លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​អ្នក​អនុញ្ញាត​ឲ្យ​ជាង​ស្មូន​ដ៏​ឧត្ដម​សូន​អ្នក​ឬ​ទេ?

តើ​អ្នក​អនុញ្ញាត​ឲ្យ​ជាង​ស្មូន​ដ៏​ឧត្ដម​សូន​អ្នក​ឬ​ទេ?

​«​មើល! . . . ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន​យ៉ាង​ណា នោះ​ឯង​រាល់​គ្នា​ក៏​នៅ​ក្នុង​ដៃ​អញ​យ៉ាង​នោះ​ដែរ​»។—យេរេមា ១៨:៦

ចម្រៀង​លេខ: ៦០, ២២

១, ២​. ហេតុ​អ្វី​ព្រះ​ចាត់​ទុក​ដានីយ៉ែល​ជា​«​អ្នក​សំណប់​យ៉ាង​សំខាន់​»​ ហើយ​តើ​តាម​របៀប​ណា​យើង​អាច​ស្តាប់​បង្គាប់​ព្រះ​ដូច​ដានីយ៉ែល?

នៅ​ពេល​ដែល​ជន​ជាតិ​យូដា​បាន​ត្រូវ​ចាប់​យក​ទៅ​ក្រុង​បាប៊ីឡូន ពួក​គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​ដែល​ពេញ​ទៅ​ដោយ​រូប​ព្រះ​និង​មនុស្ស​ដែល​គោរព​ប្រណិប័តន៍​ពួក​វិញ្ញាណ​កំណាច។ ប៉ុន្ដែ ជន​ជាតិ​យូដា​ដ៏​ស្មោះ​ត្រង់​ដូច​ជា​ដានីយ៉ែល​និង​មិត្ដ​ភក្ដិ​បី​នាក់​របស់​គាត់ មិន​ព្រម​ឲ្យ​មនុស្ស​នៅ​ក្រុង​បាប៊ីឡូន​មាន​ឥទ្ធិពល​លើ​ពួក​គាត់​ឡើយ។ (​ដានីយ៉ែល ១:៦, ៨, ១២; ៣:១៦​-​១៨​) ដានីយ៉ែល​និង​មិត្ដ​ភក្ដិ​របស់​គាត់​ព្រម​ទទួល​ព្រះ​យេហូវ៉ា​ជា​ជាង​ស្មូន​របស់​ពួក​គេ ហើយ​បន្ដ​គោរព​ប្រណិប័តន៍​តែ​លោក​ប៉ុណ្ណោះ។ ទោះ​បី​ជា​ដានីយ៉ែល​បាន​រស់​នៅ​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​ស្ទើរតែ​ពេញ​មួយ​ជីវិត​របស់​គាត់​ក៏​ដោយ ទេវតា​របស់​ព្រះ​បាន​និយាយ​ថា​គាត់​គឺ​ជា​«​អ្នក​សំណប់​យ៉ាង​សំខាន់​»។—ដានីយ៉ែល ១០:១១, ១៩

នៅ​សម័យ​គម្ពីរ ជាង​ស្មូន​អាច​សង្កត់​ដី​ឥដ្ឋ​ចូល​ក្នុង​ពុម្ព​ដើម្បី​ចេញ​ជា​រូប​រាង​ណា​មួយ។ សព្វ​ថ្ងៃ​នេះ អ្នក​គោរព​ប្រណិប័តន៍​ពិត​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង​សកល​លោក ហើយ​លោក​មាន​សិទ្ធិ​អំណាច​ដើម្បី​កែ​តម្រង់​ប្រជា​ជាតិ​នា​នា។ (​សូម​អាន យេរេមា ១៨:៦) ព្រះ​ក៏​មាន​សិទ្ធិ​អំណាច​ដើម្បី​កែ​តម្រង់​យើង​ម្នាក់​ៗ​ដែរ។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​មិន​បង្ខំ​អ្នក​ណា​ម្នាក់​ឲ្យ​កែ​ប្រែ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ចង់​ឲ្យ​យើង​សុខ​ចិត្ដ​ឲ្យ​លោក​អប់រំ​យើង។ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​រៀន​អំពី​របៀប​ដែល​យើង​អាច​រក្សា​ខ្លួន​ដូច​ជា​ដី​ឥដ្ឋ​ទន់​នៅ​ក្នុង​ដៃ​របស់​ព្រះ។ យើង​នឹង​ពិចារណា​សំណួរ​បី​យ៉ាង​ដូច​ត​ទៅ​នេះ​៖ (​១​) តើ​តាម​របៀប​ណា​យើង​អាច​ប្រយ័ត្ន​កុំ​ឲ្យ​មាន​លក្ខណៈ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ទៅ​ដូច​ជា​ដី​ឥដ្ឋ​រឹង ពោល​គឺ​មិន​ព្រម​ទទួល​ឱវាទ​ពី​ព្រះ? (​២​) តើ​តាម​របៀប​ណា​យើង​អាចបណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​ដែល​ជួយ​យើង​បន្ដ​ស្តាប់​បង្គាប់? (​៣​) តើ​តាម​របៀប​ណា​ឪ​ពុក​ម្ដាយ​ដែល​ជា​គ្រិស្ដ​សាសនិក​អាច​សហការ​ជា​មួយ​នឹង​ព្រះ​ពេល​អប់រំ​កូន?

