លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះ​យេហូវ៉ា​តែ​១​»​

​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះ​យេហូវ៉ា​តែ​១​»​

​«​ចូរ​ស្តាប់​ចុះ ឱ​អ៊ីស្រាអែល​អើយ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះ​យេហូវ៉ា​តែ​១​»។ —ចោទិយកថា ៦:៤

ចម្រៀង​លេខ: ១៣៨,

១, ២​. (​ក​) ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​ស្គាល់​ពាក្យ​នៅ​ចោទិយកថា ៦:៤? (​ខ​) ហេតុ​អ្វី​ម៉ូសេ​និយាយ​ពាក្យ​ទាំង​នេះ?

អស់​រាប់​រយ​ឆ្នាំ​មក​ហើយ ជន​ជាតិ​យូដា​បាន​ប្រើ​ពាក្យ​នៅ​ចោទិយកថា ៦:៤​ជា​ផ្នែក​មួយ​ក្នុង​សេចក្ដី​អធិដ្ឋាន​ដ៏​ពិសេស។ សេចក្ដី​អធិដ្ឋាន​នេះ​បាន​ត្រូវ​ហៅ​ថា​សេម៉ា ដែល​ជា​ពាក្យ​ផ្ដើម​នៃ​ខ​គម្ពីរ​នេះ​ជា​ភាសា​ហេប្រឺ។ ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​សូត្រ​សេចក្ដី​អធិដ្ឋាន​នេះ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ពេល​ព្រឹក​និង​ពេល​ល្ងាច ដើម្បី​បង្ហាញ​ថា​ពួក​គេ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​ព្រះ។

ពាក្យ​ទាំង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​សុន្ទរកថា​ចុង​ក្រោយ​ដែល​ម៉ូសេ​បាន​ថ្លែង​ប្រាប់​ប្រជា​ជាតិ​អ៊ីស្រាអែល។ នៅ​ឆ្នាំ​១៤៧៣ មុន​គ.ស. ប្រជា​ជាតិ​នេះ​បាន​រស់​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ត្រៀម​ខ្លួន​ដើម្បី​ឆ្លង​ទន្លេ​យ៉ូដាន់ ហើយ​ដណ្ដើម​យក​ស្រុក​ដែល​ព្រះ​បាន​សន្យា។ (​ចោទិយកថា ៦:១​) ម៉ូសេ​បាន​ដឹក​នាំ​បណ្ដា​ជន​នេះ​អស់​រយៈ​ពេល​៤០​ឆ្នាំ ហើយ​គាត់​ចង់​ឲ្យ​ពួក​គេ​មាន​ចិត្ដ​ក្លាហាន​ដើម្បី​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ដែល​នឹង​មក​ដល់។ ពួក​គេ​ត្រូវ​ទុក​ចិត្ដ​ទៅ​លើ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​ពួក​គេ ហើយ​ត្រូវ​នៅ​ស្មោះ​ត្រង់​ចំពោះ​លោក។ ដូច្នេះ ពាក្យ​ចុង​ក្រោយ​របស់​ម៉ូសេ​បាន​លើក​ទឹក​ចិត្ដ​ពួក​គេ​ឲ្យ​ធ្វើ​ដូច្នេះ។ ក្រោយ​ពី​គាត់​បាន​រៀប​រាប់​អំពី​បញ្ញត្ដិ​១០​ប្រការ និង​ច្បាប់​ផ្សេង​ទៀត​ដែល​មក​ពី​ព្រះ​យេហូវ៉ា ម៉ូសេ​បាន​ប្រាប់​បណ្ដា​ជន​អំពី​សេចក្ដី​រំលឹក​ដ៏​សំខាន់​នៅ​ចោទិយកថា ៦:៤, ៥ (​សូម​អាន​)។

៣​. តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ​នៅ​អត្ថបទ​នេះ?

ជន​ជាតិ​អ៊ីស្រាអែល​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​ពួក​គេ គឺ​ជា​«​ព្រះ​យេហូវ៉ា​តែ​១​»។ ជន​ជាតិ​អ៊ីស្រាអែល​ដែល​ស្មោះ​ត្រង់​បាន​គោរព​ប្រណិប័តន៍​ព្រះ​តែ​មួយ​ដែល​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ។ ដូច្នេះ ហេតុ​អ្វី​ម៉ូសេ​បាន​រំលឹក​ពួក​គេ​ថា​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​ពួក​គេ គឺ​ជា​«​ព្រះ​យេហូវ៉ា​តែ​១​»​? តើ​សេចក្ដី​ពិត​នេះ​និង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​ដោយ​អស់​ពី​ចិត្ដ អស់​ពី​ព្រលឹង ហើយ​អស់​ពី​កម្លាំង​របស់​យើង​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ដូច​ម្ដេច? ម្យ៉ាង​ទៀត សព្វ​ថ្ងៃ​នេះ តើ​ពាក្យ​នៅ​ចោទិយកថា ៦:៤, ៥​ជាប់​ទាក់​ទង​នឹង​យើង​យ៉ាង​ដូច​ម្ដេច?

