លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

​«​ទ្រង់​រមែង​ចំរើន​កំឡាំង​ដល់​អ្នក​ដែល​ល្វើយ​»​

​«​ទ្រង់​រមែង​ចំរើន​កំឡាំង​ដល់​អ្នក​ដែល​ល្វើយ​»​

បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​របស់​យើង​សម្រាប់​ឆ្នាំ​២០១៨​គឺ: ​«​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ​យេហូវ៉ា . . . នឹង​មាន​កំឡាំង​ចំរើន​ជា​និច្ច​»។—អេសាយ ៤០:៣១

ចម្រៀង​លេខ: ១៥២, ៥១

១. តើ​យើង​ត្រូវ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​អ្វី​ខ្លះ? ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​នឹង​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ជីវិត​ក្នុង​របៀប​របប​ពិភព​លោក​នេះ​គឺ​មិន​ស្រួល​ទេ។ ជា​ឧទាហរណ៍ បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​យើង​ជា​ច្រើន​នាក់​កំពុង​រង​ទុក្ខ​ដោយ​សារ​ជំងឺ​ធ្ងន់​ធ្ងរ។ បង​ប្អូន​ខ្លះ​ទៀត ដែល​មាន​វ័យ​ចាស់​រួច​ហើយ នៅ​តែ​ត្រូវ​មើល​ថែ​សាច់​ញាតិ​របស់​ខ្លួន​ដែល​ចាស់​ជរា។ បង​ប្អូន​ឯ​ទៀត​ពិបាក​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ។ ម្យ៉ាង​ទៀត យើង​ដឹង​ថា​បង​ប្អូន​ជា​ច្រើន​នាក់​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ទាំង​នេះ​នៅ​ពេល​ដំណាល​គ្នា មិន​គ្រាន់​តែ​បញ្ហា​មួយ​ប៉ុណ្ណោះ​ទេ។ អ្វី​ទាំង​នេះ​ត្រូវ​ការ​ពេល កម្លាំង និង​លុយ​ច្រើន។ ប៉ុន្ដែ យើង​ជឿ​ជាក់​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង។ យើង​ដឹង​ថា​យើង​នឹង​មាន​អនាគត​ដ៏​ល្អ​ប្រសើរ​ជាង ដោយ​សារ​នេះ​គឺ​ជា​អ្វី​ដែល​លោក​បាន​សន្យា។ ជំនឿ​របស់​យើង​ច្បាស់​ជា​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ!

២. តើ​អេសាយ ៤០:២៩​លើក​ទឹក​ចិត្ដ​យើង​យ៉ាង​ដូច​ម្ដេច ប៉ុន្ដែ​តើ​យើង​ត្រូវ​ប្រយ័ត្ន​មិន​ធ្វើ​អ្វី?

ប៉ុន្ដែ​ជួន​កាល តើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​ពិបាក​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ដែល​អ្នក​មាន​ឬ​ទេ? បើ​អ្នក​មាន​អារម្មណ៍​បែប​នេះ សូម​កុំ​គិត​ថា​មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​មាន​អារម្មណ៍​នេះ។ អ្នក​បម្រើ​ស្មោះ​ត្រង់​ខ្លះ​នៅ​អតីតកាល​ក៏​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​ដែរ។ (​ពង្សាវតារក្សត្រ​ទី១ ១៩:៤; យ៉ូប ៧:៧​) តើ​អ្វី​បាន​ជួយ​ពួក​គេ​ឲ្យ​បន្ដ​ស៊ូ​ទ្រាំ? ពួក​គេ​បាន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​កម្លាំង​ដល់​ពួក​គេ។ គម្ពីរ​ចែង​ថា​ព្រះ​«​រមែង​ចំរើន​កំឡាំង​ដល់​អ្នក​ដែល​ល្វើយ​»។ (​អេសាយ ៤០:២៩​) ប៉ុន្ដែ​គួរ​ឲ្យ​ស្តាយ​ណាស់ រាស្ដ្រ​ខ្លះ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ​គិត​ថា​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ដែល​ពួក​គេ​ជួប​ប្រទះ​ក្នុង​ជីវិត​គឺ​ដោយ​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​មួយ​រយៈ​ពេល ពី​ព្រោះ​ពួក​គេ​គិត​ថា​ការ​បម្រើ​ព្រះ​យេហូវ៉ា​គឺ​ជា​បន្ទុក មិន​មែន​ជា​ពរ​ទេ។ ដូច្នេះ ពួក​គេ​ឈប់​អាន​គម្ពីរ ចូល​រួម​កិច្ច​ប្រជុំ ហើយ​ចូល​រួម​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ នេះ​គឺ​ជា​អ្វី​ដែល​សាថាន​ចង់​ឲ្យ​ពួក​គេ​ធ្វើ។

៣. (​ក​) តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​មិន​ឲ្យ​សាថាន​ធ្វើ​ឲ្យ​យើង​ចុះ​ខ្សោយ? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

