ចូរកត់សម្គាល់ភាពខុសគ្នារវាងអ្នកដែលបម្រើព្រះយេហូវ៉ានិងអ្នកដែលមិនបម្រើលោក
«ឯងរាល់គ្នានឹង . . . ចេះញែក[មនុស្ស]សុចរិតនឹង[មនុស្ស]អាក្រក់ចេញពីគ្នា»។—ម៉ាឡាគី ៣:១៨
ចម្រៀងលេខ: ២៩, ៥៣
១, ២. តើអ្នកបម្រើរបស់ព្រះនៅសព្វថ្ងៃនេះប្រឈមមុខនឹងការពិបាកអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)
គ្រូពេទ្យនិងគិលានុបដ្ឋាកជាច្រើនធ្វើការនៅកន្លែងដែលមានមនុស្សដែលមានជំងឺឆ្លង។ ពួកគេថែទាំអ្នកជំងឺដោយសារពួកគេចង់ជួយអ្នកនោះ។ ប៉ុន្ដែ ពួកគេក៏ត្រូវតែការពារខ្លួនដើម្បីកុំឲ្យឆ្លងជំងឺទាំងនោះពីអ្នកជំងឺ។ ក្នុងនាមជាអ្នកបម្រើព្រះយេហូវ៉ា យើងស្ថិតនៅក្នុងស្ថានភាពស្រដៀងនឹងនេះ។ យើងជាច្រើននាក់ធ្វើការនិងរស់នៅជាមួយនឹងមនុស្សដែលមានចិត្ដគំនិតនិងគុណវិបត្ដិដែលខុសគ្នាទាំងស្រុងពីគុណសម្បត្ដិរបស់ព្រះ។ នេះប្រហែលជាពិបាកសម្រាប់យើង។
២ នៅគ្រាចុងក្រោយនៃរបៀបរបបពិភពលោកនេះ មនុស្សដែលមិនស្រឡាញ់ព្រះមិនអើពើនឹងខ្នាតតម្រារបស់លោកស្ដីអំពីអ្វីដែលខុសនិងអ្វីដែលត្រូវទេ។ សាវ័កប៉ូលបានរៀបរាប់អំពីគុណវិបត្ដិរបស់ពួកគេពេលគាត់បានសរសេរសំបុត្ររបស់គាត់ទៅកាន់ធីម៉ូថេ។ ប៉ូលបាននិយាយថាមនុស្សកាន់តែច្រើននឹងមានគុណវិបត្ដិទាំងនេះកាលដែលទីបញ្ចប់នៃរបៀបរបបពិភពលោកនេះជិតមកដល់។ (សូមអាន ធីម៉ូថេទី២ ៣:១-៥, ១៣) ទោះជាយើងទើសចិត្ដនឹងគុណវិបត្ដិទាំងនេះក៏ដោយ យើងប្រហែលជានៅតែទទួលឥទ្ធិពលពីការគិតគូរ ពាក្យសម្ដី និងការប្រព្រឹត្ដរបស់មនុស្សដែលនៅជុំវិញយើង។ (សុភាសិត ១៣:២០) ក្នុងអត្ថបទនេះយើងនឹងពិចារណាអំពីរបៀបដែលលក្ខណៈទាំងនេះគឺខុសគ្នាពី គុណសម្បត្ដិរបស់រាស្ដ្រព្រះ។ យើងក៏នឹងពិចារណាអំពីអ្វីដែលយើងអាចធ្វើដើម្បីការពារខ្លួនមិនឲ្យគុណវិបត្ដិរបស់មនុស្សដែលនៅជុំវិញយើងមានឥទ្ធិពលមកលើយើង កាលដែលយើងជួយពួកគេឲ្យស្គាល់ព្រះយេហូវ៉ា។
៣. តើធីម៉ូថេទី២ ៣:២-៥រៀបរាប់អំពីមនុស្សបែបណា?
