លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣

តើ​អ្នក​អាច​ការ​ពារ​ចិត្ត​របស់​អ្នក​យ៉ាង​ដូច​ម្ដេច?

តើ​អ្នក​អាច​ការ​ពារ​ចិត្ត​របស់​អ្នក​យ៉ាង​ដូច​ម្ដេច?

​«​ចូរ​រក្សា​ចិត្ត​ដោយ​អស់​ពី​ព្យាយាម​»។—សុភ. ៤:២៣

ចម្រៀង​លេខ​៣៦ យើង​ការ​ពារ​ចិត្ត

សេចក្ដី​សង្ខេប *

១​-​៣. (​ក​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ស្រឡាញ់​សាឡូម៉ូន ហើយ​តើ​សាឡូម៉ូន​បាន​ទទួល​ពរ​អ្វី? (​ខ​) តើ​យើង​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

សាឡូម៉ូន​បាន​ទៅ​ជា​ស្តេច​នៃ​ស្រុក​អ៊ីស្រាអែល​ពេល​គាត់​នៅ​ក្មេង​នៅ​ឡើយ។ នៅ​ដើម​ដំបូង​នៃ​ការ​គ្រប់​គ្រង​របស់​គាត់ ព្រះ​យេហូវ៉ា​បាន​លេច​មក​ឯ​គាត់​នៅ​ក្នុង​សុបិន ហើយ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​សូម​អ្វី​ដែល​ចង់​ឲ្យ​អញ​ប្រទាន​ដល់​ឯង​ចុះ​»។ សាឡូម៉ូន​ឆ្លើយ​ថា​៖ ​«​ទូល​បង្គំ​ដូច​ជា​ក្មេង​តូច ឥត​ដឹង​ជា​ត្រូវ​ចេញ​ចូល​យ៉ាង​ណា​ឡើយ . . . សូម​ទ្រង់​ប្រទាន​ឲ្យ​ទូល​បង្គំ​ជា​បាវ​បំរើ​ទ្រង់ មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា[​ឬ​«​ចិត្ត​ដែល​ចេះ​ស្ដាប់​បង្គាប់​»​]ដើម្បី​នឹង​គ្រប់​គ្រង​លើ​រាស្ត្រ​ទ្រង់​»។ (​១ព. ៣:៥​-​១០; ព.ថ.​) ការ​ស្នើ​សុំ​«​ចិត្ត​ដែល​ចេះ​ស្ដាប់​បង្គាប់​»​ ពិត​ជា​អ្វី​ដែល​បង្ហាញ​ថា​គាត់​មាន​ចិត្ត​សុភាព! ដូច្នេះ យើង​អាច​យល់​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់​សាឡូម៉ូន! (​២សាំ. ១២:២៤​) ព្រះ​របស់​យើង​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​ចម្លើយ​របស់​ស្តេច​វ័យ​ក្មេង​នោះ ហេតុ​នេះ​ហើយ​លោក​បាន​ឲ្យ​«​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា នឹង​យោបល់​»​ដល់​សាឡូម៉ូន។—១ព. ៣:១២

កាល​ដែល​សាឡូម៉ូន​នៅ​ស្មោះ​ត្រង់ គាត់​បាន​ទទួល​ពរ​ជា​ច្រើន។ គាត់​មាន​ឯកសិទ្ធិ​សង់​វិហារ​«​ថ្វាយ​ព្រះ​នាម​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​»។ (​១ព. ៨:២០​) គាត់​បាន​ទៅ​ជា​មនុស្ស​ល្បី​ឈ្មោះ​ដោយ​សារ​គាត់​បាន​ទទួល​ប្រាជ្ញា​ពី​ព្រះ។ ម្យ៉ាង​ទៀត ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ពាក្យ​សម្ដី​របស់​គាត់​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​បី​ក្បាល​នៃ​គម្ពីរ។ សៀវភៅ​មួយ​ក្នុង​ចំណោម​សៀវភៅ​ទាំង​នេះ គឺ​សៀវភៅ​សុភាសិត។

ក្នុង​សៀវភៅ​សុភាសិត​មាន​ពាក្យ​«​ចិត្ត​»​ជាង​១៥០​ដង។ ជា​ឧទាហរណ៍ នៅ​សុភាសិត ៤:២៣​ចែង​ថា​៖ ​«​ចូរ​រក្សា​ចិត្ត​ដោយ​អស់​ពី​ព្យាយាម​»។ ក្នុង​ខ​នេះ តើ​ពាក្យ​«​ចិត្ត​»​សំដៅ​ទៅ​លើ​អ្វី? យើង​នឹង​ឆ្លើយ​សំណួរ​នេះ​ក្នុង​អត្ថបទ​នេះ។ យើង​ក៏​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ពីរ​ទៀត​គឺ​៖ តើ​សាថាន​ព្យាយាម​បង្ខូច​ចិត្ត​គំនិត​របស់​យើង​តាម​របៀប​ណា? តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ការ​ពារ​ចិត្ត​របស់​យើង? ដើម្បី​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ យើង​ត្រូវ​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ដ៏​សំខាន់​ទាំង​នេះ។

តើ​ពាក្យ​«​ចិត្ត​»​សំដៅ​ទៅ​លើ​អ្វី?