មេ​កំណាច​មិន​ចង់​ឲ្យ​យើង​មាន​កម្លាំង​ឡើយ។ ម្យ៉ាង​ទៀត វា​ដឹង​ថា​យើង​នឹង​មាន​កម្លាំង​ខ្លាំង​ជាង​ពេល​ដែល​យើង​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ដូច្នេះ ពេល​អ្នក​អស់​កម្លាំង​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ដ សូម​កុំ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា​ឡើយ។ សូម​ចូល​កាន់​តែ​ជិត​លោក។ គម្ពីរ​ចែង​ថា​៖ ​«​លោក​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាំ​មួន​ហើយ​ខ្លាំង​ក្លា​ឡើង​»។ (​ពេត្រុស​ទី១ ៥:១០; យ៉ាកុប ៤:៨​) ក្នុង​អត្ថបទ​នេះ​យើង​នឹង​រៀន​ពី​អេសាយ ៤០:២៦​-​៣១​អំពី​សមត្ថភាព​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ពង្រឹង​កម្លាំង​របស់​យើង។ បន្ទាប់​មក យើង​នឹង​ពិចារណា​អំពី​ស្ថានភាព​ពីរ​ដែល​ប្រហែល​ជា​នឹង​នាំ​ឲ្យ​យើង​ធ្វើ​តិច​ជាង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ហើយ​យើង​នឹង​រៀន​អំពី​របៀប​ដែល​ការ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ។

អស់​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ​យេហូវ៉ា​នឹង​មាន​កម្លាំង​ឡើង​វិញ

៤. តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​អេសាយ ៤០:២៦?

ព្រះ​យេហូវ៉ា​អាច​ផ្ដល់​កម្លាំង​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​បញ្ហា​របស់​អ្នក

សូម​អាន អេសាយ ៤០:២៦គ្មាន​អ្នក​ណា​ម្នាក់​អាច​រាប់​ផ្កាយ​ទាំង​អស់​នៅ​ក្នុង​សកល​លោក​បាន​ទេ។ អ្នក​វិទ្យា​សាស្ដ្រ​គិត​ថា​គ្រាន់​តែ​ក្នុង​កាឡាក់ស៊ី​របស់​យើង​ប៉ុណ្ណោះ​មាន​ផ្កាយ​៤០០​ពាន់​លាន។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ដាក់​ឈ្មោះ​ឲ្យ​ផ្កាយ​នីមួយ​ៗ។ តើ​នេះ​បង្រៀន​យើង​អ្វី​អំពី​ព្រះ​យេហូវ៉ា? បើ​លោក​ចាប់​អារម្មណ៍​នឹង​ផ្កាយ​នីមួយ​ៗ​ដែល​គ្មាន​ជីវិត លោក​ច្បាស់​ជា​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អ្នក​ខ្លាំង​ណាស់! អ្នក​កំពុង​បម្រើ​លោក ដោយ​សារ​អ្នក​ស្រឡាញ់​លោក​មិន​មែន​ដោយ​សារ​អ្នក​ត្រូវ​បម្រើ​លោក​ទេ។ (​ទំនុក​តម្កើង ១៩:១, ៣, ១៤​) បិតា​ជា​ទី​ស្រឡាញ់​របស់​យើង​ស្គាល់​អ្នក​ច្បាស់។ គម្ពីរ​ចែង​ថា​៖ ​«​សូម្បី​តែ​ចំនួន​សរសៃ​សក់​នៅ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​លោក​ជ្រាប​ដែរ​»។ (​ម៉ាថាយ ១០:៣០​) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ដឹង​ថា​លោក​«​ជ្រាប​នូវ​អស់​ទាំង​ថ្ងៃ​របស់​មនុស្ស​ទៀង​ត្រង់​»។ (​ទំនុក​តម្កើង ៣៧:១៨​) ព្រះ​យេហូវ៉ា​ដឹង​អំពី​បញ្ហា​ទាំង​អស់​ដែល​អ្នក​មាន ហើយ​លោក​អាច​ផ្ដល់​កម្លាំង​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ទាំង​អស់​នោះ។

៥. ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​អាច​ផ្ដល់​កម្លាំង​ឲ្យ​យើង?

សូម​អាន អេសាយ ៤០:២៨ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​ថាមពល​ទាំង​អស់។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ថាមពល​ដែល​លោក​ផ្ដល់​ឲ្យ​ព្រះ​អាទិត្យ។ ដាវីឌ បូដានអេស​ដែល​ជា​អ្នក​សរសេរ​អំពី​វិទ្យា​សាស្ដ្រ​បាន​និយាយ​ថា រាល់​វិនាទី​ព្រះ​អាទិត្យ​បញ្ចេញ​ថាមពល​ស្មើ​នឹង​ការ​ផ្ទុះ​គ្រាប់​បែក​នុយក្លេអ៊ែរ​រាប់​ពាន់​លាន​គ្រាប់។ អ្នក​ស្រាវ​ជ្រាវ​ម្នាក់​ទៀត​គណនា​បរិមាណ​ថាមពល​ដែល​ព្រះ​អាទិត្យ​បញ្ចេញ​ក្នុង​តែ​មួយ​វិនាទី ហើយ​ឃើញ​ថា​នេះ​អាច​ផ្ដល់​អគ្គីសនី​ដល់​មនុស្ស​ទូ​ទាំង​ពិភព​លោក​សម្រាប់​២០០.០០០​ឆ្នាំ! យើង​ឃើញ​ច្បាស់​ថា ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ផ្ដល់​ថាមពល​ឲ្យ​ព្រះ​អាទិត្យ អាច​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​បញ្ហា​របស់​យើង។

