លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤

តើ​ពិធី​អាហារ​ដ៏​សាមញ្ញ​ជួយ​យើង​រៀន​អ្វី​អំពី​ស្តេច​នៅ​ស្ថាន​សួគ៌?

តើ​ពិធី​អាហារ​ដ៏​សាមញ្ញ​ជួយ​យើង​រៀន​អ្វី​អំពី​ស្តេច​នៅ​ស្ថាន​សួគ៌?

​«​នេះ​ជា​តំណាង​រូប​កាយ​របស់​ខ្ញុំ . . . នេះ​ជា​តំណាង‹ឈាម​របស់​ខ្ញុំ​ដែល​សម្រាប់​កិច្ច​ព្រម​ព្រៀង›​»។—ម៉ាថ. ២៦:២៦​-​២៨

ចម្រៀង​លេខ​១៦ ចូរ​សរសើរ​ព្រះ​យេហូវ៉ា​ដែល​បាន​រើស​តាំង​បុត្រ​លោក

សេចក្ដី​សង្ខេប *

១​-​២. (​ក​) ហេតុ​អ្វី​ពិធី​ដែល​លោក​យេស៊ូ​ឲ្យ​យើង​ធ្វើ​ដើម្បី​រំលឹក​មរណភាព​របស់​លោក​គឺ​សាមញ្ញ? (​ខ​) តើ​យើង​នឹង​ពិចារណា​អំពី​គុណ​សម្បត្ដិ​អ្វី​ខ្លះ​របស់​លោក​យេស៊ូ?

តើ​អ្នក​អាច​រៀប​រាប់​អំពី​កម្ម​វិធី​នៃ​ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ត​ដែល​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​បាន​ឬ​ទេ? យើង​ភាគ​ច្រើន​ប្រាកដ​ជា​ចាំ​អំពី​អ្វី​ដែល​បាន​ធ្វើ​នៅ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់។ ហេតុ​អ្វី? ពី​ព្រោះ​ពិធី​អាហារ​នោះ​គឺ​សាមញ្ញ ប៉ុន្តែ​នេះ​គឺ​ជា​ពិធី​ដ៏​សំខាន់។ ដូច្នេះ យើង​ប្រហែល​ជា​ឆ្ងល់​ថា ‹ហេតុ​អ្វី​ពិធី​អាហារ​នោះ​គឺ​សាមញ្ញ?›។

ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​បង្រៀន​សេចក្ដី​ពិត​ដ៏​សំខាន់ តែ​តាម​របៀប​ដ៏​សាមញ្ញ ច្បាស់ និង​ស្រួល​យល់។ (​ម៉ាថ. ៧:២៨, ២៩​) ស្រដៀង​គ្នា​ដែរ ពិធី​ដែល​លោក​យេស៊ូ​ឲ្យ​យើង​ធ្វើ​ដើម្បី​រំលឹក *មរណភាព​របស់​លោក​គឺ​សាមញ្ញ តែ​មាន​អត្ថន័យ​ជ្រាល​ជ្រៅ។ សូម​យើង​ពិចារណា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​អាហារ​ពិធី​រំលឹក​នោះ ហើយ​អំពី​ការ​ប្រព្រឹត្ដិ​និង​ពាក្យ​សម្ដី​ខ្លះ​ៗ​របស់​លោក​យេស៊ូ។ យើង​នឹង​យល់​កាន់​តែ​ច្បាស់​ថា​លោក​យេស៊ូ​ពិត​ជា​មាន​ចិត្ត​រាប​ទាប ចិត្ត​ក្លាហាន និង​សេចក្ដី​ស្រឡាញ់។ យើង​ក៏​នឹង​រៀន​អំពី​របៀប​ដែល​យើង​អាច​យក​តម្រាប់​លោក​កាន់​តែ​ប្រសើរ​ជាង។

លោក​យេស៊ូ​មាន​ចិត្ត​រាប​ទាប

នំ​ប៉័ង​និង​ស្រា​ទំពាំង​បាយ​ជូរ​ដែល​ជា​វត្ថុ​តំណាង​សម្រាប់​ពិធី​រំលឹក រំលឹក​យើង​ថា​លោក​យេស៊ូ​បាន​បូជា​ជីវិត​របស់​លោក​ដើម្បី​យើង ហើយ​ថា​ឥឡូវ​នេះ​លោក​កំពុង​គ្រប់​គ្រង​ជា​ស្តេច​របស់​យើង​នៅ​ស្ថាន​សួគ៌ (​សូម​មើល​វគ្គ​៣​-​៥​)

៣. ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ម៉ាថាយ ២៦:២៦​-​២៨ តើ​អាហារ​ពិធី​រំលឹក​ដែល​លោក​យេស៊ូ​ចាប់​ផ្ដើម​ធ្វើ​គឺ​សាមញ្ញ​យ៉ាង​ណា ហើយ​តើ​វត្ថុ​ពីរ​នោះ​ជា​តំណាង​អ្វី?