ចូរ​ប្រយ័ត្ន​កុំ​ឲ្យ​មាន​លក្ខណៈ​ដែល​អាច​ធ្វើ​ឲ្យ​ចិត្ដ​ទៅ​ជា​រឹង​ចចេស

៣​. តើ​លក្ខណៈ​អ្វី​ខ្លះ​អាច​ធ្វើ​ឲ្យ​ចិត្ដ​យើង​ទៅ​ជា​រឹង​ចចេស? សូម​លើក​ឧទាហរណ៍។

សុភាសិត ៤:២៣​ចែង​ថា​៖ ​«​ចូរ​រក្សា​ចិត្ដ​ដោយ​អស់​ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត​សុទ្ធតែ​ចេញ​ពី​ក្នុង​ចិត្ដ​មក​»។ ដើម្បី​រក្សា​ចិត្ដ​របស់​យើង​មិន​ឲ្យ​ទៅ​ជា​រឹង​ចចេស យើង​ត្រូវ​ជៀស​វាង​លក្ខណៈ​មិន​ល្អ​ដូច​ជា​អំណួត ការ​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង និង​ការ​គ្មាន​ជំនឿ។ ប្រសិន​បើ​យើង​មិន​ប្រយ័ត្ន អ្វី​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​យើង​លែង​ស្តាប់​បង្គាប់​និង​បះ​បោរ​ប្រឆាំង​ព្រះ។ (​ដានីយ៉ែល ៥:១, ២០; ហេប្រឺ ៣:១៣, ១៨, ១៩​) នោះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ស្ដេច​អូសៀស​នៃ​ស្រុក​យូដា។ (​សូម​អាន របា​ក្សត្រ​ទី២ ២៦:៣​-​៥, ១៦​-​២១) នៅ​ដើម​ដំបូង ស្ដេច​អូសៀស​បាន​ស្តាប់​បង្គាប់​ព្រះ ហើយ​មាន​ចំណង​មិត្ដភាព​ជា​មួយ​នឹង​លោក ដូច្នេះ​ព្រះ​បាន​ផ្ដល់​កម្លាំង​ឲ្យ​គាត់។ ប៉ុន្ដែ ​«​កាល​ទ្រង់​មាន​កំឡាំង​ឡើង​ហើយ នោះ​ព្រះ​ទ័យ​ទ្រង់​ក៏​ប៉ោង​ធំ​»។ គាត់​មាន​អំណួត​ខ្លាំង​ដល់​ម៉្លេះ​បាន​ជា​គាត់​បាន​ព្យាយាម​ដុត​គ្រឿង​ក្រអូប​នៅ​ក្នុង​វិហារ ទោះ​បី​ជា​មាន​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ​ដែល​គួរ​ធ្វើ​ដូច្នោះ​ក្ដី។ ពេល​ដែល​ពួក​សង្ឃ​បាន​ប្រាប់​គាត់​ថា​គាត់​បាន​ធ្វើ​ខុស អូសៀស​បាន​ខឹង​យ៉ាង​ខ្លាំង! ព្រះ​យេហូវ៉ា​បាន​បន្ទាប​ស្ដេច​ដែល​មាន​អំណួត​នេះ ហើយ​គាត់​មាន​ជំងឺ​ឃ្លង់​រហូត​ដល់​ស្លាប់។—សុភាសិត ១៦:១៨

៤, ៥​. តើ​អ្វី​អាច​កើត​ឡើង​បើ​យើង​មាន​អំណួត? សូម​លើក​ឧទាហរណ៍​មួយ។

បើ​យើង​មិន​ជៀស​វាង​អំណួត យើង​អាច​ចាប់​ផ្ដើម​គិត​ថា​យើង​ប្រសើរ​ជាង​អ្នក​ឯ​ទៀត ហើយ​ប្រហែល​ជា​ចាប់​ផ្ដើម​មិន​ព្រម​ទទួល​ឱវាទ​ពី​គម្ពីរ។ (​សុភាសិត ២៩:១; រ៉ូម ១២:៣​) នោះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​បង​ប្រុស​ជីម​ដែល​ជា​អ្នក​ចាស់​ទុំ​ម្នាក់។ គាត់​បាន​ខ្វែង​គំនិត​គ្នា​ជា​មួយ​នឹង​អ្នក​ចាស់​ទុំ​ឯ​ទៀត​នៅ​ក្នុង​ក្រុម​ជំនុំ​អំពី​រឿង​មួយ។ បង​ជីម​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ប្រាប់​បង​ប្រុស​ៗ​ទាំង​នោះ​ថា​ពួក​គាត់​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ ហើយ​ខ្ញុំ​បាន​ចាក​ចេញ​ពី​កិច្ច​ប្រជុំ​អ្នក​ចាស់​ទុំ​នោះ​»។ ប្រហែល​ជា​៦​ខែ​ក្រោយ​មក បង​ជីម​បាន​រើ​ទៅ​ក្រុម​ជំនុំ​ផ្សេង ប៉ុន្ដែ​គាត់​មិន​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ចាស់​ទុំ​នៅ​ទី​នោះ​ទេ។ បង​ជីម​បាន​ខក​ចិត្ដ​យ៉ាង​ខ្លាំង។ គាត់​បាន​ជឿ​ជាក់​ខ្លាំង​ដល់​ម៉្លេះ​ថា​ខ្លួន​គាត់​គឺ​ជា​អ្នក​ត្រូវ បាន​ជា​គាត់​ឈប់​បម្រើ​ព្រះ​យេហូវ៉ា ហើយ​អសកម្ម​អស់​រយៈ​ពេល​១០​ឆ្នាំ។ គាត់​និយាយ​ថា​នៅ​ពេល​នោះ​គាត់​មាន​អំណួត ហើយ​ថា​គាត់​បាន​ចាប់​ផ្ដើម​បន្ទោស​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ដែល​កំពុង​កើត​ឡើង។ អស់​ជា​ច្រើន​ឆ្នាំ បង​ប្អូន​ប្រុស​បាន​ទៅ​សួរ​សុខ​ទុក្ខ​គាត់ ហើយ​ព្យាយាម​ជួយ​គាត់ ប៉ុន្ដែ​បង​ជីម​មិន​ព្រម​ទទួល​ជំនួយ​ពី​ពួក​គាត់​ឡើយ។

