ហេតុអ្វីយើងគួរឲ្យដល់បុគ្គលម្នាក់ដែលមានអ្វីៗទាំងអស់រួចហើយ?
«ឱព្រះនៃយើងរាល់គ្នាអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់ ហើយក៏លើកសរសើរព្រះនាមទ្រង់ដ៏មានសិរីល្អ»។—របាក្សត្រទី១ ២៩:១៣
ចម្រៀងលេខ: ១, ៤៨
១, ២. តើព្រះយេហូវ៉ាបង្ហាញចិត្ដទូលាយចំពោះយើងយ៉ាងដូចម្ដេច?
ព្រះយេហូវ៉ាគឺជាព្រះដែលមានចិត្ដទូលាយ។ អ្វីៗទាំងអស់ដែលយើងមានគឺមកពីលោក។ លោកជាម្ចាស់លើអ្វីៗទាំងអស់ដែលមានតម្លៃនៅផែនដី ហើយលោកប្រើអ្វីទាំងនោះដើម្បីផ្គត់ផ្គង់ជីវិតនៅផែនដី។ (ទំនុកតម្កើង ១០៤:១៣-១៥; ហាកាយ ២:៨) ក្នុងគម្ពីរ យើងរៀនអំពីរបៀបដែលនៅពេលខ្លះព្រះយេហូវ៉ាបានធ្វើអព្ភូតហេតុដោយប្រើអ្វីដ៏មានតម្លៃទាំងនោះដើម្បីផ្គត់ផ្គង់រាស្ដ្ររបស់លោក។
២ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានផ្ដល់នំម៉ាណានិងទឹកសម្រាប់ជនជាតិអ៊ីស្រាអែលពេលពួកគេបានរស់នៅតំបន់ស្ងាត់ជ្រងំអស់រយៈពេល៤០ឆ្នាំ។ (និក្ខមនំ ១៦:៣៥) ដូច្នេះ ពួកគេមានអ្វីៗដែលពួកគេត្រូវការ។ (នេហេមា ៩:២០, ២១) ក្រោយមក ព្រះយេហូវ៉ាបានផ្ដល់ឫទ្ធានុភាពដល់អេលីសេដែលជាអ្នកប្រកាសទំនាយដើម្បីធ្វើឲ្យប្រេងតិចតួចរបស់ស្ដ្រីមេម៉ាយដ៏ស្មោះត្រង់ទៅជាច្រើន។ អំណោយនេះពីព្រះ បានជួយគាត់ឲ្យសងបំណុលនិងមានលុយគ្រប់គ្រាន់ដើម្បីចិញ្ចឹមជីវិតរបស់គាត់និងកូនប្រុសៗរបស់គាត់។ (ពង្សាវតារក្សត្រទី២ ៤:១-៧) ម្យ៉ាងទៀត ដោយមានជំនួយពីព្រះយេហូវ៉ា លោក យេស៊ូបានធ្វើអព្ភូតហេតុដើម្បីផ្ដល់អាហារនិងលុយកាក់នៅពេលដែលមានសេចក្ដីត្រូវការ។—ម៉ាថាយ ១៥:៣៥-៣៨; ១៧:២៧
៣. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
៣ ព្រះយេហូវ៉ាអាចប្រើអ្វីណាក៏ដោយដែលលោកចង់ប្រើ ដើម្បីគាំទ្រអ្វីៗដែលលោកបានបង្កើត។ ប៉ុន្ដែ លោកនៅតែបើកឱកាសឲ្យអ្នកបម្រើរបស់លោកផ្ដល់អ្វីដែលពួកគេមានតាមលទ្ធភាពដើម្បីគាំទ្រកិច្ចការអង្គការរបស់លោក។ (និក្ខមនំ ៣៦:៣-៧; សូមអាន សុភាសិត ៣:៩) ហេតុអ្វីព្រះយេហូវ៉ារំពឹងថាយើងនឹងប្រើទ្រព្យសម្បត្ដិរបស់យើងដើម្បីតបស្នងដល់លោកវិញ? តើអ្នកបម្រើរបស់ព្រះយេហូវ៉ានៅសម័យគម្ពីរបានគាំទ្រកិច្ចការរបស់លោកយ៉ាងដូចម្ដេច? នៅសព្វថ្ងៃនេះ តើអង្គការរបស់យើងប្រើលុយកាក់ដែលទទួលពីវិភាគទានយ៉ាងដូចម្ដេច? អត្ថបទនេះមានចម្លើយចំពោះសំណួរទាំងនេះ។
មូលហេតុដែលយើងឲ្យដល់ព្រះយេហូវ៉ា
៤. ពេលយើងគាំទ្រកិច្ចការរបស់ព្រះយេហូវ៉ា តើយើងបង្ហាញលោកអំពីអ្វី?