ព្រះ​របស់​យើង​គឺ​«​ព្រះ​យេហូវ៉ា​តែ​១​»​

៤, ៥​. (​ក​) តើ​អ្វី​ជា​អត្ថន័យ​មួយ​នៃ​ពាក្យ​«​ព្រះ​យេហូវ៉ា​តែ​១​»​? (​ខ​) តើ​ព្រះ​យេហូវ៉ា​ខុស​ប្លែក​ពី​ព្រះ​នា​នា​របស់​ប្រជា​ជាតិ​ផ្សេង​ៗ​យ៉ាង​ណា?

ពិសេស​តែ​មួយ។ ពាក្យ​«​ព្រះ​យេហូវ៉ា​តែ​១​»​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​គឺ​ពិសេស​តែ​មួយ គ្មាន​អ្វី​ស្មើ​លោក ឬ​ដូច​លោក​ឡើយ។ ហេតុ​អ្វី​ម៉ូសេ​បាន​ប្រើ​ពាក្យ​នេះ? តាម​មើល​ទៅ​គាត់​មិន​បាន​ព្យាយាម​បញ្ជាក់​ថា​សេចក្ដី​បង្រៀន​មិន​ពិត​ស្ដី​អំពី​ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ​គឺ​ជា​ការ​ខុស​ឡើយ។ ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​បង្កើត​ស្ថាន​សួគ៌​និង​ផែន​ដី ហើយ​ជា​អ្នក​គ្រប់​គ្រង​លើ​សកល​លោក។ លោក​គឺ​ជា​ព្រះ​ពិត​តែ​មួយ ហើយ​គ្មាន​ព្រះ​ឯ​ណា​ដូច​លោក​ឡើយ។ (​សាំយូអែល​ទី២ ៧:២២​) ដូច្នេះ ពាក្យ​របស់​ម៉ូសេ​បាន​រំលឹក​ជន​ជាតិ​អ៊ីស្រាអែល​ថា​ពួក​គេ​គួរ​គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ ពួក​គេ​មិន​គួរ​យក​តម្រាប់​មនុស្ស​ដែល​រស់​នៅ​ជុំ​វិញ​ពួក​គេ ជា​ពួក​អ្នក​ដែល​បាន​គោរព​បូជា​ព្រះ​មិន​ពិត​ជា​ច្រើន។ ពួក​អ្នក​ទាំង​នោះ​បាន​ជឿ​ថា​ព្រះ​របស់​ពួក​គេ​អាច​គ្រប់​គ្រង​លើ​ធាតុ​ផ្សេង​ៗ​ក្នុង​ធម្មជាតិ។

ជា​ឧទាហរណ៍ ជន​ជាតិ​អេស៊ីប​បាន​គោរព​បូជា​ព្រះ​រ៉ា​ដែល​ជា​ព្រះ​នៃ​ព្រះ​អាទិត្យ ព្រះ​ណាត់​ដែល​ជា​ព្រះ​នៃ​មេឃ ព្រះ​ហ្គិប​ដែល​ជា​ព្រះ​នៃ​ផែន​ដី ព្រះ​ហា​ភី​ដែល​ជា​ព្រះ​នៃ​ទន្លេ​នី​ល ព្រម​ទាំង​សត្វ​ជា​ច្រើន​ដែរ។ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​លោក​ខ្ពង់​ខ្ពស់​ជាង​ព្រះ​មិន​ពិត​ទាំង​នោះ​ពេល​ដែល​លោក​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​១០​ប្រការ។ ព្រះ​ធំ​ចម្បង​របស់​ជន​ជាតិ​កាណាន​គឺ​ព្រះ​បាល ដែល​ជា​ព្រះ​មិន​ពិត​ដែល​ពួក​គេ​ជឿ​ថា​បាន​បង្កើត​ជីវិត​ទាំង​ឡាយ។ ពួក​គេ​ក៏​ជឿ​ដែរ​ថា​ព្រះ​បាល​គឺ​ជា​ព្រះ​នៃ​មេឃ ភ្លៀង និង​ខ្យល់​ព្យុះ។ នៅ​កន្លែង​ជា​ច្រើន បណ្ដា​ជន​បាន​ពឹង​ផ្អែក​ព្រះ​បាល​ឲ្យ​ការពារ​ពួក​គេ។ (​ជន​គណនា ២៥:៣​) ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ចាំ​ថា​ព្រះ​របស់​ពួក​គេ​ដែល​ជា​«​ព្រះ​ពិត​»​គឺ​ពិសេស​តែ​មួយ។ លោក​គឺ​ជា​«​ព្រះ​យេហូវ៉ា​តែ​១​»។—ចោទិយកថា ៤:៣៥, ៣៩, ព.ថ.