បង​ជីម​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​គិត​ថា​ពួក​គាត់​បាន​ធ្វើ​ខុស ហើយ​ខ្ញុំ​មិន​អាច​ឈប់​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​នោះ​បាន​ទេ​»។ គំរូ​របស់​គាត់​បង្ហាញ​យើង​ថា​អំណួត​អាច​ធ្វើ​ឲ្យ​យើង​ដោះ​សា​ចំពោះ​ការ​ប្រព្រឹត្ដ​ខុស​របស់​យើង។ ពេល​ដែល​នោះ​កើត​ឡើង យើង​លែង​ដូច​ជា​ដី​ឥដ្ឋ​ទន់​ទៀត។ (​យេរេមា ១៧:៩​) តើ​មាន​បង​ប្អូន​ណា​ម្នាក់​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ទើស​ចិត្ដ​ឬ​ទេ? តើ​អ្នក​ធ្លាប់​ពិបាក​ចិត្ដ​ដោយ​សារ​អ្នក​បាន​បាត់​បង់​ឯកសិទ្ធិ​ឬ​ទេ? តើ​អ្នក​បាន​ប្រព្រឹត្ដ​យ៉ាង​ណា? នៅ​ពេល​នោះ តើ​អ្នក​មាន​អំណួត ឬ​តើ​អ្នក​ទទួល​ស្គាល់​ថា​ការ​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ដ​ជា​មួយ​នឹង​បង​ប្អូន​របស់​អ្នក និង​ការ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​ជា​អ្វី​ដែល​សំខាន់​បំផុត?—សូម​អាន ទំនុក​តម្កើង ១១៩:១៦៥; កូឡុស ៣:១៣

៦​. តើ​អ្វី​អាច​កើត​ឡើង​បើ​យើង​បន្ដ​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង?

ពេល​បុគ្គល​ម្នាក់​បន្ដ​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង ហើយ​ថែម​ទាំង​លាក់​បាំង​អ្វី​ដែល​គាត់​កំពុង​ធ្វើ នោះ​គាត់​ប្រហែល​ជា​ពិបាក​ទទួល​យក​ឱវាទ​ដែល​មក​ពី​ព្រះ។ នោះ​អាច​ធ្វើ​ឲ្យ​គាត់​កាន់​តែ​ងាយ​ស្រួល​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង។ បង​ប្រុស​ម្នាក់​និយាយ​ថា​យូរ​ៗ​ទៅ គាត់​មិន​សូវ​ខ្វល់​អំពី​ការ​ប្រព្រឹត្ដ​មិន​ត្រឹម​ត្រូវ​របស់​ខ្លួន​គាត់​ទេ។ (​សាស្តា ៨:១១​) បង​ប្រុស​ម្នាក់​ទៀត​ដែល​មាន​ទម្លាប់​មើល​រូប​អាសអាភាស​អស់​មួយ​រយៈ បាន​និយាយ​នៅ​ពេល​ក្រោយ​មក​ថា​៖ ​«​ខ្ញុំ​ឃើញ​ថា​ខ្ញុំ​ចាប់​ផ្ដើម​មាន​ចិត្ដ​គំនិត​រិះ​គន់​ពួក​អ្នក​ចាស់​ទុំ​»។ ទម្លាប់​របស់​គាត់​បាន​បង្ខូច​ចំណង​មិត្ដភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ពេល​ដែល​អ្នក​ឯ​ទៀត​បាន​ដឹង​អំពី​អ្វី​ដែល​គាត់​កំពុង​ធ្វើ គាត់​បាន​ទទួល​ជំនួយ​ពី​អ្នក​ចាស់​ទុំ។ ពិត​មែន​តែ​យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ប៉ុន្ដែ​បើ​យើង​ចាប់​ផ្ដើម​រិះ​គន់​ពួក​អ្នក​ដែល​ផ្ដល់​ឱវាទ​ឲ្យ​យើង ឬ​បើ​យើង​រក​លេស​ពេល​ដែល​យើង​ធ្វើ​ខុស ជា​ជាង​សុំ​ព្រះ​អភ័យ​ទោស​ឲ្យ​យើង​និង​ជួយ​យើង នោះ​ចិត្ដ​របស់​យើង​អាច​ទៅ​ជា​រឹង​ចចេស។

ជន​ជាតិ​អ៊ីស្រាអែល​ដែល​មិន​ស្តាប់​បង្គាប់​ព្រះ​បាន​ស្លាប់​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ ដោយ​សារ​ពួក​គេ​មាន​ចិត្ដ​រឹង​ចចេស​និង​គ្មាន​ជំនឿ

៧, ៨​. (​ក​) តើ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ​បាន​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​មាន​ចិត្ដ​រឹង​ចចេស​ដោយ​សារ​ពួក​គេ​គ្មាន​ជំនឿ? (​ខ​) តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី?

នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​បាន​ឃើញ​លោក​ធ្វើ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ជា​ច្រើន។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ កាល​ដែល​ពួក​គេ​បាន​ទៅ​ជិត​ដល់​ស្រុក​ដែល​ព្រះ​បាន​សន្យា ចិត្ដ​របស់​ពួក​គេ​បាន​ទៅ​ជា​រឹង​ចចេស។ ហេតុ​អ្វី? ពួក​គេ​គ្មាន​ជំនឿ​ទៅ​លើ​ព្រះ​ទេ។ ជា​ជាង​ទុក​ចិត្ដ​លើ​ព្រះ​យេហូវ៉ា ពួក​គេ​បាន​ភ័យ​ខ្លាច ហើយ​ត្អូញត្អែរ​ដាក់​ម៉ូសេ។ ពួក​គេ​ថែម​ទាំង​ចង់​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ​ដែល​ជា​កន្លែង​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​ជា​ខ្ញុំ​បម្រើ! ព្រះ​យេហូវ៉ា​បាន​ឈឺ​ចិត្ដ​យ៉ាង​ខ្លាំង ហើយ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​តើ​ជន​ទាំង​ឡាយ​នេះ​នឹង​នៅ​តែ​មើល​ងាយ​អញ​ដល់​កាល​ណា​ទៀត?​»។ (​ជន​គណនា ១៤:១​-​៤, ១១; ទំនុក​តម្កើង ៧៨:៤០, ៤១​) ជន​ជាតិ​អ៊ីស្រាអែល​ទាំង​នោះ​បាន​ស្លាប់​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ ដោយ​សារ​ពួក​គេ​មាន​ចិត្ដ​រឹង​ចចេស​និង​គ្មាន​ជំនឿ។

សព្វ​ថ្ងៃ​នេះ យើង​ក៏​ជិត​ចូល​ពិភព​លោក​ថ្មី​ដែរ ហើយ​ជំនឿ​របស់​យើង​កំពុង​ត្រូវ​សាកល្បង។ ដូច្នេះ​យើង​ត្រូវ​ពិនិត្យ​ពិចារណា​ថា​ជំនឿ​របស់​យើង​គឺ​យ៉ាង​ណា។ តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​ជំនឿ​របស់​យើង​គឺ​មាំ​មួន? យើង​អាច​ពិចារណា​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ៦:៣៣។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​គោល​ដៅ​និង​ការ​សម្រេច​ចិត្ដ​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​ពិត​ជា​ជឿ​ប្រសាសន៍​នេះ​របស់​លោក​យេស៊ូ​ឬ​ទេ? តើ​ខ្ញុំ​នឹង​ខក​ខាន​ចូល​រួម​កិច្ច​ប្រជុំ ឬ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដើម្បី​រក​លុយ​ឲ្យ​បាន​ច្រើន​ជាង​ឬ​ទេ? តើ​ខ្ញុំ​នឹង​ធ្វើ​យ៉ាង​ណា​ប្រសិន​បើ​ការ​ងារ​របស់​ខ្ញុំ​តម្រូវ​ឲ្យ​ខ្ញុំ​ចំណាយ​ពេល​និង​កម្លាំង​ច្រើន​ជាង? តើ​ខ្ញុំ​នឹង​អនុញ្ញាត​ឲ្យ​ពិភព​លោក​នេះ​មាន​ឥទ្ធិពល​មក​លើ​ខ្ញុំ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​ឬ​ទេ?›។

៩​. ហេតុ​អ្វី​យើង​គួរ​«​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​ឥត​ឈប់​»​ដើម្បី​ឲ្យ​ដឹង​ថា​យើង​កំពុង​កាន់​ខ្ជាប់​នូវ​ជំនឿ ហើយ​តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

បើ​យើង​មិន​ធ្វើ​តាម​អ្វី​ដែល​គម្ពីរ​ចែង​អំពី​ការ​សេពគប់​អាក្រក់ ការ​បណ្ដាច់​មិត្ដភាព ឬ​ការ​កម្សាន្ដ នោះ​ចិត្ដ​របស់​យើង​អាច​ទៅ​ជា​រឹង​ចចេស។ តើ​អ្នក​គួរ​ធ្វើ​អ្វី​ប្រសិន​បើ​នេះ​ចាប់​ផ្ដើម​កើត​ឡើង​ចំពោះ​អ្នក? ភ្លាម​ៗ​អ្នក​ត្រូវ​តែ​ពិនិត្យ​ពិចារណា​ជំនឿ​របស់​អ្នក! គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​ឥត​ឈប់ ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​កំពុង​កាន់​ខ្ជាប់​នូវ​ជំនឿ​ឬ​យ៉ាង​ណា ចូរ​ស​ឲ្យ​ឃើញ​ជា​និច្ច​ថា​អ្នក​ជា​មនុស្ស​បែប​ណា​»។ (​កូរិនថូស​ទី២ ១៣:៥​) ចូរ​ទទួល​ស្គាល់​ការ​ពិត​អំពី​ខ្លួន​អ្នក ហើយ​ប្រើ​បណ្ដាំ​របស់​ព្រះ​ជា​ទៀង​ទាត់​ដើម្បី​កែ​តម្រូវ​ទស្សនៈ​របស់​អ្នក។

ចូរ​រក្សា​ខ្លួន​ដូច​ជា​ដី​ឥដ្ឋ​ទន់

១០​. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ខ្លួន​ដូច​ជា​ដី​ឥដ្ឋ​ទន់​ក្នុង​ដៃ​របស់​ព្រះ​យេហូវ៉ា?