យើងឲ្យដល់ព្រះយេហូវ៉ាដោយសារយើងស្រឡាញ់លោក
៤ យើងឲ្យដល់ព្រះយេហូវ៉ាដោយសារយើងស្រឡាញ់និងមានចិត្ដកតញ្ញូចំពោះលោក។ ពេលយើងគិតអំពីអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើសម្រាប់យើង យើងពិតជាដឹងគុណលោកខ្លាំងណាស់។ ស្ដេចដាវីឌមានអារម្មណ៍ដូចនេះដែរ នៅពេលដែលគាត់បានពន្យល់អំពីអ្វីដែលនឹងត្រូវការដើម្បីសង់វិហារ។ ដាវីឌបាននិយាយថាអ្វីៗទាំងអស់ដែលយើងទទួលគឺមកពីព្រះយេហូវ៉ា ហើយថាអ្វីណាក៏ដោយដែលយើងឲ្យដល់ព្រះយេហូវ៉ាគឺមកពីអ្វីដែលលោកបានឲ្យយើងរួចហើយ។—សូមអាន របាក្សត្រទី១ ២៩:១១-១៤
៥. តើគម្ពីរបង្ហាញយើងយ៉ាងណាថាការឲ្យដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួនជាផ្នែកដ៏សំខាន់មួយនៃការគោរពប្រណិប័តន៍ពិត?
៥ យើងក៏ឲ្យដល់ព្រះយេហូវ៉ាដោយសារនេះជារបៀបមួយដើម្បីគោរពប្រណិប័តន៍លោក។ ក្នុងអ្វីដែលបានត្រូវបើកបង្ហាញឲ្យសាវ័កយ៉ូហានឃើញក្នុងគំនិត គាត់បានឮអ្នកបម្រើរបស់ព្រះយេហូវ៉ានៅស្ថានសួគ៌និយាយថា៖ «ព្រះយេហូវ៉ាជាព្រះរបស់យើងអើយ លោកសមនឹងទទួលសេចក្ដីសរសើរដោយសារសិរីរុងរឿង កិត្ដិយស និងឫទ្ធានុភាព ពីព្រោះលោកបានបង្កើតអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់នោះបានកើតមក ក៏មាននៅផង ដោយសារបំណងប្រាថ្នារបស់លោក»។ (ការបើកបង្ហាញ ៤:១១) ព្រះយេហូវ៉ាពិតជាសមនឹងទទួលសេចក្ដីសរសើរនិងសិរីរុងរឿង ដូច្នេះយើងចង់ជូនលោកនូវអ្វីដ៏ល្អបំផុត។ តាមរយៈម៉ូសេ ព្រះយេហូវ៉ាបានបង្គាប់ជនជាតិអ៊ីស្រាអែលឲ្យធ្វើបុណ្យបីដងក្នុងមួយឆ្នាំ។ ផ្នែកមួយនៃការគោរពប្រណិប័តន៍របស់ពួកគេនៅពិធីបុណ្យទាំងនោះរួមបញ្ចូលការឲ្យដល់ព្រះយេហូវ៉ា។ រាស្ដ្ររបស់លោកបានត្រូវបង្គាប់ថា៖ «មិនត្រូវមកនៅចំពោះព្រះយេហូវ៉ាដោយដៃទទេ»។ (ចោទិយកថា ១៦:១៦) សព្វថ្ងៃនេះដែរ ផ្នែកដ៏សំខាន់មួយនៃការគោរពប្រណិប័តន៍របស់យើងគឺជាការឲ្យដោយមិនគិតប្រយោជន៍ខ្លួន។ យ៉ាងនេះ យើងបង្ហាញថាយើងគាំទ្រហើយឲ្យតម្លៃចំពោះអង្គការរបស់ព្រះយេហូវ៉ា។
