អត្ថបទសិក្សា ៥
យើងនឹងទៅជាមួយនឹងអ្នក
«យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា»។—សាក. ៨:២៣
ចម្រៀងលេខ២៦ អ្នកបានធ្វើដល់ខ្ញុំដែរ
សេចក្ដីសង្ខេប *
១. តើព្រះយេហូវ៉ាបានមានប្រសាសន៍ថាអ្វីនឹងកើតឡើងនៅសម័យយើង?
ព្រះយេហូវ៉ាបានប្រាប់ទុកជាមុនអំពីសម័យរបស់យើងថា៖ «មនុស្ស១០នាក់ពីភាសាផ្សេងៗនឹងចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ ដោយពាក្យថា៖ ‹យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា›»។ (សាក. ៨:២៣) «សាសន៍យូដាម្នាក់»ជាតំណាងពួកអ្នកដែលព្រះបានរើសតាំងដោយសកម្មពលបរិសុទ្ធ។ ពួកគេក៏បានត្រូវហៅថា«អ៊ីស្រាអែលនៃព្រះ»។ (កាឡ. ៦:១៦) «មនុស្ស១០នាក់»ជាតំណាងពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដី។ ពួកគេដឹងថាព្រះយេហូវ៉ាបានឲ្យពរដល់ពួកអ្នកដែលបានត្រូវរើសតាំងមួយក្រុមនេះ ហើយយល់ថាការគោរពប្រណិប័តន៍លោកជាមួយនឹងក្រុមនេះគឺជាកិត្ដិយសមួយ។
២. តើ«មនុស្ស១០នាក់»«ទៅជាមួយនឹង»ពួកអ្នកដែលបានត្រូវរើសតាំងយ៉ាងដូចម្ដេច?
២ ទោះជាគ្មានអ្នកណាស្គាល់ឈ្មោះទាំងអស់របស់ពួកអ្នកដែលបានត្រូវរើសតាំងដែលនៅផែនដីនាសព្វថ្ងៃនេះក្ដី * ពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដី អាច«ទៅជាមួយនឹង»អ្នកដែលបានត្រូវរើសតាំងទាំងនោះ។ តើតាមរបៀបណា? គម្ពីរចែងថា៖ «មនុស្ស១០នាក់»នោះនឹង«ចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ ដោយពាក្យថា៖ ‹យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា›»។ ខគម្ពីរនេះចែងអំពីជនជាតិយូដាម្នាក់។ ប៉ុន្តែ ពាក្យ«អ្នក»និង«អ្នករាល់គ្នា» សំដៅលើមនុស្សលើសពីម្នាក់។ នេះមានន័យថាជនជាតិយូដានោះគឺមិនគ្រាន់តែជាមនុស្សម្នាក់ទេ តែជាតំណាងក្រុមទាំងមូលនៃអ្នកដែលព្រះបានរើសតាំង។ ពួកអ្នកដែលមិនបានត្រូវរើសតាំងបម្រើព្រះយេហូវ៉ាជាមួយនឹងក្រុមនោះ។ ប៉ុន្តែ ពួកគេមិនចាត់ទុកពួកអ្នកដែលបានត្រូវរើសតាំងទាំងនោះថាជាអ្នកដឹកនាំរបស់ពួកគេឡើយ ដោយសារពួកគេយល់ថាលោកយេស៊ូគឺជាអ្នកដឹកនាំរបស់ពួកគេ។—ម៉ាថ. ២៣:១០
៣. ក្នុងអត្ថបទនេះ តើយើងនឹងឆ្លើយសំណួរអ្វីខ្លះ?
៣ ដោយសារក្នុងចំណោមរាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ នៅតែមានគ្រិស្តសាសនិកដែលបានត្រូវរើសតាំង អ្នកខ្លះប្រហែលជាឆ្ងល់ថា៖ (១) តើពួកអ្នកដែលបានត្រូវរើសតាំងគួរមាន
ទស្សនៈយ៉ាងណាចំពោះខ្លួន? (២) តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះពួកអ្នកដែលបរិភោគវត្ថុតំណាងនៅឯពិធីរំលឹក? (៣) បើចំនួននៃអ្នកដែលបរិភោគវត្ថុតំណាងកាន់តែកើនឡើង តើយើងគួរបារម្ភឬទេ? ក្នុងអត្ថបទនេះ យើងនឹងឆ្លើយសំណួរទាំងនេះ។តើពួកអ្នកដែលបានត្រូវរើសតាំងគួរមានទស្សនៈយ៉ាងណាចំពោះខ្លួន?