១០ ដើម្បី​ជួយ​យើង​ឲ្យ​រក្សា​ខ្លួន​ដូច​ជា​ដី​ឥដ្ឋ​ទន់ ព្រះ​បាន​ផ្ដល់​ឲ្យ​យើង​នូវ​បណ្ដាំ​របស់​លោក ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក និង​កិច្ច​បម្រើ​ផ្សាយ។ ការ​អាន​គម្ពីរ​និង​ការ​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​អាន​ជា​រៀង​រាល់​ថ្ងៃ ជួយ​យើង​ឲ្យ​ក្លាយ​ទៅ​ជា​ដី​ឥដ្ឋ​ទន់​ក្នុង​ដៃ​របស់​ព្រះ​យេហូវ៉ា ហើយ​អនុញ្ញាត​ឲ្យ​លោក​សូន​ឬ​អប់រំ​យើង។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ស្ដេច​អ៊ីស្រាអែល​ឲ្យ​ចម្លង​ច្បាប់​របស់​ព្រះ​និង​អាន​ច្បាប់​នោះ​ជា​រៀង​រាល់​ថ្ងៃ។ (​ចោទិយកថា ១៧:១៨, ១៩​) ពួក​សាវ័ក​បាន​ដឹង​ថា​ការ​អាន​និង​ការ​រំពឹង​គិត​អំពី​បទ​គម្ពីរ​គឺ​សំខាន់​ណាស់​សម្រាប់​កិច្ច​បម្រើ​ផ្សាយ​របស់​ពួក​គេ។ ពួក​គេ​បាន​ប្រើ​ផ្នែក​ផ្សេង​ៗ​នៃ​បទ​គម្ពីរ​ភាសា​ហេប្រឺ​អស់​រាប់​រយ​ដង​ក្នុង​សំណេរ​របស់​ពួក​គេ ហើយ​ពេល​ដែល​ពួក​គេ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ឯ​ទៀត ពួក​គេ​បាន​លើក​ទឹក​ចិត្ដ​មនុស្ស​ទាំង​នោះ​ឲ្យ​ប្រើ​បទ​គម្ពីរ​នោះ​ផង​ដែរ។ (​សកម្មភាព ១៧:១១​) ស្រដៀង​គ្នា​ដែរ យើង​ក៏​យល់​ដែរ​ថា​ការ​អាន​និង​ការ​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ​គឺ​ជា​អ្វី​ដ៏​សំខាន់។ (​ធីម៉ូថេ​ទី១ ៤:១៥​) នេះ​ជួយ​យើង​ឲ្យ​រក្សា​ចិត្ដ​រាប​ទាប យ៉ាង​នេះ​ព្រះ​យេហូវ៉ា​អាច​អប់រំ​យើង។

ចូរ​ប្រើ​អ្វី​ៗ​ដែល​ព្រះ​ផ្ដល់​ឲ្យ​ដើម្បី​ជួយ​អ្នក​ឲ្យ​រក្សា​ខ្លួន​ដូច​ជា​ដី​ឥដ្ឋ​ទន់ (​សូម​មើល​វគ្គ​១០​-​១៣​)

១១, ១២​. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​អាច​ប្រើ​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក​ដើម្បី​អប់រំ​យើង​ស្រប​តាម​សេចក្ដី​ត្រូវ​ការ​របស់​យើង? សូម​លើក​ឧទាហរណ៍។

