លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១

‹កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​ខ្ញុំ​ជា​ព្រះ​នៃ​អ្នក›

‹កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​ខ្ញុំ​ជា​ព្រះ​នៃ​អ្នក›

​«​កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង​»។—អេ. ៤១:១០

ចម្រៀង​លេខ​៧ ព្រះ​យេហូវ៉ា​ជា​កម្លាំង​របស់​យើង

សេចក្ដី​សង្ខេប *

១​-​២. (​ក​) តើ​ពាក្យ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​អេសាយ ៤១:១០​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​បង​យ៉ូស៊ីកូ? (​ខ​) តើ​ព្រះ​យេហូវ៉ា​បាន​រក្សា​ទុក​ពាក្យ​ទាំង​នោះ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ណា?

បង​ស្រី​យ៉ូស៊ីកូ​ដែល​ជា​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​ម្នាក់ បាន​ទទួល​ដំណឹង​មិន​ល្អ។ គ្រូ​ពេទ្យ​បាន​ប្រាប់​គាត់​ថា គាត់​អាច​រស់​បាន​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ។ តើ​គាត់​មាន​ប្រតិកម្ម​យ៉ាង​ណា? បង​យ៉ូស៊ីកូ​បាន​នឹក​ឃើញ​បទ​គម្ពីរ​ដែល​គាត់​ចូល​ចិត្ត គឺ​អេសាយ ៤១:១០។ (​សូម​អាន​) បន្ទាប់​មក គាត់​បាន​ប្រាប់​គ្រូ​ពេទ្យ​នោះ​ដោយ​ចិត្ត​ស្ងប់​ថា គាត់​មិន​ភ័យ​ខ្លាច​ទេ ដោយ​សារ​ព្រះ​យេហូវ៉ា​កំពុង​កាន់​ដៃ​គាត់។ * ពាក្យ​ក្នុង​ខ​នោះ បាន​ជួយ​បង​ស្រី​ជា​ទី​ស្រឡាញ់​នេះ​ឲ្យ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ទាំង​ស្រុង។ ខ​នោះ​ក៏​អាច​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​ស្ងប់​ពេល​យើង​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ធ្ងន់​ធ្ងរ។ ដើម្បី​យល់​អំពី​របៀប​ដែល​ខ​គម្ពីរ​នោះ​អាច​ជួយ​យើង មុន​ដំបូង​សូម​យើង​ពិចារណា​អំពី​មូលហេតុ​ដែល​ព្រះ​បាន​ឲ្យ​អេសាយ​កត់​ទុក​ពាក្យ​ទាំង​នេះ។

នៅ​ដើម​ដំបូង ព្រះ​យេហូវ៉ា​បាន​ឲ្យ​អេសាយ​កត់​ទុក​ពាក្យ​ទាំង​នោះ​ដើម្បី​សម្រាល​ទុក្ខ​ជន​ជាតិ​យូដា​ដែល​នឹង​ត្រូវ​ចាប់​ទៅ​បាប៊ីឡូន​ឲ្យ​ធ្វើ​ជា​ឈ្លើយ​នៅ​ពេល​ក្រោយ​មក។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​រក្សា​ទុក​ពាក្យ​ទាំង​នោះ មិន​គ្រាន់​តែ​ដើម្បី​ជា​ប្រយោជន៍​ដល់​ជន​ជាតិ​យូដា​ទាំង​នោះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ប្រយោជន៍​ដល់​រាស្ត្រ​ទាំង​អស់​របស់​លោក​តាំង​ពី​សម័យ​នោះ​មក។ (​អេ. ៤០:៨; រ៉ូម ១៥:៤​) សព្វ​ថ្ងៃ​នេះ យើង​រស់​នៅ‹គ្រា​ដ៏​លំបាក​ណាស់› ហើយ​យើង​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ពី​ពាក្យ​ដែល​មាន​នៅ​ក្នុង​សៀវភៅ​អេសាយ​ច្រើន​ជាង​ពេល​មុន​ៗ​ទៅ​ទៀត។—២ធី. ៣:១

៣. (​ក​) តើ​មាន​សេចក្ដី​សន្យា​អ្វី​ខ្លះ​នៅ​អេសាយ ៤១:១០? (​ខ​) ហេតុ​អ្វី​យើង​ត្រូវ​ការ​សេចក្ដី​សន្យា​ទាំង​នេះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​សេចក្ដី​សន្យា​បី​របស់​ព្រះ​យេហូវ៉ា ដែល​បាន​ត្រូវ​កត់​ទុក​នៅ​អេសាយ ៤១:១០ ដែល​ជួយ​ពង្រឹង​ជំនឿ​របស់​យើង។ សេចក្ដី​សន្យា​ទាំង​នេះ​គឺ​៖ (​១​) ព្រះ​យេហូវ៉ា​នឹង​នៅ​ជា​មួយ​នឹង​យើង (​២​) លោក​ជា​ព្រះ​របស់​យើង និង(​៣​) លោកនឹង​ជួយ​យើង។ យើង​ត្រូវ​ការ​សេចក្ដី​សន្យា *ទាំង​នេះ ដោយ​សារ​ដូច​បង​យ៉ូស៊ីកូ យើង​ក៏​ត្រូវ​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ​ក្នុង​ជីវិត​របស់​យើង​ដែរ។ ម្យ៉ាង​ទៀត យើង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ពិបាក​ផ្សេង​ៗ​ដែល​មក​ពី​ស្ថានភាព​របស់​ពិភព​លោក​នេះ។ បង​ប្អូន​ខ្លះ​ថែម​ទាំង​ស៊ូ​ទ្រាំ​នឹង​ការ​បៀត​បៀន​ពី​រដ្ឋាភិបាល​ដ៏​មាន​អំណាច។ សូម​យើង​ពិចារណា​អំពី​សេចក្ដី​សន្យា​ទាំង​បី​នេះ​ម្ដង​មួយ​ៗ។