ពេល​លោក​យេស៊ូ​ចាប់​ផ្ដើម​ធ្វើ​ពិធី​រំលឹក​មរណភាព​របស់​លោក លោក​នៅ​ជា​មួយ​នឹង​ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​ទាំង​១១​នាក់។ លោក​បាន​យក​អ្វី​ដែល​នៅ​សល់​ពី​អាហារ​បុណ្យ​រំលង ដើម្បី​ធ្វើ​ពិធី​រំលឹក​ដ៏​សាមញ្ញ​នេះ។ (​សូម​អាន ម៉ាថាយ ២៦:២៦​-​២៨) លោក​ប្រើ​តែ​នំ​ប៉័ង​ឥត​ដំបែ​និង​ស្រា​ទំពាំង​បាយ​ជូរ​ដែល​មាន​ស្រាប់​ហើយ។ លោក​យេស៊ូ​បាន​ប្រាប់​ពួក​សាវ័ក​របស់​លោ​កថា​វត្ថុ​ទាំង​ពីរ​ដែល​សាមញ្ញ​នោះ ជា​តំណាង​រូប​កាយ​ដ៏​ល្អ​ឥត​ខ្ចោះ​និង​ឈាម​របស់​លោក ដែល​មិនយូរ​ទៀត​លោក​នឹង​ជូន​ជា​គ្រឿង​បូជា​ដើម្បី​ពួក​គេ។ ពួក​សាវ័ក​ប្រហែល​ជា​មិន​ភ្ញាក់​ផ្អើល​ទេ​ដែល​ពិធី​ថ្មី​ដ៏​សំខាន់​នេះ​គឺ​សាមញ្ញ។ ហេតុ​អ្វី?

៤. តើ​ការ​ណែនាំ​ដែល​លោក​យេស៊ូ​បាន​ឲ្យ​ម៉ាថា​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​លោក​យេស៊ូ​ធ្វើ​ឲ្យ​ប្រាកដ​ថា​អាហារ​ពិធី​រំលឹក​គឺ​សាមញ្ញ?

សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ប៉ុន្មាន​ខែ​មុន​នោះ ក្នុង​អំឡុង​ឆ្នាំ​ទី៣​នៃ​កិច្ច​បម្រើ​របស់​លោក​យេស៊ូ។ លោក​បាន​ទៅ​លេង​ផ្ទះ​មិត្ត​ជិត​ស្និទ្ធ​របស់​លោក គឺ​ឡាសា ម៉ាថា និង​ម៉ារៀ។ ពេល​នៅ​ផ្ទះ​នោះ លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​បង្រៀន។ ម៉ាថា​ក៏​នៅ​ទី​នោះ​ដែរ ប៉ុន្តែ​គាត់​បាន​ត្រូវ​បង្វែរ​អារម្មណ៍ ដោយ​សារ​គាត់​រវល់​រៀប​ចំ​ម្ហូប​អាហារ​ជា​ច្រើន​មុខ​សម្រាប់​លោក​យេស៊ូ​ដែល​ជា​ភ្ញៀវ​កិត្ដិយស។ ដោយ​ឃើញ​ដូច្នេះ លោក​យេស៊ូ​បាន​កែ​តម្រង់​ម៉ាថា​ដោយ​សប្បុរស ហើយ​ជួយ​គាត់​ឲ្យ​យល់​ថា​អាហារ​ច្រើន​មុខ​មិន​តែង​តែ​ជា​អ្វី​ដែល​ចាំ​បាច់​ទេ។ (​លូក. ១០:៤០​-​៤២​) ក្រោយ​មក នៅ​ប៉ុន្មាន​ម៉ោង​មុន​លោក​យេស៊ូ​បូជា​ជីវិត​របស់​លោក​ជា​គ្រឿង​បូជា លោក​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក​ផ្ទាល់។ លោក​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​អាហារ​ពិធី​រំលឹក​គឺ​សាមញ្ញ។ តើ​យើង​រៀន​អ្វី​អំពី​លោក​យេស៊ូ​ពី​រឿង​នេះ?

៥. តើ​ពិធី​អាហារ​ដ៏​សាមញ្ញ​នេះ​បង្ហាញ​យ៉ាង​ណា​អំពី​លោក​យេស៊ូ ហើយ​តើ​នេះ​សម​ស្រប​នឹង​អ្វី​ដែល​បាន​ចែង​នៅ​ភីលីព ២:៥​-​៨​យ៉ាង​ដូច​ម្ដេច?

