លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពិធី​រំលឹក​និង​សាមគ្គី​ភាព​ដ៏​គួរ​ឲ្យ​សប្បាយ

ពិធី​រំលឹក​និង​សាមគ្គី​ភាព​ដ៏​គួរ​ឲ្យ​សប្បាយ

​«​បង​ប្អូន​នៅ​មូល​ជា​មួយ​គ្នា​ដោយ​ចិត្ដ​ព្រម​ព្រៀង នោះ​ជា​ការ​ល្អ​»។—ទំនុក​តម្កើង ១៣៣:១

ចម្រៀង​លេខ: ១៤៩, ៣០

១, ២. នៅ​ឆ្នាំ​២០១៨ តើ​យើង​នឹង​មាន​កម្ម​វិធី​ដ៏​ពិសេស​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​យើង​មាន​សាមគ្គី​ភាព ហើយ​ហេតុ​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៨ មនុស្ស​រាប់​លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​នឹង​ចូល​រួម​កម្ម​វិធី​ដែល​ធ្វើ​ឡើង​ក្នុង​មួយ​ឆ្នាំ​ម្ដង។ ក្រោយ​ពី​ថ្ងៃ​លិច សាក្សី​ព្រះ​យេហូវ៉ា​និង​មនុស្ស​ជា​ច្រើន​ទៀត​នឹង​ជួប​ជុំ​គ្នា​ដើម្បី​រំលឹក​អំពី​គ្រឿង​បូជា​របស់​លោក​យេស៊ូ។ រៀង​រាល់​ឆ្នាំ ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ដ​ធ្វើ​ឲ្យ​មនុស្ស​មាន​សាមគ្គី​ភាព​ដ៏​អស្ចារ្យ​ជាង​កម្ម​វិធី​ផ្សេង​ទៀត​នៅ​លើ​ផែន​ដី។

ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ច្បាស់​ជា​សប្បាយ​ចិត្ដ​ពេល​ដែល​ឃើញ​មនុស្ស​រាប់​លាន​នាក់​ចូល​រួម​កម្ម​វិធី​ដ៏​ពិសេស​នោះ​ដែល​ធ្វើ​ឡើង​បន្ដ​បន្ទាប់​គ្នា​នៅ​ទូ​ទាំង​ពិភព​លោក។ គម្ពីរ​រៀប​រាប់​អំពី​«​មនុស្ស​មួយ​ក្រុម​ធំ ដែល​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​រាប់​ចំនួន​បាន​ឡើយ។ ពួក​គេ​ចេញ​ពី​គ្រប់​ប្រជា​ជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ជាតិ​សាសន៍ និង​គ្រប់​ភាសា​»។ ពួក​គេ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​សេចក្ដី​សង្គ្រោះ​របស់​យើង​មក​ពី​ព្រះ​របស់​យើង ដែល​អង្គុយ​លើ​បល្ល័ង្ក និង​ពី​កូន​ចៀម​»។ (​ការ​បើក​បង្ហាញ ៧:៩, ១០​) គឺ​អស្ចារ្យ​មែន​ដែល​រៀង​រាល់​ឆ្នាំ​នៅ​ឯ​ពិធី​រំលឹក មនុស្ស​ជា​ច្រើន​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ចំពោះ​អ្វី​ៗ​ដ៏​អស្ចារ្យ​ដែល​លោក​ទាំង​ពីរ​បាន​ធ្វើ!

៣. តើ​យើង​នឹង​រក​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ​យើង​នឹង​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​បួន​ដូច​ត​ទៅ​នេះ​៖ (​១​) តើ​ខ្ញុំ​អាច​ត្រៀម​ខ្លួន​សម្រាប់​ពិធី​រំលឹក​យ៉ាង​ដូច​ម្ដេច​ដើម្បី​ឲ្យ​ខ្ញុំ​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​កម្ម​វិធី​នេះ? (​២​) តើ​តាម​របៀប​ណា​ខ្លះ​ពិធី​រំលឹក​ជួយ​រាស្ដ្រ​ទាំង​អស់​របស់​ព្រះ​ឲ្យ​មាន​សាមគ្គី​ភាព? (​៣​) តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ក្នុង​រាស្ដ្រ​ព្រះ? (​៤​) តើ​នឹង​មាន​ពិធី​រំលឹក​ចុង​ក្រោយ​ឬ​ទេ? បើ​មាន តើ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ណា?

តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ពិធី​រំលឹក​និង​ដើម្បី​ទទួល​ប្រយោជន៍​ពី​ការ​ចូល​រួម​ពិធី​នោះ?

៤. ហេតុ​អ្វី​គឺ​សំខាន់​ឲ្យ​យើង​ចូល​រួម​ពិធី​រំលឹក?

ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​កត់​សម្គាល់​បុគ្គល​ម្នាក់​ៗ​ដែល​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ចូល​រួម​ពិធី​រំលឹក

ហេតុ​អ្វី​គឺ​សំខាន់​ឲ្យ​យើង​ចូល​រួម​ពិធី​រំលឹក? មូលហេតុ​មួយ​គឺ​ការ​ចូល​រួម​កិច្ច​ប្រជុំ​ជា​របៀប​មួយ​ដែល​យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​កត់​សម្គាល់​បុគ្គល​ម្នាក់​ៗ​ដែល​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ដ៏​សំខាន់​បំផុត​នេះ។ យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ឃើញ​ថា​យើង​នឹង​ចូល​រួម​កម្ម​វិធី​នោះ លើក​លែង​តែ​យើង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ទៅ​ពុំ​កើត។ ពេល​ការ​ប្រព្រឹត្ដ​របស់​យើង​បង្ហាញ​ថា​កិច្ច​ប្រជុំ​គឺ​សំខាន់​ចំពោះ​យើង យើង​ផ្ដល់​មូលហេតុ​មួយ​ទៀត​ឲ្យ​ព្រះ​យេហូវ៉ា​រក្សា​ឈ្មោះ​របស់​យើង​ក្នុង​«​សៀវភៅ​រំឭក​»។ សៀវភៅ​នេះ​ក៏​បាន​ត្រូវ​ហៅ​ថា​«​សៀវភៅ​ជីវិត​»។ សៀវភៅ​នេះ​មាន​ឈ្មោះ​របស់​អស់​អ្នក​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—ម៉ាឡាគី ៣:១៦; ការ​បើក​បង្ហាញ ២០:១៥

៥. ក្នុង​ប៉ុន្មាន​សប្ដាហ៍​មុន​វិធី​រំលឹក តើ​តាម​របៀប​ណា​អ្នក​អាច​«​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​ឥត​ឈប់ ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​កំពុង​កាន់​ខ្ជាប់​នូវ​ជំនឿ​ឬ​យ៉ាង​ណា​»​?

ក្នុង​ប៉ុន្មាន​សប្ដាហ៍​មុន​ពិធី​រំលឹក យើង​អាច​ចំណាយ​ពេល​ថែម​ទៀត​ដើម្បី​អធិដ្ឋាន​និង​គិត​យ៉ាង​ដិត​ដល់​អំពី​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​គឺ​រឹង​មាំ​ខ្លាំង​យ៉ាង​ណា។ (​សូម​អាន កូរិនថូស​ទី២ ១៣:៥) សាវ័ក​ប៉ូល​បាន​ប្រាប់​គ្រិស្ដ​សាសនិក​ឲ្យ​«​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​ឥត​ឈប់ ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​កំពុង​កាន់​ខ្ជាប់​នូវ​ជំនឿ​ឬ​យ៉ាង​ណា​»។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​ពិត​ជា​ជឿ​ថា​នេះ​ជា​អង្គ​ការ​តែ​មួយ​គត់​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ឬ​ទេ? តើ​ខ្ញុំ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ផ្សព្វ​ផ្សាយ​និង​បង្រៀន​អំពី​ដំណឹង​ល្អ​ឬ​ទេ? តើ​ការ​ប្រព្រឹត្ដ​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​ពិត​ជា​ជឿ​ថា​យើង​កំពុង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់ ហើយ​ថា​ទី​បញ្ចប់​នៃ​ការ​គ្រប់​គ្រង​របស់​សាថាន​គឺ​ជិត​ដល់​ហើយ​ឬ​ទេ? តើ​ខ្ញុំ​មាន​ទំនុក​ចិត្ដ​ខ្លាំង​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ដូច​ពេល​ដែល​ខ្ញុំ​ទើប​តែ​បាន​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា​ឬ​ទេ?›។ (​ម៉ាថាយ ២៤:១៤; ធីម៉ូថេ​ទី២ ៣:១; ហេប្រឺ ៣:១៤​) ការ​គិត​អំពី​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​នឹង​ជួយ​យើង​«​ស​ឲ្យ​ឃើញ​ជា​និច្ច​»​ថា​យើង​ជា​មនុស្ស​បែប​ណា។

៦. (​ក​) តើ​របៀប​តែ​មួយ​គត់​ដែល​យើង​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​គឺ​ជា​អ្វី? (​ខ​) តើ​អ្នក​ចាស់​ទុំ​ម្នាក់​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ពិធី​រំលឹក​រាល់​ឆ្នាំ ហើយ​តើ​តាម​របៀប​ណា​អ្នក​អាច​ធ្វើ​អ្វី​ដែល​ស្រដៀង​នឹង​នេះ?