៦. ហេតុ​អ្វី​នឹម​របស់​លោក​យេស៊ូ​គឺ​ស្រួល​ពាក់ ហើយ​តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

សូម​អាន អេសាយ ៤០:២៩ការ​បម្រើ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យើង​មាន​អំណរ​ជា​ខ្លាំង។ លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​យក​នឹម​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា​»។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ចិត្ដ​ឡើង​វិញ។ ពី​ព្រោះ​នឹម​របស់​ខ្ញុំ​ស្រួល​ពាក់ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល​»។ (​ម៉ាថាយ ១១:២៨​-​៣០​) ពាក្យ​ទាំង​នេះ​គឺ​ត្រឹម​ត្រូវ​មែន! នៅ​ពេល​ខ្លះ​យើង​ប្រហែល​ជា​អស់​កម្លាំង​ពេល​យើង​ចាក​ចេញ​ពី​ផ្ទះ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ឬ​កិច្ច​ផ្សព្វ​ផ្សាយ។ ប៉ុន្ដែ តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​យើង​ត្រឡប់​មក​វិញ? យើង​មាន​កម្លាំង​ចិត្ដ​ឡើង​វិញ និង​មាន​អារម្មណ៍​ថា​យើង​អាច​បន្ដ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​របស់​យើង​ត​ទៅ​ទៀត។ នឹម​របស់​លោក​យេស៊ូ​ពិត​ជា​ស្រួល​ពាក់។

៧. សូម​លើក​បទ​ពិសោធន៍​មួយ​ដែល​បង្ហាញ​ថា​ពាក្យ​នៅ​ម៉ាថាយ ១១:២៨​-​៣០​គឺ​ជា​ការ​ពិត។

សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​ម្នាក់។ គាត់​មាន​ជំងឺ​បាក់​កម្លាំង​រ៉ាំរ៉ៃ ជំងឺ​ធ្លាក់​ទឹក​ចិត្ដ និង​ឈឺ​ក្បាល​ខ្លាំង​ជា​ញឹក​ញយ។ ដូច្នេះ ជួន​កាល​គាត់​ពិបាក​ទៅ​កិច្ច​ប្រជុំ​ខ្លាំង​ណាស់។ ប៉ុន្ដែ នៅ​ថ្ងៃ​មួយ​ក្រោយ​ពី​គាត់​បាន​ខំ​ប្រឹង​ដើម្បី​ទៅ​កិច្ច​ប្រជុំ គាត់​បាន​សរសេរ​ថា​៖ ​«​សុន្ទរកថា​ថ្ងៃ​នេះ​គឺ​អំពី​ការ​ធ្លាក់​ទឹក​ចិត្ដ។ ខ្ញុំ​បាន​យំ​ដោយ​សារ​បង​ប្រុស​ម្នាក់​បាន​ថ្លែង​សុន្ទរកថា​នោះ​ដោយ​បង្ហាញ​ការ​យក​ចិត្ដ​ទុក​ដាក់​និង​ដោយ​យល់​អារម្មណ៍​របស់​ពួក​អ្នក​ដែល​មាន​បញ្ហា​នេះ។ នេះ​បាន​រំលឹក​ខ្ញុំ​ថា​ខ្ញុំ​ត្រូវ​ការ​កិច្ច​ប្រជុំ​»។ បង​ស្រី​នោះ​សប្បាយ​ចិត្ដ​ខ្លាំង​ណាស់​ដែល​គាត់​បាន​ខំ​ប្រឹង​ចូល​រួម​កិច្ច​ប្រជុំ​នោះ!

៨, ៩. តើ​ពាក្យ​របស់​សាវ័ក​ប៉ូល​ដែល​ថា​«​ពេល​ដែល​ខ្ញុំ​ខ្សោយ ខ្ញុំ​មាន​កម្លាំង​ខ្លាំង​ក្លា​»​មាន​ន័យ​យ៉ាង​ណា?