លោក​យេស៊ូ​មាន​ចិត្ត​រាប​ទាប​ក្នុង​គ្រប់​ទាំង​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ដិ​របស់​លោក។ ដូច្នេះ គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ដែល​លោក​បង្ហាញ​ចិត្ត​រាប​ទាប​ដ៏​ក្រៃ​លែង​នៅ​យប់​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​នៅ​ផែន​ដី។ (​ម៉ាថ. ១១:២៩​) លោក​ដឹង​ថា​លោក​ហៀបនឹង​ជូន​គ្រឿង​បូជា​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ​របស់​មនុស្សជាតិ ហើយ​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ​ឲ្យ​ទៅ​ជា​ស្តេច​នៅ​ស្ថាន​សួគ៌។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ លោក​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​លោក​ហួស​ហេតុ​ពេក ដោយ​តម្រូវ​ឲ្យ​ធ្វើ​ពិធី​រំលឹក​មរណភាព​របស់​លោក​យ៉ាង​អធិកអធម​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​មួយ​ឆ្នាំ​ម្ដង ពួក​គេ​គួរ​តែ​រំលឹក​អំពី​លោក​ដោយ​ធ្វើ​ពិធី​អាហារ​ដ៏​សាមញ្ញ​នេះ។ (​យ៉ូន. ១៣:១៥; ១កូ. ១១:២៣​-​២៥​) ទោះ​ជា​ពិធី​អាហារ​នេះ​គឺ​សំខាន់​ក្ដី ពិធី​នេះ​គឺ​សាមញ្ញ នោះ​បង្ហាញ​ថា​លោក​យេស៊ូ​ជា​បុគ្គល​ដែល​គ្មាន​អំណួត។ យើង​សប្បាយ​ដោយ​ដឹង​ថា​ចិត្ត​រាប​ទាប​គឺ​ជា​គុណ​សម្បត្ដិ​ដ៏​អស្ចារ្យ​មួយ​របស់​ស្តេច​យើង​ដែល​នៅ​ស្ថាន​សួគ៌។—សូម​អាន ភីលីព ២:៥​-​៨

៦. តើ​យើង​អាច​បង្ហាញ​ចិត្ត​រាប​ទាប​ដូច​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច​ពេល​យើង​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក?

តើ​យើង​អាច​បង្ហាញ​ចិត្ត​រាប​ទាប​ដូច​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​គិត​អំពី​ប្រយោជន៍​របស់​អ្នក​ឯ​ទៀត​ច្រើន​ជាង​ប្រយោជន៍​ផ្ទាល់​ខ្លួន។ (​ភី. ២:៣, ៤​) សូម​គិត​អំពី​យប់​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែន​ដី។ លោក​យេស៊ូ​ដឹង​ថា​មិន​យូរ​ទៀត​លោក​នឹង​រង​ការ​ឈឺ​ចាប់​រហូត​ដល់​ស្លាប់ ប៉ុន្តែ​លោក​នៅ​តែ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​របស់​លោក ដែល​មិន​យូរ​ទៀត​នឹង​កើត​ទុក្ខ​ដោយ​សារ​ការ​ស្លាប់​របស់​លោក។ ដូច្នេះនៅ​យប់​ចុង​ក្រោយ លោក​បាន​ចំណាយ​ពេល​បង្រៀន លើក​ទឹក​ចិត្ត និង​ពង្រឹង​ទំនុក​ចិត្ត​របស់​ពួក​គេ។ (​យ៉ូន. ១៤:២៥​-​៣១​) ដោយ​ចិត្ត​រាប​ទាប លោក​យេស៊ូ​បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខ​ទុក្ខ​របស់​អ្នក​ឯ​ទៀត​ច្រើន​ជាង​ខ្លួន​លោក។ លោក​ពិត​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​សម្រាប់​យើង​មែន!

លោក​យេស៊ូ​មាន​ចិត្ត​ក្លាហាន

៧. មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ តើ​លោក​បាន​បង្ហាញ​ចិត្ត​ក្លាហាន​ជា​ខ្លាំង​យ៉ាង​ដូច​ម្ដេច?

មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ លោក​បាន​បង្ហាញ​ចិត្ត​ក្លាហាន​ជា​ខ្លាំង។ តើ​តាម​របៀប​ណា? លោក​យេស៊ូ​ព្រម​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​លោក ទោះ​ជា​លោក​ដឹង​ថា​ការ​ធ្វើ​ដូច្នេះ​មាន​ន័យ​ថា​លោក​នឹង​ត្រូវ​គេ​ប្រហារ​ជីវិត​ពី​បទ​ឧក្រិដ្ឋ​ដែល​គួរ​ឲ្យ​អាម៉ាស់​មុខ ពោល​គឺ​ការ​ប្រមាថ​ព្រះ។ (​ម៉ាថ. ២៦:៦៥, ៦៦; លូក. ២២:៤១, ៤២​) លោក​យេស៊ូ​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ដើម្បី​លើក​តម្កើង​នាម​របស់​ព្រះ​យេហូវ៉ា គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ និង​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ដែល​ប្រែ​ចិត្ត​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ នៅ​ដំណាល​គ្នា​នោះ លោក​យេស៊ូ​បាន​ជួយ​អ្នក​កាន់​តាម​លោក​ឲ្យ​ត្រៀម​ខ្លួន​ចំពោះ​អ្វី​ដែល​ពួក​គេ​នឹង​ប្រឈម​មុខ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ។

៨. (​ក​) តើ​លោក​យេស៊ូ​បាន​ប្រាប់​អ្វី​ដល់​ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​របស់​លោក? (​ខ​) ក្រោយ​ពី​លោក​យេស៊ូ​ស្លាប់ តើ​ពួក​អ្នក​កាន់​តាម​លោក​ធ្វើ​តាម​គំរូ​របស់​លោក​យ៉ាង​ដូច​ម្ដេច​ស្តី​អំពី​ចិត្ត​ក្លាហាន?

