លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​សេចក្ដី​ស្រឡាញ់​បែប​ណា​នាំ​ឲ្យ​មាន​សុភមង្គល​ពិត​ប្រាកដ?

តើ​សេចក្ដី​ស្រឡាញ់​បែប​ណា​នាំ​ឲ្យ​មាន​សុភមង្គល​ពិត​ប្រាកដ?

​«​សាសន៍​ណា​ដែល​យក​ព្រះ​យេហូវ៉ា​ទុក​ជា​ព្រះ​របស់​ខ្លួន នោះ​សប្បាយ​ហើយ!​»។—ទំនុក​តម្កើង ១៤៤:១៥

ចម្រៀង​លេខ: ២៨, ២៥

១. ហេតុ​អ្វី​គ្រា​ដែល​យើង​រស់​នៅ​គឺ​ខុស​ពី​គ្រា​ផ្សេង​ទៀត?

យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​មួយ​ដែល​ខុស​ពី​គ្រា​ផ្សេង​ៗ​ទៀត​ក្នុង​ប្រវត្ដិសាស្ដ្រ​របស់​មនុស្ស។ ព្រះ​យេហូវ៉ា​កំពុង​ប្រមូល​មនុស្ស​មួយ​ក្រុម​ធំ​«​ពី​គ្រប់​ប្រជា​ជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ជាតិ​សាសន៍ និង​គ្រប់​ភាសា​»​ដូច​ដែល​គម្ពីរ​បាន​ប្រកាស​ទុក​ជា​មុន។ ពួក​គេ​គឺ​ជា​មនុស្ស​ដែល​មាន​ចំនួន​ជាង​៨​លាន​នាក់​ដែល​ប្រៀប​ដូច​ជា​«​សាសន៍​១​យ៉ាង​ពូកែ​»​ ហើយ​ពួក​គេ​«​កំពុង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន[​ព្រះ​]ទាំង​យប់​ទាំង​ថ្ងៃ​»​ដោយ​មាន​សុភមង្គល។ (​ការ​បើក​បង្ហាញ ៧:៩, ១៥; អេសាយ ៦០:២២​) មិន​ធ្លាប់​មាន​មនុស្ស​ច្រើន​បែប​នេះ​ទេ ដែល​ស្រឡាញ់​ព្រះ​និង​មនុស្ស​ឯ​ទៀត។

២. តើ​មនុស្ស​ដែល​មិន​មែន​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​ណា? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ប៉ុន្ដែ គម្ពីរ​ក៏​បាន​ប្រកាស​ទុក​ជា​មុន​ថា​នៅ​សម័យ​យើង មនុស្ស​ដែល​មិន​មែន​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​នឹង​ស្រឡាញ់​តែ​អ្វី​ៗ​ដែល​ផ្ដល់​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​មនុស្ស​នឹង​«​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់​»​និង​«​ស្រឡាញ់​ការ​សប្បាយ​ជា​ជាង​ស្រឡាញ់​ព្រះ​»។ (​ធីម៉ូថេ​ទី២ ៣:១​-​៤​) សេចក្ដី​ស្រឡាញ់​បែប​នេះ​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​ផ្ទុយ​ពី​ការ​ស្រឡាញ់​ព្រះ។ ការ​ខំសម្រេច​គោល​ដៅ​ដើម្បី​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​ធ្វើ​ឲ្យ​បុគ្គល​ណា​ម្នាក់​សប្បាយ​ទេ ទោះ​ជា​គេ​ស្មានថា​នឹង​សប្បាយ​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ នេះ​នាំ​ឲ្យ​ពិភព​លោក​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ធ្វើ​ឲ្យ​ជីវិត​របស់​មនុស្ស​ទាំង​អស់​ពិបាក។

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ ហើយ​ហេតុ​អ្វី?

សាវ័ក​ប៉ូល​បាន​ដឹង​ថា​សេចក្ដី​ស្រឡាញ់​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​នឹង​ទៅ​ជា​លក្ខណៈ​ដែល​មនុស្ស​ជា​ច្រើន​មាន ហើយ​នឹង​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​គ្រិស្ដ​សាសនិក។ ដូច្នេះ គាត់​បាន​ព្រមាន​ពួក​គេ​ឲ្យ​«​ជៀស​ចេញ​»​ពី​ពួក​អ្នក​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ (​ធីម៉ូថេ​ទី២ ៣:៥​) ប៉ុន្ដែ យើង​មិន​អាច​ជៀស​វាង​ទាំង​ស្រុង​ពី​មនុស្ស​បែប​នេះ​ទេ។ ដូច្នេះ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ការពារ​ខ្លួន​មិន​ឲ្យ​ទទួល​យក​ចិត្ដ​គំនិត​របស់​មនុស្ស​ដែល​នៅ​ជុំ​វិញ​យើង ហើយ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់​ពេញ​ចិត្ដ? សូម​យើង​ពិចារណា​អំពី​ភាព​ខុស​គ្នា​រវាង​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​ចង់​ឲ្យ​យើង​មាន​និង​សេចក្ដី​ស្រឡាញ់​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ធីម៉ូថេ​ទី២ ៣:២​-​៤។ បន្ទាប់​មក យើង​អាច​ពិចារណា​អំពី​ខ្លួន​យើង​ដើម្បី​ដឹង​នូវ​របៀប​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​នឹង​ធ្វើ​ឲ្យ​យើង​ស្កប់​ចិត្ដ​និង​មាន​សុភមង្គល។

តើ​យើង​ស្រឡាញ់​ព្រះ​ឬ​ស្រឡាញ់​ខ្លួន​ឯង?