៣ ប៉ូលបានសរសេរថា គ្រាចុងក្រោយបង្អស់នឹង«លំបាកណាស់»។ បន្ទាប់មក គាត់បានរៀបរាប់អំពីគុណវិបត្ដិ១៩ដែលមនុស្សនឹងមានជាទូទៅនៅសម័យរបស់យើង។ គុណវិបត្ដិទាំងនេះគឺស្រដៀងនឹងអ្វីដែលប៉ូលបានរៀបរាប់នៅរ៉ូម ១:២៩-៣១ ប៉ុន្ដែអ្វីដែលគាត់បានរៀបរាប់ក្នុងសំបុត្រដែលគាត់បានសរសេរទៅធីម៉ូថេ ប្រើពាក្យដែលមិនមាននៅកន្លែងផ្សេងទៀតក្នុងបទគម្ពីរគ្រិស្ដសាសនិកជាភាសាក្រិច។ ប៉ូលបានចាប់ផ្ដើមដោយប្រើពាក្យ«ព្រោះមនុស្សនឹង»។ ប៉ុន្ដែនេះមិនមានន័យថាមនុស្សទាំងអស់មានគុណវិបត្ដិដូចដែលប៉ូលបានរៀបរាប់ទេ។ គ្រិស្ដសាសនិកមានលក្ខណៈខុសគ្នាឆ្ងាយណាស់។—សូមអាន ម៉ាឡាគី ៣:១៨
ទស្សនៈរបស់យើងចំពោះខ្លួនឯង
៤. តើការមានមោទនភាពហួសហេតុពេកមានន័យយ៉ាងណា?
៤ ក្រោយពីប៉ូលបាននិយាយថាមនុស្សជាច្រើននឹងស្រឡាញ់តែខ្លួនឯងនិងស្រឡាញ់ប្រាក់ គាត់បានបន្ថែមថាមនុស្សនឹងអួតបំប៉ោង ក្រអឺតក្រទម និងមានមោទនភាពហួសហេតុពេក។ មនុស្សដែលមានលក្ខណៈបែបនេះច្រើនតែគិតថាពួកគេប្រសើរជាងអ្នកឯទៀតដោយសាររូបសម្ផស្ស ការងារ ទ្រព្យសម្បត្ដិ ឬឋានៈក្នុងសង្គមជាដើម។ មនុស្សបែបនេះចង់ឲ្យអ្នកឯទៀតស្ងើចសរសើរពួកគេ។ បណ្ឌិតម្នាក់បានសរសេរអំពីបុគ្គលបែបនេះថា ក្នុងចិត្ដបុគ្គលនោះគឺហាក់ដូចជា «គាត់មានអាសនៈតូចមួយសម្រាប់ក្រាបសំពះគោរពរូបខ្លួនឯង»។ មនុស្សខ្លះបាននិយាយថាអំណួតគឺជាគុណវិបត្ដិដ៏អាក្រក់ខ្លាំងណាស់ រហូតដល់សូម្បីតែមនុស្សដែលមានអំណួតក៏ចេះទើសចិត្ដពេលឃើញអ្នកឯទៀតមានអំណួតដែរ។
៥. សូម្បីតែអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាបានទៅជាមនុស្សដែលមានអំណួត តើនេះបានកើតឡើងតាមរបៀបណា?
៥ ព្រះយេហូវ៉ាស្អប់អំណួត ហើយនោះបានត្រូវរៀបរាប់ក្នុងគម្ពីរថាជា«ភ្នែកឆ្មើងឆ្មៃ»។ (សុភាសិត ៦:១៦, ១៧) តាមពិត មនុស្សដែលមានអំណួតមិនអាចចូលទៅជិតព្រះបានទេ។ (ទំនុកតម្កើង ១០:៤) អំណួតគឺជាលក្ខណៈមួយរបស់មេកំណាច។ (ធីម៉ូថេទី១ ៣:៦) គួរឲ្យស្តាយណាស់ សូម្បីតែអ្នកបម្រើដ៏ស្មោះត្រង់ខ្លះរបស់ព្រះយេហូវ៉ាក៏បានទៅជាមនុស្សដែលមានអំណួត។ ជាឧទាហរណ៍ ស្ដេចអូសៀសនៃស្រុកយូដាបានស្មោះត្រង់អស់ជាច្រើនឆ្នាំ។ ប៉ុន្ដែគម្ពីរចែងថា៖ «កាលទ្រង់មានកំឡាំងឡើងហើយ នោះព្រះទ័យទ្រង់ក៏ប៉ោងធំឡើងត្រឡប់ជាខូចអស់ទៅ ទ្រង់ក៏ប្រព្រឹត្ដរំលងនឹងព្រះយេហូវ៉ាជាព្រះនៃទ្រង់»។ អូសៀសបានទៅវិហារ រួចបានដុតកំញានដែលជាអ្វីដែលគាត់គ្មានសិទ្ធិធ្វើ។ នៅពេលក្រោយមក ស្ដេចហេសេគាដែលជាស្ដេចស្មោះត្រង់ម្នាក់ ក៏បានមានអំណួតអស់មួយរយៈដែរ។—របាក្សត្រទី២ ២៦:១៦; ៣២:២៥, ២៦
៦. តើអ្វីអាចធ្វើឲ្យដាវីឌមានអំណួត? ប៉ុន្ដែហេតុអ្វីគាត់បានរក្សាចិត្ដរាបទាប?