លោក​យេស៊ូ​ក៏​បាន​បង្ហាញ​ចិត្ត​ក្លាហាន​ដោយ​មិន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ទុក្ខ​កង្វល់​ដែល​លោក​មាន ហើយ​ដោយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​របស់​លោក។ ក្រោយ​ពី​លោក​យេស៊ូ​ឲ្យ​យូដាស​ចាក​ចេញ លោក​បាន​ធ្វើ​ពិធី​អាហារ​ដ៏​សាមញ្ញ។ អាហារ​ដ៏​សាមញ្ញ​នោះ​នឹង​រំលឹក​ពួក​អ្នក​ដែល​នឹង​ត្រូវ​រើស​តាំង អំពី​ប្រយោជន៍​ដែល​មក​ពី​ឈាម​របស់​លោក​យេស៊ូ និង​ពី​ការ​រួម​ចំណែក​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី។ (​១កូ. ១០:១៦, ១៧​) ដើម្បី​ជួយ​ពួក​គេ​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់ ហើយ​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ទទួល​រង្វាន់​នៅ​ស្ថាន​សួគ៌ លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​អំពី​អ្វី​ដែល​លោក​និង​បិតា​លោក​តម្រូវ​ពី​ពួក​គេ។ (​យ៉ូន. ១៥:១២​-​១៥​) លោក​យេស៊ូ​ក៏​បាន​ប្រាប់​ពួក​សាវ័ក​អំពី​ទុក្ខ​លំបាក​ដែល​ពួក​គេ​នឹង​ជួប​ប្រទះ។ ក្រោយ​មក លោក​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​តាម​គំរូ​របស់​លោក ដោយ​ដាស់​តឿន​ពួក​គេ​ថា​៖ ​«​ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!​»។ (​យ៉ូន. ១៦:១​-​៤​ក, ៣៣​) ច្រើន​ឆ្នាំ​ក្រោយ​មក ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​តែ​ធ្វើ​តាម​គំរូ​របស់​លោក​ដោយ​លះ​បង់​ប្រយោជន៍​ខ្លួន និង​ដោយ​បង្ហាញ​ចិត្ត​ក្លាហាន។ ពួក​គេ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ពេល​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ ទោះ​ជា​នោះ​មាន​ន័យ​ថា​ពួក​គេ​ត្រូវ​រង​ទុក្ខ​ក្ដី។—ហេ. ១០:៣៣, ៣៤

៩. តើ​យើង​អាច​យក​តម្រាប់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច​ស្តី​អំពី​ការ​បង្ហាញ​ចិត្ត​ក្លាហាន?

ស្រដៀង​គ្នា​ដែរ នៅ​សព្វ​ថ្ងៃ​នេះ​យើង​ក៏​យក​តម្រាប់​លោក​យេស៊ូ​ស្តី​អំពី​ការ​បង្ហាញ​ចិត្ត​ក្លាហាន។ ជា​ឧទាហរណ៍ ដើម្បី​ជួយ​បង​ប្អូន​របស់​យើង​ដែល​បាន​ត្រូវ​គេ​បៀត​បៀន​ដោយ​សារ​ជំនឿ យើង​ត្រូវ​ការ​ចិត្ត​ក្លាហាន។ នៅ​ពេល​ខ្លះ បង​ប្អូន​របស់​យើង​ប្រហែល​ជា​ជាប់​គុក​ដោយ​អយុត្ដិធម៌។ ពេល​អ្វី​បែប​នេះ​កើត​ឡើង យើង​ត្រូវ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ពួក​គេ រួម​ទាំង​និយាយ​ការ​ពារ​ពួក​គេ​ផង​ដែរ។ (​ភី. ១:១៤; ហេ. ១៣:១៩​) របៀប​មួយ​ទៀត​ដែល​យើង​បង្ហាញ​ចិត្ត​ក្លាហាន​គឺ​ដោយ​បន្ត​ផ្សព្វ​ផ្សាយ​«​យ៉ាង​ក្លាហាន​»។ (​សកម្ម. ១៤:៣​) ដូច​លោក​យេស៊ូ យើង​តាំង​ចិត្ត​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ ទោះ​ជា​មនុស្ស​ប្រឆាំង​និង​បៀត​បៀន​យើង​ក្ដី។ ប៉ុន្តែ នៅ​ពេល​ខ្លះ​យើង​ប្រហែល​ជា​ខ្វះ​ចិត្ត​ក្លាហាន។ ដូច្នេះ តើ​យើង​អាច​ធ្វើ​អ្វី?