ព្រះ​យេហូវ៉ា​មិន​មាន​ចិត្ដ​រេ​ឬ​ប្រែ​ប្រួល​ឡើយ។ លោក​តែង​តែ​ស្មោះ​ត្រង់ មាន​ភក្ដី​ភាព និង​ពិត​ត្រង់

៦, ៧​. តើ​អ្វី​ជា​អត្ថន័យ​មួយ​ទៀត​នៃ​ពាក្យ​«​តែ​១​»​ ហើយ​តើ​ព្រះ​យេហូវ៉ា​បង្ហាញ​យ៉ាង​ណា​ថា​លោក​«​តែ​១​»​?

មិន​ប្រែ​ប្រួល​និង​មាន​ភក្ដី​ភាព។ ពាក្យ​«​តែ​១​»​ដែល​នៅ​ក្នុង​ពាក្យ​«​ព្រះ​យេហូវ៉ា​តែ​១​»​ក៏​មាន​ន័យ​ថា​គោល​បំណង​និង​ការ​ប្រព្រឹត្ដ​របស់​លោក​តែង​តែ​គួរ​ឲ្យ​ទុក​ចិត្ដ។ ព្រះ​យេហូវ៉ា​មិន​មាន​ចិត្ដ​រេ ឬ​ប្រែ​ប្រួល​ឡើយ។ លោក​តែង​តែ​ស្មោះ​ត្រង់ មាន​ភក្ដី​ភាព និង​ពិត​ត្រង់។ ជា​ឧទាហរណ៍ លោក​បាន​សន្យា​នឹង​អាប្រាហាំ​ថា​កូន​ចៅ​របស់​គាត់​នឹង​រស់​នៅ​ក្នុង​ស្រុក​ដែល​លោក​បាន​សន្យា។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​ធ្វើ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ជា​ច្រើន​ដើម្បី​ធ្វើ​តាម​សេចក្ដី​សន្យា​នេះ។ បួន​រយ​សាមសិប​ឆ្នាំ​ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​សន្យា​ដូច្នេះ គោល​បំណង​របស់​លោក​មិន​បាន​ផ្លាស់​ប្ដូរ​ឡើយ។—លោកុប្បត្ដិ ១២:១,២,៧; និក្ខមនំ ១២:៤០,៤១

អស់​រាប់​រយ​ឆ្នាំ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ហៅ​ជនជាតិ​អ៊ីស្រាអែល​ថា​សាក្សី​របស់​លោក ហើយ​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​គឺ​អញ​នេះ​ហើយ[​ឬ​«​ខ្ញុំ​មិន​បាន​ប្រែ​ប្រួល​ឡើយ​»​]។ ឥត​មាន​ព្រះ​ណា​កើត​មក​មុន​អញ​ទេ ហើយ​ក្រោយ​អញ​ក៏​ឥត​មាន​ដែរ​»។ ព្រះ​យេហូវ៉ា​ក៏​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​គោល​បំណង​របស់​លោក​មិន​ដែល​ប្រែ​ប្រួល​ឡើយ ពេល​ដែល​លោក​ប្រាប់​បន្ថែម​ទៀត​ថា​៖ ​«​ចាប់​តាំង​ពី​មាន​ពេល​ថ្ងៃ​ឡើង​វេលា​ណា នោះ​គឺ​ជា​អញ​នេះ​ហើយ[​ឬ​«​ខ្ញុំ​មិន​បាន​ប្រែ​ប្រួល​ឡើយ​»​]​»។ (​អេសាយ ៤៣:១០, ១៣; ព.ថ.; ៤៤:៦; ៤៨:១២​) ជន​ជាតិ​អ៊ីស្រាអែល​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មួយ​ដែល​ពួក​គេ​អាច​បម្រើ​ព្រះ​ដែល​មិន​ប្រែ​ប្រួល និង​តែង​តែ​មាន​ភក្ដី​ភាព! សព្វ​ថ្ងៃ​នេះ យើង​ក៏​មាន​ឯកសិទ្ធិ​នោះ​ដែរ។—ម៉ាឡាគី ៣:៦; យ៉ាកុប ១:១៧

៨, ៩​. (​ក​) តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ខ្លះ​ពី​អ្នក​គោរព​ប្រណិប័តន៍​លោក? (​ខ​) តើ​លោក​យេស៊ូ​បាន​លើក​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ពាក្យ​របស់​ម៉ូសេ​យ៉ាង​ដូច​ម្ដេច?

