លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​មាន​ចិត្ដ​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ជា​ជាង​ស្មូន​របស់​យើង

ចូរ​មាន​ចិត្ដ​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ជា​ជាង​ស្មូន​របស់​យើង

​«​ឱ​ព្រះ​យេហូវ៉ា​អើយ . . . ទ្រង់​ជា​ជាង​ស្មូន យើង​ខ្ញុំ​ជា​ស្នា​ដៃ​នៃ​ព្រះ​ហស្ដ​ទ្រង់​ទាំង​អស់​គ្នា​»។—អេសាយ ៦៤:៨

ចម្រៀង​លេខ: ៨៩, ២៦

១​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​គឺ​ជា​ជាង​ស្មូន​ដ៏​ឧត្ដម​បំផុត?

នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១០ នៅ​ប្រទេស​អង់គ្លេស ថូ​បុរាណ​ចិន​មួយ​ដែល​ធ្វើ​ពី​ដី​ឥដ្ឋ​បាន​ត្រូវ​គេ​ដាក់​លក់​ដេញ​ថ្លៃ​បាន​តម្លៃ​ជិត​៧០​លាន​ដុល្លារ។ គឺ​ជា​ការ​អស្ចារ្យ​ណាស់​ដែល​ជាង​ស្មូន​អាច​សូន​ដី​ឥដ្ឋ​ដែល​ជា​វត្ថុ​ធម្មតា​និង​មាន​តម្លៃ​ថោក​ឲ្យ​ទៅ​ជា​ថូ​ដ៏​ស្អាត​និង​មាន​តម្លៃ​ថ្លៃ។ ព្រះ​យេហូវ៉ា​ដែល​ជា​ជាង​ស្មូន​របស់​យើង​គឺ​អស្ចារ្យ​ជាង ជាង​ស្មូន​ដែល​ជា​មនុស្ស​ឆ្ងាយ​ណាស់។ គម្ពីរ​ចែង​ថា​ព្រះ​យេហូវ៉ា​បាន​បង្កើត​បុរស​ល្អ​ឥត​ខ្ចោះ​ម្នាក់​ពី​«​ធូលី​ដី​»​ ពោល​គឺ​ដី​ឥដ្ឋ។ (​លោកុប្បត្ដិ ២:៧​) បុរស​នោះ​ឈ្មោះ​អាដាម ហើយ​គាត់​គឺ​ជា​«​កូន​ព្រះ​»។ ម្យ៉ាង​ទៀត គាត់​បាន​ត្រូវ​បង្កើត​ឲ្យ​មាន​សមត្ថភាព​បង្ហាញ​គុណ​សម្បត្ដិ​ដូច​ព្រះ។—លូកា ៣:៣៨

២, ៣​. តើ​តាម​របៀប​ណា​យើង​អាច​មាន​ចិត្ដ​គំនិត​ដូច​ជន​ជាតិ​អ៊ីស្រាអែល​ដែល​បាន​ប្រែ​ចិត្ដ?

ពេល​អាដាម​បាន​បះ​បោរ​ប្រឆាំង​នឹង​អ្នក​បង្កើត​របស់​គាត់ គាត់​លែង​ជា​កូន​ព្រះ​ទៀត។ ប៉ុន្ដែ កូន​ចៅ​អាដាម​ជា​ច្រើន​នាក់​បាន​ជ្រើស​រើស​ព្រះ​យេហូវ៉ា​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ។ (​ហេប្រឺ ១២:១​) តាម​រយៈ​ការ​ស្តាប់​បង្គាប់​អ្នក​បង្កើត​របស់​ពួក​គេ​ដោយ​ចិត្ដ​រាប​ទាប នោះ​ពួក​គេ​បាន​បង្ហាញ​ថា​ពួក​គេ​ចង់​ឲ្យ​លោក​ធ្វើ​ជា​បិតា​និង​ជាង​ស្មូន​របស់​ពួក​គេ មិន​មែន​សាថាន​ទេ។ (​យ៉ូហាន ៨:៤៤​) ភក្ដី​ភាព​របស់​ពួក​គេ​ចំពោះ​ព្រះរំលឹក​យើង​អំពី​អ្វី​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ដែល​បាន​ប្រែ​ចិត្ដ​បាន​និយាយ ដែល​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ។ យើង​ខ្ញុំ​រាល់​គ្នា​ជា​ដី​ឥដ្ឋ ហើយ​ទ្រង់​ជា​ជាង​ស្មូន យើង​ខ្ញុំ​ជា​ស្នា​ដៃ​នៃ​ព្រះ​ហស្ដ​ទ្រង់​ទាំង​អស់​គ្នា​»។—អេសាយ ៦៤:៨