៤. ហេតុ​អ្វី​ការ​ស្រឡាញ់​ខ្លួន​ឯង​មួយ​កម្រិត​គឺ​មិន​ខុស?

ប៉ូល​បាន​សរសេរ​ថា​៖ ​«​មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង​»។ តើ​នេះ​មាន​ន័យ​ថា​ការ​ស្រឡាញ់​ខ្លួន​ឯង​គឺ​ជា​ការ​ខុស​ឬ? មិន​មែន​ទេ ការ​ស្រឡាញ់​ខ្លួន​ឯង​គឺ​ជា​ការ​ធម្មតា​និង​ជា​អ្វី​ដែល​ចាំ​បាច់។ ព្រះ​យេហូវ៉ា​បាន​បង្កើត​យើង​ឲ្យ​មាន​លក្ខណៈ​បែប​នេះ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក​»។ (​ម៉ាកុស ១២:៣១​) តាម​ពិត យើង​មិន​អាច​ស្រឡាញ់​អ្នក​ឯ​ទៀត​បាន​ទេ បើ​យើង​មិន​ស្រឡាញ់​ខ្លួន​យើង។ គម្ពីរ​ក៏​ប្រាប់​យើង​ថា​៖ ​«​ប្ដី​ត្រូវ​ស្រឡាញ់​ប្រពន្ធ​ដូច​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន។ អ្នក​ណា​ដែល​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង។ ព្រោះ​គ្មាន​អ្នក​ណា​ស្អប់​រូប​កាយ​របស់​ខ្លួន​ទេ តែ​គេ​តែង​ចិញ្ចឹម​ហើយ​ស្រឡាញ់​ថ្នាក់​ថ្នម​»។ (​អេភេសូរ ៥:២៨, ២៩​) ដូច្នេះ យើង​អាច​ឃើញ​ច្បាស់​ថា​យើង​គួរ​ស្រឡាញ់​ខ្លួន​ឯង​មួយ​កម្រិត។

៥. តើ​អ្នក​នឹង​រៀប​រាប់​យ៉ាង​ណា​អំពី​មនុស្ស​ដែល​ស្រឡាញ់​ខ្លួន​ឯង​ហួស​ហេតុ​ពេក?

សេចក្ដី​ស្រឡាញ់​ចំពោះ​ខ្លួន​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ធីម៉ូថេ​ទី២ ៣:២ មិន​មែន​សំដៅ​លើ​សេចក្ដី​ស្រឡាញ់​ធម្មតា​ចំពោះ​ខ្លួន​ឬ​សេចក្ដី​ស្រឡាញ់​ល្អ​ទេ។ នេះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ បើ​បុគ្គល​ណា​ម្នាក់​ស្រឡាញ់​ខ្លួន​ឯង​ហួស​ហេតុ​ពេក គាត់​គិត​អំពី​ខ្លួន​លើស​ពី​អ្វី​ដែល​គាត់​ត្រូវ​គិត។ (​សូម​អាន រ៉ូម ១២:៣) គាត់​គិត​អំពី​ខ្លួន​ឯង​ច្រើន​ជាង​គាត់​គិត​អំពី​អ្នក​ឯ​ទៀត។ ពេល​មាន​បញ្ហា គាត់​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ឯ​ទៀត​ជា​ជាង​ខ្លួន​ឯង។ សៀវភៅ​មួយ​ដែល​ពន្យល់​អំពី​គម្ពីរ​បាន​ប្រៀប​ប្រដូច​បុគ្គល​បែប​នេះ​ទៅ​នឹង​សត្វ​កាំប្រមា​ដែល​មូរ​ខ្លួន​ដូច​ជា​បាល់ ហើយ​ធ្វើ​ឲ្យ​ខ្លួន​វា​កក់​ក្ដៅ​ដោយ​រោម​របស់​វា ប៉ុន្ដែ​បង្ហាញ​តែ​បន្លា​មុត​ស្រួច​ដែល​នៅ​លើ​ខ្នង​របស់​វា។ មនុស្ស​បែប​នេះ​មិន​មាន​សុភមង្គល​ពិត​ទេ។

សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​ចង់​ឲ្យ​យើង​មាន នាំ​ឲ្យ​មាន​គុណ​សម្បត្ដិ

៦. តើ​មាន​លទ្ធផល​ល្អ​អ្វី​ខ្លះ​ពេល​យើង​ស្រឡាញ់​ព្រះ?