៤​-​៥. (​ក​) តើ​ពាក្យ​«​ចិត្ត​»​សំដៅ​ទៅ​លើ​អ្វី? (​ខ​) តើ​ការ​ប្រៀប​ប្រដូច​«​ចិត្ត​»​របស់​យើង​ទៅ​នឹង​សុខភាព​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ឲ្យ​យល់​ថា​«​ចិត្ត​»​របស់​យើង​គឺ​សំខាន់?

នៅ​សុភាសិត ៤:២៣​ពាក្យ​«​ចិត្ត​»​សំដៅ​ទៅ​លើ​គំនិត បំណង​ចិត្ត អារម្មណ៍ និង​បំណង​ប្រាថ្នា​របស់​យើង។ នោះ​គឺ​ធាតុ​ពិត​របស់​យើង មិន​គ្រាន់​តែ​ជា​អ្វី​ដែល​អ្នក​ឯ​ទៀត​អាច​មើល​ឃើញ​ប៉ុណ្ណោះ​ទេ។

ដើម្បី​យល់​ថា​«​ចិត្ត​»​របស់​យើង​គឺ​សំខាន់​យ៉ាង​ណា យើង​អាច​ប្រៀប​ប្រដូច​ចិត្ត​របស់​យើង​ទៅ​នឹង​សុខភាព​របស់​យើង។ ទី១ ដើម្បី​ថែ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ គឺ​សំខាន់​ឲ្យ​យើង​ជ្រើស​រើស​ម្ហូប​អាហារ​ដែល​មាន​ជីវជាតិ ហើយ​យើង​ត្រូវ​ហាត់​ប្រាណ​ជា​ទៀង​ទាត់។ ស្រដៀង​គ្នា​ដែរ ដើម្បី​រក្សា​ចិត្ត​របស់​យើង យើង​ត្រូវ​អាន​គម្ពីរ​ជា​ទៀង​ទាត់ រួម​ទាំង​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ហើយ​បង្ហាញ​ជំនឿ​លើ​ព្រះ​យេហូវ៉ា។ ការ​បង្ហាញ​ជំនឿ​លើ​ព្រះ រួម​បញ្ចូល​ការ​ធ្វើ​តាម​អ្វី​ដែល​យើង​រៀន ហើយ​ការ​ប្រាប់​មនុស្ស​ឯ​ទៀត​អំពី​ជំនឿ​របស់​យើង។ (​រ៉ូម ១០:៨​-​១០; យ៉ា. ២:២៦​) ទី២ បើ​មើល​តាម​សម្បក​ក្រៅ​របស់​យើង យើង​ប្រហែល​ជា​គិត​ថា​យើង​មាន​សុខភាព​ល្អ ទោះ​ជា​តាម​ការ​ពិត​យើង​មាន​ជំងឺ​នៅ​ក្នុង​ខ្លួន​ក៏​ដោយ។ ស្រដៀង​គ្នា​ដែរ យើង​ប្រហែល​ជា​គិត​ថា​ជំនឿ​របស់​យើង​គឺ​រឹង​មាំ ដោយ​សារ​មើល​ទៅ​យើង​មាន​ទម្លាប់​ល្អ​ក្នុង​កិច្ច​បម្រើ ប៉ុន្តែ​តាម​ពិត​ប្រហែល​ជា​បំណង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​កំពុង​ដុះ​ឡើង​ក្នុង​ចិត្ត​របស់​យើង។ (​១កូ. ១០:១២; យ៉ា. ១:១៤, ១៥​) យើង​ត្រូវ​ចាំ​ថា សាថាន​ចង់​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​គំនិត​ដូច​វា។ តើ​វា​ព្យាយាម​ធ្វើ​ដូច្នេះ​តាម​របៀប​ណា? តើ​យើង​អាច​ការ​ពារ​ខ្លួន​យ៉ាង​ដូច​ម្ដេច?

របៀប​ដែល​សាថាន​ព្យាយាម បង្ខូច​ចិត្ត​គំនិត​របស់​យើង

៦. តើ​សាថាន​មាន​គោល​ដៅ​អ្វី ហើយ​តើ​វា​ព្យាយាម​សម្រេច​គោល​ដៅ​នោះ​តាម​របៀប​ណា?