អ្នក​គោរព​ប្រណិប័តន៍​ពិត​របស់​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ព្យាយាម​ស្តាប់​បង្គាប់​និង​មាន​ចិត្ដ​រាប​ទាប​ដែរ។ ពួក​គេ​ចាត់​ទុក​ថា​ការ​ហៅ​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​ពួក​គេ​គឺ​ជា​កិត្ដិយស​មួយ ហើយ​ពួក​គេ​ចង់​ឲ្យ​លោក​ធ្វើ​ជា​ជាង​ស្មូន​របស់​ពួក​គេ។ តើ​យើង​សុខ​ចិត្ដ​ធ្វើ​ដូច​ជា​ដី​ឥដ្ឋ​ទន់​ដែល​ព្រះ​អាច​សូន​ឲ្យ​ទៅ​ជា​ភាជនៈ​ដ៏​មាន​តម្លៃ​ឬ​ទេ? តើ​យើង​យល់​ថា​បង​ប្អូន​ម្នាក់​ៗ​របស់​យើង​នៅ​តែ​ត្រូវ​សូន​ឬ​កំពុង​ទទួល​ការ​អប់រំ​ពី​ព្រះ​ឬ​ទេ? ដើម្បី​ជួយ​យើង​ឲ្យ​មាន​ចិត្ដ​គំនិត​ត្រឹម​ត្រូវ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ជ្រើស​រើស​ពួក​អ្នក​ដែល​លោក​ចង់​សូន​ឬ​អប់រំ មូលហេតុ​ដែល​លោក​អប់រំ​ពួក​គេ និង​របៀប​ដែល​លោក​ធ្វើ​ដូច្នេះ។

ព្រះ​យេហូវ៉ា​ជ្រើស​រើស​ពួក​អ្នក​ដែល​លោក​អប់រំ

៤​. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ជ្រើស​រើស​ពួក​អ្នក​ដែល​លោក​ទាញ​នាំ​មក​ឯ​លោក? សូម​លើក​ឧទាហរណ៍​ខ្លះ។

របៀប​ដែល​ព្រះ​យេហូវ៉ា​មើល​មនុស្ស​គឺ​មិន​ដូច​របៀប​ដែល​យើង​មើល​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ពិនិត្យ​មើល​ចិត្ដ ហើយ​ឃើញ​ថា​យើង​ម្នាក់​ៗ​ពិត​ជា​មនុស្ស​បែប​ណា។ (​សូម​អាន សាំយូអែល​ទី១ ១៦:៧​ខ) ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​លោក​ធ្វើ​ដូច្នេះ​ពេល​លោក​បាន​បង្កើត​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក។ លោក​បាន​ទាញ​នាំ​មនុស្ស​ជា​ច្រើន​ដែល​ប្រហែល​ជា​បាន​ត្រូវ​អ្នក​ខ្លះ​ចាត់​ទុក​ថា​ជា​មនុស្ស​ឥត​ប្រយោជន៍ ឲ្យ​មក​ឯ​លោក​និង​បុត្រ​របស់​លោក។ (​យ៉ូហាន ៦:៤៤​) ជា​ឧទាហរណ៍ បុគ្គល​បែប​នោះ​គឺ​សុល​ដែល​ជា​ផារិស៊ី​ម្នាក់ គាត់​«​ជា​អ្នក​បៀត​បៀន​រាស្ដ្រ​របស់​លោក និង​ជា​មនុស្ស​ព្រហើន​»។ (​ធីម៉ូថេ​ទី១ ១:១៣​) ប៉ុន្ដែ ព្រះ​យេហូវ៉ា​បាន​ពិនិត្យ​មើល​ចិត្ដ​របស់​សុល ហើយ​មិន​បាន​គិត​ថា​គាត់​គឺ​ជា​ដី​ឥដ្ឋ​ដែល​គ្មាន​ប្រយោជន៍​ឡើយ។ (​សុភាសិត ១៧:៣​) ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​បាន​ឃើញ​ថា​សុល​អាច​សូន​ទៅ​ជា‹ភាជនៈ​ដែល​បាន​ត្រូវ​ជ្រើស​រើស›ដែល​នឹង​ផ្សព្វ​ផ្សាយ​ដល់​«​ប្រជា​ជាតិ​ទាំង​ឡាយ ព្រម​ទាំង​នៅ​មុខ​ស្ដេច​នា​នា និង​ពួក​កូន​អ៊ីស្រាអែល​»។ (​សកម្មភាព ៩:១៥​) ព្រះ​យេហូវ៉ា​ក៏​បាន​ជ្រើស​រើស​មនុស្ស​ឯ​ទៀត​ដែល​អាច​សូន​ដើម្បី​«​ប្រើ​ក្នុង​ការ​ថ្លៃ​ថ្នូរ​»​ ដែល​រួម​មាន​មនុស្ស​ដែល​ធ្លាប់​ធ្វើ​ជា​ចោរ អ្នក​ប្រមឹក​ស្រា និង​អ្នក​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ជា​ដើម។ (​រ៉ូម ៩:២១; កូរិនថូស​ទី១ ៦:៩​-​១១​) កាល​ដែល​ពួក​គេ​សិក្សា​បទ​គម្ពីរ​ផ្សេង​ៗ ពួក​គេ​បាន​ពង្រឹង​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​បាន​អនុញ្ញាត​ឲ្យ​លោក​អប់រំ​ពួក​គេ​ឬ​ជួយ​ពួក​គេ​ឲ្យ​កែ​ប្រែ។

យើង​មិន​មែន​ជា​អ្នក​វិនិច្ឆ័យ​មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​យើង​ឬ​ក្នុង​ក្រុម​ជំនុំ​របស់​យើង​ទេ

៥, ៦​. ពេល​យើង​ទុក​ចិត្ដ​ព្រះ​យេហូវ៉ា​ដែល​ជា​ជាង​ស្មូន​របស់​យើង តើ​នោះ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ចិត្ដ​គំនិត​របស់​យើង​ចំពោះ (​ក​) មនុស្ស​ក្នុង​តំបន់​ផ្សាយ? (​ខ​) បង​ប្អូន​របស់​យើង?