៤. តើបុគ្គលដែលបានត្រូវរើសតាំងគួរគិតឲ្យបានដិតដល់អំពីការព្រមានអ្វីនៅកូរិនថូសទី១ ១១:២៧-២៩ ហើយហេតុអ្វី?
៤ ពួកអ្នកដែលបានត្រូវរើសតាំងគួរគិតឲ្យបានដិតដល់អំពីការព្រមាននៅកូរិនថូសទី១ ១១:២៧-២៩។ (សូមអាន) តើបុគ្គលដែលបានត្រូវរើសតាំងអាចបរិភោគវត្ថុតំណាងនៅពិធីរំលឹក«ដោយខ្លួនមិនសមនឹងទទួល»ក្នុងន័យយ៉ាងណា? គឺក្នុងន័យថាគាត់បរិភោគវត្ថុតំណាង តែមិនធ្វើតាមច្បាប់របស់ព្រះយេហូវ៉ា។ (ហេ. ៦:៤-៦; ១០:២៦-២៩) ពួកអ្នកដែលព្រះបានរើសតាំងទទួលស្គាល់ថាពួកគេត្រូវនៅស្មោះត្រង់ បើពួកគេចង់ទទួល«រង្វាន់ ពោលគឺ ព្រះបានហៅឲ្យឡើងទៅស្ថានសួគ៌តាមរយៈគ្រិស្តយេស៊ូ»។—ភី. ៣:១៣-១៦
៥. តើគ្រិស្តសាសនិកដែលបានត្រូវរើសតាំងគួរមានទស្សនៈយ៉ាងណាចំពោះខ្លួន?
៥ សកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាជួយអ្នកបម្រើរបស់លោកឲ្យមានចិត្តរាបទាប មិនមែនមានអំណួតទេ។ (អេភ. ៤:១-៣; កូឡ. ៣:១០, ១២) ហេតុនេះ ពួកអ្នកដែលបានត្រូវរើស តាំងមិនគិតថាពួកគេល្អប្រសើរជាងអ្នកឯទៀតឡើយ។ ពួកគេដឹងថាព្រះយេហូវ៉ាមិនចាំបាច់ឲ្យសកម្មពលបរិសុទ្ធដល់អ្នកដែលបានត្រូវរើសតាំងច្រើនជាងឲ្យអ្នកបម្រើឯទៀតរបស់លោកទេ។ ម្យ៉ាងទៀត ពួកគេមិនគិតថាពួកគេយល់សេចក្ដីពិតពីគម្ពីរជ្រាលជ្រៅជាងអ្នកផ្សេងទៀតឡើយ។ ណាមួយទៀត ពួកគេនឹងមិនប្រាប់អ្នកណាម្នាក់ទៀតថាគាត់ក៏បានត្រូវរើសតាំងដែរ ហើយគួរចាប់ផ្ដើមបរិភោគវត្ថុតំណាងនៅពិធីរំលឹកឡើយ។ ផ្ទុយទៅវិញ ពួកគេមានចិត្តរាបទាប ហើយដឹងថាមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលអាចអញ្ជើញមនុស្សឲ្យទៅស្ថានសួគ៌។
៦. យោងទៅតាមកូរិនថូសទី១ ៤:៧, ៨ តើគ្រិស្តសាសនិកដែលបានត្រូវរើសតាំងគួរប្រព្រឹត្តយ៉ាងណា?