៦ មនុស្សខ្លះមានអំណួតដោយសារពួកគេមានរូបរាងស្អាតឬសង្ហា មានគេចូលចិត្ដច្រើន មានជំនាញខាងតន្ដ្រី មានកម្លាំងខ្លាំងក្លា ឬដោយសារអ្នកឯទៀតស្ងើចសរសើរពួកគេ។ ទោះជាដាវីឌមានចំណុចល្អទាំងអស់នេះក្ដី គាត់បានរក្សាចិត្ដរាបទាបពេញមួយជីវិតរបស់គាត់។ ជាឧទាហរណ៍ ក្រោយពីដាវីឌបានសម្លាប់កូលីយ៉ាត ស្ដេចសុលបាននិយាយថាដាវីឌអាចរៀបការជាមួយនឹងកូនស្រីរបស់គាត់។ ប៉ុន្ដែដាវីឌបាននិយាយថា៖ «តើទូលបង្គំជាអ្វី ឬជីវិតទូលបង្គំវិសេសយ៉ាងណា ឬគ្រួនៃឪពុកទូលបង្គំជាអ្វីនៅក្នុងពួកអ៊ីស្រាអែល បានជាសព្វព្រះទ័យឲ្យទូលបង្គំធ្វើជាកូនប្រសានៃទ្រង់ព្រះករុណាដូច្នេះ?»។ (សាំយូអែលទី១ ១៨:១៨) តើអ្វីបានជួយដាវីឌឲ្យរក្សាចិត្ដរាបទាប? គាត់បានដឹងថាគុណសម្បត្ដិ សមត្ថភាព និងឯកសិទ្ធិណាដែលគាត់មានគឺដោយសារព្រះមានចិត្ដរាបទាប ហើយបានយកចិត្ដទុកដាក់ចំពោះគាត់។ (ទំនុកតម្កើង ១១៣:៥-៨) ដាវីឌបានទទួលស្គាល់ថាអ្វីល្អៗដែលគាត់មានគឺមកពីព្រះយេហូវ៉ា។—សូមពិនិត្យបន្ថែម កូរិនថូសទី១ ៤:៧
ពេលអ្នកបម្រើព្រះមានចិត្ដរាបទាបនោះជួយមនុស្សឲ្យចូលទៅជិតលោក
៧. តើអ្វីនឹងជួយយើងឲ្យបង្ហាញថាយើងមានចិត្ដរាបទាប?
៧ ដូចដាវីឌ រាស្ដ្ររបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ ព្យាយាមមានចិត្ដរាបទាប។ យើងកោតស្ងើចដោយដឹងថាព្រះយេហូវ៉ាដែលជាព្រះដ៏ខ្ពស់បំផុត«មានចិត្ដរាបទាប»។ (ទំនុកតម្កើង ១៨:៣៥; ព.ថ.) យើងចង់ធ្វើតាមពាក្យទាំងនេះដែលថា៖ «ចូរបំពាក់ខ្លួនដោយសេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅបំផុត សេចក្ដីសប្បុរស ចិត្ដរាបទាប ចិត្ដស្លូតបូត និងចិត្ដធ្ងន់»។ (កូឡុស ៣:១២) យើងក៏ដឹងថា សេចក្ដីស្រឡាញ់‹មិនចេះនិយាយអួតអាង និងមិនចេះក្រអឺតក្រអោង›។ (កូរិនថូសទី១ ១៣:៤) ពេលអ្នកឯទៀតឃើញថាយើងមានចិត្ដរាបទាប ពួកគេក៏ប្រហែលជានឹងចង់ស្គាល់ព្រះយេហូវ៉ាដែរ។ ដូចប្ដីដែលមិនមែនជាអ្នកជឿអាចចូលទៅជិតព្រះយេហូវ៉ាដោយសារការប្រព្រឹត្ដដ៏ល្អរបស់ប្រពន្ធដែលជាគ្រិស្ដសាសនិក មនុស្សអាចចូលទៅជិតព្រះដោយសារចិត្ដរាបទាបរបស់អ្នកបម្រើលោក។—ពេត្រុសទី១ ៣:១
របៀបដែលយើងប្រព្រឹត្ដចំពោះអ្នកឯទៀត
៨. (ក) តើមនុស្សខ្លះនៅសព្វថ្ងៃនេះមានទស្សនៈយ៉ាងណាចំពោះការមិនស្តាប់បង្គាប់ឪពុកម្ដាយ? (ខ) តើគម្ពីរប្រាប់កូនៗឲ្យធ្វើអ្វី?