យើង​ទុក​ចិត្ដ​ថា​ព្រះ​យេហូវ៉ា​អាច​ជ្រើស​រើស​និង​ទាញ​នាំ​មនុស្ស​ដែល​ត្រឹម​ត្រូវ​ឲ្យ​មក​ឯ​លោក។ នោះ​គឺ​ជា​មូលហេតុ​ដែល​យើង​មិន​គួរ​វិនិច្ឆ័យ​អ្នក​ឯ​ទៀត​ក្នុង​តំបន់​ផ្សាយ​របស់​យើង ឬ​ក្នុង​ក្រុម​ជំនុំ​របស់​យើង​ឡើយ។ សូម​ពិចារណា​ឧទាហរណ៍​មួយ​ស្ដី​អំពី​របៀប​ដែល​បុរស​ម្នាក់​ឈ្មោះ​ម៉ៃឃឺល​បាន​ប្រព្រឹត្ដ​ពេល​សាក្សី​ព្រះ​យេហូវ៉ា​ទៅ​ជួប​គាត់។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​បែរ​ចេញ ហើយ​ព្រងើយ​កន្ដើយ​ដាក់​ពួក​គេ​ដោយ​ធ្វើ​ហាក់​ដូច​ជា​គ្មាន​ពួក​គេ។ ខ្ញុំ​ពិត​ជា​មិន​គួរ​សម​សោះ! ក្រោយ​មក ក្នុង​ស្ថានភាព​ផ្សេង​ទៀត ខ្ញុំ​បាន​ជួប​ក្រុម​គ្រួសារ​មួយ​ដែល​ខ្ញុំ​កោត​ស្ងើច​ចំពោះ​ការ​ប្រព្រឹត្ដ​ល្អ​របស់​ពួក​គេ។ នៅ​ថ្ងៃ​មួយ ខ្ញុំ​បាន​ភ្ញាក់​ផ្អើល​មែន​ពេល​ដែលដឹង​ថា​ពួក​គេ​គឺ​ជា​សាក្សី​ព្រះ​យេហូវ៉ា! ការ​ប្រព្រឹត្ដ​របស់​ពួក​គេ​បាន​ជំរុញ​ចិត្ដ​ខ្ញុំ​ឲ្យ​ពិនិត្យ​ពិចារណា​អំពី​ដើម​ហេតុ​ដែល​នាំ​ឲ្យ​ខ្ញុំ​រើស​អើង​សាក្សី​ព្រះ​យេហូវ៉ា។ មិន​យូរ​ក្រោយ​មក ខ្ញុំ​ទទួល​ស្គាល់​ថា​ចិត្ដ​គំនិត​របស់​ខ្ញុំ​គឺ​មាន​មូលដ្ឋាន​ទៅ​លើ​អ្វី​ដែល​ខ្ញុំ​មិន​សូវ​ស្គាល់​ច្បាស់ ហើយ​ឮ​ត​ៗ​គ្នា មិន​មែន​ទៅ​លើ​អ្វី​ដែល​ពិត​ទេ​»។ ដោយ​សារ​បង​ម៉ៃឃឺល​ចង់​ស្គាល់​ថែម​ទៀត គាត់​បាន​យល់​ព្រម​សិក្សា​គម្ពីរ។ ក្រោយ​មក គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​បាន​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ពេញ​ពេល។

ពេល​យើង​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​ជាង​ស្មូន​របស់​យើង នោះ​ចិត្ដ​គំនិត​របស់​យើង​ចំពោះ​បង​ប្អូន​យើង​ក៏​នឹង​ផ្លាស់​ប្ដូរ​ដែរ។ យើង​នឹង​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ដោយ​យល់​ឃើញ​ថា​ពួក​គេ​ម្នាក់​ៗ​នៅ​តែ​កំពុង​ទទួល​ការ​អប់រំ​ពី​លោក។ លោក​ឃើញ​អ្វី​ដែល​នៅ​ក្នុង​ចិត្ដ​របស់​ពួក​គេ ហើយ​ដឹង​ថា​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ពួក​គេ​គឺ​មាន​តែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ។ លោក​ក៏​ដឹង​ដែរ​ថា​ពួក​គេ​ម្នាក់​ៗ​អាច​ក្លាយ​ទៅ​ជា​មនុស្ស​បែប​ណា។ (​ទំនុក​តម្កើង ១៣០:៣​) យើង​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា បើ​យើង​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ដូច​លោក​ចំពោះ​បង​ប្អូន​របស់​យើង។ យើង​ថែម​ទាំង​អាច​សហការ​ជា​មួយ​នឹង​ជាង​ស្មូន​របស់​យើង​ដោយ​ជួយ​បង​ប្អូន​ឲ្យ​ជឿន​ទៅ​មុខ។ (​ថែស្សាឡូនិច​ទី១ ៥:១៤, ១៥​) ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​គួរ​តែ​ទុក​គំរូ​ល្អ​ក្នុង​ការ​ធ្វើ​ដូច្នេះ។—អេភេសូរ ៤:៨, ១១​-​១៣

ហេតុ​អ្វី​ព្រះ​យេហូវ៉ា​អប់រំ​យើង?