​«​អញ​នៅ​ជា​មួយ​នឹង​ឯង​»​

៤. (​ក​) តើ​អ្វី​ជា​សេចក្ដី​សន្យា​ទី១​ដែល​យើង​នឹង​ពិចារណា? (​សូម​មើល​កំណត់​សម្គាល់​ផង​ដែរ​) (​ខ​) តើ​ព្រះ​យេហូវ៉ា​ប្រាប់​យើង​យ៉ាង​ណា​អំពី​អារម្មណ៍​របស់​លោក​ចំពោះ​យើង? (​គ​) តើ​ប្រសាសន៍​ទាំង​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

សេចក្ដី​សន្យា​ទី១​របស់​ព្រះ​យេហូវ៉ា​ក្នុង​ខ​នោះ​គឺ​ថា​៖ ​«​កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង​»។ * ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​នៅ​ជា​មួយ​នឹង​យើង ដោយ​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​កក់​ក្ដៅ​និង​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង។ សូម​កត់​សម្គាល់​អំពី​របៀប​ដែល​លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​យើង។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ឯង​មាន​ដំឡៃ​វិសេស​នៅ​ភ្នែក​អញ ក៏​គួរ​លើក​ដំ​កើង ហើយ​ជា​ទី​ស្រឡាញ់​ដល់​អញ​ផង​»។ (​អេ. ៤៣:៤, យើង​កែ​ជា​អក្សរ​ទ្រេត​) គ្មាន​អ្វី​ក្នុង​សកល​លោក​នេះ​ដែល​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ឈប់​ស្រឡាញ់​ពួក​អ្នក​ដែល​បម្រើ​លោក​ទេ។ ភក្ដី​ភាព​របស់​លោក​ចំពោះ​យើង​នឹង​មិន​ដែល​រង្គោះ​រង្គើ​ឡើយ។ (​អេ. ៥៤:១០​) សេចក្ដី​ស្រឡាញ់​និង​ចំណង​មិត្តភាព​ដែល​លោក​មាន​ជា​មួយ​នឹង​យើង​ផ្ដល់​ឲ្យ​យើង​នូវ​ចិត្ត​មោះ​មុត​ក្លាហាន។ លោក​នឹង​ការ​ពារ​យើង​នៅ​សព្វ​ថ្ងៃ​នេះ ដូច​ដែល​លោក​បាន​ការ​ពារ​អាប់រ៉ាម(​អាប្រាហាំ​)ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ‹អាប់រ៉ាម​អើយ កុំ​ឲ្យ​ខ្លាច​អ្វី​ឡើយ អញ​ជា​ខែល​របស់​ឯង›។—លោ. ១៥:១

ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​អាច​ឆ្លង​កាត់​ទុក្ខ​វេទនា​ណា​ក៏​ដោយ​ដែល​យើង​មាន ទោះ​ជា​ទុក្ខ​វេទនា​នោះ​ប្រៀប​ដូច​ជា​ទឹក​ជំនន់​និង​អណ្ដាត​ភ្លើង​ក្ដី (​សូម​មើល​វគ្គ​៥​-​៦​) *

៥​-​៦. (​ក​) ហេតុ​អ្វី​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​ចង់​ជួយ​យើង​ពេល​ដែល​យើង​មាន​ទុក្ខ​លំបាក? (​ខ​) តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​គំរូ​របស់​បង​យ៉ូស៊ីកូ?

យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​ចង់​ជួយ​យើង​ពេល​ដែល​យើង​មាន​ទុក្ខ​លំបាក ដោយ​សារ​លោក​សន្យា​នឹង​រាស្ត្រ​របស់​លោក​ថា​៖ ​«​កាល​ណា​ឯង​ដើរ​កាត់​ទឹក​ធំ នោះ​អញ​នឹង​នៅ​ជា​មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​ឯង​ឡើយ កាល​ណា​ឯង​លុយ​កាត់​ភ្លើង នោះ​ឯង​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្ដាត​ភ្លើង​ក៏​មិន​ឆាប​ឆេះ​ឯង​ដែរ​»។ (​អេ. ៤៣:២, យើង​កែ​ជា​អក្សរ​ទ្រេត​) តើ​ពាក្យ​ទាំង​នេះ​មាន​ន័យ​យ៉ាង​ណា?