សូម​អាន អេសាយ ៤០:៣០យើង​ប្រហែល​ជា​មាន​ជំនាញ​ជា​ច្រើន ប៉ុន្ដែ​អ្វី​ដែល​យើង​អាច​ធ្វើ​មាន​កម្រិត។ យើង​ទាំង​អស់​គ្នា​ត្រូវ​ទទួល​ស្គាល់​ចំណុច​នេះ។ សាវ័ក​ប៉ូល​បាន​ធ្វើ​អ្វី​ជា​ច្រើន ប៉ុន្ដែ​គាត់​មិន​អាច​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​ចង់​ធ្វើ​ទេ។ ពេល​គាត់​បាន​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អារម្មណ៍​របស់​គាត់ លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ​«​ឫទ្ធា​នុភាព​របស់​ខ្ញុំ​បាន​ពេញ​លក្ខណៈ​ពេល​ដែល​អ្នក​ទន់​ខ្សោយ​»។ ប៉ូល​បាន​យល់​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់។ នេះ​ជា​មូលហេតុ​ដែល​គាត់​បាន​និយាយ​ថា​៖ ​«​ពេល​ដែល​ខ្ញុំ​ខ្សោយ ខ្ញុំ​មាន​កម្លាំង​ខ្លាំង​ក្លា​»។ (​កូរិនថូស​ទី២ ១២:៧​-​១០​) តើ​ពាក្យ​របស់​គាត់​មាន​ន័យ​យ៉ាង​ណា?

ប៉ូល​បាន​ទទួល​ស្គាល់​ថា​អ្វី​ដែល​គាត់​អាច​ធ្វើ​គឺ​មាន​កម្រិត។ គាត់​ត្រូវ​ការ​ជំនួយ​ពី​បុគ្គល​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​គាត់។ សកម្មពល​បរិសុទ្ធ​របស់​ព្រះ​អាច​ផ្ដល់​កម្លាំង​ឲ្យ​ប៉ូល​ពេល​ដែល​គាត់​ខ្សោយ។ សកម្មពល​របស់​ព្រះ​ក៏​អាច​ផ្ដល់​ឫទ្ធា​នុភាព​ឲ្យ​ប៉ូល​សម្រេច​កិច្ច​ការ​ផ្សេង​ៗ​ដែល​គាត់​មិន​អាច​ធ្វើ​ដោយ​ពឹង​លើ​កម្លាំង​របស់​ខ្លួន។ នេះ​ក៏​អាច​កើត​ឡើង​ចំពោះ​យើង​ដែរ។ ពេល​ព្រះ​យេហូវ៉ា​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក​ឲ្យ​យើង យើង​នឹង​មាន​កម្លាំង​ខ្លាំង​ក្លា!

១០. តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​ដាវីឌ​យ៉ាង​ដូច​ម្ដេច​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​របស់​គាត់?

១០ ដាវីឌ​ដែល​ជា​អ្នក​តែង​ទំនុក​តម្កើង​បាន​ទទួល​កម្លាំង​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​ជា​ច្រើន​ដង។ គាត់​បាន​ច្រៀង​ថា​៖ ​«​ដោយ​ពឹង​ទ្រង់ នោះ​ទូល​បង្គំ​នឹង​រត់​ចូល​ទៅ​ត​នឹង​កង​ទ័ព ហើយ​ដោយ​សារ​ព្រះ​នៃ​ទូល​បង្គំ នោះ​ទូល​បង្គំ​នឹង​លោត​រំលង​កំផែង​បាន​»។ (​ទំនុក​តម្កើង ១៨:២៩​) ដូច​កំពែង​ខ្ពស់​ដែល​យើង​ឡើង​មិន​រួច ជួន​កាល​យើង​មាន​បញ្ហា​ធំ​ដែល​យើង​មិន​អាច​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង​បាន។ យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។

១១. តើ​សកម្មពល​បរិសុទ្ធ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​របស់​យើង?

១១ សូម​អាន អេសាយ ៤០:៣១សត្វ​ឥន្ទ្រី​ដែល​សំកាំង​លើ​អាកាស​មិន​គ្រាន់​តែ​ប្រើ​កម្លាំង​របស់​វា​ឡើយ។ ថាមពល​ដែល​មក​ពី​ខ្យល់​ក្ដៅ​ឧណ្ហ​ៗ​ដែល​កំពុង​ឡើង​ទៅ​លើ ហាក់​ដូច​ជា​លើក​សត្វ​ឥន្ទ្រី​ឲ្យ​ឡើង​កាន់​តែ​ខ្ពស់​ទៅ​ក្នុង​អាកាស។ ហេតុ​នេះ​សត្វ​ឥន្ទ្រី​អាច​ហោះ​ទៅ​ឆ្ងាយ ហើយ​វា​មិន​សូវ​ត្រូវ​បញ្ចេញ​កម្លាំង​ទេ។ ដូច្នេះ ពេល​អ្នក​មាន​បញ្ហា​ដ៏​ធំ​មួយ សូមគិត​អំពី​សត្វ​ឥន្ទ្រី។ សូម​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​កម្លាំង​ដល់​អ្នក​ថែម​ទៀត​តាម​រយៈ​«​អ្នក​ជួយ ដែល​ជា​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​»។ (​យ៉ូហាន ១៤:២៦​) យើង​អាច​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​សកម្មពល​របស់​លោក​ឲ្យ​យើង​នៅ​ពេល​ណា​ក៏​បាន ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ជា​ពិសេស យើង​ប្រហែល​ជា​ត្រូវ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ពេល​ដែល​យើង​មាន​ទំនាស់​ជា​មួយ​នឹង​បង​ប្អូន​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ។ ប៉ុន្ដែ ហេតុ​អ្វី​ជួន​កាល​យើង​មាន​ទំនាស់?