៦. ហេតុអ្វីគឺល្អដែលយើងឲ្យដល់ព្រះយេហូវ៉ា? (សូមមើលរូបភាពនៅដើមអត្ថបទ)
៦ ជាការល្អដែលយើងឲ្យដោយចិត្ដទូលាយមិនគ្រាន់តែទទួលប៉ុណ្ណោះទេ។ (សូមអាន សកម្មភាព ២០:៣៥) សូមគិតអំពីកូនក្មេងម្នាក់ដែលទទួលលុយតិចតួចពីឪពុកម្ដាយ រួចប្រើលុយខ្លះនេះដើម្បីទិញអំណោយសម្រាប់ឪពុកម្ដាយ។ តើអំណោយនេះធ្វើឲ្យឪពុកម្ដាយមានអារម្មណ៍យ៉ាងណា? ម្យ៉ាងទៀត សូមគិតអំពីអ្នកត្រួសត្រាយវ័យក្មេងម្នាក់ដែលរស់នៅជាមួយនឹងឪពុកម្ដាយរបស់គាត់ គាត់ឲ្យលុយខ្លះដល់ឪពុក ម្ដាយដើម្បីជួយបង់ថ្លៃផ្ទះឬថ្លៃម្ហូបសម្រាប់ក្រុមគ្រួសារ។ ឪពុកម្ដាយរបស់គាត់ប្រហែលជាមិនរំពឹងថាគាត់នឹងធ្វើដូច្នេះទេ ប៉ុន្ដែពួកគេទទួលយកអំណោយនោះ។ ហេតុអ្វី? ពីព្រោះនេះជារបៀបមួយដែលគាត់អាចបង្ហាញថាគាត់ដឹងគុណឪពុកម្ដាយចំពោះអ្វីៗទាំងអស់ដែលពួកគាត់ធ្វើសម្រាប់គាត់។ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាដឹងថាគឺល្អឲ្យយើងជូនលោកនូវទ្រព្យសម្បត្ដិរបស់យើង។
របៀបដែលអ្នកបម្រើរបស់ព្រះបានឲ្យនៅអតីតកាល
៧, ៨. តើរាស្ដ្ររបស់ព្រះយេហូវ៉ានៅសម័យគម្ពីរបានទុកគំរូអ្វីពេលពួកគេបានជូនវិភាគទាន (ក) ដើម្បីធ្វើអ្វីមួយ? (ខ) ដើម្បីគាំទ្រកិច្ចការរបស់លោក?
៧ ក្នុងគម្ពីរ យើងរៀនថារាស្ដ្ររបស់ព្រះយេហូវ៉ាបានធ្វើវិភាគទានដើម្បីគាំទ្រកិច្ចការរបស់លោក។ ពេលខ្លះពួកគេបានឲ្យវិភាគទានដើម្បីធ្វើអ្វីមួយ។ ជាឧទាហរណ៍ ម៉ូសេបានលើកទឹកចិត្ដជនជាតិអ៊ីស្រាអែលឲ្យធ្វើវិភាគទានសម្រាប់ការសាងសង់ត្រសាល។ ក្រោយមក ស្ដេចដាវីឌបានធ្វើដូច្នេះដែរសម្រាប់ការសាងសង់វិហារ។ (និក្ខមនំ ៣៥:៥; របាក្សត្រទី១ ២៩:៥-៩) ក្នុងអំឡុងការគ្រប់គ្រងរបស់ស្ដេចយ៉ូអាស ពួកសង្ឃបានជួសជុលវិហារដោយប្រើលុយដែលបានប្រមូលពីបណ្ដាជន។ (ពង្សាវតារក្សត្រទី២ ១២:៤, ៥) នៅសតវត្សរ៍ទី១ គ្រិស្ដសាសនិកបានឮថាមានការអត់ឃ្លាននៅតំបន់យូឌា ហើយថាបងប្អូនត្រូវការជំនួយ។ ដូច្នេះ គ្រិស្ដសាសនិកម្នាក់ៗបានសម្រេចចិត្ដថាពួកគេអាចផ្ញើជំនួយប៉ុន្មានទៅឲ្យបងប្អូននៅទីនោះ។—សកម្មភាព ១១:២៧-៣០
