លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១

«ចូរទៅបង្រៀនមនុស្ស...ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»

«ចូរទៅបង្រៀនមនុស្ស...ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»

បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ​២០២០​គឺ: ​«ចូរ​ទៅ​បង្រៀន​មនុស្ស . . . ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ ហើយ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ»។—ម៉ាថ. ២៨:១៩

ចម្រៀង​លេខ​៧៩ ចូរ​បង្រៀន​ពួក​គេ​ឲ្យ​កាន់​ជំហរ​មាំ​មួន

សេចក្ដី​សង្ខេប *

១​-​២. តើ​ទេវតា​បាន​ប្រាប់​អ្វី​ដល់​ពួក​ស្ត្រី​នៅ​ទី​បញ្ចុះ​សព​របស់​លោក​យេស៊ូ ហើយ​តើ​លោក​យេស៊ូ​បង្គាប់​អ្វី​ដល់​ពួក​គេ?

នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី១​៦ ខែ​ណែសាន ឆ្នាំ៣៣ គ.ស. ស្ត្រី​មួយ​ចំនួន​ដែល​ជា​អ្នក​ស្រឡាញ់​ព្រះ​បាន​ទៅ​ទី​បញ្ចុះ​សព​របស់​លោក​យេស៊ូ។ ពួក​គេ​បាន​កើត​ទុក្ខ​ជា​ខ្លាំង។ ជាង​៣៦​ម៉ោង​មុន គេ​បាន​បញ្ចុះ​សព​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​នៅ​ទី​នោះ។ ពេល​ពួក​គេ​ទៅ​ដល់​ទី​បញ្ចុះ​សព​របស់​លោក​ក្នុង​បំណង​ចង់​លាប​គ្រឿង​ក្រអូប​និង​ប្រេង​ក្រអូប​ទៅ​លើ​សព ពួក​គេ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ដោយ​ឃើញ​ថា​ទី​បញ្ចុះ​សព​នៅ​ទទេ! ទេវតា​មួយ​រូប​ប្រាប់​ស្ត្រី​ទាំង​នោះ​ថា​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ រួច​ប្រាប់​ទៀត​ថា៖ «លោក​នឹង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់​គ្នា ហើយ​អ្នក​នឹង​ឃើញ​លោក​នៅ​ទី​នោះ»។—ម៉ាថ. ២៨:១​-​៧; លូក. ២៣:៥៦; ២៤:១០

ក្រោយ​ពី​ស្ត្រី​ទាំង​នោះ​បាន​ចេញ​ពី​ទី​បញ្ចុះ​សព លោក​យេស៊ូ​ផ្ទាល់​បាន​ជួប​ពួក​គេ ហើយ​បង្គាប់​ថា៖ «ចូរ​ទៅ ហើយ​នាំ​ដំណឹង​ប្រាប់​បង​ប្អូន​របស់​ខ្ញុំ​ផង ដើម្បី​ឲ្យ​ពួក​គាត់​ទៅ​ស្រុក​កាលីឡេ ហើយ​ពួក​គាត់​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ»។ (ម៉ាថ. ២៨:១០) ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ អ្វី​ដំបូង​ដែល​លោក​ធ្វើ​គឺ​រៀប​ចំការ​ជួប​ជុំ​ជា​មួយ​នឹង​អ្នក​កាន់​តាម​លោក។ ក្នុង​ការ​ជួប​ជុំ​នោះ លោក​បាន​ឲ្យ​ការ​ណែនាំ​ខ្លះ​ដ៏​សំខាន់​ដល់​ពួក​គេ។

តើ​លោក​យេស៊ូ​បាន​ឲ្យ​បង្គាប់​ដល់​អ្នក​ណា?

ពេល​លោក​យេស៊ូ​ជួប​ជុំ​ជា​មួយ​នឹង​ពួក​សាវ័ក​និង​អ្នក​ឯ​ទៀត​នៅ​តំបន់​កាលីឡេ​បន្ទាប់​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​បង្គាប់​ពួក​គេ​ឲ្យ​‹ទៅ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក›​ ​(សូម​មើល​វគ្គ​៣​-​៤)

៣​-​៤. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​បង្គាប់​នៅ​ម៉ាថាយ ២៨:១៩, ២០ មិន​មែន​សម្រាប់​តែ​ពួក​សាវ័ក​ប៉ុណ្ណោះ? (សូម​មើល​រូប​ភាព​នៅ​ក្រប)

សូម​អាន ម៉ាថាយ ២៨:១៦​-​២០ក្នុង​ការ​ជួប​ជុំ​ដែល​លោក​យេស៊ូ​បាន​រៀបចំ លោក​បាន​លើក​ឡើង​អំពី​កិច្ច​ការ​សំខាន់​ដែល​អ្នក​កាន់​តាម​លោក​នឹង​សម្រេច​នៅ​សតវត្សរ៍​ទី១ ហើយ​នេះ​គឺ​ដូច​គ្នា​នឹង​កិច្ច​ការ​ដែល​យើង​កំពុង​ធ្វើ​នៅ​សព្វ​ថ្ងៃ​នេះ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ . . . ហើយ​បង្រៀន​ពួក​គេ​ឲ្យ​កាន់​តាម​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា»។