១១ ព្រះ​យេហូវ៉ា​ដឹង​អំពី​សេចក្ដី​ត្រូវ​ការ​របស់​យើង​ម្នាក់​ៗ ហើយ​លោក​ប្រើ​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក​ដើម្បី​អប់រំ​យើង។ បង​ជីម​ដែល​បាន​រៀប​រាប់​ខាង​លើ​បាន​ចាប់​ផ្ដើម​កែ​ប្រែ​ចិត្ដ​គំនិត​របស់​គាត់ ពេល​ដែល​អ្នក​ចាស់​ទុំ​ម្នាក់​បាន​បង្ហាញ​ការ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​គាត់។ បង​ជីម​និយាយ​ថា​៖ ​«​គាត់​មិន​ដែល​ចាប់​កំហុស​ខ្ញុំ​ចំពោះ​ស្ថានភាព​របស់​ខ្ញុំ ឬ​រិះ​គន់​ខ្ញុំ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​រក្សា​ទស្សនៈ​ល្អ ហើយ​បង្ហាញ​ថា​គាត់​ចង់​ជួយ​ខ្ញុំ​យ៉ាង​ស្មោះ​»។ ប្រហែល​ជា​បី​ខែ​ក្រោយ​មក អ្នក​ចាស់​ទុំ​នោះ​បាន​អញ្ជើញ​បង​ជីម​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​មួយ។ បង​ជីម​និយាយ​ថា​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​បាន​ទទួល​ស្វាគមន៍​គាត់​យ៉ាង​កក់​ក្ដៅ ហើយ​ថា​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​បាន​ជួយ​គាត់​ឲ្យ​កែ​ប្រែ​ទស្សនៈ​របស់​គាត់។ គាត់​បាន​ចាប់​ផ្ដើម​យល់​ថា​អារម្មណ៍​របស់​គាត់​មិន​មែន​ជា​អ្វី​ដែល​សំខាន់​បំផុត​ឡើយ។ ប្រពន្ធ​របស់​បង​ជីម​និង​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​របស់​គាត់​បាន​លើក​ទឹក​ចិត្ដ​គាត់ ហើយ​បន្ដិច​ម្ដង​ៗ​គាត់​បាន​ត្រឡប់​មក​បម្រើ​ព្រះ​យេហូវ៉ា​វិញ។ បង​ជីម​ក៏​បាន​ទទួល​ប្រយោជន៍​ពី​ការ​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​ព្រះ​យេហូវ៉ា​មិន​មែន​ជា​ដើម​ហេតុ​»​និង​«​ចូរ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​មាន​ភក្ដី​ភាព​»​ដែល​មាន​នៅ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៩២ ជា​ភាសា​អង់គ្លេស។

១២ ក្រោយ​មក បង​ជីម​បាន​ទៅ​ជា​អ្នក​ចាស់​ទុំ​ម្ដង​ទៀត។ តាំង​ពី​ពេល​នោះ​មក គាត់​បាន​ជួយ​បង​ប្អូន​ឯ​ទៀត​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ដែល​ស្រដៀង​នឹង​នោះ ហើយ​ពង្រឹង​ជំនឿ​របស់​ពួក​គេ។ គាត់​និយាយ​ថា គាត់​បាន​គិត​ថា​ខ្លួន​គាត់​មាន​ចំណង​មិត្ដភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ប៉ុន្ដែ​តាម​ពិត​មិន​មែន​ទេ! គាត់​សោក​ស្តាយ​ដែល​គាត់​បាន​ឲ្យ​អំណួត​ធ្វើ​ឲ្យ​គាត់​ផ្ដោត​អារម្មណ៍​ទៅ​លើ​កំហុស​របស់​អ្នក​ឯ​ទៀត​ជា​ជាង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​សំខាន់​ជាង។—កូរិនថូស​ទី១ ១០:១២

ពេល​ដែល​យើង​យក​តម្រាប់​គ្រិស្ដ នោះ​ធ្វើ​ឲ្យ​មនុស្ស​ចាប់​អារម្មណ៍​ដំណឹង​ដែល​យើង​ផ្សាយ ហើយ​ប្រហែល​ជា​កែ​ប្រែ​ចិត្ដ​គំនិត​របស់​ពួក​គេ​ចំពោះ​យើង

១៣​. តើ​កិច្ច​បម្រើ​ផ្សាយ​អាច​ជួយ​យើង​ឲ្យ​មាន​គុណ​សម្បត្ដិ​អ្វី​ខ្លះ ហើយ​តើ​នេះ​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី?

១៣ កិច្ច​បម្រើ​ផ្សាយ​ក៏​អាច​អប់រំ​យើង ហើយ​ជួយ​យើង​ឲ្យ​ក្លាយ​ទៅ​ជា​គ្រិស្ដ​សាសនិក​ដែល​ល្អ​ប្រសើរ​ជាង។ តើ​តាម​របៀប​ណា? ពេល​ដែល​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ យើង​ត្រូវ​បង្ហាញ​គុណ​សម្បត្ដិ​ផ្សេង​ៗ​ដូច​ជា​ចិត្ដ​រាប​ទាប និង​ផល​ផ្សេង​ៗ​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ។ (​កាឡាទី ៥:២២, ២៣​) សូម​គិត​អំពី​គុណ​សម្បត្ដិ​ផ្សេង​ៗ​ដែល​អ្នក​មាន​ដោយ​សារ​កិច្ច​បម្រើ​ផ្សាយ។ ពេល​ដែល​យើង​យក​តម្រាប់​គ្រិស្ដ នោះ​ធ្វើ​ឲ្យ​មនុស្ស​ចាប់​អារម្មណ៍​ដំណឹង​ដែល​យើង​ផ្សាយ ហើយ​ប្រហែល​ជា​កែ​ប្រែ​ចិត្ដ​គំនិត​របស់​ពួក​គេ​ចំពោះ​យើង។ ជា​ឧទាហរណ៍ នៅ​ប្រទេស​អូស្ត្រាលី សាក្សី​ពីរ​នាក់​បាន​ព្យាយាម​ផ្សព្វ​ផ្សាយ​ដល់​ស្ដ្រី​ម្នាក់​នៅ​ផ្ទះ​របស់​នាង ប៉ុន្ដែ​នាង​បាន​ខឹង​យ៉ាង​ខ្លាំង ហើយ​គ្មាន​សុជីវធម៌​ចំពោះ​ពួក​គេ​ឡើយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ដោយ​បង្ហាញ​ការ​គោរព សាក្សី​នោះ​បាន​ស្តាប់​នាង។ ក្រោយ​មក ស្ដ្រី​នោះ​ស្តាយ​ចំពោះ​ការ​ប្រព្រឹត្ដ​របស់​នាង ហើយ​នាង​បាន​សរសេរ​សំបុត្រ​មួយ​ទៅ​ការិយាល័យ​សាខា។ នាង​បាន​សុំ​ការ​អភ័យ​ទោស​ចំពោះ​អ្វី​ដែល​នាង​បាន​ធ្វើ។ នាង​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ជា​មនុស្ស​ល្ងង់​ណាស់​ដែល​ខ្ញុំ​បាន​ឈរ​នៅ​មុខ​មនុស្ស​ពីរ​នាក់​ដែល​កំពុង​ផ្សព្វ​ផ្សាយ​បណ្ដាំ​របស់​ព្រះ តែ​បែរ​ជា​ធ្វើ​ដាក់​ពួក​គេ​ដូច្នោះ​ទៅ​វិញ​»។ តាម​រយៈ​បទ​ពិសោធន៍​នេះ យើង​អាច​យល់​ថា​ការ​មាន​ចិត្ដ​ស្លូតបូត​ពេល​ដែល​យើង​ផ្សព្វ​ផ្សាយ​គឺ​មាន​ប្រយោជន៍។ មែន​ហើយ កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ជួយ​អ្នក​ឯ​ទៀត ប៉ុន្ដែ​នោះ​ក៏​ជួយ​ធ្វើ​ឲ្យ​បុគ្គលិក​លក្ខណៈ​របស់​យើង​កាន់​តែ​ល្អ​ប្រសើរ​ដែរ។