ព្រះ​យេហូវ៉ា​មិន​សន្យា​ថា​នៅ​ឥឡូវ​នេះ​លោក​នឹង​បំបាត់​ចោល​បញ្ហាដែល​យើង​មាន​ក្នុង​ជីវិត​ទេ ប៉ុន្តែ​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​«​ទន្លេ​»​នៃ​បញ្ហា​ធ្វើ​ឲ្យ​យើង​រសាត់​ចេញ ឬ​«​អណ្ដាត​ភ្លើង​»​នៃ​ទុក្ខ​លំបាក​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ​រហូត​នោះ​ទេ។ លោក​ធានា​ថា​លោក​នឹង​នៅ​ជា​មួយ​នឹង​យើង ដោយ​ជួយ​យើង​ឲ្យ​«​ដើរ​កាត់​»​ឬ​ឆ្លង​កាត់​ទុក្ខ​លំបាក​ទាំង​នោះ។ តើ​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​យ៉ាង​ដូច​ម្ដេច? លោក​នឹង​ជួយ​យើង​មិន​ឲ្យ​ភ័យ​ខ្លាច​ហួស​ហេតុ​ពេក​ដើម្បី​យើង​អាច​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​លោក ទោះ​ជា​យើង​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់​ក្ដី។ (​អេ. ៤១:១៣​) បង​យ៉ូស៊ីកូ​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ បាន​ឃើញ​ថា​លោក​បាន​ធ្វើ​ដូច្នេះ​មែន។ កូន​ស្រី​របស់​គាត់​និយាយ​ថា​៖ ​«​យើង​កោត​ស្ងើច​ដែល​ម៉ាក់​មាន​ចិត្ត​ស្ងប់​យ៉ាង​ខ្លាំង។ យើង​ពិត​ជា​ឃើញ​ថា​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​គាត់​នូវ​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​មែន។ រហូត​ដល់​ថ្ងៃ​ដែល​គាត់​ស្លាប់ ម៉ាក់​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​គិលានុបដ្ឋាក​និង​អ្នក​ជំងឺ​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា​និង​សេចក្ដី​សន្យា​របស់​លោក​»។ តើ​យើង​ទាញ​យក​មេ​រៀន​អ្វី​ពី​គំរូ​របស់​បង​យ៉ូស៊ីកូ? ពេល​យើង​ទុក​ចិត្ត​លើ​សេចក្ដី​សន្យា​របស់​ព្រះ​ដែល​ថា​៖ ​«​អញ​នៅ​ជា​មួយ​នឹង​ឯង​»​ យើង​ក៏​នឹង​មាន​កម្លាំង​ចិត្ត​និង​ចិត្ត​ក្លាហាន​កាល​ដែល​យើង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក។

​«​អញ​ជា​ព្រះ​នៃ​ឯង​»​

៧​-​៨. (​ក​) តើ​អ្វី​ជា​សេចក្ដី​សន្យា​ទី២​ដែល​យើង​នឹង​ពិចារណា ហើយ​តើ​នេះ​មាន​ន័យ​យ៉ាង​ណា? (​ខ​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​យូដា​ដែល​ជា​និរទេស​ជន​ថា​៖ ​«​កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ​»​? (​គ​) តើ​ពាក្យ​សម្ដី​អ្វី​នៅ​អេសាយ ៤៦:៣, ៤ ច្បាស់​ជា​បាន​ធ្វើ​ឲ្យ​រាស្ត្រ​របស់​ព្រះ​មាន​ចិត្ត​ស្ងប់?

សូម​កត់​សម្គាល់​អំពី​សេចក្ដី​សន្យា​ទី២​ដែល​អេសាយ​បាន​កត់​ទុក ដែល​ថា​៖ ​«​កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង​»។ តើ​ពាក្យ​«​ស្រយុត​ចិត្ត​»​មាន​ន័យ​យ៉ាង​ណា? ក្នុង​ខ​គម្ពីរ​នេះ​ពាក្យ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ស្រយុត​ចិត្ត​»​ ជា​ភាសា​ដើម​អាច​មាន​ន័យ​ថា​«​ការ​ងាក​មើល​ក្រោយ​ដោយ​សារ​ខ្លាច​អ្នក​ណា​ម្នាក់​ឬ​អ្វី​មួយ​ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​គ្រោះ​ថ្នាក់​»​ ឬ​«​ការ​ងាក​មើល​ឆ្វេង​ស្ដាំ​ពេល​ដែល​យើង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​គ្រោះ​ថ្នាក់​»។

ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ជន​ជាតិ​យូដា​ដែល​នឹង​ទៅ​ជា​ឈ្លើយ​នៅ​បាប៊ីឡូន​«​កុំ​ឲ្យ​ស្រយុត​ចិត្ត​»​? ពី​ព្រោះ​លោក​បាន​ដឹង​ថា​អ្នក​ដែល​រស់​នៅ​ទី​នោះ​នឹង​ភ័យ​ខ្លាច។ តើ​អ្វី​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច? ពេល​ដែល​ទី​បញ្ចប់​នៃ​៧០​ឆ្នាំ​ដែល​ជន​ជាតិ​យូដា​ត្រូវ​ធ្វើ​ជា​និរទេស​ជន​នៅ​ស្រុក​បាប៊ីឡូន​ជិត​ដល់ បាប៊ីឡូន​នឹង​ត្រូវ​វាយ​ប្រហារ​ដោយ​កង​ទ័ព​ដ៏​ខ្លាំង​ក្លា​របស់​មេឌី​ពើស៊ី។ ព្រះ​យេហូវ៉ា​ប្រើ​កង​ទ័ព​នេះ​ដើម្បី​រំដោះ​រាស្ត្រ​របស់​លោក​ពី​ការ​ធ្វើ​ជា​ឈ្លើយ​នៅ​បាប៊ីឡូន។ (​អេ. ៤១:២​-​៤​) ពេល​ពួក​បាប៊ីឡូន​និង​ប្រជា​ជាតិ​ឯ​ទៀត​ដែល​រស់​នៅ​សម័យ​នោះ​ដឹង​ថា​សត្រូវ​របស់​ពួក​គេ​ជិត​មក​ដល់​ហើយ ពួក​គេ​ព្យាយាម​រក្សា​ចិត្ត​ក្លាហាន​ដោយ​និយាយ​ទៅ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​៖ ​«​ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង​»។ ពួក​គេ​ក៏​បាន​ធ្វើ​រូប​ព្រះ​ថែម​ទៀត ដោយ​សង្ឃឹម​ថា​រូប​ព្រះ​ទាំង​នោះ​នឹង​ការ​ពារ​ពួក​គេ។ (​អេ. ៤១:៥​-​៧​) ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​យូដា​ដែល​ជា​និរទេស​ជន​មាន​ចិត្ត​ស្ងប់ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ឱ​អ៊ីស្រាអែល [​ខុស​ពី​អ្នក​ជិត​ខាង​របស់​ឯង ឯង​]ជា​អ្នក​បំរើ​អញ​អើយ . . . កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង​»។ (​អេ. ៤១:៨​-​១០​) សូម​កត់​សម្គាល់​ថា ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អញ​ជា​ព្រះ​នៃ​ឯង​»។ ដោយ​ប្រើ​ពាក្យ​ទាំង​នេះ ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​លោក​ថា លោក​មិន​ភ្លេច​ពួក​គេ​ទេ ក្នុង​ន័យ​ថា​លោក​នៅ​តែ​ជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​នៅ​តែ​ជា​រាស្ត្រ​របស់​លោក។ លោក​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​អញ​នឹង​បី ហើយ​នឹង​ជួយ​ឯង​ឲ្យ​រួច​ផង​»។ ពាក្យ​សម្ដី​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​និង​សម្រាល​ទុក្ខ​ទាំង​នេះ ច្បាស់​ជា​បាន​ពង្រឹង​កម្លាំង​ចិត្ត​ជន​ជាតិ​យូដា​ដែល​ជា​និរទេស​ជន។—សូម​អាន អេសាយ ៤៦:៣, ៤

៩​-​១០. ហេតុ​អ្វី​យើង​មិន​ចាំ​បាច់​ភ័យ​ខ្លាច? សូម​លើក​ឧទាហរណ៍​មួយ។

សព្វ​ថ្ងៃ​នេះ​ជាង​ពេល​មុន​ៗ​ទៅ​ទៀត មនុស្ស​នៅ​ជុំ​វិញ​យើង​ខ្វល់​ខ្វាយ​អំពី​ស្ថានភាព​នៅ​ក្នុង​ពិភព​លោក​ដែល​កាន់​តែ​អាក្រក់​ទៅ​ៗ។ ពិត​មែន​ថា យើង​ក៏​រង​ឥទ្ធិពល​ពី​បញ្ហា​ទាំង​នោះ​ដែរ ប៉ុន្តែ​យើង​មិន​ចាំ​បាច់​ភ័យ​ខ្លាច​ទេ ដោយ​សារ​ព្រះ​យេហូវ៉ា​ប្រាប់​យើង​ថា​៖ ​«​អញ​ជា​ព្រះ​នៃ​ឯង​»។ ហេតុ​អ្វី​ពាក្យ​ទាំង​នេះ​ផ្ដល់​មូលហេតុ​ឲ្យ​យើង​រក្សា​ចិត្ត​ស្ងប់?

