រើក្នុងកិច្ចបម្រើគ្រិស្ដយេស៊ូ ដូចខ្ញុំបង្រៀនក្នុងក្រុមជំនុំទាំងឡាយនៅគ្រប់ទីកន្លែង»។ (កូរិនថូសទី១ ៤:១៧) ដូច្នេះ យើងអាចឃើញយ៉ាងច្បាស់ថាប៉ូលនិងធីម៉ូថេបានរួមធ្វើការជាមួយគ្នាយ៉ាងល្អ ហើយបានគាំទ្រគ្នាទៅវិញទៅមក។ ប៉ូលបានចំណាយពេលដើម្បីបង្រៀនធីម៉ូថេ‹អំពីវិធីផ្សេងដែលគាត់ប្រើក្នុងកិច្ចបម្រើគ្រិស្ដ› ហើយធីម៉ូថេបានអនុវត្ដអ្វីដែលគាត់បានរៀន។ ប៉ូលស្រឡាញ់ធីម៉ូថេ ហើយបានជឿជាក់ថាគាត់នឹងថែរក្សាបងប្អូនរួមជំនឿនៅក្រុងកូរិនថូសយ៉ាងល្អ។ ពួកអ្នកចាស់ទុំអាចយកតម្រាប់សាវ័កប៉ូលកាលដែលពួកគាត់បង្ហាត់បង្រៀនបុរសទៀតឲ្យនាំមុខក្នុងក្រុមជំនុំ។

យើងម្នាក់មានតួនាទីដ៏សំខាន់

១៥. តើរ៉ូម ១២:៣-អាចជួយយើងយ៉ាងណាពេលយើងប្រឈមមុខនឹងការផ្លាស់ប្ដូរ?

១៥ យើងកំពុងរស់នៅក្នុងគ្រាដ៏គួរឲ្យរំភើបចិត្ដ។ តាមរបៀបផ្សេងជាច្រើន អង្គការរបស់ព្រះយេហូវ៉ាផ្នែកនៅផែនដីកំពុងរីកចម្រើន។ នេះមានន័យថានឹងបន្ដមានការផ្លាស់ប្ដូរ។ ការផ្លាស់ប្ដូរខ្លះទាំងនោះមានឥទ្ធិពលលើយើងផ្ទាល់ ហើយគឺមិនងាយស្រួលសម្រាប់យើងទេ។ បើយើងមានចិត្ដរាបទាប ហើយផ្ដោតអារម្មណ៍ទៅលើអ្វីដែលល្អសម្រាប់កិច្ចការរាជាណាចក្រព្រះជាជាងផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងចង់ធ្វើ នោះនឹងជួយយើង។ ពេលយើងធ្វើដូច្នេះ យើងរក្សាឲ្យមានសាមគ្គីភាព។ ប៉ូលបានសរសេរទៅគ្រិស្ដសាសនិកនៅក្រុងរ៉ូមថា«ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នានៅទីនោះថា កុំគិតថាខ្លួនមានតម្លៃលើសពីអ្វីដែលត្រូវគិត»។ បន្ទាប់មក គាត់បានពន្យល់ថាដូចអវយវៈនីមួយនៃរូបកាយរបស់យើងមានមុខងារខុសគ្នា នោះសមាជិកម្នាក់នៃក្រុមជំនុំក៏មានតួនាទីផ្សេងពីគ្នាដែរ។—រ៉ូម ១២:៣-

រាស្ដ្រទាំងអស់របស់ព្រះយេហូវ៉ាចង់គាំទ្ររាជាណាចក្រព្រះ ហើយចង់ធ្វើអ្វីណាក៏ដោយដែលពួកគេបានត្រូវសុំឲ្យធ្វើ

១៦. ដើម្បីរក្សាសេចក្ដីសុខសាន្ដនិងសាមគ្គីភាពក្នុងអង្គការរបស់ព្រះយេហូវ៉ា តើគ្រិស្ដសាសនិកម្នាក់អាចធ្វើអ្វីខ្លះ?