របៀប​មួយ​ដែល​យើង​អាច​ត្រៀម​ខ្លួន​សម្រាប់​ពិធី​រំលឹក​គឺ​ដោយ​អាន​និង​ពិចារណា​អំពី​អត្ថបទ​ដែល​ពន្យល់​អំពី​មូលហេតុ​ដែល​កម្ម​វិធី​នេះ​គឺ​សំខាន់​ណាស់។ (​សូម​អាន យ៉ូហាន ៣:១៦; ១៧:៣) របៀប​តែ​មួយ​គត់​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​គឺ​ដោយ​ស្គាល់​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្បាស់ និង​មាន​ជំនឿ​លើ​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក។ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ពិធី​រំលឹក យើង​អាច​ជ្រើស​រើស​ប្រធានបទ​ផ្សេង​ៗ​ក្នុង​គម្ពីរ​ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​ដែល​នឹង​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​លោក​ទាំង​ពីរ។ បង​ប្រុស​ដែល​បាន​បម្រើ​ជា​អ្នក​ចាស់​ទុំ​អស់​ជា​ច្រើន​ឆ្នាំ​ប្រមូល​អត្ថបទ​ពី​ទស្សនាវដ្ដី​ប៉ម​យាម​ដែល​រៀប​រាប់​អំពី​ពិធី​រំលឹក និង​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​បង្ហាញ​ចំពោះ​យើង។ ក្នុង​ប៉ុន្មាន​សប្ដាហ៍​មុន​ពិធី​រំលឹក គាត់​អាន​អត្ថបទ​ទាំង​នោះ​ម្ដង​ទៀត ហើយ​គិត​យ៉ាង​ស៊ី​ជម្រៅ​អំពី​មូលហេតុ​ដែល​កម្ម​វិធី​នោះ​គឺ​សំខាន់​ណាស់។ ជួន​កាល គាត់​ប្រមូល​អត្ថបទ​មួយ​ឬ​ពីរ​បន្ថែម​ទៀត។ គាត់​ក៏​អាន​និង​រំពឹង​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​អំណាន​គម្ពីរ​សម្រាប់​ពិធី​រំលឹក។ អ្នក​ចាស់​ទុំ​នេះ​និយាយ​ថា ដោយ​ធ្វើ​អ្វី​ទាំង​អស់​នេះ គាត់​រៀន​ចំណុច​ថ្មី​ៗ​ជា​រៀង​រាល់​ឆ្នាំ។ សំខាន់​បំផុត ការ​សិក្សា​បែប​នេះ​ធ្វើ​ឲ្យ​គាត់​កាន់​តែ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ ពេល​ដែល​អ្នក​សិក្សា​តាម​របៀប​នេះ អ្នក​ក៏​នឹង​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​កាន់​តែ​ខ្លាំង​ឡើង​ៗ។ អ្នក​ក៏​នឹង​កាន់​តែ​មាន​ចិត្ដ​កតញ្ញូ​ចំពោះ​អ្វី​ដែល​លោក​ទាំង​ពីរ​បាន​ធ្វើ ហើយ​អ្នក​នឹង​ទទួល​ប្រយោជន៍​កាន់​តែ​ច្រើន​ពី​ពិធី​រំលឹក។

ពិធី​រំលឹក​ជួយ​យើង​ឲ្យ​មាន​សាមគ្គី​ភាព

៧. (​ក​) តើ​លោក​យេស៊ូ​បាន​អធិដ្ឋាន​អំពី​អ្វី​នៅ​យប់​នៃ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​ជា​លើក​ដំបូង? (​ខ​) តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​បាន​ឆ្លើយ​តប​នឹង​សេចក្ដី​អធិដ្ឋាន​របស់​លោក​យេស៊ូ?