១២, ១៣. (​ក​) ហេតុ​អ្វី​ជួន​កាល​មាន​ទំនាស់​រវាង​គ្រិស្ដ​សាសនិក​គ្នី​គ្នា? (​ខ​) តើ​ជីវិត​របស់​យ៉ូសែប​បង្រៀន​យើង​អ្វី​អំពី​ព្រះ​យេហូវ៉ា?

១២ ដោយ​សារ​យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ នោះ​អាច​នាំ​ឲ្យ​មាន​ទំនាស់។ ជួន​កាល​យើង​ខឹង​នឹង​បង​ប្អូន​ឯ​ទៀត​ដោយ​សារ​អ្វី​ដែល​ពួក​គេ​បាន​និយាយ​ឬ​ធ្វើ ឬ​ប្រហែល​ជា​ពួក​គេ​ខឹង​នឹង​យើង។ នេះ​អាច​ធ្វើ​ឲ្យ​យើង​ពិបាក។ ប៉ុន្ដែ​ស្ថានភាព​នោះ​ផ្ដល់​ឱកាស​ឲ្យ​យើង​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ តើ​តាម​របៀប​ណា? គឺ​យើង​រៀន​ឲ្យ​ចេះ​សហការ​គ្នា​ដោយ​មាន​សាមគ្គី​ភាព​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង។ ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​គេ​ទោះ​ជា​ពួក​គេ​គឺ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី ហើយ​យើង​ក៏​គួរ​ធ្វើ​ដូច្នេះ​ដែរ។

ព្រះ​យេហូវ៉ា​មិន​បាន​បោះ​បង់​ចោល​យ៉ូសែប​ទេ ហើយ​លោក​នឹង​មិន​បោះ​បង់​ចោល​អ្នក​ដែរ (​សូម​មើល​វគ្គ​១៣​)

១៣ ព្រះ​យេហូវ៉ា​មិន​ការពារ​អ្នក​បម្រើ​របស់​លោក​ពី​ការ​ល្បង​ល​ទេ។ យើង​រៀន​ចំណុច​នេះ​ពី​ជីវិត​របស់​យ៉ូសែប។ ពេល​យ៉ូសែប​នៅ​វ័យ​ក្មេង បង​ប្អូន​របស់​គាត់​ច្រណែន​គាត់។ ពួក​គេ​បាន​លក់​គាត់​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ ហើយ​គាត់​បាន​ត្រូវ​យក​ទៅ​ស្រុក​អេស៊ីប។ (​លោកុប្បត្ដិ ៣៧:២៨​) ព្រះ​យេហូវ៉ា​បាន​ឃើញ​អ្វី​ទាំង​អស់​ដែល​បាន​កើត​ឡើង ហើយ​លោក​ទំនង​ជា​ឈឺ​ចិត្ដ​ពេល​ឃើញ​គេ​ប្រព្រឹត្ដ​អាក្រក់​ទៅ​លើ​យ៉ូសែប​ដែល​ជា​មិត្ដ​សម្លាញ់​និង​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​មិន​បាន​បញ្ឈប់​អ្វី​ទាំង​នោះ​ទេ។ ក្រោយ​មក ពេល​ដែល​យ៉ូសែប​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​ពី​បទ​ប៉ុន​ប៉ង​រំលោភ​ប្រពន្ធ​របស់​ប៉ូទីផារ ហើយ​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក ព្រះ​យេហូវ៉ា​នៅ​តែ​មិន​បាន​សង្គ្រោះ​យ៉ូសែប។ ប៉ុន្ដែ​តើ​ព្រះ​បាន​បោះ​បង់​ចោល​យ៉ូសែប​ឬ​ទេ? មិន​មែន​ទេ។ គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​គាត់ ហើយ​ការ​អ្វី​ដែល​គាត់​ធ្វើ នោះ​ទ្រង់​ធ្វើ​ឲ្យ​ចំរើន​ឡើង​គ្រប់​ជំពូក​»។—លោកុប្បត្ដិ ៣៩:២១​-​២៣

១៤. តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ពេល​ដែល​យើង​«​ឈប់​ពី​»​សេចក្ដី​កំហឹង?