ម៉ូសេ​បាន​រំលឹក​ជន​ជាតិ​អ៊ីស្រាអែល​ថា​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ដ​ទុក​ដាក់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ពួក​គេ​នឹង​មិន​ប្រែ​ប្រួល​ឡើយ។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ពួក​គេ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​លោក​និង​ស្រឡាញ់​លោក​ឲ្យ​អស់​ពី​ដួង​ចិត្ដ ឲ្យ​អស់​ពី​ព្រលឹង និង​ឲ្យ​អស់​ពី​កម្លាំង​កាយ​របស់​ពួក​គេ។ នៅ​គ្រប់​ឱកាស​ឪ​ពុក​ម្ដាយ​ត្រូវ​បង្រៀន​កូន​អំពី​ព្រះ​យេហូវ៉ា​ដើម្បី​ឲ្យ​មនុស្ស​វ័យ​ក្មេង​នឹង​គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។—ចោទិយកថា ៦:៦​-​៩

ព្រះ​យេហូវ៉ា​មិន​ដែល​ផ្លាស់​ប្ដូរ​គោល​បំណង​របស់​លោក​ឡើយ ដូច្នេះ​លោក​នឹង​មិន​ផ្លាស់​ប្ដូរ​តម្រូវ​ការ​ដ៏​សំខាន់​ចាំ​បាច់​របស់​លោក​ចំពោះ​អ្នក​គោរព​ប្រណិប័តន៍​ពិត​របស់​លោក​ទេ។ បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​នឹង​ការ​គោរព​ប្រណិប័តន៍​របស់​យើង យើង​ត្រូវ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​លោក ហើយ​ស្រឡាញ់​លោក​ឲ្យ​អស់​ពី​ដួង​ចិត្ដ ឲ្យ​អស់​ពី​សមត្ថភាព​រិះ​គិត និង​ឲ្យ​អស់​ពី​កម្លាំង​កាយ​របស់​យើង។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​នេះ​គឺ​ជា​បញ្ញត្ដិ​ដ៏​សំខាន់​បំផុត។ (​សូម​អាន ម៉ាកុស ១២:២៨​-​៣១) សូម​យើង​រៀន​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​ដោយ​ការ​ប្រព្រឹត្ដ​របស់​យើង​ថា​យើង​ជឿ​ថា​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះ​យេហូវ៉ា​តែ​១​»។

ចូរ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​ព្រះ​យេហូវ៉ា

១០, ១១​. (​ក​) តើ​យើង​គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ក្នុង​ន័យ​យ៉ាង​ណា? (​ខ​) តើ​យុវជន​ជន​ជាតិ​ហេប្រឺ​នៅ​បាប៊ីឡូន​បាន​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​ព្រះ​យេហូវ៉ា?

១០ ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​តែ​មួយ​គត់​របស់​យើង។ យើង​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​លោក ពេល​ដែល​យើង​គោរព​ប្រណិប័តន៍​តែ​លោក​ប៉ុណ្ណោះ។ យើង​មិន​អាច​គោរព​ប្រណិប័តន៍​ព្រះ​ផ្សេង​ទៀត ឬ​លាយ​ឡំ​គំនិត​ឬ​ក៏​ការ​ប្រព្រឹត្ដ​របស់​សាសនា​មិន​ពិត​ក្នុង​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ឡើយ។ លោក​មិន​គ្រាន់​តែ​ជា​ព្រះ​ដែល​ខ្ពង់​ខ្ពស់​ជាង​ព្រះ​ឯ​ទៀត ឬ​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​ជាង​ព្រះ​ទាំង​នោះ​ប៉ុណ្ណោះ​ទេ តែ​លោក​គឺ​ជា​ព្រះ​ពិត។ យើង​គួរ​គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។—សូម​អាន ការ​បើក​បង្ហាញ ៤:១១

១១ សៀវភៅ​ដានីយ៉ែល​រៀប​រាប់​អំពី​យុវជន​ជន​ជាតិ​ហេប្រឺ​ឈ្មោះ​ដានីយ៉ែល ហាណានា មីសាអែល និង​អ័សារា។ ពួក​គេ​បាន​បង្ហាញ​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​មិន​ព្រម​បរិភោគ​អាហារ​ដែល​ស្មោក​គ្រោក​ចំពោះ​អ្នក​គោរព​ប្រណិប័តន៍​លោក។ ម្យ៉ាង​ទៀត មិត្ដ​ភក្ដិ​បី​នាក់​របស់​ដានីយ៉ែល​មិន​ព្រម​ក្រាប​គោរព​រូប​មាស​ដែល​ស្ដេច​នេប៊ូក្នេសា​បាន​ធ្វើ​ទេ។ ចំពោះ​ពួក​គេ​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដ៏​សំខាន់​បំផុត។ ពួក​គេ​បាន​បង្ហាញ​ភក្ដី​ភាព​ចំពោះ​លោក​ទាំង​ស្រុង។—ដានីយ៉ែល ១:១–៣:៣០