នៅ​យប់​នៃ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​ជា​លើក​ដំបូង លោក​យេស៊ូ​បាន​អធិដ្ឋាន។ នោះ​ជា​សេចក្ដី​អធិដ្ឋាន​ដ៏​ពិសេស​មួយ។ លោក​បាន​អធិដ្ឋាន​អំពី​សាមគ្គី​ភាព​ដ៏​ពិសេស​ដែល​លោក​និង​បិតា​របស់​លោក​មាន។ លោក​យេស៊ូ​ក៏​បាន​អធិដ្ឋាន​សុំ​ឲ្យ​អ្នក​កាន់​តាម​លោក​រួប​រួម​គ្នា​ដូច​លោក​ទាំង​ពីរ​ដែរ។ (​សូម​អាន យ៉ូហាន ១៧:២០, ២១) ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ឆ្លើយ​តប​នឹង​សេចក្ដី​អធិដ្ឋាន​នេះ​របស់​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក។ ជាង​កិច្ច​ប្រជុំ​ផ្សេង​ទៀត ពិធី​រំលឹក​បង្ហាញ​យ៉ាង​ច្បាស់​ថា​សាក្សី​ព្រះ​យេហូវ៉ា​មាន​សាមគ្គី​ភាព។ នៅ​ថ្ងៃ​នោះ មនុស្ស​រាប់​លាន​នាក់​ដែល​មក​ពី​ប្រទេស​ជា​ច្រើន​និង​ដែល​មាន​ពណ៌​សម្បុរ​ខុស​ៗ​គ្នា ជួប​ជុំ​គ្នា​នៅ​ទូ​ទាំង​ពិភព​លោក ហើយ​បង្ហាញ​ថា​ពួក​គេ​ជឿ​ថា​ព្រះ​យេហូវ៉ា​បាន​ចាត់​បុត្រ​របស់​លោក​ឲ្យ​មក​ផែន​ដី។ នៅ​កន្លែង​ខ្លះ គឺ​ខុស​ប្លែក​ពី​ធម្មតា​ដែល​មនុស្ស​ពី​ជាតិ​សាសន៍​ផ្សេង​ៗ​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​កិច្ច​ប្រជុំ​ខាង​សាសនា ឬ​គេ​មាន​ទស្សនៈ​ថា​ការ​ធ្វើ​ដូច្នេះ​គឺ​មិន​សម​រម្យ។ ប៉ុន្ដែ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​មិន​មាន​ទស្សនៈ​បែប​នេះ​ទេ។ ចំពោះ​លោក​ទាំង​ពីរ សាមគ្គី​ភាព​របស់​យើង​នៅ​ពិធី​រំលឹក​គឺ​វិសេស​ណាស់។

៨. តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ដំណឹង​អ្វី​ដល់​អេសេគាល?

ក្នុង​នាម​ជា​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា យើង​មិន​ភ្ញាក់​ផ្អើល​ទេ​ដែល​យើង​មាន​សាមគ្គី​ភាព​បែប​នេះ។ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន​អំពី​សាមគ្គី​ភាព​នេះ​តាម​រយៈ​ដំណឹង​ដែល​លោក​បាន​ផ្ដល់​ឲ្យ​អេសេគាល។ លោក​បាន​ប្រាប់​អេសេគាល​ឲ្យ​យក​បន្ទះ​ឈើ​ពីរ មួយ​«​សំ​រាប់​ពួក​យូដា​»​និង​មួយ​ទៀត​«​សំ​រាប់​ពួក​យ៉ូសែប​»​ ហើយ​ឲ្យ​បន្ទះ​ឈើ​ទាំង​ពីរ​នោះ​ភ្ជាប់​គ្នា​ដើម្បី​ទៅ​ជា​បន្ទះ​ឈើ​តែ​មួយ។ (​សូម​អាន អេសេគាល ៣៧:១៥​-​១៧) ​«​សំណួរ​ពី​អ្នក​អាន​»​ដែល​បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​កក្កដា ឆ្នាំ​២០១៦ បាន​ពន្យល់​ថា​៖ ​«​តាម​រយៈ​អេសេគាល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា លោក​បាន​ប្រកាស​ទុក​ជា​មុន​ថា​រាស្ដ្រ​របស់​លោក​នឹង​ត្រឡប់​ទៅ​ស្រុក​ដែល​លោក​បាន​សន្យា ហើយ​ថា​ពួក​គេ​នឹង​រួប​រួម​គ្នា​ជា​ប្រជា​ជាតិ​មួយ​ម្ដង​ទៀត។ ទំនាយ​នោះ​ក៏​បាន​ប្រាប់​ទុក​ជា​មុន​ដែរ​ថា​ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នឹង​រួប​រួម​គ្នា​ជា​រាស្ដ្រ​តែ​មួយ​»។

៩. ជា​រៀង​រាល់​ឆ្នាំ​នៅ​ឯ​ពិធី​រំលឹក តើ​យើង​ឃើញ​សាមគ្គី​ភាព​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​នៅ​ក្នុង​ទំនាយ​របស់​អេសេគាល​យ៉ាង​ដូច​ម្ដេច?