៦ ទោះបីជាអ្នកដែលបានត្រូវរើសតាំងមានអារម្មណ៍ថាគឺជាកិត្ដិយសមួយដែលព្រះបានអញ្ជើញពួកគេឲ្យទៅស្ថានសួគ៌ក្ដី ពួកគេមិនរំពឹងថាអ្នកឯទៀតនឹងប្រព្រឹត្តចំពោះពួកគេតាមរបៀបពិសេសណាមួយឡើយ។ (ភី. ២:២, ៣) ពួកគេក៏ដឹងដែរថាពេលព្រះយេហូវ៉ាបានរើសតាំងពួកគេ លោកមិនបានឲ្យបុគ្គលទាំងអស់ដឹងនោះទេ។ ដូច្នេះ បុគ្គលដែលបានត្រូវរើសតាំងមិនភ្ញាក់ផ្អើលឡើយ បើបងប្អូនខ្លះមិនជឿភ្លាមៗថាគាត់ជាអ្នកដែលព្រះបានរើសតាំង។ គាត់ដឹងថាគម្ពីរប្រាប់យើងមិនឲ្យឆាប់ជឿអ្នកណាម្នាក់ដែលនិយាយថាគាត់បានទទួលភារកិច្ចពិសេសពីព្រះ។ (បប. ២:២) ដោយសារគ្រិស្តសាសនិកដែលបានត្រូវរើសតាំងមិនចង់ឲ្យអ្នកឯទៀតយកចិត្តទុកដាក់ខ្លាំងពេកចំពោះគាត់ នោះគាត់នឹងមិនប្រាប់ពួកអ្នកដែលគាត់ជួបជាលើកដំបូងថាគាត់ជាអ្នកដែលព្រះបានរើសតាំងទេ។ ម្យ៉ាងវិញទៀត គាត់នឹងមិនអួតអំពីឯកសិទ្ធិនោះដល់អ្នកឯទៀតឡើយ។—សូមអាន កូរិនថូសទី១ ៤:៧, ៨
៧. តើពួកអ្នកដែលបានត្រូវរើសតាំងនឹងជៀសវាងពីការធ្វើអ្វីខ្លះ ហើយហេតុអ្វី?
៧ គ្រិស្តសាសនិកដែលព្រះបានរើសតាំងមិនគិតថាពួកគេគួរចំណាយពេលតែជាមួយនឹងអ្នកដែលបានត្រូវរើសតាំងឯទៀតនោះទេ ហាក់ដូចជាពួកគេមានក្រុមពិសេសមួយ។ ពួកគេមិនព្យាយាមរកអ្នកឯទៀតដែលបានត្រូវរើសតាំងដើម្បីពួកគេអាចនិយាយគ្នាអំពីរបៀបដែលពួកគេបានត្រូវរើសតាំង ឬជួបជុំគ្នាជាក្រុមៗដើម្បីសិក្សាគម្ពីរឡើយ។ (កាឡ. ១:១៥-១៧) បើពួកគេធ្វើដូច្នេះ ក្រុមជំនុំនឹងមិនមានសាមគ្គីភាពទេ។ យ៉ាងនេះ ពួកគេប្រឆាំងសកម្មពលបរិសុទ្ធដែលជួយឲ្យរាស្ត្ររបស់ព្រះមានសាមគ្គីភាពនិងសេចក្ដីសុខសាន្ត។—រ៉ូម ១៦:១៧, ១៨
តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះពួកអ្នកដែលព្រះបានរើសតាំង?
៨. ហេតុអ្វីអ្នកត្រូវប្រុងប្រយ័ត្នអំពីរបៀបដែលអ្នកប្រព្រឹត្តចំពោះពួកអ្នកដែលបរិភោគវត្ថុតំណាងនៅឯពិធីរំលឹក? (សូមមើលកំណត់សម្គាល់ផងដែរ)