៧​. ហេតុ​អ្វី​អ្នក​ឲ្យ​តម្លៃ​ចំពោះ​ការ​ប្រដៅ​ដែល​មក​ពី​ព្រះ​យេហូវ៉ា?

មនុស្ស​ខ្លះ​ប្រហែល​ជា​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​សូវ​ឲ្យ​តម្លៃ​ចំពោះ​ការ​ប្រៀន​ប្រដៅ​ពី​ឪ​ពុក​ម្ដាយ​របស់​ខ្ញុំ​ទេ រហូត​ទាល់​តែ​ខ្ញុំ​មាន​កូន​ខ្លួន​ឯង​»។ កាល​ដែល​យើង​កាន់​តែ​ចាស់​ទៅ​ៗ យើង​ប្រហែល​ជា​ចាប់​ផ្ដើម​ឲ្យ​តម្លៃ​ចំពោះ​ការ​ប្រៀន​ប្រដៅ ដោយ​សារ​យើង​យល់​ថា​នោះ​ជា​របៀប​បង្ហាញ​សេចក្ដី​ស្រឡាញ់។ (​សូម​អាន ហេប្រឺ ១២:៥, ៦, ១១) ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​ដូច​ជា​កូន​របស់​លោក នេះ​ជា​មូលហេតុ​ដែល​លោក​ប្រដៅ​ឬ​សូន​យើង​ដោយ​ចិត្ដ​អត់​ធ្មត់។ លោក​ចង់​ឲ្យ​យើង​មាន​ប្រាជ្ញា សប្បាយ​រីក​រាយ និង​ស្រឡាញ់​លោក​ដូច​ជា​បិតា។ (​សុភាសិត ២៣:១៥​) លោក​មិន​ចង់​ឃើញ​យើង​រង​ទុក្ខ ហើយ​លោក​ក៏​មិន​ចង់​ឲ្យ​យើង​ស្លាប់​ដោយ​សារ​យើង​ជា​អ្នក​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ដ​ឡើយ។—អេភេសូរ ២:២, ៣

ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​ដូច​ជា​កូន​របស់​លោក នេះ​ជា​មូលហេតុ​ដែល​លោក​ប្រដៅ​ឬ​សូន​យើង​ដោយ​ចិត្ដ​អត់​ធ្មត់

៨, ៩​. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​កំពុង​បង្រៀន​យើង​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​នៅ​ថ្ងៃ​អនាគត តើ​ការ​អប់រំ​នេះ​នឹង​បន្ដ​មាន​យ៉ាង​ដូច​ម្ដេច?

មុន​យើង​ស្គាល់​ព្រះ​យេហូវ៉ា យើង​ប្រហែល​ជា​មាន​គុណ​វិបត្ដិ​ជា​ច្រើន។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​បាន​អប់រំ​យើង និង​ជួយ​យើង​ឲ្យ​កែ​ប្រែ ហើយ​ជា​លទ្ធផល ឥឡូវ​យើង​មាន​គុណ​សម្បត្ដិ​ដែល​គួរ​ឲ្យ​សរសើរ។ (​អេសាយ ១១:៦​-​៨; កូឡុស ៣:៩, ១០​) យើង​រស់​នៅ​ក្នុង​ស្ថានភាព​ដ៏​សុខ​សាន្ដ​មួយ​ដែល​ប្រៀប​ដូច​ជា​សួន​ឧទ្យាន។ នេះ​ជា​ស្ថានភាព​ដ៏​ពិសេស​មួយ​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​មាន​ក្នុង​សម័យ​របស់​យើង​ដើម្បី​ជួយ​អប់រំ​យើង។ ក្នុង​ស្ថានភាព​នេះ យើង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​និង​សេចក្ដី​សុខ​សាន្ដ ទោះ​ជា​ពិភព​លោក​នៅ​ជុំ​វិញ​យើង​គឺ​អាក្រក់​ក្ដី។ ពួក​អ្នក​ដែល​បាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ ឥឡូវ​មាន​អារម្មណ៍​ថា​ពួក​គេ​ទទួល​សេចក្ដី​ស្រឡាញ់​ពិត​ពី​បង​ប្អូន​រួម​ជំនឿ​របស់​ពួក​គេ​ក្នុង​ស្ថានភាព​ដ៏​សុខ​សាន្ដ​មួយ​ដែល​ប្រៀប​ដូច​ជា​សួន​ឧទ្យាន។ (​យ៉ូហាន ១៣:៣៥​) ម្យ៉ាង​ទៀត យើង​បាន​រៀន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត។ ប៉ុន្ដែ អ្វី​ដែល​សំខាន់​បំផុត យើង​ស្គាល់​ព្រះ​យេហូវ៉ា ហើយ​ឥឡូវ​ទទួល​សេចក្ដី​ស្រឡាញ់​ពី​លោក​ដែល​ជា​បិតា​របស់​យើង។—យ៉ាកុប ៤:៨