ចាប់​ពី​ឆ្នាំ​១៩១៩ បន្ដិច​ម្ដង​ៗ​ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​និង​រួប​រួម​ឡើង​វិញ​នូវ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង។ ពួក​គាត់​ប្រៀប​ដូច​ជា​បន្ទះ​ឈើ​«​សំ​រាប់​ពួក​យូដា​»។ ក្រោយ​មក ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​លើ​ផែន​ដី​កាន់​តែ​ច្រើន​ឡើង​ៗ​បាន​ចូល​រួម​ជា​មួយ​នឹង​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង។ ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​នៅ​ផែន​ដី​ប្រៀប​ដូច​ជា​បន្ទះ​ឈើ​«​សំ​រាប់​ពួក​យ៉ូសែប​»។ ព្រះយេហូវ៉ា​បាន​សន្យា​ថា​លោក​នឹង​ភ្ជាប់​បន្ទះ​ឈើ​ទាំង​ពីរ​នេះ​«​ឲ្យ​បាន​ជាប់​ជា​បន្ទះ​តែ​១​វិញ​»​ដែល​នៅ​ក្នុង​ដៃ​របស់​លោក។ (​អេសេគាល ៣៧:១៩​) លោក​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​និង​«​ចៀម​ឯ​ទៀត​»​ទៅ​ជា​«​ហ្វូង​តែ​មួយ​»។ (​យ៉ូហាន ១០:១៦; សាការី ៨:២៣​) សព្វ​ថ្ងៃ ក្រុម​ទាំង​ពីរ​នេះ​មាន​សាមគ្គី​ភាព​និង​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា។ ម្យ៉ាង​ទៀត ពួក​គេ​មាន​ស្ដេច​តែ​មួយ​គឺ​លោក​យេស៊ូ​គ្រិស្ដ​ដែល​នៅ​ក្នុង​ទំនាយ​របស់​អេសេគាល​បាន​ត្រូវ​ហៅ​ថា ​«​ដាវីឌ​ជា​អ្នក​បំរើ​»​របស់​ព្រះ។ (​អេសេគាល ៣៧:២៤, ២៥​) ជា​រៀង​រាល់​ឆ្នាំ​នៅ​ឯ​ពិធី​រំលឹក ពេល​ដែល​យើង​ជួប​ជុំ​គ្នា​ដើម្បី​រំលឹក​អំពី​មរណភាព​របស់​លោក​យេស៊ូ យើង​ឃើញ​សាមគ្គី​ភាព​ដែល​មាន​រវាង​ក្រុម​ទាំង​ពីរ​នេះ​ដូច​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​តាម​រយៈ​អេសេគាល។ ប៉ុន្ដែ តើ​យើង​ម្នាក់​ៗ​អាច​ធ្វើ​អ្វី​ដើម្បី​រក្សា​និង​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ក្នុង​ចំណោម​រាស្ដ្រ​របស់​ព្រះ?

តើ​យើង​ម្នាក់​ៗ​អាច​ធ្វើ​អ្វី​ដើម្បី​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព?

១០. តើ​យើង​អាច​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ក្នុង​ចំណោម​រាស្ដ្រ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

១០ តើ​យើង​អាច​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ក្នុង​ចំណោម​រាស្ដ្រ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? ទី១ ដោយ​ព្យាយាម​មាន​ចិត្ដ​រាប​ទាប។ ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​ពួក​គេ​ត្រូវ​មាន​ចិត្ដ​រាប​ទាប។ (​ម៉ាថាយ ២៣:១២​) មនុស្ស​ក្នុង​ពិភព​លោក​នេះ​ច្រើន​តែ​មាន​ទស្សនៈ​ថា​ខ្លួន​សំខាន់​ជាង​អ្នក​ឯ​ទៀត។ ប៉ុន្ដែ បើ​យើង​មាន​ចិត្ដ​រាប​ទាប យើង​នឹង​គោរព​បង​ប្រុស​ៗ​ដែល​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ ហើយ​ធ្វើ​តាម​ការ​ណែនាំ​របស់​ពួក​គាត់។ ហេតុ​នេះ​ក្រុម​ជំនុំ​អាច​មាន​សាមគ្គី​ភាព។ សំខាន់​បំផុត បើ​យើង​រក្សា​ចិត្ដ​រាប​ទាប យើងនឹង​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ ដោយ​សារ​លោក​«​ប្រឆាំង​មនុស្ស​ក្រអឺត​ក្រទម តែ​លោក​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​ដល់​មនុស្ស​ដែល​មាន​ចិត្ដ​រាប​ទាប​»។—ពេត្រុស​ទី១ ៥:៥

១១. តើ​ការ​ពិចារណា​អំពី​នំ​ប៉័ង​និង​ស្រា​ទំពាំង​បាយ​ជូរ​ដែល​បាន​ត្រូវ​ប្រើ​នៅ​ពិធី​រំលឹក​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ឲ្យ​មាន​សាមគ្គី​ភាព?