៨ រាស្ដ្ររបស់ព្រះយេហូវ៉ាក៏បានផ្ដល់ការគាំទ្រខាងលុយកាក់ដល់ពួកអ្នកដែលនាំមុខក្នុងកិច្ចការរបស់លោក។ ជាឧទាហរណ៍ ក្រោមច្បាប់ម៉ូសេ ពួកលេវីមិនបានទទួលមត៌កដូចកុលសម្ព័ន្ធឯទៀតទេ។ ដូច្នេះ ជនជាតិអ៊ីស្រាអែលឯទៀតបានឲ្យ១ភាគ១០នៃអ្វីដែលពួកគេមានដល់ពួកលេវី។ ហេតុនេះ ពួកលេវីអាចផ្ដោតអារម្មណ៍ទៅលើកិច្ចការរបស់ពួកគេនៅឯត្រសាល។ (ជនគណនា ១៨:២១) ស្រដៀងគ្នាដែរ ស្ដ្រីមួយចំនួនដែលមានចិត្ដទូលាយបានប្រើអ្វីដែលពួកគេមានដើម្បីគាំទ្រលោកយេស៊ូនិងសាវ័ករបស់លោក។—លូកា ៨:១-៣
ទោះជាមានឬក្រក៏ដោយ គ្រប់គ្នានៅតែអាចធ្វើវិភាគទាន
៩. តើវិភាគទាននៅសម័យមុនមានប្រភពមកពីណាខ្លះ?
៩ វិភាគទានទាំងនោះមកពីប្រភពខុសៗគ្នា។ ជនជាតិអ៊ីស្រាអែលដែលបានធ្វើវិភាគទានសម្រាប់ការសាងសង់ត្រសាល ប្រហែលជាបានឲ្យទ្រព្យសម្បត្ដិដែលពួកគេបានយកមកពីស្រុកអេស៊ីប។ (និក្ខមនំ ៣:២១, ២២; ៣៥:២២-២៤) នៅសតវត្សរ៍ទី១ គ្រិស្ដសាសនិកខ្លះបានលក់អ្វីដែលពួកគេមានដូចជាស្រែចម្ការឬផ្ទះសម្បែង ហើយបានយកលុយទៅឲ្យពួកសាវ័ក។ ក្រោយមក ពួកសាវ័កបានប្រើលុយនោះដើម្បីជួយបងប្អូនដែលត្រូវការជំនួយ។ (សកម្មភាព ៤:៣៤, ៣៥) គ្រិស្ដសាសនិកឯទៀតបានទុកលុយខ្លះដោយឡែកជាទៀងទាត់ដើម្បីពួកគេអាចគាំទ្រកិច្ចការដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ (កូរិនថូសទី១ ១៦:២) ដូច្នេះ ទោះជាមានឬក្រក៏ដោយ គ្រប់គ្នានៅតែអាចធ្វើវិភាគទាន។—លូកា ២១:១-៤
របៀបដែលយើងឲ្យនៅសព្វថ្ងៃនេះ
១០, ១១. (ក) តើយើងអាចធ្វើតាមគំរូរបស់អ្នកបម្រើព្រះយេហូវ៉ានៅសម័យគម្ពីរដែលមានចិត្ដទូលាយយ៉ាងដូចម្ដេច? (ខ) តើអ្នកមានអារម្មណ៍យ៉ាងណាអំពីការគាំទ្រកិច្ចការរាជាណាចក្រ?