១០. ក្នុង​អំឡុង​ប៉ុន្មាន​សប្ដាហ៍​មុន​ពិធី​រំលឹក តើ​យើង​គួរ​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

១០ យើង​អាច​មាន​ចិត្ត​ក្លាហាន​កាន់​តែ​ខ្លាំង​ឡើង​ដោយ​គិត​អំពី​សេចក្ដី​សង្ឃឹម​ដែល​មក​ពី​គ្រឿង​បូជា​លោះ​របស់​គ្រិស្ត​សម្រាប់​យើង។ (​យ៉ូន. ៣:១៦; អេភ. ១:៧​) ក្នុង​អំឡុង​ប៉ុន្មាន​សប្ដាហ៍​មុន​ពិធី​រំលឹក យើង​មាន​ឱកាស​ដ៏​ពិសេស​ដើម្បី​កាន់​តែ​ឲ្យ​តម្លៃ​ចំពោះ​ថ្លៃ​លោះ។ ក្នុង​អំឡុង​ពេល​នោះ សូម​ព្យាយាម​អាន​អំណាន​គម្ពីរ​សម្រាប់​ពិធី​រំលឹក ហើយ​សូម​រំពឹង​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​មុន​និង​ក្រោយ​លោក​យេស៊ូ​ស្លាប់។ យ៉ាង​នេះ ពេល​យើង​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ យើង​នឹង​យល់​កាន់​តែ​ច្បាស់​អំពី​វត្ថុ​តំណាង​សម្រាប់​ពិធី​រំលឹក ហើយ​ក៏​យល់​ថា​វត្ថុ​ទាំង​នោះ​តំណាង​ឲ្យ​គ្រឿង​បូជា​ដែល​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន។ ពេល​ដែល​យើង​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​លោក​យេស៊ូ​និង​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​យើង ហើយ​យល់​អំពី​ប្រយោជន៍​ដែល​យើង​និង​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​យើង​ទទួល សេចក្ដី​សង្ឃឹម​របស់​យើង​នឹង​កាន់​តែ​មាំ​មួន។ នេះ​ក៏​ជំរុញ​ចិត្ត​យើង​ឲ្យ​ស៊ូ​ទ្រាំ​ដោយ​មាន​ចិត្ត​ក្លាហាន​រហូត​ដល់​ទី​បញ្ចប់។—ហេ. ១២:៣

១១​-​១២. មក​ដល់​ត្រឹម​នេះ តើ​យើង​បាន​រៀន​អ្វី​ខ្លះ?

១១ មក​ដល់​ត្រឹម​នេះ យើង​បាន​រៀន​ថា​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ មិន​គ្រាន់​តែ​រំលឹក​យើង​អំពី​ថ្លៃ​លោះ​ដ៏​មាន​តម្លៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រំលឹក​យើង​អំពី​គុណ​សម្បត្ដិ​ដ៏​អស្ចារ្យ​របស់​លោក​យេស៊ូ ពោល​គឺ​ចិត្ត​រាប​ទាប​និង​ចិត្ត​ក្លាហាន។ យើង​មាន​ចិត្ត​កតញ្ញូ​ជា​ខ្លាំង​ដែល​លោក​យេស៊ូ​បន្ត​បង្ហាញ​គុណ​សម្បត្ដិ​ទាំង​នេះ ក្នុង​នាម​ជា​សម្ដេច​សង្ឃ​របស់​យើង​នៅ​ស្ថាន​សួគ៌ ដែល​អង្វរ​ជំនួស​យើង! (​ហេ. ៧:២៤, ២៥​) ដើម្បី​បង្ហាញ​ចិត្ត​កតញ្ញូ យើង​ត្រូវ​រក្សា​ភក្ដី​ភាព​ដោយ​ធ្វើ​ពិធី​រំលឹក​មរណភាព​របស់​លោក​យេស៊ូ ដូច​ដែល​លោក​បាន​បង្គាប់។ (​លូក. ២២:១៩, ២០​) យើង​ធ្វើ​ពិធី​នេះ​នៅ​ថ្ងៃ​ដែល​ចំ​នឹង​ថ្ងៃ​ទី​១៤ ខែ​ណែសាន ដែល​ជា​ថ្ងៃ​ដ៏​សំខាន់​បំផុត​ប្រចាំ​ឆ្នាំ។

១២ តាម​រយៈ​ពិធី​អាហារ​ល្ងាច​ដ៏​សាមញ្ញ​របស់​លោក​ម្ចាស់ យើង​អាច​ឃើញ​គុណ​សម្បត្ដិ​មួយ​ទៀត​របស់​លោក​យេស៊ូ​ដែល​ជំរុញ​ចិត្ត​លោក​ឲ្យ​ស្លាប់​ដើម្បី​យើង។ ពេល​លោក​យេស៊ូ​នៅ​ផែន​ដី មនុស្ស​ស្គាល់​លោក​ថា​ជា​បុគ្គល​ដែល​មាន​គុណ​សម្បត្ដិ​បែប​នេះ។ តើ​គុណ​សម្បត្ដិ​នោះ​ជា​អ្វី?