ក្នុង​ពិភព​លោក​ថ្មី យើង​នឹង​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​ស្ថានភាព​ដែល​ប្រៀប​ដូច​ជា​សួន​ឧទ្យាន។ យើង​ក៏​នឹង​មាន​ជីវិត​ដ៏​សប្បាយ​ក្នុង​សួន​ឧទ្យាន​ពិត​ប្រាកដ​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រាជាណាចក្រ​ព្រះ។ ឥឡូវ​នេះ យើង​ប្រហែល​ជា​ពិបាក​ស្រមៃ​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​នឹង​បន្ដ​អប់រំ​និង​បង្រៀន​យើង​ក្នុង​អំឡុង​ពេល​នោះ។ (​អេសាយ ១១:៩​) ព្រះ​យេហូវ៉ា​ក៏​នឹង​ធ្វើ​ឲ្យ​គំនិត និង​រូប​កាយ​របស់​យើង​ទៅ​ជា​ល្អ​ឥត​ខ្ចោះ​ដែរ។ នោះ​នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​ងាយ​ស្រួល​យល់​និង​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក​យ៉ាង​ពេញ​លេញ។ ដូច្នេះ សូម​ឲ្យ​យើង​បន្ដ​អនុញ្ញាត​ឲ្យ​ព្រះ​យេហូវ៉ា​អប់រំ​យើង ហើយ​សូម​ឲ្យ​យើង​បង្ហាញ​លោក​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ការ​អប់រំ​នេះ​ដែល​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​យើង។—សុភាសិត ៣:១១, ១២

របៀប​ដែល​ព្រះ​យេហូវ៉ា​អប់រំ​យើង

១០​. តើ​លោក​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​លោក​មាន​ចិត្ដ​អត់​ធ្មត់​និង​ជំនាញ​ដូច​ជាង​ស្មូន​ដ៏​ឧត្ដម?

១០ ដូច​ជាង​ស្មូន​ដ៏​មាន​ជំនាញ​ស្គាល់​ប្រភេទ​ដី​ឥដ្ឋ​ដែល​គាត់​សូន នោះ​ព្រះ​យេហូវ៉ា​ដែល​ជា​ជាង​ស្មូន​របស់​យើង​ស្គាល់​យើង​យ៉ាង​ច្បាស់។ លោក​ស្គាល់​អំពី​ភាព​ទន់​ខ្សោយ កម្រិត​សមត្ថភាព និង​ភាព​រីក​ចម្រើន​របស់​យើង ហើយ​លោក​អប់រំ​យើង​ម្នាក់​ៗ​ស្រប​តាម​អ្វី​ៗ​ទាំង​នេះ។ (​សូម​អាន ទំនុក​តម្កើង ១០៣:១០​-​១៤) យើង​អាច​រៀន​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​យើង​ដោយ​ពិនិត្យ​មើល​របៀប​ដែល​លោក​យេស៊ូ​បាន​ប្រព្រឹត្ដ​ចំពោះ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ពួក​សាវ័ក។ ជួន​កាល ពួក​សាវ័ក​បាន​ប្រកែក​គ្នា​ថា​អ្នក​ណា​ធំ​ជាង​គេ។ បើ​អ្នក​បាន​នៅ​ទី​នោះ តើ​អ្នក​នឹង​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ប្រព្រឹត្ដ​របស់​ពួក​សាវ័ក? អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ពួក​គេ​មិន​ដូច​ជា​ដី​ឥដ្ឋ​ទន់​ទេ។ ប៉ុន្ដែ លោក​យេស៊ូ​បាន​ដឹង​ថា​ពួក​គេ​អាច​ទទួល​ការ​អប់រំ​បាន បើ​ពួក​គេ​ស្តាប់​ឱវាទ​ដែល​ប្រកប​ទៅ​ដោយ​ចិត្ដ​សប្បុរស​និង​ចិត្ដ​អត់​ធ្មត់​របស់​លោក ហើយ​បើ​ពួក​គេ​មាន​ចិត្ដ​រាប​ទាប​ដូច​លោក។ (​ម៉ាកុស ៩:៣៣​-​៣៧; ១០:៣៧, ៤១​-​៤៥; លូកា ២២:២៤​-​២៧​) បន្ទាប់​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពួក​សាវ័ក​បាន​ទទួល​សកម្មពល​របស់​ព្រះ ហើយ​ពួក​គេ​លែង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្នក​ណា​ដែល​ធំ​ជាង​គេ​ទៀត។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​ការ​ដែល​លោក​យេស៊ូ​បាន​ផ្ដល់​ឲ្យ​ពួក​គេ។—សកម្មភាព ៥:៤២

១១​. តើ​តាម​របៀប​ណា​ដាវីឌ​បាន​បង្ហាញ​ថា​គាត់​គឺ​ដូច​ជា​ដី​ឥដ្ឋ​ទន់ ហើយ​តើ​យើង​អាច​យក​តម្រាប់​គាត់​យ៉ាង​ដូច​ម្ដេច?