៨ តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះបងប្អូនដែលបានត្រូវរើសតាំង? ការស្ងើចសរសើរបុគ្គលម្នាក់ខ្លាំងពេកគឺជាការខុស ទោះជាបុគ្គលនោះជាបងប្អូនដែលបានត្រូវរើសតាំងរបស់គ្រិស្តក៏ដោយ។ (ម៉ាថ. ២៣:៨-១២) ស្តីអំពីពួកអ្នកចាស់ទុំ គម្ពីរលើកទឹកចិត្តយើងឲ្យ«យកតម្រាប់តាមជំនឿរបស់ពួកគាត់» ប៉ុន្តែគម្ពីរមិន ប្រាប់យើងថាយើងអាចលើកមនុស្សណាម្នាក់ឲ្យធ្វើជាអ្នកដឹកនាំយើងឡើយ។ (ហេ. ១៣:៧) ពិតមែនតែគម្ពីរចែងថាអ្នកខ្លះ«គួរនឹងទទួលកិត្ដិយសមួយជាពីរ» ប៉ុន្តែនេះគឺដោយសារពួកគេ«ដឹកនាំយ៉ាងល្អប្រសើរ» ហើយ«ធ្វើការនឿយហត់ក្នុងការនិយាយនិងការបង្រៀនអំពីបណ្ដាំរបស់ព្រះ» មិនមែនដោយសារពួកគេជាអ្នកដែលបានត្រូវរើសតាំងទេ។ (១ធី. ៥:១៧) បើយើងលើកសរសើរនិងយកចិត្តទុកដាក់ខ្លាំងពេកចំពោះអ្នកដែលព្រះបានរើសតាំង យើងអាចធ្វើឲ្យពួកគេអៀនខ្មាស។ * ឬក៏អាក្រក់ជាងនេះទៅទៀត យើងអាចធ្វើឲ្យពួកគេទៅជាមនុស្សមានអំណួត។ (រ៉ូម ១២:៣) គ្មានយើងណាម្នាក់ចង់ធ្វើអ្វីណាក៏ដោយដែលអាចនាំឲ្យបងប្អូនដែលបានត្រូវរើសតាំងរបស់គ្រិស្តធ្វើខុសធ្ងន់ធ្ងរបែបនោះឡើយ!—លូក. ១៧:២
៩. តើយើងអាចបង្ហាញយ៉ាងណាថាយើងគោរពគ្រិស្តសាសនិកដែលបានត្រូវរើសតាំង?
៩ តើតាមរបៀបណាយើងអាចបង្ហាញថាយើងគោរពពួកអ្នកដែលព្រះយេហូវ៉ាបានរើសតាំង? យើងនឹងមិនសួរពួកគេអំពីរបៀបដែលពួកគេបានទៅជាអ្នកដែលព្រះបានរើសតាំងឡើយ។ នេះជារឿងផ្ទាល់ខ្លួនរបស់ពួកគេ ដែលយើងមិនមានសិទ្ធិដឹងទេ។ (១ថែ. ៤:១១; ២ថែ. ៣:១១) ម្យ៉ាងទៀត យើងមិនគួរសន្និដ្ឋានថាប្ដី ប្រពន្ធ ឪពុកម្ដាយ ឬសមាជិកឯទៀតនៃក្រុមគ្រួសាររបស់ពួកគេក៏ជាអ្នកដែលបានត្រូវរើសតាំងដែរនោះទេ។ បុគ្គលម្នាក់មិនទទួលសេចក្ដីសង្ឃឹមទៅស្ថានសួគ៌ជាមត៌កពីក្រុមគ្រួសាររបស់គាត់ឡើយ។ ព្រះជាអ្នកផ្ដល់សេចក្ដីសង្ឃឹមនោះឲ្យគាត់។ (១ថែ. ២:១២) យើងក៏គួរជៀសវាងពីការសួរសំណួរផ្សេងៗដែលអាចធ្វើឲ្យអ្នកឯទៀតឈឺចិត្ត។ ជាឧទាហរណ៍ យើងនឹងមិនសួរប្រពន្ធរបស់បងប្រុសដែលព្រះបានរើសតាំងថាគាត់មានអារម្មណ៍យ៉ាងណាអំពីការរស់ជារៀងរហូតនៅផែនដីដោយគ្មានប្ដីរបស់គាត់ឡើយ។ យើងអាចប្រាកដថានៅពិភពលោកថ្មី ព្រះយេហូវ៉ានឹង«បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ»។—ទំនុក. ១៤៥:១៦
១០. បើយើងជៀសវាង«ផ្គាប់ផ្គុនអ្នកដទៃ» តើយើងការពារខ្លួនយើងយ៉ាងដូចម្ដេច?