លោក​យេស៊ូ​មាន​សេចក្ដី​ស្រឡាញ់

១៣. តើ​យ៉ូហាន ១៥:៩ និង​យ៉ូហាន​ទី១ ៤:៨​-​១០​រៀប​រាប់​យ៉ាង​ណា​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​បង្ហាញ? តើ​អ្នក​ណា​ខ្លះ​ទទួល​ប្រយោជន៍​ពី​សេចក្ដី​ស្រឡាញ់​ដែល​លោក​ទាំង​ពីរ​បាន​បង្ហាញ?

១៣ ក្នុង​គ្រប់​ការ​ទាំង​អស់​ដែល​លោក​យេស៊ូ​បាន​ធ្វើ បង្ហាញ​ថា​លោក​ស្រឡាញ់​យើង​ខ្លាំង​ណាស់​ដូច​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង។ (​សូម​អាន យ៉ូហាន ១៥:៩; យ៉ូហាន​ទី១ ៤:៨​-​១០) ប៉ុន្តែ​សំខាន់​បំផុត សេចក្ដី​ស្រឡាញ់​នោះ​ជំរុញ​ចិត្ត​លោក​យេស៊ូ​ឲ្យ​បូជា​ជីវិត​ដើម្បី​យើង។ មិន​ថា​យើង​ជា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង ឬ​ជា​«​ចៀម​ឯ​ទៀត​»​ យើង​ទទួល​ប្រយោជន៍​ពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក​បង្ហាញ​ចំពោះ​យើង​តាម​រយៈ​គ្រឿង​បូជា​នោះ។ (​យ៉ូន. ១០:១៦; ១យ៉ូន. ២:២​) សូម​គិត​ដែរ​អំពី​វត្ថុ​តំណាង​ដែល​បាន​ត្រូវ​ប្រើ​នៅ​ពិធី​រំលឹក នោះ​ក៏​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​លោក​យេស៊ូ​មាន​ចំពោះ​ពួក​អ្នក​កាន់​តាម​លោក។ តើ​តាម​របៀប​ណា?

ដោយ​សេចក្ដី​ស្រឡាញ់ លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​ធ្វើ​ពិធី​រំលឹក​ដែល​សាមញ្ញ ដើម្បី​ឲ្យ​អ្នក​កាន់​តាម​លោក​អាច​ធ្វើ​បាន ទោះ​ជា​ពួក​គេ​រស់​នៅ​សម័យ​ណា​និង​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ (​សូម​មើល​វគ្គ​១៤​-​១៦​) *

១៤. តើ​លោក​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច​ចំពោះ​ពួក​អ្នក​កាន់​តាម​លោក?

១៤ លោក​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង ដោយ​មិន​ធ្វើ​ពិធី​រំលឹក​ដែល​ស្មុគ​ស្មាញ តែ​ធ្វើ​ពិធី​ដែល​សាមញ្ញ​វិញ។ ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​នោះ​ត្រូវ​ធ្វើ​ពិធី​រំលឹក​នោះ​រាល់​តែ​ឆ្នាំ ទោះ​ជា​ពួក​គេ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ រួម​ទាំង​ពេល​ដែល​ពួក​គេ​ជាប់​គុក​ដែរ។ (​បប. ២:១០​) តើ​ពួក​គេ​បាន​ធ្វើ​តាម​បង្គាប់​នេះ​របស់​លោក​យេស៊ូ​ឬ​ទេ? ពួក​គេ​ពិត​ជា​បាន​ធ្វើ​តាម!

១៥​-​១៦. ទោះ​ជា​ស្ថិត​ក្នុង​កាលៈទេសៈ​ពិបាក​ក្ដី តើ​បង​ប្អូន​ខ្លះ​បាន​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​យ៉ាង​ដូច​ម្ដេច?