១៤ គំរូ​មួយ​ទៀត​គឺ​ដាវីឌ។ ដាវីឌ​ធ្លាប់​រង​ការ​អាក្រក់​ជា​ច្រើន​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ធ្លាប់​ជួប។ ប៉ុន្ដែ មិត្ដ​សម្លាញ់​នេះ​របស់​ព្រះ មិន​បាន​ឲ្យ​បញ្ហា​របស់​គាត់​ធ្វើ​ឲ្យ​គាត់​ពេញ​ទៅ​ដោយ​កំហឹង​ឡើយ។ គាត់​បាន​សរសេរ​ថា​៖ ​«​ចូរ​ឈប់​ពី​សេចក្ដី​កំហឹង ហើយ​បោះ​បង់​សេចក្ដី​ឃោរ​ឃៅ​ចោល​ចេញ កុំ​ឲ្យ​ក្ដៅ​ចិត្ដ​ឡើយ ដ្បិត​នោះ​នឹង​នាំ​ឲ្យ​ប្រព្រឹត្ដ​អាក្រក់វិញ​»។ (​ទំនុក​តម្កើង ៣៧:៨​) មូលហេតុ​ដ៏​សំខាន់​បំផុត​ដែល​យើង​«​ឈប់​ពី​»​សេចក្ដី​កំហឹង​ឬ​បោះ​បង់​ចោល​កំហឹង​គឺ​យើង​ចង់​យក​តម្រាប់​ព្រះ​យេហូវ៉ា។ លោក​«​មិន​បាន​ប្រព្រឹត្ដ​នឹង​យើង តាម​អំពើ​បាប​របស់​យើង​ទេ​»​ តែ​លោក​បាន​អភ័យ​ទោស​ឲ្យ​យើង​វិញ។ (​ទំនុក​តម្កើង ១០៣:១០​) មាន​ប្រយោជន៍​ផ្សេង​ទៀត​ដែល​មក​ពី​ការ​បោះ​បង់​ចោល​កំហឹង។ ជា​ឧទាហរណ៍ កំហឹង​អាច​បង្ក​ឲ្យ​មាន​ជំងឺ​លើស​ឈាម បញ្ហា​ផ្លូវ​ដង្ហើម បង្ខូច​ថ្លើម​និង​លំពែង ហើយ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ។ ម្យ៉ាង​ទៀត ពេល​យើង​ខឹង​យើង​មិន​តែង​តែ​គិត​យ៉ាង​ត្រឹម​ត្រូវ​ទេ។ យើង​ប្រហែល​ជា​និយាយ​ឬ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ដ ហើយ​នេះ​អាច​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ដ​អស់​រយៈ​ពេល​ជា​យូរ។ គឺ​ល្អ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់​ឲ្យ​យើង​រក្សា​ចិត្ដ​ស្ងប់។ គម្ពីរ​ចែង​ថា​៖ ​«​ចិត្ដ​ស្ងប់ តែង​តែ​ធ្វើ​អោយ​មាន​សុខភាព​ល្អ​»។ (​សុភាសិត ១៤:៣០; ខ.ស.​) ដូច្នេះ តើ​យើង​អាច​ធ្វើ​អ្វី​ពេល​ដែល​អ្នក​ឯ​ទៀត​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ដ ហើយ​តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង? យើង​អាច​ធ្វើ​តាម​យោបល់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ពី​គម្ពីរ។

ពេល​យើង​ខក​ចិត្ដ​នឹង​បង​ប្អូន​របស់​យើង

១៥, ១៦. តើ​យើង​គួរ​ធ្វើ​អ្វី​ពេល​បង​ប្អូន​ណា​ម្នាក់​បាន​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ដ?

១៥ សូម​អាន អេភេសូរ ៤:២៦យើង​មិន​ភ្ញាក់​ផ្អើល​ទេ ពេល​ដែល​មនុស្ស​ឯ​ទៀត​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា​ប្រព្រឹត្ដ​អាក្រក់​ចំពោះ​យើង។ ប៉ុន្ដែ ពេល​ដែល​បង​ប្អូន​រួម​ជំនឿ​ឬ​សមាជិក​ក្រុម​គ្រួសារ​និយាយ​ឬ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​យើង​ឈឺ​ចិត្ដ យើង​ប្រហែល​ជា​ពិបាក​ចិត្ដ​ជា​ខ្លាំង។ ចុះ​យ៉ាង​ណា​បើ​យើង​មិន​អាច​បំភ្លេច​អ្វី​ដែល​បាន​កើត​ឡើង? តើ​យើង​នឹង​ទុក​កំហឹង​ក្នុង​ខ្លួន​អស់​ជា​ច្រើន​ឆ្នាំ​ឬ​ទេ? ឬ​តើ​យើង​នឹង​ធ្វើ​តាម​យោបល់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ពី​គម្ពីរ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ​ឲ្យ​បាន​ឆាប់​ឬ​ទេ? បើ​យើង​ទុក​កំហឹង​កាន់​តែ​យូរ នោះ​យើង​នឹង​កាន់​តែ​ពិបាក​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព។