៨ ប៉ូលបានរៀបរាប់អំពីរបៀបដែលមនុស្សនឹងប្រព្រឹត្ដចំពោះគ្នានៅគ្រាចុងក្រោយបង្អស់។ គាត់បានសរសេរថាកូននឹងមិនស្តាប់បង្គាប់ឪពុកម្ដាយ។ សព្វថ្ងៃនេះ សៀវភៅ ភាពយន្ដ និងកម្មវិធីទូរទស្សន៍ជាច្រើនបានធ្វើឲ្យការមិនស្តាប់បង្គាប់ឪពុកម្ដាយមើលទៅដូចជាមិនខុស ហើយជាអ្វីដែលធម្មតា។ ប៉ុន្ដែតាមការពិត ការមិនស្តាប់បង្គាប់ធ្វើឲ្យក្រុមគ្រួសាររង្គោះរង្គើ ហើយនេះជះឥទ្ធិពលអាក្រក់ទៅលើសង្គមទាំងមូល។ មនុស្សបានដឹងអំពីការពិតនេះតាំងពីយូរមកហើយ។ ជាឧទាហរណ៍ នៅប្រទេសក្រិចសម័យបុរាណ បុគ្គលដែលវាយឪពុកម្ដាយរបស់ខ្លួន នឹងបាត់បង់សិទ្ធិផ្សេងៗរបស់គាត់ក្នុងសង្គម។ ក្រោមច្បាប់រ៉ូម បុគ្គលដែលវាយឪពុកអាចត្រូវគេដាក់ទោសគាត់ដូចជាគេដាក់ទោសឃាតករ។ ទាំងបទគម្ពីរភាសាហេប្រឺទាំងបទគម្ពីរភាសាក្រិចបង្គាប់កូនៗឲ្យគោរពឪពុកម្ដាយ។—និក្ខមនំ ២០:១២; អេភេសូរ ៦:១-៣
៩. តើអ្វីនឹងជួយកូនៗឲ្យស្តាប់បង្គាប់ឪពុកម្ដាយ?
៩ តើអ្វីអាចជួយកូនៗឲ្យស្តាប់បង្គាប់ឪពុកម្ដាយ ទោះជាក្មេងឯទៀតមិនស្តាប់បង្គាប់ឪពុកម្ដាយក្ដី? ពេលកូនគិតអំពីអ្វីល្អទាំងអស់ដែលឪពុកម្ដាយបានធ្វើចំពោះពួកគេ ពួកគេគួរមានចិត្ដកតញ្ញូ ហើយចង់ស្តាប់បង្គាប់ឪពុកម្ដាយ។ ប្អូនៗវ័យក្មេងក៏ត្រូវយល់ថា ព្រះដែលជាបិតារបស់យើងទាំងអស់គ្នា តម្រូវឲ្យពួកគេស្តាប់បង្គាប់ឪពុកម្ដាយ។ ពេលប្អូនៗវ័យក្មេងនិយាយល្អៗអំពីឪពុកម្ដាយ ពួកគេជួយមិត្ដភក្ដិឲ្យគោរពឪពុកម្ដាយរបស់ពួកគេច្រើនជាង។ បើឪពុកម្ដាយគ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្សចំពោះកូន កូនប្រហែលជាពិបាកស្តាប់បង្គាប់ពួកគេ។ ប៉ុន្ដែ ពេលបុគ្គលវ័យក្មេងណាម្នាក់មានអារម្មណ៍ថាឪពុកម្ដាយពិតជាស្រឡាញ់គាត់ នេះអាចជួយគាត់ឲ្យស្តាប់បង្គាប់ពួកគេសូម្បីតែពេលដែលនេះមិនស្រួលក្ដី។ ប្អូនប្រុសវ័យក្មេងម្នាក់ឈ្មោះអរស្ថិននិយាយថា៖ «ទោះជាខ្ញុំច្រើនតែចង់ធ្វើអ្វីដែលមិនល្អក្ដី ឪពុកម្ដាយខ្ញុំបានផ្ដល់ការណែនាំដ៏សមហេតុផល បានពន្យល់អំពីមូលហេតុដែលពួកគាត់ដាក់ច្បាប់ ហើយមានការប្រាស្រ័យទាក់ទងល្អ