១១ របៀប​ទី២​ដើម្បី​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​គឺ​ដោយ​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​អត្ថន័យ​នៃ​នំ​ប៉័ង​និង​ស្រា​ទំពាំង​បាយ​ជូរ។ យើង​គួរ​ធ្វើ​ដូច្នេះ​មុន​ពិធី​រំលឹក ហើយ​ជា​ពិសេស​នៅ​យប់​នៃ​ពិធី​នោះ​តែ​ម្ដង។ (​កូរិនថូស​ទី១ ១១:២៣​-​២៥​) នំ​ប៉័ង​ឥត​ដំបែ​ជា​តំណាង​រូប​កាយ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក​យេស៊ូ​ដែល​លោក​បាន​ជូន​ជា​គ្រឿង​បូជា។ ស្រា​ទំពាំង​បាយ​ជូរ​ក្រហម​ជា​តំណាង​ឈាម​របស់​លោក។ ប៉ុន្ដែ​យើង​មិន​គ្រាន់​តែ​ត្រូវ​យល់​អំពី​ព័ត៌មាន​បឋម​ៗ​នេះ​ប៉ុណ្ណោះ​ទេ យើង​ត្រូវ​ចាំ​ថា​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​រួម​បញ្ចូល​ទង្វើ​ពីរ​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​បំផុត ពោល​គឺ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​បុត្រ​របស់​លោក​សម្រាប់​យើង ហើយ​លោក​យេស៊ូ​បាន​សុខ​ចិត្ដ​ឲ្យ​ជីវិត​របស់​លោក​ដើម្បី​យើង។ ពេល​យើង​គិត​អំពី​សេចក្ដី​ស្រឡាញ់​របស់​លោក​ទាំង​ពីរ នេះ​នឹង​ជំរុញ​ចិត្ដ​យើង​ឲ្យ​ស្រឡាញ់​លោក​ទាំង​ពីរ​វិញ។ ម្យ៉ាង​ទៀត សេចក្ដី​ស្រឡាញ់​ដែល​យើង​ទាំង​អស់​គ្នា​មាន​ចំពោះ​ព្រះ​យេហូវ៉ា នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​សាមគ្គី​ភាព។

ពេល​យើង​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​យើង​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព (​សូម​មើល​វគ្គ​១២, ១៣​)

១២. ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​ស្ដេច​និង​ខ្ញុំ​បម្រើ តើ​លោក​បាន​បញ្ជាក់​យ៉ាង​ណា​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត?

១២ របៀប​ទី៣​ដើម្បី​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​គឺ​ដោយ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​បង្ហាញ​ថា​យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដែល​លោក​អាច​អភ័យ​ទោស​អំពើ​ខុស​ឆ្គង​របស់​យើង​ដោយ​ផ្អែក​លើ​គ្រឿង​បូជា​របស់​លោក​យេស៊ូ។ ដើម្បី​បង្ហាញ​ថា​ការ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​គឺ​សំខាន់ លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​មួយ​អំពី​ស្ដេច​និង​ខ្ញុំ​បម្រើ។ សូម​អាន​ម៉ាថាយ ១៨:២៣​-​៣៤ ហើយ​សួរ​ខ្លួន​អ្នក​ថា ‹តើ​នេះ​ជំរុញ​ចិត្ដ​ខ្ញុំ​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្រៀន​ឬ​ទេ? តើ​ខ្ញុំ​បង្ហាញ​ចិត្ដ​អត់​ធ្មត់ ហើយ​ព្យាយាម​យល់​អារម្មណ៍​របស់​បង​ប្អូន​ឬ​ទេ? តើ​ខ្ញុំ​សុខ​ចិត្ដ​អភ័យ​ទោស​ឲ្យ​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ដ​ឬ​ទេ?›។ ពិត​មែន​ថា​អំពើ​ខុស​ឆ្គង​ខ្លះ​គឺ​ធ្ងន់​ធ្ងរ​ជាង​អំពើ​ខុស​ឆ្គង​ឯ​ទៀត ហើយ​អំពើ​ខុស​ឆ្គង​ខ្លះ​គឺ​ពិបាក​ឲ្យ​យើង​ដែល​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​អភ័យ​ទោស​ឲ្យ ប៉ុន្ដែ​ឧទាហរណ៍​របស់​លោក​យេស៊ូ បង្រៀន​យើង​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ។ (​សូម​អាន ម៉ាថាយ ១៨:៣៥) លោក​យេស៊ូ​បាន​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​អភ័យ​ទោស​ឲ្យ​យើង​បើ​យើង​មិន​អភ័យ​ទោស​ឲ្យ​បង​ប្អូន នៅ​ពេល​ដែល​ពួក​គេ​បាន​ប្រែ​ចិត្ដ​យ៉ាង​ស្មោះ។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​គិត​ពិចារណា​ឲ្យ​បាន​ដិត​ដល់។ ដើម្បី​ការពារ​និង​រក្សា​សាមគ្គី​ភាព​ដ៏​វិសេស​របស់​យើង យើង​ត្រូវ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ដូច​លោក​យេស៊ូ​បាន​បង្រៀន​យើង។

១៣. ពេល​យើង​រក្សា​ឲ្យ​មាន​សន្ដិ​ភាព តើ​យើង​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​យ៉ាង​ដូច​ម្ដេច?