សាថាន​ចង់​ឲ្យ​យើង​ដូច​វា ពោល​គឺ​ទៅ​ជា​អ្នក​បះ​បោរ​ដែល​មិន​អើពើ​នឹង​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​និង​ធ្វើ​អ្វី​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ សាថាន​មិន​អាច​បង្ខំ​យើង​ឲ្យ​គិត​និង​ប្រព្រឹត្ត​ដូច​វា​ទេ។ ដូច្នេះ វា​ព្យាយាម​សម្រេច​គោល​ដៅ​របស់​វា​តាម​របៀប​ផ្សេង​ៗ។ ជា​ឧទាហរណ៍ របៀប​មួយ​គឺ​វា​ប្រើ​មនុស្ស​ជា​ច្រើន​ដែល​វា​បាន​បង្ខូច​ចិត្ត​គំនិត​រួច​ហើយ ឲ្យ​មាន​ឥទ្ធិពល​លើ​យើង។ (​១យ៉ូន. ៥:១៩​) វា​សង្ឃឹម​ថា​យើង​នឹង​ចំណាយ​ពេល​ជា​មួយ​នឹង​ពួក​គេ ទោះ​ជា​យើង​ដឹង​ថា​ការ​សេពគប់​អាក្រក់​នឹង​«​បង្ខូច​»​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ត​របស់​យើង​ក្ដី។ (​១កូ. ១៥:៣៣​) វិធី​នោះ​មាន​ជោគ​ជ័យ​លើ​ស្តេច​សាឡូម៉ូន។ គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ជា​ច្រើន​ដែល​គោរព​បូជា​ព្រះ​មិន​ពិត ហើយ​នៅ​ទី​បំផុត​ស្ត្រី​ទាំង​នោះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មកលើ​គាត់ រួច​បាន​«​បង្វែរ​ព្រះ​ទ័យ​ទ្រង់​ចេញ​»​ពី​ព្រះ​យេហូវ៉ា។—១ព. ១១:៣

តើ​អ្នក​អាច​ការ​ពារ​ចិត្ត​របស់​អ្នក​យ៉ាង​ដូច​ម្ដេច​ដើម្បី​កុំ​ឲ្យ​សាថាន​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​គំនិត​ដូច​វា? (​សូម​មើល​វគ្គ​៧​) *

៧. តើ​សាថាន​ប្រើ​អ្វី​ទៀត​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​របៀប​គិត​គូរ​របស់​វា ហើយ​ហេតុ​អ្វី​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្វី​បែប​នោះ?

សាថាន​ប្រើ​ភាពយន្ត​និង​កម្ម​វិធី​ទូរទស្សន៍​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​របៀប​គិត​គូរ​របស់​វា។ វា​ដឹង​ថា​រឿង​ដែល​យើង​មើល​មិន​គ្រាន់​តែ​ជា​ការ​កម្សាន្ត​ប៉ុណ្ណោះ​ទេ តែ​នោះ​អាច​មាន​ឥទ្ធិពល​លើ​ការ​ប្រព្រឹត្ត របៀប​គិត​គូរ និង​អារម្មណ៍​របស់​យើង។ លោក​យេស៊ូ​បាន​ប្រើ​រឿង​ខ្លី​យ៉ាង​ប៉ិន​ប្រសប់​ក្នុង​សេចក្ដី​បង្រៀន​របស់​លោក។ ជា​ឧទាហរណ៍ សូម​គិត​អំពី​រឿង​ខ្លី​ដែល​លោក​យេស៊ូ​បាន​លើក​ឡើង​ស្តី​អំពី​ជន​ជាតិ​សាម៉ារី​ដែល​ជា​អ្នក​ជិត​ខាង​ល្អ​និង​កូន​ប្រុស​ដែល​ចាក​ចេញ​ពី​ផ្ទះ ហើយ​បង្ហិន​ទ្រព្យ​សម្បត្ដិ​របស់​គាត់។ (​ម៉ាថ. ១៣:៣៤; លូក. ១០:២៩​-​៣៧; ១៥:១១​-​៣២​) តែ​ពួក​អ្នក​ដែល​បាន​ត្រូវ​បង្ខូច​ដោយ​ចិត្ត​គំនិត​របស់​សាថាន​អាច​ប្រើ​រឿង​ដែល​យើង​មើល​ដើម្បី​បង្ខូច​ចិត្ត​គំនិត​របស់​យើង។ ដូច្នេះ យើង​ត្រូវ​មាន​តុល្យភាព។ ពិត​មែន​ថា ភាពយន្ត​និង​កម្ម​វិធី​ទូរទស្សន៍​អាច​ជា​ការ​កម្សាន្ត​និង​ជួយ​យើង​រៀន​អ្វី​មួយ​ដោយ​មិន​បង្ខូច​ចិត្ត​គំនិត​របស់​យើង ប៉ុន្តែ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន។ ពេល​យើង​ជ្រើស​រើស​ការ​កម្សាន្ត គឺ​ជា​ការ​ល្អ​ឲ្យ​យើង​សួរ​ខ្លួន​ឯង​ថា ‹តើ​ភាពយន្ត​ឬ​កម្ម​វិធី​ទូរទស្សន៍​នេះ​បង្រៀន​ខ្ញុំ​ថា គឺ​មិន​អី​ទេ​បើ​ខ្ញុំ​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​របស់​ខ្ញុំ?›។ (​កាឡ. ៥:១៩​-​២១; អេភ. ២:១​-​៣​) តើ​អ្នក​គួរ​ធ្វើ​អ្វី​បើ​អ្នក​ឃើញ​ថា​ភាពយន្ត​ឬ​កម្ម​វិធី​ទូរទស្សន៍​ណា​មួយ​កំពុង​ផ្សាយ​អំពី​ចិត្ត​គំនិត​របស់​សាថាន? សូម​ជៀស​វាង​ពី​អ្វី​បែប​នោះ​ដូច​ដែល​អ្នក​ចង់​ជៀស​វាង​ពី​ជំងឺ​ឆ្លង!