ជាមួយនឹងខ្ញុំ។ នេះបានជួយខ្ញុំឲ្យស្តាប់បង្គាប់ពួកគាត់។ ខ្ញុំអាចឃើញថាពួកគាត់យកចិត្ដទុកដាក់ចំពោះខ្ញុំ ហើយនេះបានជំរុញចិត្ដខ្ញុំឲ្យធ្វើអ្វីដែលពួកគាត់ពេញចិត្ដ»។១០, ១១. (ក) តើគុណវិបត្ដិអ្វីខ្លះបង្ហាញថាមនុស្សមិនមានសេចក្ដីស្រឡាញ់ចំពោះគ្នា? (ខ) តើគ្រិស្ដសាសនិកពិតស្រឡាញ់អ្នកឯទៀតខ្លាំងយ៉ាងណា?
១០ ប៉ូលក៏បានរៀបរាប់អំពីគុណវិបត្ដិឯទៀតដែលបង្ហាញថាមនុស្សមិនមានសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ ក្រោយពីគាត់បាននិយាយថាកូននឹង«មិនស្តាប់បង្គាប់ឪពុកម្ដាយ» គាត់បាននិយាយថាមនុស្សនឹងរមិលគុណ។ នេះគឺសមហេតុផល ដោយសារមនុស្សដែលរមិលគុណមិនឲ្យតម្លៃទៅលើអ្វីល្អៗដែលអ្នកឯទៀតធ្វើចំពោះពួកគេទេ។ ប៉ូលក៏បាននិយាយដែរថា មនុស្សនឹងមិនស្មោះត្រង់។ ពួកគេនឹងមិនព្រមស្រុះស្រួលគ្នា ដែលមានន័យថាពួកគេនឹងមិនចង់ធ្វើឲ្យមានសន្ដិភាពជាមួយនឹងអ្នកឯទៀត។ ពួកគេជាអ្នកជេរប្រមាថនិងជាអ្នកក្បត់ ពោលគឺពួកគេនឹងនិយាយដោយគ្មានមេត្ដានិងនិយាយអាក្រក់អំពីអ្នកឯទៀត ហើយថែមទាំងអំពីព្រះផងដែរ។ ម្យ៉ាងទៀតពួកគេជាអ្នកបង្កាច់បង្ខូច ពោលគឺអ្នកដែលភូតភរដោយនិយាយបង្ខូចកេរ្ដិ៍ឈ្មោះរបស់អ្នកឯទៀត * (សូមមើលកំណត់សម្គាល់)។
១១ អ្នកបម្រើរបស់ព្រះយេហូវ៉ាគឺខុសគ្នាឆ្ងាយពីមនុស្សភាគច្រើនក្នុងពិភពលោកនេះ ដោយសារយើងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះអ្នកឯទៀត។ តាំងពីដើមមកអ្នកបម្រើរបស់ព្រះគឺដូច្នេះ។ លោកយេស៊ូបានមានប្រសាសន៍ថាបញ្ញត្ដិតែមួយក្នុងច្បាប់ម៉ូសេដែលសំខាន់ជាងបញ្ញត្ដិដែលឲ្យស្រឡាញ់អ្នកឯទៀត គឺបញ្ញត្ដិដែលឲ្យស្រឡាញ់ព្រះ។ (ម៉ាថាយ ២២:៣៨, ៣៩) លោកយេស៊ូក៏បានមានប្រសាសន៍ថា គ្រិស្ដសាសនិកពិតនឹងត្រូវគេស្គាល់ថាជាអ្នកដែលស្រឡាញ់គ្នាទៅវិញទៅមក។ (សូមអាន យ៉ូហាន ១៣:៣៤, ៣៥) គ្រិស្ដសាសនិកពិតនឹងថែមទាំងស្រឡាញ់សត្រូវរបស់ពួកគេទៀតផង។—ម៉ាថាយ ៥:៤៣, ៤៤
១២. តើលោកយេស៊ូបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀតយ៉ាងដូចម្ដេច?