១៥ ចាប់​ពី​សតវត្សរ៍​ទី១​រហូត​ដល់​សព្វ​ថ្ងៃ​នេះ គ្រិស្ត​សាសនិក​ពិត​បាន​ខំ​ព្យាយាម​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ ដើម្បី​រំលឹក​មរណភាព​របស់​លោក​យេស៊ូ។ ពេល​ធ្វើ​ពិធី​នោះ​ពួក​គេ​ធ្វើ​តាម​គំរូ​ដែល​លោក​យេស៊ូ​បាន​ទុក​ឲ្យ​ដោយ​អស់​ពី​សមត្ថភាព ទោះ​ជា​ពេល​ខ្លះ​ពួក​គេ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក​ក្ដី។ សូម​កត់​សម្គាល់​អំពី​គំរូ​របស់​បង​ប្អូន​ខាង​ក្រោម​នេះ។ ពេល​ដែល​បង​ហារ៉ូល ឃីង​បាន​ជាប់​ឃុំ​ឃាំង​ឲ្យ​នៅ​តែ​ម្នាក់​ឯង នៅ​ក្នុង​គុក​មួយ​នា​ប្រទេស​ចិន គាត់​ត្រូវ​រក​វិធី​ដើម្បី​ធ្វើ​ពិធី​រំលឹក​មរណភាព​របស់​លោក​យេស៊ូ។ ដោយ​ស្ងាត់​ៗ គាត់​ប្រើ​អ្វី​ដែល​គាត់​មាន​ដើម្បី​ធ្វើ​ជា​វត្ថុ​តំណាង។ គាត់​ព្យាយាម​រាប់​ថ្ងៃ​ខែ​សម្រាប់​ពិធី​រំលឹក​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ពេល​ដល់​ថ្ងៃ​ពិធី​រំលឹក គាត់​បាន​ច្រៀង អធិដ្ឋាន និង​ថ្លែង​សុន្ទរកថា​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​តែ​ម្នាក់​ឯង​ក្នុង​បន្ទប់​ឃុំ​ឃាំង​នោះ។

១៦ សូម​គិត​អំពី​គំរូ​មួយ​ទៀត។ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២ បង​ស្រី​មួយ​ក្រុម​ដែល​បាន​ត្រូវ​ឃុំ​នៅ​ក្នុង​ជំ​រុំ​ឃុំ​ឃាំង​មួយ បាន​ប្រថុយ​ជីវិត​ដើម្បី​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់។ ប៉ុន្តែ ដោយ​សារ​អាហារ​ពិធី​រំលឹក​គឺ​សាមញ្ញ ពួក​គេ​អាច​ធ្វើ​ពិធី​នោះ​ដោយ​ស្ងាត់​ៗ។ ពួក​គេ​បាន​រៀប​រាប់​ថា​៖ ​«​យើង​បាន​ឈរ​ជិត​ៗ​គ្នា​ជា​រង្វង់ ហើយ​នៅ​កណ្ដាល​រង្វង់​នោះ​មាន​ជើងម៉ា​មួយ​ដែល​ក្រាល​ក្រណាត់​ស​ពី​លើ។ នៅ​លើ​នោះ​មាន​វត្ថុ​តំណាង។ ក្នុង​បន្ទប់​នោះ យើង​ប្រើ​ទៀន​ដើម្បី​បំភ្លឺដោយ​សារ​ភ្លើង​អំពូល​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឃើញ​អ្វី​ដែល​យើង​កំពុង​ធ្វើ . . . យើង​បាន​ពោល​ពាក្យ​សម្បថ​នឹង​បិតា​របស់​យើង​ម្ដង​ទៀត​ដោយ​អស់​ពី​ចិត្ត​ថា យើង​នឹង​ប្រើ​កម្លាំង​ទាំង​អស់​ដែល​យើង​មាន​ដើម្បី​ជម្រះ​អស់​ទាំង​ការ​តិះ​ដៀល​ចំពោះ​នាម​ដ៏​បរិសុទ្ធ​របស់​លោក​»។ ពួក​គេ​ពិត​ជា​បាន​បង្ហាញ​ជំនឿ​ដ៏​មុត​មាំ​មែន! យើង​ក៏​ឃើញ​ថា​លោក​យេស៊ូ​ពិត​ជា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​យើង! ពី​ព្រោះ​លោក​បាន​ធ្វើ​ពិធី​រំលឹក​ដែល​សាមញ្ញ ដើម្បី​យើង​អាច​ធ្វើ​ពិធី​នោះ​ទោះ​ជា​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​ពិបាក​ក្ដី។

១៧. តើ​យើង​អាច​សួរ​ខ្លួន​យើង​នូវ​សំណួរ​អ្វី​ខ្លះ?

១៧ កាល​ដែល​ជិត​ដល់​ពិធី​រំលឹក ជា​ការ​ល្អ​ដែល​យើង​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ខ្លះ​ៗ​ដូច​ជា​៖ ‹តើ​តាម​របៀប​ណា​ខ្ញុំ​អាច​យក​តម្រាប់​លោក​យេស៊ូ​ឲ្យ​បាន​ដិត​ដល់​ជាង​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់? តើ​ខ្ញុំ​គិត​អំពី​សេចក្ដី​ត្រូវ​ការ​របស់​បង​ប្អូន​ច្រើន​ជាង​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​ឬ​ទេ? តើ​ខ្ញុំ​តម្រូវ​ពី​បង​ប្អូន​ច្រើន​ជាង​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន ឬ​តើ​ខ្ញុំ​ស្គាល់​កម្រិត​របស់​ពួក​គេ​ឬ​ទេ?›។ សូម​យើង​យក​តម្រាប់​លោក​យេស៊ូ​និង​បង្ហាញ​ការ​យោគ​យល់​ចំពោះ​គ្នា​ជា​និច្ច។—១ពេ. ៣:៨