១០ សព្វថ្ងៃនេះ យើងក៏ប្រហែលជានឹងត្រូវសុំឲ្យធ្វើវិភាគទានសម្រាប់អ្វីណាមួយដែរ។ ប្រហែលជាក្រុមជំនុំរបស់
អ្នកមានគម្រោងជួសជុលសាលប្រជុំឬសាងសង់សាលប្រជុំថ្មី ឬក៏ប្រហែលជាការិយាល័យសាខារបស់អ្នកត្រូវការជួសជុល។ យើងប្រហែលជាអាចជួយសម្រាប់ការចំណាយផ្សេងៗនៃមហាសន្និបាតរបស់យើង ឬប្រហែលជាយើងក៏អាចធ្វើវិភាគទានដើម្បីជួយបងប្អូនយើងនៅកន្លែងផ្សេងដែលបានរងទុក្ខដោយសារគ្រោះមហន្ដរាយធម្មជាតិ។ វិភាគទានរបស់យើងក៏ជួយគាំទ្រសាសនទូត អ្នកត្រួសត្រាយពិសេស អ្នកត្រួតពិនិត្យប្រចាំមណ្ឌល ហើយអ្នកដែលធ្វើកិច្ចការនៅមន្ទីរចាត់ការពិភពលោកនិងនៅការិយាល័យសាខាទូទាំងពិភពលោក។ ក្រុមជំនុំរបស់អ្នកក៏ប្រហែលជាផ្ញើវិភាគទានជាទៀងទាត់ដើម្បីជួយកិច្ចការសាងសង់សាលសន្និបាតនិងសាលប្រជុំសម្រាប់បងប្អូនដែលរស់នៅប្រទេសផ្សេងទៀត។១១ យើងទាំងអស់គ្នាអាចឲ្យអ្វីមួយដើម្បីគាំទ្រកិច្ចការដែលអង្គការរបស់ព្រះយេហូវ៉ាកំពុងធ្វើក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ។ វិភាគទានភាគច្រើនគឺមិនដាក់ឈ្មោះរបស់បុគ្គលដែលបានជូននោះទេ។ ពេលដែលយើងដាក់លុយក្នុងប្រអប់វិភាគទាននៅសាលប្រជុំ ឬធ្វើវិភាគទានតាមគេហទំព័រjw.org យើងមិនប្រាប់អ្នកឯទៀតអំពីចំនួនវិភាគទានដែលយើងបានធ្វើទេ។ ប៉ុន្ដែ ចុះបើអ្នកមានអារម្មណ៍ថាវិភាគទានរបស់អ្នកគឺតិចតួចណាស់? តាមការពិត វិភាគទានភាគច្រើនដែលអង្គការទទួលគឺមកពីអំណោយតិចតួចជាច្រើន ជាជាងអំណោយធំៗ។ សូម្បីតែបងប្អូនដែលមិនសូវមានលុយក៏ធ្វើតាមគំរូរបស់គ្រិស្ដសាសនិកនៅសម័យដើមនាស្រុកម៉ាសេដូន។ ពួកគេ«ក្រតោកយ៉ាក» ប៉ុន្ដែពួកគេបានអង្វរសុំជូនវិភាគទាន ហើយពួកគេបានឲ្យដោយចិត្ដទូលាយ។—កូរិនថូសទី២ ៨:១-៤
១២. តើតាមរបៀបណាអង្គការរបស់យើងព្យាយាមប្រើវិភាគទានតាមរបៀបដែលល្អបំផុត?