ចូរ​សហការ​ជា​មួយ​នឹង​ព្រះ​ពេល​អប់រំ​កូន​របស់​អ្នក

១៤​. តើ​ឪ​ពុក​ម្ដាយ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​បើ​ពួក​គាត់​ពិត​ជា​ចង់​អប់រំ​កូន​ៗ​ដោយ​មាន​ប្រសិទ្ធិ​ភាព?

១៤ កូន​តូច​ៗ​ភាគ​ច្រើន​មាន​ចិត្ដ​រាប​ទាប​និង​ចង់​រៀន។ (​ម៉ាថាយ ១៨:១​-​៤​) ដូច្នេះ ជា​ការ​ល្អ​ដែល​ឪ​ពុក​ម្ដាយ​ជួយ​កូន​ៗ​របស់​ពួក​គាត់​ឲ្យ​រៀន​និង​ស្រឡាញ់​សេចក្ដី​ពិត​កាល​ដែល​ពួក​គេ​នៅ​ក្មេង។ (​ធីម៉ូថេ​ទី២ ៣:១៤, ១៥​) ដើម្បី​ទទួល​បាន​ជោគ​ជ័យ ឪ​ពុក​ម្ដាយ​ផ្ទាល់​ត្រូវ​តែ​ស្រឡាញ់​សេចក្ដី​ពិត ហើយ​ធ្វើ​តាម​អ្វី​ដែល​គម្ពីរ​ចែង​នៅ​ក្នុង​ជីវិត​របស់​ពួក​គាត់។ ពេល​ដែល​ឪ​ពុក​ម្ដាយ​ធ្វើ​ដូច្នេះ នោះ​កាន់​តែ​ងាយ​ស្រួល​ឲ្យ​កូន​ៗ​របស់​ពួក​គាត់​ស្រឡាញ់​សេចក្ដី​ពិត។ កូន​ៗ​ក៏​នឹង​យល់​ដែរ​ថា​ការ​ប្រៀន​ប្រដៅ​ពី​ឪ​ពុក​ម្ដាយ​របស់​ពួក​គេ​បង្ហាញ​ថា​ឪ​ពុក​ម្ដាយ​និង​ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​គេ។

១៥, ១៦​. បើ​កូន​ៗ​បាន​ត្រូវ​បណ្ដាច់​មិត្ដភាព តើ​ឪ​ពុក​ម្ដាយ​គួរ​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គាត់​ទុក​ចិត្ដ​លើ​ព្រះ?