លោក​យេស៊ូ​ចង់​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​ទាំង​អស់​ផ្សព្វ​ផ្សាយ។ លោក​មិន​មែន​បង្គាប់​តែ​សាវ័ក​ស្មោះ​ត្រង់​១១​នាក់​របស់​លោក​ឲ្យ​ធ្វើ​កិច្ច​ការ​នេះ​ប៉ុណ្ណោះ​ទេ។ ហេតុ​អ្វី​យើង​អាច​ប្រាកដ​អំពី​រឿង​នេះ? ពេល​ដែល​លោក​យេស៊ូ​បាន​ឲ្យ​បង្គាប់​នោះ​នៅ​លើ​ភ្នំ​មួយ​ក្នុង​ស្រុក​កាលីឡេ តើ​មាន​តែ​សាវ័ក​១១​នាក់​របស់​លោក​ប៉ុណ្ណោះ​ដែល​នៅ​ទី​នោះ​ឬ? សូម​នឹក​ឃើញ​អំពី​អ្វី​ដែល​ទេវតា​បាន​និយាយ​ទៅ​កាន់​ពួក​ស្ត្រី ដែល​ថា៖ «អ្នក​នឹង​ឃើញ​លោក​នៅ​[ស្រុក​កាលីឡេ]»។ ដូច្នេះ ស្ត្រី​ដ៏​ស្មោះ​ត្រង់​ក៏​ច្បាស់​ជា​នៅ​ទី​នោះ​ដែរ។ តែ​តើ​មាន​អ្នក​ណា​ទៀត​ឬ​ទេ? សាវ័ក​ប៉ូល​ប្រាប់​ថា លោក​យេស៊ូ​បាន​«លេច​មក​ជួប​បង​ប្អូន​ជាង​ប្រាំ​រយ​នាក់​នៅ​ពេល​តែ​មួយ»។ (១កូ. ១៥:៦) តើ​បង​ប្អូន​ទាំង​នោះ​បាន​ជួប​ជុំ​គ្នា​នៅ​ឯ​ណា?

៥. តើ​យើង​រៀន​អ្វី​ពី​កូរិនថូស​ទី១ ១៥:៦?

យើង​មាន​ហេតុ​ឲ្យ​យល់​ថា​នៅ​កូរិនថូស​ទី១ ១៥:៦ ប៉ូល​បាន​សំដៅ​ទៅ​លើ​ការ​ជួប​ជុំ​នៅ​ស្រុក​កាលីឡេ ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ម៉ាថាយ ជំពូក​២៨។ តើ​មាន​មូលហេតុ​អ្វី​ខ្លះ? ទី១ អ្នក​កាន់​តាម​លោក​យេស៊ូ​ភាគ​ច្រើន​មក​ពី​ស្រុក​កាលីឡេ។ ដូច្នេះ គឺ​ស្រួល​ជាង​ឲ្យ​មាន​ការ​ជួប​ជុំ​ជា​មួយ​នឹង​មនុស្ស​ជា​ច្រើន​នៅ​លើ​ភ្នំ​មួយ​ក្នុង​ស្រុក​កាលីឡេ ជា​ជាង​នៅ​ផ្ទះ​នា​ក្រុង​យេរូសាឡិម។ ទី២ ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​ជួប​សាវ័ក​១១​នាក់​របស់​លោក​រួច​ហើយ​នៅ​ផ្ទះ​មួយ​នា​ក្រុង​យេរូសាឡិម។ បើ​លោក​យេស៊ូ​ចង់​បង្គាប់​តែ​ពួក​សាវ័ក​ប៉ុណ្ណោះ​អំពី​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​អ្នក​ឯ​ទៀត លោក​អាច​ធ្វើ​នេះ​បាន​នៅ​ក្រុង​យេរូសាឡិម ជា​ជាង​សុំ​ពួក​គេ ព្រម​ទាំង​ស្ត្រី​និង​អ្នក​ផ្សេង​ទៀត​ឲ្យ​មក​ជួប​លោក​នៅ​ស្រុក​កាលីឡេ។—លូក. ២៤:៣៣, ៣៦

៦. តើ​បង្គាប់​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ២៨:២០ ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​សម័យ​នេះ? តើ​បង្គាប់​នេះ​កំពុង​សម្រេច​ដល់​កម្រិត​ណា​នៅ​សព្វ​ថ្ងៃ​នេះ?

សូម​កត់​សម្គាល់​អំពី​មូលហេតុ​ដ៏​សំខាន់​ទី៣។ បង្គាប់​របស់​លោក​យេស៊ូ អំពី​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​គឺ​មិន​គ្រាន់​តែ​សម្រាប់​គ្រិស្ត​សាសនិក​ដែល​រស់​នៅ​សតវត្សរ៍​ទី១​ប៉ុណ្ណោះ​ទេ។ ហេតុ​អ្វី​យើង​ដឹង? ពាក្យ​ចុង​ក្រោយ​ក្នុង​បង្គាប់​របស់​លោក​យេស៊ូ​ទៅ​កាន់​អ្នក​កាន់​តាម​លោក គឺ​ថា៖ «ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ»។ (ម៉ាថ. ២៨:២០) ប្រសាសន៍​របស់​លោក​យេស៊ូ​អំពី​កិច្ច​ការ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ។ សូម​គិត​ទៅ​មើល! រាល់​ឆ្នាំ មនុស្ស​ជិត​៣០០.០០០​នាក់​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត ទទួល​ការ​ជ្រមុជ​ទឹក និង​ទៅ​ជា​សាក្សី ព្រះ​យេហូវ៉ា។ នេះ​ពិត​ជា​អស្ចារ្យ​មែន!

៧. តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​ឥឡូវ​នេះ ហើយ​ហេតុ​អ្វី?