ព្រះ​យេហូវ៉ា​ត្រូវ​តែ​ជា​បុគ្គល​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង

១២​. ស្ដី​អំពី​ការ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​ព្រះ​យេហូវ៉ា តើ​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​អំពី​អ្វី?

១២ ព្រះ​យេហូវ៉ា​ត្រូវ​តែ​ជា​បុគ្គល​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ បើ​យើង​ចង់​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​លោក យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ចាត់​ទុក​អ្វី​ផ្សេង​ទៀត​ថា​សំខាន់​ជាង​លោក។ តើ​អ្វី​ៗ​ទាំង​នោះ​អាច​ជា​អ្វី​ខ្លះ? ក្នុង​បញ្ញត្ដិ​១០​ប្រការ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​រាស្ដ្រ​របស់​លោក​មិន​ត្រូវ​គោរព​ប្រណិប័តន៍​ព្រះ​ផ្សេង​ទៀត​ឡើយ។ ពួក​គេ​មិន​ត្រូវ​គោរព​បូជា​រូប​ព្រះ​ណា​ឬ​អ្វី​ណា​ផ្សេង​ទៀត​ទេ។ (​ចោទិយកថា ៥:៦​-​១០​) សព្វ​ថ្ងៃ​នេះ ការ​គោរព​បូជា​រូប​ព្រះ​មាន​ជា​ច្រើន​បែប ហើយ​ខ្លះ​ប្រហែល​ជា​ពិបាក​កត់​សម្គាល់។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​មិន​បាន​ផ្លាស់​ប្ដូរ​តម្រូវ​ការ​របស់​លោក​ឡើយ។ លោក​នៅ​តែ​ជា​«​ព្រះ​យេហូវ៉ា​តែ​១​»។ សូម​យើង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ជៀស​វាង​ការ​គោរព​បូជា​រូប​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ។

១៣​. តើ​យើង​អាច​ចាប់​ផ្ដើម​ស្រឡាញ់​អ្វី​ខ្លះ​ច្រើន​ជាង​ព្រះ​យេហូវ៉ា?

១៣ កូឡុស ៣:៥ (​សូម​អាន​) រៀប​រាប់​អំពី​អ្វី​ដែល​អាច​បង្ខូច​ចំណង​មិត្ដភាព​ដ៏​ពិសេស​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ខ​នេះ​ចែង​អំពី​ការ​ច្រណែន​ចង់​បាន​របស់​អ្នក​ដទៃ​ដែល​ផុស​ចេញ​ពី​ការ​លោភ​លន់។ ម្យ៉ាង​ទៀត យើង​ឃើញ​ច្បាស់​ថា​ការ​លោភ​លន់​គឺ​ជាប់​ទាក់​ទង​នឹង​ការ​គោរព​បូជា​រូប​ព្រះ។ តើ​តាម​របៀប​ណា? ពេល​ដែល​យើង​ចង់​បាន​អ្វី​ណា​មួយ​យ៉ាង​ខ្លាំង​ដូច​ជា​លុយ​ច្រើន ឬ​របស់​ថ្លៃ​ៗ នោះ​អាច​គ្រប់​គ្រង​លើ​ជីវិត​របស់​យើង​ប្រៀប​ដូច​ជា​ព្រះ​មួយ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា។ អំពើ​ខុស​ឆ្គង​ទាំង​អស់​ដែល​បាន​រៀប​រាប់​នៅ​កូឡុស ៣:៥ ជាប់​ទាក់​ទង​នឹង​ការ​លោភ​លន់ ហើយ​នេះ​ជា​ការ​គោរព​បូជា​រូប​ព្រះ​ម្យ៉ាង។ ដូច្នេះ បើ​យើង​មាន​បំណង​ប្រាថ្នា​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ទាំង​នោះ យើង​អាច​ចាប់​ផ្ដើម​ស្រឡាញ់​អ្វី​ទាំង​នោះ​ច្រើន​ជាង​ព្រះ។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​នឹង​មិន​ទៅ​ជា​«​ព្រះ​យេហូវ៉ា​តែ​១​»​ចំពោះ​យើង​ឡើយ។ យើង​មិន​ចង់​ឲ្យ​រឿង​នេះ​កើត​ឡើង​ទេ។

១៤​. ស្ដី​អំពី​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ តើ​សាវ័ក​យ៉ូហាន​បាន​ព្រមាន​អ្វី?