បណ្ឌិត​ខ្លះ​ខាង​គម្ពីរ​គិត​ថា​ប៉ូល​បាន​លើក​ឡើង​សេចក្ដី​ស្រឡាញ់​ដែល​គិត​តែ​ប្រយោជន៍​ខ្លួន​នៅ​ដើម​ដំបូង ដោយ​សារ​នេះ​នាំ​ឲ្យ​មាន​គុណ​វិបត្ដិ​ដែល​គាត់​បាន​រៀប​រាប់​បន្ទាប់​មក។ ប៉ុន្ដែ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​ចង់​ឲ្យ​យើង​មាន នាំ​ឲ្យ​មាន​គុណ​សម្បត្ដិ​វិញ។ សេចក្ដី​ស្រឡាញ់​បែប​នេះ​ជាប់​ទាក់​ទង​នឹង​អំណរ សេចក្ដី​សុខ​សាន្ដ ចិត្ដ​ធ្ងន់ សេចក្ដី​សប្បុរស គុណធម៌ ជំនឿ ចិត្ដ​ស្លូតបូត និង​ការ​ចេះ​ទប់​ចិត្ដ។ (​កាឡាទី ៥:២២, ២៣​) អ្នក​តែង​ទំនុក​តម្កើង​បាន​សរសេរ​ថា​៖ ​«​សាសន៍​ណា​ដែល​យក​ព្រះ​យេហូវ៉ា​ទុក​ជា​ព្រះ​របស់​ខ្លួន នោះ​សប្បាយ​ហើយ!​»។ (​ទំនុក​តម្កើង ១៤៤:១៥​) ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​សប្បាយ ហើយ​រាស្ដ្រ​របស់​លោក​ក៏​សប្បាយ​ដែរ។ ម្យ៉ាង​ទៀត ផ្ទុយ​ពី​មនុស្ស​ដែល​ស្រឡាញ់​ខ្លួន​ឯង​ហួស​ហេតុ​ពេក​និង​ដែល​គិត​តែ​អំពី​អ្វី​ដែល​ពួក​គេ​អាច​ទទួល អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​មាន​សុភមង្គល​ដោយ​សារ​ពួក​គេ​ឲ្យ​ដល់​អ្នក​ឯ​ទៀត។—សកម្មភាព ២០:៣៥

តើ​តាម​របៀប​ណា​យើង​អាច​ជៀស​វាង​ពី​ការ​ស្រឡាញ់​ខ្លួន​ឯង? (​សូម​មើល​វគ្គ​៧​)

៧. តើ​សំណួរ​អ្វី​ខ្លះ​នឹង​ជួយ​យើង​ឲ្យ​ពិចារណា​អំពី​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ?

តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ខ្លួន​គឺ​ខ្លាំង​ជាង​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ? សូម​គិត​អំពី​យោបល់​ដ៏​ឈ្លាស​វៃ​នេះ​ដែល​ថា​៖ ​«​[​ចូរ​]មិន​ធ្វើ​អ្វី​ក្នុង​បំណង​ទាស់​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ឬ​លើក​ខ្លួន​ហួស​ប្រមាណ ប៉ុន្ដែ​បន្ទាប​ខ្លួន​ដោយ​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​ប្រសើរ​ជាង​ខ្លួន។ បន្ដ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត មិន​ត្រូវ​គិត​អំពី​រឿង​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ​ទេ​»។ (​ភីលីព ២:៣, ៤​) យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​ធ្វើ​តាម​យោបល់​នេះ​ឬ​ទេ? តើ​ខ្ញុំ​កំពុង​ព្យាយាម​ធ្វើ​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ឬ​ទេ? តើ​ខ្ញុំ​ស្វែង​រក​វិធី​ផ្សេង​ៗ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​នៅ​ក្នុង​ក្រុម​ជំនុំ​និង​នៅ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ឬ​ទេ?›។ គឺ​មិន​តែង​តែ​ស្រួល​ឲ្យ​យើង​លះ​បង់​ពេល​វេលា​និង​កម្លាំង​របស់​ខ្លួន​ទេ។ នេះ​ប្រហែល​ជា​មាន​ន័យ​ថា​យើង​នឹង​ត្រូវ​ខំ​ប្រឹង​និង​លះ​ចោល​អ្វី​មួយ​ចំនួន​ដែល​យើង​ចូល​ចិត្ដ។ ប៉ុន្ដែ គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ដ​ជាង​ការ​ដឹង​ថា​អ្នក​គ្រប់​គ្រង​ដ៏​ខ្ពស់​បំផុត​ក្នុង​សកល​លោក​ពេញ​ចិត្ដ​នឹង​យើង!