១២ គណៈអភិបាលគឺស្មោះត្រង់ហើយចេះពិចារណាក្នុងការប្រើវិភាគទាន។ (ម៉ាថាយ ២៤:៤៥) សមាជិកគណៈអភិបាលអធិដ្ឋានដើម្បីធ្វើការសម្រេចចិត្ដត្រឹមត្រូវ ហើយពួកគេធ្វើគម្រោងច្បាស់លាស់អំពីរបៀបប្រើវិភាគទានទាំងនោះ។ (លូកា ១៤:២៨) នៅសម័យគម្ពីរ បុរសដ៏ស្មោះត្រង់ដែលបានមើលការខុសត្រូវលើវិភាគទានបានធ្វើឲ្យប្រាកដថាវិភាគទានបានត្រូវប្រើសម្រាប់តែការគោរពប្រណិប័តន៍ព្រះយេហូវ៉ាប៉ុណ្ណោះ។ ជាឧទាហរណ៍ អែសរ៉ាបានត្រឡប់ទៅក្រុងយេរូសាឡិមវិញដោយនាំយកវិភាគទានពីស្ដេចពើស៊ី ដែលរួមបញ្ចូលមាស ប្រាក់ និងរបស់ថ្លៃវិសេសផ្សេងទៀត ដែលមានតម្លៃជាង១០០លានដុល្លារសព្វថ្ងៃនេះ។ អែសរ៉ាបានចាត់ទុកវិភាគទាំងនោះជាអំណោយសម្រាប់ព្រះយេហូវ៉ា។ ដូច្នេះ គាត់បានឲ្យការណែនាំដើម្បីការពារវិភាគទានកាលដែលនាំយកវិភាគទានទាំងនោះឆ្លងកាត់តំបន់ដែលមានគ្រោះថ្នាក់។ (អែសរ៉ា ៨:២៤-៣៤) ជាច្រើនឆ្នាំក្រោយមក សាវ័កប៉ូលបានប្រមូលលុយដើម្បីជួយបងប្អូននៅតំបន់យូឌាដែលមានសេចក្ដីត្រូវការ។ គាត់បានធ្វើឲ្យប្រាកដថា អ្នកកាន់លុយបានចាត់ចែង«កិច្ចការដោយទៀងត្រង់ មិនគ្រាន់តែនៅចំពោះមុខព្រះ តែនៅចំពោះមុខមនុស្សដែរ»។ (សូមអាន កូរិនថូសទី២ ៨:១៨-២១) សព្វថ្ងៃនេះ អង្គការរបស់យើងធ្វើតាមគំរូរបស់អែសរ៉ានិងប៉ូល ហើយប្រើវិភាគទានដោយយកចិត្ដទុកដាក់។
១៣. ហេតុអ្វីអង្គការរបស់ព្រះបានធ្វើការផ្លាស់ប្ដូរ?
១៣ ក្រុមគ្រួសារមួយប្រហែលជាផ្លាស់ប្ដូររបៀបដែលពួកគេគ្រប់គ្រងលុយដើម្បីមិនចំណាយច្រើនជាងចំណូល។ ឬពួកគេប្រហែលជារកវិធីធ្វើឲ្យជីវិតសាមញ្ញជាងដើម្បីពួកគេអាចបម្រើព្រះយេហូវ៉ាច្រើនជាង។ អង្គការរបស់ព្រះយេហូវ៉ាក៏ធ្វើដូច្នេះដែរ។ ក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងមកនេះ មានគម្រោងថ្មីៗជាច្រើនក្នុងអង្គការរបស់ព្រះដ៏គួរឲ្យរំភើប ហើយជួនកាលនេះនាំឲ្យអង្គការត្រូវចំណាយលុយច្រើនជាងវិភាគទានដែលបានទទួល។ ដូច្នេះដូចក្រុមគ្រួសារមួយ អង្គការរបស់ព្រះស្វែងរកវិធីសន្សំសំចៃលុយនិងធ្វើឲ្យកិច្ចការសាមញ្ញជាង ដើម្បីអង្គការរបស់លោកអាចប្រើវិភាគទានឲ្យកើតប្រយោជន៍ច្រើនបំផុត។
ប្រយោជន៍ដែលមកពីវិភាគទានរបស់អ្នក
១៤-១៦. (ក) តើវិភាគទានរបស់អ្នកបានត្រូវប្រើសម្រាប់អ្វីខ្លះ? (ខ) តើការរៀបចំទាំងនេះបានជួយអ្នកផ្ទាល់យ៉ាងដូចម្ដេច?