១៤ សាវ័ក​យ៉ូហាន​បាន​បញ្ជាក់​អំពី​អ្វី​មួយ​ដែល​ស្រដៀង​នឹង​នោះ។ គាត់​បាន​ព្រមាន​ថា បើ​អ្នក​ណា​ស្រឡាញ់​អ្វី​ៗ​ក្នុង​ពិភព​លោក​នេះ ពោល​គឺ​«​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង ការ​ចង់​បាន​អ្វី​ដែល​ទាក់​ទាញ​ភ្នែក និង​ការ​អួត​សម្ញែង​ភាព​មាន​បាន​របស់​ខ្លួន​»​ អ្នក​នោះ​«​មិន​ស្រឡាញ់​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ឡើយ​»។ (​យ៉ូហាន​ទី១ ២:១៥, ១៦​) ដូច្នេះ យើង​ត្រូវ​ពិនិត្យ​មើល​ខ្លួន​យើង​ជា​ទៀង​ទាត់​ដើម្បី​ឃើញ​ថា​យើង​ស្រឡាញ់​ពិភព​លោក​នេះ​ឬ​យ៉ាង​ណា។ យើង​ប្រហែល​ជា​ឃើញ​ថា​យើង​ចាប់​ផ្ដើម​ចូល​ចិត្ដ​ការ​កម្សាន្ដ ការ​សេពគប់ ស្ទីល​សម្លៀក​បំពាក់​និង​ការ​សម្អិត​សម្អាង​ខ្លួន​របស់​ពិភព​លោក​នេះ។ ឬ​យើង​ប្រហែល​ជា​ចង់​សម្រេច​«​ការ​យ៉ាង​ធំ​»​ដោយ​ស្វះ​ស្វែង​រក​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ។ (​យេរេមា ៤៥:៤, ៥​) ពិភព​លោក​ថ្មី​ជិត​មក​ដល់​ណាស់​ហើយ។ ដូច្នេះ យើង​ត្រូវ​ចាំ​ពាក្យ​ដ៏​សំខាន់​របស់​ម៉ូសេ! បើ​យើង​យល់ ហើយ​ពិត​ជា​ជឿ​ថា​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះ​យេហូវ៉ា​តែ​១​»​ យើង​នឹង​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​លោក ហើយ​បម្រើ​លោក​តាម​របៀប​ដែល​លោក​ពេញ​ចិត្ដ។—ហេប្រឺ ១២:២៨, ២៩

ចូរ​រក្សា​សាមគ្គី​ភាព​ជា​គ្រិស្ដ​សាសនិក

១៥​. ហេតុ​អ្វី​ប៉ូល​បាន​រំលឹក​គ្រិស្ដ​សាសនិក​ថា​ព្រះ​គឺ​ជា​«​ព្រះ​យេហូវ៉ា​តែ​១​»​?

១៥ ពាក្យ​«​ព្រះ​យេហូវ៉ា​តែ​១​»​ ជួយ​យើង​ឲ្យ​យល់​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​បម្រើ​របស់​លោក​មាន​សាមគ្គី​ភាព​និង​មានគោល​បំណង​ដូច​គ្នា​ក្នុង​ជីវិត។ នៅ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក​សម័យ​ដើម​មាន​ជន​ជាតិ​យូដា ជន​ជាតិ​ក្រិច ជន​ជាតិ​រ៉ូម និង​ជន​ជាតិ​ឯ​ទៀត។ ពួក​គេ​មាន​ប្រវត្ដិ ទំនៀម​ទម្លាប់ និង​ចំណង់​ចំណូល​ចិត្ដ​ខុស​ៗ​គ្នា។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ខ្លះ​ពិបាក​ទទួល​យក​របៀប​ថ្មី​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ ឬ​លះ​ចោល​ទម្លាប់​ចាស់​របស់​ពួក​គេ។ ដូច្នេះ ប៉ូល​ត្រូវ​រំលឹក​ពួក​គេ​ថា​គ្រិស្ដ​សាសនិក​មាន​ព្រះ​តែ​មួយ ពោល​គឺ​ព្រះ​យេហូវ៉ា។—សូម​អាន កូរិនថូស​ទី១ ៨:៥, ៦

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​បម្រើ​របស់​លោក​មាន​សាមគ្គី​ភាព​និង​មាន​គោល​បំណង​ដូច​គ្នា​ក្នុង​ជីវិត

១៦, ១៧​. (​ក​) តើ​ទំនាយ​អ្វី​កំពុង​ក្លាយ​ទៅ​ជា​ការ​ពិត​នៅ​សម័យ​យើង ហើយ​តើ​មាន​លទ្ធផល​អ្វី? (​ខ​) តើ​អ្វី​អាច​ធ្វើ​ឲ្យ​យើង​លែង​មាន​សាមគ្គី​ភាព?