៨. តើ​ឪ​ពុក​ម្ដាយ​អាច​ជួយ​កូន​ៗ​របស់​ពួក​គេ​ឲ្យ​ការ​ពារ​ចិត្ត​យ៉ាង​ដូច​ម្ដេច?

ឪ​ពុក​ម្ដាយ​ទាំង​ឡាយ អ្នក​មាន​ភារកិច្ច​ពិសេស​ដើម្បី​ការ​ពារ​កូន​ៗ​របស់​អ្នក​ពី​ការ​ខំ​ប្រឹង​របស់​សាថាន​ក្នុង​ការ​បង្ខូច​ចិត្ត​គំនិត​របស់​ពួក​គេ។ ជា​ឧទាហរណ៍ អ្នក​ច្បាស់​ជា​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ការ​ពារ​កូន​ៗ​របស់​អ្នក​ពី​ជំងឺ​ផ្សេង​ៗ។ យ៉ាង​នេះ អ្នក​បោស​សម្អាត​ផ្ទះ​ឲ្យ​បាន​ស្អាត ហើយ​អ្នក​បោះ​ចោល​អ្វី​ណា​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ឬ​កូន​ៗ​របស់​អ្នក​ឈឺ។ ស្រដៀង​គ្នា​ដែរ អ្នក​ត្រូវ​ការ​ពារ​កូន​ៗ​របស់​អ្នក​ពី​ការ​មើល​ភាពយន្ត កម្ម​វិធី​ទូរទស្សន៍ ហ្គេម និង​គេហទំព័រ​ដែល​អាច​បង្ខូច​ចិត្ត​គំនិត​របស់​ពួក​គេ។ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ភារកិច្ច​ឲ្យ​អ្នក​ដើម្បី​ជួយ​កូន​ៗ​របស់​អ្នក​ឲ្យ​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​លោក។ (​សុភ. ១:៨; អេភ. ៦:១,​) ដូច្នេះ សូម​កុំ​ខ្លាច​ដាក់​ច្បាប់​ដែល​មាន​មូលដ្ឋានលើ​ខ្នាត​តម្រា​ពី​គម្ពីរ​សម្រាប់​ក្រុម​គ្រួសារ។ សូម​ប្រាប់​កូន​ៗ​របស់​អ្នក​អំពី​អ្វី​ដែល​ពួក​គេ​អាច​និង​មិន​អាច​មើល ហើយ​ជួយ​ពួក​គេ​ឲ្យ​យល់​អំពី​មូលហេតុ​សម្រាប់​ការ​សម្រេច​ចិត្ត​របស់​អ្នក។ (​ម៉ាថ. ៥:៣៧​) កាល​ដែល​កូន​ៗ​របស់​អ្នក​កាន់​តែ​ធំ​ឡើង សូម​បង្ហាត់​បង្រៀន​ពួក​គេ​ឲ្យ​មាន​សមត្ថភាព​យល់​ដឹង​ចំពោះ​អ្វី​ដែល​ត្រូវ​និង​អ្វី​ដែល​ខុស​សម​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ (​ហេ. ៥:១៤​) ម្យ៉ាង​ទៀត សូម​ចាំ​ថា​កូន​ៗ​របស់​អ្នក​នឹង​រៀន​ច្រើន​ពី​អ្វី​ដែល​អ្នក​និយាយ ហើយ​ពួក​គេ​រៀន​កាន់​តែ​ច្រើន​ថែម​ទៀត​ពី​អ្វី​ដែល​អ្នក​ធ្វើ។—ចោ. ៦:៦, ៧; រ៉ូម ២:២១

៩. តើ​ទស្សនៈ​មួយ​ដែល​សាថាន​លើក​ស្ទួយ​គឺ​ជា​អ្វី ហើយ​ហេតុ​អ្វី​នេះ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់?

សាថាន​ក៏​ព្យាយាម​បង្ខូច​ចិត្ត​គំនិត​របស់​យើង​ដោយ​ធ្វើ​ឲ្យ​យើង​ទុក​ចិត្ត​លើ​ប្រាជ្ញា​របស់​មនុស្ស​ជា​ជាង​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា។ (​កូឡ. ២:៨​) សូម​ពិចារណា​ទស្សនៈ​មួយ​ដែល​សាថាន​លើក​ស្ទួយ ពោល​គឺ​គោល​ដៅ​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​គឺ​ការ​ក្លាយ​ទៅ​ជា​អ្នក​មាន។ ក្នុង​ចំណោម​ពួក​អ្នក​ដែល​មាន​ទស្សនៈ​បែប​នេះ អ្នក​ខ្លះ​ប្រហែល​ជា​ក្លាយ​ទៅ​ជា​អ្នក​មាន​មែន តែ​អ្នក​ខ្លះ​ទៀត​មិន​មែន​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អស់​អ្នក​ដែល​មាន​ទស្សនៈ​បែប​នោះ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​មាន​គ្រោះ​ថ្នាក់។ ហេតុ​អ្វី? ពី​ព្រោះ​ដើម្បី​សម្រេច​គោល​ដៅ​នោះ ពួក​គេ​ប្រហែល​ជា​ផ្ដោត​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​រក​លុយ​រហូត​ដល់​ពួក​គេ​សុខ​ចិត្ត​លះ​បង់​ទំនាក់​ទំនង​ជា​មួយ​នឹង​ក្រុម​គ្រួសារ សុខភាព​របស់​ខ្លួន ហើយ​ថែម​ទាំង​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​ទៀត​ផង។ (​១ធី. ៦:១០​) យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​ប្រាជ្ញា ពី​ព្រោះ​លោក​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​លុយ។—សាស្ដ. ៧:១២; លូក. ១២:១៥

តើ​យើង​អាច​ការ​ពារ​ចិត្ត​របស់​យើង យ៉ាង​ដូច​ម្ដេច?