៨. តើ​គ្រិស្ដ​សាសនិក​ខ្លះ​បាន​ធ្វើ​អ្វី​ដោយ​សារ​ពួក​គេ​ស្រឡាញ់​ព្រះ?

គ្រិស្ដ​សាសនិក​ខ្លះ​បាន​លះ​ចោល​អាជីព​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​អ្នក​មាន ដោយ​សារ​ពួក​គេ​ស្រឡាញ់​ព្រះ ហើយ​ចង់​បម្រើ​លោក​ឲ្យ​បាន​ច្រើន​ជាង។ បង​ស្រី​អ៊ីរីខា​ដែល​ជា​គ្រូ​ពេទ្យ បាន​សម្រេច​ចិត្ដ​ត្រួស​ត្រាយ​ជា​ជាង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អាជីព​របស់​គាត់​ខាង​វេជ្ជសាស្ដ្រ។ គាត់​និង​ប្ដី​របស់​គាត់បាន​បម្រើ​នៅ​ប្រទេស​មួយ​ចំនួន។ គាត់​និយាយ​ថា​៖ ​«​បទ​ពិសោធន៍​ជា​ច្រើន​ដែល​យើង​មាន​ក្នុង​ការ​ជួយ​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង ហើយ​ក្នុង​ការ​បង្កើត​ចំណង​មិត្ដភាព​ថ្មី​ៗ បាន​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​ន័យ​ខ្លឹម​សារ​»។ បង​អ៊ីរីខា​នៅ​តែ​ធ្វើ​ជា​គ្រូ​ពេទ្យ ប៉ុន្ដែ​គាត់​ប្រើ​ពេល​វេលា​និង​កម្លាំង​ភាគ​ច្រើន​របស់​គាត់​ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា ហើយ​ដើម្បី​ជួយ​បង​ប្អូន​រួម​ជំនឿ។ គាត់​និយាយ​ថា នេះ​នាំ​ឲ្យ​គាត់​«​ស្កប់​ចិត្ដ​និង​មាន​អំណរ​»។

តើ​យើង​មាន​ទ្រព្យ​សម្បត្ដិ​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែន​ដី?

៩. ហេតុ​អ្វី​មនុស្ស​ដែល​ស្រឡាញ់​លុយ​មិន​មាន​សុភមង្គល?

ប៉ូល​បាន​សរសេរ​ថា​មនុស្ស​នឹង​«​ស្រឡាញ់​ប្រាក់​»។ ប៉ុន្មាន​ឆ្នាំ​មុន អ្នក​ត្រួស​ត្រាយ​ម្នាក់​នៅ​ប្រទេស​អៀរឡង់​បាន​និយាយ​ជា​មួយ​នឹង​បុរស​ម្នាក់​អំពី​ព្រះ។ បុរស​នោះ​បាន​បើក​កាបូប​លុយ​របស់​គាត់ ហើយ​ដក​លុយ​ខ្លះ​ចេញ រួច​និយាយ​ថា​៖ ​«​នែ នេះ​ជា​ព្រះ​របស់​ខ្ញុំ!​»។ មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​បែប​នេះ​ដែរ ទោះ​ជា​ពួក​គេ​មិន​ទទួល​ស្គាល់​ក៏​ដោយ។ ពួក​គេ​ស្រឡាញ់​លុយ​និង​អ្វី​ៗ​ដែល​លុយ​អាច​ទិញ។ ប៉ុន្ដែ​គម្ពីរ​ព្រមាន​ថា​៖ ​«​អ្នក​ណា​ដែល​ស្រឡាញ់​ប្រាក់ នោះ​នឹង​មិន​ស្កប់​ចិត្ដ​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ ឬ​អ្នក​ណា​ដែល​ចូល​ចិត្ដ​នឹង​ទ្រព្យ​ដ៏​បរិបូរ នោះ​ក៏​មិន​ស្កប់​ចិត្ដ​ដោយ​ផល​ចំរើន​ប៉ុណ្ណោះ​ដែរ​»។ (​សាស្តា ៥:១០​) មនុស្ស​ដែល​ស្រឡាញ់​លុយ​មិន​ចេះ​ស្កប់​ចិត្ដ​នឹង​អ្វី​ដែល​ខ្លួន​មាន​ទេ។ គាត់​តែង​តែ​ចង់​បាន​ថែម​ទៀត ហើយ​ប្រើ​ជីវិត​ដើម្បី​តែ​រក​លុយ​ប៉ុណ្ណោះ។ នេះ​នាំ​ឲ្យ​គាត់​មាន​«​ទុក្ខ​វេទនា​ជា​ច្រើន​»។—ធីម៉ូថេ​ទី១ ៦:៩, ១០

១០. តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​សេចក្ដី​ទាល់​ក្រ​និង​ការ​ធ្វើ​ជា​អ្នក​មាន?

