សំណួរពីអ្នកអាន
ក្នុងអ្វីដែលបានត្រូវបើកបង្ហាញឲ្យអេសេគាលឃើញក្នុងគំនិត តើមនុស្សម្នាក់ដែលស្ពាយដបទឹកខ្មៅ ហើយមនុស្ស៦នាក់ដែលកាន់អាវុធឬគ្រឿងសំឡេះជាតំណាងអ្នកណា?
ពួកគាត់ជាតំណាងបុគ្គលវិញ្ញាណនៅស្ថានសួគ៌ដែលបានរួមចំណែកក្នុងការបំផ្លាញក្រុងយេរូសាឡិម ហើយក៏នឹងរួមចំណែកក្នុងការបំផ្លាញពិភពលោកដ៏អាក្រក់របស់សាថាននៅសង្គ្រាមហាម៉ាគេដូន។ នេះគឺជាការយល់ដឹងថ្មីដែលបានត្រូវកែតម្រូវ។ ហេតុអ្វីត្រូវកែតម្រូវការយល់ដឹងនេះ?
មុនឆ្នាំ៦០៧ មុនគ.ស. ព្រះយេហូវ៉ាបានបើកបង្ហាញឲ្យអេសេគាលឃើញក្នុងគំនិតអំពីព្រឹត្ដិការណ៍ដ៏អាក្រក់ជាច្រើនដែលកំពុងកើតឡើងនៅក្រុងយេរូសាឡិម ហើយអំពីអ្វីដែលនឹងកើតឡើងនៅក្រុងនោះមុនត្រូវបំផ្លាញចោល។ គាត់បានឃើញមនុស្ស៦នាក់ដែលម្នាក់ៗ«កាន់គ្រឿងសំឡេះនៅដៃ»។ ម្យ៉ាងទៀត នៅជាមួយនឹងពួកគេ ក៏មានមនុស្សម្នាក់ដែល«ស្លៀកពាក់សំពត់ទេសឯក» ហើយ«ស្ពាយដបទឹកខ្មៅ»។ (អេសេគាល ៨:៦-១២; ៩:២, ៣) មនុស្សម្នាក់នេះបានត្រូវប្រាប់ឲ្យទៅគ្រប់កន្លែងក្នុងក្រុងនោះ «ហើយធ្វើទីសំគាល់នៅថ្ងាសរបស់ពួកមនុស្សដែលដកដង្ហើមធំហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្ដនៅក្នុងទីក្រុង»។ ក្រោយមក មនុស្ស៦នាក់ដែលកាន់អាវុធនោះ បានត្រូវប្រាប់ឲ្យទៅសម្លាប់អស់អ្នកក្នុងក្រុងនោះដែលមិនមានសញ្ញាសម្គាល់។ (អេសេគាល ៩:៤-៧) តើយើងអាចរៀនអ្វីខ្លះពីការបើកបង្ហាញឲ្យឃើញក្នុងគំនិតនេះ ហើយតើអ្នកណាគឺជាមនុស្សដែលស្ពាយដបទឹកខ្មៅ?
នៅឆ្នាំ៦១២ មុនគ.ស. អេសេគាលបានត្រូវបើកបង្ហាញឲ្យឃើញការទាំងនេះក្នុងគំនិត។ អ្វីដែលគាត់បានឃើញក្នុងគំនិតគឺជាទំនាយដែលបានត្រូវសម្រេចជាលើកដំបូងនៅប្រាំឆ្នាំក្រោយមក ពេលដែលព្រះយេហូវ៉ាបានអនុញ្ញាតឲ្យកងទ័ពបាប៊ីឡូនបំផ្លាញក្រុងយេរូសាឡិម។ តាមរបៀបនេះ ព្រះយេហូវ៉ាបានប្រើជនជាតិបាប៊ីឡូនឲ្យដាក់ទោសមនុស្សដែលមិនស្តាប់បង្គាប់លោក។ (យេរេមា ២៥:៩, ១៥-១៨) ប៉ុន្ដែ ចុះយ៉ាងណាវិញចំពោះជនជាតិយូដាដ៏សុចរិតដែលមិនបានយល់ស្របនឹងអ្វីអាក្រក់ទាំងអស់ដែលកើតឡើងក្នុងក្រុងនោះ? ព្រះយេហូវ៉ាបានធ្វើឲ្យប្រាកដថាពួកគេបានទទួលសេចក្ដីសង្គ្រោះ។
ក្នុងអ្វីដែលបានត្រូវបើកបង្ហាញឲ្យអេសេគាលឃើញក្នុងគំនិត គាត់មិនបានធ្វើសញ្ញាសម្គាល់មែនទែនទៅលើអ្នកណាម្នាក់ ឬរួមចំណែកក្នុងការ *