១៦ ចុះ​យ៉ាង​ណា​ក្នុង​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ? អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​និយាយ​ថា​«​នៅ​ជាន់​ក្រោយ​បង្អស់​»​ មនុស្ស​ដែល​មក​ពី​គ្រប់​ប្រជា​ជាតិ​នឹង​មក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា។ ពួក​គេ​នឹង​និយាយ​ថា​៖ ​«​ទ្រង់​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ទ្រង់ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ​»។ (​អេសាយ ២:២, ៣​) យើង​សប្បាយ​រីក​រាយ​ដោយ​ឃើញ​ទំនាយ​នេះ​កំពុង​ក្លាយ​ទៅ​ជា​ការ​ពិត​នៅ​សព្វ​ថ្ងៃ​នេះ! បង​ប្អូន​របស់​យើង​មក​ពី​កន្លែង​ផ្សេង​ៗ និយាយ​ភាសា​ខុស​ៗ​គ្នា និង​មាន​វប្បធម៌​ខុស​ៗ​គ្នា។ ប៉ុន្ដែ យើង​មាន​សាមគ្គី​ភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ដោយ​សារ​យើង​ខុស​ប្លែក​ពី​គ្នា​យ៉ាង​ខ្លាំង ជួន​កាល​យើង​មាន​ការ​ពិបាក។

តើ​អ្នក​កំពុង​ខំ​ព្យាយាម​រក្សា​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក​ឬ​ទេ? (​សូម​មើល​វគ្គ​១៦​-​១៩​)

១៧ ជា​ឧទាហរណ៍ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះបង​ប្អូន​ដែល​មាន​វប្បធម៌​ផ្សេង​ពី​អ្នក? ភាសា របៀប​ស្លៀក​ពាក់ សុជីវធម៌ និង​អាហារ​របស់​ពួក​គេ​ប្រហែល​ជា​ខុស​គ្នា​យ៉ាង​ខ្លាំង​ពី​ប្រទេស​របស់​អ្នក។ តើ​អ្នក​គេច​វេះ​ពី​ពួក​គេ ហើយ​ច្រើន​តែ​ចំណាយ​ពេល​ជា​មួយ​នឹង​ពួក​អ្នក​ដែល​មាន​អ្វី​ទាំង​នេះ​ស្រដៀង​នឹង​អ្នក​ឬ​ទេ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្នុង​តំបន់​របស់​អ្នក​ដែល​ក្មេង​ជាង​អ្នក ឬ​ដែល​មាន​ពូជ​សាសន៍​ឬ​វប្បធម៌​ផ្សេង? បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​ទេ នោះ​យើង​ប្រហែល​ជា​អនុញ្ញាត​ឲ្យ​ភាព​ខុស​គ្នា​ទាំង​នោះ​មាន​ឥទ្ធិពល​លើ​យើង ហើយ​បង្ខូច​សាមគ្គី​ភាព​របស់​យើង។

១៨, ១៩​. (​ក​) តើ​ឱវាទ​អ្វី​បាន​ត្រូវ​រៀប​រាប់​នៅ​អេភេសូរ ៤:១​-​៣? (​ខ​) តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ក្រុម​ជំនុំ​ឲ្យ​រក្សា​សាមគ្គី​ភាព?

១៨ តើ​តាម​របៀប​ណា​យើង​អាច​ជៀស​វាង​ពី​ការ​ពិបាក​ទាំង​នោះ? ប៉ូល​បាន​ផ្ដល់​ឱវាទ​ឲ្យ​គ្រិស្ដ​សាសនិក​ដែល​រស់​នៅ​ក្រុង​អេភេសូរ​ដែល​ជា​ក្រុង​ជឿន​លឿន​មួយ ដែល​សម្បូរ​ទៅ​ដោយ​មនុស្ស​ដែល​មាន​ប្រវត្ដិ​ផ្សេង​ៗ។ (​សូម​អាន អេភេសូរ ៤:១​-​៣) ប៉ូល​បាន​រៀប​រាប់​អំពី​គុណ​សម្បត្ដិ​ផ្សេង​ៗ​ដូច​ជា​ចិត្ដ​រាប​ទាប ចិត្ដ​ស្លូតបូត ចិត្ដ​ធ្ងន់ និង​សេចក្ដី​ស្រឡាញ់។ គុណ​សម្បត្ដិ​ទាំង​នេះ​ប្រៀប​ដូច​ជា​សសរ​រឹង​មាំ​ដែល​ធ្វើ​ឲ្យ​ផ្ទះ​មិន​រលំ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ផ្ទះ​នៅ​ល្អ យើង​ក៏​ត្រូវ​ព្យាយាម​ថែ​រក្សា​ផ្ទះ​នោះ​ដែរ។ ប៉ូល​ចង់​ឲ្យ​គ្រិស្ដ​សាសនិក​នៅ​ក្រុង​អេភេសូរ​ព្យាយាម​«​រក្សា​ឲ្យ​មាន​សាមគ្គី​ភាព​ដែល​មក​ពី​សកម្មពល​របស់​ព្រះ​»។