១១ សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ប្រើ​គម្ពីរ សកម្មពល​បរិសុទ្ធ​របស់​លោក និង​ក្រុម​ជំនុំ​ដើម្បី​អប់រំ​យើង។ តើ​គម្ពីរ​អាច​អប់រំ​យើង​យ៉ាង​ដូច​ម្ដេច? យើង​ត្រូវ​អាន​គម្ពីរ រំពឹង​គិត​អំពី​អ្វី​ដែល​យើង​អាន ហើយ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​យើង​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​រៀន។ ស្ដេច​ដាវីឌ​បាន​សរសេរ​ថា​៖ ​«​ទូល​បង្គំ​នឹក​ដល់​ទ្រង់​នៅ​លើ​ដំណេក ហើយ​រំពឹង​គិត​ពី​ទ្រង់​នៅ​អស់​ទាំង​យាម​យប់​»។ (​ទំនុក​តម្កើង ៦៣:៦​) គាត់​ក៏​បាន​សរសេរ​ដែរ​ថា​៖ ​«​ទូល​បង្គំ​នឹង​សរសើរ​ដល់​ព្រះ​យេហូវ៉ា ដែល​ទ្រង់​ជួយ​គំនិត​ទូល​បង្គំ។ អើ ចិត្ដ​ក៏​បង្គាប់​ដល់​ទូល​បង្គំ​នៅ​វេលា​យប់​ដែរ​»។ (​ទំនុក​តម្កើង ១៦:៧​) ដាវីឌ​បាន​រំពឹង​គិត​អំពី​ឱវាទ​ពី​ព្រះ​យេហូវ៉ា ហើយ​បាន​ឲ្យ​ឱវាទ​នោះ​អប់រំ​គំនិត​និង​អារម្មណ៍​ដែល​កប់​ជ្រៅ​នៅ​ក្នុង​ចិត្ដ​របស់​គាត់ សូម្បី​តែ​នៅ​ពេល​ដែល​ឱវាទ​នោះ​ពិបាក​ទទួល​យក​ក៏​ដោយ។ (​សាំយូអែល​ទី២ ១២:១​-​១៣​) ដាវីឌ​បាន​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ​ឲ្យ​យើង​ស្ដី​អំពី​ចិត្ដ​រាប​ទាប​និង​ការ​ស្តាប់​បង្គាប់។ ដូច្នេះ សូម​សួរ​ខ្លួន​អ្នក​ថា ‹ពេល​ខ្ញុំ​អាន​គម្ពីរ តើ​ខ្ញុំ​រំពឹង​គិត​អំពី​អ្វី​ដែល​ខ្ញុំ​អាន ហើយ​ឲ្យ​ឱវាទ​ពី​ព្រះ​មាន​ឥទ្ធិពល​ទៅ​លើ​គំនិត​និង​អារម្មណ៍​ដែល​កប់​ជ្រៅ​នៅក្នុង​ចិត្ដ​របស់​ខ្ញុំ​ឬ​ទេ? តើ​ខ្ញុំ​អាច​ធ្វើ​ដូច្នេះ​ថែម​ទៀត​ឬ​ទេ?›។—ទំនុក​តម្កើង ១:២, ៣

១២, ១៣​. តើ​ព្រះ​យេហូវ៉ា​អប់រំ​យើង​យ៉ាង​ដូច​ម្ដេច​តាម​រយៈ​សកម្មពល​បរិសុទ្ធ​និង​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក​ពិត?

១២ សកម្មពល​បរិសុទ្ធ​អាច​អប់រំ​យើង​តាម​របៀប​ផ្សេង​ៗ។ ជា​ឧទាហរណ៍ សកម្មពល​អាច​ជួយ​យើង​រៀន​ឲ្យ​មាន​បុគ្គលិក​លក្ខណៈ​ដូច​លោក​យេស៊ូ ហើយ​បង្ហាញ​លក្ខណៈ​ផ្សេង​ៗ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ។ (​កាឡាទី ៥:២២, ២៣​) លក្ខណៈ​មួយ​នៃ​ផល​នោះ​គឺ​សេចក្ដី​ស្រឡាញ់។ យើង​ស្រឡាញ់​ព្រះ ចង់​ស្តាប់​បង្គាប់​លោក និង​ទទួល​ការ​អប់រំ​ពី​លោក ដោយ​សារ​យើង​ដឹង​ថា​បង្គាប់​របស់​លោក​គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ បន្ថែម​ទៅ​ទៀត សកម្មពល​បរិសុទ្ធ​អាច​ផ្ដល់​កម្លាំង​ចិត្ដ​ឲ្យ​យើង​ដើម្បី​ជៀស​វាង​ពី​ឥទ្ធិពល​នៃ​ពិភព​លោក​ដ៏​អាក្រក់​នេះ។ (​អេភេសូរ ២:២​) ពេល​សាវ័ក​ប៉ូល​មាន​វ័យ​ក្មេង គាត់​បាន​ទទួល​ឥទ្ធិពល​ពី​អ្នក​ដឹក​នាំ​សាសនា​យូដា​ដែល​មាន​អំណួត។ ប៉ុន្ដែ សកម្មពល​បរិសុទ្ធ​បាន​ជួយ​គាត់​ឲ្យ​កែ​ប្រែ។ ក្រោយ​មក គាត់​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​មាន​កម្លាំង​សម្រាប់​អ្វី​ៗ​ទាំង​អស់ ដោយ​សារ​លោក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​»។ (​ភីលីព ៤:១៣​) យើង​ក៏​ត្រូវ​សុំ​សកម្មពល​បរិសុទ្ធ​ដែរ ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​ដ៏​ស្មោះ​របស់​យើង។—ទំនុក​តម្កើង ១០:១៧

ព្រះ​យេហូវ៉ា​ប្រើ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក​ឲ្យ​អប់រំ​យើង ប៉ុន្ដែ​យើង​ត្រូវ​ធ្វើ​តាម​ឱវាទ​ដែល​ពួក​គាត់​ផ្ដល់​ឲ្យ​យើង (​សូម​មើល​វគ្គ​១២, ១៣​)