មនុស្ស​ជា​ច្រើន​ដែល​សិក្សា​គម្ពីរ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។ ក៏​ប៉ុន្តែ តាម​មើល​ទៅ​អ្នក​ខ្លះ​ដែល​សិក្សា​គម្ពីរ​ជា​ទៀង​ទាត់​ជា​មួយ​យើង​មិន​ហ៊ាន​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ទេ។ ពួក​គេ​ចូល​ចិត្ត​សិក្សា​គម្ពីរ ប៉ុន្តែ​ពួក​គេ​មិន​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក​ឡើយ។ បើ​អ្នក​កំពុង​បង្រៀន​គម្ពីរ​ដល់​អ្នក​ណា​ម្នាក់ យើង​ប្រាកដ​ថា​អ្នក​ចង់​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​គាត់​រៀន ហើយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ជួយ​សិស្ស​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​រីក​ចម្រើន​ក្នុង​សេចក្ដី​ពិត។ ហេតុ​អ្វី​យើង​ត្រូវ​ពិចារណា​អំពី​រឿង​នេះ? ពី​ព្រោះ​ជួន​កាល​យើង​ប្រហែល​ជា​ត្រូវ​សម្រេច​ចិត្ត​ថា​បន្ត​ឬ​ក៏​ឈប់​បង្រៀន​គម្ពីរ​ដល់​អ្នក​ណា​ម្នាក់។

ចូរ​ព្យាយាម​ជួយ​សិស្ស​គម្ពីរ​ ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា

៨. ហេតុ​អ្វី​ពេល​ខ្លះ​គឺ​ពិបាក​ជួយ​សិស្ស​គម្ពីរ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា?

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​បម្រើ​លោក ដោយ​សារ​ពួក​គេ​ស្រឡាញ់​លោក។ ដូច្នេះ គោល​ដៅ​របស់​យើង​គឺ​ជួយ​សិស្ស​គម្ពីរ​យើង​ឲ្យ​យល់​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ពួក​គេ​ម្នាក់ៗ ហើយ​ថា​លោក​ស្រឡាញ់​ពួក​គេ​ខ្លាំង​ណាស់។ យើង​ចង់​ជួយ​ពួក​គេ​ឲ្យ​យល់​ថា​ព្រះ​យេហូវ៉ា​ជា​«ឪ​ពុក​ដល់​ពួក​កំព្រា នឹង​ជា​ចៅ​ក្រម​ដល់​ពួក​មេ​ម៉ាយ»។ (ទំនុក. ៦៨:៥) កាល​ដែល​សិស្ស​របស់​អ្នក​ដឹង​ថា​ព្រះ​ស្រឡាញ់​ពួក​គេ​ខ្លាំង​យ៉ាង​ណា នោះ​ពួក​គេ​នឹង​ទំនង​ជា​ចាប់​ផ្ដើម​ស្រឡាញ់​លោក​វិញ​ដែរ។ សិស្ស​ខ្លះ​ប្រហែល​ជា​ពិបាក​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​ជា​បិតា​ដែល​ស្រឡាញ់​ពួក​គេ ដោយ​សារ​ឪ​ពុក​របស់​ពួក​គេ​មិន​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​មនោសញ្ចេតនា​ចំពោះ​ពួក​គេ​ឡើយ។ (២ធី. ៣:១,) ដូច្នេះ ពេល​ដែល​អ្នក​បង្រៀន​គម្ពីរ សូម​លើក​បញ្ជាក់​អំពី​គុណ​សម្បត្ដិ​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​របស់​ព្រះ​យេហូវ៉ា។ ចូរ​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​យល់​ថា​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ចង់​ឲ្យ​ពួក​គេ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​លោក​ប្រុង​ប្រៀប​ជា​ស្រេច​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​បាន​ជីវិត​បែប​នោះ។ តើ​យើង​អាច​ធ្វើ​អ្វី​ទៀត?

៩​-​១០. តើ​យើង​គួរ​ប្រើ​សៀវភៅ​ណា​ខ្លះ​ពេល​បង្រៀន​សិស្ស​គម្ពីរ ហើយ​ហេតុ​អ្វី?

ចូរ​ប្រើ​សៀវភៅ​«តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី?» និង​«ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់»។ សៀវភៅ​ទាំង​នោះ​បាន​ត្រូវ​រៀបចំ​ឡើង​ជា​ពិសេស​ដើម្បី​ជួយ​យើង​បង្រៀន​សិស្ស​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ជំពូក​ទី១​ក្នុង​សៀវភៅ​បង្រៀន​យើង មាន​ចម្លើយ​ចំពោះ​សំណួរ​ដូច​ជា៖ តើ​ព្រះ​យក​ចិត្ត​ទុក​ដាក់​នឹង​យើង​ឬ​ទេ? តើ​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​មនុស្ស​រង​ទុក្ខ​វេទនា? តើ​អ្នក​អាច​ធ្វើ​ជា​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​បាន​ទេ? ចំណែក​សៀវភៅ​«ព្រះ​ស្រឡាញ់»វិញ សៀវភៅ​នោះ​នឹង​ជួយ​សិស្ស​ឲ្យ​យល់​ថា​ការ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​អាច​ធ្វើ​ឲ្យ​ជីវិត​គាត់​ប្រសើរ​ឡើង ហើយ​នាំ​ឲ្យ​គាត់​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ ទោះ​ជា​អ្នក​ធ្លាប់​បង្រៀន​សៀវភៅ​ទាំង​នេះ​ដល់​អ្នក​ឯ​ទៀត​ក្ដី សូម​រៀបចំ​ឲ្យ​បាន​ល្អ​រាល់​ដង​ដែល​អ្នក​បង្រៀន​សិស្ស ដើម្បី​អ្នក​អាច​គិត​អំពី​សេចក្ដី​ត្រូវ​ការ​របស់​សិស្ស​ម្នាក់ៗ។