១០ សូម​ពិចារណា​អំពី​ឧទាហរណ៍​មួយ។ មាន​អ្នក​ដំណើរ​ពីរ​នាក់ គឺ​បង​មឿន​និង​បង​រ៉ា។ ពួក​គាត់​កំពុង​ជិះ​យន្ត​ហោះ ហើយ​យន្ត​ហោះ​នោះ​ឃ្លេង​ឃ្លោង​ដោយ​សារ​មាន​ខ្យល់​បក់​យ៉ាង​ខ្លាំង។ កាល​ដែល​យន្ត​ហោះ​ផ្អៀង​ចុះ​ផ្អៀង​ឡើង អ្នក​បើក​យន្ត​ហោះ​ប្រកាស​ថា​៖ ​«​សូម​អ្នកដំណើរ​ទាំង​អស់​បន្ត​ពាក់​ខ្សែ​ក្រ​វ៉ាត់​សុវត្ថិភាព។ យើង​នឹង​ហោះ​កាត់​កន្លែង​ដែល​មាន​ខ្យល់​ខ្លាំង​បែប​នេះ​អស់​មួយ​រយៈ​ពេល​»។ បង​មឿន​ភ័យ​ខ្លាំង​ណាស់។ ប៉ុន្តែ​ក្រោយ​មក​អ្នក​បើក​យន្ត​ហោះ​បន្ថែម​ថា​៖ ​«​សូម​កុំ​ភ័យ​ខ្លាច​ឡើយ។ ខ្ញុំ​ជា​អ្នក​បើក​យន្ត​ហោះ​ដែល​មាន​ជំនាញ​»។ នៅ​ពេល​នោះ បង​មឿន​គ្រវី​ក្បាល ហើយ​និយាយ​ថា​៖ ​«​ធ្វើ​ម៉េច​កុំ​ឲ្យ​ភ័យ​ខ្លាច​ទៅ?​»។ ប៉ុន្តែ​គាត់​កត់​សម្គាល់​ថា បង​រ៉ា​មិន​ភ័យ​ខ្លាច​សោះ។ បង​មឿន​សួរ​គាត់​ថា​៖ ​«​ម៉េច​បាន​ជា​បង​មិន​ភ័យ​អ៊ីចឹង?​»។ បង​រ៉ា​ញញឹម ហើយ​និយាយ​ថា​៖ ​«​ដោយ​សារ​ខ្ញុំ​ស្គាល់​អ្នក​បើក​យន្ត​ហោះ​នេះ​ច្បាស់​ណាស់។ គាត់​ជា​ឪ​ពុក​របស់​ខ្ញុំ!​»។ រួច​មក​បង​រ៉ា​និយាយ​ថា​៖ ​«​សូម​ឲ្យ​ខ្ញុំ​ប្រាប់​បង​អំពី​ឪ​ពុក​ខ្ញុំ។ ខ្ញុំ​ជឿ​ជាក់​ថា​ពេល​បង​ស្គាល់​គាត់​និង​សមត្ថភាព​របស់​គាត់ បង​ក៏​នឹង​មាន​ចិត្ត​ស្ងប់​ដូច​ខ្ញុំ​ដែរ​»។

១១. តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​ឧទាហរណ៍​អំពី​អ្នក​ធ្វើ​ដំណើរ​ពីរ​នាក់?

១១ តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​ឧទាហរណ៍​នេះ? ដូច​បង​រ៉ា យើង​មាន​ចិត្ត​ស្ងប់​ដោយ​សារ​យើង​ស្គាល់​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​យ៉ាង​ច្បាស់។ ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ពិភព​លោក​នេះ យើង​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេង​ៗ​ដែល​ប្រៀប​ដូច​ជា​ខ្យល់​ព្យុះ។ ប៉ុន្តែ យើង​ដឹង​ថា​លោក​នឹង​ជួយ​យើង​ឲ្យ​ឆ្លង​កាត់​បញ្ហា​ទាំង​នោះ។ (​អេ. ៣៥:៤​) យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ដូច្នេះ​យើង​អាច​រក្សា​ចិត្ត​ស្ងប់ ខណៈ​ពេល​ដែល​មនុស្ស​ឯ​ទៀត​ក្នុង​ពិភព​លោក​នេះ​ភ័យ​ខ្លាច​ជា​ខ្លាំង។ (​អេ. ៣០:១៥​) យើង​ក៏​ធ្វើ​ដូច​បង​រ៉ា​ដែរ ពេល​យើង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​មូលហេតុ​ដែល​យើង​មាន​ទំនុក​ចិត្ត​លើ​ព្រះ។ យ៉ាង​នេះ ពួក​គេ​ក៏​អាច​ជឿ​ជាក់​ថា​ទោះ​ជា​ពួក​គេ​ប្រឈម​មុខ​នឹង​ការ​ពិបាក​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​នឹង​គាំ​ទ្រ​ពួក​គេ។

‹អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង​និង​ជួយ​ឯង›

១២. (​ក​) តើ​អ្វី​ជា​សេចក្ដី​សន្យា​ទី៣​ដែល​យើង​នឹង​ពិចារណា? (​ខ​) តើ​ពាក្យ​«​ព្រះ​ពាហុ​»​របស់​ព្រះ​យេហូវ៉ា​រំលឹក​យើង​អំពី​ការ​ពិត​អ្វី?