១០ យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​លុយ។ លុយ​អាច​ជួយ​ការពារ​យើង​ខ្លះ​ៗ។ (​សាស្តា ៧:១២​) ប៉ុន្ដែ តើ​យើង​អាច​មាន​ជីវិត​សប្បាយ​ឬ​ទេ បើ​យើង​គ្រាន់​តែ​មាន​លុយ​គ្រប់​គ្រាន់​សម្រាប់​តែ​អ្វី​ដែល​យើង​ត្រូវ​ការ​ប៉ុណ្ណោះ? មែន យើង​អាច​មាន​ជីវិត​សប្បាយ​បាន! (​សូម​អាន សាស្តា ៥:១២) អេគើរ​ដែល​ជា​កូន​ប្រុស​យ៉ាកេ​បាន​សរសេរ​ថា​៖ ​«​សូម​កុំ​ឲ្យ​ទូល​បង្គំ​មាន​សេចក្ដី​ទាល់​ក្រ ឬ​ជា​អ្នក​មាន​ដែរ។ សូម​គ្រាន់​តែ​ចិញ្ចឹម​ទូល​បង្គំ​ដោយ​អាហារ​ដែល​ត្រូវ​ការ​ប៉ុណ្ណោះ​»។ យើង​ស្រួល​យល់​អំពី​មូលហេតុ​ដែល​បុរស​នេះ​មិន​ចង់​ទៅ​ជា​អ្នក​ក្រ។ គាត់​បាន​និយាយ​ថា​គាត់​មិន​ចង់​នៅ​ក្នុង​ស្ថានភាព​ដែល​នាំ​ឲ្យ​គាត់​ចង់​លួច​ពី​អ្នក​ឯ​ទៀត​ទេ ដោយ​សារ​ការ​លួច​នឹង​នាំ​ឲ្យ​ព្រះ​អាប់​ឱន​កិត្ដិ​យស។ ប៉ុន្ដែ ហេតុ​អ្វី​គាត់​មិន​ចង់​ទៅ​ជា​អ្នក​មាន? គាត់​បាន​សរសេរ​ថា​៖ ​«​ក្រែង​ទូល​បង្គំ​បាន​ឆ្អែត ហើយ​បោះ​បង់​ចោល​ទ្រង់​ដោយ​ពាក្យ​ថា‹ព្រះ​យេហូវ៉ា​ជា​អ្នក​ណា​ហ្ន៎?›​»។ (​សុភាសិត ៣០:៨, ៩​) អ្នក​ទំនង​ជា​ស្គាល់​មនុស្ស​ដែល​ទុក​ចិត្ដ​លើ​ទ្រព្យ​សម្បត្ដិ​ជា​ជាង​លើ​ព្រះ។

១១. តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​លុយ?

១១ បុគ្គល​ដែល​ស្រឡាញ់​លុយ​មិន​អាច​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ​បាន​ទេ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​គ្មាន​អ្នក​ណា​អាច​ជា​ខ្ញុំ​បម្រើ​របស់​ម្ចាស់​ពីរ​បាន​ឡើយ ព្រោះ​អ្នក​នោះ​នឹង​ស្រឡាញ់​ម្ចាស់​មួយ​ហើយ​ស្អប់​ម្ចាស់​មួយ ឬ​ក៏​ស្មោះ​ត្រង់​នឹង​ម្ចាស់​មួយ​ហើយ​មើល​ងាយ​ម្ចាស់​មួយ។ អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​ផង និង​ទ្រព្យ​សម្បត្ដិ​ផង​បាន​ឡើយ​»។ លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​៖ ​«​ឈប់​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​សម្រាប់​ខ្លួន​នៅ​ផែន​ដី ជា​កន្លែង​ដែល​សត្វ​ល្អិត​និង​ច្រែះ​ស៊ី​បំផ្លាញ និង​ចោរ​ចូល​លួច។ ចូរ​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​សម្រាប់​ខ្លួន​នៅ​ឯ​ស្ថាន​សួគ៌​វិញ ជា​កន្លែង​ដែល​សត្វ​ល្អិត​និង​ច្រែះ​មិន​ស៊ី​បំផ្លាញ ហើយ​ចោរ​មិន​អាច​ចូល​លួច​ឡើយ​»។—ម៉ាថាយ ៦:១៩, ២០, ២៤

១២. តើ​ការ​មាន​ជីវិត​សាមញ្ញ​អាច​ជួយ​យើង​យ៉ាង​ណា​ឲ្យ​បម្រើ​ព្រះ? សូម​លើក​ឧទាហរណ៍​មួយ។