១២ លោកយេស៊ូបានបង្ហាញថាលោកពិតជាស្រឡាញ់មនុស្ស។ លោកបានធ្វើដូច្នេះដោយធ្វើដំណើរពីក្រុងមួយទៅក្រុងមួយដើម្បីប្រាប់មនុស្សនូវដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ។ លោកបានធ្វើឲ្យមនុស្សងងឹតភ្នែក ខ្វិន ថ្លង់ និងមានជំងឺឃ្លង់ជាសះស្បើយ។ លោកក៏បានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញដែរ។ (លូកា ៧:២២) លោកយេស៊ូថែមទាំងបានឲ្យជីវិតរបស់លោកដើម្បីសង្គ្រោះមនុស្សជាតិ ទោះជាមនុស្សជាច្រើនបានស្អប់លោកក៏ដោយ។ លោកយេស៊ូបានបង្ហាញសេចក្ដីស្រឡាញ់ដូចបិតាលោកបេះបិទ។ នៅទូទាំងពិភពលោក សាក្សីព្រះយេហូវ៉ាយកតម្រាប់លោកយេស៊ូដោយបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀត។
១៣. តើសេចក្ដីស្រឡាញ់ដែលយើងបង្ហាញចំពោះអ្នកឯទៀត អាចជួយពួកគេយ៉ាងដូចម្ដេចឲ្យចង់ស្គាល់ព្រះយេហូវ៉ា?
១៣ ពេលយើងបង្ហាញអ្នកឯទៀតថាយើងស្រឡាញ់ពួកគេ នេះអាចជំរុញចិត្ដពួកគេឲ្យចង់ស្គាល់បិតារបស់យើងដែលនៅស្ថានសួគ៌។ ជាឧទាហរណ៍ បុរសម្នាក់ដែលនៅប្រទេសថៃបានចូលរួមមហាសន្និបាតតាមភូមិភាគ។ គាត់បានកោតស្ងើចពេលដែលគាត់បានឃើញថាបងប្អូនបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ ក្រោយពីគាត់បានត្រឡប់ទៅផ្ទះវិញ គាត់បានសុំសាក្សីព្រះយេហូវ៉ាសិក្សាគម្ពីរជាមួយនឹងគាត់ពីរដងក្នុងមួយសប្ដាហ៍។ ក្រោយមក គាត់បានផ្សព្វផ្សាយដល់សាច់ញាតិទាំងអស់របស់គាត់។ ក្រោយពីតែ៦ខែប៉ុណ្ណោះ បុរសនេះបានអានអំណានគម្ពីរជាលើកដំបូងនៅសាលប្រជុំ។ តើអ្នកបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀតឬទេ? សូមសួរខ្លួនអ្នកថា ‹តើខ្ញុំខំអស់ពីសមត្ថភាពដើម្បីជួយក្រុមគ្រួសារ ក្រុមជំនុំ និងមនុស្សដែលខ្ញុំជួបក្នុងកិច្ចបម្រើផ្សាយឬទេ? តើខ្ញុំមានទស្សនៈដូចព្រះយេហូវ៉ាចំពោះអ្នកឯទៀតឬទេ?›។
ឆ្កែចចកនិងកូនចៀម
១៤, ១៥. តើមនុស្សជាច្រើនមានគុណវិបត្ដិអ្វី? តើអ្នកខ្លះបានកែប្រែយ៉ាងដូចម្ដេច?