១០ បើយើងមិនប្រព្រឹត្តចំពោះអ្នកដែលបានត្រូវរើសតាំងដូចជាពួកគេសំខាន់ជាងអ្នកឯទៀត យើងក៏ការពារខ្លួនយើងដែរ។ តើតាមរបៀបណា? គម្ពីរប្រាប់យើងថា អ្នកខ្លះដែលបានត្រូវរើសតាំងប្រហែលជានឹងមិននៅស្មោះត្រង់ទេ។ (ម៉ាថ. ២៥:១០-១២; ២ពេ. ២:២០, ២១) ប៉ុន្តែ បើយើងជៀសវាង«ផ្គាប់ផ្គុនអ្នកដទៃ» យើងនឹងមិនកាន់តាមមនុស្សឯទៀតឡើយ ទោះជាពួកគេគឺជាពួកអ្នកដែលបានត្រូវរើសតាំង ឬបុគ្គលដែលបងប្អូនស្គាល់ជាទូទៅ ឬក៏ពួកអ្នកដែលបានបម្រើព្រះយេហូវ៉ាយូរហើយក្ដី។ (យូ. ១៦) យ៉ាងនេះ បើពួកគេលែងស្មោះត្រង់ ឬចាកចេញពីក្រុមជំនុំ នោះយើងនឹងមិនបាត់បង់ជំនឿទៅលើព្រះយេហូវ៉ា ឬឈប់បម្រើលោកឡើយ។
តើយើងត្រូវបារម្ភអំពីចំនួននៃពួកអ្នកដែលបរិភោគវត្ថុតំណាងឬទេ?
១១. ស្តីអំពីចំនួននៃអ្នកដែលបរិភោគវត្ថុតំណាងនៅឯពិធីរំលឹក តើអ្វីកើតឡើងថ្មីៗនេះ?
១១ អស់ជាច្រើនឆ្នាំ ចំនួននៃអ្នកដែលបរិភោគនំប៉័ងនិងពិសាស្រាទំពាំងបាយជូរនៅពិធីរំលឹកកាន់តែថយចុះ។ ប៉ុន្តែ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួននោះបានកើនឡើងរាល់ឆ្នាំ។ តើយើងត្រូវបារម្ភអំពីរឿងនេះឬទេ? យើងមិនចាំបាច់បារម្ភទេ។ ហេតុអ្វី? សូមយើងពិចារណាអំពីមូលហេតុ។
១២. ហេតុអ្វីយើងមិនគួរបារម្ភអំពីចំនួននៃអ្នកដែលបរិភោគវត្ថុតំណាងនៅពិធីរំលឹក?
១២ «ព្រះយេហូវ៉ាស្គាល់ពួកអ្នកដែលជារបស់លោក»។ (២ធី. ២:១៩) ខុសពីព្រះយេហូវ៉ា បងប្អូនប្រុសដែលរាប់ចំនួននៃមនុស្សដែលបរិភោគនំប៉័ងនិងពិសាស្រាទំពាំងបាយជូរនៅពិធីរំលឹកមិនដឹងថាអ្នកណាពិតជាបានត្រូវរើសតាំងនោះឡើយ។ ដូច្នេះ ចំនួននោះរួមបញ្ចូលពួកអ្នកដែលគិតថាពួកគេគឺជាអ្នកដែលព្រះបានរើសតាំង ប៉ុន្តែពួកគេមិនមែនទេ។ ជាឧទាហរណ៍ អ្នកខ្លះដែលធ្លាប់បរិភោគវត្ថុតំណាង ក្រោយមកបានឈប់។ អ្នកខ្លះទៀតប្រហែលជាមានជំងឺសរសៃប្រសាទ ឬបញ្ហាខាងផ្លូវចិត្ត ហើយគិតថាពួកគេនឹង គ្រប់គ្រងជាមួយនឹងគ្រិស្តនៅស្ថានសួគ៌។ យើងអាចឃើញច្បាស់ថា យើងមិនដឹងប្រាកដថាអ្នកដែលព្រះបានរើសតាំងដែលនៅសល់នៅផែនដីមានចំនួនប៉ុន្មាននាក់ឡើយ។
១៣. តើគម្ពីរចែងអំពីចំនួននៃពួកអ្នកដែលបានត្រូវរើសតាំងដែលនឹងនៅផែនដីពេលគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើមឬទេ?
១៣ ពួកអ្នកដែលព្រះបានរើសតាំងនឹងមាននៅតំបន់ជាច្រើននៅផែនដី ពេលលោកយេស៊ូមកដើម្បីនាំពួកគេទៅស្ថានសួគ៌។ (ម៉ាថ. ២៤:៣១) គម្ពីរចែងថាក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ នឹងមានអ្នកដែលបានត្រូវរើសតាំងមួយចំនួនតូចដែលនៅសល់នៅផែនដី។ (បប. ១២:១៧) ប៉ុន្តែ គម្ពីរមិនបានចែងថានឹងនៅសល់ពួកគេប៉ុន្មាននាក់ពេលគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើមឡើយ។
១៤. ដូចបានបង្ហាញនៅរ៉ូម ៩:១១, ១៦ តើយើងត្រូវយល់យ៉ាងណាអំពីពួក១៤៤.០០០នាក់ដែលព្រះយេហូវ៉ាជ្រើសរើស?