ដូច​អ្នក​យាម​និង​ឆ្មាំ​ទ្វារ​នៅ សម័យ​បុរាណ ចូរ​ចាំ​យាម​ជា​និច្ច ហើយ​ចាត់​វិធានការ​ដើម្បី​កុំ​ឲ្យ ឥទ្ធិពល​មិន​ល្អ​ចូល​ក្នុង​ចិត្ត​របស់​អ្នក (​សូម​មើល​វគ្គ​១០​-​១១​) *

១០​-​១១. (​ក​) តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ការ​ពារ​ខ្លួន? (​ខ​) តើ​នៅ​សម័យ​បុរាណ​អ្នក​យាម​បាន​ធ្វើ​អ្វី ហើយ​តើ​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​ប្រៀប​ដូច​ជា​អ្នក​យាម​យ៉ាង​ដូច​ម្ដេច?

១០ បើ​យើង​ចង់​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ការ​ពារ​ចិត្ត​របស់​យើង យើង​ត្រូវ​ចេះ​កត់​សម្គាល់​គ្រោះ​ថ្នាក់​ផ្សេង​ៗ​និង​ចាត់​វិធានការ​ភ្លាម​ៗ​ដើម្បី​ការ​ពារ​ខ្លួន។ នៅ​សុភាសិត ៤:២៣​ពាក្យ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​រក្សា​»​សំដៅ​ទៅ​លើ​ការ​ការ​ពារ ហើយ​រំលឹក​យើង​អំពី​កិច្ច​ការ​របស់​អ្នក​យាម។ នៅ​សម័យ​ស្តេច​សាឡូម៉ូន អ្នក​យាម​បាន​ឈរ​នៅ​លើ​កំពែង​ក្រុង ដើម្បី​ការ​ពារ​និង​ស្រែក​ព្រមាន​បើ​ពួក​គេ​ឃើញ​គ្រោះ​ថ្នាក់​ជិត​មក​ដល់។ ការ​ស្រមៃ​គិត​អំពី​ចំណុច​នេះ​ជួយ​យើង​ឲ្យ​យល់​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​កុំ​ឲ្យ​សាថាន​បង្ខូច​ចិត្ត​គំនិត​របស់​យើង។

១១ នៅ​សម័យ​បុរាណ អ្នក​យាម​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ឆ្មាំ​ទ្វារ​ក្រុង។ (​២សាំ. ១៨:២៤​-​២៦​) ដោយ​សហការ​គ្នា​បែប​នេះ ពួក​គេ​បាន​ជួយ​ការ​ពារ​ក្រុង​ដោយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ទ្វារ​បាន​ត្រូវ​បិទ​ជិត​ពេល​ដែល​សត្រូវ​មក​ជិត​ដល់។ (​នេហ. ៧:១​-​៣​) សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​ដែល​បាន​ត្រូវ​បង្វឹក​បង្ហាត់​ពី​គម្ពីរ * គឺ​ប្រៀប​ដូច​ជា​អ្នក​យាម​ហើយ​វា​ព្រមាន​យើង​ពេល​ដែល​សាថាន​ព្យាយាម​វាយលុក​ចិត្ត​របស់​យើង ក្នុង​ន័យ​ថា​សាថាន​ព្យាយាម​មាន​ឥទ្ធិពល​លើ​គំនិត បំណង​ចិត្ត អារម្មណ៍ និង​បំណង​ប្រាថ្នា​របស់​យើង។ ពេល​ណា​ក៏​ដោយ​ដែល​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​ស្រែក​ព្រមាន ដូច​ឆ្មាំ​ទ្វារ​យើង​ត្រូវ​ស្ដាប់​តាម ហើយ​បិទ​ទ្វារ​ក្រុង ក្នុង​ន័យ​ថា​យើង​ត្រូវ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជៀស​វាង​ពី​គ្រោះ​ថ្នាក់។

១២​-​១៣. តើ​យើង​ប្រហែល​ជា​ចង់​ធ្វើ​អ្វី ប៉ុន្តែ​តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា?