១៦ បើ​បង​ប្អូន​ណា​ម្នាក់​បាន​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ដ ហើយ​អ្នក​មិន​អាច​ឈប់​គិត​អំពី​រឿង​នោះ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព? ដំបូង សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ អង្វរ​សុំ​លោក​ឲ្យ​ជួយ​អ្នក​និយាយ​ជា​មួយ​នឹង​គាត់​ដោយ​សប្បុរស។ សូម​ចាំ​ថា គាត់​ក៏​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​ដែរ។ (​ទំនុក​តម្កើង ២៥:១៤​) ព្រះ​ស្រឡាញ់​គាត់។ ព្រះ​យេហូវ៉ា​ប្រព្រឹត្ដ​ដោយ​សប្បុរស​ចំពោះ​មិត្ដ​សម្លាញ់​របស់​លោក ហើយ​លោក​តម្រូវ​ឲ្យ​យើង​ធ្វើ​ដូច្នេះ​ដែរ។ (​សុភាសិត ១៥:២៣; ម៉ាថាយ ៧:១២; កូឡុស ៤:៦​) ទី២ សូម​គិត​ឲ្យ​បាន​ដិត​ដល់​អំពី​អ្វី​ដែល​អ្នក​នឹង​និយាយ​ទៅ​កាន់​អ្នក​នោះ។ សូម​កុំ​គិត​ថា​គាត់​ចង់​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ដ​ឡើយ។ ប្រហែល​ជា​គាត់​គ្មាន​ចេតនា ឬ​ប្រហែល​ជា​អ្នក​បាន​យល់​ច្រឡំ​អំពី​ស្ថានភាព​នោះ។ សូម​សុខ​ចិត្ដ​សារភាព​ថា​អ្នក​ប្រហែល​ជា​មាន​កំហុស​ដែរ។ អ្នក​ប្រហែល​ជា​អាច​ចាប់​ផ្ដើម​និយាយ​ដោយ​ប្រើ​ពាក្យ​បែប​នេះ ​«​ប្រហែល​ជា​ខ្ញុំ​គិត​ច្រើន​ពេក តែ​អ្វី​ដែល​បង​និយាយ​ម្សិលមិញ ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា . . . ​»។ បើ​ការ​សន្ទនា​នោះ​មិន​ជួយ​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​រវាង​អ្នក​ទាំង​ពីរ​ទេ សូម​បន្ដ​ព្យាយាម។ សូម​អធិដ្ឋាន​ឲ្យ​គាត់។ សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​គាត់​និង​ជួយ​អ្នក​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្ដិ​របស់​គាត់។ អ្នក​អាច​ប្រាកដ​ថា ព្រះ​យេហូវ៉ា​នឹង​ពេញ​ចិត្ដ​ចំពោះ​ការ​ខំ​ប្រឹង​យ៉ាង​ស្មោះ​របស់​អ្នក​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​បង​ប្អូន​របស់​អ្នក​ដែល​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ។

ពេល​យើង​បន្ទោស​ខ្លួន​អំពី​កំហុស​នៅ​អតីតកាល

១៧. ពេល​ដែល​យើង​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ផ្សះ​ផ្សា​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​លោក? ហេតុ​អ្វី​យើង​គួរ​ទទួល​ជំនួយ​នោះ?

១៧ បង​ប្អូន​ខ្លះ​មាន​អារម្មណ៍​ថា​ខ្លួន​មិន​សម​នឹង​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​សារ​ពួក​គេ​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ ការ​បន្ទោស​ខ្លួន​អាច​ធ្វើ​ឲ្យ​យើង​លែង​មាន​កម្លាំង សេចក្ដី​សុខ​សាន្ដ និង​អំណរ។ ស្ដេច​ដាវីឌ​បាន​បន្ទោស​ខ្លួន ហើយបាន​និយាយ​ថា​៖ ​«​កាល​ទូល​បង្គំ​បាន​ស្ងៀម​នៅ នោះ​ឆ្អឹង​ទូល​បង្គំ​បាន​ខ្សោះ​ទៅ ដោយ​សារ​ដំងូរ​ដែល​ទូល​បង្គំ​ថ្ងូរ​ជា​ដរាប​រាល់​ថ្ងៃ។ ដ្បិត​ព្រះ​ហស្ដ​នៃ​ទ្រង់​បាន​សង្កត់​លើ​ទូល​បង្គំ​ជា​ធ្ងន់​ទាំង​យប់​ទាំង​ថ្ងៃ​»។ គួរ​ឲ្យ​សប្បាយ​ណាស់​ដែល​ដាវីឌ​មាន​ចិត្ដ​ក្លាហាន​ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​បម្រើ​របស់​លោក​ធ្វើ។ គាត់​បាន​សរសេរ​ថា​៖ ​«​ទូល​បង្គំ​បាន​រ៉ាប់​ទទួល​អំពើ​បាប​របស់​ទូល​បង្គំ​នៅ​ចំពោះ​ទ្រង់ . . . ឯ​ទ្រង់​ក៏​បាន​អត់​ទោស​ចំពោះ​អំពើ​បាប​នៃ​ទូល​បង្គំ​ទៅ​»។ (​ទំនុក​តម្កើង ៣២:៣​-​៥​) បើ​អ្នក​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ព្រះ​យេហូវ៉ា​បម្រុង​តែ​នឹង​អភ័យ​ទោស​ឲ្យ​អ្នក។ លោក​ចង់​ជួយ​អ្នក​ឲ្យ​ផ្សះ​ផ្សា​ចំណង​មិត្ដភាព​របស់​អ្នក​ជា​មួយ​នឹង​លោក។ ប៉ុន្ដែ អ្នក​ត្រូវ​ទទួល​ជំនួយ​ដែល​លោក​ផ្ដល់​ឲ្យ​តាម​រយៈ​អ្នក​ចាស់​ទុំ។ (​សុភាសិត ២៤:១៦; យ៉ាកុប ៥:១៣​-​១៥​) ដូច្នេះ​សូម​កុំ​ស្ទាក់​ស្ទើរ! ការ​ធ្វើ​ដូច្នេះ​គឺ​សំខាន់​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ប៉ុន្ដែ ចុះ​បើ​អ្នក​នៅ​តែ​បន្ដ​បន្ទោស​ខ្លួន​អំពី​កំហុស​ដែល​ព្រះ​បាន​អភ័យ​ទោស​ឲ្យ​អ្នក​រួច​ហើយ តើ​អ្នក​គួរ​ធ្វើ​អ្វី?