១៤ ព្រះយេហូវ៉ាសម្រេចចិត្តអំពីពេលណាដែលលោកនឹងរើសតាំងអ្នកណាម្នាក់។ (រ៉ូម ៨:២៨-៣០) ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ ព្រះយេហូវ៉ាបានចាប់ផ្ដើមជ្រើសរើសមនុស្សឲ្យមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ តាមមើលទៅនៅសតវត្សរ៍ទី១ គ្រិស្តសាសនិកពិតទាំងអស់បានត្រូវរើសតាំង។ អស់រាប់រយឆ្នាំក្រោយមក មនុស្សភាគច្រើនបានអះអាងថាខ្លួនជាគ្រិស្តសាសនិក តែតាមពិតពួកគេមិនបានកាន់តាមគ្រិស្តទេ។ ទោះជាយ៉ាងនេះក៏ដោយ ក្នុងអំឡុងឆ្នាំទាំងនោះ ព្រះយេហូវ៉ាបានរើសតាំងបុគ្គលមួយចំនួនតូចដែលជាគ្រិស្តសាសនិកពិត។ ពួកគេគឺប្រៀបដូចជាស្រូវសាលីដែលលោកយេស៊ូបានមានប្រសាសន៍ថានឹងដុះក្នុងចំណោមស្រងែ។ (ម៉ាថ. ១៣:២៤-៣០) ក្នុងអំឡុងគ្រាចុងក្រោយបង្អស់ ព្រះយេហូវ៉ាបន្តជ្រើសរើសមនុស្សដែលនឹងធ្វើជាសមាជិកពួក១៤៤.០០០នាក់។ * ហេតុនេះ បើព្រះសម្រេចចិត្ត ជ្រើសរើសអ្នកខ្លះនៃពួកអ្នកទាំងនេះបន្ដិចមុនទីបញ្ចប់មកដល់ យើងប្រាកដជាមិនសង្ស័យអំពីប្រាជ្ញារបស់លោកឡើយ។ (សូមអាន រ៉ូម ៩:១១, ១៦) * យើងត្រូវប្រយ័ត្នមិនប្រព្រឹត្តដូចកម្មករដែលលោកយេស៊ូបានរៀបរាប់ក្នុងឧទាហរណ៍មួយរបស់លោក។ ពួកគេបានត្អូញត្អែរអំពីរបៀបដែលម្ចាស់របស់ពួកគេបានប្រព្រឹត្តទៅលើពួកអ្នកដែលបានចាប់ផ្ដើមធ្វើការពីម៉ោងទី១១។—ម៉ាថ. ២០:៨-១៥
១៥. តើអស់អ្នកដែលបានត្រូវរើសតាំងគឺជា«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ដែលបានត្រូវរៀបរាប់នៅម៉ាថាយ ២៤:៤៥-៤៧ឬ? សូមពន្យល់។
១៥ មិនមែនមនុស្សទាំងអស់ដែលមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌គឺជា«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ឡើយ។ (សូមអាន ម៉ាថាយ ២៤:៤៥-៤៧) ដូចនៅសតវត្សរ៍ទី១ដែរ សព្វថ្ងៃនេះព្រះយេហូវ៉ានិងលោកយេស៊ូកំពុងប្រើបងប្រុសៗមួយចំនួនតូច ដើម្បីផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដល់មនុស្សជាច្រើន។ នៅសតវត្សរ៍ទី១ មានតែគ្រិស្តសាសនិកដែលបានត្រូវរើសតាំងប៉ុន្មាននាក់ប៉ុណ្ណោះដែលព្រះបានប្រើដើម្បីសរសេរបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។ នៅសព្វថ្ងៃនេះ មានតែគ្រិស្តសាសនិកដែលបានត្រូវរើសតាំងប៉ុន្មាននាក់ប៉ុណ្ណោះដែលមានភារកិច្ចឲ្យ‹អាហារតាមត្រូវពេល›ដល់រាស្ត្ររបស់ព្រះ។
១៦. តើអ្នកបានរៀនអ្វីពីអត្ថបទនេះ?