១២ សូម​ពិចារណា​អំពី​ឧទាហរណ៍​មួយ​ស្តី​អំពី​របៀប​ដែល​យើង​អាច​ការ​ពារ​ខ្លួន​ពី​ឥទ្ធិពល​ដែល​មក​ពី​ចិត្ត​គំនិត​របស់​សាថាន។ ព្រះ​យេហូវ៉ា​បាន​បង្រៀន​យើង​ថា​៖ ​«​ក្នុង​ចំណោម[​យើង​] មិន[​គួរ​]ទាំង​និយាយ​អំពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ [​និង​]អំពើ​ស្មោក​គ្រោក​»​ឡើយ។ (​អេភ. ៥:៣​) ប៉ុន្តែ​តើ​យើង​នឹង​ធ្វើ​អ្វី​បើ​អ្នក​រួម​ការ​ងារ​ឬ​សិស្ស​រួម​ថ្នាក់​របស់​យើង​ចាប់​ផ្ដើម​និយាយ​អំពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ? យើង​ដឹង​ថា​យើង​គួរ‹បដិសេធ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែលខុស​ពី​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​បដិសេធ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ពិភព​លោក​នេះ›។ (​ទីត. ២:១២​) អ្នក​យាម ពោល​គឺ​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង ប្រហែល​ជា​ស្រែក​ព្រមាន​យើង។ (​រ៉ូម ២:១៥​) ប៉ុន្តែ តើ​យើង​នឹង​ស្ដាប់​តាម​ឬ​ទេ? ជា​ជាង​ស្ដាប់​តាម​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង យើង​ប្រហែល​ជា​ចង់​ស្ដាប់​ឬ​មើល​រូប​ភាព​ដែល​អ្នក​រួម​ការ​ងារ​ឬ​សិស្ស​រួម​ថ្នាក់​របស់​យើង​បង្ហាញ។ ប៉ុន្តែ នេះ​ជា​ពេល​ដែល​ត្រូវ​បិទ​ទ្វារ​ក្រុង ក្នុង​ន័យ​ថា​យើង​ត្រូវ​ជៀស​ចេញ​ពី​គ្រោះ​ថ្នាក់​ដោយ​ផ្លាស់​ប្ដូរ​ការ​សន្ទនា​ឬ​ដើរ​ចេញ។

១៣ ពេល​ដែល​អ្នក​រួម​ការ​ងារ​ឬ​សិស្ស​រួម​ថ្នាក់​របស់​យើង​បង្ខិត​បង្ខំ​យើង​ឲ្យ​គិត​ឬ​ធ្វើ​អ្វី​ដែល​ខុស យើង​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដើម្បី​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​នោះ។ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ឃើញ​ការ​ខំ​ប្រឹង​របស់​យើង ហើយ​លោក​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​កម្លាំង​និង​ប្រាជ្ញា​ដែល​យើង​ត្រូវ​ការ​ដើម្បី​ទប់​ទល់​នឹង​ចិត្ត​គំនិត​របស់​សាថាន។ (​២រប. ១៦:៩; អេ. ៤០:២៩; យ៉ា. ១:៥​) ប៉ុន្តែ តើ​យើង​អាច​ធ្វើ​អ្វី​ទៀត​ដើម្បី​ការ​ពារ​ចិត្ត​របស់​យើង?

ចូរ​បន្ត​ចាំ​យាម​ជា​និច្ច

១៤​-​១៥. (​ក​) តើ​យើង​ត្រូវ​បើក​ចិត្ត​ដើម្បី​ទទួល​អ្វី ហើយ​តើ​យើង​អាច​ធ្វើ​ដូច្នេះ​តាម​របៀប​ណា? (​ខ​) តើ​សុភាសិត ៤:២០​-​២២​ជួយ​យើង​ឲ្យ​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​ការ​អាន​គម្ពីរ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ របៀប​រំពឹង​គិត​»​)

១៤ ដើម្បី​ការ​ពារ​ចិត្ត​របស់​យើង យើង​មិន​គ្រាន់​តែ​ត្រូវ​ជៀស​ចេញ​ពី​ឥទ្ធិពល​មិន​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ត្រូវ​ទទួល​យក​ឥទ្ធិពល​ល្អ​ដែរ។ សូម​ពិចារណា​ម្ដង​ទៀត​នូវ​ឧទាហរណ៍​អំពី​ក្រុង​ដែល​មាន​កំពែង​ព័ទ្ធ​ជុំ​វិញ។ ឆ្មាំ​ទ្វារ​បាន​បិទ​ទ្វារ​ក្រុង​ដើម្បី​កុំ​ឲ្យ​សត្រូវ​វាយលុក ប៉ុន្តែ​នៅ​ពេល​ផ្សេង​ទៀត​គាត់​បើក​ទ្វារ​ក្រុង​ដើម្បី​ឲ្យ​គេ​យក​ម្ហូប​និង​សម្ភារៈ​ផ្សេង​ៗ​ទៀត​ចូល​ក្នុង​ក្រុង។ បើ​ទ្វារ​ក្រុង​បិទ​រហូត ប្រជាជន​នៅ​ក្នុង​ក្រុង​នោះ​នឹង​ឃ្លាន​ដាច់​ពោះ​ស្លាប់។ ស្រដៀង​គ្នា​ដែរ យើង​ត្រូវ​បើក​ចិត្ត​របស់​យើង​ជា​ទៀង​ទាត់​ដើម្បី​ឲ្យ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​លើ​យើង។