១៨. តើ​តាម​របៀប​ណា​គំរូ​របស់​ប៉ូល​អាច​ជួយ​ពួក​អ្នក​ដែល​មាន​អារម្មណ៍​ថា​ខ្លួន​មិន​សម​នឹង​បម្រើ​ព្រះ​យេហូវ៉ា?

១៨ នៅ​ពេល​ខ្លះ​សាវ័ក​ប៉ូល​បាន​ធ្លាក់​ទឹក​ចិត្ដ​ដោយ​សារ​កំហុស​របស់​គាត់​នៅ​អតីតកាល។ គាត់​បាន​និយាយ​ថា​៖ ​«​ក្នុង​ចំណោម​ពួក​សាវ័ក ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ ក៏​មិន​សម​នឹង​ហៅ​ថា​សាវ័ក​ដែរ ពី​ព្រោះ​ខ្ញុំ​បាន​បៀត​បៀន​ក្រុម​ជំនុំ​របស់​ព្រះ​»។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ប៉ូល​បាន​បន្ថែម​ថា​៖ ​«​ប៉ុន្ដែ​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ ខ្ញុំ​មាន​មុខ​ងារ​នេះ​»។ (​កូរិនថូស​ទី១ ១៥:៩, ១០​) ព្រះ​យេហូវ៉ា​ដឹង​ថា​ប៉ូល​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ តែ​លោក​បាន​ទទួល​យក​ប៉ូល ហើយ​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ដល់​គាត់​ដោយ​ឲ្យ​គាត់​នូវ​ភារកិច្ច​ដ៏​ពិសេស​មួយ។ ហេតុ​នេះ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ប៉ូល​ចាំ​ថា​លោក​ស្រឡាញ់​គាត់។ បើ​អ្នក​ពិត​ជា​ស្តាយ​ក្រោយ​ចំពោះ​អ្វី​ដែល​អ្នក​បាន​ធ្វើ និង​បាន​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​រឿង​នោះ ហើយ​បាន​ប្រាប់​អ្នក​ចាស់​ទុំ​ពេល​ដែល​នេះ​គឺ​ចាំ​បាច់ នោះ​ព្រះ​យេហូវ៉ា​ប្រាកដ​ជា​នឹង​អភ័យ​ទោស​ឲ្យ​អ្នក។ សូម​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​អ្នក ហើយ​សូម​ព្រម​ទទួល​ការ​អភ័យ​ទោស​នោះ!—អេសាយ ៥៥:៦, ៧

១៩. តើ​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ​២០១៨​គឺ​ជា​អ្វី ហើយ​ហេតុ​អ្វី​យើង​ត្រូវ​ការ​ការ​រំលឹក​នេះ?

១៩ កាល​ដែល​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​កាន់​តែ​ជិត​មក​ដល់ យើង​អាច​រំពឹង​ថា​យើង​នឹង​មាន​បញ្ហា​កាន់​តែ​ច្រើន។ ប៉ុន្ដែ​យើង​គួរ​ចាំ​ថា ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដែល​«​រមែង​ចំរើន​កំឡាំង​ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កំឡាំង​សោះ​នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ​»។ ដូច្នេះ លោក​អាច​ផ្ដល់​អ្វី​ក៏​ដោយ​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​បន្ដ​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់។ (​អេសាយ ៤០:២៩; ទំនុក​តម្កើង ៥៥:២២; ៦៨:១៩​) ក្នុង​អំឡុង​ឆ្នាំ​២០១៨​នេះ រាល់​ដង​ពេល​ដែល​យើង​ចូល​រួម​កិច្ច​ប្រជុំ​នៅ​សាល​ប្រជុំ ហើយ​ឃើញ​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​របស់​យើង នោះ​នឹង​រំលឹក​យើង​អំពី​ការ​ពិត​ដ៏​សំខាន់​នេះ​ដែល​ថា​៖ ​«​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ​យេហូវ៉ា . . . នឹង​មាន​កំឡាំង​ចំរើន​ជា​និច្ច​»។អេសាយ ៤០:៣១