១៦ តើយើងបានរៀនអ្វីខ្លះពីអត្ថបទនេះ? ព្រះយេហូវ៉ាបានសម្រេចចិត្តផ្ដល់ជីវិតដែលគ្មានទីបញ្ចប់នៅផែនដីដល់រាស្ត្រភាគច្រើនរបស់លោក ហើយផ្ដល់ជីវិតនៅស្ថានសួគ៌ដល់មនុស្សមួយចំនួនតូចដែលនឹងគ្រប់គ្រងជាមួយនឹងលោកយេស៊ូ។ ព្រះយេហូវ៉ាឲ្យរង្វាន់ដល់អ្នកបម្រើទាំងអស់របស់លោក ទាំង«សាសន៍យូដាម្នាក់»ទាំង«មនុស្ស១០នាក់» ហើយលោកតម្រូវឲ្យពួកគេធ្វើតាមច្បាប់ដូចគ្នា និងនៅស្មោះត្រង់នឹងលោក។ យើងទាំងអស់គ្នាត្រូវមានចិត្តរាបទាបជានិច្ច។ យើងទាំងអស់គ្នាក៏ត្រូវបម្រើលោកជាមួយគ្នា មានសាមគ្គីភាព ហើយត្រូវខំព្យាយាមរក្សាសេចក្ដីសុខសាន្តក្នុងក្រុមជំនុំ។ កាលដែលយើងចូលកាន់តែជិតដល់ទីបញ្ចប់ សូមយើងទាំងអស់គ្នាបន្តបម្រើព្រះយេហូវ៉ា ហើយធ្វើតាមគ្រិស្តជា«ហ្វូងតែមួយ»។—យ៉ូន. ១០:១៦
^ វគ្គ 5 ពិធីរំលឹកមរណភាពរបស់គ្រិស្តនៅឆ្នាំនេះនឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារទី៧ ខែមេសា។ តើយើងគួរមានទស្សនៈយ៉ាងណាចំពោះពួកអ្នកដែលបរិភោគវត្ថុតំណាងនៅល្ងាចនោះ? បើចំនួននៃអ្នកដែលបរិភោគវត្ថុតំណាងកាន់តែកើនឡើង តើយើងគួរបារម្ភឬទេ? ក្នុងអត្ថបទនេះ យើងនឹងឃើញចម្លើយចំពោះសំណួរទាំងនេះ ហើយអត្ថបទនេះមានមូលដ្ឋានលើអត្ថបទមួយដែលចេញផ្សាយក្នុងទស្សនាវដ្ដីប៉មយាម ខែមករា ឆ្នាំ២០១៦។
^ វគ្គ 2 យោងទៅតាមទំនុកតម្កើង ៨៧:៥, ៦ នៅពេលអនាគត ព្រះប្រហែលជានឹងបើកបង្ហាញអំពីឈ្មោះរបស់អស់អ្នកដែលគ្រប់គ្រងជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌។—រ៉ូម ៨:១៩
^ វគ្គ 8 សូមមើលប្រអប់ដែលមានចំណងជើងថា «សេចក្ដីស្រឡាញ់‹មិនប្រព្រឹត្តឥតសមរម្យ›»ក្នុងទស្សនាវដ្ដីប៉មយាម ខែមករា ឆ្នាំ២០១៦។
^ វគ្គ 14 ទោះជាសកម្មភាព ២:៣៣បង្ហាញថាព្រះចាក់សកម្មពលបរិសុទ្ធតាមរយៈលោកយេស៊ូក៏ដោយ ព្រះយេហូវ៉ាគឺជាអ្នកដែលជ្រើសរើសបុគ្គលម្នាក់ៗ។
^ វគ្គ 14 ដើម្បីទទួលបានព័ត៌មានថែមទៀត សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា ឆ្នាំ២០០៨ ទំ. ២៧។
ចម្រៀងលេខ៣៤ ចូររក្សាចិត្តស្មោះគ្រប់លក្ខណៈជានិច្ច
^ វគ្គ 56 ការពណ៌នាអំពីរូបភាព: នៅមហាសន្និបាត បើបងប្អូនចោមរោមថតរូបបងប្រុសដែលជាតំណាងមន្ទីរចាត់ការពិភពលោកនិងប្រពន្ធរបស់គាត់ នោះពិតជាមិនបង្ហាញការគោរពទេ!