១៤ បងប្អូនជាច្រើនដែលនៅក្នុងសេចក្ដីពិតអស់ជាច្រើនឆ្នាំនិយាយថា សព្វថ្ងៃនេះយើងទទួលអំណោយច្រើនជាងមុនៗទៅទៀតពីអង្គការរបស់ព្រះ។ ឥឡូវយើងមានគេហទំព័រjw.orgនិងJWទូរទស្សន៍។ យើងមានសេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរបរិសុទ្ធជាច្រើនភាសា។ នៅឆ្នាំ២០១៤-២០១៥ យើងមានមហាសន្និបាតអន្ដរជាតិដែលមានប្រធានថា«ចូរបន្ដស្វែងរករាជាណាចក្ររបស់ព្រះជាមុន!» ដែលបានត្រូវធ្វើឡើងអស់បីថ្ងៃ នៅកីឡាដ្ឋានធំៗនៅ១៤ក្រុងទូទាំងពិភពលោក។ អស់អ្នកដែលបានចូលរួមអរសប្បាយជាខ្លាំង!
១៥ បងប្អូនជាច្រើននាក់បានបង្ហាញអំណរគុណសម្រាប់អំណោយទាំងនេះពីអង្គការរបស់ព្រះយេហូវ៉ា។ ជាឧទាហរណ៍ ប្ដីប្រពន្ធមួយគូដែលបម្រើនៅទ្វីបអាស៊ីបានសរសេរថា៖ «យើងបម្រើនៅក្រុងតូចមួយ ដូច្នេះជួនកាលយើងមានអារម្មណ៍ឯកោ ហើយស្រួលឲ្យយើងភ្លេចថាកិច្ចការរបស់អង្គការព្រះយេហូវ៉ាគឺធំប៉ុណ្ណា។ ប៉ុន្ដែ ពេលយើងមើលកម្មវិធីផ្សេងៗក្នុងJWទូរទស្សន៍ យើងនឹកឃើញថាយើងជាសមាជិកអង្គការមួយដែលមានបងប្អូនទូទាំងពិភពលោក។ បងប្អូនយើងនៅតំបន់នេះរំភើបចិត្ដជាខ្លាំងអំពីកម្មវិធីJWទូរទស្សន៍។ យើងច្រើនតែឮពួកគេនិយាយថា ក្រោយពីពួកគេបានមើលកម្មវិធីប្រចាំខែ ពួកគេមានអារម្មណ៍ជិតស្និទ្ធជាមួយនឹងសមាជិកគណៈអភិបាល។ ឥឡូវពួកគេមានមោទនភាពជាងពេលមុនទៅទៀតដែលពួកគេគឺជាសមាជិកអង្គការរបស់ព្រះ»។
១៦ នៅទូទាំងពិភពលោក យើងកំពុងសាងសង់ឬជួសជុលសាលប្រជុំជិត២.៥០០ខ្នង។ សមាជិកក្រុមជំនុំមួយនៅប្រទេសហុងឌូរ៉ាសបាននិយាយថា ពីមុនពួកគេស្រមៃចង់បានសាលប្រជុំផ្ទាល់ខ្លួន តែឥឡូវការស្រមៃរបស់ពួកគេក្លាយជាការពិត។ ពួកគេបានសរសេរថា៖ «យើងពិតជាសប្បាយរីករាយធ្វើជាសមាជិកក្រុមគ្រួសារសកលលោករបស់ព្រះយេហូវ៉ានិងនៅក្នុងចំណោមបងប្អូនរួមជំនឿទូទាំងពិភពលោក»។ បងប្អូនជាច្រើននាក់មានអារម្មណ៍ស្រដៀងនឹងនេះពេលដែលពួកគេទទួលគម្ពីរនិងសៀវភៅផ្សេងៗជាភាសារបស់ពួកគេ ពេលបងប្អូនជួយពួកគេក្រោយពីគ្រោះមហន្ដរាយធម្មជាតិ ឬពេលពួកគេឃើញលទ្ធផលល្អដែលមកពីការផ្សព្វផ្សាយសាធារណៈនៅក្នុងតំបន់ផ្សាយរបស់ពួកគេ។
១៧. ហេតុអ្វីយើងដឹងថាព្រះយេហូវ៉ាកំពុងគាំទ្រអង្គការរបស់លោកនៅសព្វថ្ងៃនេះ?