១០ ក៏​ប៉ុន្តែ ឧបមា​ថា​សិស្ស​របស់​អ្នក​ចាប់​អារម្មណ៍​ព័ត៌មាន​នៅ​ក្នុង​សៀវភៅ​ផ្សេង​ទៀត​ដែល​មិន​បាន​ត្រូវ​រួម​បញ្ចូល​ក្នុង​សៀវភៅ​ដែល​ជា​ឧបករណ៍​ដើម្បី​បង្រៀន​គម្ពីរ។ ប្រហែល​ជា​អ្នក​អាច​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​អាន​សៀវភៅ​នោះ​ដោយ​ខ្លួន​ឯង ដើម្បី​អ្នក​នៅ​តែ​អាច​បង្រៀន​គាត់​ពី​សៀវភៅ​ដែល​ជា​ឧបករណ៍​ដើម្បី​បង្រៀន​គម្ពីរ។

ចូរ​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​ដោយ​ការ​អធិដ្ឋាន (សូម​មើល​វគ្គ​១១)

១១. តើ​យើង​គួរ​ចាប់​ផ្ដើម​និង​បញ្ចប់​ការ​បង្រៀន​គម្ពីរ​ដោយ​ការ​អធិដ្ឋាន​នៅ​ពេល​ណា? តើ​អ្នក​អាច​លើក​ឡើង​អំពី​រឿង​នេះ​យ៉ាង​ដូច​ម្ដេច?

១១ ចូរ​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​ដោយ​ការ​អធិដ្ឋាន។ បើ​អ្នក​បាន​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​ដល់​បុគ្គល​ណា​ម្នាក់ គឺ​ជា​ការ​ល្អ​ដែល​អ្នក​ចាប់​ផ្ដើម​និង​បញ្ចប់​ការ​សិក្សា​ដោយ​អធិដ្ឋាន។ ម្យ៉ាង​ទៀត គឺ​ល្អ​បំផុត​ដែល​អ្នក​ធ្វើ​ដូច្នេះ​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។ យើង​ត្រូវ​ជួយ​សិស្ស​ឲ្យ​ដឹង​ថា យើង​អាច​យល់​បណ្ដាំ​របស់​ព្រះ​បាន​លុះ​ត្រា​តែ​មាន​ជំនួយ​ពី​សកម្មពល​របស់​ព្រះ។ អ្នក​បង្រៀន​គម្ពីរ​ខ្លះ​លើក​ឡើង​អំពី​រឿង​នេះ ដោយ​អាន​យ៉ាកុប ១:៥ ដែល​ចែង​ថា៖ «ប្រសិន​បើ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ណា​ម្នាក់​ខ្វះ​ប្រាជ្ញា ចូរ​ឲ្យ​អ្នក​នោះ​សុំ​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត​ចុះ»។ រួច​មក អ្នក​បង្រៀន​គម្ពីរ​សួរ​សិស្ស​ថា៖ «តើ​យើង​អាច​សុំ​ប្រាជ្ញា​ពី​ព្រះ​យ៉ាង​ដូច​ម្ដេច?»។ សិស្ស​ទំនង​ជា​នឹង​យល់​ស្រប​ថា​យើង​គួរ​អធិដ្ឋាន​ទៅ​ព្រះ។

១២. តើ​អ្នក​អាច​ប្រើ​ទំនុក​តម្កើង ១៣៩:២​-​៤​ដើម្បី​ជួយ​សិស្ស​ឲ្យ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត​យ៉ាង​ដូច​ម្ដេច?

១២ ចូរ​បង្រៀន​សិស្ស​របស់​អ្នក​អំពី​របៀប​អធិដ្ឋាន។ សូម​ពង្រឹង​ទំនុក​ចិត្ត​គាត់​ថា​ព្រះ​យេហូវ៉ា​ចង់​ស្ដាប់​សេចក្ដី​អធិដ្ឋាន​ដ៏​ស្មោះ​អស់​ពី​ចិត្ត​របស់​គាត់។ យើង​ចង់​ពន្យល់​គាត់​ថា ក្នុង​សេចក្ដី​អធិដ្ឋាន​ផ្ទាល់​ខ្លួន យើង​អាច​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​គំនិត​និង​អារម្មណ៍​ដែល​យើង​ប្រហែល​ជា​មិន​ចង់​ប្រាប់​អ្នក​ផ្សេង​ទៀត។ តាម​ពិត ព្រះ​យេហូវ៉ា​ស្គាល់​គំនិត​និង​អារម្មណ៍​ដែល​កប់​ជ្រៅ​ក្នុង​ចិត្ត​របស់​យើង​រួច​ហើយ។ (សូម​អាន ទំនុក​តម្កើង ១៣៩:២​-​៤) យើង​ក៏​អាច​លើក​ទឹក​ចិត្ត​សិស្ស​របស់​យើង​ឲ្យ​សុំ​ជំនួយ​ពី​ព្រះ​ដើម្បី​កែ​ប្រែ​គំនិត​មិន​ត្រឹម​ត្រូវ​និង​លះ​ចោល​ទម្លាប់​អាក្រក់។ ជា​ឧទាហរណ៍ បុគ្គល​ម្នាក់​ដែល​រៀន​គម្ពីរ​ជា​មួយ​យើង​អស់​មួយ​រយៈ​ពេល ប្រហែល​ជា​នៅ​តែ​ចូល​ចិត្ត​ពិធី​បុណ្យ​ដែល​គ្រិស្ត​សាសនិក​មិន​គួរ​រួម​ចំណែក។ គាត់​ដឹង​ថា​នោះ​គឺ​ខុស តែ​គាត់​នៅ​តែ​ចូល​ចិត្ត​ផ្នែក​ខ្លះ​នៃ​ពិធី​បុណ្យ​នោះ។ សូម​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ប្រាប់​ព្រះ​យេហូវ៉ា​ចំៗ​អំពី​អារម្មណ៍​របស់​គាត់ និង​អង្វរ​សុំ​លោក​ឲ្យ​ជួយ​គាត់​ស្រឡាញ់​តែ​អ្វី​ដែល​ព្រះ​ស្រឡាញ់​ប៉ុណ្ណោះ។—ទំនុក. ៩៧:១០