១៥ សូម្បី​តែ​ឪ​ពុក​ម្ដាយ​បង្រៀន​កូន​ៗ​របស់​ពួក​គាត់​អំពី​សេចក្ដី​ពិត​ក្ដី កូន​ខ្លះ​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា ឬ​បាន​ត្រូវ​បណ្ដាច់​មិត្ដភាព។ បើ​នេះ​កើត​ឡើង ក្រុម​គ្រួសារ​ឈឺ​ចិត្ដ​យ៉ាង​ខ្លាំង។ បង​ស្រី​ម្នាក់​ដែល​រស់​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​និយាយ​ថា​៖ ​«​ពេល​ដែល​បង​ប្រុស​របស់​ខ្ញុំ​បាន​ត្រូវ​បណ្ដាច់​មិត្ដភាព នោះ​គឺ​ហាក់​ដូច​ជា​គាត់​បាន​ស្លាប់។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ដ​ណាស់!​»។ ប៉ុន្ដែ តើ​គាត់​និង​ឪ​ពុក​ម្ដាយ​របស់​គាត់​បាន​ធ្វើ​អ្វី? ពួក​គាត់​បាន​ធ្វើ​តាម​ការ​ណែនាំ​ដែល​មាន​នៅ​ក្នុង​គម្ពីរ។ (​សូម​អាន កូរិនថូស​ទី១ ៥:១១, ១៣) ឪ​ពុក​ម្ដាយ​នោះ​បាន​ដឹង​ថា​ការ​ធ្វើ​តាម​ឱវាទ​របស់​ព្រះ​នឹង​នាំ​ឲ្យ​គ្រប់​គ្នា​ទទួល​ប្រយោជន៍។ ម្យ៉ាង​ទៀត ពួក​គាត់​ទទួល​ស្គាល់​ថា​ការ​បណ្ដាច់​មិត្ដភាព​គឺ​ជា​ការ​ប្រៀន​ប្រដៅ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​យេហូវ៉ា។ ដូច្នេះ ពួក​គាត់​បាន​ទាក់​ទង​ជា​មួយ​នឹង​កូន​ប្រុស​របស់​ពួក​គាត់ លុះ​ត្រា​តែ​ពេល​ពួក​គាត់​ត្រូវ​និយាយ​អំពី​រឿង​សំខាន់​ចាំ​បាច់​ជា​មួយ​នឹង​កូន​នោះ។

១៦ តើ​កូន​ប្រុស​នោះ​មាន​អារម្មណ៍​យ៉ាង​ណា? ក្រោយ​មក គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​ក្រុម​គ្រួសារ​របស់​ខ្ញុំ​មិន​ស្អប់​ខ្ញុំ​ទេ តែ​ពួក​គាត់​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​និង​អង្គ​ការ​របស់​លោក​»។ គាត់​ក៏​បាន​និយាយ​ដែរ​ថា​៖ ​«​ពេល​ដែល​យើង​គ្មាន​ទី​ពឹង​ពំនាក់ ហើយ​ត្រូវ​អង្វរ​សុំ​ជំនួយ​និង​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា នោះ​យើង​ឃើញ​ថា​យើង​ពិត​ជា​ត្រូវ​ការ​លោក​យ៉ាង​ខ្លាំង​»។ សូម​ស្រមៃ​គិត​ថា ក្រុម​គ្រួសារ​នោះ​មាន​អំណរ​យ៉ាង​ណា​ទៅ ពេល​ដែល​បុរស​វ័យ​ក្មេង​ម្នាក់​នេះ​បាន​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ! មែន​ហើយ ពេល​ដែល​យើង​តែង​តែ​ស្តាប់​បង្គាប់​ព្រះ នោះ​យើង​នឹង​សប្បាយ​រីក​រាយ ហើយ​ទទួល​ជោគ​ជ័យ។—សុភាសិត ៣:៥, ៦; ២៨:២៦

ពេល​ដែល​យើង​មាន​ចិត្ដ​រាប​ទាប ហើយ​តែង​តែ​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា នោះ​យើង​នឹង​មាន​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​លោក

១៧​. ហេតុ​អ្វី​យើង​គួរ​ចុះ​ចូល​ចំពោះ​ព្រះ​យេហូវ៉ា​ជា​និច្ច ហើយ​តើ​ការ​ធ្វើ​ដូច្នេះ​នឹង​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា?

១៧ អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ប្រកាស​ទុក​ជា​មុន​ថា​ជន​ជាតិ​យូដា​ដែល​រស់​នៅ​ក្រុង​បាប៊ីឡូន​នឹង​ប្រែ​ចិត្ដ ហើយ​និយាយ​ថា​៖​«​ឱ​ព្រះ​យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ។ យើង​ខ្ញុំ​រាល់​គ្នា​ជា​ដី​ឥដ្ឋ ហើយ​ទ្រង់​ជា​ជាង​ស្មូន យើង​ខ្ញុំ​ជា​ស្នា​ដៃ​នៃ​ព្រះ​ហស្ដ​ទ្រង់​ទាំង​អស់​គ្នា​»។ ពួក​គេ​ក៏​នឹង​សុំ​អង្វរ​ព្រះ​យេហូវ៉ា​ដែរ​ថា​៖ ​«​សូម​កុំ​នឹក​ចាំ​ពី​សេចក្ដី​ទុច្ចរិត​ជា​ដរាប​ដែរ។ សូម​មើល សូម​ទ្រង់​ពិចារណា​ថា យើង​ខ្ញុំ​រាល់​គ្នា​សុទ្ធតែ​ជា​រាស្ដ្រ​របស់​ទ្រង់​»។ (​អេសាយ ៦៤:៨, ៩​) ពេល​ដែល​យើង​មាន​ចិត្ដ​រាប​ទាប ហើយ​តែង​តែ​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា នោះ​យើង​នឹង​មាន​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​លោក​ដូច​ដានីយ៉ែល​ដែរ។ ព្រះ​យេហូវ៉ា​នឹង​បន្ដ​អប់រំ​យើង​ដោយ​ប្រើ​សកម្មពល​របស់​លោក បណ្ដាំ​របស់​លោក និង​អង្គ​ការ​របស់​លោក ដើម្បី​នៅ​ថ្ងៃ​អនាគត​យើង​នឹង​ក្លាយ​ទៅ​ជា​«​កូន​ព្រះ​»​ដ៏​ល្អ​ឥត​ខ្ចោះ។—រ៉ូម ៨:២១