១៣ ពេល​យើង​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត យើង​រក្សា​សន្ដិ​ភាព​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង។ សាវ័ក​ប៉ូល​បាន​និយាយ​ថា យើង​គួរ​ព្យាយាម​រក្សា​ឲ្យ​មាន​សាមគ្គី​ភាព​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក​និង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ដ។ (​អេភេសូរ ៤:៣​) ដូច្នេះ​ក្នុង​អំឡុង​រដូវ​ពិធី​រំលឹក ហើយ​ជា​ពិសេស​នៅ​យប់​នោះ សូម​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​ការ​ប្រព្រឹត្ដ​របស់​អ្នក​ចំពោះ​អ្នក​ឯ​ទៀត។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​បង​ប្អូន​ដែល​ស្គាល់​ខ្ញុំ​ច្បាស់ ឃើញ​ថា​ខ្ញុំ​មិន​បន្ដ​ខឹង​នឹង​អ្នក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ដ​ឬ​ទេ? តើ​អ្នក​ឯ​ទៀត​អាច​ឃើញ​ថា​ខ្ញុំ​ព្យាយាម​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​និង​សាមគ្គី​ភាព​ឬ​ទេ?›។ គឺ​សំខាន់​ណាស់​ឲ្យ​យើង​ពិចារណា​អំពី​សំណួរ​ទាំង​នេះ។

១៤. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​«​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់​»​?

១៤ របៀប​ទី​៤​ដែល​យើង​អាច​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​គឺ​ដោយ​យក​តម្រាប់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់។ (​យ៉ូហាន​ទី១ ៤:៨​) យើង​មិន​អាច​និយាយ​ថា ​«​ខ្ញុំ​ត្រូវ​រក្សា​ឲ្យ​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​បង​ប្អូន តែ​ខ្ញុំ​មិន​ចាំ​បាច់​ជិត​ស្និទ្ធ​នឹង​ពួក​គេ​ទេ​»។ បើ​យើង​មាន​ទស្សនៈ​បែប​នេះ យើង​មិន​ធ្វើ​តាមយោបល់​របស់​ប៉ូល​ដែល​ឲ្យ​យើង​«​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់​»។ (​អេភេសូរ ៤:២​) សូម​កត់​សម្គាល់​ថា ប៉ូល​មិន​គ្រាន់​តែ​បាន​និយាយ​ថា​យើង​គួរ​«​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​»​ប៉ុណ្ណោះ​ទេ តែ​គាត់​បាន​ថា​យើង​គួរ​ធ្វើ​ដូច្នេះ​«​ដោយ​សេចក្ដី​ស្រឡាញ់​»។ នោះ​គឺ​ខុស​គ្នា។ ក្នុង​ក្រុម​ជំនុំ​មាន​មនុស្ស​គ្រប់​ប្រភេទ ហើយ​ព្រះ​យេហូវ៉ា​បាន​ទាញ​នាំ​ពួក​គេ​ទាំង​អស់​ឲ្យ​មក​ឯ​លោក។ (​យ៉ូហាន ៦:៤៤​) ដូច្នេះ​ច្បាស់​ជា​មាន​ហេតុ​ជា​ច្រើន​ឲ្យ​លោក​ស្រឡាញ់​ពួក​គេ។ បើ​បង​ប្អូន​របស់​យើង​សម​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​ពី​ព្រះ ហេតុ​អ្វី​យើង​និយាយ​ថា​ពួក​គេ​មិន​សម​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​ពី​យើង? យើង​គួរ​មាន​ចិត្ដ​ចង់​ស្រឡាញ់​ពួក​គេ​ដូច​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ។—យ៉ូហាន​ទី១ ៤:២០, ២១

តើ​ពិធី​រំលឹក​ចុង​ក្រោយ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា?

១៥. ហេតុ​អ្វី​យើង​ដឹង​ថា​នឹង​មាន​ពិធី​រំលឹក​ចុង​ក្រោយ?