ចូរ​អញ្ជើញ​សិស្ស​គម្ពីរ​របស់​អ្នក​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ (សូម​មើល​វគ្គ​១៣)

១៣. (ក) ហេតុ​អ្វី​យើង​គួរ​អញ្ជើញ​សិស្ស​គម្ពីរ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ឲ្យ​បាន​ឆាប់​បំផុត? (ខ) តើ​តាម​របៀប​ណា​យើង​អាច​ជួយ​សិស្ស​គម្ពីរ​ឲ្យ​មាន​អារម្មណ៍​ស្រួល​ជាង​ពេល​នៅ​សាល​ប្រជុំ?

១៣ ចូរ​អញ្ជើញ​សិស្ស​គម្ពីរ​របស់​អ្នក​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ឲ្យ​បាន​ឆាប់​បំផុត។ អ្វី​ដែល​សិស្ស​របស់​អ្នក​ឮ​និង​ឃើញ​នៅ​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​ពិត អាច​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​គាត់ ហើយ​អាច​ជួយ​គាត់​ឲ្យ​រីក​ចម្រើន។ សូម​បង្ហាញ​វីដេអូ​តើ​មាន​កម្ម​វិធី​អ្វី​ខ្លះ​នៅ​សាល​ប្រជុំ​របស់​យើង? ហើយ​អញ្ជើញ​គាត់​យ៉ាង​កក់​ក្ដៅ​ឲ្យ​ទៅ​ជា​មួយ​នឹង​អ្នក។ បើ​អាច​ធ្វើ​បាន សូម​ស្នើ​សុំ​ជួយ​យក​គាត់​ទៅ​កិច្ច​ប្រជុំ។ គឺ​ជា​ការ​ល្អ​ដែល​អ្នក​អញ្ជើញ​អ្នក​ផ្សាយ​ផ្សេងៗ​ឲ្យ​ទៅ​បង្រៀន​គម្ពីរ​ជា​មួយ​អ្នក។ តាម​របៀប​នេះ សិស្ស​គម្ពីរ​របស់​អ្នក​នឹង​ស្គាល់​បង​ប្អូន​ផ្សេងៗ​ក្នុង​ក្រុម​ជំនុំ ហើយ​គាត់​ទំនង​ជា​នឹង​មាន​អារម្មណ៍​ស្រួល​ជាង​ពេល​គាត់​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង។

ចូរ​ជួយ​សិស្ស​គម្ពីរ​ឲ្យ​រីក​ចម្រើន

១៤. តើ​អ្វី​អាច​ធ្វើ​ឲ្យ​សិស្ស​គម្ពីរ​ចង់​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត?

១៤ គោល​ដៅ​របស់​យើង​គឺ​ជួយ​សិស្ស​គម្ពីរ​របស់​យើង​ឲ្យ​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ (អេភ. ៤:១៣) ពេល​បុគ្គល​ម្នាក់​យល់​ព្រម​សិក្សា​គម្ពីរ គាត់​ប្រហែល​ជា​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​អំពី​របៀប​ដែល​គាត់​ផ្ទាល់​អាច​ទទួល​ប្រយោជន៍​ពី​ការ​រៀន​គម្ពីរ។ ប៉ុន្តែ កាល​ដែល​គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង នោះ​គាត់​នឹង​ទំនង​ជា​ចាប់​ផ្ដើម​គិត​អំពី​របៀប​ដែល​គាត់​អាច​ជួយ​អ្នក​ឯ​ទៀត រួម​ទាំង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។ (ម៉ាថ. ២២:៣៧​-​៣៩) នៅ​ពេល​សម​ត្រឹម​ត្រូវ សូម​កុំ​ស្ទាក់​ស្ទើរ​ប្រាប់​សិស្ស​របស់​អ្នក​អំពី​ការ​មាន​ឯកសិទ្ធិ​គាំ​ទ្រ​សកម្មភាព​រាជាណាចក្រ​ព្រះ ដោយ​ធ្វើ​វិភាគទាន។

ចូរ​បង្រៀន​សិស្ស​គម្ពីរ​របស់​អ្នក​អំពី​អ្វី​ដែល​គួរ​ធ្វើ​ពេល​មាន​បញ្ហា​កើត​ឡើង (សូម​មើល​វគ្គ​១៥)

១៥. តើ​យើង​អាច​ជួយ​សិស្ស​គម្ពីរ​យ៉ាង​ដូច​ម្ដេច​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ពេល​គាត់​មាន​បញ្ហា?