១៥ គម្ពីរ​រៀប​រាប់​អំពី​របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា ដូច្នេះ​រាល់​ដង​ពេល​យើង​អាន​គម្ពីរ យើង​អនុញ្ញាត​ឲ្យ​គំនិត​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​លើ​របៀប​គិត​គូរ អារម្មណ៍ និង​ការ​ប្រព្រឹត្ត​របស់​យើង។ តើ​តាម​របៀប​ណា​យើង​អាច​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​ការ​អាន​គម្ពីរ? សេចក្ដី​អធិដ្ឋាន​គឺ​សំខាន់​ណាស់។ បង​ស្រី​ម្នាក់​និយាយ​ថា​៖ ​«​មុន​ខ្ញុំ​អាន​គម្ពីរ ខ្ញុំ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​សុំ​លោក​ជួយ​ខ្ញុំ​ឲ្យ‹ឃើញ​សេចក្ដី​អស្ចារ្យ›ក្នុង​បណ្ដាំ​របស់​លោក​»។ (​ទំនុក. ១១៩:១៨​) យើង​ក៏​ត្រូវ​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​អាន​ដែរ។ ពេល​យើង​អធិដ្ឋាន អាន និង​រំពឹង​គិត នោះ​បណ្ដាំ​របស់​ព្រះ​ជ្រាប​ចូល​«​ដួង​ចិត្ត​»​របស់​យើង ហើយ​យើង​កាន់​តែ​ចូល​ចិត្ត​របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា។—សូម​អាន សុភាសិត ៤:២០​-​២២; ទំនុក. ១១៩:៩៧

១៦. តើ​បង​ប្អូន​ជា​ច្រើន​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​មើល​កម្ម​វិធី​JW​ទូរទស្សន៍?

១៦ របៀប​មួយ​ទៀត​ដែល​យើង​អនុញ្ញាត​ឲ្យ​របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​លើ​យើង គឺ​ដោយ​មើល​កម្ម​វិធី​ផ្សេង​ៗ​ដែល​មាន​ក្នុង​JW​ទូរទស្សន៍។ ប្ដី​ប្រពន្ធ​មួយ​គូ​និយាយ​ថា​៖ ​«​កម្ម​វិធី​ប្រចាំ​ខែ​ពិត​ជា​បាន​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង​មែន! កម្ម​វិធី​នេះ​បាន​លើក​ទឹក​ចិត្ត​និង​ពង្រឹង​កម្លាំង​ចិត្ត​យើង ពេល​យើង​មាន​អារម្មណ៍​ឯកោ​ឬ​ពិបាក​ចិត្ត។ ម្យ៉ាង​ទៀត ពេល​នៅ​ផ្ទះ​យើង​តែង​តែ​ស្ដាប់​ចម្រៀង​វីដេអូ។ យើង​ចាក់​ចម្រៀង​ទាំង​នោះ​ពេល​យើង​ធ្វើ​ម្ហូប សម្អាត​ផ្ទះ ឬ​ពេល​យើង​អង្គុយ​ញ៉ាំ​តែ​លេង​»។ កម្ម​វិធី​ទាំង​នោះ​ជួយ​យើង​ឲ្យ​ការ​ពារ​ចិត្ត​របស់​យើង ហើយ​ក៏​បង្រៀន​យើង​ឲ្យ​មាន​របៀប​គិត​គូរ​ដូច​ព្រះ​យេហូវ៉ា​និង​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ឲ្យ​មាន​ចិត្ត​គំនិត​ដូច​សាថាន។

១៧​-​១៨. (​ក​) ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ពង្សាវតារ​ក្សត្រ​ទី១ ៨:៦១ តើ​មាន​អ្វី​កើត​ឡើង​ពេល​យើង​ធ្វើ​តាម​អ្វី​ដែល​យើង​រៀន​ពី​ព្រះ​យេហូវ៉ា? (​ខ​) តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ស្តេច​ហេសេគា? (​គ​) យោង​ទៅ​តាម​សេចក្ដី​អធិដ្ឋាន​របស់​ដាវីឌ​នៅ​ទំនុក​តម្កើង ១៣៩:២៣, ២៤ តើ​យើង​អាច​អធិដ្ឋាន​អំពី​អ្វី?

១៧ រាល់​ដង​ពេល​ដែល​យើង​ឃើញ​ប្រយោជន៍​ដែល​មក​ពី​ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ នោះ​ជំនឿ​របស់​យើង​កាន់​តែ​មាំ​មួន​ឡើង។ (​យ៉ា. ១:២, ៣​) យើង​សប្បាយ​ចិត្ត​ដោយ​សារ​យើង​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​មោទនភាព​ដោយ​ហៅ​យើង​ថា​ជា​កូន​របស់​លោក ហើយ​យើង​កាន់​តែ​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ (​សុភ. ២៧:១១​) ការ​ល្បង​ល​នីមួយ​ៗ​គឺ​ជា​ឱកាស​ដើម្បី​បង្ហាញ​ថា​យើង​មិន​មាន​ចិត្ត​ពីរ​ក្នុង​ការ​បម្រើ​បិតា​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង។ (​ទំនុក. ១១៩:១១៣​) តែ​យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត ពោល​គឺ​តាំង​ចិត្ត​ស្ដាប់​បង្គាប់​និង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។—សូម​អាន ពង្សាវតារ​ក្សត្រ​ទី១ ៨:៦១