ចូរ​ចង​ចាំ​មេ​រៀន​ទាំង​នេះ​ជា​និច្ច

១៨​-​១៩. (​ក​) តើ​យើង​អាច​ប្រាកដ​អំពី​អ្វី? (​ខ​) តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

១៨ មិន​យូរ​ទៀត យើង​នឹង​មិន​ចាំ​បាច់​ធ្វើ​ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ត​ទៀត​ទេ។ ពេល​លោក​យេស៊ូ​«​មក​»​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង លោក​នឹង​«​ប្រមូល​អ្នក​រើស​តាំង​របស់​លោក​»​ដែល​នៅ​សល់​ឲ្យ​ទៅ​ស្ថាន​សួគ៌ ហើយ​ពិធី​រំលឹក​នឹង​លែង​ត្រូវ​ធ្វើ​ទៀត។—១កូ. ១១:២៦; ម៉ាថ. ២៤:៣១

១៩ ទោះ​ជា​ក្រោយ​ពី​ពិធី​រំលឹក​លែង​មាន​ទៀត​ក្ដី យើង​អាច​ប្រាកដ​ថា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នឹង​ចង​ចាំ​អ្វី​ល្អ​ៗ​អំពី​ពិធី​អាហារ​ដ៏​សាមញ្ញ​នេះ។ តាម​រយៈ​ពិធី​នេះ​យើង​ឃើញ​ចិត្ត​រាប​ទាប ចិត្ត​ក្លាហាន និង​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​បំផុត​ដែល​បុគ្គល​ម្នាក់​បាន​បង្ហាញ។ នៅ​ពេល​នោះ ពួក​អ្នក​ដែល​ធ្លាប់​ចូល​រួម​ពិធី​អាហារ​ដ៏​អស្ចារ្យ​នេះ ប្រាកដ​ជា​នឹង​ប្រាប់​អំពី​ពិធី​នេះ​ដល់​អស់​អ្នក​ដែល​មាន​ជីវិត​រស់​នៅ​ពេល​នោះ​ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ប្រយោជន៍។ ប៉ុន្តែ ដើម្បី​ទទួល​ប្រយោជន៍​នៅ​ឥឡូវ​នេះ​ពី​ពិធី​អាហារ​នោះ យើង​ត្រូវ​តាំង​ចិត្ត​យក​តម្រាប់​លោក​យេស៊ូ​ស្តី​អំពី​ចិត្ត​រាប​ទាប ចិត្ត​ក្លាហាន និង​សេចក្ដី​ស្រឡាញ់។ បើ​យើង​ធ្វើ​ដូច្នេះ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​យើង​នឹង​ទទួល​រង្វាន់​ពី​ព្រះ​យេហូវ៉ា។—២ពេ. ១:១០, ១១

ចម្រៀង​លេខ​១៣ គ្រិស្ត​ជា​គំរូ​របស់​យើង

^ វគ្គ 5 មិន​យូរ​ទៀត យើង​នឹង​ចូល​រួម​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​ដើម្បី​រំលឹក​មរណភាព​របស់​លោក​យេស៊ូ​គ្រិស្ត។ យើង​អាច​រៀន​ច្រើន​ពី​ពិធី​អាហារ​ដ៏​សាមញ្ញ​នេះ​ស្តី​អំពី​ចិត្ត​រាប​ទាប ចិត្ត​ក្លាហាន និង​សេចក្ដី​ស្រឡាញ់​របស់​លោក​យេស៊ូ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​គុណ​សម្បត្ដិ​ដ៏​វិសេស​ដូច​លោក។

^ វគ្គ 2 ការ​ពន្យល់​ពាក្យ: ពាក្យ​រំលឹក​ក្នុង​អត្ថបទ​នេះ​មាន​ន័យ​ថា​ការ​ធ្វើ​អ្វី​ពិសេស​មួយ ដើម្បី​ចង​ចាំ​អំពី​ព្រឹត្ដិការណ៍​ណា​មួយ​ឬ​បុគ្គល​ណា​ម្នាក់ ហើយ​លើក​កិត្ដិយស​បុគ្គល​នោះ។

^ វគ្គ 56 ការ​ពណ៌នា​អំពី​រូប​ភាព: រូប​ភាព​ទាំង​នេះ​បង្ហាញ​អំពី​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ដែល​បាន​ធ្វើ​ពិធី​រំលឹក​នៅ​ក្រុម​ជំនុំ​នា​សតវត្សរ៍​ទី១ នៅ​ចុង​សតវត្សរ៍​ទី​១៩ ក្នុង​ជំ​រុំ​ឃុំ​ឃាំង​ណាត្ស៊ី និង​នៅ​សម័យ​យើង​ក្នុង​សាល​ប្រជុំ​ដ៏​សាមញ្ញ​ដែល​គ្មាន​ជញ្ជាំង នា​ប្រទេស​មួយ​នៅ​ទ្វីប​អាម៉េរិក​ខាង​ត្បូង​ដែល​មាន​អាកាសធាតុ​ក្ដៅ​ល្មម។