១៥ ចូរ​បង្រៀន​សិស្ស​គម្ពីរ​របស់​អ្នក​អំពី​អ្វី​ដែល​គួរ​ធ្វើ​ពេល​បញ្ហា​កើត​ឡើង។ ឧបមា​ថា សិស្ស​គម្ពីរ​របស់​អ្នក​ដែល​ជា​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក បាន​ប្រាប់​អ្នក​ថា​គាត់​ទើស​ចិត្ត​នឹង​បុគ្គល​ម្នាក់​ក្នុង​ក្រុម​ជំនុំ។ ជា​ជាង​កាន់​ជើង​ខាង​ណា​មួយ សូម​ពន្យល់​គាត់​នូវ​អ្វី​ដែល​គម្ពីរ​ចែង​អំពី​រឿង​នោះ។ គាត់​អាច​អភ័យ​ទោស​ឲ្យ​បង​ប្អូន​នោះ ហើយ​បំភ្លេច​ចោល​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង។ ឬ​ក៏​បើ​គាត់​មិន​អាច​បំភ្លេច​រឿង​នោះ​បាន​ទេ គាត់​គួរ​ទៅ​និយាយ​ជា​មួយ​នឹង​បង​ប្អូន​នោះ​ដោយ​ចិត្ត​ស្លូត​បូត​និង​សេចក្ដី​ស្រឡាញ់ ក្នុង​គោល​បំណង​«បាន​បង​ប្អូន​នោះ​មក​វិញ»។ (សូម​ពិនិត្យ​បន្ថែម ម៉ាថាយ ១៨:​១៥) សូម​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​រៀប​ពាក្យ​ដែល​គាត់​នឹង​និយាយ។ សូម​បង្ហាញ​គាត់​អំពី​របៀប​ប្រើ​កម្ម​វិធី​JW​បណ្ណាល័យ ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី ព្រះ​យេហូវ៉ា និង​គេហទំព័រ​jw.org®ដើម្បី​រៀន​អំពី​របៀប​ដោះ​ស្រាយ​បញ្ហា​នោះ។ ប្រសិន​បើ​គាត់​រៀន​អំពី​របៀប​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​មុន​គាត់​ទទួល​ការ​ជ្រមុជ​ទឹក នោះ​គាត់​នឹង​ទំនង​ជា​កាន់​តែ​ចេះ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ ក្រោយ​ពី​គាត់​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ។

១៦. តើ​ការ​អញ្ជើញ​អ្នក​ផ្សាយ​ឯ​ទៀត​ឲ្យ​ទៅ​បង្រៀន​គម្ពីរ​ជា​មួយ​អ្នក​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ?

១៦ ចូរ​អញ្ជើញ​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ឲ្យ​ទៅ​បង្រៀន​គម្ពីរ​ជា​មួយ​អ្នក ហើយ​ពេល​ដែល​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​មក​ទស្សនកិច្ច​ក្រុម​ជំនុំ ចូរ​អញ្ជើញ​គាត់​ឲ្យ​ចូល​រួម​ដែរ។ ហេតុ​អ្វី? ក្រៅ​ពី​មូលហេតុ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ អ្នក​ផ្សាយ​ឯ​ទៀត​ប្រហែល​ជា​អាច​ជួយ​សិស្ស​គម្ពីរ​របស់​អ្នក​តាម​របៀប​មួយ​ដែល​អ្នក​មិន​អាច​ជួយ​គាត់​បាន។ ឧបមា​ថា សិស្ស​របស់​អ្នក​ព្យាយាម​ផ្ដាច់​បារី តែ​គាត់​បាន​បរាជ័យ​អស់​ជា​ច្រើន​ដង។ សូម​អញ្ជើញ​សាក្សី​ដែល​បាន​យក​ឈ្នះ​ទម្លាប់​បែប​នោះ​ក្រោយ​ពី​បាន​បរាជ័យ​អស់​ជា​ច្រើន​លើក​ច្រើន​សារ ឲ្យ​ចូល​រួម​ជា​មួយ​អ្នក​ក្នុង​ការ​បង្រៀន​គម្ពីរ​នោះ។ សាក្សី​នោះ​ប្រហែល​ជា​អាច​ផ្ដល់​យោបល់​ដ៏​មាន​ប្រយោជន៍​ដែល​សិស្ស​គម្ពីរ​របស់​អ្នក​ត្រូវ​ការ។ បើ​អ្នក​មាន​អារម្មណ៍​មិន​ស្រួល​ដឹក​នាំ​ការ​បង្រៀន​គម្ពីរ​ពេល​មាន​បង​ប្អូន​ដែល​មាន​បទ​ពិសោធន៍​ច្រើន​នៅ​ជា​មួយ សូម​សុំ​គាត់​ឲ្យ​ដឹក​នាំ​ការ​បង្រៀន​គម្ពីរ​នៅ​លើក​នោះ​វិញ។ ពេល​អ្នក​ធ្វើ​ដូច្នេះ សិស្ស​គម្ពីរ​របស់​អ្នក​អាច​ទទួល​ប្រយោជន៍​ពី​បទ​ពិសោធន៍​របស់​បង​ប្អូន​ផ្សេងៗ។ សូម​ចាំ​ថា គោល​ដៅ​របស់​យើង​គឺ​ជួយ​សិស្ស​គម្ពីរ​ឲ្យ​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។

តើ​ខ្ញុំ​គួរ​ឈប់​បង្រៀន​សិស្ស​គម្ពីរ​ណា​ម្នាក់​ឬ​ទេ?