១៩ យើង​ទាំង​អស់​គ្នា​ត្រូវ​ព្យាយាម​អស់​ពី​សមត្ថភាព​របស់​យើង​ដើម្បី​រក្សា​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ទី១ យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​ដែល​ប៉ូល​បាន​រៀប​រាប់​ដូច​ជា​ចិត្ដ​រាប​ទាប ចិត្ដ​ស្លូតបូត ចិត្ដ​ធ្ងន់ និង​សេចក្ដី​ស្រឡាញ់​ជា​ដើម ហើយ​ត្រូវ​បង្ហាញ​គុណ​សម្បត្ដិ​ទាំង​នេះ។ ទី២ យើង​ត្រូវ​ព្យាយាម​ធ្វើ​ឲ្យ​«​មាន​សេចក្ដី​សុខ​សាន្ដ​ទុក​ជា​ចំណង​ដែល​នាំ​ឲ្យ​មាន​ឯកភាព​»។ ការ​យល់​ច្រឡំ​គ្នា​គឺ​ប្រៀប​ដូច​ជា​ស្នាម​ប្រេះ​តូច​ៗ​ក្នុង​សាមគ្គី​ភាព​របស់​យើង ដូច្នេះ​យើង​ត្រូវ​ខំ​ព្យាយាម​ដោះ​ស្រាយ​ការ​យល់​ច្រឡំ​គ្នា​ទាំង​នោះ​ដើម្បី​រក្សា​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ដ​និង​សាមគ្គី​ភាព​ក្នុង​ចំណោម​ពួក​យើង។

២០​. តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា​យើង​យល់​ថា​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះ​យេហូវ៉ា​តែ​១​»​?

២០ ពាក្យ​ដែល​ថា​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះ​យេហូវ៉ា​តែ​១​»​គឺ​សំខាន់​ណាស់! សេចក្ដី​រំលឹក​នោះ​បាន​ពង្រឹង​កម្លាំង​ចិត្ដ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ ពេល​ដែល​ពួក​គេ​បាន​ចូល​និង​ដណ្ដើម​យក​ស្រុក​ដែល​ព្រះ​បាន​សន្យា។ ពាក្យ​ទាំង​នេះ​ក៏​អាច​ពង្រឹង​កម្លាំង​ចិត្ដ​យើង​ដែរ ដើម្បី​យើង​អាច​ឆ្លង​កាត់​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ហើយ​ជួយ​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ដ​និង​សាមគ្គី​ភាព​ក្នុង​សួន​ឧទ្យាន។ សូម​យើង​បន្ដ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​ព្រះ​យេហូវ៉ា។ យើង​ត្រូវ​ស្រឡាញ់​និង​បម្រើ​លោក​ឲ្យ​អស់​ពី​ដួង​ចិត្ដ ឲ្យ​អស់​ពី​សមត្ថភាព​រិះ​គិត និង​ឲ្យ​អស់​ពី​កម្លាំង​កាយ​របស់​យើង ហើយ​យើង​ត្រូវ​ខំ​ព្យាយាម​រក្សា​សេចក្ដី​សុខ​សាន្ដ​និង​សាមគ្គី​ភាព​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង។ បើ​យើង​បន្ដ​ធ្វើ​អ្វី​ទាំង​នេះ លោក​យេស៊ូ​នឹង​វិនិច្ឆ័យ​យើង​ជា​ចៀម ហើយ​យើង​នឹង​ឃើញ​ពាក្យ​របស់​លោក​ក្លាយ​ទៅ​ជា​ការ​ពិត ដែល​ថា​៖ ​«​អ្នក​ដែល​ទទួល​ពរ​ពី​បិតា​ខ្ញុំ​អើយ! ចូរ​មក​ទទួល​រាជាណាចក្រ​ដែល​បាន​ត្រូវ​រៀប​ចំ​ឲ្យ​អ្នក​រាល់​គ្នា​តាំង​ពី​កំណើត​ពិភព​លោក​ជា​មត៌ក​ចុះ​»។—ម៉ាថាយ ២៥:៣៤