បំផ្លាញក្រុងនោះឡើយ។ ផ្ទុយទៅវិញ ពួកទេវតាគឺជាអ្នកដែលបានដឹកនាំការបំផ្លាញក្រុងយេរូសាឡិម។ ដូច្នេះ ទំនាយនេះផ្ដល់ឱកាសឲ្យយើងយល់អំពីអ្វីដែលកើតឡើងនៅស្ថានសួគ៌។ ព្រះយេហូវ៉ាបានប្រាប់ទេវតារបស់លោកឲ្យរៀបចំការបំផ្លាញមនុស្សអាក្រក់ ហើយធ្វើឲ្យប្រាកដថាពួកអ្នកសុចរិតនឹងរួចជីវិត។ទំនាយនេះក៏នឹងត្រូវសម្រេចនៅពេលអនាគតដែរ។ យើងធ្លាប់ពន្យល់ថាមនុស្សម្នាក់ដែលស្ពាយដបទឹកខ្មៅជាតំណាងពួកអ្នកដែលបានត្រូវរើសតាំងដែលរស់នៅលើផែនដីនៅឡើយ។ យើងក៏បានពន្យល់ដែរថាមនុស្សនឹងទទួលសញ្ញាសម្គាល់ដើម្បីរួចជីវិត ពេលពួកគេស្តាប់និងទទួលយកដំណឹងល្អដែលយើងផ្សាយ។ ប៉ុន្ដែថ្មីៗនេះ យើងឃើញច្បាស់ថាយើងត្រូវកែប្រែរបៀបដែលយើងពន្យល់ទំនាយនេះ។ យើងបានរៀនពីម៉ាថាយ ២៥:៣១-៣៣ ថាលោកយេស៊ូគឺជាអ្នកដែលវិនិច្ឆ័យមនុស្ស។ លោកនឹងធ្វើដូច្នេះនៅពេលអនាគតក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។ នៅពេលនោះ ពួកអ្នកដែលទទួលការវិនិច្ឆ័យជាចៀមនឹងរួចជីវិត ហើយពួកអ្នកដែលទទួលការវិនិច្ឆ័យជាពពែនឹងត្រូវបំផ្លាញ។
ដូច្នេះ តើយើងរៀនអ្វីខ្លះពីការបើកបង្ហាញដែលអេសេគាលបានឃើញក្នុងគំនិត? សូមឲ្យយើងពិនិត្យមើលមេរៀនប្រាំយ៉ាងនេះ៖
-
មុនក្រុងយេរូសាឡិមបានត្រូវបំផ្លាញ អេសេគាល រួមទាំងយេរេមានិងអេសាយ បានព្រមានបណ្ដាជនអំពីអ្វីដែលនឹងកើតឡើងចំពោះក្រុងនោះ។ ពួកគេគឺដូចជាអ្នកចាំយាម។ សព្វថ្ងៃនេះ ព្រះយេហូវ៉ាប្រើមនុស្សមួយក្រុមតូចដែលជាអ្នកដែលបានត្រូវរើសតាំងឲ្យបង្រៀនរាស្ដ្ររបស់លោក ហើយព្រមានអ្នកឯទៀតមុនគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម។ តាមពិត រាស្ដ្រទាំងអស់របស់ព្រះ ពោលគឺខ្ញុំបម្រើឯទៀតរបស់គ្រិស្ដបានរួមចំណែកក្នុងការប្រាប់អំពីការព្រមាននេះ។—ម៉ាថាយ ២៤:៤៥-៤៧
-
អេសេគាលមិនបានធ្វើសញ្ញាសម្គាល់ទៅលើពួកអ្នកដែលនឹងរួចជីវិតទេ។ រាស្ដ្ររបស់ព្រះនៅសព្វថ្ងៃនេះក៏មិនធ្វើដូច្នេះដែរ។ ពួកគេគ្រាន់តែផ្សព្វផ្សាយដល់អ្នកឯទៀត ហើយព្រមានអ្នកទាំងនោះអំពីអ្វីដែលនឹងកើតឡើងនៅពេលអនាគត។ កិច្ចការផ្សព្វផ្សាយនៅទូទាំងពិភពលោកនេះកំពុងធ្វើឡើងដោយមានជំនួយពីពួកទេវតា។—ការបើកបង្ហាញ ១៤:៦
-