១៧​-​១៨. តើ​អ្នក​គួរ​ពិចារណា​អំពី​អ្វី​ពេល​ត្រូវ​សម្រេច​ចិត្ត​ថា​គួរ​ឬ​មិន​គួរ​ឈប់​បង្រៀន​គម្ពីរ​ដល់​អ្នក​ណា​ម្នាក់?

១៧ បើ​សិស្ស​គម្ពីរ​របស់​អ្នក​មិន​រីក​ចម្រើន អ្នក​នឹង​ត្រូវ​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​គួរ​ឈប់​បង្រៀន​គម្ពីរ​ដល់​គាត់​ឬ​ទេ?› មុន​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​នេះ អ្នក​គួរ​គិត​អំពី​សមត្ថភាព​របស់​សិស្ស​គម្ពីរ​នោះ។ សិស្ស​គម្ពីរ​ខ្លះ​រីក​ចម្រើន​យឺត​ជាង​សិស្ស​គម្ពីរ​ឯ​ទៀត។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​សិស្ស​គម្ពីរ​របស់​ខ្ញុំ​រីក​ចម្រើន​សម​ស្រប​តាម​ស្ថានភាព​របស់​គាត់​ឬ​ទេ?› ‹តើ​គាត់​ចាប់​ផ្ដើម​«កាន់​តាម» ឬ​អនុវត្ត​អ្វី​ដែល​គាត់​កំពុង​រៀន​ឬ​ទេ?›។ (ម៉ាថ. ២៨:២០) សិស្ស​គម្ពីរ​ណា​ម្នាក់​ប្រហែល​ជា​រីក​ចម្រើន​យឺត ប៉ុន្តែ​គាត់​គួរ​រីក​ចម្រើន​បន្ដិច​ម្ដងៗ។

១៨ ចុះ​យ៉ាង​ណា​បើ​បុគ្គល​ម្នាក់​ដែល​សិក្សា​គម្ពីរ​អស់​មួយ​រយៈ​ពេល មើល​ទៅ​មិន​សូវ​ឲ្យ​តម្លៃ​ចំពោះ​ការ​សិក្សា? សូម​ស្រមៃ​គិត​អំពី​រឿង​ដូច​ត​ទៅ​នេះ៖ សិស្ស​គម្ពីរ​របស់​អ្នក​បាន​សិក្សា​ចប់​សៀវភៅ​បង្រៀន​យើង ហើយ​ប្រហែល​ជា​ថែម​ទាំង​ចាប់​ផ្ដើម​រៀន​សៀវភៅ​«ព្រះ​ស្រឡាញ់» ប៉ុន្តែ​គាត់​មិន​ទាន់​បាន​ចូល​រួម​កិច្ច​ប្រជុំ​ម្ដង​សោះ សូម្បី​តែ​ពិធី​រំលឹក​ក៏​មិន​បាន​ចូល​រួម​ដែរ! ម្យ៉ាង​ទៀត គាត់​ច្រើន​តែ​ខក​ខាន​រៀន​គម្ពីរ​ដោយ​ព្រោះ​មូលហេតុ​ដែល​មិន​សំខាន់។ ក្នុង​ករណី​នេះ អ្នក​គួរ​និយាយ​ត្រង់ៗ​ជា​មួយ​គាត់។ *

១៩. តើ​អ្នក​អាច​និយាយ​អ្វី​ទៅ​បុគ្គល​ដែល​មើល​ទៅ​មិន​ឲ្យ​តម្លៃ​ចំពោះ​ការ​សិក្សា​គម្ពីរ ហើយ​តើ​អ្នក​ត្រូវ​គិត​ពិចារណា​អំពី​អ្វី?

១៩ អ្នក​អាច​ចាប់​ផ្ដើម​ដោយ​សួរ​គាត់​ថា ‹តើ​បង​គិត​ថា​អ្វី​ជា​ការ​ពិបាក​បំផុត​ឲ្យ​បង​ទៅ​ជា​សាក្សី ព្រះ​យេហូវ៉ា?›។ សិស្ស​គម្ពីរ​នោះ​ប្រហែល​ជា​ឆ្លើយ​ថា ‹ខ្ញុំ​ចូល​ចិត្ត​រៀន​គម្ពីរ តែ​ខ្ញុំ​នឹង​មិន​ទៅ​ជា​សាក្សី ព្រះ​យេហូវ៉ា​ទេ!›។ បើ​គាត់​មាន​ទស្សនៈ​បែប​នេះ​ក្រោយ​ពី​គាត់​បាន​សិក្សា​អស់​មួយ​រយៈ​ពេល​ហើយ តើ​ចាំ​បាច់​ឲ្យ​យើង​បន្ត​បង្រៀន​គាត់​ទៀត​ឬ​ទេ? ឬ​ក៏​មួយ​ទៀត ក្រោយ​សួរ​សំណួរ​នោះ សិស្ស​គម្ពីរ​របស់​អ្នក​ប្រហែល​ជា​ប្រាប់​អ្នក​ជា​លើក​ដំបូង​អំពី​មូលហេតុ​ដែល​គាត់​មិន​បាន​រីក​ចម្រើន។ ជា​ឧទាហរណ៍ គាត់​ប្រហែល​ជា​មាន​អារម្មណ៍​ថា​គាត់​នឹង​មិន​អាច​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​បាន​ទេ។ ពេល​អ្នក​ដឹង​អំពី​អារម្មណ៍​របស់​គាត់ នោះ​អ្នក​អាច​យល់​ច្បាស់​ជាង​អំពី​របៀប​ជួយ​គាត់។