១២ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​សាមញ្ញ​ជាង។ ពួក​គេ​ឃើញ​ថា​ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​ពួក​គេ​សប្បាយ​ជាង​និង​មាន​ពេល​ច្រើន​ជាង​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា។ បង​ប្រុស​ជេ​ក​ដែល​រស់​នៅ​សហរដ្ឋ​អាម៉េរិក​បាន​លក់​វីឡា​និង​លក់​មុខ​ជំនួញ​របស់​គាត់​បន្ដ​ឲ្យ​អ្នក​ឯទៀត​ដើម្បី​គាត់​អាច​ត្រួស​ត្រាយ​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់។ គាត់​ពន្យល់​ថា​៖ ​«​ការ​លះ​បង់​ដី​និង​វីឡា​ដ៏​ស្អាត​របស់​យើង​នៅ​ជនបទ​គឺ​មិន​ស្រួល​សម្រាប់​យើង​ទេ​»។ ប៉ុន្ដែ អស់​ជា​ច្រើន​ឆ្នាំ​គាត់​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​តាន​តឹង​ចិត្ដ​ដោយ​សារ​បញ្ហា​នៅ​កន្លែង​ធ្វើ​ការ។ គាត់​និយាយ​ថា​៖ ​«​ប្រពន្ធ​របស់​ខ្ញុំ​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​តែង​តែ​សប្បាយ​ចិត្ដ។ នាង​តែង​និយាយ​ថា ‹ខ្ញុំ​មាន​ចៅហ្វាយ​ដ៏​ល្អ​បំផុត!›។ ឥឡូវ​នេះ ដោយ​សារ​ខ្ញុំ​ក៏​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ដែរ យើង​ទាំង​ពីរ​នាក់​មាន​ចៅហ្វាយ​តែ​មួយ គឺ​ព្រះ​យេហូវ៉ា​»។

‹តើ​របៀប​រស់​នៅ​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​ពិត​ជា​ជឿ​អ្វី​ដែល​គម្ពីរ​ចែង​អំពី​លុយ​ឬ​ទេ?›

តើ​តាម​របៀប​ណា​យើង​អាច​ជៀស​វាង​ពី​ការ​ស្រឡាញ់​លុយ? (​សូម​មើល​វគ្គ​១៣​)

១៣. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ពិចារណា​អំពី​ទស្សនៈ​របស់​យើង​ចំពោះ​លុយ?

១៣ ពេល​យើង​ពិចារណា​អំពី​ទស្សនៈ​របស់​យើង​ចំពោះ​លុយ យើង​ត្រូវ​សួរ​ខ្លួន​ឯង​យ៉ាង​ស្មោះ​ថា ‹តើ​របៀប​រស់​នៅ​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​ពិត​ជា​ជឿ​អ្វី​ដែល​គម្ពីរ​ចែង​អំពី​លុយ​ឬ​ទេ? តើ​ការ​រក​លុយ​គឺ​ជា​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​ខ្ញុំ​ឬ​ទេ? តើ​ខ្ញុំ​ឲ្យ​តម្លៃ​ទៅ​លើ​ទ្រព្យ​សម្បត្ដិ​ជា​ជាង​ចំណង​មិត្ដភាព​របស់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​និង​អ្នក​ឯ​ទៀត​ឬ​ទេ? តើ​ខ្ញុំ​ពិត​ជា​ជឿ​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​នូវ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​ឬ​ទេ?›។ យើង​អាច​ប្រាកដ​ថា​លោក​នឹង​មិន​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ទុក​ចិត្ដ​លើ​លោក​ខក​ចិត្ដ​ឡើយ!—ម៉ាថាយ ៦:៣៣

តើ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឬ​ស្រឡាញ់​ការ​សប្បាយ?

១៤. តើ​អ្វី​ជា​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​សប្បាយ?

១៤ គម្ពីរ​ក៏​បាន​ប្រកាស​ទុក​ជា​មុន​ថា​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ មនុស្ស​នឹង​«​ស្រឡាញ់​ការ​សប្បាយ​»។ ដូច​ដែល​យើង​ដឹង​ថា​យើង​ត្រូវ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​និង​លុយ នោះ​យើង​ក៏​ដឹង​ថា​យើង​ត្រូវ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​សប្បាយ​នឹង​ជីវិត​ដែរ។ មនុស្ស​ខ្លះ​គិត​ថា​ពួក​គេ​មិន​គួរ​មាន​ការ​សប្បាយ​ទាល់​តែ​សោះ ប៉ុន្ដែ​នេះ​មិន​មែន​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ​ឡើយ។ គម្ពីរ​លើក​ទឹក​ចិត្ដ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ថា​៖ ​«​ចូរ​ទៅ​ចុះ ឲ្យ​បរិភោគ​អាហារ​របស់​ឯង​ដោយ​អំណរ ហើយ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​របស់​ឯង​ដោយ​ចិត្ដ​រីក​រាយ​ផង​»។—សាស្តា ៩:៧

១៥. តើ​ការ​«​ស្រឡាញ់​ការ​សប្បាយ​»​មាន​ន័យ​យ៉ាង​ណា?