១៥ នៅ​ថ្ងៃ​ណា​មួយ​យើង​នឹង​ចូល​រួម​ពិធី​រំលឹក​ជា​លើក​ចុង​ក្រោយ។ ហេតុ​អ្វី​យើង​យល់​ដូច្នេះ? ពី​ព្រោះ​ប៉ូល​បាន​ប្រាប់​គ្រិស្ដ​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ថា ពេល​ពួក​គាត់​រំលឹក​មរណភាព​របស់​លោក​យេស៊ូ​ជា​រៀង​រាល់​ឆ្នាំ ពួក​គាត់​«​កំពុង​ប្រកាស​មរណភាព​របស់​លោក​ម្ចាស់​រហូត​ដល់​លោក​មក​ដល់​»។ (​កូរិនថូស​ទី១ ១១:២៦​) ក្នុង​ទំនាយ​របស់​លោក​យេស៊ូ​អំពី​គ្រា​ចុង​បញ្ចប់ លោក​ក៏​បាន​មាន​ប្រសាសន៍​អំពី​ការ​«​មក​»​ដល់​របស់​លោក​ដែរ។ ស្ដី​អំពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ដែល​ជិត​មក​ដល់ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​សញ្ញា​សម្គាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ ហើយ​កុលសម្ព័ន្ធ​ទាំង​ឡាយ​នៅ​ផែន​ដី​នឹង​គក់​ទ្រូង​ដោយ​មាន​ក្ដី​ទុក្ខ​ព្រួយ ហើយ​ពួក​គេ​នឹង​ឃើញ​កូន​មនុស្ស​មក​លើ​ពពក​នៅ​លើ​មេឃ​ដោយ​មាន​ឫទ្ធា​នុភាព​និង​សិរី​រុង​រឿង​អស្ចារ្យ។ នៅ​ពេល​នោះ នឹង​មាន​សូរ​សំឡេង​ត្រែ​លាន់​ឮ​យ៉ាង​ខ្លាំង ហើយ​លោក​នឹង​ចាត់​បណ្ដា​ទេវតា​របស់​លោក​ឲ្យ​ទៅ​ប្រមូល​អ្នក​រើស​តាំង​របស់​លោក​ពី​ទិស​ខាង​ជើង ទិស​ខាង​ត្បូង ទិស​ខាង​កើត និង​ទិស​ខាង​លិច ពី​ជើង​មេឃ​ម្ខាង​រហូត​ដល់​ជើង​មេឃ​ម្ខាង​»។ (​ម៉ាថាយ ២៤:២៩​-​៣១​) លោក​យេស៊ូ​នឹង​«​ប្រមូល​អ្នក​រើស​តាំង​របស់​លោក​»​ពេល​លោក​យក​គ្រិស្ដ​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​នៅ​លើ​ផែន​ដី​នៅ​ឡើយ​ឲ្យ​ទៅ​ស្ថាន​សួគ៌។ នេះ​នឹង​កើត​ឡើង​ក្រោយ​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​បាន​ចាប់​ផ្ដើម តែ​មុន​សង្គ្រាម​ហាម៉ាគេដូន​មក​ដល់។ ក្នុង​សង្គ្រាម​នោះ លោក​យេស៊ូ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​អស់ ដែល​មាន​ចំនួន​១៤៤.០០០​នាក់ នឹង​ប្រយុទ្ធ​នឹង​ស្ដេច​នា​នា​នៃ​ផែន​ដី ហើយ​ទទួល​ជ័យ​ជម្នះ។ (​ការ​បើក​បង្ហាញ ១៧:១២​-​១៤​) ពិធី​រំលឹក​ដែល​យើង​ចូល​រួម​មុន​ដែល​លោក​យេស៊ូ​«​មក​»​ប្រមូល​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង នឹង​ជា​ពិធី​រំលឹក​ចុង​ក្រោយ។

១៦. ហេតុ​អ្វី​អ្នក​តាំង​ចិត្ដ​ចូល​រួម​ពិធី​រំលឹក​នៅ​ឆ្នាំ​នេះ?

១៦ សូម​តាំង​ចិត្ដ​ចូល​រួម​ពិធី​រំលឹក​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៨។ ម្យ៉ាង​ទៀត សូម​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​ខំ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ជួយ​ធ្វើ​ឲ្យ​រាស្ដ្រ​របស់​លោក​រក្សា​សាមគ្គី​ភាព។ (​សូម​អាន ទំនុក​តម្កើង ១៣៣:១) នៅ​ថ្ងៃ​ណា​មួយ យើង​នឹង​ចូល​រួម​ពិធី​រំលឹក​ជា​លើក​ចុង​ក្រោយ។ ទម្រាំ​ដល់​ពេល​នោះ សូម​ឲ្យ​យើង​បង្ហាញ​ថា​សាមគ្គី​ភាព​ដែល​យើង​មាន​ជា​រៀង​រាល់​ឆ្នាំ​នៅ​ពិធី​រំលឹក​គឺ​ជា​អ្វី​ដ៏​ពិសេស​ចំពោះ​យើង។