១៤ នៅគ្រាចុងក្រោយបង្អស់នេះ មនុស្សក៏មានគុណវិបត្ដិផ្សេងទៀតដែលយើងមិនចង់មាន។ ជាឧទាហរណ៍ មនុស្សជាច្រើនមិនស្រឡាញ់គុណធម៌។ ពួកគេស្អប់និងថែមទាំងប្រឆាំងអ្វីដែលល្អ។ មនុស្សបែបនេះមិនចេះទប់ចិត្ដនិងកាចសាហាវ។ មនុស្សខ្លះធ្វើតាមទំនើងចិត្ដ។ ពួកគេប្រព្រឹត្ដដោយឥតពិចារណា ហើយក៏មិនខ្វល់ថាការប្រព្រឹត្ដរបស់ពួកគេនឹងប៉ះពាល់ដល់អ្នកឯទៀតយ៉ាងណាទេ។
១៥ មនុស្សដែលធ្លាប់ប្រព្រឹត្ដដូចជាសត្វសាហាវបានកែប្រែបុគ្គលិកលក្ខណៈរបស់ពួកគេ។ ការកែប្រែដ៏ធំនេះ បានត្រូវប្រកាសទុកជាមុនក្នុងទំនាយមួយនៅក្នុងគម្ពីរ។ (សូមអាន អេសាយ ១១:៦, ៧) ក្នុងទំនាយនេះ យើងឃើញថាសត្វព្រៃដូចជាឆ្កែចចកនិងតោរស់នៅដោយសន្ដិភាពជាមួយនឹងសត្វស្រុកដូចជាកូនចៀមនិងកូនគោ។ ហេតុអ្វីសត្វទាំងនោះមានសន្ដិភាព? ទំនាយនេះចែងបន្ដថា៖ «ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ានៅពេញពាសលើផែនដី»។ (អេសាយ ១១:៩) សត្វមិនអាចរៀនអំពីព្រះយេហូវ៉ាទេ ដូច្នេះក្នុងន័យធៀប ទំនាយនេះសំដៅលើការផ្លាស់ប្ដូរបុគ្គលិកលក្ខណៈរបស់មនុស្ស។
១៦. តើតាមរបៀបណាគម្ពីរបានជួយមនុស្សឲ្យកែប្រែបុគ្គលិកលក្ខណៈរបស់ពួកគេ?
ការផ្លាស់ប្ដូរគឺមិនស្រួលទេ ប៉ុន្ដែសកម្មពលរបស់ព្រះនឹងជួយពួកអ្នកដែលពិតជាចង់ធ្វើឲ្យលោកពេញចិត្ដ
១៦ បងប្អូនរបស់យើងជាច្រើននាក់ធ្លាប់ជាមនុស្សកាចសាហាវដូចឆ្កែចចក ប៉ុន្ដែឥឡូវពួកគេធ្វើឲ្យមានសន្ដិភាពជាមួយនឹងអ្នកឯទៀត។ នៅគេហទំព័រjw.org ក្នុងអត្ថបទតភាគដែលមានចំណងជើងថា «គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត» មានបទពិសោធន៍ខ្លះរបស់បងប្អូនបែបនេះ។ ពួកអ្នកដែលស្គាល់និងបម្រើព្រះយេហូវ៉ាមិនមែនដូចពួកអ្នកដែលធ្វើឫកពាជាមនុស្សមានភក្ដីភាពចំពោះព្រះ ប៉ុន្ដែពួកគេមិន ព្រមទទួលឥទ្ធិពលពីភក្ដីភាពនោះទេ។ មនុស្សបែបនោះធ្វើពុតជាអ្នកគោរពប្រណិប័តន៍ព្រះ ប៉ុន្ដែការប្រព្រឹត្ដរបស់ពួកគេបង្ហាញថាពួកគេមិនគោរពប្រណិប័តន៍លោកឡើយ។ ក៏ប៉ុន្ដែក្នុងចំណោមរាស្ដ្ររបស់ព្រះយេហូវ៉ា មានបងប្អូនជាច្រើននាក់ដែលធ្លាប់ជាមនុស្សកាចសាហាវ តែឥឡូវនេះពួកគេបាន«ពាក់បុគ្គលិកលក្ខណៈថ្មី ដែលបានត្រូវបង្កើតស្របតាមបំណងប្រាថ្នារបស់ព្រះ ដោយសេចក្ដីសុចរិតនិងភក្ដីភាពដ៏ពិតប្រាកដ»។ (អេភេសូរ ៤:២៣, ២៤) ពេលមនុស្សរៀនអំពីព្រះ ពួកគេទទួលស្គាល់ថាពួកគេត្រូវធ្វើតាមខ្នាតតម្រារបស់លោក។ នេះជួយពួកគេឲ្យផ្លាស់ប្ដូរអ្វីដែលពួកគេធ្លាប់ជឿ របៀបគិតគូររបស់ពួកគេ និងការប្រព្រឹត្ដរបស់ពួកគេ។ គឺមិនស្រួលទេឲ្យធ្វើការផ្លាស់ប្ដូរទាំងនេះ ប៉ុន្ដែសកម្មពលរបស់ព្រះនឹងជួយពួកអ្នកដែលចង់ធ្វើឲ្យលោកពេញចិត្ដ។
«ចូរជៀសចេញពីមនុស្សទាំងនោះ»
១៧. តើយើងអាចធ្វើអ្វីដើម្បីមិនទទួលឥទ្ធិពលពីគុណវិបត្ដិរបស់មនុស្សក្នុងពិភពលោកនេះ?