១៣ ព្រះ​យេហូវ៉ា​ក៏​ប្រើ​ក្រុម​ជំនុំ​និង​ពួក​អ្នក​ចាស់​ទុំ​ដើម្បី​អប់រំ​យើង​ម្នាក់​ៗ​ដែរ។ ជា​ឧទាហរណ៍ បើ​ពួក​អ្នក​ចាស់​ទុំ​ឃើញ​ថា​យើង​មាន​ភាព​ទន់​ខ្សោយ ពួក​គាត់​ព្យាយាម​ជួយ​យើង។ ប៉ុន្ដែ ពួក​គាត់​មិន​មែន​ផ្ដល់​ឱវាទ​ដោយ​ផ្អែក​ទៅ​លើ​គំនិត​ផ្ទាល់​របស់​ពួក​គាត់​ឡើយ។ (​កាឡាទី ៦:១​) ផ្ទុយ​ទៅ​វិញ ដោយ​ចិត្ដ​រាប​ទាប​ពួក​គាត់​អធិដ្ឋាន​សុំ​ការ​យល់​ដឹង​និង​ប្រាជ្ញា​ពី​ព្រះ​យេហូវ៉ា។ ក្រោយ​មក ពួក​គាត់​ធ្វើ​ការ​ស្រាវ​ជ្រាវ​ដោយ​ប្រើ​គម្ពីរ​និង​សៀវភៅ​ផ្សេង​ៗ​របស់​យើង​ដើម្បី​ស្វែង​រក​ព័ត៌មាន​ដែល​នឹង​ជួយ​យើង។ ជា​ឧទាហរណ៍ អ្នក​ចាស់​ទុំ​ប្រហែល​ជា​ចង់​ផ្ដល់​ឱវាទ​ដល់​អ្នក​អំពី​របៀប​ដែល​អ្នក​ស្លៀក​ពាក់។ ដូច្នេះ ពេល​ពួក​គាត់​មក​ជួប​អ្នក ហើយ​ផ្ដល់​ឱវាទ​ដែល​ប្រកប​ដោយ​ចិត្ដ​សប្បុរស​និង​សេចក្ដី​ស្រឡាញ់ ចូរ​ចាំ​ថា​ឱវាទ​នេះ​គឺ​ជា​ទី​សំអាង​ដែល​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​អ្នក។ ពេល​អ្នក​ធ្វើ​តាម​ឱវាទ​នោះ អ្នក​នឹង​ដូច​ជា​ដី​ឥដ្ឋ​ទន់​ដែល​ព្រះ​យេហូវ៉ា​អាច​សូន ហើយ​អ្នក​នឹង​ទទួល​ប្រយោជន៍។

១៤​. ទោះ​ជា​ព្រះ​យេហូវ៉ា​មាន​អំណាច​លើ​យើង​ដែល​ជា​ដី​ឥដ្ឋ​ក្ដី តើ​លោក​បង្ហាញ​យ៉ាង​ណា​ថា​លោក​ឲ្យ​យើង​ធ្វើ​តាម​ចិត្ដ​សេរី​របស់​យើង?

១៤ បើ​យើង​យល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​អប់រំ​យើង នោះ​អាច​ជួយ​យើង​ឲ្យ​មាន​ចំណង​មិត្ដភាព​ល្អ​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង។ ម្យ៉ាង​ទៀត យើង​នឹង​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​យើង រួម​ទាំង​សិស្ស​គម្ពីរ​របស់​យើង​ដែរ។ នៅ​សម័យ​គម្ពីរ មុន​ជាង​ស្មូន​សូន​ដី​ឥដ្ឋ គាត់​ត្រូវ​សម្អាត ហើយ​យក​ក្រួស​និង​កម្ទេច​ផ្សេង​ៗ​ចេញ។ ព្រះ​យេហូវ៉ា​ដែល​ជា​ជាង​ស្មូន​ដ៏​ឧត្ដម​ជួយ​មនុស្ស​ដែល​ចង់​ទទួល​ការ​អប់រំ។ លោក​មិន​បង្ខំ​ពួក​គេ​ឲ្យ​កែ​ប្រែ​ទេ តែ​ផ្ទុយ​ទៅ​វិញ លោក​បង្ហាញ​ពួក​គេ​នូវ​ខ្នាត​តម្រា​ដ៏​ស្អាត​ស្អំ​របស់​លោក។ ក្រោយ​មក ពួក​គេ​ត្រូវ​សម្រេច​ចិត្ដ​ថា​ពួក​គេ​នឹង​កែ​ប្រែ​ឬ​យ៉ាង​ណា។

១៥, ១៦​. តើ​សិស្ស​គម្ពីរ​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​អប់រំ​ពួក​គេ? សូម​លើក​ឧទាហរណ៍។