១២ សូម​ពិចារណា​អំពី​សេចក្ដី​សន្យា​ទី៣​ដែល​អេសាយ​បាន​កត់​ទុក ដែល​ថា​៖ ​«​អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង​»។ អេសាយ​បាន​រៀប​រាប់​រួច​ហើយ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​នឹង​ចម្រើន​កម្លាំង​ឬ​ពង្រឹង​កម្លាំង​ឲ្យ​រាស្ត្រ​របស់​លោក ដោយ​សរសេរ​ថា​៖ ​«​ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​យាង​មក ដោយ​មាន​ព្រះ​ចេស្ដា ហើយ​ព្រះ​ពាហុ​នៃ​ទ្រង់​នឹង​កាន់​កាប់​ត្រួត​ត្រា​ឲ្យ​ទ្រង់​»។ (​អេ. ៤០:១០, យើង​កែ​ជា​អក្សរ​ទ្រេត​) ក្នុង​គម្ពីរ ពាក្យ​«​ព្រះ​ពាហុ​»​ឬ​ដៃ ច្រើន​តែ​ជា​តំណាង​ឫទ្ធា​នុភាព​ដ៏​ខ្លាំង​ក្លា។ ដូច្នេះ ពាក្យ​ដែល​ថា​«​ព្រះ​ពាហុនៃ[​ព្រះ​យេហូវ៉ា​]នឹង​កាន់​កាប់​ត្រួត​ត្រា​»​ រំលឹក​យើង​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​ស្តេច​ដែល​មាន​ឫទ្ធា​នុភាព​ដ៏​ខ្លាំង​ក្លា។ លោក​បាន​ប្រើ​ឫទ្ធា​នុភាព​ដ៏​ខ្លាំង​ក្លា​របស់​លោក​ដែល​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន ដើម្បី​ផ្គត់​ផ្គង់​និង​ការ​ពារ​អ្នក​បម្រើ​របស់​លោក​នៅ​អតីតកាល។ នៅ​សព្វ​ថ្ងៃ​នេះ លោក​ក៏​បន្ត​ពង្រឹង​កម្លាំង​និង​ការ​ពារ​អស់​អ្នក​ដែល​ទុក​ចិត្ត​លោក។—ចោ. ១:៣០, ៣១; អេ. ៤៣:១០

គ្មាន​អាវុធ​ណា​អាច​យក​ឈ្នះ​ដៃ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា​ដែល​ការ​ពារ​យើង​បាន​ឡើយ (​សូម​មើល​វគ្គ​១២​-​១៦​) *

១៣. (​ក​) តើ​ព្រះ​យេហូវ៉ា​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក​ដែល​ថា​លោក​នឹង​ចម្រើន​កម្លាំង​យើង​នៅ​ពេល​ណា​ជា​ពិសេស? (​ខ​) តើ​សេចក្ដី​សន្យា​អ្វី​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​និង​ទំនុក​ចិត្ត?

១៣ ព្រះ​យេហូវ៉ា​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក ជា​ពិសេស​ពេល​សត្រូវ​បៀត​បៀន​យើង។ លោក​សន្យា​ថា​៖ ​«​អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង​»។ សព្វ​ថ្ងៃ​នេះ​នៅ​ប្រទេស​ខ្លះ សត្រូវ​របស់​យើង​ខំ​ព្យាយាម​បញ្ឈប់​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង ឬ​ដាក់​បម្រាម​លើ​កិច្ច​ការ​របស់​អង្គ​ការ​យើង។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​មិន​បារម្ភ​ខ្លាំង​ពេក​ចំពោះ​ការ​វាយ​ប្រហារ​បែប​នេះ​ទេ។ ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​យើង​ថា​៖ ​«​គ្រឿង​សស្ដ្រាវុធ​ណា​ដែល​គេ​ធ្វើ​ឡើង នោះ​គ្មាន​ណា​មួយ​នឹង​អាច​ទាស់​នឹង​ឯង​បាន​ឡើយ​»។ (​អេ. ៥៤:១៧​) សេចក្ដី​សន្យា​នេះ​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​និង​ទំនុក​ចិត្ត។ ពាក្យ​ទាំង​នេះ​ក៏​រំលឹក​យើង​អំពី​ចំណុច​ដ៏​សំខាន់​បី។

១៤. ហេតុ​អ្វី​យើង​មិន​ភ្ញាក់​ផ្អើល​ពេល​សត្រូវ​របស់​ព្រះ​វាយ​ប្រហារ​មក​លើ​យើង?

១៤ ចំណុច​សំខាន់​ទី១ គឺ​ថា​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត យើង​ដឹង​ថា​យើង​នឹង​ត្រូវ​គេ​ស្អប់។ (​ម៉ាថ. ១០:២២​) លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន​ថា អ្នក​កាន់​តាម​លោក​នឹង​រង​ការ​បៀត​បៀន​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់។ (​ម៉ាថ. ២៤:៩; យ៉ូន. ១៥:២០​) ចំណុច​សំខាន់​ទី២ ទំនាយ​នៅ​អេសាយ​បាន​ព្រមាន​យើង​ទុក​ជា​មុន​ថា សត្រូវ​របស់​យើង​នឹង​មិន​គ្រាន់​តែ​ស្អប់​យើង​ប៉ុណ្ណោះ​ទេ ពួក​គេ​ក៏​នឹង​ប្រើ​អាវុធ​ផ្សេង​ៗ​ដើម្បី​ប្រឆាំង​យើង​ដែរ។ អាវុធ​ទាំង​នោះ រួម​មាន​ការ​បោក​បញ្ឆោត ការ​កុហក​អំពី​យើង ឬ​ការ​បៀត​បៀន​យ៉ាង​ព្រៃ​ផ្សៃ។ (​ម៉ាថ. ៥:១១​) ព្រះ​យេហូវ៉ា​នឹង​មិន​បញ្ឈប់​សត្រូវ​របស់​យើង​ពី​ការ​ប្រើ​អាវុធ​ទាំង​នេះ​ដើម្បី​វាយ​ប្រហារ​យើង​ទេ។ (​អេភ. ៦:១២; បប. ១២:១៧​) ប៉ុន្តែ យើង​មិន​ចាំ​បាច់​ភ័យ​ខ្លាច​ឡើយ។ ហេតុ​អ្វី?