ពួកអ្នកដែលបានត្រូវសង្គ្រោះនៅសម័យអេសេគាលមិនមានសញ្ញាសម្គាល់មែនទែននៅលើថ្ងាសរបស់ពួកគេទេ។ នៅសព្វថ្ងៃនេះ ពួកអ្នកដែលនឹងត្រូវសង្គ្រោះក៏មិនមានសញ្ញាសម្គាល់មែនទែនដែរ។ តើមនុស្សត្រូវធ្វើអ្វីខ្លះដើម្បីរួចជីវិតពីគ្រាទុក្ខវេទនាជាខ្លាំង? ពេលពួកគេឮការព្រមាន ពួកគេត្រូវរៀនយកតម្រាប់គ្រិស្ដ ប្រគល់ខ្លួនជូនព្រះ ហើយគាំទ្របងប្អូនរបស់គ្រិស្ដដោយការផ្សព្វផ្សាយដំណឹងល្អ។ (ម៉ាថាយ ២៥:៣៥-៤០) ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង ពួកអ្នកទាំងនោះនឹងទទួលសញ្ញាសម្គាល់ ពោលគឺពួកគេនឹងត្រូវជ្រើសរើសឲ្យរួចជីវិត។
-
មនុស្សម្នាក់ដែលស្ពាយដបទឹកខ្មៅជាតំណាងលោកយេស៊ូ។ ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង លោកយេស៊ូនឹងធ្វើសញ្ញាសម្គាល់ទៅលើមនុស្សមួយក្រុមធំ ពេលលោកវិនិច្ឆ័យពួកគេជាចៀម។ ក្រោយមក ពួកគេនឹងមានឱកាសដើម្បីរស់ជារៀងរហូតនៅលើផែនដីនេះ។ *—ម៉ាថាយ ២៥:៣៤, ៤៦
-
សព្វថ្ងៃនេះ មនុស្ស៦នាក់ដែលកាន់អាវុធជាតំណាងកងទ័ពនៅស្ថានសួគ៌ដែលនាំមុខដោយលោកយេស៊ូ។ មិនយូរទៀត ពួកគាត់នឹងបំផ្លាញប្រជាជាតិនានា ហើយបំបាត់អំពើអាក្រក់ទាំងអស់។—អេសេគាល ១០:២, ៦, ៧; ការបើកបង្ហាញ ១៩:១១-២១
មេរៀនដែលយើងរៀនពីការបើកបង្ហាញឲ្យឃើញក្នុងគំនិតនេះ ជួយយើងឲ្យមានទំនុកចិត្ដថាព្រះយេហូវ៉ានឹងមិនបំផ្លាញមនុស្សសុចរិតជាមួយនឹងមនុស្សទុច្ចរិតទេ។ (ពេត្រុសទី២ ២:៩; ៣:៩) មេរៀនដែលយើងបានរៀនក៏រំលឹកយើងដែរថាកិច្ចការផ្សព្វផ្សាយនៅសម័យរបស់យើងគឺសំខាន់ណាស់។ មនុស្សគ្រប់រូបត្រូវឮការព្រមានមុនទីបញ្ចប់មកដល់!—ម៉ាថាយ ២៤:១៤
^ វគ្គ 6 ពួកអ្នកដែលបានទទួលសេចក្ដីសង្គ្រោះដូចជាបារូក (លេខារបស់យេរេមា) អេបេឌមេលេកដែលជាជនជាតិអេត្យូពី និងពួករេកាប មិនមានសញ្ញាសម្គាល់មែនទែននៅលើថ្ងាសរបស់ពួកគេទេ។ (យេរេមា ៣៥:១-១៩; ៣៩:១៥-១៨; ៤៥:១-៥) សញ្ញាសម្គាល់នោះគ្រាន់តែមានន័យថាពួកគេនឹងរួចជីវិត។
^ វគ្គ 12 ពួកអ្នកស្មោះត្រង់ដែលព្រះបានរើសតាំងនឹងមិនត្រូវការទទួលសញ្ញាសម្គាល់នេះដើម្បីរួចជីវិតឡើយ។ ផ្ទុយទៅវិញ ពួកគាត់នឹងទទួលការបោះត្រាជាលើកចុងក្រោយនៅមុនពួកគាត់ស្លាប់ ឬមុនគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម។—ការបើកបង្ហាញ ៧:១, ៣