១៥ សូម​ពិចារណា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​បង​ស្រី​ថេស៊ី​ដែល​រស់​នៅ​ប្រទេស​អូស្ត្រាលី។ គាត់​ស្រួល​រៀន​ណាស់​អំពី​អ្វី​ដែល​គម្ពីរ​ចែង។ ប៉ុន្ដែ គាត់​មិន​សូវ​រីក​ចម្រើន ហើយ​មិន​ចូល​រួម​កិច្ច​ប្រជុំ​ទេ។ បង​ស្រី​ដែល​បង្រៀន​គម្ពីរ​ដល់​គាត់​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​អំពី​រឿង​នេះ ហើយ​បាន​សម្រេច​ចិត្ដ​ឈប់​សិក្សា​គម្ពីរ​ជា​មួយ​នឹង​បង​ថេស៊ី។ ក្រោយ​មក អ្វី​ដ៏​អស្ចារ្យ​មួយ​បាន​កើត​ឡើង។ នៅ​ពេល​ពួក​គាត់​កំពុង​សិក្សា​ជា​មួយ​គ្នា បង​ថេស៊ី​បាន​ប្រាប់​អ្នក​បង្រៀន​គម្ពីរ​គាត់​អំពី​មូលហេតុ​ដែល​គាត់​មិន​បាន​រីក​ចម្រើន។ គាត់​បាន​និយាយ​ថា​គាត់​មាន​អារម្មណ៍​ដូច​ជា​ខ្លួន​ជា​មនុស្ស​លាក់​ពុត ដោយ​សារ​គាត់​ចូល​ចិត្ដ​លេង​ល្បែង​ស៊ីសង​ណាស់។ ប៉ុន្ដែ ឥឡូវ​គាត់​បាន​សម្រេច​ចិត្ដ​ឈប់​លេង​ទៀត​ហើយ។

១៦ មិន​យូរ​ក្រោយ​មក បង​ថេស៊ី​បាន​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ ហើយ​បាន​បង្ហាញ​គុណ​សម្បត្ដិ​ជា​គ្រិស្ដ​សាសនិក​ពិត ទោះ​ជា​មនុស្ស​ខ្លះ​ដែល​ធ្លាប់​ជា​មិត្ដ​ភក្ដិ​របស់​គាត់​បាន​សើច​ចំអក​ឲ្យ​គាត់​ក៏​ដោយ។ ក្រោយ​មក បង​ថេស៊ី​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​បាន​ក្លាយ​ទៅ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ទោះ​បី​ជា​គាត់​មាន​កូន​តូច​ៗ​ក្ដី។ យើង​ឃើញ​ច្បាស់​ថា​ពេល​សិស្ស​គម្ពីរ​ចាប់​ផ្ដើម​កែ​ប្រែ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ លោក​នឹង​ចូល​ទៅ​ជិត​ពួក​គេ ហើយ​នឹង​សូន​ពួក​គេ​ឲ្យ​ទៅ​ជា​ភាជនៈ​ដ៏​មាន​តម្លៃ។

១៧​. (​ក​) តើ​អ្នក​ចូល​ចិត្ដ​អ្វី​អំពី​ព្រះ​យេហូវ៉ា​ដែល​ជា​ជាង​ស្មូន​របស់​អ្នក? (​ខ​) នៅ​អត្ថបទ​បន្ទាប់ តើ​យើង​នឹង​ពិចារណា​លក្ខណៈ​អ្វី​ខ្លះ​នៃ​ការ​អប់រំ?

១៧ សព្វ​ថ្ងៃ​នេះ ដោយ​យក​ចិត្ដ​ទុក​ដាក់​ជាង​ស្មូន​ខ្លះ​នៅ​តែ​ប្រើ​ដៃ​ដើម្បី​សូន​ដី​ឥដ្ឋ​ឲ្យ​ទៅ​ជា​ភាជនៈ​ដ៏​ស្អាត។ ស្រដៀង​គ្នា​ដែរ ដោយ​ចិត្ដ​អត់​ធ្មត់​ព្រះ​យេហូវ៉ា​ប្រើ​ឱវាទ​របស់​លោក​ដើម្បី​អប់រំ​យើង ហើយ​លោក​មើល​យ៉ាង​ដិត​ដល់​អំពី​ប្រតិកម្ម​របស់​យើង​ចំពោះ​ឱវាទ​នោះ។ (​សូម​អាន ទំនុក​តម្កើង ៣២:៨) តើ​អ្នក​អាច​ឃើញ​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អ្នក​ឬ​ទេ? តើ​អ្នក​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​កំពុង​អប់រំ​អ្នក​ដោយ​យក​ចិត្ដ​ទុក​ដាក់​ឬ​ទេ? បើ​ដូច្នេះ តើ​គុណ​សម្បត្ដិ​អ្វី​ខ្លះ​នឹង​ជួយ​អ្នក​ឲ្យ​រក្សា​ខ្លួន​ដូច​ជា​ដី​ឥដ្ឋ​ទន់​ដែល​ព្រះ​យេហូវ៉ា​អាច​សូន? តើ​អ្នក​គួរ​ជៀស​វាង​លក្ខណៈ​អ្វី​ខ្លះ​ដើម្បី​មិន​ឲ្យ​អ្នក​ទៅ​ជា​ដី​ឥដ្ឋ​រឹង​ដែល​មិន​អាច​សូន​បាន? ម្យ៉ាង​ទៀត តើ​ឪ​ពុក​ម្ដាយ​អាច​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច ដើម្បី​អប់រំ​កូន​របស់​ពួក​គាត់? អត្ថបទ​បន្ទាប់​នឹង​ឆ្លើយ​សំណួរ​ទាំង​នេះ។