១៥ ធីម៉ូថេ​ទី២ ៣:៤​ចែង​អំពី​មនុស្ស​ដែល​ស្រឡាញ់​ការ​សប្បាយ ហើយ​ដែល​មិន​ចាប់​អារម្មណ៍​ចំពោះ​ព្រះ។ សូម​កត់​សម្គាល់​ថា ខ​នេះ​មិន​បាន​ចែង​ថា​មនុស្ស​នឹង​ស្រឡាញ់​ការ​សប្បាយ​ជាង​ព្រះ​ទេ។ បើ​ដូច្នេះ នោះ​នឹង​មាន​ន័យ​ថា​ពួក​គេ​ស្រឡាញ់​ព្រះ​មួយ​កម្រិត។ ប៉ុន្ដែ ខ​នោះ​ចែង​ថា​«​ជា​ជាង​»​ព្រះ។ បណ្ឌិត​ម្នាក់​បាន​សរសេរ​ថា ខ​នេះ​«​មិន​មាន​ន័យ​ថា​ពួក​គេ​ក៏​ស្រឡាញ់​ព្រះ​មួយ​កម្រិត​នោះ​ទេ តែ​ថា​ពួក​គេ​មិន​ស្រឡាញ់​ព្រះ​ទាល់​តែ​សោះ​»។ នេះ​ជា​ការ​ព្រមាន​ចំពោះ​ពួក​អ្នក​ដែល​ស្រឡាញ់​ការ​សប្បាយ។ គម្ពីរ​រៀប​រាប់​អំពី​អ្នក​ដែល​ស្រឡាញ់​ការ​សប្បាយ​ថា ជា​ពួក​អ្នក​ដែល​«​ទាញ​បំបែរ​អារម្មណ៍​»​ដោយ​ការ​សប្បាយ​នៃ​ជីវិត។—លូកា ៨:១៤

១៦, ១៧. តើ​លោក​យេស៊ូ​បាន​ទុក​គំរូ​អ្វី​ស្ដី​អំពី​ការ​សប្បាយ?

១៦ លោក​យេស៊ូ​បាន​ទុក​គំរូ​ឲ្យ​យើង​ស្ដី​អំពី​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​សប្បាយ។ លោក​បាន​ទៅ​ចូល​រួម​ពិធី​ពិសា​«​ភោជនាហារ​អបអរ​អាពាហ៍​ពិពាហ៍​មួយ​»​និង​«​ពិធី​ជប់​លៀង​មួយ​ដ៏​ធំ​»។ (​យ៉ូហាន ២:១​-​១០; លូកា ៥:២៩​) នៅ​ពិធី​មង្គល​ការ​នោះ មិន​មាន​ស្រា​ទំពាំង​បាយ​ជូរ​គ្រប់​គ្រាន់​ទេ ដូច្នេះ​លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​មួយ​ដោយ​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា​ទំពាំង​បាយ​ជូរ។ នៅ​ពេល​មួយ​ទៀត ពេល​មនុស្ស​បាន​រិះ​គន់​លោក​យេស៊ូ​ដោយ​សារ​លោក​បាន​ពិសា​អាហារ​និង​ពិសា​ស្រា​ដូច​អ្នក​ឯ​ទៀត លោក​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​អ្នក​ទាំង​នោះ​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ។—លូកា ៧:៣៣​-​៣៦

១៧ ប៉ុន្ដែ លោក​យេស៊ូ​មិន​បាន​ចាត់​ទុក​ការ​សប្បាយ​ថា​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​លោក​ទេ។ លោក​បាន​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត ហើយ​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ លោក​សុខ​ចិត្ដ​ស្លាប់​យ៉ាង​វេទនា​នៅ​លើ​បង្គោល​ទារុណកម្ម​ដើម្បី​សង្គ្រោះ​មនុស្សជាតិ។ លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​ដែល​ចង់​កាន់​តាម​លោក​ថា​៖ ​«​នៅ​ពេល​ដែល​មនុស្ស​តិះ​ដៀល បៀត​បៀន និង​និយាយ​រឿង​អាក្រក់​គ្រប់​បែប​យ៉ាង ដើម្បី​បង្កាច់​បង្ខូច​អ្នក​រាល់​គ្នា​ដោយ​ព្រោះ​អ្នក​កាន់​តាម​ខ្ញុំ នោះ​អ្នក​មាន​សុភមង្គល​ហើយ! ពី​ព្រោះ​គេ​ធ្លាប់​បៀត​បៀន​ពួក​អ្នក​ប្រកាស​ទំនាយ ដែល​បាន​រស់​នៅ​មុន​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ។ ហេតុ​នេះ​ចូរ​សប្បាយ ហើយ​ត្រេក​អរ​ចុះ! ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​សួគ៌​»។—ម៉ាថាយ ៥:១១, ១២

តើ​តាម​របៀប​ណា​យើង​អាច​ជៀស​វាង​ពី​ការ​ស្រឡាញ់​ការ​សប្បាយ? (​សូម​មើល​វគ្គ​១៨​)

១៨. តើ​សំណួរ​អ្វី​ខ្លះ​នឹង​ជួយ​យើង​ឲ្យ​ដឹង​ថា​យើង​ស្រឡាញ់​ការ​សប្បាយ​ខ្លាំង​យ៉ាង​ណា?