១៧ មនុស្សជាច្រើនដែលមិនមែនជាសាក្សីព្រះយេហូវ៉ា មិនអាចយល់អំពីរបៀបដែលយើងអាចធ្វើកិច្ចការទាំងអស់នេះដោយប្រើតែវិភាគទានស្ម័គ្រចិត្ដទេ។ នាយកប្រតិបត្ដិពីក្រុមហ៊ុនដ៏ធំមួយបានមកទស្សនាផ្នែកបោះពុម្ពរបស់បេតអែលមួយ។ គាត់កោតស្ងើចដែលកិច្ចការទាំងអស់នៅទីនោះបានត្រូវធ្វើឡើងដោយអ្នកស្ម័គ្រចិត្ដ ដោយវិភាគទានស្ម័គ្រចិត្ដ និងដោយមិនដែលធ្វើយុទ្ធនាការរៃអង្គាសលុយ។ គាត់និយាយថាពិបាកជឿណាស់ថានោះអាចទៅរួច។ យើងយល់ស្រប! យើងដឹងថានេះអាចធ្វើឡើងបានដោយសារតែព្រះយេហូវ៉ាកំពុងគាំទ្រកិច្ចការនេះ។—ពរដែលយើងទទួលពេលយើងតបស្នងដល់ព្រះយេហូវ៉ាវិញ
១៨. (ក) តើយើងទទួលពរអ្វីខ្លះពេលយើងធ្វើវិភាគទានដើម្បីគាំទ្ររាជាណាចក្រព្រះ? (ខ) តើយើងអាចបង្រៀនកូននិងអ្នកថ្មីយ៉ាងដូចម្ដេចឲ្យធ្វើវិភាគទានដើម្បីគាំទ្ររាជាណាចក្រព្រះ?
១៨ ព្រះយេហូវ៉ាផ្ដល់កិត្ដិយសនិងឱកាសឲ្យយើងដើម្បីគាំទ្រកិច្ចការដ៏អស្ចារ្យរបស់រាជាណាចក្រ។ លោកធានាថាពេលយើងធ្វើដូច្នេះ លោកនឹងឲ្យពរយើង។ (ម៉ាឡាគី ៣:១០) ព្រះយេហូវ៉ាសន្យាថាបើយើងឲ្យដោយចិត្ដទូលាយ យើងនឹងមិនខ្វះខាតឡើយ។ (សូមអាន សុភាសិត ១១:២៤, ២៥) លោកក៏ប្រាប់យើងដែរថា យើងនឹងសប្បាយរីករាយពេលយើងឲ្យ ដោយសារ«ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល»។ (សកម្មភាព ២០:៣៥) តាមរយៈពាក្យសម្ដីនិងការប្រព្រឹត្ដរបស់យើង យើងអាចបង្រៀនកូនរបស់យើងនិងអ្នកថ្មីអំពីរបៀបដែលពួកគេក៏អាចចូលរួមក្នុងកិច្ចការនេះ ហើយក៏អាចទទួលពរជាច្រើនដែរ។
១៩. តើអត្ថបទនេះបានលើកទឹកចិត្ដអ្នកយ៉ាងដូចម្ដេច?
១៩ អ្វីៗទាំងអស់ដែលយើងមានគឺមកពីព្រះយេហូវ៉ា។ ពេលយើងតបស្នងដល់លោកវិញ យើងបង្ហាញថាយើងស្រឡាញ់លោកនិងឲ្យតម្លៃចំពោះអ្វីៗទាំងអស់ដែលលោកបានធ្វើសម្រាប់យើង។ (របាក្សត្រទី១ ២៩:១៧) ពេលជនជាតិអ៊ីស្រាអែលបានធ្វើវិភាគទានសម្រាប់ការសង់វិហារ ពួកគេបាន«រីករាយសប្បាយដោយបានថ្វាយស្ម័គ្រពីចិត្ដ ពីព្រោះគេបានថ្វាយស្ម័គ្រពីចិត្ដដល់ព្រះយេហូវ៉ាដោយចិត្ដស្មោះ»។ (របាក្សត្រទី១ ២៩:៩) ដូចពួកគេ សូមឲ្យយើងបន្ដមានអំណរនិងស្កប់ចិត្ដពេលយើងឲ្យដល់ព្រះយេហូវ៉ាពីអ្វីដែលលោកបានផ្ដល់ឲ្យយើងរួចហើយ។