១៥​-​១៦. (​ក​) តើ​អ្វី​គឺ​ជា​ចំណុច​សំខាន់​ទី៣​ដែល​យើង​ត្រូវ​ចង​ចាំ ហើយ​តើ​អេសាយ ២៥:៤, ៥​គាំ​ទ្រ​ចំណុច​នេះ​យ៉ាង​ណា? (​ខ​) តើ​អេសាយ ៤១:១១, ១២​រៀប​រាប់​យ៉ាង​ណា​អំពី​លទ្ធផល​របស់​ពួក​អ្នក​ដែល​ប្រឆាំង​នឹង​យើង?

១៥ សូម​ពិចារណា​អំពី​ចំណុច​សំខាន់​ទី៣​ដែល​យើង​ត្រូវ​ចង​ចាំ។ ព្រះយេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​គ្មាន‹គ្រឿង​សស្ដ្រាវុធ​ណា​មួយ›ដែល​សត្រូវ​របស់​យើង​ប្រើ ‹អាច​ទាស់​នឹង​យើង​បាន​ឡើយ›។ ដូច​កំពែង​ការ​ពារ​យើង​ពី​ព្យុះ​សង្ឃរា នោះ​ព្រះ​យេហូវ៉ា​ការ​ពារ​យើង​ពី​«​ខ្យល់​គំហុក​របស់​ពួក​គួរ​ស្ញែង​ខ្លាច​»។ (​សូម​អាន អេសាយ ២៥:៤, ៥) សត្រូវ​របស់​យើង​នឹង​មិន​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ​រហូត​ឡើយ។—អេ. ៦៥:១៧

១៦ ព្រះ​យេហូវ៉ា​ក៏​ពង្រឹង​ទំនុក​ចិត្ត​ដែល​យើង​មាន​ទៅ​លើ​លោក ដោយ​ផ្ដល់​ព័ត៌មាន​ថែម​ទៀត​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ពួក​អ្នក​ដែល​«​ខឹង​ក្ដៅ​ក្រហាយ​នឹង​»​យើង។ (​សូម​អាន អេសាយ ៤១:១១, ១២) ទោះ​ជា​សត្រូវ​របស់​យើង​ធ្វើ​សង្គ្រាម​ឬ​ប្រឆាំង​យើង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ លទ្ធផល​សម្រាប់​ពួក​គេ​គឺ​ដូច​គ្នា ពោល​គឺ​សត្រូវ​ទាំង​អស់​របស់​រាស្ត្រ​ព្រះ​«​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ​»។

របៀប​ដែល​យើង​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង ទៅ​លើ​ព្រះ​យេហូវ៉ា

យើង​អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា តាម​រយៈ​ការ​អាន​អំពី​លោក​ជា​ទៀង​ទាត់​នៅ​ក្នុង​គម្ពីរ (​សូម​មើល​វគ្គ​១៧​-​១៨​) *

១៧​-​១៨. (​ក​) តើ​ការ​អាន​គម្ពីរ​អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍​មួយ។ (​ខ​) តើ​ការ​រំពឹង​គិត​អំពី​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​ដែល​បាន​ត្រូវ​ជ្រើស​រើស​សម្រាប់​ឆ្នាំ​២០១៩​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

១៧ យើង​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា​ដោយ​ស្គាល់​លោក​ឲ្យ​ច្បាស់​ជាង។ របៀប​តែ​មួយ​គត់​ដែល​យើង​អាច​ស្គាល់​ព្រះ​ច្បាស់ គឺ​ដោយ​អាន​គម្ពីរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​បន្ទាប់​មក​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​បាន​អាន។ គម្ពីរ​មាន​កំណត់​ត្រា​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ស្តី​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ការ​ពារ​រាស្ត្រ​របស់​លោក​នៅ​អតីតកាល។ កំណត់​ត្រា​នោះ​ជួយ​យើង​ឲ្យ​ជឿ​ជាក់​ថា​លោក​នឹង​ថែ​រក្សា​យើង​នៅ​សព្វ​ថ្ងៃ​នេះ។