១៨ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ដឹង​ថា​យើង​ស្រឡាញ់​ការ​សប្បាយ​ខ្លាំង​យ៉ាង​ណា? យើង​អាច​សួរ​ខ្លួន​យើង​ថា ‹ចំពោះ​ខ្ញុំ តើ​ការ​កម្សាន្ដ​គឺ​សំខាន់​ជាង​កិច្ច​ប្រជុំ​និង​កិច្ច​បម្រើ​ផ្សាយ​ឬ​ទេ? តើ​ខ្ញុំ​សុខ​ចិត្ដ​លះ​បង់​អ្វី​មួយ​ចំនួន​ដែល​ខ្ញុំ​ចូល​ចិត្ដ​ដោយ​សារ​ខ្ញុំ​ចង់​បម្រើ​ព្រះ​ឬ​ទេ? ពេល​ខ្ញុំ​ជ្រើស​រើស​ការ​កម្សាន្ដ តើ​ខ្ញុំ​គិត​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ការ​សម្រេច​ចិត្ដ​របស់​ខ្ញុំ​ឬ​ទេ?›។ ដោយ​សារ​យើង​ស្រឡាញ់​ព្រះ ហើយ​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ដ យើង​មិន​គ្រាន់​តែ​ជៀស​វាង​ពី​អ្វី​ដែល​យើង​ដឹង​ថា​ខុស​ប៉ុណ្ណោះ​ទេ តែ​សូម្បី​តែ​អ្វី​ដែល​យើង​គិត​ថា​នឹង​ធ្វើ​ឲ្យ​លោក​មិន​ពេញ​ចិត្ដ យើង​ក៏​ជៀស​វាង​ដែរ។—សូម​អាន ម៉ាថាយ ២២:៣៧, ៣៨

របៀប​ដែល​យើង​អាច​មាន​សុភមង្គល

១៩. តើ​មនុស្ស​បែប​ណា​មិន​អាច​មាន​សុភមង្គល​ពិត?

១៩ ពិភព​លោក​របស់​សាថាន​ធ្វើ​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា​អស់​រយៈ​ពេល​ប្រហែល​ជា​៦.០០០​ឆ្នាំ។ ឥឡូវ​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ពិភព​លោក​នេះ ផែន​ដី​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​គិត​តែ​អំពី​ខ្លួន​ឯង លុយ និង​ការ​សប្បាយ។ ពួក​គេ​គិត​អំពី​អ្វី​ដែល​ពួក​គេ​អាច​ទទួល ហើយ​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ទៅ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ។ ប៉ុន្ដែ មនុស្ស​បែប​នោះ​មិន​អាច​មាន​សុភមង្គល​ពិត​បាន​ទេ! ផ្ទុយ​ទៅ​វិញ គម្ពីរ​ចែង​ថា​៖ ​«​សប្បាយ​ហើយ អ្នក​ណា​ដែល​មាន​ព្រះ​នៃ​យ៉ាកុប​ជា​ជំនួយ​របស់​ខ្លួន ជា​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន​»។—ទំនុក​តម្កើង ១៤៦:៥

២០. តើ​តាម​របៀប​ណា​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ​ព្រះ​បាន​ធ្វើ​ឲ្យ​អ្នក​សប្បាយ?

២០ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ពិត​ជា​ស្រឡាញ់​លោក ហើយ​ជា​រៀង​រាល់​ឆ្នាំ មនុស្ស​ជា​ច្រើន​ទៀត​រៀន​អំពី​លោក​និង​ស្រឡាញ់​លោក​ដែរ។ នេះ​បង្ហាញ​ថា​រាជាណាចក្រ​របស់​ព្រះ​កំពុង​គ្រប់​គ្រង ហើយ​ថា​មិន​យូរ​ទៀត​រាជាណាចក្រ​នោះ​នឹង​នាំ​មក​នូវ​ពរ​ដែល​យើង​នឹក​ស្មាន​មិន​ដល់! ពេល​យើង​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ នោះ​នាំ​ឲ្យ​លោក​សប្បាយ ហើយ​នេះ​នាំ​ឲ្យ​យើង​មាន​អំណរ​ពិត​ប្រាកដ។ ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​នឹង​មាន​អំណរ​ជា​រៀង​រហូត! នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​គុណ​វិបត្ដិ​ដែល​មក​ពី​សេចក្ដី​ស្រឡាញ់​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ បន្ទាប់​មក យើង​នឹង​ឃើញ​នូវ​របៀប​ដែល​គុណ​វិបត្ដិ​ទាំង​នេះ​គឺ​ផ្ទុយ​ពី​គុណ​សម្បត្ដិ​ដែល​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​មាន។