១៧ ភាពខុសគ្នារវាងអ្នកដែលបម្រើព្រះនិងអ្នកដែលមិនបម្រើលោកគឺកាន់តែងាយស្រួលកត់សម្គាល់។ យើងត្រូវប្រុងប្រយ័ត្នជានិច្ចកុំឲ្យគុណវិបត្ដិរបស់ពួកអ្នកដែលមិនបម្រើព្រះមានឥទ្ធិពលលើយើង។ យើងចង់ធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ាដែលឲ្យយើងជៀសចេញពីមនុស្សដែលបានត្រូវរៀបរាប់នៅធីម៉ូថេទី២ ៣:២-៥។ យើងមិនអាចជៀសផុតពីមនុស្សទាំងអស់ដែលមានគុណវិបត្ដិបែបនោះបានទេ។ យើងប្រហែលជាត្រូវធ្វើការជាមួយនឹងពួកគេ រៀនជាមួយនឹងពួកគេ ឬរស់នៅជាមួយនឹងពួកគេ។ ប៉ុន្ដែ យើងមិនត្រូវគិតឬប្រព្រឹត្ដដូចពួកគេទេ។ តើអ្វីអាចជួយយើង? យើងអាចពង្រឹងចំណងមិត្ដភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាដោយសិក្សាគម្ពីរនិងដោយជ្រើសរើសមិត្ដភក្ដិជិតស្និទ្ធដែលស្រឡាញ់លោក។
១៨. តើពាក្យសម្ដីនិងការប្រព្រឹត្ដរបស់យើងអាចជួយអ្នកឯទៀតយ៉ាងដូចម្ដេចឲ្យចង់ស្គាល់ព្រះយេហូវ៉ា?
១៨ យើងក៏ចង់ជួយអ្នកឯទៀតឲ្យស្គាល់ព្រះយេហូវ៉ាដែរ។ សូមស្វែងរកឱកាសដើម្បីផ្សព្វផ្សាយ ហើយសុំព្រះយេហូវ៉ាជួយអ្នកឲ្យនិយាយអ្វីដែលល្អនៅពេលត្រឹមត្រូវ។ យើងគួរប្រាប់អ្នកឯទៀតថាយើងជាសាក្សីព្រះយេហូវ៉ា។ យ៉ាងនេះ ការប្រព្រឹត្ដដ៏ល្អរបស់យើងនឹងនាំឲ្យព្រះទទួលកិត្ដិយស មិនមែនខ្លួនយើងទេ។ ព្រះយេហូវ៉ាបានបង្រៀនយើងឲ្យ«បដិសេធចំពោះអ្វីៗទាំងអស់ដែលខុសពីបំណងប្រាថ្នារបស់ព្រះ ហើយឲ្យបដិសេធសេចក្ដីប៉ងប្រាថ្នារបស់ពិភពលោកនេះ រួចរស់នៅដោយដឹងខុសត្រូវ ដោយមានសេចក្ដីសុចរិត និងដោយមានភក្ដីភាពចំពោះព្រះ ក្នុងរបៀបរបបពិភពលោកនេះ»។ (ទីតុស ២:១១-១៤) បើយើងយកតម្រាប់ព្រះយេហូវ៉ានិងធ្វើអ្វីដែលលោកចង់ឲ្យយើងធ្វើ អ្នកឯទៀតនឹងកត់សម្គាល់ ហើយអ្នកខ្លះប្រហែលជានឹងថែមទាំងនិយាយថា៖ «យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា»។—សាការី ៨:២៣
^ វគ្គ 10 ពាក្យភាសាក្រិចសម្រាប់«អ្នកបង្កាច់បង្ខូច» ឬ«អ្នកចោទប្រកាន់»គឺជាឌីអាបូឡូស។ ក្នុងគម្ពីរ ពាក្យនេះបានត្រូវប្រើសម្រាប់សាថានដែលជាអ្នកបង្កាច់បង្ខូចដ៏អាក្រក់អំពីព្រះ។