១៨ សូម​ពិចារណា​អំពី​ឧទាហរណ៍​មួយ​ដែល​អេសាយ​បាន​ប្រើ ដើម្បី​លើក​បញ្ជាក់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ការ​ពារ​យើង។ ក្នុង​ឧទាហរណ៍​នោះ គង្វាល​សំដៅ​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​កូន​ចៀម​សំដៅ​ទៅ​លើ​អ្នក​បម្រើ​របស់​ព្រះ។ អេសាយ​និយាយ​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​ទ្រង់​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ​ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ​ឧរា​»។ (​អេ. ៤០:១១​) ពេល​យើង​នៅ​ក្នុង​រង្វង់​ដៃ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា នោះ​យើង​មាន​អារម្មណ៍​ថា​យើង​បាន​ត្រូវ​ការ​ពារ​និង​មាន​ចិត្ត​ស្ងប់។ ដើម្បី​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​ស្ងប់​ទោះ​ជា​យើង​ប្រឈម​មុខ​នឹង​បញ្ហា​ណា​ក៏​ដោយ ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​បាន​ជ្រើស​រើស​អេសាយ ៤១:១០​ជា​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ​២០១៩។ បទ​គម្ពីរ​នោះ​ចែង​ថា​៖ ‹កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​ខ្ញុំ​ជា​ព្រះ​នៃ​អ្នក›។ ចូរ​រំពឹង​គិត​អំពី​ពាក្យ​ទាំង​នោះ​ដែល​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង។ ពាក្យ​ទាំង​នោះ​នឹង​ពង្រឹង​កម្លាំង​ចិត្ត​របស់​អ្នក កាល​ដែល​អ្នក​ប្រឈម​មុខ​នឹង​ការ​ពិបាក​នៅ​ថ្ងៃ​ខាង​មុខ។

ចម្រៀង​លេខ​៣៨ លោក​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា

^ វគ្គ 5 បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​ដែល​បាន​ត្រូវ​ជ្រើស​រើស​សម្រាប់​ឆ្នាំ​២០១៩ ផ្ដល់​ឲ្យ​យើង​នូវ​មូលហេតុ​បី​ដែល​យើង​អាច​រក្សា​ចិត្ត​ស្ងប់ ទោះ​ជា​មាន​អ្វី​អាក្រក់​កើត​ឡើង​ក្នុង​ពិភព​លោក​ឬ​ក្នុង​ជីវិត​របស់​យើង​ក្ដី។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ទាំង​នេះ។ ម្យ៉ាង​ទៀត អត្ថបទ​នេះ​នឹង​ជួយ​យើង​មិន​ឲ្យ​បារម្ភ​ខ្លាំង​ពេក ហើយ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង។ សូម​រំពឹង​គិត​អំពី​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​នេះ។ បើ​អាច​ធ្វើ​បាន សូម​ព្យាយាម​ចាំ​បទ​គម្ពីរ​នេះ។ នេះ​នឹង​ពង្រឹង​កម្លាំង​របស់​អ្នក​ដើម្បី​អ្នក​អាច​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​នឹង​មាន​នៅ​ថ្ងៃ​ខាង​មុខ។

^ វគ្គ 3 ការ​ពន្យល់​ពាក្យ: សេចក្ដី​សន្យា​គឺ​ជា​ពាក្យ​ពិត​ដែល​ថា​អ្វី​មួយ​នឹង​កើត​ឡើង​ជាក់​ជា​មិន​ខាន។ សេចក្ដី​សន្យា​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​អាច​ជួយ​យើង​មិន​ឲ្យ​បារម្ភ​ខ្លាំង​ពេក​អំពី​បញ្ហា​ដែល​ប្រហែល​ជា​នឹង​កើត​ឡើង​ក្នុង​ជីវិត​របស់​យើង។

^ វគ្គ 4 ពាក្យ​«​កុំ​ឲ្យ . . . ខ្លាច​ឡើយ​»​បាន​ត្រូវ​រៀប​រាប់​អស់​បី​ដង​នៅ​អេសាយ ៤១:១០, ១៣ និង១៤។ ពាក្យ​«​អញ​»​(​ដែល​សំដៅ​ទៅ​លើ​ព្រះ​យេហូវ៉ា​)មាន​ច្រើន​ដង​ក្នុង​ខ​ទាំង​នោះ។ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​ឲ្យ​អេសាយ​ប្រើ​ពាក្យ​«​អញ​»​ជា​ច្រើន​ដង? គឺ​ដើម្បី​លើក​បញ្ជាក់​អំពី​ការ​ពិត​ដ៏​សំខាន់​មួយ ដែល​ថា​មាន​តែ​ការ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ ដែល​អាច​ជួយ​យើង​មិន​ឲ្យ​ភ័យ​ខ្លាច​ហួស​ហេតុ​ពេក។

^ វគ្គ 52 ការ​ពណ៌នា​អំពី​រូប​ភាព: ក្នុង​ក្រុម​គ្រួសារ​មួយ​មាន​សមាជិក​ដែល​មាន​បញ្ហា​នៅ​កន្លែង​ធ្វើ​ការ និង​បញ្ហា​សុខភាព ហើយ​ជួប​ការ​ពិបាក​ក្នុង​កិច្ច​បម្រើ​ផ្សាយ និង​នៅ​សាលា​រៀន។

^ វគ្គ 54 ការ​ពណ៌នា​អំពី​រូប​ភាព: កិច្ច​ប្រជុំ​មួយ​របស់​សាក្សី​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឡើង​នៅ​ផ្ទះ​របស់​បង​ប្អូន ហើយ​បាន​ត្រូវ​ប៉ូលិស​សម្រុក​ចូល​មក ប៉ុន្តែ​បង​ប្អូន​មិន​បាន​ស្លន់ស្លោ​ទេ។

^ វគ្គ 56 ការ​ពណ៌នា​អំពី​រូប​ភាព: ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​ទៀង​ទាត់​ពង្រឹង​កម្លាំង​ចិត្ត​យើង​ឲ្យ​ស៊ូ​ទ្រាំ។