ចូរ​កុំ​ចំណាយ​ពេល​បង្រៀន​គម្ពីរ​ដល់​បុគ្គល​ណា​ដែល​មិន​រីក​ចម្រើន (សូម​មើល​វគ្គ​២០)

២០. តើ​សកម្មភាព ១៣:៤៨​អាច​ជួយ​យើង​យ៉ាង​ណា​ឲ្យ​សម្រេច​ចិត្ត​ថា​យើង​គួរ​ឬ​មិន​គួរ​បន្ត​បង្រៀន​គម្ពីរ​ដល់​អ្នក​ណា​ម្នាក់?

២០ គួរ​ឲ្យ​ស្ដាយ សិស្ស​គម្ពីរ​ខ្លះ​គឺ​ប្រៀប​ដូច​ជា​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​របស់​អេសេគាល។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេសេគាល​អំពី​ពួក​គេ​ថា៖ «មើល! គេ​រាប់​ឯង​ទុក​ដូច​ជា​បទ​ចំរៀង​ដ៏​ពីរោះ​នៃ​មនុស្ស​មាន​សំឡេង​ល្អ ហើយ​ចេះ​លេង​ភ្លេង​យ៉ាង​ប្រសប់​ប៉ុណ្ណោះ។ ដ្បិត​គេ​ស្ដាប់​អស់​ទាំង​ពាក្យ​របស់​ឯង ប៉ុន្តែ​មិន​ប្រព្រឹត្ត​តាម​ទេ»។ (អេស. ៣៣:៣២) យើង​ប្រហែល​ជា​ពិបាក​ប្រាប់​បុគ្គល​ណា​ម្នាក់​ថា​យើង​នឹង​ឈប់​បង្រៀន​គម្ពីរ​ដល់​គាត់។ ប៉ុន្តែ «នៅ​សល់​ពេល​វេលា​តែ​បន្ដិច​ទេ»។ (១កូ. ៧:២៩) ជា​ជាង​ចំណាយ​ពេល​ថែម​ទៀត​ទៅ​លើ​សិស្ស​គម្ពីរ​ដែល​មិន​រីក​ចម្រើន យើង​គួរ​ព្យាយាម​ស្វែង​រក​បុគ្គល​ដែល​បង្ហាញ​ថា​គាត់​«មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់»។—សូម​អាន សកម្មភាព ១៣:៤៨

ប្រហែល​ជា​មាន​អ្នក​ឯ​ទៀត​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក​ដែល​កំពុង​អធិដ្ឋាន​សុំ​ជំនួយ (សូម​មើល​វគ្គ​២០)

២១. តើ​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ ២០២០​គឺ​ជា​អ្វី ហើយ​ហេតុ​អ្វី​នេះ​គឺ​សម​ត្រឹម​ត្រូវ?

២១ ក្នុង​អំឡុង​ឆ្នាំ ២០២០ បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​របស់​យើង​នឹង​ជួយ​យើង​ឲ្យ​គិត​អំពី​របៀប​ដែល​យើង​អាច​កាន់​តែ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច​ការ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​របស់​យើង​បាន​ត្រូវ​ដក​ស្រង់​ពី​ពាក្យ​ខ្លះ​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ក្នុង​អំឡុង​ការ​ជួប​ជុំ​ដ៏​សំខាន់​លើ​ភ្នំ​មួយ​នៅ​ស្រុក​កាលីឡេ ដែល​ថា៖ «ចូរ​ទៅ​បង្រៀន​មនុស្ស . . . ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ ហើយ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ»។ម៉ាថ. ២៨:១៩

សូម​ឲ្យ​យើង​តាំង​ចិត្ត​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច​ការ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ និង​ការ​ជួយ​សិស្ស​គម្ពីរ​របស់​យើង​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក (សូម​មើល​វគ្គ​២១)

ចម្រៀង​លេខ​៧០ ចូរ​ស្វែង​រក​អ្នក​ណា​ដែល​ទទួល​អ្នក​ជា​ភ្ញៀវ

^ វគ្គ 5 បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​របស់​យើង​សម្រាប់​ឆ្នាំ ២០២០ លើក​ទឹក​ចិត្ត​យើង​ឲ្យ​‹បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ›។ អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ត្រូវ​ធ្វើ​តាម​បង្គាប់​នេះ។ តើ​តាម​របៀប​ណា​យើង​អាច​ជំរុញ​ចិត្ត​សិស្ស​គម្ពីរ​របស់​យើង​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត? ក្នុង​អត្ថបទ​នេះ យើង​នឹង​ឃើញ​អំពី​របៀប​ដែល​យើង​អាច​ជួយ​សិស្ស​គម្ពីរ​របស់​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ យើង​ក៏​នឹង​ពិចារណា​អំពី​របៀប​សម្រេច​ចិត្ត​ថា​តើ​យើង​គួរ​ឬ​មិន​គួរ​ឈប់​បង្រៀន​គម្ពីរ​ដល់​អ្នក​ណា​ម្នាក់។