១៦ រាស្ដ្រទាំងអស់របស់ព្រះយេហូវ៉ាចង់គាំទ្ររាជាណាចក្រព្រះ ហើយចង់ធ្វើអ្វីណាក៏ដោយដែលពួកគេបានត្រូវសុំឲ្យធ្វើ។ បងប្រុសដែលមានវ័យចាស់អាចបង្ហាត់បង្រៀនបងប្អូនប្រុសដែលមានវ័យក្មេងជាង។ បងប្អូនប្រុសដែលមានវ័យក្មេងជាងអាចទទួលភារកិច្ចថែមទៀតដោយមានចិត្ដសុភាពនិងដោយបង្ហាញការគោរព។ ម្យ៉ាងទៀត បងប្អូនប្រុសដែលបានរៀបការហើយពិតជាមានចិត្ដកតញ្ញូណាស់ចំពោះការគាំទ្រពីប្រពន្ធរបស់ពួកគាត់ សូម្បីតែនៅពេលដែលកាលៈទេសៈបានត្រូវផ្លាស់ប្ដូរក្ដី។ ស្ដ្រីទាំងនេះអាចយកតម្រាប់ព្រីស៊ីលដែលបានសហការយ៉ាងស្មោះត្រង់ជាមួយនឹងអាគីឡាដែលជាប្ដីរបស់គាត់។—សកម្មភាព ១៨:២

១៧. តើលោកយេស៊ូបានបង្ហាត់បង្រៀនអ្នកកាន់តាមលោកឲ្យធ្វើអ្វី?

១៧ លោកយេស៊ូបានទុកគំរូដ៏ល្អបំផុតស្ដីអំពីការបង្ហាត់បង្រៀនអ្នកទៀតដោយចិត្ដសប្បាយ។ លោកយេស៊ូបានដឹងថាអ្នកទៀតនឹងត្រូវបន្ដធ្វើកិច្ចការរបស់លោក។ លោកដឹងថាអ្នកកាន់តាមលោកគឺជាមនុស្សមិនល្អឥតខ្ចោះ។ ប៉ុន្ដែ លោកមានទំនុកចិត្ដថាពួកគេនឹងធ្វើឲ្យដំណឹងល្អសុសសាយកាន់តែច្រើនជាងលោកបានធ្វើទៅទៀត។ (យ៉ូហាន ១៤:១២) លោកបានបង្ហាត់បង្រៀនពួកគេយ៉ាងល្អ ហើយពួកគេបានផ្សព្វផ្សាយនៅគ្រប់ប្រទេសដែលពួកគេអាចទៅបាន។—កូឡុស ១:២៣

១៨. តើយើងនឹងមានកិច្ចការអ្វីនៅពេលអនាគត? នៅឥឡូវនេះ តើយើងមានកិច្ចការអ្វី?

១៨ ក្រោយពីលោកយេស៊ូស្លាប់ ព្រះយេហូវ៉ាបានប្រោសលោកឲ្យរស់ឡើងវិញ ហើយបានផ្ដល់កិច្ចការថែមទៀតឲ្យលោក ព្រមទាំងឲ្យលោកមានអំណាច‹ខ្ពង់ខ្ពស់ជាងគ្រប់រដ្ឋាភិបាល អំណាច ឫទ្ធានុភាព និងការគ្រប់គ្រង›។ (អេភេសូរ ១:១៩-២១) ទោះជាយើងស្លាប់ក្នុងនាមជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាមុនសង្គ្រាមហាម៉ាគេដូនក្ដី យើងនឹងរស់ម្ដងទៀត ហើយមានកិច្ចការជាច្រើនដែលគាប់ចិត្ដនៅក្នុងពិភពលោកថ្មី។ ម្យ៉ាងទៀត នៅឥឡូវនេះយើងមានភារកិច្ចដ៏គួរឲ្យរំភើបចិត្ដ ពោលគឺការផ្សព្វផ្សាយដំណឹងល្អនិងការជួយអ្នកទៀតឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្ដ។ ដូច្នេះ ទោះជាយើងជាមនុស្សវ័យក្មេងចាស់ក៏ដោយ យើងម្នាក់អាចបន្ដ«ជាប់រវល់ក្នុងកិច្ចការដ៏ច្រើនរបស់លោកម្ចាស់»។—កូរិនថូសទី១ ១៥:៥៨