១៨ តើ​យើង​នឹង​ធ្វើ​ខុស​ឬ​ទេ? យើង​នឹង​ធ្វើ​ខុស​មែន ពី​ព្រោះ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ បើ​យើង​ជំពប់​ដួល សូម​នឹក​ចាំ​អំពី​គំរូ​របស់​ស្តេច​ហេសេគា។ គាត់​បាន​ធ្វើ​ខុស ប៉ុន្តែ​គាត់​បាន​ប្រែ​ចិត្ត ហើយ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​«​ដោយ​ចិត្ត​ស្មោះ​»។ (​អេ. ៣៨:៣​-​៦; ២រប. ២៩:១, ២; ៣២:២៥, ២៦​) ដូច្នេះ ចូរ​កុំ​ឲ្យ​សាថាន​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​គំនិត​ដូច​វា។ ចូរ​យើង​អធិដ្ឋាន​សុំ​ឲ្យ​«​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា[​ឬ​«​ចិត្ត​ដែល​ចេះ​ស្ដាប់​បង្គាប់​»​]​»។ (​១ព. ៣:៩; ព.ថ.; សូម​អាន ទំនុក​តម្កើង ១៣៩:២៣, ២៤) បើ​យើង​ចាត់​ទុក​ថា​ការ​ការ​ពារ​ចិត្ត​របស់​យើង​ជា​អ្វី​ដែល​សំខាន់​ជាង​អ្វី​ៗ​ទាំង​អស់ យើង​អាច​បន្ត​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា។

ចម្រៀង​លេខ​៥៤ ‹គឺ​ផ្លូវ​នេះ​ហើយ›

^ វគ្គ 5 តើ​យើង​នឹង​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ឬ​តើ​យើង​នឹង​អនុញ្ញាត​ឲ្យ​សាថាន​បោក​បញ្ឆោត​យើង​ឲ្យ​ចាក​ចេញ​ពី​ព្រះ? នេះ​មិន​អាស្រ័យ​ទៅ​លើ​ការ​ល្បង​ល​ដែល​យើង​ជួប​ប្រទះ​ទេ ប៉ុន្តែ​អាស្រ័យ​លើ​របៀប​ដែល​យើង​ការ​ពារ​ចិត្ត​របស់​យើង។ តើ​ពាក្យ​«​ចិត្ត​»​សំដៅ​ទៅ​លើ​អ្វី? តើ​សាថាន​ព្យាយាម​បង្ខូច​ចិត្ត​គំនិត​របស់​យើង​តាម​របៀប​ណា? តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ការ​ពារ​ចិត្ត​របស់​យើង? អត្ថបទ​នេះ​នឹង​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ដ៏​សំខាន់​ទាំង​នេះ។

^ វគ្គ 11 ការ​ពន្យល់​ពាក្យ: ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​សមត្ថភាព​ចេះ​គិត​ពិចារណា​អំពី​ការ​ប្រព្រឹត្ត គំនិត និង​អារម្មណ៍​របស់​យើង ហើយ​បន្ទាប់​មក​វិនិច្ឆ័យ​ខ្លួន​ឯង។ គម្ពីរ​ហៅ​សមត្ថភាព​បែប​នោះ​ថា​ជា​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន។ (​រ៉ូម ២:១៥; ៩:១​) សមត្ថភាព​វិនិច្ឆ័យ​ខ្លួន​ដែល​បាន​ត្រូវ​បង្វឹក​បង្ហាត់​ពី​គម្ពីរ​គឺ​ជា​សមត្ថភាព​ដែល​ប្រើ​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​នៅ​ក្នុង​គម្ពីរ ដើម្បី​វិនិច្ឆ័យ​អ្វី​ដែល​យើង​គិត ធ្វើ ឬ​និយាយ ថា​ជា​អ្វី​ដែល​ល្អ​ឬ​អាក្រក់។

^ វគ្គ 56 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​ម្នាក់​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ កំពុង​មើល​ទូរទស្សន៍ ហើយ​ឈុត​ឆាក​ដែល​បង្ហាញ​អំពី​អំពើ​ប្រាស​ចាក​សីលធម៌​លេច​មក​នៅ​លើ​អេក្រង់។ គាត់​ត្រូវ​សម្រេច​ចិត្ត​ថា​គាត់​នឹង​ធ្វើ​អ្វី។

^ វគ្គ 58 ការ​ពណ៌នា​អំពី​រូប​ភាព: អ្នក​យាម​ម្នាក់​នៅ​សម័យ​បុរាណ​ឃើញ​គ្រោះ​ថ្នាក់​នៅ​ខាង​ក្រៅ​ក្រុង។ គាត់​ស្រែក​ហៅ​ពួក​ឆ្មាំ​ទ្វារ​ដែល​នៅ​ខាង​ក្រោម ហើយ​ភ្លាម​ៗ​ពួក​គេ​បិទ​ទ្វារ​ក្រុង​និង​ដាក់​រនុក​ទ្វារ​ពី​ខាង​ក្នុង។